ឆ្នាំ ២០១០-២០១៩
ភាព​សោក​សៅ​ដ៏​ទេវភាព
ខែ តុលា ឆ្នាំ ២០១៨


2:3

ភាព​សោក​សៅ​ដ៏​ទេវភាព

ភាព​សោក​សៅ​ដ៏​ទេវភាព​អាច​ដឹកនាំ​យើង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះឲ្យ​ធ្វើ​កិច្ចការ​ល្អ ហើយ​ថ្វាយ​ជីវិត​របស់​យើង​ចំពោះ​ទ្រង់​ដោយ​ចិត្ត​រាបសា ។

ពេល​ខ្ញុំ​នៅ​រៀន​ថ្នាក់​បឋម​សិក្សា យើង​មក​ផ្ទះ​តាម​ផ្លូវ​ក្រាល​ថ្ម​មួយ​ដែល​បត់​ចុះ​បត់​ឡើង​តាម​ជើង​ភ្នំ​មួយ ។ មាន​ផ្លូវ​មួយ​ទៀត​ដែល​គ្មាន​ក្រាល​ថ្ម វា​ត្រូវ​បាន​ហៅ​ថា « ផ្លូវ​របស់​ក្មេង​ប្រុស » ។ ផ្លូវ​របស់​ក្មេង​ប្រុស​គឺជា​ផ្លូវ​ដី​មួយ​ដែល​ឡើង​ត្រង់​ទៅ​លើ​ភ្នំ​នោះ ។ វា​មាន​ចម្ងាយ​ខ្លី​ជាង ប៉ុន្តែ​ចោទ​ខ្លាំង​ណាស់ ។ ក្នុង​នាម​ជា​ក្មេង​ស្រី​ម្នាក់ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ក៏​អាច​ដើរ​នៅ​លើ​ផ្លូវ​ណា​ដែល​ក្មេង​ប្រុស​ដើរ​បាន​ដែរ ។ សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ហើយ​ថា​ខ្ញុំ​ត្រូវ​ខិតខំ​ធ្វើ​រឿង​លំបាកៗ ដូចជា​ពួក​អ្នក​ត្រួស​ត្រាយ​ដែរ—ហើយ​ខ្ញុំ​ចង់​ត្រៀម​ខ្លួន​ទុក​ជា​មុន ។ ដូច្នេះ​ម្ដង​ម្កាល ខ្ញុំ​បាន​ដើរ​យឺតៗ​នៅ​លើ​ផ្លូវ​ក្រាល​ថ្ម​នោះ​ពី​ក្រោយ​មិត្ត​របស់​ខ្ញុំ រួច​បាន​ដោះ​ស្បែក​ជើង​ចេញ ហើយ​ដើរ​ដោយ​ជើង​ទទេរ​ឡើង​តាម​ផ្លូវ​របស់​ក្មេង​ប្រុស ។ ខ្ញុំ​បាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ជើង​របស់​ខ្ញុំ​រឹង​មាំ ។

ក្នុង​នាម​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ថ្នាក់​កុមារ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​រៀប​ចំខ្លួន ។ ឥឡូវនេះ ខ្ញុំ​ដឹង​ខុស​ពី​មុន ! ជាជាង​ដើរ​ដោយ​ជើង​ទទេរ​ឡើង​តាម​ផ្លូវ​ភ្នំ​នោះ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ត្រៀម​ជើង​របស់​ខ្ញុំ​ដើម្បី​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដោយ​ឆ្លើយតប​ចំពោះ​ការ​អញ្ជើញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ចំពោះ​ព្រះអម្ចាស់ វា​គឺជា​ការ​អំពាវ​នាវ​ដល់​យើង​ម្នាក់ៗ​ឲ្យ​រស់​នៅ ហើយ​មើល​ថែតាម​« របៀប​មួយ​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ » ហើយ​« កែ​លម្អ​បន្ថែម​ទៀត »​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

