កិច្ចការដ៏អស្ចារ្យនេះ
នៅពេលអ្នកឮពាក្យថា ចាប់ផ្ដើមតើអ្នកគិតពីអ្វីខ្លះ ? ពីការរៀបចំបើកក្ដោងកប៉ាល់មួយមែនទេ ? ពីការចូលរួមក្នុងបុព្វហេតុដ៏ធំមួយមែនទេ ? ពីការចាប់ផ្ដើមនៃដំណើរមួយមែនទេ ?
នៅពេល « ចាប់ផ្ដើមធ្វើការបម្រើព្រះ » អ្នកកំពុងចូលរួមក្នុងដំណើរដ៏អស្ចារ្យមួយដែលពុំធ្លាប់មានពីមុនមក ។ អ្នកកំពុងជួយព្រះឲ្យពន្លឿនកិច្ចការរបស់ទ្រង់ ហើយវាគឺជាបទពិសោធន៍មួយដ៏ល្អ រីករាយ ហើយអស្ចារ្យ ។
ចូរកុំឆាប់ជឿលើសម្ដីរបស់ពួកយើងពេក ។ កាលពីឆ្នាំមុន នៅក្រុងតូចមួយក្នុងរដ្ឋយូថាហ៍ មានយុវជនជាច្រើនក្នុងកូរ៉ុមគ្រូបានចូលទៅកាន់វិបសាយសកម្មភាពសម្រាប់យុវវ័យ ( lds.org/youth/activities ) ដើម្បីស្វែងរកគំនិតធ្វើសកម្មភាពមួយ ។ មានគំនិតដ៏ជាក់លាក់មួយបានធ្វើឲ្យពួកគេជាប់ចិត្ត ដែលសរសេរថា ៖ « ការបម្រើរយៈពេលប្រាំពីថ្ងៃ » ។
យុវជនទាំងនេះបានសម្រេចចិត្តធ្វើរឿងមួយដ៏ធំ ៖ ពួកគេបានធ្វើការបម្រើជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ដល់មនុស្សគ្រប់គ្នាក្នុងវួដដែលបានសុំឲ្យជួយ ។ នៅមានក្រុមគ្រួសារចំនួន 19 គ្រួសារបានចុះឈ្មោះ ពួកយុវជនទាំងនោះមានការភ្ញាក់ផ្អើល ហើយថែមទាំងគិតថានឹងមានរឿងដែលត្រូវធ្វើច្រើនផងដែរ ។ តើពួកគេអាចធ្វើការបម្រើដ៏ច្រើនបែបនេះនៅក្នុងរយៈពេលមួយដ៏ខ្លីបានដោយរបៀបណា ? ប៉ុន្តែពួកគេបានធ្វើការតាំងចិត្តមួយ ដូច្នេះពួកគេបានសម្រេចចិត្តបម្រើក្រុមគ្រួសារទាំងអស់នោះ ។
តែមួយសប្ដាហ៍ប៉ុណ្ណោះ ពួកគេបានចំណាយពេលច្រើនជាង 250 ម៉ោង ធ្វើការបម្រើរួមគ្នា ដោយធ្វើការជាច្រើនដូចជាការលើកថ្មមួយគំនរធំ ច្រកខ្សាច់ដាក់បាវ សម្អាតប្រឡាយ និង រៀបអូស ។ ហើយកិច្ចការនេះក៏បានផ្លាស់ប្ដូរយុវជនទាំងនោះផងដែរ ។
ពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលដោយសារកម្លាំងដែលពួកគេមាន និង ពរជ័យដែលពួកគេបានទទួល ។ ពួកគេបានរៀបរាប់ពីអារម្មណ៍នៃសាមគ្គីភាពជាកូរ៉ុម និង ការទទួលបានជំនួយពីព្រះដើម្បីធ្វើកិច្ចការសាលា និង ទំនួលខុសត្រូវផ្សេងទៀត ។ ឥឡូវនេះ នៅវួដរបស់ពួកគេត្រូវការការបម្រើ កូរ៉ុមគ្រូនេះបានឆ្លើយតបដោយសាទរ ។ ពួកគេមិនគ្រាន់តែចង់បម្រើសម្រាប់រយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះទេ — ពួកគេព្យាយាមបម្រើជារៀងរាល់ថ្ងៃ ។
ការបម្រើ និង ការស្ថាបនានគរព្រះពិតជាកិច្ចការមួយដ៏អស្ចារ្យមែន ។ វាបាននាំមកនូវសេចក្ដីអំណរដល់យុវជនទាំងនេះ ហើយវានឹងនាំសេចក្ដីអំណរដល់អ្នក កាលណាអ្នកជួយលើកអ្នកដទៃឡើង ហើយមើលឃើញជីវិតពួកគេផ្លាស់ប្ដូរដោយកិច្ចខិតខំដ៏បរិសុទ្ធ ហើយស្មោះត្រង់ ។ ដូចដែលគណៈប្រធានយុវនារីទូទៅបានបញ្ជាក់នៅទំព័រទី 48 ដែរ វាគឺជាអភ័យឯកសិទ្ធមួយដើម្បីបម្រើដល់ព្រះ ។
សូមចាប់ផ្ដើមឥឡូវនេះក្នុងការបម្រើរបស់អ្នកចំពោះព្រះ « ឲ្យអស់ពីចិត្ត ឲ្យអស់ពីពលំ ឲ្យអស់ពីគំនិត និង ឲ្យអស់ពីកម្លាំងរបស់អ្នក » ( គ. និង ស. 4:2 ) ។ យើងចង់ដឹងពីបទពិសោធន៍ការបម្រើរបស់អ្នក ! សូមថតជាវីដេអូ ហើយថតរូបអំពីការបម្រើរបស់អ្នក រួចដាក់វានៅក្នុងវិបសាយប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ចែកចាយវាជាមួយនឹងគ្រួសារ និង មិត្តភក្ដិរបស់អ្នក និងអ៊ីម៉ែលវាទៅកាន់ liahona@ldschurch.org ។ អ្នកក៏អាចប្រាប់អ្នកដទៃពីរឿងរ៉ាវទាំងនេះនៅលើវិបសាយសកម្មភាពសម្រាប់យុវវ័យផងដែរ ។ សូមអញ្ជើញអ្នកដទៃឲ្យចូលរួមនឹងអ្នកនៅក្នុងកិច្ចការដ៏អស្ចារ្យនេះ ហើយចាំមើលថាតើយើងអាចផ្លាស់ប្ដូរពិភពលោកនេះបានដល់កម្រិតណា ។