ការអធិស្ឋាននៅលើរថយន្តក្រុង
អ្នកនិពន្ធរស់នៅប្រទេសម៉ិកស៊ិក ។
សូហ្វីយ៉ា មានអាយុជិតប្រាំបីឆ្នាំហើយ ។ នាងកំពុងតែរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក ។ នាងកំពុងរៀនពីរឿងសំខាន់ៗជាច្រើន ។ រឿងមួយដែលនាងបានរៀនគឺអំពីការអធិស្ឋាន ។ នាងបានដឹងថា នាងអាចអធិស្ឋានទៅព្រះវរបិតាសួគ៌គ្រប់ពេល ។ នាងបានដឹងថា នាងអាចអធិស្ឋាននៅគ្រប់ទីកន្លែង ។
ថ្ងៃមួយ សូហ្វីយ៉ា និង ម្ដាយនាងបានសម្រេចចិត្តទៅលេងឪពុកនាងនៅឯកន្លែងធ្វើការរបស់គាត់ ។ វាតម្រូវឲ្យមានការធ្វើដំណើរមួយយ៉ាងវែង ។ ឪពុកនាងបានធ្វើការនៅក្រុងមួយទៀត ។ ពួកគេត្រូវជិះរថយន្តក្រុង រួចជិះរថយន្តដឹកទំនិញ បន្ទាប់មកទៀតជិះរថយន្តតាក់ស៊ី ។
ពេលកំពុងជិះក្នុងរថយន្តក្រុង សូហ្វីយ៉ា បានដេកលក់ ។ ពេលនាងបានឮសំឡេងកូនង៉ែតយំ នាងក៏ភ្ញាក់ឡើង ។ មានស្វាមីភរិយាមួយគូដែលមានកូនតូចជិះក្នុងរថយន្តក្រុងនោះដែរ ។ កូនតូចនោះឈឺ ហើយស្រែកយំយ៉ាងខ្លាំង ។ ឪពុកម្ដាយរបស់កូនតូចនោះមានទឹកមុខព្រួយបារម្ភ ។
សូហ្វីយ៉ា មានចិត្តអាណិតអាសូរដល់កូនតូចនោះ ។ នាងក៏មានចិត្តអាណិតអាសូរដល់ឪពុកម្ដាយរបស់កូនតូចនោះផងដែរ ។ រួចនាងបាននឹកឃើញគំនិតមួយ ។ នាងបានខ្សឹបដាក់ត្រចៀកម្ដាយនាង ។ នាងបានខ្សឹបថា « តើកូនអាចធ្វើការអធិស្ឋានសូមឲ្យព្រះវរបិតាសួគ៌ប្រទានពរដល់កូនតូចនោះបានដែរឬទេ ? »
ម្ដាយបានតបទាំងញញឹមថា « ពិតជាបាន » ។
សូហ្វីយ៉ា ឱនក្បាលធ្វើការអធិស្ឋានដោយស្ងៀមស្ងាត់ ។ នាងបានខិតខំអធិស្ឋាន ។ នាងបានសូមព្រះវរបិតាសួគ៌ឲ្យប្រទានពរដល់កូនតូចនោះ ។ នាងបានសូមទ្រង់ជួយឲ្យកូនតូចធូរស្បើយ ហើយឈប់យំ ។
សូហ្វីយ៉ា បានដឹងថា យើងមិនអាចទទួលបានអ្វីដែលយើងបានអធិស្ឋានសូមជានិច្ចនោះទេ ។ នាងក៏បានដឹងផងដែរថា ការអធិស្ឋានរបស់យើងនឹងទទួលបានចម្លើយភ្លាមៗជានិច្ចនោះទេ ។ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី កូនតូចនោះបានស្រួលអារម្មណ៍បន្តិច ។ រួចកូនតូចនោះបានឈប់យំ ។ នាងហាក់ដូចជាបានធូរស្បើយ ។ ឪពុកម្ដាយនាងមានទឹកមុខមិនសូវបារម្ភខ្លាំងទេ ។
សូហ្វីយ៉ា មានចិត្តកក់ក្ដៅ ហើយរីករាយ ។ នាងមានចិត្តរីករាយចំពោះកូនតូចនោះ — និងឪពុកម្ដាយរបស់វា ។ នាងបានដឹងថា ព្រះវរបិតាសួគ៌បានឮការអធិស្ឋាននាង ។