ភ្លើងជំរំនៃសេចក្ដីជំនឿរបស់យើង
សម្រាប់អស់អ្នកដែលស្វែងរក អនុញ្ញាតឲ្យកើតមាន និងរស់នៅសម្រាប់សេចក្តីជំនឿនោះការចាប់ផ្តើមនៃសេចក្តីជំនឿនឹងកើតមានឡើង ឬអាចត្រឡប់មកវិញទោះជួនកាលវាកើតឡើងសន្សឹមៗក្ដី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ តើវាមិនមែនជារឿងដ៏អស្ចារ្យទេឬអី ដើម្បីទទួលវិវរណៈជាបន្តបន្ទាប់មកពីស្ថានសួគ៌ តាមរយៈប្រធាន រ័សុល អិម ណិលសុន និងថ្នាក់ដឹកនាំសាសនាចក្ររបស់យើង ដែលអញ្ជើញយើងឲ្យរស់នៅតាមរបៀបថ្មី និងកាន់តែបរិសុទ្ធ ទាំងនៅផ្ទះ និងនៅព្រះវិហារដោយអស់ពីចិត្ត គំនិត និងពលំរបស់យើងនោះ ?
តើបងប្អូនធ្លាប់មានឱកាសធ្វើអ្វីមួយដែលបងប្អូនបានមានអារម្មណ៍ថា ពុំបានរៀបចំខ្លួន ឬគ្មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែថាអ្នកបានទទួលពរដោយសារតែការព្យាយាមធ្វើដែរឬទេ ?
ខ្ញុំធ្លាប់មានអារម្មណ៍នោះ ។ នេះជាឧទាហរណ៍មួយ ។
ជាច្រើនឆ្នាំកន្លងទៅអែលឌើរ រីឆាដ ជី ស្កត សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអញ្ជើញដោយសប្បុរសថា « ជែរីត តើលោកចង់គូរគំនូរជាមួយខ្ញុំដែរឬទេ ? »
អែលឌើរស្កតបានថ្លែងថា ការគូររូបបានជួយលោកឲ្យអង្កេត និងច្នៃប្រឌិត ។ លោកបានសរសេរថា ៖ « ចូរប្រឹងប្រែងដើម្បីមានការច្នៃប្រឌិត ទោះបីជាទទួលបានលទ្ធផលមធ្យមក្តី ។… ការច្នៃប្រឌិតអាចបង្កើតឲ្យមានស្មារតីនៃក្តីកតញ្ញូសម្រាប់ជីវិត និងសម្រាប់អ្វីដែលព្រះអម្ចាស់បានប្រទានពរមកក្នុងជីវិតអ្នក ។… ប្រសិនបើអ្នកជ្រើសរើសដោយឈ្លាសវៃ វាពុំត្រូវចំណាយពេលច្រើនឡើយ » ។
ប្រធាន ហិនរី ប៊ី អាវរិង ពិពណ៌នាអំពីសកម្មភាពដ៏ប្រពៃនៃការស្មឹងស្មាធរបស់លោកថា ត្រូវបានជំរុញដោយ « អារម្មណ៍នៃសេចក្តីស្រឡាញ់ » រួមទាំង « សេចក្តីស្រឡាញ់ដល់អង្គបង្កបង្កើតដែលរំពឹងឲ្យបុត្រាបុត្រីទ្រង់ក្លាយដូចជាទ្រង់—ដើម្បីបង្កើត និងសាងសង់ » ។ ការងារច្នៃប្រឌិតរបស់ប្រធានអាវរិងផ្តល់នូវ « ទស្សនវិស័យពិសេសខាងវិញ្ញាណស្តីពីទីបន្ទាល់ និងសេចក្តីជំនឿ » ។
រូបចម្លាក់របស់ប្រធាន ប៊យដ៏ ឃេ ផាកកឺ បង្ហាញពីមូលដ្ឋានគ្រឹះនៃសារលិខិតដំណឹងល្អ ៖ « ព្រះគឺជាអង្គបង្កបង្កើតនៃស្ថានសួគ៌នានា និងផែនដី ព្រមទាំងអ្វីៗគ្រប់យ៉ាងទាំងអស់ដែលមាននៅក្នុងស្ថានទាំងនោះ ថាធម្មជាតិទាំងអស់ថ្លែងទីបន្ទាល់អំពីការបង្កបង្កើតដោយផ្ទាល់របស់ព្រះនោះ ហើយថាមានភាពសុខដុមទាំងស្រុង [ មួយ ] រវាងធម្មជាតិ វិទ្យាសាស្ត្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ។