ការ​អំពាវ​នាវ​ដ៏​ព្យាករ​ឲ្យ​ធ្វើ​សកម្មភាព​ទាំង​នេះ បាន​រួមគ្នា​ជាមួយ​នឹង​សភាវគតិ​របស់​យើង​ថា យើង​អាច​ធ្វើ​បាន​ច្រើន​ថែម​ទៀត ពេល​ខ្លះ​វា​បង្កើត​នៅ​ក្នុង​ខ្លួន​យើង​នូវ​អ្វី​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ហៅ​ថា « ភាព​សោកសៅ​ដ៏​ទេវភាព » ។ ភាព​សោក​សៅ​ដ៏​ទេវភាព​កើតឡើង​ពេល​យើង​ប្រៀបធៀប « អ្វី​ដែល​ជា ខ្លួន​យើង [ ទៅ​នឹង ] អំណាច​ដែល​យើង​អាច ប្រែក្លាយ »  ប្រសិន​បើ​យើង​ស្មោះត្រង់ នោះ​យើង​ម្នាក់ៗ​នឹង​ដឹង​ពី​ចន្លោះ​រវាង​ភាពខ្លាំង និង​ភាពទន់ខ្សោយ​របស់​យើង​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​ពី​សមត្ថភាព និង​ប្រភេទ​មនុស្ស​ដែល​យើង​ចង់​ប្រែ​ក្លាយ ។ យើង​ទទូច​ចង់​បាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដែល​អស្ចារ្យ​ជាង ។ យើង​មាន​អារម្មណ៍​ទាំង​នេះ ពីព្រោះ​យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ដែល​កើត​មក​ដោយ​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ប៉ុន្តែ​គ្រាន់​តែ​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ទុច្ចរិត​ប៉ុណ្ណោះ ។ អារម្មណ៍​ទាំង​នេះ​បាន​មក​ពី​ព្រះ ហើយ​វា​បង្កើត​នូវ​ភាព​បន្ទាន់​មួយ​ដើម្បី​ធ្វើ​សកម្មភាព ។

យើង​គួរ​ស្វាគមន៍​អារម្មណ៍​នៃ​ភាព​សោកសៅ​ដ៏​ទេវភាព ដែល​ហៅ​យើង​ឲ្យ​ទៅ​កាន់​ផ្លូវ​ដ៏​ខ្ពស់​ជាង​មួយ តាម​រយៈ​ការស្គាល់ ហើយ​ចៀសវាង​ពី​ការ​ក្លែង​បន្លំ​របស់​សាតាំង—ជា​ការ​បាក់​ទឹក​ចិត្ត​ដែល​រាំង​ស្ទះ​ការ​រីកចម្រើន​របស់​យើង ។ នេះ​គឺ​ជា​ឱកាស​មួយ​ដ៏​មាន​តម្លៃ​ដែល​សាតាំង​ជំរុញ​ឲ្យ​យើង​កើត​មាន​អារម្មណ៍​នេះ​ជា​ញឹកញាប់ ។ យើង​អាច​ជ្រើស​ដើរ​លើ​ផ្លូវ​ដ៏​ខ្ពស់​ជាង ដែល​ដឹកនាំ​យើង​ឲ្យ​ស្វែង​រក​ព្រះ ព្រមទាំង​ភាព​សុខសាន្ត និង​ព្រះគុណ​របស់​ទ្រង់ ឬ​យើង​អាច​ស្ដាប់​តាម​សាតាំង​ដែល​បំពុល​យើង​ជាមួយ​នឹង​សារលិខិត​ថា យើង​នឹង​ពុំ​ល្អ​គ្រប់​គ្រាន់​ទេ ដូចជា ៖ ពុំ​សូវ​មាន ពុំ​សូវ​ឆ្លាត ពុំ​ស្អាត​គ្រប់​គ្រាន់​ឡើយ គឺ​យើង​គ្មាន​អ្វី​ល្អ​នោះទេ ។ ភាព​សោកសៅ​របស់​យើង​អាច​ជួយ​ពង្រឹង​យើង​ឲ្យ​កែលម្អ—ឬ​ក៏​បំផ្លាញ​យើង ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

