ព្រះវរបិតា
យើងម្នាក់ៗមាននូវសក្ដានុពលដើម្បីប្រែក្លាយដូចជាព្រះវរបិតា ។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវតែថ្វាយបង្គំព្រះវរបិតានៅក្នុងព្រះនាមនៃព្រះរាជបុត្រា ។
ភរិយារបស់ខ្ញុំមេលីនដា បានព្យាយាមអស់ពីដួងចិត្តពេញមួយជីវិតរបស់គាត់ដើម្បីធ្វើជាសិស្សដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែនៅគ្រាចាប់ផ្ដើមនៃយុវវ័យរបស់គាត់ គាត់មានអារម្មណ៍ពុំស័ក្ដិសមចំពោះសេចក្ដីស្រឡាញ់ និងពរជ័យរបស់ព្រះវរបិតាសួគ៌ឡើយ ដោយសារគាត់បានយល់ច្រឡំពីនិស្ស័យរបស់ទ្រង់ ។ សំណាងល្អ មេលីនដាបានបន្តគោរពបទបញ្ញត្តិទោះជាគាត់មានភាពសោកសៅយ៉ាងណាក្ដី ។ កាលពីប៉ុន្មានឆ្នាំមុន គាត់បានមានបទពិសោធន៍ជាបន្តបន្ទាប់គ្នាមួយដែលបានជួយគាត់ឲ្យយល់កាន់តែច្បាស់អំពីនិស្ស័យរបស់ព្រះ រួមទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបុត្រាបុត្រីទ្រង់ និងអំណរគុណរបស់ទ្រង់ចំពោះការខិតខំរបស់យើងដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទោះជាវាពុំល្អឥតខ្ចោះក្ដី ។
គាត់ពន្យល់ពីរបៀបដែលរឿងនេះបានជះឥទ្ធិពលដល់រូបគាត់ថា « ឥឡូវនេះ ខ្ញុំប្រាកដក្នុងចិត្តថា ផែនការរបស់ព្រះវរបិតាពិតជាដំណើរការមែន ថាទ្រង់មានព្រះទ័យចង់ឲ្យយើងបានទទួលជោគជ័យ ហើយថាទ្រង់ប្រទានដល់យើងនូវមេរៀន និងបទពិសោធន៍ដែលយើងត្រូវការដើម្បីត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ។ ខ្ញុំកាន់តែមើលឃើញចំពោះខ្លួនឯង និងមនុស្សដទៃទៀត ដូចជាព្រះបានទតឃើញដែរ ។ ខ្ញុំអាចមានលទ្ធភាពធ្វើជាម្ដាយ បង្រៀន ហើយបម្រើដោយមានសេចក្ដីស្រឡាញ់ច្រើន និងមានការភ័យខ្លាចតិច ។ ខ្ញុំមានភាពសុខសាន្ត និងទំនុកចិត្តជាជាងការភ័យបារម្ភ និងភាពអសន្តិសុខ ។ ជំនួសឲ្យអារម្មណ៍ដែលត្រូវគេវិនិច្ឆ័យ ខ្ញុំមានអារម្មណ៍នូវការគាំទ្រ ។ សេចក្ដីជំនឿរបស់ខ្ញុំគឺកាន់តែរឹងមាំ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាខ្ញុំកាន់តែញឹកញាប់ ហើយកាន់តែជ្រាលជ្រៅ » ។
ការមាន« គំនិតដ៏ ត្រឹមត្រូវ មួយអំពីបុគ្គលិកលក្ខណៈភាពល្អឥតខ្ចោះ និងឥរិយាបថរបស់ [ ព្រះវរបិតាសួគ៌ ] » គឺជារឿងដ៏ចាំបាច់ចំពោះការអនុវត្តសេចក្ដីជំនឿគ្រប់គ្រាន់ដើម្បីទទួលបានភាពតម្កើងឡើង ។ ការយល់ដឹងដ៏ត្រឹមត្រូវមួយអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌អាចផ្លាស់ប្ដូររបៀបដែលយើងមើលឃើញខ្លួនឯង និងមនុស្សដទៃទៀត ហើយជួយយើងឲ្យយល់ពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ និងព្រះរាជបំណងដ៏ធំរបស់យើងដើម្បីជួយយើងឲ្យក្លាយដូចជាទ្រង់ ។ ទស្សនៈខុសឆ្គងមួយអំពីនិស្ស័យរបស់ទ្រង់អាចបន្សល់ទុកឲ្យយើងនូវអារម្មណ៍ថា យើងខ្វះសមត្ថភាពដើម្បីត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ។