អាលម៉ាថ្លែងទីបន្ទាល់ថា « គ្រប់ការណ៍ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន » ។ កុមារថ្នាក់អង្គការបឋមសិក្សាយើងច្រៀងថា « គ្រប់ពេលដែលខ្ញុំឮបក្សាបក្សីយំ ឬសម្លឹងមើលទៅផ្ទៃមេឃ…ខ្ញុំមានអំណរដែលរស់នៅលើផែនដីស្អាតដែលព្រះវរបិតាបានបង្កើតឲ្យខ្ញុំ » ។ អ្នកនិពន្ធឈ្មោះ វ៊ីចទ័រ អ៊ុយហ្គោ ពន្យល់អំពី « ទំនាក់ទំនងប្រកបដោយអព្ភូតហេតុរវាងជីវិត និងអ្វីៗនៅក្នុងសកលលោកទាំងមូលនេះ ចាប់តាំងពីព្រះអាទិត្យរហូតដល់សត្វល្អិតតូចបំផុត ។… សត្វស្លាបនីមួយៗដែលអាចហើរបានមានផ្នែកមួយនៃព្រះនៅក្នុងពួកវា ។… បណ្តុំពពកគឺជាសំបុកមួយនៃហ្វូងផ្កាយ » ។
ហើយការណ៍នោះនាំយើងត្រឡប់ទៅការអញ្ជើញរបស់អែលឌើរស្កតវិញ ។
ខ្ញុំបានតបថា « អែលឌើរស្កត ខ្ញុំចង់ចេះរៀនអង្កេត និងច្នៃប្រឌិតជាងមុនដែរ ។ ខ្ញុំរំភើបចិត្តទៅហើយដោយគ្រាន់ស្រមៃថា នឹងគូររូបព្រះវរបិតាសួគ៌ជាមួយដុំពពកធំៗ និងពណ៌នីមួយៗនៃផ្ទៃមេឃ និងទឹក ។ ខ្ញុំបាននិយាយទាំងស្ទាក់ស្ទើរថា « ប៉ុន្តែ អែលឌើរស្កតខ្ញុំគ្មានជំនាញគូររូបគំនូរទេ ។ ខ្ញុំបារម្ភថា វាអាចធ្វើឲ្យលោកលំបាកព្យាយាមនឹងបង្រៀនខ្ញុំ » ។
អែលឌើរស្កតបានញញឹម ហើយបានណាត់ពេលដើម្បីពួកយើងអាចជួបគ្នា ។ នៅថ្ងៃណាត់ជួបគ្នានោះ លោកបានរៀបចំក្រដាស ថ្នាំលាបពណ៌ និងច្រាស ។ លោកបានគូសគំនូសព្រាងមួយចំនួន ហើយបានជួយប្រឡាក់ទឹកលើក្រដាសឲ្យខ្ញុំ ។
យើងបានប្រើគំរូមួយនៃគំនូរដ៏ស្រស់ស្អាតរបស់លោកដែលមានចំណងជើងថា ភ្លើងជំរំនៅពេលសុរិយាអស្តង្គត ។ ពេលយើងបានគូរគំនូរ យើងបាននិយាយអំពីសេចក្តីជំនឿ—ពីរបៀបដែលពេលយើងមើលទៅពន្លឺ និងភាពកក់ក្តៅនៃភ្លើងជំរំ នោះយើងលែងបារម្ភពីភាពងងឹត និងភាពមិនប្រាកដប្រជាទៀតឡើយ—ពីរបៀបដែលភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងអាចផ្តល់សេចក្តីសង្ឃឹម និងការធានាអះអាង នៅពេលរាត្រីដ៏យូរ និងឯកោ ។ ហើយព្រះអាទិត្យពិតជារះឡើង ។ ភ្លើងជំរំនៃសេចក្តីជំនឿរបស់យើង—អនុស្សាវរីយ បទពិសោធន៍ និងមរតកនៃសេចក្តីជំនឿរបស់យើងស្ដីពីសេចក្តីល្អ និងសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះនៅក្នុងជីវិតយើង—បានពង្រឹងយើងឆ្លងកាត់គ្រាលំបាកទាំងនេះ ។
