ចូរអ្នកជ្រើសរើសថ្ងៃនេះចុះ
សុភមង្គលអស់កល្បជានិច្ចដ៏ធំធេងរបស់យើងអាស្រ័យទៅលើការរើសយកព្រះដែលមានព្រះជន្មរស់ ហើយចូលរួមនឹងទ្រង់ក្នុងកិច្ចការរបស់ទ្រង់ ។
តួអង្គដែលបានប្រឌិតឡើងឈ្មោះ ម៉ារី ផបភីន គឺជាមេដោះដ៏សាមញ្ញម្នាក់ជនជាតិអង់គ្លេស—ដែលចេះមន្តអាគម ។ គាត់បានហោះទៅដល់ អ៊ីដវ៉ឌៀន ទីក្រុង ឡុងដ៍ មួយរំភេច ដើម្បីជួយគ្រួសារប៊ែងស៍ ដែលនៅផ្ទះលេខ ១៧ ផ្លូវ ឆើរី ទ្រី ដែលរងគ្រោះថ្នាក់ ។ គាត់ត្រូវបានប្រគល់ឲ្យមើលថែក្មេងៗគឺ ជេន និង ម៉ៃឃើល ។ នៅក្នុងអត្តចរិតដ៏ម៉ឹងម៉ាត់ ប៉ុន្តែមានសន្តានចិត្តល្អ នោះគាត់ចាប់ផ្តើមបង្រៀនពួកគេនូវមេរៀនដ៏មានតម្លៃដែលដក់ជាប់ក្នុងចិត្ត ។
ជេន និង ម៉ៃឃើល មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែម៉ារីសម្រេចចិត្តថា វាដល់ពេលដែលគាត់ត្រូវចាកចេញហើយ ។ នៅក្នុងដំណាក់កាលនោះ ប៊ើតជាមិត្តរបស់ម៉ារីដែលជាអ្នកបោសសម្អាតបំពង់ផ្សែងព្យាយាមបញ្ចុះបញ្ជូលគាត់មិនឲ្យចាកចេញ ។ ប៊ើតបានប្រកែកថា « តែពួកគេជាក្មេងល្អណាស់ម៉ារី » ។
ម៉ារីតបថា « តើខ្ញុំនឹងបង្រៀនពួកគេឬ ប្រសិនបើពួកគេមិនមែនជាក្មេងល្អនោះ ? ប៉ុន្តែខ្ញុំពុំអាចជួយពួកគេបានឡើយ ប្រសិនបើពួកគេពុំអនុញ្ញាតឲ្យខ្ញុំជួយនោះ ហើយគ្មានមនុស្សណាពិបាកបង្រៀនជាងក្មេងដែលគិតថា ពួកគេដឹងអ្វីៗគ្រប់យ៉ាងនោះទេ » ។
ប៊ើតសួរថា « អញ្ចឹង ធ្វើដូចម្តេចទៅ ? »
ម៉ារីឆ្លើយថា « ដូច្នេះពួកគេត្រូវរៀនថែមទៀតដោយខ្លួនពួកគេផ្ទាល់ » ។
បងប្អូនប្រុសស្រី ដូចជា ជេន និង ម៉ៃឃើល ប៊ែងស៍ ដែល យើងគឺជា « ក្មេងល្អ » ដែលស័ក្តិសមនឹងត្រូវបានបង្រៀន ។ ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យជួយ និងប្រទានពរដល់យើង ប៉ុន្តែយើងតែងតែពុំអនុញ្ញាតឲ្យទ្រង់ជួយយើងឡើយ ។ ជួនកាល យើងថែមទាំងធ្វើដូចជាយើងដឹងនូវរឿងគ្រប់យ៉ាងរួចទៅហើយទៀតផង ។ ហើយយើងត្រូវ « រៀន » ដោយខ្លួនយើងផ្ទាល់ ។ នោះជាមូលហេតុដែលយើងចេញពីជីវិតមុនជីវិតនេះគឺមកពីផ្ទះសួគ៌ា ហើយមកកាន់ផែនដី ។ « ការរៀនសូត្រ » របស់យើងទាក់ទងនឹងការធ្វើការសម្រេចចិត្តនានា ។
