២០១៥
​ធ្វើ​តាម​ព្យាការី
មករា 2015


សារលិខិត​គណៈប្រធាន​ទី​មួយ

ធ្វើ​តាម​ព្យាការី

ខ្ញុំ​បាន​បម្រើ​ក្នុង​ទ័ព​ជើង​ទឹក​របស់​អាមេរិក​រហូត​ដល់​សង្គ្រាម​លោក​លើក​ទី 2 បាន​បញ្ចប់ ។ ខ្ញុំ​គឺជា​ទាហាន​កងនាវា​មួយ​រូប មាន​ឋានៈតូច​បំផុត​ក្នុង​កងទ័ព​នាវា ។ រួច​ខ្ញុំ​មាន​គុណសម្បត្តិ​ធ្វើ​ជា​ទាហាន​កងនាវា​ថ្នាក់​ទី​មួយ ក្រោយ​មក​ខ្ញុំ​បាន​ក្លាយជា​ទាហាន​ជើង​ទឹក​ថ្នាក់​ទី​បី ។

សង្គ្រាម​លោក​លើក​ទី 2 បាន​បញ្ចប់ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ឈប់​ពី​ជួរ​កងទ័ព​នោះ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ថា ប្រសិនបើ​ខ្ញុំ​ត្រឡប់​ចូល​បម្រើ​កងទ័ព​វិញ ខ្ញុំ​ចង់ធ្វើ​ជា​មេបញ្ជាការ​ម្នាក់ ។ ខ្ញុំ​បាន​គិត​ថា « ខ្ញុំមិនចង់សំអាតនាវាដ៏កខ្វក់ ដាំស្លក្នុងផ្ទះបាយ ប្រសិនបើអាច​ចៀសវា​បាន » ។

ក្រោយ​ពី​ខ្ញុំ​បាន​ឈប់ ខ្ញុំ​ចូល​ជា​កងទ័ព​ជើង​ទឹក​បម្រុង​របស់​អាមេរិក ។ ខ្ញុំ​បាន​ទៅ​ហ្វឹកហាត់​រៀង​រាល់​យប់​ថ្ងៃ​ចន្ទ ។ ខ្ញុំ​ខំ​សិក្សា​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​មាន​លក្ខណៈសម្បត្តិ​សម្រាប់​ការអប់រំ ។ ខ្ញុំ​បាន​ប្រឡងរាល់មុខវិជ្ជា​ដែល​អាច​ធ្វើ​បាន​ដូចជា ៖ ផ្នែក​ផ្លូវចិត្ត ផ្លូវកាយ និង ផ្លូវ​អារម្មណ៍ ។ នៅ​ទីបំផុត ដំណឹង​ដ៏​រីករាយ​បាន​កើតឡើង ៖ « អ្នក​ត្រូវបាន​ទទួលយក​ឲ្យ​ធ្វើ​ជា​មេបញ្ជាការ​ជើង​ទឹក​ក្នុង​កងទ័ព​ជើង​ទឹក​បម្រុង​របស់​អាមេរិក »។

ខ្ញុំ​បាន​បង្ហាញ​លិខិត​នោះ​ដល់​ភរិយាខ្ញុំ ហ្វ្រេនសេស ហើយ​ពោល​ដោយ​ក្ដី​រីករាយ​ថា « បង​ធ្វើ​បាន​សម្រេច​ហើយ ! បង​ធ្វើ​បាន​សម្រេច​ហើយ ! » គាត់​បាន​ឱប​ខ្ញុំ ហើយ​ពោល​ថា « បង​បាន​ខំ​ល្មម​គ្រប់គ្រាន់​ហើយ​ដើម្បី​ទទួល​បាន​វា » ។

ប៉ុន្តែ​ក្រោយ​មក​មាន​អ្វី​មួយ​បាន​កើត​ឡើង ។ ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​ទី​មួយ​ក្នុង​គណៈប៊ីស្សព​វួដ​របស់​ខ្ញុំ ។ ការ​ប្រជុំ​ក្រុមប្រឹក្សា​របស់​ប៊ីស្សព​ធ្វើ​នៅ​ចំពេល​ល្ងាច​នៃ​ការ​ប្រជុំ​ហ្វឹកហាត់​ទាហាន​ជើង​ទឹក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា វា​គឺជា​បញ្ហាមួយ​ដ៏​ធំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​គ្មាន​ពេល​ដើម្បី​ចាប់​យក​ការធ្វើ​ជា​ទ័ព​ជើង​ទឹក​បម្រុងនិងកាតព្វ​ជា​គណៈប៊ីស្សព​របស់​ខ្ញុំបាន​ឡើយ ។ តើ​ខ្ញុំ​ត្រូវ​ធ្វើដូចម្តេច​ទៅ ? ការសម្រេចចិត្ត​មួយ​ត្រូវតែ​ធ្វើ​ឡើង ។

