២០១៥
តើ​អ្នក​នឹង​ជ្រើស​យក​អ្វី ?
មករា 2015


តើ​អ្នក​នឹងជ្រើស​យកអ្វី ?

ដកស្រង់​ចេញ​ពី​សុន្ទរកថា​នៅ​ការប្រជុំធម្មនិដ្ឋាន​នៃ​ប្រពន្ធ័​អប់រំ​សាសនាចក្រ « យុវវ័យ​នៃ​សិទ្ធិពីកំណើតដ៏​ថ្លៃ​ថ្នូរ ៖ តើ​អ្នក​នឹង​ជ្រើស​យក​អ្វី ? » ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ — ហាវៃ នៅ​ថ្ងៃ​ទី 6 ខែ កញ្ញា ឆ្នាំ 2013 ។ សម្រាប់​សុន្ទរកថា​ទាំងស្រុង សូម​ចូលទៅ cesdevotionals.lds.org

អ្នក​រាល់គ្នា​ត្រូវបាន​ចាត់​ដោយ​ព្រះវរបិតាសួគ៌​របស់​អ្នក ដើម្បី​ស្ថាបនា​នគរព្រះ​នៅ​លើ​ផែនដី​ឥឡូវនេះ ហើយ​រៀបចំ​ប្រជាជន​ដើម្បី​ទទួល​ព្រះអង្គ​សង្គ្រោះ ។

Illustration of youth with lanterns deciding on which path to choose.

រចនា​រូបភាព​ដោយ ប្រានឌិន ឌ័រមិន

ក្នុង​នាម​ជា « យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ »1 អ្នក​គឺ​ជា​បុត្រា​បុត្រី​ពិត​របស់​ព្រះ បាន​កើត​មក​ក្នុង​ពេល​ពិសេស​នេះ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​សម្រាប់​គោលបំណង​ពិសិដ្ឋ​បំផុត​មួយ ។ ទោះ​ជា​តម្លៃ​សីលធម៌ និង សាសនា​ក្នុង​សង្គម​ហាក់​ដូចជា​ចុះ​អន់​ថយនៅ​ទូទាំង​សាកល​លោក​ក្ដី ក៏​យុវវ័យ​នៃ​សាសនាចក្រ​នេះ​គឺ​ជា​អ្នក​កាន់​តាមបទដ្ឋាន​នៃ​ព្រះអម្ចាស់ ហើយ​ជា​ប្រភព​ពន្លឺ​ដើម្បី​ទាញ​ចិត្ត​អ្នក​ដទៃ​មក​រក​ទ្រង់​ដែរ ។ អត្តសញ្ញាណ និង គោលបំណង​របស់​អ្នក​គឺ​ពិសេស ។

តើ​អត្ត​សញ្ញាណ​របស់​អ្នក​ជា​អ្វី​ទៅ ? អ្នក​គឺជា​កូនចៅ​នៃ​សេចក្ដី​សញ្ញាដែល​ព្រះ​បាន​ចុះ​ជាមួយ​នឹង​លោក​ឪពុក​អ័ប្រាហាំ ពេល​លោក​អ័ប្រាហាំ​ត្រូវបាន​សន្យា​ថា « អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង » ( កិច្ចការ 3:25 សូមមើល​ផងដែរ នីហ្វៃទី 1 15:18, នីហ្វៃទី 3 20:25 ) ។ អ្នក​ក៏​ជា « កូនចៅ​នៃ​ជំនាន់​ដែល​បាន​សន្យា​នោះ​ផងដែរ »2 ជា​រយៈកាល​នេះនៃ​ប្រវត្តិសាស្ត្រ​ពិភពលោក ពេល​ដែល​ដំណឹងល្អ​នឹង​ត្រូវប្រកាស​យ៉ាង​ទូលំទូលាយ​ពេញ​ពិភពលោក ។

តើ​គោលបំណង​អ្នក​ជា​អ្វី​ទៅ ? បងប្អូនប្រុស អ្នក​ត្រូវបាន​តែងតាំង​ពីមុន​នៅ​ក្នុង​ពិភពជីវិត​មុន​ជីវិត​នេះ ដើម្បី​កាន់​បព្វជិតភាព ( សូមមើល អាលម៉ា 13:2–3 ) ។ ហើយ​បងប្អូនស្រី អ្នក​ត្រូវ​បាន​ជ្រើសរើស​តាំងពីមុន​បង្កើត​ពិភពលោក ដើម្បី​បង្កើត ហើយ​មើល​ថែ​កូនចៅ​ព្រះ ហើយ​ពេល​ធ្វើ​ដូច្នោះ អ្នក​ផ្ដល់​សិរីល្អ​ដល់​ព្រះ ( សូមមើល គ. និង ស. 132:63 ) ។ បងប្អូន​ស្រី តើ​អ្នក​មាន​បាន​គិត​វិនិច្ឆ័យ​ពី​អត្ថន័យ​ពិត​នៃ​ការធ្វើ​ជា​អ្នក​បង្កបង្កើត​ជាមួយ​ព្រះ​ដែរ​ឬ​ទេ ?