គោលបំណងរបស់ព្រះវរបិតាសួគ៌យើងក្នុងការធ្វើជាឪពុកម្តាយ គឺពុំគ្រាន់តែឲ្យបុត្រាបុត្រីរបស់ទ្រង់ ធ្វើ អ្វីដែលត្រូវប៉ុណ្ណោះទេ គោលបំណងរបស់ទ្រង់គឺឲ្យបុត្រាបុត្រីរបស់ទ្រង់ ជ្រើសរើស ធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅទីបំផុតក្លាយដូចជាទ្រង់ ។ ប្រសិនបើទ្រង់សព្វព្រះទ័យឲ្យយើងគោរពប្រតិបត្តិ នោះទ្រង់នឹងប្រើការប្រទានរង្វាន់ និងការដាក់ទណ្ឌកម្មភ្លាមៗ ដើម្បីមានឥទ្ធិពលលើឥរិយាបថរបស់យើង ។
ប៉ុន្តែព្រះពុំចាប់អារម្មណ៍លើបុត្រាបុត្រីទ្រង់ដោយគ្រាន់តែឲ្យពួកគេក្លាយជា « សត្វចិញ្ចឹម » ដែលត្រូវបានបង្វឹក ហើយគោរពតាម ដែលនឹងមិនទំពាស្បែកជើងរបស់ទ្រង់នៅក្នុងបន្ទប់ទទួលភ្ញៀវនៅនគរសេឡេស្ទាលនោះទេ ។ ទេ ព្រះសព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់រីកចម្រើនខាងវិញ្ញាណ និងចូលរួមនឹងទ្រង់ក្នុងកិច្ចការគ្រួសារ ។
ព្រះបានបង្កើតផែនការមួយ ដែលយើងអាចក្លាយជាអ្នកគ្រងមរតកនៅក្នុងនគរទ្រង់ ជាផ្លូវនៃសេចក្តីសញ្ញាមួយដែលនាំយើងក្លាយដូចជាទ្រង់ មានជីវិតដូចដែលទ្រង់មាន ហើយរស់នៅជារៀងរហូតជាក្រុមគ្រួសារនៅក្នុងវត្តមានរបស់ទ្រង់ ។ ជម្រើសផ្ទាល់ខ្លួនធ្លាប់មាន—ហើយមាន—សារៈសំខាន់ចំពោះផែនការនេះ ដែលយើងបានរៀននៅក្នុងជីវិតមុនឆាកជីវិតនេះ ។ យើងបានទទួលយកផែនការនេះ ហើយជ្រើសរើសមកកាន់ផែនដី ។
ដើម្បីប្រាកដថា យើងនឹងអនុវត្តសេចក្តីជំនឿ ហើយរៀនប្រើសិទ្ធិជ្រើសរើសរបស់យើងត្រឹមត្រូវ នោះវាំងនងនៃការភ្លេចបានបាំងលើគំនិតយើង ដូច្នេះយើងពុំបានចាំអំពីផែនការព្រះឡើយ ។ ប្រសិនបើគ្មានវាំងនននោះទេ គោលបំណងរបស់ព្រះពុំអាចសម្រេចបានឡើយ ដោយសារយើងពុំរីកចម្រើន ហើយក្លាយជាអ្នកទទួលមរតកដ៏គួរឲ្យទុកចិត្ត ដូចទ្រង់សព្វព្រះទ័យឲ្យយើងប្រែក្លាយ ។
ព្យាការីលីហៃបានថ្លែងថា ៖ « ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង ។ ហេតុដូច្នោះហើយ មនុស្សពុំអាចប្រព្រឹត្តអ្វីៗដោយខ្លួនឯងបានទេ លើកលែងតែមានអ្វីមកល្បួងខាងនេះមួយ ឬខាងនោះមួយ » ។ នៅកម្រិតមូលដ្ឋាន ជម្រើសមួយគឺតំណាងដោយព្រះយេស៊ូវគ្រីស្ទដែលជាកូនច្បងរបស់ព្រះវរបិតា ។ ជម្រើសផ្សេងទៀតគឺតំណាងដោយសាតាំងជាលូស៊ីហ្វើរ ដែលចង់បំផ្លាញសិទ្ធិជ្រើសរើស និងដណ្តើមអំណាច ។