ទីបន្ទាល់របស់ខ្ញុំគឺថា—សម្រាប់អស់អ្នកដែលស្វែងរក អនុញ្ញាតឲ្យកើតមាន និងរស់នៅសម្រាប់សេចក្តីជំនឿ—នោះការចាប់ផ្តើមនៃសេចក្តីជំនឿនឹងកើតមានឡើង ឬអាចត្រឡប់មកវិញទោះជួនកាលវាកើតឡើងសន្សឹមៗក្ដី ។ ពន្លឺនឹងកើតមានឡើង នៅពេលយើងប្រាថ្នាចង់បាន ហើយស្វែងរកវា នៅពេលយើងអត់ធ្មត់ ហើយគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ នៅពេលយើងបើកចិត្តចំពោះព្រះគុណ ការព្យាបាល និងសេចក្តីសញ្ញារបស់ព្រះ ។
នៅពេលយើងបានចាប់ផ្តើមគូរគំនូរ អែលឌើរស្កតបានលើកទឹកចិត្តថា « ជែរីត ទោះបីអ្នករៀនបានមេរៀនមួយក្តី ក៏អ្នកនឹងគូរអ្វីមួយដែលអ្នកចង់រក្សាទុក និងចងចាំដែរ » ។ អែលឌើរស្តត់មានប្រសាសន៍ត្រូវ ។ ខ្ញុំរក្សាទុករូបគំនូរភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងដែលអែលឌើរស្កតបានជួយខ្ញុំឲ្យគូរនោះ ។ សមត្ថភាពផ្នែកគំនូររបស់ខ្ញុំធ្លាប់ ហើយនៅតែមានដែនកំណត់ ប៉ុន្តែការចងចាំអំពីភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងអាចលើកទឹកចិត្តពួកយើងក្នុងរបៀបប្រាំយ៉ាង ។
ទីមួយ ភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងអាចលើកទឹកចិត្តឲ្យស្វែងរកអំណរនៅក្នុងការច្នៃប្រឌិតត្រឹមត្រូវ ។
មានអំណរនៅក្នុងការស្រមើស្រមៃ ការរៀនសូត្រ ការធ្វើកិច្ចការថ្មីៗដែលមានប្រយោជន៍ ។ ការណ៍នេះគឺពិតជាពិសេសនៅពេលយើងដាក់សេចក្តីជំនឿ និងទំនុកចិត្តកាន់តែខ្លាំងលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ យើងពុំអាចស្រឡាញ់ខ្លួនយើងគ្រប់គ្រាន់ដើម្បីសង្គ្រោះខ្លួនយើងបានឡើយ ។ ប៉ុន្តែព្រះវរបិតាសួគ៌ស្រឡាញ់យើងខ្លាំង ហើយស្គាល់យើងច្បាស់ជាងយើងស្រឡាញ់ ឬស្គាល់ខ្លួនយើងទៅទៀត ។ យើងអាចទុកចិត្តលើព្រះអម្ចាស់ ហើយកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
តើអ្នកធ្លាប់ជាបុគ្គលតែម្នាក់ដែលពុំត្រូវបានអញ្ជើញឲ្យទៅពិធីជប់លៀងខួបកំណើតរបស់នរណាម្នាក់ដែរឬទេ ?
តើអ្នកធ្លាប់ត្រូវបានគេរើសចុងក្រោយគេ ឬមិនត្រូវបានរើស នៅពេលគេបង្កើតក្រុមដែរឬទេ ?
តើអ្នកធ្លាប់រៀបចំខ្លួនសម្រាប់ការប្រឡងនៅសាលារៀន ការសម្ភាសការងារ ឱកាសមួយដែលអ្នកពិតជាចង់បាន—ហើយអ្នកទទួលអារម្មណ៍ថា អ្នកបរាជ័យដែរឬទេ ?
