ឆ្នាំ ២០១០-២០១៩
រង​របួស
ខែ តុលា ឆ្នាំ ២០១៨


2:3

រង​របួស

សូម​បន្ត​ទៅ​មុខ​ដោយ​អត់ធន់ ក្នុង​ការសាកល្បង​ដ៏​សែន​លំបាក​លើ​ផែនដី ហើយ​ដោយ​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ នោះ​នឹង​នាំ​មក​នូវ​ពន្លឺ ការយល់ចិត្ត ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​ដល់​បងប្អូន ។

នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ​២០១៦ មុន​ម៉ោង​ប្រាំបី​ព្រឹក​បន្តិច គ្រាប់​បែក​ភារវកម្ម​ចំនួន​ពីរ​គ្រាប់​បាន​ផ្ទុះ​នៅ​អាកាសយានដ្ឋាន​ប៊្រូសល ។ អែលឌើរ រីឆាដ ន័រប៊ី, អែលឌើរ ម៉ាសិន វែលស៍ និង អែលឌើរ យ៉ូសែប អិមភី បាន​នាំ​ស៊ិស្ទើរ ហ្វាននី ក្លេន ទៅ​អាកាសយានដ្ឋាន​ដើម្បី​រង់ចាំ​ជើង​ហោះហើរ​ទៅ​បេសកកម្ម​របស់​នាង​នៅ​ទីក្រុង​ក្លេវើរលែន រដ្ឋ​អូហៃអូ ។ មនុស្ស​សាមសិប​ពីរ​នាក់​បាន​ស្លាប់ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​បាន​រង​របួស ។

អ្នក​ដែល​រង​របួស​ធ្ងន់​ជាង​គេ​គឺ​អែលឌើរ រីឆាដ ន័រប៊ី អាយុ ៦៦​ឆ្នាំ បម្រើ​ជាមួយ​ភរិយា​របស់​គាត់ ស៊ិស្ទើរ ផាម ន័រប៊ី ។

អែលឌើរ​ន័រប៊ី​បាន​រំឭក​អំពី​ហេតុការណ៍​នោះ​ថា ៖

« រំពេច​នោះ ខ្ញុំ​បាន​ដឹង​អំពី​អ្វី​បាន​កើត​ឡើង ។

« ខ្ញុំ​បាន​រត់​រក​កន្លែង​សុវត្ថិភាព ប៉ុន្តែ​ភ្លាម​នោះ​ខ្ញុំ​បាន​ដួល ។ … ខ្ញុំ​ឃើញ​ថា ជើង​ឆ្វេង​ខ្ញុំ​រង​របួស​យ៉ាង​ដំណំ ។ ខ្ញុំ [ កត់ចំណាំ ] ថា មាន​កំទេច​រំសេវ​ខ្មៅ​ប្រឡាក់​ពាសពេញ​ដៃ​ខ្ញុំ​ទាំង​សងខាង ។ ខ្ញុំ​បាន​បោស​វា​ចេញ​ថ្នមៗ រួច​ទើប​ខ្ញុំ​ដឹង​ថា នោះ​មិន​មែន​ជា​កំទេច​រំសេវ​ខ្មៅ​ទេ ប៉ុន្តែ​ជា​ពណ៌​ដែល​ស្បែក​របស់​ខ្ញុំ​បាន​រលាក ។ អាវ​ស​របស់​ខ្ញុំ​បាន​ប្រែ​ជា​ក្រហម​បណ្តាល​មក​ពី​របួស​លើ​ខ្នង​របស់​ខ្ញុំ ។

« ដោយ​នៅ​ដឹង​ខ្លួន​ឃើញ​ហេតុការណ៍​ដែល​ទើបតែ​កើត​ឡើង​នោះ ខ្ញុំ [ បាន ] មាន​គំនិត​មុតមាំ​នេះ​ថា…ព្រះអង្គសង្គ្រោះ​ជ្រាប​ថា តើ​ខ្ញុំ​នៅ​ទីណា ហេតុការណ៍​ដែល​ទើបតែ​កើត​ឡើង និង [ អ្វី ] ដែល​ខ្ញុំ​កំពុង​ជួប​នៅ​ពេល​នេះ » ។

រីឆាដ ន័រប៊ី ស្ថិតនៅក្នុង​ស្ថានភាព​ដាក់​ឲ្យ​សន្លប់

បន្ទាប់​ពី​ការវាយ​ប្រហារ​នោះ រីឆាដ ន័រប៊ី និង​ភរិយា​គាត់ ផាម​បាន​រងទុក្ខ​យ៉ាង​ខ្លាំង ។ បន្ទាប់​ពី​ការវះកាត់​ច្រើន​ដង គាត់​បាន​បាត់បង់​ស្មារតី ដំបៅ​ក្លាយ និង​មាន​ភាពមិន​ប្រក្រតី​យ៉ាង​ខ្លាំង ។

រីឆាដ ន័រប៊ី បាន​ឆ្លង​ផុត​គ្រោះថ្នាក់ ប៉ុន្តែ​ជីវិត​គាត់​មិន​ដូច​មុន​ទេ ។ ពីរ​ឆ្នាំ​កន្លះ​ក្រោយ​មក របួស​របស់​គាត់​នៅ​តែ​បន្ត​ព្យាបាល ដែក​មួយ​ត្រូវបាន​ដាក់​ជំនួស​ឆ្អឹង​ជើង​របស់​គាត់​ដែល​បាក់ ជំហាន​នីមួយៗ​មាន​សភាព​ខុស​គ្នា​ពី​មុន​នៅ​ឯ​អាកាសយានដ្ឋាន​ប៊្រូសល ។

រីឆាដ និង ផាម ន័រប៊ី

ហេតុអ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​រីឆាដ និង ផាម ន័រប៊ី ? ពួកគេ​បាន​ស្មោះត្រង់​នឹង​សេចក្ដីសញ្ញា​របស់​ពួកគេ បាន​បម្រើ​បេសកកម្ម​នៅ អាយវ៉ូរី ខូស ហើយ​បាន​បង្កើត​គ្រួសារ​អស្ចារ្យ​មួយ ។ មនុស្ស​ខ្លះ​ស្គាល់​ពួកគេ​ពោល​ថា « វា​មិន​យុត្តិធម៌​ទេ ! វា​មិន​ត្រឹមត្រូវ​ទេ ! ពួកគេ​ប្រគល់​ជីវិត​របស់​ខ្លួន​ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តើ​រឿង​នេះ​កើត​ឡើង​តាម​របៀប​ណា ? »

នេះ​ជា​ជីវិត​រមែង​ស្លាប់ ។

ទោះជា​សេចក្ដីលម្អិត​នឹង​ខុសគ្នា​ក្ដី សោកនាដកម្ម ដែល​ជា​ការសាកល្បង និង​ការល្បង​ល​មិន​បាន​គ្រោង​ទុក​នេះ កើតឡើង​ដល់​យើង​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ដោយសារ​នេះ​ជា​ជីវិត​រមែង​ស្លាប់ ។

ពេល​ខ្ញុំ​គិត​អំពី​អ្នក​ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​នា​ព្រឹក​នេះ ខ្ញុំ​បាន​ដឹង​ថា មាន​អ្នក​ថ្លែង​ពីរ​នាក់​ដែល​បាន​បាត់បង់​កូន និង​បី​នាក់​ដែល​បាន​បាត់បង់​ចៅ ដែល​បាន​ត្រឡប់​ទៅ​ឯ​ផ្ទះ​សួគ៌ា​វិញ​ដោយ​ពុំ​បាន​រំពឹង​ទុក ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​ដោះ​ឲ្យ​រួច​ផុត​ពី​ជំងឺ និង​ភាពក្រៀមក្រំ​ទេ ហើយ​ដូចបាន​និយាយ​សប្តាហ៍​នេះ មាន​ទេវតា​មួយ​អង្គ​លើ​ផែនដី​នេះ​ដែល​យើង​ស្រឡាញ់​គឺ​ស៊ិស្ទើរ បាបារ៉ា បាឡឺដ បាន​ទទួល​មរណភាព ។ ប្រធាន​បាឡឺដ យើង​នឹង​មិន​ភ្លេច​ទីបន្ទាល់​របស់​លោក​នា​ព្រឹក​នេះ​ទេ ។

យើង​ស្វែងរក​សុភមង្គល ។ យើង​ចង់​បាន​ភាពសុខសាន្ត ។ យើង​សង្ឃឹម​ថា​មាន​ក្ដីស្រឡាញ់ ។ ហើយ​ព្រះអម្ចាស់​ចាក់​បង្ហូរ​ព្រះពរ​ដល់​យើង​ដោយ​នូវ​ពរជ័យ​មហិមា​ដ៏​បរិបូរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​អំណរ និង​សុភមង្គល​អ្វី​មួយ​ដែល​ប្រាកដ​នោះ​គឺ ៖ នឹង​មាន​គ្រា ម៉ោង ថ្ងៃ ពេល​ខ្លះ​ឆ្នាំ​ដែល​ព្រលឹង​យើង​នឹង​រង​របួស ។

ព្រះគម្ពីរ​បង្រៀន​ថា យើង​នឹង​ភ្លក់​រសជាតិ​ផ្អែម​ល្វីង  ហើយ​ការណ៍​នោះ​នឹង​ក្លាយ​ជា « ការផ្ទុយ​ចំពោះ​រឿង​សព្វសារពើ » ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « [ ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ] ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង » ។

របួស​នៃ​ព្រលឹង​មិន​កើត​ឡើង​តែ​ចំពោះ​អ្នក​មាន ឬ​អ្នក​ក្រ វប្បធម៌​មួយ ជាតិ​សាសន៍​មួយ ឬ​ជំនាន់​មួយ​នោះ​ទេ ។ វា​កើត​ឡើង​ដល់​មនុស្ស​គ្រប់​គ្នា និង​ជា​ចំណែក​នៃ​ការរៀនសូត្រ ដែល​យើង​ទទួល​បាន​ពី​បទពិសោធន៍​ជីវិត​រមែងស្លាប់​នេះ ។