គោលបំណងរបស់ខ្ញុំនៅថ្ងៃនេះគឺដើម្បីបង្រៀននូវចំណុចគោលលទ្ធិដ៏សំខាន់ៗអំពីព្រះវរបិតាដែលនឹងអនុញ្ញាតឲ្យយើងម្នាក់ៗ ជាពិសេសអស់អ្នកដែលងឿងឆ្ងល់ថា ព្រះស្រឡាញ់ពួកគេដែរឬអត់នោះ ឲ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីបុគ្គលិកលក្ខណៈពិតរបស់ទ្រង់ ហើយអនុវត្តសេចក្ដីជំនឿដ៏ធំលើទ្រង់ លើព្រះរាជបុត្រារបស់ទ្រង់ និងលើផែនការរបស់ទ្រង់សម្រាប់យើង ។
ជីវិតមុនឆាកជីវិតនេះ
នៅក្នុងជីវិតមុនឆាកជីវិតនេះ យើងបានកើតជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ហើយបានរស់នៅជាមួយនឹងពួកទ្រង់ជាគ្រួសារមួយ ។ ពួកទ្រង់ស្គាល់យើង បានបង្រៀនយើង ហើយបានស្រឡាញ់យើង ។ យើងចង់ក្លាយដូចជាព្រះវរបិតាសួគ៌នៃយើងខ្លាំងណាស់ ។ ប៉ុន្តែ ដើម្បីធ្វើដូច្នោះបាន យើងបានដឹងថា យើងត្រូវតែ ៖
ដោយសារហេតុផលនោះ ព្រះវរបិតាបានបង្កើតផែនការមួយដែលនឹងអនុញ្ញាតឲ្យយើង ទទូលបានរូបកាយដែលនឹងមានភាពអមតៈ ហើយរុងរឿងនៅក្នុងការរស់ឡើងវិញ ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ រៀបការ ហើយបង្កើតក្រុមគ្រួសារនៅក្នុងជីវិតរមែងស្លាប់ ឬចំពោះអ្នកស្មោះត្រង់ដែលគ្មានឱកាស បន្ទាប់ពីជីវិតរមែងស្លាប់ រីកចម្រើនឆ្ពោះទៅរកភាពល្អឥតខ្ចោះ និងនៅទីបំផុតត្រឡប់ទៅរកព្រះមាតាបិតាសួគ៌របស់យើងវិញ ហើយរស់នៅជាមួយពួកទ្រង់ និងក្រុមគ្រួសាររបស់យើងនៅក្នុងស្ថានភាពនៃភាពតម្កើងឡើង និងសុភមង្គលដ៏អស់កល្ប ។
បទគម្ពីរហៅផែនការនេះថា ផែនការនៃសេចក្ដីសង្គ្រោះ ។ យើងមានអំណរគុណជាខ្លាំងចំពោះផែនការនេះដែលនៅពេលវាត្រូវបានបង្ហាញដល់យើង យើងបានស្រែកហោដោយអំណរ ។ យើងម្នាក់ៗទទួលយកលក្ខខណ្ឌនៃផែនការនោះ រួមទាំងបទពិសោធន៍ និងឧបសគ្គនៃជីវិតរមែងស្លាប់ដែលនឹងជួយយើងឲ្យអភិវឌ្ឍឥរិយាបថជាព្រះ ។
ជីវិតរមែងស្លាប់
អំឡុងពេលនៃជីវិតរមែងស្លាប់ ព្រះវរបិតាសួគ៌ប្រទានដល់យើងជាមួយនឹងលក្ខខណ្ឌដែលយើងត្រូវការដើម្បីរីកចម្រើននៅក្នុងផែនការរបស់ទ្រង់ ។ ព្រះវរបិតាបានបង្កើតព្រះយេស៊ូវគ្រីស្ទនៅក្នុងសាច់ឈាម ហើយបានប្រទានដល់ទ្រង់ជាមួយនឹងជំនួយដ៏ទេវភាពដើម្បីបំពេញបេសកកម្មរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ។ ព្រះវរបិតាសួគ៌ក៏នឹងជួយយើងម្នាក់ៗផងដែរ ប្រសិនបើយើងខិតខំគោរពបទបញ្ញត្តិរបស់ទ្រង់ ។ ព្រះវរបិតាប្រទានសិទ្ធិជ្រើសរើសដល់យើង ។ ជីវិតរបស់យើងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយ« ថ្ងៃរបស់យើងត្រូវបានរាប់ទុក » និង« មិនត្រូវបានរាប់ទុកជាតិចឡើយ » ។ ហើយទ្រង់ត្រូវប្រាកដថា នៅទីបំផុតរឿងទាំងអស់ដំណើរការសម្រាប់សេចក្ដីល្អរបស់មនុស្សដែលស្រឡាញ់ទ្រង់ ។