តើអ្នកធ្លាប់អធិស្ឋានទូលសូមឲ្យទំនាក់ទំនងដែលពុំដំណើរការល្អឲ្យដំណើរការល្អដែរឬទេ ?
តើអ្នកធ្លាប់មានជំងឺរាំរ៉ៃ ត្រូវភរិយា ឬស្វាមីបោះបង់ចោល រងទារុណកម្មជំនួសគ្រួសារដែរឬទេ ?
ព្រះអង្គសង្គ្រោះរបស់យើងជ្រាបដឹងពីកាលៈទេសៈរបស់យើង ។ ពេលយើងអនុវត្តសិទ្ធិជ្រើសរើសដែលព្រះបានប្រទានឲ្យ ហើយប្រើសមត្ថភាពទាំងអស់របស់យើងដោយរាបទាប និងសេចក្តីជំនឿ នោះព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យដោះស្រាយនូវឧបសគ្គនៃជីវិត និងទទួលបានអំណរ ។ សេចក្តីជំនឿរួមមាននូវបំណងប្រាថ្នា និងជម្រើសដើម្បីជឿ ។ សេចក្តីជំនឿក៏កើតឡើងមកពីការគោរពតាមបទបញ្ញត្តិព្រះ ដែលបានប្រទានមកដើម្បីផ្តល់ពរដល់យើង ពេលយើងដើរតាមផ្លូវនៃសេចក្តីសញ្ញារបស់ទ្រង់ដែរ ។
ពេលយើងធ្លាប់ទទួលអារម្មណ៍ ឬទទួលអារម្មណ៍ពុំប្រាកដប្រជា ឯកោ ស្មុគស្មាញ ខឹងសម្បារ បាក់ទឹកចិត្ត ខកចិត្ត ឬបែកចេញពីព្រះ និងសាសនាចក្រដែលបានស្តារឡើងវិញរបស់ទ្រង់ នោះវាតម្រូវឲ្យមានកិច្ចខិតខំ និងសេចក្តីជំនឿដ៏ច្រើនបន្ថែមទៀត ដើម្បីត្រឡប់មកកាន់ផ្លូវនៃសេចក្តីសញ្ញាម្តងទៀត ។ ប៉ុន្តែវាសក្ដិសមនឹងធ្វើណាស់ ! សូមមក ឬត្រឡប់មករកព្រះអម្ចាស់យេស៊ូវគ្រីស្ទម្តងទៀត ! សេចក្ដីស្រឡាញ់របស់ព្រះខ្លាំងជាងចំណងនៃសេចក្តីស្លាប់ទៅទៀត—ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយើងគឺនិរន្ដរ៍ និងអស់កល្បជានិច្ច ។ យើងម្នាក់ៗវង្វេង និងបរាជ័យ ។ មានគ្រាដែលយើងអាចវង្វេងផ្លូវ ។ ព្រះធានាអះអាងដោយក្ដីស្រឡាញ់ដល់យើងថា ទោះជាយើងនៅទីណា ឬអ្វីដែលយើងបានធ្វើក្តី គ្មានអ្វីដែលថា មិនអាចត្រឡប់ក្រោយមកវិញបាននោះទេ ។ ទ្រង់រង់ចាំជាស្រេចដើម្បីឱបក្រសោបយើង ។
ទីពីរ ភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងអាចលើកទឹកចិត្តយើងឲ្យផ្តល់ការងារបម្រើក្នុងមធ្យោបាយមួយថ្មី កាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធដែលបំផុសគំនិតដោយព្រះវិញ្ញាណ ។
ការផ្តល់ការងារបម្រើបែបនេះនាំមកនូវអព្ភូតហេតុ និងពរជ័យនៃសេចក្តីសញ្ញា—ដែលយើងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ហើយចង់បម្រើដល់មនុស្សដទៃនៅក្នុងស្មារតីនោះ ។
ថ្មីៗនេះ ស៊ីស្ទើរហ្កង និងខ្ញុំបានស្គាល់ឪពុកម្នាក់ និងគ្រួសារមួយដែលបានទទួលពរ ដោយសារប្អូនប្រុសកាន់បព្វជិតភាពដ៏ស្មោះត្រង់ម្នាក់ដែលបានទៅជួបប៊ីស្សពរបស់ពួកគេ ហើយសួរប្រសិនបើគាត់ ( ប្អូនប្រុសអ្នកកាន់បព្វជិតភាព ) អាចធ្វើជាដៃគូបង្រៀនតាមផ្ទះជាមួយនឹងឪពុកម្នាក់នោះ ។ ឪពុកនោះពុំសកម្មទេ ហើយគ្មានចំណាប់អារម្មណ៍នៅក្នុងការបង្រៀនតាមផ្ទះឡើយ ។ ប៉ុន្តែនៅពេលដែលចិត្តរបស់ឪពុកម្នាក់នោះបានផ្លាស់ប្តូរ នោះគាត់និងប្អូនប្រុសកាន់បព្វជិតភាពជាទីស្រឡាញ់នោះបានចាប់ផ្តើមសួរសុខទុក្ខក្រុមគ្រួសារ « របស់ពួកគេ » ។ បន្ទាប់ពីការសួរសុខទុក្ខម្តងរួចមក ភរិយារបស់គាត់—កាលនោះភរិយាគាត់មិនទាន់ចូលព្រះវិហារនៅឡើយ—បានសួរស្វាមីរបស់គាត់ថា តើរឿងនោះវាយ៉ាងណាហើយ ។ ឪពុករូបនោះបានសារភាពថា « បងបានទទួលអារម្មណ៍អ្វីមួយ »—ក្រោយមកគាត់បានដើរទៅផ្ទះបាយផឹកស្រាបៀរមួយកំប៉ុង ។
