រួមមកតែមួយនៅក្នុងព្រះគ្រីស្ទ
ដៃគូជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់អើយ ខ្ញុំជឿថា យើងអាចធ្វើបានកាន់តែប្រសើរឡើង ហើយយើងគួរតែធ្វើឲ្យបានប្រសើរឡើងនៅក្នុងការស្វាគមន៍មិត្តភក្តិថ្មីដែលចូលមកសាសនាចក្រ ។
សាយ័ណ្ហសួស្តី បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ។ យើងនិយាយពាក្យនេះជាភាសាព័រទុយហ្គាយប្រេស៊ីលថា « Boa tarde ! » ខ្ញុំទទួលអារម្មណ៍ថា មានពរដើម្បីជួបប្រជុំជាមួយបងប្អូននៅក្នុងសន្និសីទទូទៅដ៏អស្ចារ្យនេះ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្រោមការដឹកនាំរបស់ព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំមានក្តីអស្ចារ្យចំពោះឱកាសដ៏ប្រពៃដែលយើងម្នាក់ៗមាន ដើម្បីស្តាប់សំឡេងនៃព្រះអម្ចាស់ តាមរយៈអ្នកបម្រើទ្រង់នៅលើផែនដីនៅថ្ងៃចុងក្រោយ ដែលយើងកំពុងរស់នៅនេះ ។
នៅប្រេស៊ីលជាប្រទេសកំណើតរបស់ខ្ញុំមាននូវធនធានធម្មជាតិសម្បូរហូរហៀរណាស់ ។ ធនធានមួយដ៏ល្បីល្បាញនោះគឺទន្លេអាម៉ាស្សូន ជាទន្លេមួយដែលធំ ហើយវែងជាងគេបំផុតនៅលើពិភពលោក ។ វាបង្កើតឡើងដោយទន្លេពីរដាច់ដោយឡែកពីគ្នាគឺទន្លេសូលីម័អេស និងទន្លេណេហ្គ្រូ ។ គួរឲ្យចាប់អារម្មណ៍ណាស់ ទន្លេទាំងពីរហូររួមគ្នាអស់រយៈចម្ងាយជាច្រើនគីឡូម៉ែត្រពីមុនទឹកទន្លេនោះលាយចូលគ្នា ដោយសារទន្លេទាំងនោះមានប្រភពដើម ល្បឿន សីតុណ្ហភាព និងសមាសធាតុគីមីផ្សេងពីគ្នាខ្លាំងណាស់ ។ បន្ទាប់ពីហូរអស់រយៈចម្ងាយជាច្រើនគីឡូម៉ែត្រ ទើបទឹកទន្លេនោះលាយចូលជាមួយគ្នា ក្លាយជាទន្លេមួយផ្សេងពីប្រភពដើមនៃទន្លេនីមួយៗ ។ បន្ទាប់ពីផ្នែកនៃទន្លេទាំងនេះរួមចូលគ្នា នោះទន្លេអាម៉ាស្សូនប្រែជាមានកម្លាំងខ្លាំង ដែលនៅពេលវាហូរទៅដល់មហាសមុទ្រអាត្លង់ទិច នោះវាហូរច្រាលចូលទៅក្នុងទឹកសមុទ្រ ដូច្នេះគេអាចនៅតែឃើញទឹកសាបជាច្រើនគីឡូម៉ែត្រនៅក្នុងមហាសមុទ្រនោះ ។
ស្រដៀងគ្នាទៅនឹងទន្លេសូលីម័អេស និងទន្លេណេហ្គ្រូហូរជាមួយគ្នា ដើម្បីបង្កើតបានជាទន្លេអាម៉ាស្សូនដ៏ធំដែរ នោះបុត្រាបុត្រីរបស់ព្រះដែលមានប្រវត្តិសង្គម ប្រពៃណី និងវប្បធម៌ផ្សេងៗគ្នា មករួមគ្នានៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ បង្កើតបានជាសហគមន៍ពួកបរិសុទ្ធដ៏អស្ចារ្យនៅក្នុងព្រះគ្រីស្ទ ។ ទីបំផុត នៅពេលយើងលើកទឹកចិត្ត គាំទ្រ ហើយស្រឡាញ់គ្នាទៅវិញទៅមក នោះយើងរួមគ្នាបង្កើតបានជាកម្លាំងដ៏អស្ចារ្យមួយសម្រាប់សេចក្តីល្អនៅក្នុងពិភពលោកនេះ ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ការហូរចូលគ្នាតែមួយនៅក្នុងទន្លេនៃសេចក្ដីល្អនេះ យើងនឹងអាចផ្តល់ « ទឹកសាប » នៃដំណឹងល្អដល់ពិភពលោកដែលស្រេកទឹកនេះ ។