ពួក​សុចរិត​ពុំ​ត្រូវបាន​ការពារ

សារលិខិត​របស់​ខ្ញុំ​ថ្ងៃ​នេះ​ផ្ដល់​ជូន​ជា​ពិសេស​ដល់​បងប្អូន​ដែល​កំពុង​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ រក្សា​ការសន្យា​ជាមួយ​ព្រះ តែ​មាន​សភាព​ដូច​គ្រួសារ​ន័រប៊ី និង​បុរស ស្ត្រី និង​កុមារ​ជា​ច្រើន​ទៀត​នៃ​សមាជិក​ទូទាំងពិភព​លោក​នេះ ដែល​ត្រូវ​ជួប​នឹង​ការសាកល្បង និង​ឧបសគ្គ​មិន​រំពឹងទុក និង​មាន​ការឈឺចាប់ ។

របួស​យើង​អាច​កើត​ពី​គ្រោះ​ធម្មជាតិ ឬ​គ្រោះថ្នាក់​ដ៏​អភ័ព្វ​មួយ ។ វា​អាច​កើត​ពី​ស្វាមី ឬ​ភរិយា​ដែល​មិន​ស្មោះត្រង់ ដែល​ធ្វើ​ឲ្យ​ជីវិត​ស្វាមី/ភរិយា និង​កូនៗ​មាន​ភាពក្រឡាប់​ចាក់ ។ របួស​អាច​កើត​ពី​ភាពងងឹត និង​ភាពស្រងេះស្រងោច​នៃ​ជំងឺ​បាក់ទឹកចិត្ត ពី​ជំងឺ​ដែល​មិន​នឹក​ស្មាន​ដល់ ពី​ការស្លាប់​នៃ​កូន​តូច​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ ពី​ភាពក្រៀមក្រំ​ចេញ​ពី​សមាជិក​គ្រួសារ​ដែល​មិន​ទទួលស្គាល់​ជំនឿ​របស់​គាត់ ពី​ភាពឯកោ​ក្នុង​កាលៈទេសៈ​ដែល​គ្មាន​ដៃគូ​អស់កល្ប ឬ​ការប៉ះទង្គិច​ចិត្ត ការឈឺចាប់ « [ ទុក្ខព្រួយ ] ដែល​ភ្នែក​មិន​អាច​ឃើញ » ។

យើង​ម្នាក់ៗ​យល់​ថា ទុក្ខលំបាក​ជា​ផ្នែក​នៃ​ជីវិត ប៉ុន្តែ​នៅ​ពេល​វា​កើត​ឡើង​ចំពោះ​យើង​ផ្ទាល់ វា​អាច​ធ្វើ​ឲ្យ​យើង​មិន​ដឹង​ខ្លួន ។ ដោយ​មិន​ដឹង​ជា​មុន នោះ​យើង​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច ។ សាវក​ប៉ុល​មាន​ប្រសាសន៍​ថា « កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត​ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្តី​ចម្លែក​នោះ​ឡើយ » ។ អម​ជាមួយ​ភាពត្រចះត្រចង់​នៃ​សុភមង្គល និង​អំណរ នោះ​របុំ​នៃ​ការសាកល្បង និង​សោកនាដកម្ម​ដ៏​ខ្មៅ​បាន​ត្បាញ​បញ្ចូល​គ្នា​ក្លាយ​ជា​ក្រណាត់​យ៉ាង​មាំ​ទៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​យើង ។ ការតស៊ូ​នេះ ទោះ​ជា​លំបាក ជាញឹកញាប់​វា​បង្រៀន​យើង​នូវ​មេរៀន​ដ៏​អស្ចារ្យ ។

នៅ​ពេល​ប្រាប់​អំពី​រឿង​ដ៏​អស្ចារ្យ​របស់​ទាហាន​វ័យ​ក្មេង​ទាំង ២០៦០ នាក់ យើង​ស្រឡាញ់​បទគម្ពីរ​នេះ ៖ « ស្រប​តាម​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ និង​ចំពោះ​សេចក្ដី​អស្ចារ្យ​របស់​យើង​ជា​ខ្លាំង និង​ចំពោះ​សេចក្ដី​អំណរ​របស់​កងទ័ព​យើង​ទាំង​មូល​ផង នោះ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​វិនាស​ឡើយ » ។

ប្រយោគ​នោះ​បន្ត​ថា ៖ « ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែល​ពុំ​មាន​របួស​ច្រើន​ដែរ » ។ ពួកគេ​ម្នាក់ៗ​ទាំង ២០៦០ នាក់​បាន​រង​របួស​ជា​ច្រើន ហើយ​យើង​ម្នាក់ៗ​នឹង​រង​របួស​ក្នុង​ចម្បាំង​នៃ​ជីវិត ទោះជា​ខាង​សាច់ឈាម ខាង​វិញ្ញាណ ឬ​ទាំង​ពីរ​ក្តី ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សាសន៍​សាម៉ារី​ល្អ​របស់​យើង