ប៉ុន្តែបទពិសោធន៍នីមួយៗបានបង្កើតឲ្យមានបទពិសោធន៍មួយផ្សេងទៀត ៖ បទពិសោធន៍ដ៏ទន់ភ្លន់ ការផ្តល់ការងារបម្រើ ការផ្លាស់ប្តូរដួងចិត្ត ថ្នាក់រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ការទៅព្រះវិហារ ការផ្សារភ្ជាប់ជាគ្រួសារនៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ សូមស្រមៃពីអំណរគុណដ៏ធំធេងដែលកូនៗ និងចៅៗមានចំពោះឪពុកម្តាយរបស់ពួកគេ និងប្អូនប្រុសដែលផ្តល់ការងារបម្រើនោះ ដែលបានមកធ្វើជាមិត្ត និងជាដៃគូជាមួយឪពុករបស់ពួកគេ ដើម្បីផ្តល់ការងារបម្រើ និងស្រឡាញ់មនុស្សដទៃ ។
ការលើកទឹកចិត្តពីភ្លើងជំរំនៃសេចក្តីជំនឿទីបីគឺ ៖ អំណរ និងពរជ័យនៃដំណឹងល្អដ៏ច្នៃប្រឌិតនឹងកើតឡើង នៅពេលយើងព្យាយាមស្រឡាញ់ព្រះអម្ចាស់ និងមនុស្សដទៃដោយអស់ពីចិត្ត និងព្រលឹងរបស់យើង ។
ព្រះគម្ពីរអញ្ជើញយើងឲ្យដាក់ថ្វាយនូវអ្វីៗទាំងអស់ដែលយើងមាន និងអ្វីដែលយើងនឹងមាននៅលើអសនានៃសេចក្តីស្រឡាញ់ និង ការបម្រើ ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ចោទិយកថាទូន្មានយើងឲ្យ « ស្រឡាញ់ព្រះយេហូវ៉ាជាព្រះ » ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងរបស់យើង ។ យ៉ូស្វេបានក្រើនរំឭកយើងថា « ត្រូវស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង…ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់…កាន់តាមបញ្ញត្តិទ្រង់…ព្រមទាំងតោងទ្រង់ជាប់ ហើយ…បម្រើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង » ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះអង្គសង្គ្រោះរបស់យើងថ្លែងនូវក្រឹត្យវិន័យធំពីរ ៖ « ឯងត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង…ហើយអស់អំពីកម្លាំងនៃឯង…ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ » ។
នៅក្នុងព្រះគម្ពីរមរមន ៖ សក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ស្តេចបេនយ៉ាមីនបានធ្វើការ « អស់ពីសមត្ថភាពនៃកាយរបស់ទ្រង់ និងអស់ពីសមត្ថភាពនៃព្រលឹងរបស់ទ្រង់ » ហើយបានបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅលើដែនដី ។ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដូចអ្នកផ្សព្វផ្សាយសាសនាគ្រប់រូបដឹងថា ព្រះអម្ចាស់សុំឲ្យយើងបម្រើទ្រង់ « ដោយអស់ពីចិត្តអស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង » ។ ពេលពួកបរិសុទ្ធបានចូលទៅឃុំចាកសុន នោះព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យពួកគេរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ តាមរយៈការស្រឡាញ់ « ដល់ព្រះអម្ចាស់ជាព្រះនៃអ្នកឲ្យអស់ពីចិត្តនៃអ្នក អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងនៃអ្នក ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើទ្រង់ » ។
