២០១៥
គ្រឿងសឹកសម្ងាត់
មករា 2015


គ្រឿងសឹកសម្ងាត់

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

មនុស្ស​គ្រប់​គ្នា​បាន​មើល​ស្រាល​នូវ​អ្វី​ដែល អាយវី អាច​ធ្វើ ។

« ឲ្យ​នូវ​អ្វី​ដែល​យើង​អាច​ផ្ដល់​ឲ្យ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ 116 ) ។

« តែ​ពុំមែន​ជា​អាយវី​នោះ​ទេ ! នាង​ជា​ក្មេង​ស្រី ម្នាក់ » ប្រេឌិន បាន​ខ្សឹប​ប្រាប់​ពី​ក្រោយ​ខ្នង អ័ដាម ។

តែ អ័ដាម គឺជា​ប្រធាន​ក្រុម​កីឡាបាល់គប់សម្រាប់​ថ្ងៃ​នោះ ហើយ​គាត់​បាន​ធ្វើ​ការ​ជ្រើសរើស​របស់​គាត់ ។ គាត់​បាន​និយាយ​ឮៗ​ម្ដង​ហើយ​ម្ដង​ទៀត​ថា « ខ្ញុំ​រើស​យកអាយវី » ។ ថៃលើ ជាប្រធានក្រុម​ម្ខាង​ទៀត បាន​ញញឹម​បែប​ចំអក ។ សូម្បី​តែ​គ្រូ​បង្វឹក​ឈ្មោះ ហ្គាសៀយ៉ា ក៏ភ្ញាក់ផ្អើលនឹង​ការ​រើសមនុស្ស​ទី​ពីរ​របស់​អ័ដាម​ដែរ ។

អាយវី ក៏​មានទឹកមុខ​ភ្ញាក់ផ្អើល​​ដែរ រួចដើរចេញទាំង​អៀន ។ ប្រេឌិន បានត្អូញត្អែរ ។

អាយវី មិន​ដូចជា​ក្មេងស្រី​ដទៃ​ទៀត​ទេ ។ នាង​គឺជា​ក្មេង​ស្រី​មាន​មាឌ​ល្អិត​ជាងគេ​នៅ​ក្នុង​ថ្នាក់ ។ នាង​មើល​ទៅដូច​មិន​សូវរហ័សរហួនសោះ ហើយ​បាល់​នោះ​ហាក់ដូចជា​ធំ​ជាង​ខ្លួន​នាង​ទៅ​ទៀត ។ កាល អាយវី បាន​ដើរ​មក នោះ ប្រេឌិន បាន​ពោល​ថា « នាង​ប្រហែលជា​លើក​បាល់​មិន​រួច​ផង តាម​មើល​ទៅ » ។

ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ភាពជឿជាក់ អ័ដាម បាន​ពោល​ថា « ប្រហែលជា​នាង​អាច​ក្លាយ​គ្រឿងសឹកសម្ងាត់​របស់​យើង​បាន » ។ ប៉ុន្តែ​នោះ​ពុំមែន​ជា​ហេតុផល​ដែល​គាត់​បាន​រើស​នាង​នោះ​ទេ ។ មាន​គ្រាមួយ អាយវី ធ្លាប់​ប្រាប់ អ័ដាម ថា​នាង​មិន​ចូលចិត្ត​លេង​កីឡា​ទេ ដោយសារ​នាង​តែងតែ​រើស​ឲ្យ​លេង​ក្រោយ​គេ​ជានិច្ច ។ ពួក​ក្មេងប្រុស​ដទៃ​ទៀត​បាន​ចំអន់ អាយវី ប៉ុន្តែ​ឪពុកម្ដាយ​របស់​អ័ដាម​បាន​ប្រាប់​គាត់​ថា ក្មេងប្រុស​គួរ​បង្ហាញការ​គោរព​ដល់​ក្មេង​ស្រី ។ ដូច្នេះ​ទើប​គាត់​រើស អាយវី ។ នៅ​ពេល​គាត់​ឃើញ ថៃលើ រើស​ក្មេង​ប្រុស​មាឌ​ធំ​ជាង​គេ​ក្នុង​ថ្នាក់ អ័ដាម បាន​សង្ឃឹម​ថា គាត់​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ។