វិធី​មួយ​ដើម្បី​ស្គាល់​ភាព​សោក​សៅ​ដ៏​ទេវភាព​ពី​ការ​ក្លែង​បន្លំ​របស់​សាតាំ​គឺថា វា​ដឹក​នាំ​យើង​ទៅរក​សកម្មភាព​ដ៏​ស្មោះត្រង់ ។ ភាព​សោក​សៅ​ដ៏​ទេវភាព​ពុំ​មែន​ជា​ការ​អញ្ជើញ​មួយ​ឲ្យ​ធ្វើ​តែ​កិច្ចការ​អ្វីៗ​ដែល​ងាយស្រួល​រហូត​នោះ​ទេ ហើយ​វា​ក៏​ពុំ​ដឹកនាំ​យើង​ទៅ​រក​ភាព​អស់​សង្ឃឹម​ដែរ ។ ខ្ញុំ​បាន​រៀន​ថា នៅពេល​ខ្ញុំ​មាន​គំនិត​អវិជ្ជមាន​ពី​អ្វីៗ​ដែល​ពុំ​មែន​ ជា​ខ្ញុំ នោះ​ខ្ញុំ​ពុំ​រីកចម្រើន​ឡើយ ហើយ​ខ្ញុំ​ឃើញ​ថា វា​កាន់​តែ​ពិបាក​ដើម្បី​ទទួល​អារម្មណ៍ និង​ធ្វើ​តាម​ព្រះវិញ្ញាណ ។

ក្នុង​នាម​ជា​យុវជន​ម្នាក់ យ៉ូសែប ស្ម៊ីធ បាន​ដឹង​យ៉ាង​ច្បាស់​ពី​ភាព​ទន់​ខ្សោយ​របស់​លោក ហើយ​បាន​ព្រួយ​បារម្ភ​ពី​« សុខុមាលភាព​នៃ​ព្រលឹង​[ របស់​លោក ] » ។ លោក​បាន​ពោល​ថា « ចិត្ត​របស់​ខ្ញុំ​មាន​ការ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ដោយសារ​ខ្ញុំ​បាន​ដឹង​ថា​ខ្លួន​ខុស ព្រោះ​តែ​អំពើ​បាប​របស់​ខ្ញុំ ហើយ … មាន​អារម្មណ៍​ទួញ​យំ​ដោយសារ​តែ​អំពើ​បាប​របស់​ខ្ញុំ​ផ្ទាល់ និង​អំពើ​បាប​នៃ​ពិភពលោក​នេះ » ។ ការណ៍​នេះ​ដឹកនាំ​លោក​ឲ្យ​« គិត​ពិចារណា​ដ៏​ជ្រាលជ្រៅ ហើយ​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង » ។ តើ​ធ្លាប់​ស្គាល់​អារម្មណ៍​នេះ​ដែរ​ទេ ? តើ​បងប្អូន​មាន​ចិត្ត​ខ្វល់​ខ្វាយ ឬ​ទុក​ព្រួយ​ដោយសារ​តែ​ភាព​ទន់​ខ្សោយ​របស់​បងប្អូន​ដែរ​ឬ​ទេ ?

មែនហើយ យ៉ូសែប បាន​ធ្វើ រឿង​មួយ ។ លោក​បាន​ចែកចាយ​ថា « ខ្ញុំ​តែងតែ​គិត​ក្នុង​ចិត្ត​ខ្ញុំ​ថា ៖ តើ​ត្រូវ​ធ្វើអ្វី​ហ្ន៎ ? » យ៉ូសែប​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ លោក​បាន​ងាក​ទៅ​រក​បទគម្ពីរ អាន​ចំ​ការអញ្ជើញ​នៅ​ក្នុង យ៉ាកុប ១:៥ ហើយ​បាន​ងាក​ទៅ​រក​ជំនួយ​ពី​ព្រះ ។ ការ​និមិត្ត​បន្ទាប់​មក​បាន​ចាប់ផ្ដើម​នូវ​ការ​ស្ដារ​ឡើង​វិញ ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ភាព​សោក​សៅ​ដ៏​ទេវភាព​របស់​យ៉ូសែប អារម្មណ៍​របស់​លោក​ពី​ការ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត និង​ការ​ភាន់​ច្រឡំ បាន​លើក​ទឹក​ចិត្ត​លោក​ទៅ​រក​សកម្មភាព​ដ៏​ស្មោះត្រង់ ។