នៅក្នុងព្រះយេស៊ូវគ្រីស្ទ « នោះយើងមានព្រះដ៏ជាជំនួយមួយអង្គហើយដែលទ្រង់គង់នៅចំពោះព្រះវរបិតា » ។ បន្ទាប់ពីបំពេញពលិកម្មដ៏ធួនរបស់ទ្រង់រួច ព្រះយេស៊ូវ « បានយាងឡើងទៅឯស្ថានសួគ៌…ដើម្បីសូមដល់ព្រះវរបិតានូវសិទ្ធិនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះកូនចៅមនុស្សលោក ។ ហើយដោយបានសូមនូវសិទ្ធិនៃសេចក្តីមេត្តាករុណានោះ « ទ្រង់ជួយតវ៉ា ដើម្បីឧត្ដមគតិរបស់កូនចៅមនុស្ស » ។
ការជួយតវ៉ារបស់ព្រះគ្រីស្ទជាមួយព្រះវរបិតាជំនួសយើងគឺពុំមែនជាការប្រឆាំងជំទាស់ឡើយ ។ ព្រះយេស៊ូវគ្រីស្ទដែលបានអនុញ្ញាតឲ្យព្រះទ័យទ្រង់ ត្រូវលេបដណ្តប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា ពុំបានគាំទ្រអ្វីផ្សេងក្រៅពីអ្វីដែលព្រះវរបិតាសព្វព្រះទ័យឲ្យមនុស្សទាំងអស់ធ្វើតាំងពីដំបូងឡើយ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យ និងអបអរសាទរដល់ភាពជោគជ័យរបស់យើងដោយពុំសង្ស័យអ្វីឡើយ ។
យ៉ាងហោចណាស់ ការជួយតវ៉ារបស់ព្រះគ្រីស្ទគឺដើម្បីរំឭកយើងថា ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបយើង ហើយថា គ្មាននរណាម្នាក់ត្រូវបានដកចេញពីឥទ្ធិពលនៃសេចក្តីមេត្តាករុណារបស់ព្រះឡើយ ។ សម្រាប់អស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត—ជាដំណើរការមួយនាំទៅរកការស្រុះស្រួលនឹងព្រះ —នោះព្រះអង្គសង្គ្រោះអភ័យទោសឲ្យ ព្យាបាល និងជួយតវ៉ា ។ ទ្រង់គឺជាអ្នកជួយយើង ជាអ្នកលួងលោម និងជាអ្នកអង្វរករជំនួសយើង—ធ្វើជាសាក្សី ហើយធានាឲ្យមានការសម្រុះសម្រួលរបស់យើងជាមួយព្រះ ។
ផ្ទុយទៅវិញ លូស៊ីហ្វើរគឺជាអ្នកចោទប្រកាន់ ឬរដ្ឋអាជ្ញា ។ យ៉ូហានជាអ្នកទទួលវិវរណៈបានពិពណ៌នាអំពីបរាជ័យនៅទីបំផុតរបស់លូស៊ីហ្វើរដូច្នេះថា ៖ « នោះខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា ឥឡូវនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ » ។ ហេតុអ្វីទៅ ? ដោយសារ « អានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នាដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទម្លាក់ទៅហើយ ។ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ » ។