ខ្ញុំ​បាន​អធិស្ឋាន​ពី​រឿង​នេះ ។ រួច​ខ្ញុំ​បាន​ចេញ​ទៅ​ជួប​នឹង​បុរស​ម្នាក់ ដែល​ជា​ប្រធាន​ស្តេក​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​ក្មេង​គឺ អែលឌើរ ហារ៉ូល ប៊ី លី ( 1899–1973 ) ដែល​ក្រោយ​មក​លោក​បម្រើក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ខ្ញុំ​បាន​អង្គុយចុះនៅ​ពី​មុខ​លោក ។ ខ្ញុំ​បាន​ប្រាប់​លោក​ថា​ខ្ញុំចង់បាន​ការងារនោះខ្លាំងណាស់ ។ ពិតណាស់ ខ្ញុំ​បាន​បង្ហាញ​លោក​ពី​លិខិតតែងតាំងដែល​ខ្ញុំ​បាន​ទទួល ។

illustration of Thomas Monson with President Harold B. Lee

រចនា​រូបភាព​ដោយ ប៉ុល មេន

បន្ទាប់ពី​សញ្ជឹង​គិត​ពី​បញ្ហា​នោះ​មួយ​សន្ទុះមក លោក​បាន​ថ្លែង​មក​កាន់​ខ្ញុំ​ថា « នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ប្អូនប្រុស ម៉នសុន ។ អ្នក​សរសេរ​សំបុត្រ​មួយ​ទៅ​ការិយាល័យ​ផ្នែក​ទ័ព​ជើង​ទឹក ហើយ​ប្រាប់​ពួកគេ​ថា ដោយសារ​ការហៅ​បម្រើ​របស់​អ្នក​ជា​សមាជិក​មួយ​រូប​ក្នុង​គណៈប៊ីស្សព អ្នក​មិន​អាច​ទទួល​យក​ការតែងតាំងនោះ​​ក្នុង​កងទ័ពជើងទឹក​បម្រុង​របស់​អាមេរិក​បាន​ទេ » ។

ខ្ញុំ​មាន​ចិត្ត​សោកស្ដាយ​ជា​ខ្លាំង ។ លោក​បាន​បន្ថែម​ទៀត​ថា « រួច​សរសេរ​ទៅ​មេបញ្ជាការ​នៃ​មណ្ឌល​ទ័ព​ជើង​ទឹក​ទី​ដប់ពីរ​ក្នុង​រដ្ឋ​សាន់ ហ្វ្រានស៊ីស្កូ ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​ចង់​ឈប់​ពី​ការ​បម្រុង​នោះ » ។

ខ្ញុំ​បាន​តប​ថា « អែលឌើរ លី លោក​មិន​យល់​ពី​រឿង​យោធា​នោះ​ទេ ។ ពិតណាស់ ពួកគេ​នឹង​មិន​ផ្ដល់​ឋានៈ​នោះ​ដល់​ខ្ញុំ​ទេ ប្រសិន​បើ​ខ្ញុំ​បដិសេធ​មិន​ទទួល​វា ប៉ុន្តែ​មណ្ឌល​ទ័ព​ជើង​ទឹក​ទី​ដប់ពីរ​នោះ​មិន​យល់​ព្រម​នឹង​ខ្ញុំ​នោះ​ទេ ។ ​ដោយ​មាន​ការ​ចាប់ផ្ដើម​សង្គ្រាម​មួយ​ក្នុង​ប្រទេស​កូរ៉េ មេបញ្ជាការ​ម្នាក់​ដែល​មិន​បាន​ចាត់តាំង​នឹង​ត្រូវ​បាន​ហៅ​​ជា​ប្រាកដ ។ ប្រសិនបើ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ត្រឡប់​ទៅ​វិញ ខ្ញុំ​ចង់​ធ្វើជា​មេបញ្ជការ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​អាច​ឡើយ ប្រសិនបើ​ខ្ញុំ​បដិសេធ​ការ​តែងតាំង​នេះ ។ តើ​អ្នក​ប្រាកដ​ហើយ​មែនទេ ថា​នេះ​គឺជា​ដំបូន្មាន​ដែល​លោក​ចង់​ឲ្យ​ខ្ញុំ​ទទួល ? »

អែលឌើរ លី បាន​ដាក់ដៃ​លើ​ស្មា​ខ្ញុំ ហើយ​ថ្លែង​ដោយ​សេចក្ដី​ស្រឡាញ់​ថា « ប្អូនប្រុស ម៉នសុន ចូរមាន​សេចក្ដីជំនឿ​ឲ្យ​បាន​ច្រើន ។ ការងារ​យោធា​មិនមែន​សម្រាប់ប្អូនទេ » ។

ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំ​បាន​ស៊ក​លិខិតតែងតាំងនោះ​ចូល​ក្នុង​ស្រោម​សំបុត្រ​វិញ​ទាំង​ទឹកភ្នែក ដោយ​ភ្ជាប់​នូវ​លិខិត​មួយ​សរសេរ​បដិសេធ​មិន​ទទួល​យក​វា ។ រួច​ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ទៅ​មណ្ឌល​ជើង​ទឹក​ទី​ដប់ពីរ ហើយ​បាន​សុំ​ឈប់​ពី​ការធ្វើ​ទ័ពជើង​ទឹក​បម្រុង ។