ធ្វើ​តាម​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ​កិច្ចការ​ល្អ

ជារឿយៗ ពិភពលោក​នេះ​ប្រើ​អារម្មណ៍​នៃ​ភាព​សោកសៅ​ជា​ការ​ដោះសារ​មួយ​សម្រាប់​ការ​ផ្តោត​តែ​លើ​ខ្លួន​ឯង ការ​បង្វែរ​គំនិត​របស់​យើង​ទៅវិញ​ទៅ​មក និង​ការគិត​ច្រើន​ថា តើ​ខ្ញុំ ជា​នរណា នរណា​ដែល​ពុំមែន​ជា​ខ្ញុំ និង​អ្វី​ដែល ខ្ញុំ ចង់​បាន ។ ភាព​សោក​សៅ​ដ៏​ទេវភាព​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ជា​អង្គ​ដែល​« យាង​ចុះឡើង​ធ្វើ​ការល្អ » ។ នៅពេល​យើង​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាពជាសិស្ស យើង​នឹង​ទទួល​បាន​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ​ដើម្បី​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ។

មាន​រឿង​មួយ​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​ច្រើន​ឆ្នាំ​មុន​មក​ហើយ បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់ ហើយ​ក្រោយ​មក​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ស៊ិស្ទើរ បូនី ឌី ផាគីន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​ដូច​តទៅ​នេះ ៖

« ស៊ូសាន…គឺជា​ជាង​កាត់​ដេរ​ដ៏​ចំណាញ​ម្នាក់ ។ ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បាន​រស់​នៅ​ក្នុង​ព្រំប្រទល់​វួដ [ របស់​នាង ] ។ នៅ​ថ្ងៃ​អាទិត្យ​មួយ ស៊ូសាន​បាន​កត់​សម្គាល់​ឃើញ​ថា លោក​មាន​អាវ​ធំ​ថ្មី ។ ឪពុក​របស់​នាង​ទើប​បាន … យក​ក្រណាត់​សូត្រ​ល្អៗ​មួយ​ចំនួន​មក​ឲ្យ​នាង ។ ស៊ូសាន​បាន​គិត​ថា ក្រណាត់​នោះ​នឹង​ធ្វើ​ជា​ក្រវ៉ាត់-ក​មួយ​យ៉ាង​ស្រស់ស្អាត ស័ក្ដិសម​នឹង​អាវ​ធំ​ថ្មី​របស់​ប្រធាន​ឃឹម​បឹល ។ ដូច្នេះ​នៅ​ថ្ងៃ​ចន្ទ នាង​បាន​ដេរ​ក្រវ៉ាត់-ក​នោះ ។ នាង​បាន​រុំ​វា​នឹង​ក្រដាស ហើយ​ដើរ​ទៅ​ម្ដុំ​ផ្ទះ​របស់​ប្រធាន​ឃឹម​បឹល ។

« កាល​នាង​ហៀប​ទៅ​ដល់​ទ្វារ​មុខ​ផ្ទះ រំពេច​នោះ នាង​បាន​ឈប់ ហើយ​គិត​ថា ‹ តើ​ខ្ញុំ​ជា​នរណា​ទៅ​ដែល​ដេរ​ក្រវ៉ាត់​-កឲ្យ​ព្យាការី​នោះ ? លោក​ប្រហែល​ជា​មាន​ក្រវ៉ាត់-ក​ច្រើន​ហើយ › ។ ដោយ​គិត​ថា​នាង​បាន​សម្រេច​ចិត្ត​ខុស នោះ​នាង​បាន​ដើរ​ចេញ​មក​វិញ ។

« នៅ​ពេល​នោះ ស៊ិស្ទើរ ឃឹមបឹល បាន​បើក​ទ្វារ​មក ហើយ​ពោល​ថា ‹ ស៊ូសាន ! ›

« ដោយ​មាន​អារម្មណ៍​ភ័យ ហើយ​ខ្មាសអៀន នោះ​ស៊ូសាន​បាន​ពោល​ថា ‹ ខ្ញុំ​បាន​ឃើញ​ប្រធាន​ឃឹម​បឹល​ពាក់​អាវ​ធំ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ។ ឪពុក​របស់​ខ្ញុំ​ទើប​យក​ក្រណាត់​សូត្រ​មួយ​ចំនួន​មក​ពី​ញូវយ៉ក … ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ដេរ​ក្រវ៉ាត់-ក​មួយ​ជូន​លោក › ។

« ពីមុន​ស៊ូសាន​និយាយ​បន្ត​ទៀត ស៊ិស្ទើរ​ឃឹម​បឹល​បាន​បង្អាក់​នាង ដោយ​យក​ដៃ​កាន់​ស្មា​របស់​នាង ហើយ​ពោល​ថា ‹ ស៊ូសាន សូម​កុំ​ប្រឆាំង​ទាស់​នឹង​គំនិត​សប្បុរស​ឡើយ › » ។