សូម​កុំ​ចុះចាញ់​ឲ្យ​សោះ—ប៉ុន្តែ​ទោះ​ជា​ព្រលឹង​បងប្អូន​រង​របួស​ធ្ងន់ ទោះ​ជា​វា​មាន​ប្រភព​មក​ពី​ណា ទោះជា​កន្លែង​ណា ឬ​ពេល​ណា​ដែល​វា​កើត​ឡើង និង​ទោះ​ជា​រយៈ​ពេល​ខ្លី ឬ​វែង​ក្ដី បងប្អូន​នឹង​មិន​ត្រូវ​វិនាស​ខាង​វិញ្ញាណ​ឡើយ ។ បងប្អូន​ត្រូវ​រស់រាន​ខាង​វិញ្ញាណ និង​រីកចម្រើន​ក្នុង​សេចក្ដីជំនឿ ព្រមទាំង​ទុកចិត្ត​លើ​ព្រះ ។

ព្រះ​ពុំ​បាន​បង្កើត​វិញ្ញាណ​យើង​ដោយ​មិន​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់​នោះ​ទេ ។ តាមរយៈ​អំណោយទាន​មិន​អាច​គណនា​បាន​នៃ​ដង្វាយធួន​ទ្រង់ នោះ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​នៃ​យើង ពុំ​គ្រាន់តែ​សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់ និង​ប្រទាន​ការអភ័យទោស​ដល់​អំពើបាប​យើង​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ត្រៀម​ព្រះកាយ​ដើម្បី​សង្គ្រោះ​យើង​ពី​ទុក្ខព្រួយ និង​ការឈឺចាប់​នៃ​ព្រលឹង​រង​របួស​ផងដែរ ។

សាសន៍​សាម៉ារី​ល្អ

ព្រះអង្គសង្គ្រោះ​គឺ​ជា​សាសន៍​សាម៉ារី​ដ៏​សប្បុរស​របស់​យើង  ដែល​ត្រូវបាន​ចាត់​មក « ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » ។ ទ្រង់​យាង​មក​រក​យើង​នៅ​ពេល​មនុស្ស​ដទៃ​ដើរ​ហួស​ទៅ ។ ដោយ​មាន​ការអាណិតអាសូរ ទ្រង់​លាប​ប្រទាល​មុខ​សះ​នៅ​លើ​របួស​យើង ហើយ​ផ្សះ​ឲ្យ​ជា ។ ទ្រង់​បី​យើង​ឡើង ។ ទ្រង់​ថែទាំ​យើង ។ ទ្រង់​ត្រាស់​បង្គាប់​យើង​ថា « មក​រក​យើង … ហើយ​យើង​នឹង​ប្រោស​ឲ្យ [ អ្នក ] បាន​ជា » ។

« ហើយ [ ព្រះយេស៊ូវ ] នឹង … [ រង ] ការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង … ដែល … ទ្រង់ [ អាច ] លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ … [ ដោយ​លើក​ដាក់​មក​លើ​អង្គ​ទ្រង់ ] នូវ​ជំងឺ​ឈឺ​ចាប់ [ ដោយ​មាន ] សេចក្ដី​មេត្តាករុណា » ។

មក​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ជា​អ្នក​មាន​ភាពល្ហិតល្ហៃ

មក​ឯ​ទីសណ្ដោស ហើយ​លុត​ជង្គង់​ចុះ​យ៉ាង​ក្លៀវក្លា ។

នាំ​យក​ចិត្ត​ដែល​មាន​របួស ហើយ​រ៉ាយរ៉ាប់​ពី​ភាពតានតឹង ។

គ្មាន​ទុក្ខព្រួយ​លើ​ផែនដី​ណា ដែល​ឋានសួគ៌​ពុំ​អាច​ព្យាបាល​បាន​ទេ ។

ក្នុង​គ្រា​នៃ​ការរងទុក្ខ​ដ៏​ធំ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ព្យាការី​យ៉ូសែប​ថា « គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការល្អ​ដល់​អ្នក​ទៅ​វិញ » ។ តើ​របួស​ដ៏​ឈឺចាប់​អាច​ជា​ការណ៍​ល្អ​សម្រាប់​យើង​វិញ​តាម​របៀប​ណា ? សូម​បន្ត​ទៅ​មុខ​ដោយ​អត់ធន់ ក្នុង​ការសាកល្បង​ដ៏​សែន​លំបាក​លើ​ផែនដី ហើយ​ដោយ​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ នោះ​នឹង​នាំ​មក​នូវ​ពន្លឺ ការយល់ចិត្ត ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​ដល់​បងប្អូន ។

សូម​កុំ​ចុះចាញ់​ឲ្យ​សោះ

សូម​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត ។ សូម​ពង្រឹង​ក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ លើ​ភាពជាក់ស្ដែង និង​ព្រះគុណ​ទ្រង់ ។ សូម​កាន់​ខ្ជាប់​ព្រះបន្ទូល​របស់​ទ្រង់ ៖ « គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​កម្លាំង​យើង​បាន​ពេញ​ខ្នាត​ដោយ​សេចក្តី​កម្សោយ » ។