យើងរីករាយក្នុងការអញ្ជើញដើម្បីលះបង់ព្រលឹងទាំងស្រុងរបស់យើង ដើម្បីស្វែងរកមធ្យោបាយកាន់តែខ្ពស់ខ្ពង់ និងកាន់តែបរិសុទ្ធ ដើម្បីស្រឡាញ់ព្រះ និងអ្នកដែលនៅជុំវិញយើង និងដើម្បីពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តយើង និងនៅក្នុងផ្ទះ ព្រមទាំងសាសនាចក្ររបស់យើង ។
ទីបួន ភ្លើងជំរំនៃសេចក្តីជំនឿរបស់យើងលើកទឹកចិត្តយើងឲ្យបង្កើតលំនាំនៃការរស់នៅដោយសុចរិតជាទៀងទាត់មួយដែលពង្រឹងសេចក្ដីជំនឿ និងជីវភាពខាងវិញ្ញាណ ។
ទម្លាប់បរិសុទ្ធ ឥរិយាបថសុចរិត ឬលំនាំដ៏ប្រកបដោយការចេះគិតគូរទាំងនេះអាចរួមមាន ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការតមអាហារ ការចងចាំព្រះអង្គសង្គ្រោះរបស់យើង និងសេចក្តីសញ្ញានានាតាមរយៈពិធីបរិសុទ្ធនៃសាក្រាម៉ង់ ការចែកចាយពរជ័យនៃដំណឹងល្អតាមរយៈអ្នកផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបម្រើដទៃទៀត ការរក្សាកំណត់ហេតុផ្ទាល់ខ្លួនអំពីគំនិតខាងវិញ្ញាណជាដើម ។
នៅពេលលំនាំសុចរិត និងការចង់បានខាងវិញ្ញាណនេះរួមបញ្ចូលគ្នា នោះពេលវេលា និងភាពអស់កល្បជានិច្ចនឹងកើតឡើងជាមួយគ្នា ។ ពន្លឺ និងជីវិតខាងវិញ្ញាណកើតឡើង នៅពេលការគោរពប្រតិបត្តិខាងសាសនាជាទៀងទាត់នាំយើងឲ្យខិតកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងស្រឡាញ់គោលបំណង និងតម្រូវការនៃក្រឹត្យវិន័យ នោះកិច្ចការនៃភាពអស់កល្បជានិច្ចអាចចូលមកកាន់ព្រលឹងរបស់យើងដូចជាទឹកសន្សើមធ្លាក់មកពីមេឃដែរ ។ ជាមួយនឹងការគោរពប្រតិបត្តិជាប្រចាំ និងធ្វើឲ្យទឹករស់មានភាពស្រស់ថ្លា នោះយើងរកឃើញចម្លើយ សេចក្តីជំនឿ និងកម្លាំងដែលដោះស្រាយនូវឧបសគ្គរៀងរាល់ថ្ងៃ និងទទួលយកឱកាសនានាដោយការអត់ធ្មត់ ទស្សនវិស័យ និងអំណរនៃដំណឹងល្អ ។
ទីប្រាំ នៅពេលយើងរក្សាលំនាំដែលយើងដឹងនេះឲ្យល្អបំផុតអំឡុងពេលស្វែងរកមធ្យោបាយថ្មី និងកាន់តែបរិសុទ្ធ ដើម្បីស្រឡាញ់ព្រះ ហើយជួយយើង និងមនុស្សដទៃរៀបចំខ្លួនទៅជួបទ្រង់ នោះភ្លើងជំរំនៃសេចក្ដីជំនឿរបស់យើងអាចលើកទឹកចិត្តយើងឲ្យចងចាំភាពល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ គឺពុំមែននៅក្នុងខ្លួនយើង ឬនៅក្នុងភាពល្អឥតខ្ចោះនៃលោកិយឡើយ ។