ខ្ញុំ​ស្រឡាញ់​ពាក្យ​មួយ​ឃ្លា​នោះ ! « សូម​កុំ​ប្រឆាំង​ទាស់​នឹង​គំនិត​សប្បុរស​ឡើយ » ។ ពេល​ខ្លះ កាល​ខ្ញុំ​មាន​ការ​បំផុស​ឲ្យ​ធ្វើ​អ្វី​មួយ​សម្រាប់​មនុស្ស​ម្នាក់ ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​វា​គឺជា​ការ​បំផុស​គំនិត​មួយ ឬ​គ្រាន់​តែ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​បាន​នៅ​ចាំ​ថា « អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ ហេតុ​ដូច្នោះ​ហើយ អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ » ។

មិន​ថា​វា​គឺជា​ការ​បំផុស​គំនិត​ដោយ​ផ្ទាល់ ឬ​គ្រាន់​តែ​ជា​ការ​ជំរុញ​ចិត្ត​ដើម្បី​ជួយ​យ៉ាង​ណា​នោះ​ទេ ទង្វើ​ល្អ​មួយ​ពុំ​ដែល​ជា​រឿង​ឥត​ប្រយោជន៍​ឡើយ ព្រោះ​« សេចក្ដីសប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ » —ហើយ​វា​ពុំ​ដែល​ជា​ការ​ឆ្លើយ​តប​ខុស​ឆ្គង​នោះ​ទេ ។

ជារឿយៗ ពេលវេលា​គឺជា​បញ្ហា ហើយ​យើង​កម្រ​ឃើញ​ពី​លទ្ធផល​នៃ​ទង្វើ​តូចៗ​នៃ​ការ​បម្រើ​របស់​យើង​ណាស់ ។ ប៉ុន្តែ​ម្ដង​ម្កាល យើង​នឹង​ដឹង​ថា យើង​បាន​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​យើង​នឹង​មាន​អំណរគុណ​ដើម្បី​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​កំពុង​ធ្វើ​ការ​តាមរយៈ​យើង​គឺជា​ការ​បង្កើត​សម្ដែង​មួយ​អំពី​ការ​អនុមតិ​របស់​ព្រះ ។

បងប្អូន​ស្រី​ទាំងឡាយ បងប្អូន និង​ខ្ញុំ​អាច​ទូល​អង្វរ​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្ហាញ​យើង​« គ្រប់​អ្វី​ទាំង​អស់ ដែល [ យើង ] ត្រូវ​ធ្វើ »  សូម្បី​តែ​បញ្ជី​កិច្ចការ​របស់​យើង​បាន​ពេញ​ហើយ​ក្ដី ។ នៅពេល​មាន​ការ​បំផុស​គំនិត យើង​អាច​ទុក​ចាន​ក្បាន​ចោល​នៅ​កន្លែង​លាង​ចាន ឬ​ពន្យារ​ពេល​រឿង​ផ្សេង​ទៀត​ដែល​មនុស្ស​ដទៃ​ចង់​ឲ្យ​យើង​ធ្វើ ដើម្បី​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់ ទៅ​លេង​មិត្ត​ភក្ដិ​ម្នាក់ ជួយ​មើល​ថែកូន​អ្នក​ជិត​ខាង ឬ​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​កុំ​យល់​ខុស​ចំពោះ​ខ្ញុំ—ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​បញ្ជី ខ្ញុំ​ចូល​ចិត្ត​គូស​លើ​កិច្ចការ​ដែល​បាន​បញ្ចប់ ។ ប៉ុន្តែ​ភាព​សុខសាន្ត​កើត​ឡើង​ដោយ​ដឹង​ថា ការធ្វើ​ជា​មនុស្ស​ប្រពៃ​ម្នាក់​ពុំ​មែន​មាន​ន័យ​ថា ត្រូវធ្វើ ការ​ងារ​ឲ្យ​បាន​ច្រើន​នោះទេ ។ ការ​ឆ្លើយ​តប​ចំពោះ​ភាពសោក​សៅ​តាមរយៈ​ការ​ខិតខំ​ធ្វើ​តាម​ការ​បំផុស​គំនិត ផ្លាស់ប្ដូរ​របៀប​ខ្ញុំ​គិត​អំពី​« ពេលវេលា​របស់​ខ្ញុំ » ហើយ​ខ្ញុំ​ចាត់​ទុក​ថា មនុស្ស​ដទៃពុំ​មែន​ជា​ការ​រំខាន​ឡើយ ប៉ុន្តែ​ជា​គោលបំណង​នៃ​ជីវិត​របស់​ខ្ញុំ​វិញ ។