សូម​ចាំ​ថា ការប្រែចិត្ត​គឺ​ជា​ថ្នាំ​ពេទ្យ​ខាង​វិញ្ញាណ​ដ៏​មាន​ប្រសិទ្ធភាព ។ សូម​គោរព​ព្រះបញ្ញត្តិ ហើយ​មាន​ភាពស័ក្ដិសម​ចំពោះ​ព្រះ​ដ៏​ជា​ជំនួយ ដោយ​ចងចាំ​បន្ទូល​សន្យា​របស់​ព្រះអង្គសង្គ្រោះ​ថា « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នករាល់​គ្នា​វិញ » ។

ភាពសុខសាន្ត​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ថ្នាំ​លាប​ព្រលឹង​រង​របួស ។ សូម​ត្រឡប់​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​ដួងចិត្ត​រងរបួស និង​ឈ្មោះ​គ្រួសារ​របស់​បងប្អូន​ឲ្យ​បាន​ញឹកញាប់​ដែល​អាច​ធ្វើ​បាន ។ ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​យល់​អំពី​ហេតុការណ៍​ក្នុង​ជីវិត​រមែងស្លាប់ ដោយ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច ។

សូម​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង ដោយ​ចងចាំ​ថា បងប្អូន​បាន​បង្ហាញ​ភាពស័ក្ដិសម​ក្នុង​ស្ថានភាព​ជីវិត​មុន​ផែនដី ។ បងប្អូន​គឺ​ជា​បុត្រ​ដ៏​ក្លាហាន​របស់​ព្រះ ដោយ​មាន​ជំនួយ​ពី​ទ្រង់ បងប្អូន​អាច​ឈ្នះ​លើ​ចម្បាំង​ក្នុង​ពិភពលោក​ដ៏​ធ្លាក់​នេះ ។ បងប្អូន​បាន​សម្រេច​វា​ពី​មុន ដូច្នេះ​បងប្អូន​អាច​សម្រេច​វា​ម្ដង​ទៀត​បាន ។

សូម​មើល​ទៅ​មុខ ។ ក្តីអំពល់ និង​ទុក្ខព្រួយ​របស់​បងប្អូន​មាន​ពិត​មែន ប៉ុន្តែ​មិន​ស្ថិតស្ថេរ​រហូត​ទេ ។ រាត្រី​ដ៏​ងងឹត​របស់​បងប្អូន​នឹង​កន្លង​បាត់​ទៅ ដោយសារ « ព្រះរាជបុត្រា…[ បាន​រស់​ឡើង​វិញ ] ជាមួយ​នឹង​ការប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ » ។

គ្រួសារ​ន័រប៊ី​បាន​ប្រាប់​ខ្ញុំ​ថា « ពេលខ្លះ​យើង​មាន​ការខកចិត្ត ប៉ុន្តែ​យើង​មិន​បណ្ដោយ​ឲ្យ​មាន​អារម្មណ៍​នោះ​យូរ​ទេ » ។ សាវក​ប៉ុល​មាន​ប្រសាសន៍​ថា « ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន…តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ » ។ ប្រហែលជា​បងប្អូន​នឿយហត់ ប៉ុន្តែ​កុំ​ចុះចាញ់​ឡើយ ។

ដោយ​មាន​សភាវគតិ ទោះជា​បងប្អូន​មាន​របួស​ឈឺចាប់ បងប្អូន​ក៏​នឹង​ត្រូវ​ជួយ​មនុស្ស​ដទៃ​ដែរ ដោយ​ទុកចិត្ត​លើ​បន្ទូល​សន្យា​របស់​ព្រះអង្គសង្គ្រោះ​ថា « អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ » ។ អ្នក​ដែល​រង​របួស​ហើយ​ទៅ​មើលថែ​របួស​របស់​មនុស្ស​ដទៃ គឺ​ជា​ពល​ទេវតា​របស់​ព្រះ​នៅ​លើ​ផែនដី ។

នៅ​បន្តិច​ទៀត​នេះ យើង​នឹង​ស្ដាប់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ជា​បុរស​មាន​សេចក្ដីជំនឿ​មិន​រុញរា​លើ​ព្រះយេស៊ូវគ្រីស្ទ ជា​បុរស​នៃ​ក្ដីសង្ឃឹម និង​ភាពសុខសាន្ត ជា​ទីស្រឡាញ់​របស់​ព្រះ ប៉ុន្តែ​ពុំ​ត្រូវបាន​រំដោះ​ឲ្យ​រួច​ផុត​ពី​របួស​នៃ​ព្រលឹង​ឡើយ ។