លូស៊ីហ្វើរគឺជាអ្នកចោទប្រកាន់នេះ ។ វាបាននិយាយទាស់នឹងយើងនៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយវាបន្តប្រកាសបដិសេធយើងនៅក្នុងជីវិតនេះ ។ វាព្យាយាមទាញយើងទម្លាក់ចុះ ។ វាចង់ឲ្យយើងទទួលបទពិសោធន៍នៃការឈឺចាប់ដ៏គ្មានទីបញ្ចប់ ។ វាជាបុគ្គលម្នាក់ដែលប្រាប់យើងថា យើងអសមត្ថភាព វាជាបុគ្គលម្នាក់ដែលប្រាប់យើងថា យើងពុំល្អគ្រប់គ្រាន់ទេ វាជាបុគ្គលម្នាក់ដែលប្រាប់យើងថា យើងពុំអាចជួសជុលកំហុសយើងបានទេ ។ វាគឺជាបុគ្គលម្នាក់ដែលសម្លុតធ្វើបាបយើង វាជាម្នាក់ដែលទាត់យើង ពេលយើងដួលចុះ ។
ប្រសិនបើលូស៊ីហ្វើរបង្រៀនក្មេងឲ្យដើរ ហើយក្មេងជំពប់ជើងដួល នោះវានឹងស្រែកដាក់ក្មេងនោះ ដាក់ទោសក្មេង ហើយប្រាប់ក្មេងនោះឲ្យឈប់ព្យាយាមដើរទៀត ។ របៀបរបស់លូស៊ីហ្វើរនាំឲ្យមានការបាក់ទឹកចិត្ត និងភាពអស់សង្ឃឹម—នៅទីបំផុត និងជានិច្ចតទៅ ។ បិតានៃសេចក្តីកុហកនេះគឺជាអ្នកផ្តល់នូវការកុហកដ៏ធំបំផុត ហើយធ្វើការដោយល្បិចកិច្ចកលដើម្បីបោកបញ្ឆោត និងបង្វែរយើង « ដ្បិតវាព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ » ។
ប្រសិនបើព្រះគ្រីស្ទបង្រៀនក្មេងឲ្យដើរ ហើយក្មេងជំពប់ជើងដួល នោះទ្រង់នឹងជួយលើកក្មេងនោះឡើង ហើយលើកទឹកចិត្តវាឲ្យបន្តដើរជំហានបន្ទាប់ទៀត ។ ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកជួយយើង និងជាអ្នកលួងលោមយើង ។ របៀបរបស់ទ្រង់នាំមកនូវអំណរ និងសេចក្តីសង្ឃឹម—នៅទីបំផុត និងជានិច្ចតទៅ ។
ផែនការរបស់ព្រះរួមមាននូវការណែនាំសម្រាប់យើង នៅក្នុងព្រះគម្ពីរយើងហៅការណែនាំនោះថាជាបទបញ្ញត្តិ ។ បទបញ្ញត្តិទាំងនេះពុំមែនជាអ្វីដែលហួសសម័យ ហើយក៏ពុំមែនជាការប្រមូលផ្តុំតាមទំនើងចិត្តនៃការរំលោភលើច្បាប់ក្នុងគោលបំណង ដើម្បីគ្រាន់តែបំពាក់បំប៉នយើងឲ្យគោរពប្រតិបត្តិនោះទេ ។ បទបញ្ញត្តិទាំងនេះផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យើងស្តីពីភាពជាព្រះ ការត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌យើងវិញ និងការទទួលអំណរដ៏យូរអង្វែង ។ ការគោរពប្រតិបត្តិតាមបញ្ញត្តិទ្រង់ពុំមែនជាទង្វើល្ងិតល្ងង់ទេ យើងជ្រើសរើសព្រះ និងផ្លូវរបស់ទ្រង់ដោយចេតនាត្រឡប់ទៅផ្ទះវិញ ។ លំនាំសម្រាប់ពួកយើងគឺដូចគ្នាទៅនឹងលំនាំសម្រាប់អ័ដាម និងអេវ៉ា ដែល « ព្រះទ្រង់ប្រទានបញ្ញត្តិទាំងឡាយដល់គេ បន្ទាប់ពីបានប្រាប់ឲ្យគេដឹងនូវផែនការនៃសេចក្ដីប្រោសលោះ » ។ ទោះបីជាព្រះសព្វព្រះទ័យឲ្យយើងនៅលើផ្លូវនៃសេចក្តីសញ្ញាក្តី ទ្រង់ប្រទានដល់យើងនូវសេចក្តីថ្លៃថ្នូរនៃការជ្រើសរើស ។