ភាព​សោក​សៅ​ដ៏​ទេវភាព​ដឹកនាំ​យើង​ទៅ​រក​ព្រះគ្រីស្ទ

ភាព​សោក​សៅ​ដ៏​ទេវភាព​ដឹកនាំ​ទៅ​រក​ការ​បន្ទាប​ខ្លួន ពុំ​មែន​ផ្ដោត​លើ​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួន​ឯង ឬ​ការ​បាក់​ទឹក​ចិត្ត​ដែល​កើត​ចេញ​ពី​ការ​ប្រៀបធៀប​ដែល​យើង​តែង​គិត​ថា​ខ្លួន​ឯង​ពុំ​ល្អ​គ្រប់​គ្រាន់​នោះ​ឡើយ ។ ស្ត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​មាន​នៅ​គ្រប់​ស្ថានភាព និង​គ្រប់​ទម្រង់ ក្រុម​គ្រួសារ ជីវិត និង​កាលៈទេសៈ​របស់​ពួកគេ​គឺ​ខុសៗ​គ្នា ។

ពិតណាស់ យើង​ទាំងអស់​គ្នា​នឹងពុំ​អាច​បំពេញ​នូវ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​បាន​ទេ ហើយ​មាន​សេចក្ដី​ពិត​ខ្លះ​នៅ​ក្នុង​ការ​យល់​ដឹង​ថា យើង តែ​ម្នាក់ឯង គឺ​ពុំ​គ្រប់​គ្រាន់​ឡើយ ។ ប៉ុន្តែ​សារ​ដ៏​ល្អ​នៃ​ដំណឹងល្អ​គឺ​ថា ដោយ​មាន​ព្រះគុណ​របស់​ព្រះ នោះ​យើង មាន ល្មម​គ្រប់​គ្រាន់ ។ ដោយ​មាន​ជំនួយ​របស់​ព្រះគ្រីស្ទ នោះ​យើង​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង ។ បទគម្ពីរ​សន្យា​ថា យើង​នឹង​« រក​បាន​ព្រះគុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ » ។

សេចក្ដី​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​ថា ភាពទន់​ខ្សោយ​របស់​យើង​អាច​ជា​ពរជ័យ​មួយ នៅពេល​វា​ធ្វើ​ឲ្យ​យើង​រាបសា ហើយ​បង្វែរ​យើង​ទៅ​រក​ព្រះគ្រីស្ទ ។ ភាពសោកសៅ​ក្លាយ​ជា​ទេវភាព នៅពេល​យើង​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​រាបសា​ជាមួយ​នឹង​ភាព​ខ្វះខាត​របស់​យើង ជាជាង​ការ​ស្ទាក់​ស្ទើរ​ដោយសារ​តែ​ការ​ផ្ដោត​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួន​ឯង​នោះ​ទេ ។