ព្រះវរបិតាសួគ៌គឺជាអង្គដែលប្រទាននំប៉័ងប្រចាំថ្ងៃដល់យើង ដែលវារួមមានទាំងអាហារដែលយើងទទួលទាន និងកម្លាំងដែលយើងត្រូវការដើម្បីគោរពបទបញ្ញត្តិរបស់ទ្រង់ ។ ព្រះវរបិតាប្រទានអំណោយទានល្អៗ ។ ទ្រង់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង ។ ព្រះវរបិតាសួគ៌រំដោះយើងឲ្យរួចពីអំពើអាក្រក់ នៅពេលយើងអនុញ្ញាតឲ្យទ្រង់ធ្វើដូច្នោះ ។ ទ្រង់ព្រះកន្សែងជំនួសយើង នៅពេលយើងរងទុក្ខ ។ នៅទីបំផុត ពរជ័យរបស់យើងទាំងអស់កើតចេញមកពីព្រះវរបិតា ។
ព្រះវរបិតាសួគ៌ដឹកនាំយើង ហើយប្រទានដល់យើងនូវបទពិសោធន៍ដែលយើងត្រូវការអាស្រ័យទៅលើកម្លាំង ភាពទន់ខ្សោយ និងការជ្រើសរើសរបស់យើង ដើម្បីយើងអាចបង្កើតផលល្អ ។ ព្រះវរបិតាផ្ចាញ់ផ្ចាលយើង នៅពេលចាំបាច់ ដោយសារទ្រង់ស្រឡាញ់យើង ។ ទ្រង់គឺជា« មនុស្សនៃដំបូន្មាន » ដែលនឹងទូន្មានយើង ប្រសិនបើយើងទូលសូម ។
ព្រះវរបិតាសួគ៌គឺជាអង្គដែលបញ្ជូនទាំងព្រះចេស្ដា និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងជីវិតរបស់យើង ។ តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ សិរីល្អ—ឬបញ្ញា ពន្លឺ និងព្រះចេស្ដា—របស់ព្រះវរបិតាអាចគង់នៅក្នុងខ្លួនយើងបាន ។ ប្រសិនបើយើងនឹងខិតខំបង្កើននៅក្នុងពន្លឺ និងសេចក្ដីពិតរហូតដល់ភ្នែករបស់យើងមានភាពស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ នោះព្រះវរបិតាសួគ៌នឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យាដើម្បីផ្សារភ្ជាប់យើងទៅនឹងជីវិតដ៏អស់កល្ប ហើយបើកសម្ដែងព្រះភក្ត្ររបស់ទ្រង់មកកាន់យើង—មិនថានៅក្នុងជីវិតនេះ ឬជីវិតក្រោយនោះទេ ។
ជីវិតបន្ទាប់ពីជីវិតនេះ
នៅក្នុងពិភពវិញ្ញាណបន្ទាប់ពីជីវិតនេះ ព្រះវរបិតាសួគ៌បន្តចាត់ព្រះវិញ្ញាណបរិសុទ្ធ ហើយចាត់ពួកអ្នកផ្សព្វផ្សាយសាសនាដល់អស់អ្នកដែលត្រូវការដំណឹងល្អ ។ ទ្រង់ឆ្លើយតបការអធិស្ឋាន ហើយជួយអស់អ្នកដែលពុំស្គាល់ដំណឹងល្អឲ្យទទួលពិធីបរិសុទ្ធនៃការសង្គ្រោះជំនួស ។
ព្រះវរបិតាលើកព្រះយេស៊ូវគ្រីស្ទឡើង ហើយប្រទានពរទ្រង់នូវអំណាចដើម្បីធ្វើឲ្យមានការរស់ឡើងវិញ ជាមធ្យោបាយដែលយើងទទួលបានរូបកាយអមតៈ ។ ការប្រោសលោះ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនាំយើងត្រឡប់ទៅវត្តមានរបស់ព្រះវរបិតា ជាកន្លែងដែលយើងនឹងត្រូវបានជំនំជម្រះដោយព្រះយេស៊ូវគ្រីស្ទ ។