ក្នុង​ឆ្នាំ ១៩៩៥ កូន​ស្រី​របស់​លោក អែមមីលី កាល​កំពុង​ពរ​ពោះ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក ។ មាន​ពេល​នៃ​ក្ដីសង្ឃឹម និង​សុភមង្គល​ជា​ច្រើន​កាល​ទារក​ដ៏​មាន​សុខភាព​របស់​នាង​បាន​កើត​មក ។ ប៉ុន្តែ​ជំងឺ​មហារីក​បាន​កើត​ម្ដង​ទៀត អែមមីលី​គួរ​ឲ្យ​ស្រឡាញ់​បាន​លា​ចាក​លោក​នេះ​ទៅ​នៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​ទី ៣៧ របស់​នាង បន្សល់​ទុក​ស្វាមី​ជា ទីស្រឡាញ់ និង​កូន​តូចៗ​ប្រាំ​នាក់ ។

ប្រធាន​ណិលសុន​មាន​ប្រសាសន៍​នៅក្នុង​ឆ្នាំ ១៩៩៥

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​នាង​បាន​ស្លាប់ ប្រធាន​ណិលសុន​បាន​ថ្លែង​ថា « ទឹកភ្នែក​នៃ​ភាពសោកសៅ​របស់​ខ្ញុំ​បាន​ស្រក់​ចុះ​មក ជាមួយ​នឹង​បំណង​ប្រាថ្នា​ថា ខ្ញុំ​គួរ​តែ​អាច​បាន​ធ្វើ​ល្អ​ជាង​នេះ​សម្រាប់​កូនស្រី​យើង ។ … បើ​ខ្ញុំ​មាន​អំណាច​ធ្វើ​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ត្រូវបាន​ល្បួង​ឲ្យ​នាំ [ នាង ] ត្រឡប់​មក​វិញ ។ … [ ប៉ុន្តែ ] ព្រះយេស៊ូវគ្រីស្ទ​កាន់​កូនសោ​ទាំងនោះ ទ្រង់​នឹង​ប្រើ​វា​សម្រាប់​អែមមីលី … និង​មនុស្ស​ទាំងអស់​ទៅ​តាម​កាលវេលា​របស់​ព្រះអម្ចាស់ » ។

ប្រធាន​ណិលសុន​នៅ ពើរតូ រីកូ

ខែ​មុន​កាល​ធ្វើ​ទស្សនកិច្ច​នៅ ពើរតូ រីកូ និង​ជា​ការចងចាំ​ដល់​វិនាសកម្ម​មក​ពី​ព្យុះ​កំណាច​កាល​ពី​ឆ្នាំ​ទៅ ប្រធាន​ណិលសុន​បាន​ថ្លែង​ដោយ​ក្ដីស្រឡាញ់ និង​ការអាណិតអាសូរ​ថា ៖

« [ នេះ ] ជា​ចំណែក​នៃ​ជីវិត ។ នេះ​ជា​មូលហេតុ​យើង​មក​កើត​ទីនេះ ។ យើង​កើត​មក​ដើម្បី​បាន​រូបកាយ និង​ទទួល​ការសាកល្បង និង​ល្បង​ល ។ ការសាកល្បង​ខ្លះ​គឺ​ខាង​សាច់ឈាម ខ្លះ​ខាង​វិញ្ញាណ ហើយ​ការសាកល្បង​នៅ​ទីនេះ​មាន​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ » ។

« បងប្អូន​ពុំ​ត្រូវ​ចុះចាញ់​ទេ ។ យើង​មាន​មោទនភាព [ ណាស់ ] ចំពោះ​បងប្អូន ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​អើយ បងប្អូន​បាន​បាត់បង់​អ្វី​ជា​ច្រើន ប៉ុន្តែ​តាមរយៈ​ការបាត់បង់​នោះ បងប្អូន​បាន​ចិញ្ចឹមបីបាច់​ក្ដីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

« តាមរយៈ​ការគោរព​ព្រះបញ្ញត្តិ​របស់​ព្រះ យើង​អាច​រក​ឃើញ​អំណរ​ទោះជា​ក្នុង​កាលៈទេសៈ​ពិបាក​ក្ដី » ។