បន្ទប់ពី​មនុស្ស​គ្រប់​គ្នា​មាន​ក្រុម​របស់​ខ្លួន​មក គ្រូបង្វឹក ​ហ្គាសៀយ៉ាបាន​ភ្លុំ​កញ្ចែ ហើយ​ក្រុម​ទាំង​ពីរ​បាន​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាងៗ​នៃ​ទីលាន​ប្រកួត ។ គ្រូបង្វឹក ហ្គាសៀយ៉ា បាន​ហុចបាល់​ឲ្យ​ទៅ​ថៃលើ ហើយ​ថៃលើ​បាន​សម្លឹង​មក​មើល​ក្រុម​អ័ដាម​ពី​មុន​គាត់សម្លឹងភ្នែកដាក់​លើ​អាយវី ។ គាត់​បាន​យា​ដៃ​មកក្រោយ ហើយ​ចោល​បាល់ ។

រំពេចនោះ ! បាល់នោះ​បាន​ត្រូវ​នឹង​ដី ហើយ​លោត​គ្មាន​ប៉ះនរណា​ម្នាក់​ឡើយ ។ អ័ដាម បាន​ព្រិច​ភ្នែក ។ អាយវី បានគេចខ្លួនផុតទាន់​ពេល ។ មនុស្ស​គ្រប់​គ្នា​ជុំវិញ​គាត់​ហាក់ដូចជា​ភ្ញាក់ផ្អើល ប៉ុន្តែ​អ័ដាម​បាន​ញញឹម ។ ប្រហែលជា​ការ​រើស​យក អាយវី ពិត​ជា​គំនិត​មួយ​ដ៏​ល្អ ។

ការប្រកួត​នោះ​បាន​បន្ត ។ ថៃលើ បាន​ព្យាយាម​គប់បាល់ឲ្យ​ចំ​អាយវី ប៉ុន្តែ​នាង​ចេះ​តែ​គេច​រួច​ខ្លួន​ផុត​ជានិច្ច ។ គ្មាន​នរណាម្នាក់​ចោល​បាល់​ចំ​នាង​ឡើយ ។ ដោយ​ថៃលើ និង មិត្ត​រួមក្រុម​គាត់​មួយ​ចំនួន​រវល់​តែ​ព្យាយាម​ធ្វើ​ឲ្យ​អាយវី​ចេញ នោះ​ពួកគេ​មិន​បាន​ផ្ដោត​ទៅ​លើ​អ្នក​ផ្សេង​ទៀត​ទេ ។ អ័ដាម​បាន​ញញឹម — តាមពិតទៅ មាឌ​របស់​អាយវី​បាន​ធ្វើ​ឲ្យ​ការលេង​កីឡាបាល់គប់​របស់​នាង​កាន់តែ​មាន​ភាព ប្រសើរ ដោយសារ​នាង​មាន​មាឌតូច ហើយ​លឿន នោះ​ពួកគេ​ពិបាក​នឹង​ចោល​ត្រូវ​នាង​ណាស់ ។

នៅ​ទីបំផុត ក្រុម​អ័ដាម​បាន​ឈ្នះ​ការប្រកួត​នោះ ។ ប្រេឌិន បាន​ពោល​ថា « ពិតជា​គ្រឿងសឹកសម្ងាត់​មែន » ។ « អាយវី​លេង​បាន​ល្អ​ណាស់ » ។

ថៃលើ បាន​ពោល​ថា « មែនហើយ » ។ « លើក​ក្រោយ នាង​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ ។​ យើង​នឹង​ឈ្នះ​ជា​ពុំ​ខាន​ឡើយ ! » ។ អាយវី​បាន​ញញឹម កាល​នាង​ដើរ​ត្រឡប់​ទៅ​ថ្នាក់​វិញ ដោយ​មាន​មិត្ត​រួម​ក្រុម​ទ័ព្ធ​ជុំវិញ ។

អ័ដាម​ញញឹម​មិន​ឈប់ កាល​គាត់​បាន​ដើរ​ពី​ក្រោយ​ក្រុម។ ​គាត់​បាន​ធ្វើ​ល្អ​ចំពោះ​អាយវី ហើយ​គាត់​បាន​ជួយ​ក្មេង​ប្រុស​ដទៃ​ទៀត​ឲ្យ​គោរព​ដល់​ក្មេង​ស្រី​បន្ថែម​ទៀត ។ គ្រឿងសឹកសម្ងាត់​ដ៏​អស្ចារ្យ​បំផុត​គឺពុំ​មាន​អ្វី​ដែល​អស្ចារ្យ​នោះ​ទេ — វា​គ្រាន់តែ​ជា​ការមាន​សណ្ដានចិត្ត​ល្អ​ប៉ុណ្ណោះ ។