អស់អ្នកដែលពឹងផ្អែកលើ « បុណ្យគុណ សេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » នឹងទទួលបានរូបកាយដែលមានសិរីល្អដូចជាព្រះវរបិតា និងរស់នៅជាមួយនឹងទ្រង់នៅក្នុង « ស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។ នៅទីនោះ ព្រះវរបិតានឹងជូតរាល់ទឹកភ្នែករបស់យើង ហើយជួយយើងបន្តដំណើររបស់យើងដើម្បីក្លាយដូចជាទ្រង់ ។
វាច្បាស់ណាស់ថាព្រះវរបិតាសួគ៌តែងគង់នៅទីនោះក្បែរយើងជានិច្ច ។
បុគ្គលិកលក្ខណៈរបស់ព្រះវរបិតា
ដើម្បីប្រែក្លាយដូចជាព្រះវរបិតា យើងត្រូវតែអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ទ្រង់ ។ ភាពល្អឥតខ្ចោះ និងឥរិយាបថរបស់ព្រះវរបិតាសួគ៌រួមមានដូចតទៅនេះ ៖
-
ទ្រង់មានភាពយុត្តិធម៌ មានសេចក្ដីមេត្តាករុណា មានព្រះទ័យល្អ អត់ធ្មត់យ៉ាងល្អឥតខ្ចោះ ហើយសព្វព្រះទ័យចង់បានអ្វីដែលល្អបំផុតសម្រាប់យើងតែប៉ុណ្ណោះ ។
-
ទ្រង់ជ្រាបគ្រប់អ្វីទាំងអស់—អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល—តាំងពីដំបូងមក ។
-
ព្រះវរបិតាមានគ្រប់ព្រះចេស្ដា ហើយធ្វើអ្វីៗដែលទ្រង់មានព្រះទ័យចង់ធ្វើ ។
បងប្អូនប្រុសស្រី យើងអាចទុកចិត្ត ហើយពឹងផ្អែកលើព្រះវរបិតាបាន ។ ដោយសារទ្រង់មាននូវទស្សនវិស័យដ៏អស់កល្បមួយ នោះព្រះវរបិតាសួគ៌អាចទតឃើញរឿងដែលយើងពុំអាចមើលឃើញ ។ អំណរ កិច្ចការ និងសិរីល្អរបស់ទ្រង់គឺដើម្បីនាំឲ្យមានអមតភាព និងភាពតម្កើងឡើងដល់យើង ។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើគឺសម្រាប់ផលប្រយោជន៍ដល់យើង ។ ទ្រង់« សព្វព្រះទ័យចង់បានសុភមង្គលដ៏អស់កល្ប [ ដល់យើង ] ច្រើនជាង [ យើង ] ចង់បានសម្រាប់ខ្លួនយើងទៅទៀត » ។ ហើយទ្រង់« នឹងពុំតម្រូវឲ្យ [ យើង ] ដកពិសោធន៍នូវគ្រាដ៏លំបាកមួយលើសពីភាពចាំបាច់សម្រាប់ប្រយោជន៍ [ របស់យើង ] ឬសម្រាប់មនុស្សដែល [ យើង ] ស្រឡាញ់នោះឡើយ » ។ ជាលទ្ធផល ទ្រង់ផ្ដោតលើការជួយយើងឲ្យរីកចម្រើន ពុំមែនលើការកាត់សេចក្ដី និងការដាក់ទោសយើងនោះទេ ។
ការប្រែក្លាយដូចជាព្រះវរបិតារបស់យើង
ក្នុងនាមជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ យើងម្នាក់ៗមាននូវសក្ដានុពលដើម្បីប្រែក្លាយដូចជាព្រះវរបិតា ។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវតែថ្វាយបង្គំព្រះវរបិតានៅក្នុងព្រះនាមនៃព្រះរាជបុត្រា ។ យើងធ្វើការណ៍នេះដោយខិតខំគោរពប្រតិបត្តិតាមព្រះឆន្ទៈរបស់ព្រះវរបិតា ដូចជាព្រះអង្គសង្គ្រោះបានធ្វើ និងដោយប្រែចិត្តជាបន្តបន្ទាប់ ។ នៅពេលយើងធ្វើកិច្ចការទាំងនេះ នោះយើង « បានទទួលព្រះគុណថែមលើព្រះគុណ »រហូតដល់យើងទទួលភាពពេញលេញរបស់ព្រះវរបិតា ហើយត្រូវបានប្រទានឲ្យជាមួយនឹង« បុគ្គលិកលក្ខណៈ ភាពល្អឥតខ្ចោះ និងឥរិយាបថរបស់ទ្រង់ » ។