ព្រះអម្ចាស់បានបំផុសគំនិតដល់ពួកព្យាការីទ្រង់ ឲ្យបង្រៀនយើងអំពីរបៀបដែលយើងអាចគាំទ្រ និងស្រឡាញ់គ្នាទៅវិញទៅមក ដូច្នេះយើងអាចមានភាពសាមគ្គីគ្នានៅក្នុងសេចក្តីជំនឿ និងគោលបំណងក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលសាវកក្នុងព្រះគម្ពីរសញ្ញាថ្មីបានបង្រៀនថា អស់អ្នកដែល « បានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ… ៖ ពីព្រោះអ្នករាល់គ្នាទាំងអស់ រួមមកតែមួយនៅក្នុងព្រះគ្រីស្ទយេស៊ូវ » ។
ពេលយើងសន្យានៅពិធីបុណ្យជ្រមុជទឹកដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ នោះយើងធ្វើជាសាក្សីចំពោះព្រះវរបិតាថា យើងព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ ។ ពេលយើងព្យាយាមទទួលបានលក្ខណៈនៃភាពជាព្រះរបស់ទ្រង់នៅក្នុងជីវិតយើងនោះយើងក្លាយជាមនុស្សផ្សេងពីមុន តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទជាអម្ចាស់ ហើយសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សទាំងអស់នឹងកើនឡើងយ៉ាងងាយ ។ យើងមានកង្វល់ចំពោះសុខុមាលភាព និងសុភមង្គលចំពោះមនុស្សគ្រប់គ្នាដោយស្មោះ ។ យើងចាត់ទុកគ្នាថា ជាបងប្អូនប្រុសស្រីនឹងគ្នា ថាជាបុត្រាបុត្រីនៃព្រះដែលមានប្រភព លក្ខណៈ និងសក្តានុពលនៃភាពជាព្រះ ។ យើងមានបំណងមើលថែគ្នាទៅវិញទៅមក ហើយទទួលបន្ទុកគ្នាទៅវិញទៅមក ។
នេះគឺជាអ្វីដែលប៉ុលបានពិពណ៌នាថាជាសេចក្តីសប្បុរស ។ មរមនព្យាការីនៅក្នុងព្រះគម្ពីរមរមន បានពិពណ៌នាអំពីសេចក្តីសប្បុរសថា ជា « សេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ដែលជាសេចក្តីស្រឡាញ់ដ៏ប្រសើរបំផុត ថ្លៃថ្នូរបំផុត និងខ្លាំងក្លាបំផុត ។ ព្យាការីបច្ចុប្បន្នរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីការបើកសម្តែងថ្មីៗស្តីពីសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទនេះថា ជាការងារបម្រើ ដែលជាមធ្យោបាយមួយកាន់តែផ្តោតចិត្តទុកដាក់ និងកាន់តែបរិសុទ្ធ ដើម្បីស្រឡាញ់ និងមើលថែដល់បុគ្គលដទៃទៀត ដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។
ចូរយើងពិចារណាអំពីគោលការណ៍នេះស្តីពីសេចក្តីស្រឡាញ់ និងការមើលថែ ដូចព្រះអង្គសង្គ្រោះបានធ្វើ នៅក្នុងបរិបទនៃការលើកទឹកចិត្ត ការជួយ និងការគាំទ្រដល់អស់អ្នកដែលទើបប្រែចិត្តជឿថ្មី និងអស់អ្នកដែលចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍នៅក្នុងការចូលរួមការបម្រើនៃសាសនាចក្រយើង ។
ពេលមិត្តភក្តិថ្មីទាំងនេះចេញពីលោកិយ ហើយឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ចូលរួមសាសនាចក្រទ្រង់ នោះពួកគេក្លាយជាពួកសិស្សទ្រង់ បានកើតម្តងទៀតតាមរយៈទ្រង់ ។ ពួកគេទុកពិភពមួយដែលពួកគេបានស្គាល់យ៉ាងច្បាស់មួយអន្លើ ហើយជ្រើសដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយបំណងចិត្តដ៏ពោរពេញ ចូលរួមក្នុង « ទន្លេ » ថ្មីមួយ ដូចជាទន្លេអាម៉ាស្សូនដ៏អស្ចារ្យ—ជាទន្លេដែលឥទ្ធិពលនៃសេចក្តីអង់អាចស្តីពីសេចក្តីល្អ និងសេចក្តីសុចរិតដែលហូរឆ្ពោះទៅកាន់វត្តមានរបស់ព្រះ ។ សាវកពេត្រុសពិពណ៌នាអំពីវាថាជា « ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » ។ នៅពេលមិត្តភក្តិថ្មីទាំងនេះចូលទៅក្នុងទន្លេថ្មី និងមិនស្គាល់នេះ ពួកគេអាចមានអារម្មណ៍ថា វង្វេងនៅគ្រាដំបូង ។ មិត្តភក្ដិថ្មីទាំងនេះឃើញថា ពួកគេលាយខ្លួនចូលទៅក្នុងទន្លេមួយជាមួយនឹងប្រភពដើម សីតុណ្ហភាព និងសមាសធាតុគីមីពិសេស—ជាទន្លេដែលមានប្រពៃណី វប្បធម៌ និងវាក្យសព្ទផ្ទាល់របស់វា ។ ជីវិតថ្មីនេះនៅក្នុងព្រះគ្រីស្ទហាក់ដូចជាស្មុគស្មាញចំពោះពួកគេ ។ សូមគិតបន្តិចអំពីរបៀបដែលពួកគេអាចគិត ពេលពួកគេឮពាក្យដូចជា « រាត្រីជួបជុំក្រុមគ្រួសារ », « គណៈកម្មការយុវវ័យនៃគណៈប៊ីស្សព », « សប្តាហ៍តមអាហារ », « បុណ្យជ្រមុជទឹកសម្រាប់មរណជន », « បណ្តុំព្រះគម្ពីរ » ជាដើម ។
វាងាយស្រួលដើម្បីឃើញពីមូលហេតុដែលពួកគេអាចមានអារម្មណ៍ថា ពួកគេមិនមែនជាសមាជិកទេ ។ នៅក្នុងស្ថានភាពដូចនេះ ពួកគេអាចសួរខ្លួនឯងថា « តើមានកន្លែងមួយសម្រាប់ខ្ញុំនៅទីនេះឬទេ ? តើខ្ញុំស័ក្តិសមនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ? តើសាសនាចក្រត្រូវការខ្ញុំដែរឬទេ ? តើខ្ញុំនឹងរកបានមិត្តភក្តិថ្មីដែលព្រមជួយ និងគាំទ្រខ្ញុំដែរឬទេ ?