ប្រាកដណាស់ ព្រះសព្វព្រះទ័យ រំពឹងទុក និងត្រាស់បង្គាប់ថា បុត្រាបុត្រីម្នាក់ៗរបស់ទ្រង់ជ្រើសរើសសម្រាប់ខ្លួនពួកគេផ្ទាល់ ។ ទ្រង់នឹងមិនបង្ខំយើងឡើយ ។ តាមរយៈអំណោយទាននៃសិទ្ធិជ្រើសរើស ព្រះអនុញ្ញាតឲ្យបុត្រាបុត្រីទ្រង់ « ធ្វើសកម្មភាពដោយខ្លួនឯង ហើយពុំមែនទទួលសកម្មភាពទេ » ។ សិទ្ធិជ្រើសរើសអនុញ្ញាតឲ្យយើងជ្រើសរើសដើរ ឬមិនដើរនៅលើផ្លូវនេះ ។ សិទ្ធិជ្រើសរើសអនុញ្ញាតឲ្យយើងដើរចេញ ឬដើរលើផ្លូវនេះ ។ ដូចគ្នានេះដែរ យើងមិនត្រូវបានបង្ខំឲ្យគោរពតាម ហើយយើងក៏មិនត្រូវបានបង្ខំមិនឲ្យគោរពតាមដែរ ។ គ្មាននរណាម្នាក់អាចយកយើងចេញពីផ្លូវនេះឡើយ ប្រសិនបើយើងមិនចូលដៃចូលជើងដើម្បីចេញពីផ្លូវនេះ ។ ( ឥឡូវនេះ សូមកុំច្រឡំជាមួយអស់អ្នកដែលត្រូវបានគេរំលោភបំពានលើសិទ្ធិជ្រើសរើសឲ្យសោះ ។ ពួកគេពុំចេញពីផ្លូវឡើយ ពួកគេគឺជាជនរងគ្រោះ ។ ពួកគេទទួលការយល់ដឹង សេចក្ដីស្រឡាញ់ និងក្តីអាណិតអាសូររបស់ព្រះ ) ។
ប៉ុន្តែ ពេលយើងចេញពីផ្លូវនេះ ព្រះមានព្រះទ័យព្រួយ ដោយសារទ្រង់ជ្រាបថា នៅទីបំផុតវានឹងនាំទៅរកភាពអពមង្គល និងការបាត់បង់ពរជ័យដោយចៀសមិនរួច ។ នៅក្នុងព្រះគម្ពីរ ការចេញពីផ្លូវនេះគឺសំដៅទៅលើអំពើបាប ហើយលទ្ធផលនៃការពុំសូវមានសុភមង្គល និងបាត់បង់ពរជ័យគឺត្រូវបានហៅថាការដាក់ទណ្ឌកម្ម ។ ក្នុងន័យនេះ ព្រះពុំដាក់ទណ្ឌកម្មយើងទេ ទណ្ឌកម្មគឺជាលទ្ធផលនៃជម្រើសផ្ទាល់របស់យើង ពុំមែនជម្រើសរបស់ទ្រង់ទេ ។
នៅពេលយើងដឹងថា យើងធ្លាក់ចេញពីផ្លូវ នោះយើងអាចបន្តនៅក្រៅផ្លូវ ឬដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរើសដើរត្រឡប់ក្រោយ ហើយត្រឡប់មកលើផ្លូវវិញ ។ នៅក្នុងព្រះគម្ពីរ ដំណើរការនៃការសម្រេចចិត្តដើម្បីផ្លាស់ប្តូរ និងត្រឡប់ទៅលើផ្លូវវិញគឺត្រូវបានហៅថាការប្រែចិត្ត ។ ការមិនប្រែចិត្តមានន័យថា យើងជ្រើសដកគុណសម្បត្តិចេញពីខ្លួនយើងក្នុងការទទួលពរជ័យដែលព្រះសព្វព្រះទ័យប្រទានដល់យើង ។ ប្រសិនបើយើង « មិនព្រមត្រេកអរចំពោះអ្វី ដែល [ យើង ] អាចទទួលបាន » នោះយើងនឹង « វិលទៅ…កន្លែង [ របស់យើង ] វិញ ដើម្បីត្រេកអរចំពោះអ្វីដែល [ យើង ] ព្រមទទួល » —ជាជម្រើសរបស់យើង ពុំមែនជម្រើសរបស់ព្រះឡើយ ។