ពិតណាស់ អព្ភូតហេតុ​របស់​ព្រះយេស៊ូវ ជារឿយៗ ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​នៃ​ការ​ចង់​បាន​សេចក្ដីត្រូវការ ភាព​បរាជ័យ ឬ​ភាព​ទន់ខ្សោយ ។ តើ​នៅចាំ​ពី​រឿង​នំប៉័ង និង​ត្រី​ដែរ​ឬ​ទេ ? អ្នក​សរសេរ​ដំណឹង​ល្អ​ម្នាក់ៗ​ប្រាប់​យើង​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​យ៉ាង​អព្ភូតហេតុ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ដើរ​តាម​ទ្រង់ ។ ប៉ុន្តែ​ដំណើរ​រឿង​នោះ​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​របស់​ពួកសិស្ស​អំពី​ការ​ខ្វះខាត​របស់​ពួកគេ ពួកគេ​ដឹង​ថា ពួកគេ​មាន​តែ « នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ? » ពួក​សិស្ស​ទាំងនោះបាន​គិត​ត្រឹមត្រូវ​ហើយ​ថា ពួកគេ ពុំ មាន​អាហារ​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ពួកគេ​បាន​ថ្វាយ​អ្វី​ដែល​ពួកគេ​មាន​ជូន​ព្រះយេស៊ូវ ហើយ​បន្ទាប់​មក​ទ្រង់ បាន​ប្រទាន​អព្ភូតហេតុ​នោះ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា ទេពកោសល្យ និង​អំណោយទាន​របស់​បងប្អូន​គឺ​តិចតួច​ណាស់​សម្រាប់​កិច្ចការ​នៅ​ពេល​ខាង​មុខ​ដែរ​ឬ​ទេ ? ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​នោះ ។ ប៉ុន្តែ​បងប្អូន និង​ខ្ញុំ​អាច​ថ្វាយ​អ្វី​ដែល​យើង​មាន​ជូន​ព្រះគ្រីស្ទ ហើយ​ទ្រង់​នឹង​បង្កើន​ការ​ខិតខំ​របស់​យើង​ទ្វេរ​ដង ។ អ្វី​ដែល​បងប្អូន​មាន​គឺ​លើស​ពី​គ្រប់​គ្រាន់—សូម្បី​តែ​ជាមួយ​គុណវិបត្តិ និង​ភាព​ទន់ខ្សោយ​ជា​មនុស្ស​របស់​បងប្អូន​ក្ដី—ប្រសិន​បើ បងប្អូន​ពឹង​ផ្អែក​លើ​ព្រះគុណ​នៃ​ព្រះ ។

សេចក្ដី​ពិត​គឺ​ថា យើង​ម្នាក់ៗ​គឺ​ជា​ជំនាន់​មួយ​មក​ពី​ព្រះអាទិទេព—យើង​ម្នាក់​គឺជា​បុត្រី​របស់​ព្រះ ។ ហើយ​ដូចជា​ទ្រង់​បាន​ធ្វើ​ចំពោះ​ពួក​ព្យាការី និង​បុរស​ស្ត្រី​ដ៏​អស្ចារ្យ​នៅ​គ្រប់​ជំនាន់​នានស​ដែរ នោះ​ព្រះវរបិតា​សួគ៌​មាន​ព្រះរាជ​បំណង​ចង់​កែប្រែ​យើង​ដូច​គ្នា ។

ស៊ី អេស ល្វីស បាន​ពន្យល់​ពី​អនុភាព​នៃ​ការ​កែប្រែ​របស់​ព្រះ​តាម​របៀប​នេះ​ថា « សូម​នឹក​ស្រមៃ​ថា​ខ្លួន​អ្នក​ប្រៀប​ដូចជា​ផ្ទះ​មួយ​ដែល​មាន​ជីវិត ។ ព្រះ​យាង​មក​ហើយ​សាងសង់​ផ្ទះ​នោះ​ឡើង​វិញ ។ ដំបូង ប្រហែល​ជា​អ្នក​អាច​នឹង​យល់​ពី​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ ។ ទ្រង់​បាន​រៀប​ទ-ទឹក​ឲ្យ​ត្រូវ ហើយ​បិទ​កន្លែង​លិច​ទឹក​នៅលើ​ដំបូល​ជាដើម អ្នក​ដឹង​ថា ការងារ​ទាំងនោះ​ចាំបាច់​ត្រូវ​ធ្វើ ដូច្នេះ​ហើយ​អ្នក​ពុំ​ភ្ញាក់​ផ្អើល​ទេ ។ ប៉ុន្តែ​ឥឡូវ​ទ្រង់​បាន​ចាប់​ផ្ដើមកែ​ផ្ទះ​នោះ​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​យ៉ាង​ខ្លាំង ។ … [ អ្នក​ឃើ​ញ​ទេ ] ទ្រង់​កំពុង​សង់​ផ្ទះ​ថ្មី​មួយ​ផ្សេង​ពី​ផ្ទះ​ដែល​អ្នក​បាន​នឹក​ស្រមៃ ។… អ្នក​គិត​ថា អ្នក [ ត្រូវ​បាន ] ធ្វើ​ឲ្យ​ទៅជា​ខ្ទម​តូច​មួយ​ហើយ ៖ ប៉ុន្តែ​ពុំមែន​ទេ ទ្រង់​កំពុង​តែ​សាងសង់​វិមាន​ដ៏​ធំ​មួយ​វិញ ។ ទ្រង់​មាន​ព្រះរាជ​បំណង​ដើម្បី​យាងមក ហើយ​គង់​នៅ​ទីនោះ​ដោយ​ផ្ទាល់ » ។