យុវជន និង យុវនារី អ្នក​រាល់​គ្នា​ម្នាក់​ៗ គឺ​ត្រូវបាន​ចាត់​ដោយ​ព្រះវរបិតាសួគ៌ ដើម្បី​ស្ថាបនា​នគរព្រះ​នៅ​លើ​ផែនដី​ឥឡូវនេះ ហើយ​រៀបចំ​ប្រជាជន​ឲ្យ​ទទួល​ព្រះអង្គ​សង្គ្រោះ ពេល​ទ្រង់​នឹង​គ្រង​រាជ្យ​ជា​ព្រះមែស៊ី​ក្នុងសហសវត្ស ។ សិទ្ធិ​ពីកំណើត​ដ៏​ថ្លៃ​ថ្នូរ អត្តសញ្ញាណ គោលបំណង និង​ការ​ចាត់​តាំង​ដ៏​ទេវភាព​របស់​អ្នក​បាន​ញែក​អ្នក​ចេញ​ពី​អ្នក​ដទៃទៀត​ទាំងអស់ ។

ប៉ុន្តែ​សិទ្ធិពីកំណើត​ ការតែងតាំង​ពី​ជីវិត​មុន និង​ការ​ចាត់​តាំង​របស់​អ្នក ពុំ​អាច​សង្គ្រោះ ឬ​លើក​តម្កើង​អ្នក​បាន​ទេ ។ អ្នក​នឹង​ធ្វើ​កិច្ចការ​នោះ​តាមរយៈ​ការ​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក និង​នៅ​ពេល​អ្នក​ជ្រើសរើស​ទទួលយក​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​មក​ក្នុង​ជីវិត​អ្នក ។​ គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស​ដ៏​អស់កល្ប​មហិមា​នោះ​មាន​តម្លៃ​ចំពោះ​ផែនការ​នៃ​ព្រះវរបិតា​យើង ។ ដូច្នេះ យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ ៖ តើ​អ្នក​នឹង​ជ្រើសរើស​យក​អ្វី ?

តើ​អ្នក​នឹង​ជ្រើសរើស​ឲ្យមាន​ចំណេះចម្រើនឡើង​មែនទេ ?

ការអប់រំ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល ។ គ្មាន​នរណា​ផ្សេង​អាច​ទទួល​វា​ជំនួស​អ្នក​បាន​ទេ ។ មិន​ថា​អ្នក​នៅ​កន្លែង​ណា​ទេ សូម​បង្កើត​នូវ​បំណង​ប្រាថ្នាដ៏ខ្លាំងក្លាមួយ​ដើម្បី​រៀន​សូត្រ ។ ចំពោះ​យើង ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ​ទទួល​បាន​ការ​អប់រំ​ពុំ​មែន​គ្រាន់​តែ​ជា​ឯក​សិទ្ធិ​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការទទួល​ខុសត្រូវ​ខាង​សាសនា​មួយ​ផងដែរ ។ « សិរីល្អ​នៃ​ព្រះ​គឺ​ជា​បញ្ញា » ( គ. និង ស. 93:36 ) ។ ប្រាកដណាស់ ការអប់រំ​របស់​យើង​នឹង​នៅ​យូរ​អង្វែង​ដល់​អស់​កល្ប​ជានិច្ច ។

« គោលការណ៍​នៃ​បញ្ញា​ណា​ក៏​ដោយ​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើររស់​ឡើង​វិញ ។

« ហើយ​បើ​សិន​ជា​អ្នក​ណា​មួយ​បាន​ចំណេះ​វិជ្ជា និង​បញ្ញា​ច្រើន​ជាង​អ្នក​ផ្សេង​នៅ​ក្នុង​ជីវិត​នេះ … គាត់ [ ឬ​នាង ] នឹង​បាន​ប្រៀប​ច្រើន​នៅ​ពិភព​ខាង​មុខ » ( គ. និង ស. 130:18–19 ) ។

​ទស្សនៈ​រយៈពេល​យូរ​ដូច្នោះ​នឹង​ជួយ​អ្នក​ធ្វើ​ការ​ជ្រើសរើស​ល្អ​ពី​ការរៀន​សូត្រ ។

ចូរ​កុំ​ខ្លាច​ក្នុង​ការ​តោងចាប់​គោលដៅ​អ្នក​ឡើយ — ទោះ​ជា​សុបិន​អ្នក​ក្ដី ! ប៉ុន្តែ​សូម​ដឹង​ថា គ្មាន​ផ្លូវ​កាត់​ណា​ដើម្បី​បាន​ឧត្ដមភាព និង​មាន​សមត្ថភាព​នោះ​ទេ ។ ការអប់រំ​គឺ​ជា​ការ​ខុស​ប្លែក​​គ្នា​រវាង​ការ​ប៉ង​ប្រាថ្នា ថា​អ្នក​អាច​ជួយ​អ្នកដទៃ និង ការមាន​លទ្ធភាព​អាច ជួយ​ដល់​ពួកគេ ។

តើ​អ្នក​នឹង​ជ្រើសរើស​យក​ការរស់​នៅ​បែប​ណា ?