ការ​លាលែងរបស់​ខ្ញុំ​ពី​ទ័ព​ជើង​ទឹក​បម្រុង គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ចុង​ក្រោយ​ដែល​បាន​ដំណើរការ​ពី​មុន​សង្គ្រាម​នៅ​ប្រទេស​កូរ៉េ​បានផ្ទុះ​ឡើង ។ សំលៀក​បំពាក់​ទាហាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្ញុំ​ត្រូវ​បាន​រៀបចំ​ខ្លួន​រួច​ហើយ ។ ប្រាំ​មួយ​សប្ដាហ៍​ក្រោយ​ពី​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ក្នុង​វួដ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​មិន​បាន​កាន់​តួនាទី​ក្នុង​សាសនាចក្រ​ដូច​សព្វថ្ងៃ​នេះ​ឡើយ ប្រសិនបើ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ប្រសិនបើ​ខ្ញុំ​មិន​បាន​អធិស្ឋាន​ពី​ការ​សម្រេចចិត្ត​នោះ បើ​ខ្ញុំ​មិន​បាន​មាន​អំណរគុណ​ចំពោះ​សេចក្ដីពិត​ដ៏​សំខាន់​មួយ​ថា ៖ ជារឿយៗ ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ប្រាកដឡើង​ហាក់​ដូចជា​រឿង​ឆ្កួតលីលា​សម្រាប់​មនុស្ស ។1 ប៉ុន្តែ​មេរៀន​ដ៏​អស្ចារ្យ​បំផុត​តែ​មួយ​គត់​ដែល​យើង​អាច​រៀន​ក្នុង​ជីវិត​រមែងស្លាប់​នេះ​គឺថា នៅ​ពេល​ព្រះ​មាន​បន្ទូល ហើយ​កូនចៅ​ទ្រង់​គោរព​ប្រតិបត្តិតាម ពួកគេ​នឹង​ធ្វើ​រឿងដ៏ត្រឹមត្រូវ​ជានិច្ច ។

មាន​ពាក្យ​មួយ​ឃ្លា​បាន​លើក​ឡើង​ថា ប្រវត្តិសាស្ត្រ​ពឹងផ្អែក​ទៅ​លើ​ការ​សម្រេច​ចិត្ត​តូចៗ រី​ឯ​ជីវិត​របស់​យើង​ក៏​ដូចគ្នា​ដែរ ។ ការសម្រេចចិត្ត​កំណត់​ដល់​ជោគវាសនា ។ ប៉ុន្តែ​យើង​មិនត្រូវបានទុកចោលដោយគ្មាន​ជំនួយ​នៅ​ក្នុងការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឡើយ ។

ប្រសិនបើ​អ្នក​ចង់​ឃើញ​ពន្លឺ​ស្ថានសួគ៌ ប្រសិនបើ​អ្នក​ចង់​មាន​អារម្មណ៍​នៃ​ការបំផុសគំនិត​ពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ប្រសិនបើ​អ្នក​ចង់​មាន​អារម្មណ៍​ដែល​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​កំពុង​ដឹកនាំ​អ្នក សូម​ធ្វើតាម​ពួក​ព្យាការី​របស់​ព្រះ ។ កាល​អ្នក​ធ្វើតាម​ពួក​ព្យាការី អ្នក​នឹង​ស្ថិត​នៅ​ក្នុង​តំបន់​ដ៏​មាន​សុវត្ថិភាព ។

ការ​បង្រៀន​ចេញ​ពី​សារ​លិខិត​នេះ

ពុំ​មាន​សមាជិក​សាសនាចក្រ​ច្រើនទេ ដែល​នឹង​បាន​ទទួល​ដំបូន្មាន​ដោយ​ផ្ទាល់​ពី​សាវក ដូចជា​ប្រធាន ម៉នសុន ឡើយ ។ ប៉ុន្តែ​យើង​នៅ​តែ​អាច​ទទួលបាន​ពរជ័យ កាល​យើង​ធ្វើតាម​ការ​បង្រៀន​របស់​ពួក​ព្យាការី និង ពួក​សាវក ។​ សូម​ពិចារណា​អាន​សុន្ទរកថា​របស់​ប្រធាន ម៉នសុន ក្នុង​សន្និសីទ​ទូទៅទើបតែកន្លងផុតមកនេះ ( សូម​ចងចាំ​ពី​សុន្ទរកថា​បិទ​បើក​របស់​លោក​ផងដែរ ) ។ សូម​រកមើល​ទិសដៅ​ជាក់លាក់ ឬ​ធ្វើ​សកម្មភាព ។ អ្នក​អាច​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​រៀន​ជាមួយ​សមាជិក​ដែល​អ្នក​ទៅ​សួរ​សុខទុក្ខ ហើយ​ពិចារណា​ពី​របៀប​អនុវត្ត​ដំបូន្មាន​របស់​ប្រធាន ម៉នសុន ។

សម្រាប់​យោបល់​នានា​ស្តី​ពី​ការ​បង្រៀន​សារលិខិត​នេះ​សម្រាប់​យុវវ័យ និង កុមារ សូម​មើល​ទំព័រ​ទី 6 ។