ទឹក​ភ្នែក​នឹង​ត្រូវបាន​ជូត​ចេញ

បងប្អូន​ប្រុស​ស្រី​អើយ ខ្ញុំ​សូម​សន្យា​ថា ការបង្កើន​ក្ដីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នឹង​នាំ​ឲ្យ​បងប្អូន​មាន​កម្លាំង និង​ក្ដីសង្ឃឹម​កាន់តែ​ខ្លាំង ។ សម្រាប់​បងប្អូន​ជា​អ្នក​សុចរិត អង្គ​ប្រោស​ឲ្យ​ជា​ដល់​ព្រលឹង​យើង​នឹង​ប្រោស​របួស​យើង​ឲ្យ​ជា​ទៅ​តាម​កាលវេលា និង​របៀប​របស់​ទ្រង់ ។ គ្មាន​ភាពអយុត្តិធម៌ គ្មាន​ការបៀតបៀន គ្មាន​ការសាកល្បង គ្មាន​ភាពក្រៀមក្រំ គ្មាន​ការខូចចិត្ត គ្មាន​ការរងទុក្ខ គ្មាន​របួស​ណា—ទោះជា​ជ្រាលជ្រៅ ទំហំ​ធំ និង​ឈឺចាប់​យ៉ាង​ណា​ក្ដី—ក៏​នឹង​មិន​ដក​ចេញ​នូវ​ការលួងលោម ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​គ្មាន​ទី​បញ្ចប់​នៃ​ទ្រង់ ជា​អ្នក​ដែល​មាន​ព្រះពាហុ​លាត​សន្ធឹង និង​ព្រះហស្ដ​រង​របួស ដែល​នឹង​ចាំ​ស្វាគមន៍​យើង​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​វិញ​ដែរ ។ នៅ​ថ្ងៃ​នោះ សាវក​យ៉ូហាន​ថ្លែង​ទីបន្ទាល់​ថា ពួក​សុចរិត​ដែល « [ ចេញ ] ពី​គ្រា​វេទនា​យ៉ាង​ធំ​មក »  នឹង​ឈរ ដោយ « ពាក់​អាវ​ស…នៅ​ចំពោះ​បល្ល័ង្ក​ព្រះ » ។ កូនចៀម​នឹង « នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​ [ យើង ] … ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក[ របស់​អ្នក ]​ចេញ » ។ ថ្ងៃ​នេះ​នឹង​មក​ដល់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ការសន្ទនា​ផ្ទាល់ខ្លួន ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០១៨ ។

  2. នៅ​ក្នុង​ការសន្ទនា​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ រីឆាដ ន័រប៊ី បាន​ប្រាប់​ខ្ញុំ​ថា « យើង​មាន​ប្រតិកម្ម​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​យើង » ។ គាត់​បាន​ចែកចាយ​រឿង​នេះ​ពី​កំណត់ហេតុ​របស់​គាត់ ៖ « ការសាកល្បង និង​ការល្បង​ល​នានា​ដែល​កើតឡើង​ចំពោះ​យើង​ម្នាក់ៗ ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស និង​អភ័យឯកសិទ្ធ​ដើម្បី​ស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្បាស់ ហើយ​យល់​អំពី​ពលិកម្មធួន​របស់​ទ្រង់​កាន់តែ​លម្អិត ។ គឺ​ទ្រង់​ហើយ​ដែល​យើង​ងាក​ទៅ​រក ។ គឺ​ទ្រង់​ហើយ​ដែល​យើង​ស្វែងរក ។ គឺ​ទ្រង់​ហើយ​ដែល​យើង​ពឹងផ្អែក ។ គឺ​ទ្រង់​ហើយ​ដែល​យើង​ទុកចិត្ត ។ គឺ​ទ្រង់​ហើយ​ដែល​យើង​ស្រឡាញ់​ដោយ​អស់​ពី​ចិត្ត ដោយ​មិន​សំចៃ ។ ព្រះអង្គសង្គ្រោះ​បាន​ទទួល​រាល់​ការឈឺចាប់​ខាង​សាច់ឈាម និង​ខាង​អារម្មណ៍ ដែល​ជា​ចំណែក​នៃ​ជីវិត​រមែងស្លាប់ ។ ទ្រង់​ដក​យក​ការឈឺចាប់​ចេញ​ពី​យើង ។ ទ្រង់​ទទួល​យក​ទុក្ខ​សោក​របស់​យើង » ។

  3. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៩ ។

  4. នីហ្វៃទី២ ២:១១ ។

  5. ម៉ាថាយ ៥:៤៥ ។

  6. « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ទំនុកតម្កើង លេខ ១៣៥ ។

  7. ពេត្រុស ទី១ ៤:១២ ។

  8. « យើង​នឹង​សាក​ល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ( អ័ប្រាហាំ ៣:២៥ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤–៥ ) ។

  9. អាលម៉ា ៥៧:២៥ ។

  10. មិត្ត​ម្នាក់​បាន​សរសេរ​មក​ខ្ញុំ​ថា ៖ « ការតស៊ូ​‹ ជាមួយ​នឹង​ភាពងងឹត និង​ភាពស្រងេះស្រងោច​ខាង​អារម្មណ៍ › អស់​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​ក្នុង​គ្រប់​កម្រិត បាន​នាំ​អ្នក​ឲ្យ​បង្កើន​សមត្ថភាព ការតាំងចិត្ត ក្ដីជំនឿ និង​ភាពអត់ធ្មត់​កាន់តែ​ខ្ពស់ ។ បន្ទាប់​ពី​ថ្ងៃ​នៃ ‹ ការរងទុក្ខ › អ្នក​មាន​ការនឿយហត់ ។ បន្ទាប់​ពី​សប្ដាហ៍​នៃ ‹ ការរងទុក្ខ › អ្នក​អស់​កម្លាំង ។ បន្ទាប់​ពី​ខែ​នៃ ‹ ការរងទុក្ខ › អ្នក​ចាប់ផ្ដើម​ទន់ខ្សោយ ។ បន្ទាប់​ពី​ឆ្នាំ​នៃ ‹ ការរងទុក្ខ › អ្នក​ចុះចូល​ក្នុង​លទ្ធភាព​ដែល​ថា អ្នក​នឹង​មិន​អាច​មាន​ភាពប្រសើរ​វិញ​បាន​ទេ ។ សេចក្ដីសង្ឃឹម​ក្លាយ​ជា​អំណោយ​ដ៏​មាន​តម្លៃ និង​នឹកស្មាន​មិន​ដល់ ។ និយាយ​ឲ្យ​ខ្លី ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​ដឹង​អំពី​របៀប​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ការសាកល្បង​នេះ​ទេ លើកលែង​តែ [ ព្រះអង្គសង្គ្រោះ ] ។ នេះ​ជា​ការពន្យល់​តែ​មួយ​គត់ ។ ខ្ញុំ​មិន​អាច​ពន្យល់​របៀប​ដែល​ខ្ញុំ​ដឹង​ពី​រឿង​នេះ​ទេ លើកលែង​តែ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ ។ ដោយសារតែ​ទ្រង់​ទើប​ខ្ញុំ​បាន​ឆ្លង​កាត់​ការសាកល្បង​នេះ​បាន » ។