អ្នក​ត្រូវបាន​រំពឹងទុក​ឲ្យ​រស់​នៅ​ខុស​ពី​អ្នកដទៃ ។ អ្នក​ដឹង​នូវ​អ្វី​ដែល ប៉ុល​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន ធីម៉ូថេ ថា ៖ « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង សេចក្ដី​សប្បុរស » ( ធីម៉ូថេទី 1 4:12 ) ។3 សូម​ជ្រើសរើស​យក​ការ​គិត និង​ទង្វើរ​ខុសប្លែក​ពី​មនុស្ស​ក្នុង​ពិភពលោក​នេះ ។ សូម​ជ្រើសរើស​យក​ឲ្យ​មាន​ភាពខុសប្លែក ហើយ​មើល​ឃើញ​ពី​ឥទ្ធិពល​ល្អ​ដែល​អ្នក​នឹង​អាច​ទទួល​បាន ។ ដូច​ស៊ីស្ទើរ អាឌីស ជី ខាប មាន​គ្រា​មួយ​បាន​ថ្លែង​ថា « អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​សង្គ្រោះ​ជីវិត​បាន​ឡើយ បើ​អ្នក​មាន​រូបរាង​ដូច​នឹង​ពួក​អ្នក​ហែល​ទឹក​ផ្សេង​ទៀត​ដែល​នៅ​លើ​ឆ្នេរ​សមុទ្រ​នោះ » ។4

ក្នុង​នាម​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើតថ្លៃថ្នូរ នោះ​អ្នក​មាន​ការ​ចាប់ផ្ដើម​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត ប៉ុន្តែ​អ្នក​ក៏​មាន​នូវ​ទំនួល​ខុស​ត្រូវ​បន្ថែម​ទៀត​ផងដែរ ។ « ត្បិត​ដល់​អ្នក​ណា​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ » ( គ. និង ស. 82:3 សូមមើលផងដែរ លូកា 12:48 ) ។ ផ្នែក​នៃ​តម្រូវការ​នោះគឺ​ការ​ក្លាយ​ជា​ទ័ព​ថ្មី​ម្នាក់ ។ ពេល​អ្នក​ជ្រមុជទឹក អ្នក​ចុះ​ឈ្មោះ​ជា​ថ្មី​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់ ។5 ពី​មុនជីវិត​នេះ អ្នក​បាន​ឈរ​ក្បែរ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ចម្បាំង​នៅ​ស្ថានសួគ៌ ។ ហើយ​ឥឡូវនេះ ចម្បាំង​រវាង​កម្លាំង​នៃ​អំពើ​ល្អ និង​អំពើ​អាក្រក់​បាន​បន្ត​នៅ​លើ​ផែនដី ។ វា​ពិត ! ( សូមមើល ​វិវរណៈ 12:7–9, គ. និង ស. 29:40–41 ) ។ នៅ​ខាង​ព្រះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវបាន​តែងតាំង​ទុក​ជា​មុន​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ( សូមមើល នីហ្វៃទី 1 10:4 ) ។ រីឯ​បក្ស​ម្ខាង​ទៀត​គឺ​សាតាំង — ដែល​ជា​អ្នក​បះបោរ ជា​អ្នក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស ( សូមមើល ម៉ូសេ 4:3 ) ។6

ផែនការ​របស់​ព្រះ អនុញ្ញាត​ឲ្យ​មារ​សត្រូវ​ល្បួង​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​អនុវត្ត​សិទ្ធិ​ជ្រើសរើស​អ្នក ជ្រើស​ល្អ​ជំនួស​អាក្រក់ ជ្រើស​ប្រែចិត្ត ជ្រើស​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជឿ​លើ​ការ​បង្រៀន​ទ្រង់ ព្រម​ទាំង​ធ្វើ​តាម​គំរូ​ទ្រង់ ។ ឱ ! នេះ​ជា​ការទទួល​ខុសត្រូវ និង​ជា​ទំនុក​ចិត្ត​ដ៏​ធំ​ធេង​ណាស់ !

សេរីភាព​អ្នក​ដើម្បី​ប្រព្រឹត្ត​ដោយ​ខ្លួន​ឯង គឺ​សំខាន់​ចំពោះ​ការ​រីកចម្រើន និង​សុភមង្គល​អស់កល្ប​របស់​អ្នក ដែល​មារសត្រូវ​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​ឲ្យ​វា​ចុះ​ខ្សោយ ( សូមមើល នីហ្វៃ​ទី 2 2:27, 10:23 ) ។

តើ​អ្នក​នឹង​បង្កើត​អាទិភាព ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើការ​ជ្រើសរើស​ក្នុង​ជីវិត​ដែរ​ឬ​ទេ ?