ដោយពិចារណាពីភាពខុសគ្នារវាងអ្វីដែលយើងមានជាមនុស្សរមែងស្លាប់ និងអ្វីដែលព្រះវរបិតាបានប្រែក្លាយ នោះប្រាកដជាមានមនុស្សមួយចំនួនមានអារម្មណ៍ថា ការប្រែក្លាយដូចជាព្រះវរបិតាពុំអាចសម្រេចបាននោះទេ ។ ប៉ុន្តែបទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ ។ ប្រសិនបើយើងនឹងតោងខ្ជាប់ក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទ ហើយស្វែងរកព្រះគុណរបស់ព្រះតាមរយៈការគោរពប្រតិបត្តិ នៅទីបំផុតយើងនឹងក្លាយដូចជាព្រះវរបិតា ។ ខ្ញុំមានការលួងលោមចិត្តដ៏អស្ចារ្យដោយសារអស់អ្នកដែលខិតខំគោរពប្រតិបត្តិនឹង« បានទទួល ព្រះគុណថែមលើព្រះគុណ » ហើយនៅទីបំផុត « បានទទួល នូវភាពពេញលេញ » ។ និយាយម្យ៉ាងទៀត យើងនឹងពុំក្លាយដូចជាព្រះវរបិតាដោយសារយើងតែម្នាក់ឯងនោះទេ ។ ផ្ទុយទៅវិញ វានឹងកើតឡើងតាមរយៈអំណោយទាននៃព្រះគុណ ខ្លះធំ ប៉ុន្តែភាគច្រើនតូច ដែលស្ថាបនាលើគ្នារហូតយើងមានភាពពេញលេញ ។ ប៉ុន្តែបងប្អូនប្រុសស្រីអើយ វានឹងកើតឡើង !
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យទុកចិត្តថា ព្រះវរបិតាសួគ៌ជ្រាបពីរបៀបលើកតម្កើងបងប្អូន សូមស្វែងរកជំនួយគាំទ្រប្រចាំថ្ងៃរបស់ទ្រង់ ហើយដើរឆ្ពោះទៅមុខដោយសេចក្ដីជំនឿលើព្រះគ្រីស្ទ សូម្បីតែពេលបងប្អូនពុំអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះក្ដី ។
មានរឿងជាច្រើនដែលយើងពុំយល់អំពីការប្រែក្លាយដូចជាព្រះវរបិតា ។ ប៉ុន្តែខ្ញុំអាចថ្លែងទីបន្ទាល់យ៉ាងច្បាស់ថា ការខិតខំក្លាយដូចជាព្រះវរបិតាគឺមានតម្លៃគ្រប់គ្រាន់ចំពោះរាល់ពលិកម្មទាំងឡាយ ។ ពលិកម្មដែលយើងធ្វើនៅក្នុងជីវិតរមែងស្លាប់នេះ មិនថាវាធំប៉ុណ្ណាទេគឺវាពុំអាចប្រៀបផ្ទឹមបាននឹងអំណរ សុភមង្គល និងសេចក្ដីស្រឡាញ់ដ៏ពុំអាចវាស់វែង ដែលយើងនឹងទទួលបាននៅក្នុងវត្តមានរបស់ព្រះឡើយ ។ ប្រសិនបើបងប្អូនកំពុងតែពិបាកជឿថា វាមានតម្លៃគ្រប់គ្រាន់ចំពោះពលិកម្មដែលបងប្អូនត្រូវបានសុំឲ្យធ្វើ នោះព្រះអង្គសង្គ្រោះអំពាវនាវទៅកាន់បងប្អូន ដោយមានបន្ទូលថា « អ្នករាល់គ្នាពុំទាន់យល់នៅឡើយទេ អំពីព្រះពរដ៏ធំណាស់ហ្ន៎ ដែលព្រះវរបិតា…បានរៀបចំទុកសម្រាប់អ្នក…អ្នករាល់គ្នាពុំអាចទ្រាំគ្រប់ទាំងអស់បានឡើយនៅពេលនេះ ទោះជាយ៉ាងណាក៏ដោយ ចូរសង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌របស់បងប្អូនស្រឡាញ់ បងប្អូន ហើយសព្វព្រះទ័យឲ្យ បងប្អូន រស់នៅជាមួយនឹងទ្រង់ម្ដងទៀត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។