មិនថាយើងធ្លាក់ចេញពីផ្លូវនេះយូរប៉ុណ្ណា ឬរសាត់ព្រាត់ឆ្ងាយប៉ុណ្ណាទេ នៅគ្រាណាដែលយើងសម្រេចចិត្តដើម្បីផ្លាស់ប្តូរ នោះព្រះជួយយើងឲ្យត្រឡប់មកវិញ ។ តាមទស្សនៈរបស់ព្រះ តាមរយៈការប្រែចិត្តដោយស្មោះសរ ហើយខិតខំជឿនទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ នៅពេលយើងបានត្រឡប់មកលើផ្លូវនេះវិញ នោះយើងហាក់ដូចជាមិនដែលធ្លាក់ចេញពីផ្លូវនេះឡើយ ។ ព្រះអង្គសង្គ្រោះបង់ថ្លៃសម្រាប់អំពើបាបយើង ហើយរំដោះយើងចេញពីការពុំសូវមានសុភមង្គល និងពរជ័យ ។ នៅក្នុងព្រះគម្ពីរការណ៍នេះត្រូវបានហៅថាការអភ័យទោស ។ បន្ទាប់ពីបុណ្យជ្រមុជទឹករួច សមាជិកទាំងអស់បានរអិលចេញពីផ្លូវ—មានពួកយើងខ្លះថែមទាំងលោតចេញពីផ្លូវនេះទៀតផង ។ ហេតុដូច្នោះហើយ ការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួលជំនួយពីទ្រង់ និងការត្រូវបានអភ័យទោសពុំមែនជាព្រឹត្តិការណ៍តែម្តងនោះទេ ប៉ុន្តែជាដំណើរការយូរអង្វែង ជាដំណើរការដែលកើតឡើងច្រំដែល និងដដែលៗ ។ នេះជារបៀបដែលយើង « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។
យើងត្រូវរើសព្រះដែលយើងនឹងបម្រើ ។ សុភមង្គលអស់កល្បជានិច្ចដ៏ធំធេងរបស់យើងអាស្រ័យទៅលើការរើសយកព្រះដែលមានព្រះជន្មរស់ ហើយចូលរួមនឹងទ្រង់ក្នុងកិច្ចការរបស់ទ្រង់ ។ នៅពេលយើងព្យាយាម « រៀន » ដោយខ្លួនយើងផ្ទាល់ នោះយើងអនុវត្តការប្រើសិទ្ធិជ្រើសរើសរបស់យើងដោយត្រឹមត្រូវ ។ ដូចអតីតប្រធានសមាគមសង្គ្រោះទូទៅពីររូបបានថ្លែងថា យើងពុំគួរធ្វើជា « ក្មេងដែលត្រូវការការលួងលោម និងការកែតម្រូវគ្រប់ពេលនោះទេ » ។ អត់ទេ ព្រះសព្វព្រះទ័យយើងឲ្យក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំ និងគ្រប់គ្រងខ្លួនយើងបាន ។
ការជ្រើសរើសដើម្បីធ្វើតាមផែនការព្រះវរបិតាគឺជាផ្លូវតែមួយគត់ ដែលយើងអាចក្លាយជាអ្នកទទួលមរតកនៅក្នុងនគរទ្រង់ មានតែផ្លូវនេះទេ ដែលអាចឲ្យទ្រង់ទុកព្រះទ័យលើយើង ដើម្បីមិនឲ្យយើងសូមនូវអ្វីដែលផ្ទុយនឹងព្រះទ័យរបស់ទ្រង់ ។ ប៉ុន្តែយើងត្រូវចាំថា « គ្មានមនុស្សណាពិបាកបង្រៀនជាងក្មេងដែលគិតថា ពួកគេដឹងអ្វីៗគ្រប់យ៉ាងនោះទេ » ។ ដូច្នេះយើងត្រូវមានឆន្ទៈទទួលការបង្រៀននៅក្នុងរបៀបរបស់ព្រះអម្ចាស់ តាមរយៈព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ ។ យើងអាចទុកចិត្តថា យើងជាបុត្រាបុត្រីសំណព្វរបស់ព្រះមាតាបិតាសួគ៌យើង ហើយមានតម្លៃដើម្បីឲ្យគេ « បង្រៀន » ហើយត្រូវប្រាកដថា « ដោយខ្លួនយើងផ្ទាល់ » ពុំមែនមានន័យថា « ឯកោ » នោះទេ ។
ដូចព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនបានថ្លែង នោះខ្ញុំសូមថ្លែងជាមួយលោកថា ៖
« ហេតុដូច្នេះហើយ ចូររីករាយក្នុងចិត្តឡើង ហើយចូរចងចាំថា អ្នករាល់គ្នាបានសេរីភាព ដើម្បីធ្វើអ្វីៗសម្រាប់ខ្លួនឯង—គឺដើម្បីរើសយកផ្លូវទៅឯសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ឬក៏ផ្លូវទៅឯជីវិតដ៏នៅអស់កល្បជានិច្ចវិញ ។
ហេតុដូច្នោះហើយ ឱបងប្អូនប្រុស [ ស្រី ] ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរសម្រុះសម្រួលខ្លួនទៅតាមបំណងនៃព្រះ ហើយមិនមែនតាមបំណងនៃអារក្ស…ហើយចូរចងចាំថា បន្ទាប់ពីបងប្អូនរាល់គ្នាបានស្រុះស្រួលជាមួយនឹងព្រះហើយនោះ គឺមានតែដោយសារ និងតាមរយៈព្រះគុណរបស់ព្រះប៉ុណ្ណោះ ដែលបងប្អូនរាល់គ្នាបានសង្គ្រោះ » ។
ដូច្នេះ សូមជ្រើសរើសមានជំនឿលើព្រះគ្រីស្ទ ជ្រើសការប្រែចិត្ត ជ្រើសទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ជ្រើសរៀបចំខ្លួនដោយមានមនសិការ ហើយទទួលទានសាក្រាម៉ង់ដោយស័ក្តិសម ជ្រើសរើសចុះសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ហើយជ្រើសបម្រើព្រះដ៏មានព្រះជន្មរស់ និងបុត្រាបុត្រីរបស់ទ្រង់ ។ ជម្រើសរបស់យើងនឹងកំណត់អំពីខ្លួនយើង និងអ្វីដែលយើងនឹងប្រែក្លាយ ។
ខ្ញុំសូមបញ្ចប់ជាមួយនឹងពរជ័យទាំងអស់របស់យ៉ាកុបថា ៖ « ហេតុដូច្នោះហើយ សូមព្រះទ្រង់ប្រោសឲ្យអ្នករាល់គ្នារស់ពី…សេចក្ដីស្លាប់ដ៏អស់កល្បជានិច្ចដោយអំណាចនៃដង្វាយធួន ដើម្បីឲ្យអ្នករាល់គ្នាអាចបានទទួលចូលក្នុងនគរដ៏អស់កល្បជានិច្ចនៃព្រះ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។