ការ​ជ្រើសរើស​អ្នក​នឹង​ពុំ​មែន​រវាង​អំពើល្អ និង​អំពើ​អាក្រក់​ទាំងអស់​នោះ​ទេ ។ មនុស្ស​ជាច្រើន​នឹង​ជ្រើសរើស​រវាង​ជម្រើស​ល្អ​ពីរ ។ សេចក្ដីពិត​ពុំ​ត្រូវបាន​បង្កើត​ឡើង​ដូចគ្នា​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ដាក់​អាទិភាព ។ ក្នុង​ការ​ស្វែងរក​ចំណេះ​ដឹង​របស់​អ្នក សូម​ដឹង​ថា សេចក្ដីពិត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​រៀន​បាន​មក​ពី​ព្រះអម្ចាស់ ។ ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សម្រាប់​ពួក​សិស្ស​ទ្រង់ ព្រះអម្ចាស់​ផ្ទាល់​បាន​បញ្ជាក់​ពី​ការណ៍​នេះ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « នេះ​គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន 17:3 ) ។ ក្រៅ​ពីការ​ព្យាយាម​រៀន​សូត្រ ចូរ​ព្យាយាម​ស្គាល់​ព្រះ ជា​ព្រះវរបិតា​សួគ៌​អ្នក និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​មក​ស្គាល់​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់​ដូចជា​ខ្ញុំ ។

បទគម្ពីរ​មួយ​ទៀត​ស្ដីពី​អាទិភាព​បាន​ជួយ​ខ្ញុំ​ក្នុង​ជីវិត​ខ្ញុំ គឺ​បទគម្ពីរ​មួយ​នេះ ៖ « ចូរ​ស្វែងរក​នគរ និង សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំងនោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » ( ម៉ាថាយ 6:33 ) ។

លើស​ពី​អ្វី​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នេះ អ្នក​គួរតែ​ធ្វើការ​ជ្រើស​រើស​អ្វី​ដែល​ដឹកនាំ​ទៅ​កាន់​ជោគ​វាសនា​នៃ​ជីវិត​អស់កល្ប​រុងរឿង​ដ៏​ខ្ពស់​បំផុត ។ ​នោះ​ជា​សិរីល្អ​ធំ​ជាង​គេ​របស់​ព្រះ​សម្រាប់អ្នក ( សូមមើល គ. និង ស. 14:7, ម៉ូសេ 1:39 ) ។​ សូម​ជ្រើស​យក​ជីវិត​អស់កល្ប​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ! សូម​សិក្សា​ព្រះគម្ពីរ ដូចជា​កណ្ឌ 76 និង 88 ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដើម្បី​យល់​បន្ថែម​ពី​ពរជ័យ​ផ្សេងៗ​គ្នា ដែល​កំពុង​រង់ចាំ​អ្នក​ដែល​ជ្រើសយក​ជីវិត​អស់កល្ប និង​អ្នក​ដែល​បដិសេធ ។ សូម​ជ្រើស​យក​ជីវិត​អស់កល្ប​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​កត់សម្គាល់​ពី​របៀប​ដែល​ការ​ជ្រើស​រើស​ផ្សេងទៀត​បាន​កើត​ឡើង​យ៉ាង​ងាយ ។

តើ​អ្នក​នឹង​ជ្រើសរើស​សេពគប់​មនុស្ស​បែប​ណា ?​

អ្នក​នឹង​សេពគប់​មនុស្ស​ល្អ​ជាច្រើន​ដែល​ជឿ​លើ​ព្រះ​ដែរ ។ មិនថា​ពួកគេ​ជា​សាសនា​យូដា កាតូលីក ប្រូតេស្ដង់ ឬ​ម៉ូស្លីម​ទេ ពួក​អ្នក​ជឿ​ដឹង​ថា​មាន​សេចក្ដីពិត ។ ពួក​អ្នកជឿ​លើ​ព្រះ​ក៏​មាន​សតិសម្បជញ្ញៈ​មួយ​ដែរ ។ ពួក​អ្នក​ជឿ​គោរព​តាម​ច្បាប់​សង្គម និង​ច្បាប់​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត ទោះ​ជា​ច្បាប់​នោះ​មិន​អាច​ប្រតិបត្តិ​តាម​បាន​ក្ដី ។

ជាមួយ​ការ​តាំងចិត្ត​របស់​អ្នក​ដើម្បី​គោរព​ច្បាប់សង្គម និង​ច្បាប់​ព្រះ នោះ​អ្នក​នឹង​ឈប់​នៅ​ត្រង់​ភ្លើង​ពណ៌​ក្រហម ទោះ​ជា​គ្មាន​ចរាចរ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​ក្ដី ។ ក្នុង​នាម​ជា​កូនចៅ​នៃ​ព្រះ ទោះ​ជា​នគរបាល​មិន​បាន​ចាប់​អ្នក ទោះ​ជា​អ្នក​បាន​លួច ធ្វើឃាត ឬ​ធ្វើ​អំពើ​កំផិត​ក្ដី អ្នក​ដឹង​ថា ទង្វើ​ទាំងនេះ​ខុស ហើយ​ថា​នៅ​ទីបំផុត ព្រះ​នឹង​តម្រូវ​ឲ្យ​អ្នក​ទទួល​ខុសត្រូវ ។ អ្នក​ដឹងថា លទ្ធផល​ចំពោះ​ការ​មិន​ប្រតិបត្តិតាម​គឺ​មាន​ដល់​ភាព​អស់កល្ប ពុំ​មែន​ត្រឹមតែ​ខាង​សាច់​ឈាម​នោះ​ទេ ។

នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ក្នុង​ជីវិត អ្នក​ក៏​នឹង​ជួប​មនុស្ស​ដែល​មិន​ជឿព្រះ​ផងដែរ ។ ពួកគេ​ភាគ​ច្រើន​ពុំ​ទាន់​ស្វែង​រក​ឃើញ​សេចក្ដី​ពិត​ពី​ព្រះ​នៅ​ឡើយ ហើយ​មិន​ដឹង​ពី​ទីកន្លែង​នឹង​រក​វា ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ដែល​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើតថ្លៃថ្នូរ​នឹង​ជួយ​សង្គ្រោះ​ដល់​ពួកគេ ។ ក្នុង​ចំនួន​ដ៏​ធំ អ្នក​កំពុង​ប្រមូល​ផ្ដុំ​គ្នា​តាម​សំណើរ​របស់​ព្យាការី​នៃព្រះ ដើម្បី​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កាន់តែ​ច្រើន ។ យើង​មាន​អំណរ​ជា​ខ្លាំង​ចំពោះ​ពួកគេ​ម្នាក់ៗ !

illustration of boy with lantern reaching out to someone

នៅ​ពេល​អ្នក​សេពគប់​នឹង​ពួក​អ្នក​មិន​ជឿ​ព្រះ ចូរ​ប្រុង​ប្រយ័ត្ន​ថា ពួក​គេ​មួយ​ចំនួន​អាច​នឹង​មិន​ខ្វល់​ពី​ចំណាប់អារម្មណ៍​ក្នុង​ចិត្ត​អ្នក​ឡើយ ( សូមមើល គ. និង ស. 1:16, 89:4 ) ។ រំពេច​ណា​អ្នក​ដឹង​ពី​ការណ៍​នោះ សូម​ចាកចេញ​ពី​ពួកគេ​ភ្លាម ហើយ​ជា​រៀង​រហូត ( សូមមើល ធីម៉ូថេទី 1 6:5–6, 11 ) ។

ជា​អកុសល អ្នក​នឹង​ជួប​មនុស្សដែលការ​ស្វែងរក​សុភមង្គល​របស់​ពួកគេ​ហាក់​ដូចជា​កំពុង​នាំ​ពួកគេ​ចុះ​ទៅ​ចំណោត​រអិល​នៃ​អំពើបាប ។ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ចំណោត​រអិល​នោះ ! រាល់​ភាពរីករាយ​ក្នុង​អំពើបាប​គឺ​មាន​រយៈពេល​ខ្លី ហើយ​ការ​ចងចាំ​ដ៏​អាក្រក់ ​របស់​វានឹង​អន្ទង​តាមរយៈការ​ព្រួយ និង​កំហុស ។ ទង្វើរ​ខុស​ឆ្គង​នៃ​ភាពស្និទ្ធស្នាល ធ្វើ​ឲ្យ​ខូច​អ្វីៗ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ព្រះ​ដើម្បី​រួបរួម​ប្ដី និង​ប្រពន្ធ វា​គឺជា​តម្រាប់​ក្លែងក្លាយ ។ បទ​ពិសោធន៍​​មិន​ស្រប​ច្បាប់​នីមួយៗ គឺ​បាន​ដក​យក​ចេញ​នូវ​អត្ថន័យ​ជ្រាលជ្រៅ និង​អនុស្សាវរីយ​ដ៏​ផ្អែម​ល្ហែម ។​

តើ​អ្នក​នឹង​ជ្រើស​យក​សេរីភាព ឬ​ការ​ជាប់​ឃុំឃាំង ?

កងកម្លាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ ។ អ្នក​កំពុងរស់​នៅ​ក្នុង ដែនដី​ដែល​សត្រូវ​កាន់​កាប់ ។7 ជំងឺ​នៃ​រូបអាសគ្រាម​ដ៏​អាក្រក់​កើត​មាន​ពាសពេញ ។ វា​ដាក់​អន្ទាក់​ដល់​អស់​ជន​ដែល​ងាក​ទៅ​រក​ឥទ្ធិ​ពល​អាក្រក់​របស់​វា ។

ការណ៍​នេះ​ត្រូវ​បាន​ទត​ឃើញ​ជា​មុន​ដោយ​ព្រះអម្ចាស់ ដោយ​ទ្រង់​មាន​បន្ទូល​ថា « ហើយ​ឥឡូវ​នេះ យើង​បង្ហាញ​ដល់​អ្នក​នូវ​សេចក្ដី​អាថ៌កំបាំង​មួយ ជា​ការណ៍​ដែល​មាន​នៅ​ក្នុង​បន្ទប់​សម្ងាត់ ដើម្បី​នាំ​ឲ្យ​កើត​មាន​សេចក្ដី​បំផ្លិច​បំផ្លាញ​ដល់​អ្នក កន្លង​ពេល​ក្រោយ​មក ហើយ​អ្នក​រាល់គ្នា​ពុំ​បាន​ដឹង​សោះ » ( គ. និង ស. 38:13 សូមមើល​ផងដែរ ខ 28 ) ។​

សូម​ពិចារណា​ពី​របៀប​ដែល​មនុស្ស​ជា​ច្រើន ក្នុង​បន្ទប់​សម្ងាត់​ជាច្រើន​កំពុង​ស្វែងរក​បំផ្លាញ​ជីវិត និង​សុភមង្គល​អ្នក​នៅ​ពេល​នេះ ! ការ​ល្បួង​ខាង​រូបកាយ​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ សាវក​ពេត្រុស​បាន​ព្រមាន​ពី​អន្ទាក់​ដូចគ្នានេះ កាល​លោក​បាន​សរសេរ​ថា ៖

« គេ … បិទនុយ​ប្រកប​ដោយ​សេចក្ដី​សម្រើប​ខាង​សាច់​ឈាម … ដើម្បី​ចាប់ពួក​អស់​អ្នក​ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង ។ …

« ទាំងសន្យា​ឲ្យ​អ្នក​ទាំងនោះ​បាន​សេរីភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវបម្រើរបស់​ពួក​ពុក​រលួយ​វិញ ៖ ត្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ » ( ពេត្រុសទី 2 2:18–19 ) ។

សូម​ជៀស​ពី​ការ​ជាប់ឃុំឃាំង​នោះ ឱ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ។ បើ​អ្នក​កំពុង​មើល​រូបអាសគ្រាម​នៅ​ពេល​នេះ សូម​បញ្ឈប់វា ! សូម​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព​អ្នក ។ គ្មាន​នរណាម្នាក់​ឆ្លាតគ្រប់គ្រាន់​ ដើម្បី​យកឈ្នះ​លើ​សត្រូវ​តែ​ម្នាក់​ឯង​បាន​ឡើយ នៅ​ពេល​ពួកគេ​ត្រូវ​បាន​បំពុល​ដោយ​រូបអាសគ្រាម​នោះ ។ វា​អាក្រក់​ដូច​ជា​ជំងឺឆ្លង ញៀន​ដូចជា​ថ្នាំ ហើយ​កាត់​ដូចជា​ទឹក​អាស៊ីត ។

តើ​អ្នក​នឹង​ជ្រើសរើស​ដើរតាម​ព្រះអម្ចាស់ ឬ​គំនិត​របស់​មនុស្ស ?

សូម​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។8 គ្រួសារ​ស្ថិត​នៅ​ក្រោម​ការ​វាយប្រហារ​នៅ​ជុំវិញ​ពិភព​លោក ប៉ុន្តែ​សេចក្ដីពិត​នៃ​ការ​ប្រកាស​ពី​គ្រួសារ​នឹង​ពង្រឹង​ដល់​អ្នក ។

អ្នក​ត្រូវ​យល់ដឹង​ពី​ផលវិបាក​ដ៏​នៃ​ចម្បាំង​បច្ចុប្បន្ន​របស់​សង្គម​ទៅ​លើ​និយមន័យ​ជា​ច្រើន​នៃអាពាហ៍ពិពាហ៍ ។ ការជជែក​វែកញែក​សព្វថ្ងៃ​នេះ​ជាប់​ទាក់ទង​នឹង​សំណួរ​ថា តើ​មនុស្ស​ពីរ​នាក់​មាន​ភេទ​ដូច​គ្នា​អាច​រៀបការ​បាន​ដែរ​ឬ​ទេ ។ ប្រសិនបើ​អ្នក​មាន​សំណួរ​ពី​គោលជំហរ​របស់​សាសនាចក្រ​ចំពោះ​បញ្ហា​នេះ ឬ​បញ្ហា​ដ៏​សំខាន់​ណា​មួយ​ផ្សេង​ទៀត សូម​សញ្ជឹង​គិត​វា​ប្រកប​ដោយ​ការអធិស្ឋាន បន្ទាប់មក​សូម​ស្ដាប់​តាម​សារលិខិត​របស់​ព្យាការី​ដែល​កំពុង​រស់នៅ ។ ប្រសាសន៍​ដ៏​បំផុសគំនិត​របស់​ពួក​លោក រួម​ជាមួយ​នឹង​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ផ្ដល់​ការយល់ដឹង​ពេញលេញ​ដ៏​ពិត​ដល់​គំនិត​អ្នក ។9

ការ​ជជែកគ្នា​ពី​អាពាហ៍ពិពាហ៍​គឺ​គ្រាន់តែ​ជា​ការវែកញែក​គ្នា​មួយ ដែល​នឹង​សាកល្បង​អ្នក​នា​ពេល​អនាគត ។ ដើម្បី​ប្រឆាំង​នឹង​សំឡេង​រំខាននៃ​មារសត្រូវ អ្នក​រាល់គ្នា ជា​យុវវ័យ​ដែល​មានសិទ្ធិពីកំណើតដ៏​ថ្លៃថ្នូរ នឹង​ជ្រើសរើស​ដើម្បី​ឈរការពារ​ព្រះអម្ចាស់ និង សេចក្ដីពិត​របស់​ទ្រង់ ។

សាវក​ប៉ុល​បាន​ព្យាករ​ពី​ស្ថានភាព​អាក្រក់​នៃ​ជំនាន់​យើង ( សូមមើល ធីម៉ូថេទី 2 3:1–5 ) ។ ទស្សនៈ​ដ៏​ត្រឹមត្រូវ​របស់​លោក​អំពី​ការ​បំផ្លិចបំផ្លាញ​ខាង​វិញ្ញាណ​នៅ​ជំនាន់​យើង​ត្រូវ​បាន​អមដោយ​ការសន្និដ្ឋាន​បញ្ជាក់​សា​រជា​ថ្មី​របស់​លោក ដោយ​ប្រាប់​យើង​ពី​របៀប​រស់នៅ​ឲ្យ​មាន​សុវត្ថិភាព​ថា ៖ « តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទគម្ពីរ​ទាំង​ប៉ុន្មាន​ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មានប្រាជ្ញា​ដល់​ទីសង្គ្រោះ ដែល​បាន​ដោយសារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ផង » ( ធីម៉ូថេទី 2 3:15 ) ។

ខ្ញុំ​សូម​បន្ថែម​ការណែនាំ​ផ្ទាល់​របស់​ខ្ញុំ​ពី​លើ​ការណែនាំ​របស់​លោក​ថា ៖ សូម​បន្ត​សិក្សា​ព្រះគម្ពីរ ។ សូម​បន្ត​ធ្វើ​រឿង​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ រួច​ហើយ​កត់សម្គាល់​ពី​ការជ្រើសរើស​ដ៏​ឈ្លាសវៃ ដែល​អ្នក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​តាម​ដោយ​ឯកឯង ។

សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង លើ​ដំណឹងល្អ​ទ្រង់​នឹង​ផ្ដល់​នូវភាព​ក្លាហាន​ដល់​អ្នក ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ហើយ​នាំ​កូនចៅ​មក​ក្នុង​គ្រួសារ​អ្នក ខណៈដែល​អ្នក​នៅ​ក្មេង ហើយ​មាន​លទ្ធភាព​មាន​ពួកគេ ។ នៅ​ពេល​អ្នក​មាន​វ័យ​ដូច​ខ្ញុំ អ្នក​នឹង​ឲ្យ​តម្លៃ​ដល់​កូនចៅ​អ្នក និង កូនរបស់​ពួកគេ​លើស​ពី​កេរ្ដិរ៍​ឈ្មោះ ឬ​ទ្រព្យ​ដែល​នឹង​អាច​កើត​មាន​ឡើង​ទាំងអស់ ។

តើ​អ្នក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការសម្ភាស​ផ្ទាល់​របស់​អ្នក​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

អ្នក​រាល់​គ្នា ដែល​ជា​យុវវ័យ​ដែល​មានសិទ្ធិពីកំណើតដ៏ថ្លៃថ្នូរ គឺ​មិន​ទាន់​ល្អ​ឥតខ្ចោះ​នៅ​ឡើយ​ទេ ។ គឺ​យើង​គ្រប់​គ្នា ។ ដូច្នេះ រួម​នឹង​ពួក​យើង​ផ្សេង​ទៀត មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ ដែល​ផ្ដល់​ការអភ័យទោស​ពេញលេញ នៅ​ពេល​ប្រែ​ចិត្ត​ដោយ​ពិត​ប្រាកដ ។ អ្នក​ក៏​ដឹង​ដែរ​ថា ជីវិត​រមែង​ស្លាប់​នេះ​ខ្លី​ណាស់ ។ នៅ​ពេល​កំណត់​មួយ អ្នក​រាល់​គ្នា​នឹង​បញ្ចប់​ពី​ជីវិត​រមែងស្លាប់​នេះ ហើយ​ផ្លាស់​ទៅ​ភព​មួយ​ទៀត ។​

ថ្ងៃ​ជំនុំជម្រះ​រង់ចាំ​យើង​ម្នាក់ៗ ។ ខ្ញុំ​ដឹង​ថា « អ្នក​ឆ្មាំ​ទ្វារ​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​មិន​ជួល​បាវបម្រើ​នៅ​ឡើយ » ( នីហ្វៃទី 2 9:41 ) ។ ពិតណាស់ យើង​ម្នាក់ៗ​នឹង​មាន​ការ​សម្ភាស​ផ្ទាល់​ខ្លួន​មួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ។

ជីវិត​រាល់​ថ្ងៃ​លើ​ផែនដី​ផ្ដល់​ពេល និង ឱកាស​ដល់​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់ការ​សម្ភាសនោះ ។ សូម​ដឹង​ពី​ការណ៍នេះ​ថា ៖ ពេល​អ្នក​ជ្រើស​រស់​នៅ​ខាង​ព្រះអម្ចាស់ នោះអ្នក​នឹង​មិន​ឯកោ​ឡើយ ។​ ព្រះ​បាន​ប្រទាន​សិទ្ធិ​ដល់​អ្នក​ដើម្បី​ទទួលបាន​ជំនួយ​របស់​ទ្រង់ ខណៈដែល​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ពេល​អ្នក​បង្វែរចិត្ត​អ្នក​ទៅ​រក​ទ្រង់ ដោយ​ព្យាយាម​យ៉ាង​ស្មោះ​ក្នុង​ការអធិស្ឋាន​ប្រចាំ​ថ្ងៃ ទ្រង់​នឹង​បញ្ជូនពួក​ទេវតា​ទ្រង់​មក​ជួយ​អ្នក ( សូមមើល គ. និង ស. 84:88 ) ។ ទ្រង់​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ក្បែរអ្នក ពេល​អ្នក​រស់នៅ​ដោយ​សក្ដិសម ។ ទ្រង់​ប្រទាន​ព្រះគម្ពីរ​ដល់​អ្នក ដើម្បី​អ្នក​អាច​ត្រូវបាន​ចិញ្ចឹម​បីបាច់​យ៉ាង​ពេញលេញ​ដោយ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃ​ទី 2 9:51, 32:3 ) ។ ទ្រង់​ប្រទាន​ប្រសាសន៍​នៃ​ព្យាការី​កំពុង​រស់នៅ​ឲ្យ​អ្នក​ស្ដាប់ ។

តើ​អ្នក​នឹង​ដាក់​ការទុកចិត្ត​អ្នក​ទៅ​លើ​នរណា ?

អ្នក​ដឹង​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​របស់​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​រីករាយ ។ សូម​ដាក់​ការទុក​ចិត្ត​អ្នក​លើ​ទ្រង់ ( សូមមើល នីហ្វៃទី 2 4:34, 28:31 ) ។ សូមរក្សា​ការផ្ដោតអារម្មណ៍​អ្នក​លើ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ ចូរ​មាន​ភាពសក្ដិសម​ដើម្បី​ទទួល​បាន​ពិធី​បរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង ការផ្សារភ្ជាប់​របស់​អ្នក ។ ចូរ​បន្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​នោះ ហើយ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់ ។ សូម​ចងចាំ​ថា គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​អ្នក​គឺ​ដើម្បី​ទទួល​ពរជ័យ​ដ៏​ធំ​ជាង​គេ​របស់​ព្រះ នោះ​គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល គ. និង ស. 14:7 ) ។ ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ចាំបាច់​ចំពោះ​ពរជ័យ​នោះ ( សូមមើល គ. និង ស. 131:1​–3 ) ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​បទគម្ពីរ​អំពី​អត្ត​សញ្ញាណ គោលបំណង និង ពរជ័យ​របស់​អ្នក​ប្រកប​ដោយ​ការអធិស្ឋាន ( សូមមើល គ. និង ស. 86:8–11 ) ។ មែនហើយ អ្នក​ពិតជា​យុវវ័យ​ដែល​មានសិទ្ធិពីកំណើតដ៏​ថ្លៃថ្នូរ ដែល​បាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។ អ្នក​គឺជា​កូនចៅ​ពេញ​ច្បាប់​របស់​ទ្រង់ នៅ​ទីនេះ​ដើម្បីព្យាយាម ហើយ​សាកល្បង។ សូម​ឲ្យ​អ្នក​ជ្រើស​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក​នេះ ដើម្បី​ជួយ​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះ ដើម្បី​មាន​សេចក្ដី​អំណរ ហើយ​សំខាន់បំផុត​គឺ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

illustration of 2 lanterns with one lit and another one unlit

កំណត់​ចំណាំ

  1. « Carry On » Hymns, ល.រ 255 ។

  2. « Hope of Israel » Hymns, ល.រ. 259 ។

  3. ពាក្យ​ក្រិក anastrophe ែល​ការសន្ទនា ត្រូវបាន​បកប្រែ មាន​ន័យ​ថា ការរស់នៅ​ក្នុង​របៀប​លើកតម្កើង ។

  4. អាឌីស ហ្គ្រីន ខាប I Walk by Faith ( ឆ្នាំ 1987 ) ទំព័រ 97 ។

  5. សូមមើល «We Are All Enlisted» Hymns, ល.រ. 250 ។

  6. មនុស្ស​មួយ​ចំនួន​ពិពណ៌នា​ពី​សិទ្ធិជ្រើសរើស​ជា សេរីភាព​ក្នុង​ការជ្រើសរើស ប៉ុន្តែ​​នោះ​ពុំ​មែន​នៅ​ក្នុង​ព្រះគម្ពីរ​ឡើយ ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​ជា សិទ្ធិជ្រើសរើស​ខាង​ក្រមសីលធម៌ ( សូមមើល គ. និង ស. 101:78​ ) ។

  7. សូមមើល ប៊យដ៍ ឃេ ផាកកឺ « Counsel to Youth » Liahona, ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 16, 18 ។

  8. សូម​មើល « The Family: A Proclamation to the World » Liahona, ខែ ​វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  9. ការប្រកាស​ដ៏​បំផុសគំនិត​របស់​សាសនាចក្រ​អំពី​ក្រុមគ្រួសារ​បាន​ចែង​ថា ៖ « ក្រុម​គ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ កូនចៅ​មាន​សិទ្ធិ​នឹងកើត​មក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ហើយ​នឹង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុកម្ដាយ » ( « The Family: A Proclamation to the World » Liahona, ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។