ដោយសារ​តែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង យើង​អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​យើង ។ ពួក​ព្យាការី​បាន​បង្រៀន​ថា នៅពេល​យើង​ឡើង​ទៅ​ផ្លូវ​នៃ​ភាព​ជា​សិស្ស យើង​អាច​ទទួល​បាន​ភាព​បរិសុទ្ធ​តាមរយៈ​ព្រះគុណ​របស់​ព្រះគ្រីស្ទ ។ ភាព​សោក​សៅ​ដ៏​ទេវភាព​អាច​ដឹកនាំ​យើង​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះឲ្យ​ធ្វើ​កិច្ចការ​ល្អ ហើយ​ថ្វាយ​ជីវិត​របស់​យើង​ចំពោះ​ទ្រង់​ដោយ​ចិត្ត​រាបសា ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. រ័សុល អិម ណិលសុន នៅ​ក្នុង Tad Walch « ‹ The Lord’s Message Is for Everyone ›: President Nelson Talks about Global Tour » Deseret News, ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ គេហទំព័រ deseretnews.com ។

  2. នែល អេ ម៉ាក់ស្វែល « Becoming a Disciple » Ensign ខែ​មិថុនា ឆ្នាំ​១៩៩៦ ទំព័រ ១៨ ។

  3. នែល អេ ម៉ាក់ស្វែល « Becoming a Disciple » ទំព័រ ១៦ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  4. « ការ​បាក់​ទឹក​ចិត្ត​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ចុះ​ខ្សោយ ។ បើ​អ្នក​បន្ថយ​ការ​រំពឹង​គិត​របស់​អ្នក នោះ​ប្រសិទ្ធភាព​របស់​អ្នក​នឹង​ចុះ​អន់​ខ្សោយ នោះ​បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ចុះ​ខ្សោយ ហើយ​នឹង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​តាម​ព្រះវិញ្ញាណ » ( « What Is My Purpose as a Missionary ? » ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ [ ឆ្នាំ ២០១៨ ] គេហទំព័រ lds.org/manual/missionary ) ។

  5. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ​២០០៧ ) ទំព័រ​២៨ ។

  6. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨ ។

  7. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  8. កិច្ចការ ១០:៣៨ ។

  9. បូនី ឌី ផាគីន « Personal Ministry: Sacred and Precious » ( Brigham Young University devotional ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ) ទំព័រ ១ គេហទំព័រ speeches.byu.edu ។

  10. មរ៉ូណៃ ៧:១៣ ។

  11. កូរិនថូសទី ១ ១៣:៨ ។

  12. នីហ្វៃ​ទី ២ ៣២:៥ ។

  13. « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣  ) ។

  14. ហេព្រើរ ៤:១៦ ។

  15. « ហើយ​បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់​ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ គុណ របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួននៅ​ចំពោះ​យើង ដ្បិត​បើសិនជា ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧  ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

  16. សូមមើល ម៉ាថាយ ១៤:១៣–២១, ម៉ាកុស ៦:៣១–៤៤, លូកា ៩:១០–១៧, យ៉ូហាន ៦:១–១៤ ។

  17. យ៉ូហាន ៦:៩ ។

  18. ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​បង្រៀន​ថា « ប៉ុន្តែ​បុព្វការី​ជន​របស់​បងប្អូន​ជាច្រើន​ជំនាន់ មិន​ថា​នៅ​ក្នុង​ជីវិត​នេះ បងប្អូន​មាន​ដូនតា​ប៉ុន្មាន​ជំនាន់ មិន​ថា​បងប្អូន​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ ពង្សាវលី​នៃ​វិញ្ញាណ​របស់​បងប្អូន​អាច​សរសេរ​ឡើង​តែ​មួយ​បន្ទាត់​ប៉ុណ្ណោះ ។ បងប្អូន​គឺ​ជា​បុត្រ​របស់​ព្រះ ! »( « To Young Women and Men » » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៥៤ ) ។

  19. ស៊ី. អេស. ល្វីស, Mere Christianity ( ឆ្នាំ ១៩៦០ ) ទំព័រ ១៦០ ។