មិត្តភក្ដិជាទីស្រឡាញ់របស់ខ្ញុំ នៅក្នុងគ្រាដូចនោះ ពួកយើងដែលស្ថិតនៅលើចំណុចផ្សេងៗគ្នានៃដំណើរដ៏វែងស្តីពីភាពជាសិស្ស ត្រូវឈោងដៃដ៏កក់ក្តៅនៃការរាប់អានទៅដល់មិត្តភក្តិថ្មីរបស់យើង ទទួលពួកគេទោះបីពួកគេជានរណាក៏ដោយ ហើយជួយ ស្រឡាញ់ និងបញ្ចូលពួកគេមកក្នុងជីវិតរបស់យើង ។ មិត្តភក្ដិថ្មីទាំងអស់នេះគឺជាបុត្រាបុត្រីដ៏មានតម្លៃរបស់ព្រះ ។ វាសំខាន់ណាស់ដែលយើងមិនត្រូវឲ្យបាត់បង់សូម្បីតែម្នាក់ឡើយ ដោយសារដូចជាទន្លេអាម៉ាស្សូនដែលពឹងផ្អែកលើដៃទន្លេដែលហូរចូលមកក្នុងវាដែរ នោះយើងត្រូវការពួកគេយ៉ាងខ្លាំងដូចពួកគេត្រូវការយើងផងដែរ ដើម្បីក្លាយជាកម្លាំងដ៏មហិទ្ធិឬទ្ធសម្រាប់សេចក្តីល្អនៅក្នុងពិភពលោក ។
មិត្តភក្ដិថ្មីរបស់យើងនាំមកនូវទេពកោសល្យដែលព្រះបានប្រទានឲ្យ ក្តីរំភើប និងសេចក្តីល្អជាមួយពួកគេ ។ ក្តីរំភើបរបស់ពួកគេចំពោះដំណឹងល្អអាចរីកសុះសាយ តាមរយៈរឿងនោះអាចជួយយើងធ្វើឲ្យទីបន្ទាល់របស់យើងស្រស់ស្រាយឡើងវិញ ។ ពួកគេក៏នាំមកនូវទស្សនវិស័យថ្មីៗមកកាន់ការយល់ដឹងរបស់យើងស្តីពីជីវិត និងដំណឹងល្អ ។
យើងត្រូវបានបង្រៀនជាយូរមកហើយ អំពីរបៀបដែលយើងអាចជួយមិត្តភក្តិថ្មីរបស់យើងឲ្យទទួលអារម្មណ៍ថា គាត់មានគេស្វាគមន៍ មានគេស្រឡាញ់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ ពួកគេត្រូវការចំណុចបីយ៉ាង ដើម្បីពួកគេអាចបន្តនៅរឹងមាំ និងស្មោះត្រង់អស់មួយជីវិតពួកគេ ៖
ទីមួយ ពួកគេត្រូវបងប្អូនប្រុសស្រីនៅក្នុងសាសនាចក្រ ដែលចាប់អារម្មណ៍លើពួកគេដោយស្មោះសរ ជាមិត្តពិត និងស្មោះត្រង់ដែលពួកគេនឹងងាកទៅរកជានិច្ច ជាអ្នកដែលនឹងដើរនៅក្បែរពួកគេ និងជាអ្នកដែលនឹងឆ្លើយសំណួររបស់ពួកគេ ។ ក្នុងនាមជាសមាជិក យើងគួរតែយកចិត្តទុកដាក់ ហើយរកមើលមនុស្សថ្មីៗជានិច្ច នៅពេលចូលរួមសកម្មភាព និងការប្រជុំនៅព្រះវិហារ ទោះបីយើងមានការទទួលខុសត្រូវ ការចាត់តាំង ឬមានកង្វល់បែបណាក៏ដោយ ។ យើងអាចធ្វើកិច្ចការសាមញ្ញៗដើម្បីជួយមិត្តភក្តិថ្មីទាំងនេះ ឲ្យទទួលអារម្មណ៍នៃការឱបក្រសោប និងការស្វាគមន៍នៅក្នុងសាសនាចក្រ ដូចជាការស្វាគមន៍យ៉ាងកក់ក្តៅ ស្នាមញញឹមដោយស្មោះសរចំពោះពួកគេ អង្គុយច្រៀង និងថ្វាយបង្គំជាមួយគ្នា ហើយណែនាំពួកគេឲ្យសមាជិកផ្សេងទៀតស្គាល់ជាដើម ។ នៅពេលយើងបើកដួងចិត្តរបស់យើងចំពោះមិត្តភក្តិថ្មីរបស់យើងនៅក្នុងរបៀបមួយចំនួនទាំងនេះ នោះយើងកំពុងអនុវត្តស្មារតីនៃការងារបម្រើ ។ នៅពេលយើងផ្តល់ការងារបម្រើដល់ពួកគេដូចព្រះអង្គសង្គ្រោះបានធ្វើ នោះពួកគេគ្មានអារម្មណ៍ថា « ជាជនចម្លែកនៅក្នុងព្រះវិហារយើងឡើយ » ។ ពួកគេនឹងទទួលអារម្មណ៍ថា ពួកគេអាចចុះចំណោម ហើយរាប់អានមិត្តភក្តិថ្មី ហើយសំខាន់បំផុតនោះ ពួកគេនឹងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ តាមរយៈការមើលថែដ៏ស្មោះស្ម័គ្ររបស់យើង ។
ទីពីរ មិត្តភក្ដិថ្មីត្រូវការការចាត់តាំងមួយ—ឱកាសដើម្បីបម្រើដល់មនុស្សដទៃ ។ ការបម្រើគឺជាទេសកោសល្យមួយដ៏អស្ចារ្យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ វាជាដំណើរការមួយដែលធ្វើឲ្យសេចក្តីជំនឿរបស់យើងរីកចម្រើនកាន់តែខ្លាំង ។ មិត្តភក្ដិថ្មីគ្រប់រូបសមនឹងទទួលបាននូវឱកាសនោះ ។ ដោយសារតែប៊ីស្សព និងក្រុមប្រឹក្សាវួដមានការទទួលខុសត្រូវផ្ទាល់ ដើម្បីផ្តល់ការចាត់តាំងភ្លាម បន្ទាប់ពីបុណ្យជ្រមុជទឹករបស់ពួកគេ នោះគ្មានអ្វីដែលរារាំងយើងក្នុងនាមជាសមាជិកពីការអញ្ជើញមិត្តភក្តិរបស់យើង ឲ្យជួយយើងបម្រើមនុស្សដទៃក្រៅផ្លូវការ ឬតាមរយៈគម្រោងបម្រើនានាឡើយ ។
ទីបី មិត្តភក្ដិថ្មីត្រូវតែបាន « បីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ។ យើងអាចជួយពួកគេឲ្យស្រឡាញ់ ហើយស្គាល់ព្រះគម្ពីរ នៅពេលយើងអាន និងពិភាក្សាការបង្រៀនជាមួយពួកគេ ផ្តល់បរិបទទៅនឹងរឿងនានា ហើយពន្យល់ពាក្យពិបាកៗ ។ យើងអាចបង្រៀនពួកគេអំពីរបៀបទទួលការណែនាំផ្ទាល់ខ្លួន តាមរយៈការសិក្សាព្រះគម្ពីរជាទៀងទាត់ ។ ក្រៅពីនោះ យើងអាចឈោងទៅជួយមិត្តភក្តិថ្មីរបស់យើងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ហើយអញ្ជើញពួកគេមកផ្ទះរបស់យើង នៅគ្រាផ្សេងៗក្រៅពីកាលវិភាគប្រជុំ និងសកម្មភាពសាសនាចក្រជាទៀងទាត់របស់យើង ដោយជួយពួកគេឲ្យលាយបញ្ចូលខ្លួនគេទៅក្នុងទន្លេដ៏ធំនៃសហគមន៍ពួកបរិសុទ្ធ ។
ការទទួលស្គាល់នូវការសម្របខ្លួន និងឧបសគ្គនានារបស់មិត្តភក្តិថ្មីយើងនៅក្នុងការក្លាយជាសមាជិកនៃគ្រួសារព្រះ ដូចជាបងប្អូនប្រុសស្រីរបស់យើង នោះយើងអាចចែកចាយរបៀបដែលយើងយកឈ្នះលើឧបសគ្គស្រដៀងគ្នានោះនៅក្នុងជីវិតរបស់ពួកយើង ។ ការណ៍នេះនឹងជួយពួកគេឲ្យដឹងថា ពួកគេពុំឯកោឡើយ ហើយថា ព្រះនឹងប្រទានពរដល់ពួកគេ នៅពេលពួកគេអនុវត្តសេចក្តីជំនឿលើការសន្យារបស់ទ្រង់ ។
នៅពេលទន្លេសូលីម័អេស និងទន្លេណេហ្គ្រូហូរចូលគ្នា នោះទន្លេអាម៉ាស្សូនក្លាយជាទន្លេដ៏ធំ ហើយខ្លាំង ។ នៅក្នុងរបៀបដូចគ្នានេះ ពេលយើង និងមិត្តភក្តិថ្មីរបស់យើងពិតជារួមបញ្ចូលគ្នា នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញប្រែកាន់តែរឹងមាំ និងខ្ជាប់ខ្ជួនឡើង ។ ភរិយាជាទីស្រឡាញ់របស់ខ្ញុំ រ៉ូសាណា និងខ្ញុំមានអំណរគុណដល់អស់អ្នកដែលបានជួយពួកយើង ឲ្យលាយបញ្ចូលខ្លួនយើងទៅក្នុងទន្លេថ្មីនេះកាលពីច្រើនឆ្នាំកន្លងទៅ ពេលយើងឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងប្រទេសកំណើតរបស់យើងនៅប្រេស៊ីល ។ អស់រយៈពេលជាច្រើនឆ្នាំនោះ មនុស្សអស្ចារ្យទាំងនេះបានផ្តល់ការងារបម្រើយ៉ាងពិតប្រាកដដល់ពួកយើង ហើយបានជួយយើងឲ្យបន្តហូរទៅក្នុងសេចក្តីសុចរិត ។ ពួកយើងអរគុណយ៉ាងខ្លាំងចំពោះពួកលោក ។
ពួកព្យាការីនៅក្នុងអឌ្ឍគោលខាងលិចបានដឹងយ៉ាងច្បាស់អំពីរបៀបរក្សាមិត្តភក្តិថ្មីឲ្យហូររួមគ្នាដោយស្មោះត្រង់ទៅក្នុងទន្លេនៃសេចក្តីល្អថ្មីនេះឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។ ឧទាហរណ៍ ការមើលឃើញជំនាន់របស់យើង និងការដឹងថា យើងនឹងប្រឈមមុខនឹងឧបសគ្គស្រដៀងគ្នានេះ មរ៉ូណៃបានបញ្ចូលនូវជំហានសំខាន់ទាំងនោះទៅក្នុងការសរសេររបស់លោកក្នុងព្រះគម្ពីរមរមន ៖
« ហើយបន្ទាប់ពីពួកគេបានទទួលចំពោះបុណ្យជ្រមុជទឹក ហើយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើ ហើយលាងជម្រះ នោះពួកគេត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ ហើយឈ្មោះរបស់ពួកគេត្រូវបានយកទៅ ដើម្បីឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ ដើម្បីឲ្យពួកគេចាំយាមក្នុងការអធិស្ឋានជានិច្ច ដោយពឹងផ្អែកទៅលើតែព្រះគុណនៃព្រះគ្រីស្ទ ដែលជាមេផ្ដើម ហើយជាមេសម្រេចនូវសេចក្ដីជំនឿរបស់ពួកគេ ។
ហើយសាសនាចក្របានជួបជុំគ្នាជាញឹកញាប់ ដើម្បីតមអាហារ ហើយអធិស្ឋាន ហើយពិគ្រោះគ្នាទៅវិញទៅមក អំពីសុខុមាលភាពដល់ព្រលឹងពួកគេ » ។
ដៃគូជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់អើយ ខ្ញុំជឿថា យើងអាចធ្វើបានកាន់តែប្រសើរឡើង ហើយយើងគួរតែធ្វើឲ្យបានប្រសើរឡើងនៅក្នុងការស្វាគមន៍មិត្តភក្តិថ្មីដែលចូលមកសាសនាចក្រ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីកាន់តែឱបក្រសោប កាន់តែទទួលយក ហើយកាន់តែជាជំនួយដល់ពួកគេ ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយនេះតទៅ ។ ចូរប្រុងប្រយ័ត្នកុំឲ្យការចាត់តាំងនៃសាសនាចក្ររបស់អ្នក រារាំងអ្នកពីការស្វាគមន៍មិត្តភក្តិថ្មីនៅឯការប្រជុំ និងសកម្មភាពសាសនាចក្រឡើយ ។ លើសពីអ្វីៗទាំងអស់ ព្រលឹងទាំងនេះមានតម្លៃនៅចំពោះព្រះនេត្រព្រះ ហើយមានសារៈសំខាន់ខ្លាំងជាងកម្មវិធី និងសកម្មភាពនានាទៅទៀត ។ ប្រសិនបើយើងផ្តល់ការងារបម្រើដល់មិត្តភក្តិថ្មីរបស់យើងដោយដួងចិត្តដែលពោរពេញដោយសេចក្តីស្រឡាញ់ដ៏សុទ្ធសាធ ដូចព្រះអង្គសង្គ្រោះស្រឡាញ់ នោះខ្ញុំសូមសន្យានឹងអ្នកនៅក្នុងព្រះនាមទ្រង់ថា ទ្រង់នឹងជួយយើងនៅក្នុងការខិតខំរបស់យើង ។ ពេលយើងផ្តល់ការងារបម្រើដោយស្មោះត្រង់ដូចព្រះអង្គសង្គ្រោះបានធ្វើ នោះមិត្តភក្តិថ្មីរបស់យើងនឹងមានជំនួយដែលពួកគេត្រូវការ ដើម្បីបន្តនៅរឹងមាំ លះបង់ និងស្មោះត្រង់រហូតដល់ចុងបំផុត ។ ពួកគេនឹងចូលរួមជាមួយយើង នៅពេលយើងក្លាយជាមនុស្សដ៏ខ្លាំងនៃព្រះ ហើយនឹងជួយពួកយើងឲ្យនាំទឹកសាបទៅក្នុងពិភពលោកដែលត្រូវការយ៉ាងខ្លាំងនូវពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ បុត្រាបុត្រីរបស់ព្រះទាំងនេះ នឹងទទួលអារម្មណ៍ថា ពួកគេ « មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែមួយនឹងពួកបរិសុទ្ធ » ។ ខ្ញុំសូមសន្យានឹងអ្នកថា ពួកគេនឹងទទួលស្គាល់វត្តមានរបស់ព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទនៅក្នុងសាសនាចក្ររបស់ទ្រង់ផ្ទាល់ ។ ពួកគេនឹងបន្តហូរទៅជាមួយយើងជាទន្លេមួយទៅក្នុងប្រភពនៃសេចក្តីល្អទាំងអស់ រហូតដល់ពួកគេត្រូវបានទទួលដោយព្រះហស្តលាតសន្ធឹងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយពួកគេឮព្រះវរបិតាមានបន្ទូលថា « អ្នករាល់គ្នា នឹង មានជីវិតដ៏នៅអស់កល្បជានិច្ច » ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យស្វែងរកជំនួយរបស់ព្រះអម្ចាស់ ដើម្បីស្រឡាញ់មនុស្សដទៃដូចទ្រង់បានស្រឡាញ់បងប្អូន ។ ចូរយើងទាំងអស់គ្នាធ្វើតាមការទូន្មានរបស់មរមនថា ៖ « ហេតុដូច្នេះហើយ ឱបងប្អូន [ ទាំងប្រុសស្រី ] ដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ។ ខ្ញុំសូមថ្លែងទីបន្ទាល់នៃសេចក្ដីពិតទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។