ការអញ្ជើញរបស់ព្រះពោរពេញដោយសេចក្តីស្រឡាញ់ និងលទ្ធភាព ដោយសារព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ។ ចំពោះអស់អ្នកដែលមានអារម្មណ៍ថា មានបន្ទុក ទ្រង់អញ្ជើញថា « ចូរមកឯខ្ញុំ » ហើយអស់អ្នកដែលមកកាន់ទ្រង់ នោះទ្រង់សន្យាថា « ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។ « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់…ស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក នោះព្រះគុណរបស់ទ្រង់ល្មមដល់អ្នកហើយ ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ។
នៅក្នុងការធានាអះអាងនេះ « ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » វាក៏ជាការលួងលោម ភាពសុខសាន្ត និងការសន្យាថា យើងអាចបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ និងទំនុកចិត្តលើព្រះអម្ចាស់ ទោះបីជាអ្វីៗពុំដំណើរការដូចក្តីសង្ឃឹម ការរឹពឹងទុក ឬប្រហែលជាយើងសមនឹងទទួលបាន ទោះមិនមែនជាកំហុសរបស់យើងផ្ទាល់ ឬទោះបីបន្ទាប់ពីយើងបានធ្វើអស់ពីសមត្ថភាពក្តី ។
ក្នុងគ្រា និងមធ្យោបាយផ្សេងៗ យើងទាំងអស់គ្នាមានអារម្មណ៍ថា ខ្វះសមត្ថភាព ពុំប្រាកដប្រជា ហើយប្រហែលជាមិនស័ក្ដិសមផង ។ ប៉ុន្តែនៅក្នុងកិច្ចខិតខំដ៏ស្មោះត្រង់របស់យើងដើម្បីស្រឡាញ់ព្រះ និងផ្តល់ការងារបម្រើដល់អ្នកជិតខាងរបស់យើង នោះយើងអាចទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះ និងការបំផុសគំនិតដែលចាំបាច់សម្រាប់ជីវិតពួកគេ និងជីវិតរបស់យើងនៅក្នុងមធ្យោបាយថ្មី និងកាន់តែបរិសុទ្ធ ។
ជាមួយនឹងសេចក្តីអាណិតអាសូរ ព្រះអង្គសង្គ្រោះយើងលើកទឹកចិត្ត និងសន្យាថា យើងអាច « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ។ គោលលទ្ធិនៃព្រះគ្រីស្ទ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះរបស់យើង និងការដើរតាមផ្លូវនៃសេចក្តីសញ្ញារបស់ទ្រង់ដោយព្រលឹងទាំងស្រុងរបស់យើង អាចជួយយើងឲ្យស្គាល់សេចក្តីពិតរបស់ទ្រង់ និងធ្វើឲ្យយើងមានសេរីភាព ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីភាពពោរពេញនៃដំណឹងល្អរបស់ទ្រង់ និងផែនការនៃសុភមង្គលរបស់ទ្រង់ដែលបានស្តារឡើងវិញ និងដែលបានបង្រៀននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ និងតាមរយៈព្យាការីតាំងពីព្យាការី យ៉ូសែប ស៊្មីធ រហូតមកដល់ប្រធាន រ័សុល អិម ណិលសុន បច្ចុប្បន្ននេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ផ្លូវនៃសេចក្តីសញ្ញារបស់ទ្រង់ដឹកនាំទៅរកអំណោយទានដ៏មហិមាបំផុតដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងសន្យាថា ៖ « អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
សូមឲ្យពរជ័យ និងអំណរអស់កល្បរបស់ទ្រង់ក្លាយជារបស់យើង នៅពេលយើងពង្រឹងដួងចិត្ត និងក្តីសង្ឃឹម ព្រមទាំងការតាំងចិត្តរបស់យើងនៅឯភ្លើងជំរំនៃសេចក្តីជំនឿរបស់យើង ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។