  11. សូម​មើល លូកា ១០:៣០–៣៥ ។

  12. លូកា ៤:១៨ សូម​មើល​ផងដែរ អេសាយ ៦១:១ ។

  13. នីហ្វៃទី៣ ១៨:៣២ ។

  14. អាលម៉ា ៧:១១–១២ ។ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ដោយ​ហេតុនោះ​ទើប​ទ្រង់​យល់​គ្រប់​ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ) ។

  15. « Come, Ye Disconsolate » ទំនុកតម្កើង លេខ ១១៥ ។

  16. គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧ ។

  17. « កូន​បាន​ស្គាល់​ភាព​ខ្លាំងក្លា​របស់​ព្រះ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំងឡាយ​របស់​កូន ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​កូន​វិញ » ( នីហ្វៃទី២ ២:២ ) ។ « ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការ​ពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា ៣៦:៣ ) ។

  18. កូរិនថូស ទី២ ១២:៩ ។

  19. សូម​មើល នែល អិល អាន់ឌើរសិន « The Joy of Becoming Clean » Ensign ខែ​មេសា ឆ្នាំ​១៩៩៥ ទំព័រ ៥០–៥៣ ។

  20. យ៉ូហាន ១៤:១៨ ។

  21. « បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត » ( កូរិនថូស ទី១ ១៥:១៩ ) ។

  22. នៅ​ខគម្ពីរ​ទីមួយ​នៃ​ព្រះគម្ពីរ​មរមន នីហ្វៃ​បាន​ពន្យល់​ថា លោក​បាន « ឃើញ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត [ លោក ] » ( នីហ្វៃទី១ ១:១ ) ។ ក្រោយ​មក នីហ្វៃ​បាន​ពោល​ថា « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សរសើរ​តម្កើង​ទ្រង់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ហើយ​ខ្ញុំ​មិន​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់ ពី​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​ឡើយ » ( នីហ្វៃទី១ ១៨:១៦ ) ។

  23. នីហ្វៃទី ៣ ២៥:២ ។

  24. ការសន្ទនា​ផ្ទាល់ខ្លួន ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០១៨ ។

  25. កូរិនថូស ទី២ ៤:៨–៩ ។

  26. ប្រធាន ហាហ្វ ប៊ី ប្រោន អំឡុងពេល​ទស្សនា​ប្រទេស​អ៊ីស្រាអែល មាន​គេ​សួរ​លោក​ថា ហេតុអ្វី​អ័ប្រាហាំ​ត្រូវបាន​បង្គាប់​ឲ្យ​បូជា​កូនប្រុស​របស់​លោក ។ លោក​បាន​ឆ្លើយ​ថា « អ័ប្រាហាំ​ចាំបាច់​ត្រូវ​រៀន​អ្វី​មួយ​អំពី​អ័ប្រាហាំ » ( នៅ​ក្នុង Truman G. Madsen Joseph Smith the Prophet [ ឆ្នាំ ១៩៨៩ ] ទំព័រ​៩៣ ) ។

  27. ម៉ាថាយ ១៦:២៥ ។

  28. រ័សុល អិម ណិលសុន « Children of the Covenant » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៥ ទំព័រ​៣២ ។

  29. រ័សុល អិម ណិលសុន នៅ​ក្នុង Jason Swensen « Better Days Are Ahead for the People of Puerto Rico » Church News ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ទំព័រ​៤ ។

  30. រ័សុល អិម ណិលសុន នៅ​ក្នុង Swensen « Better Days Are Ahead » ទំព័រ​៣ ។

  31. រ័សុល អិម ណិលសុន នៅ​ក្នុង Swensen « Better Days Are Ahead » ទំព័រ​៤ ។

  32. សូម​មើល រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ​៨៥–៨៨ ។

  33. វិវរណៈ ៧:១៤ ។

  34. សូម​មើល វិវរណៈ ៧:១៣, ១៥, ១៧ ។