២០១៥
គ្រឹះ​នៃ​ជីវិត​ខ្ញុំ
មករា 2015


របៀប​ដែល​ខ្ញុំ​ដឹង

គ្រឹះនៃជីវិត​ខ្ញុំ

អ្នក​និពន្ធ​រស់នៅ​ទីក្រុង អ៊ីរេឃ្វីប៉ា ប្រទេស​ប៉េរូ ។

ខ្ញុំ​បាន​ដឹង​ពី​ការបម្រើ​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ប៉ុន្តែ​តើ​ទ្រង់​ពិតជា​បាន​យាង​ទៅ​ទ្វីប​អាមេរិក​មែន​ឬ ?

កាល​ខ្ញុំ​ឈានចូលវ័យ 18 ឆ្នាំ ឪពុកខ្ញុំ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ក្នុង​ព្រះវិហារ​ណា​ក៏បាន តាមចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ចូលរួម​នឹង​ព្រះវិហារ​គ្រីស្ទាន​មួយ ដោយសារ​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​ប៊ីប​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ​ចំនួន ហើយ​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

មាន​ថ្ងៃ​មួយ​ពូ​របស់​ខ្ញុំ​បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​ពីរ​នាក់​មក​ផ្ទះ​របស់​យើង ។ ពួកគេ​បាន​និយាយ​ដោយ​មាន​ភាពជឿជាក់​យ៉ាង​ខ្លាំង អំពី​ជំនឿ​របស់​ពួកគេ​លើ​ព្រះគម្ពីរ​មរមន​ដែល​ជា​សក្ខីបទ​មួយ​ទៀត​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ថ្លែង​ថា ទ្រង់​បាន​យាង​ទៅ​ទ្វីបអាមេរិក ។

នៅ​ត្រង់​ចំណុច​នោះ ខ្ញុំ​បាន​សម្ដែង​នូវ​ទស្សនៈ​ខ្ញុំ​ថា ប្រហែលជា​ពួកគេ​យល់​ខុស​ហើយ ដោយសារ​នៅ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ពុំ​ធ្លាប់​បាន​សិក្សា​ពី​រឿង​ដូចនោះសោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​ម្នាក់​បាន​និយាយ​មក​កាន់​ខ្ញុំ​ទាំង​ទឹកភ្នែក និង​ដោយ​ទន់ភ្លន់​ថា « បងប្រុស រ៉ូប៊ើរតូ កាលដែលបងប្រុស​មិន​បាន​ដឹង​ថា​ព្រះ​គម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត នោះ​មិន​មែន​មាន​ន័យ​ថា​យើង​យល់​ខុស​នោះ​ទេ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង ហើយ​ថា​ទ្រង់​បាន​យាងទៅដែនដីនោះ ហើយ​ថា​ទ្រង់​បាន​បង្រៀន​ដំណឹងល្អ​ទ្រង់ ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ក្នុង​ដែនដី​បរិសុទ្ធ​ដែរ » ។

ពួកគេ​បាន​ព្យាយាម​ជួយ​ខ្ញុំ​ជាមួយ​នឹង​កង្វល់ និង ការសង្ស័យ​ជាច្រើន​របស់​ខ្ញុំ​នៅ​ក្នុង​ការពិភាក្សា​ដំបូង ដោយ​យល់ស្រប​ថា ពួកគេ​នឹង​មក​ជួប​ខ្ញុំ​នៅ​សប្ដាហ៍​ក្រោយ​ទៀត ។

នៅ​យប់​នោះ​ខ្ញុំ​បាន​ចាប់ផ្ដើម​បើក​ព្រះគម្ពីរ​មរមន​អាន ។ កាល​ខ្ញុំ​អាន​ទំព័រ​ចំណងជើង មាន​ពាក្យ​មួយ​ឃ្លា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ៖ « ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ។ ខ្ញុំ​ក៏​បាន​អាន​នៅ​ក្នុង​នីហ្វៃ​ទី 3 11 អំពី​ការយាង​ទៅ​ទ្វីប​អាមេរិក​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ហើយ​ខ្ញុំ​បាន​មានភាពរីករាយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ ៖ ខ្ញុំ​បាន​លុត​ជង្គង់ ហើយ​ទូល​សួរ​ព្រះវរបិតាសួគ៌​ខ្ញុំ ថា​តើ​ព្រះគម្ពីរ​នេះ​ពិត​ដែរ​ឬ​ទេ ។

កាល​ខ្ញុំ​បាន​បញ្ចប់​ការអធិស្ឋាន ខ្ញុំ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​សុខសាន្ត និង ការបញ្ជាក់​អះអាង​ថា ព្រះគម្ពីរ​នេះ​គឺជា​ព្រះ​គម្ពីរ​ពិត​មែន ។ ខ្ញុំ​បាន​គិត​មួយ​សន្ទុះ​ថា ទឹកភ្នែក​របស់​ស៊ិស្ទើរ​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្តរំភើប ហើយ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ជឿ​លើ​ទីបន្ទាល់​របស់​ពួកគេ ។ ដូច្នេះ​ខ្ញុំ​បាន​បន្ត​អាន​ព្រះគម្ពីរ​មរមន​រហូត​ដល់​ម៉ោង 4:00 ជាង​នៅ​ពេល​ព្រឹក ។ រាល់​ពេល​ដែល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​ទទួល​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើងៗ នូវ​ការបញ្ជាក់​ថា ព្រះគ្រីស្ទ​បាន​យាង​ទៅ​ទ្វីប​អាមេរិក ហើយ​ថា​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​រៀន​ពី​ដំណឹងល្អ​ដ៏​ពិត​របស់​ទ្រង់ ។

ក្នុង​រយៈពេល​តែ​ប៉ុន្មា​ន​សប្ដាហ៍ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់​ទាំងស្រុង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​ជ្រមុជទឹក​ចូល​ទៅ​ក្នុង​សាសនាចក្រ​ដ៏​ពិត​នេះ ។

ការ​អានព្រះគម្ពីរ​មរមន​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ទៅ​ជា​គ្រឹះ​នៃ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ណាស់ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​នោះ និង​សាសនាចក្រ​របស់​ទ្រង់​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ។