យើងបានដើរតាមផ្លូវនោះ
រុត ឌេ អូលីវីរ៉ា ម៉ាកូលីណូ រីយ៉ូ ហ្គ្រង់ ដូ ន័រតេ ប្រទេសប្រេស៊ីល
នៅតំបន់ចុងក្រោយក្នុងបេសកកម្មខ្ញុំ ដៃគូខ្ញុំ និង ខ្ញុំបានបម្រើនៅក្នុងភូមិចំនួនពីរ ដែលមានទីតាំងនៅក្នុងរដ្ឋសៅ ផាឡូ ប្រទេសប្រេស៊ីល ។ នៅចន្លោះភូមិទាំងពីរនោះមានផ្លូវវាងមួយកាត់តាមព្រៃ ដែលយើងពុំធ្លាប់ធ្វើដំណើរតាមផ្លូវនោះពីមុនមកឡើយ ដោយសារយើងមានអារម្មណ៍អាចមានភាពគ្រោះថ្នាក់ ហើយទំនងដូចជាគ្មាននរណាម្នាក់ធ្វើដំណើរតាមផ្លូវនោះឡើយ ។
នៅរសៀលមួយ កាលយើងហៀបនឹងទៅដល់ផ្លូវវាងនោះ ព្រះវិញ្ញាណបរិសុទ្ធបានប៉ះដួងចិត្តខ្ញុំ ដោយប្រាប់ខ្ញុំថា យើងគួរចូលទៅក្នុងព្រៃនោះ ។ ខ្ញុំមើលមុខអែលឌើរ អង់ឌ្រេដ ហើយប្រាប់គាត់ពីអារម្មណ៍ដែលខ្ញុំទើបតែទទួលបាន ។ គាត់បានប្រាប់ខ្ញុំថា គាត់ក៏មានអារម្មណ៍ដូចគ្នាដែរ ។
កាលយើងបានចាប់ផ្ដើមចុះតាមផ្លូវដែលមិនស្គាល់នោះមិនយូរប៉ុន្មាន យើងបានឃើញស្ត្រីម្នាក់កំពុងដើរមករកយើង ។ ផ្លូវនោះតូចណាស់ ហើយកាលយើងបានដើរកាត់គាត់ យើងបានឃើញថា គាត់កំពុងតែយំ ។
កាលគាត់បានងើយមុខឡើង គាត់បានអញ្ជើញយើងឲ្យមកតាមគាត់ទៅផ្ទះរបស់គាត់ ដើម្បីទៅជួបនឹងស្វាមីរបស់គាត់ ។ ភ្លាមនោះ យើងបានចាប់ផ្ដើមបង្រៀនដំណឹងល្អដល់ប្ដីប្រពន្ធមួយគូនេះ ។ បន្ទាប់ពីពីរបីសប្ដាហ៍មក យើងបានអញ្ជើញពួកគេឲ្យទទួលបុណ្យជ្រមុជទឹក ។ យើងបានរីករាយយ៉ាងខ្លាំង កាលពួកគាត់បានទទួលយកដោយក្ដីរីករាយ ដោយសារវួដពុំបានធ្វើបុណ្យជ្រមុជទឹកអស់រយៈពេលមួយឆ្នាំហើយ ។ យើងមានអំណរគុណដែលយើងបានធ្វើតាមការបំផុសគំនិតឲ្យចូលតាមផ្លូវនោះនៅថ្ងៃនោះ ។
ប៉ុន្តែពីមុនពិធីបុណជ្រមុជទឹករបស់ពួកគាត់បន្ដិច ស្ត្រីដែលជាភរិយាបានពោលថា គាត់ចង់និយាយនឹងពួកយើង ។ គាត់បានពោលថា អស់រយៈពេលជាច្រើនឆ្នាំហើយ គាត់ធ្លាប់មានសុបិនមួយម្ដងហើយម្ដងទៀត ។ នៅក្នុងសុបិនរបស់គាត់ គាត់បានឃើញថាគាត់កំពុងរង់ចាំនៅត្រង់ចំណុចកណ្ដាលនៃរដ្ឋសៅ ផាឡូ ។ មានបុរសចំណាស់ម្នាក់បានដើរមករកគាត់ ហើយប្រាប់ថា យុវជនពីរនាក់នឹងមកផ្លាស់ប្ដូរជីវិតគាត់ ។ រួចគាត់បានឃើញយុវជនពីរនាក់ដើរមក ប៉ុន្តែសុបិនរបស់គាត់តែងតែបញ្ចប់នៅត្រង់ចំណុចនេះ ។
មានថ្ងៃមួយកាលពីពីរបីសប្ដាហ៍មុន កាលគាត់កំពុងតែបោសសម្អាតផ្ទះ គាត់បានឮសំឡេងមួយប្រាប់គាត់ថា យុវជនពីរនាក់នោះកំពុងតែមកហើយ ហើយថាគាត់ត្រូវចេញទៅផ្លូវវាងនោះភ្លាម ជាកន្លែងដែលយើងបានជួបគាត់ដំបូង ។ ដោយមិនបានយល់ពីការបំផុសគំនិត ប៉ុន្តែចង់ដឹងពីចម្លើយចំពោះសុបិនរបស់គាត់ គាត់បានទម្លាក់អំបោសគាត់ចុះ ហើយដើរទៅផ្លូវនោះ ។
កាលដែលគាត់កំពុងដើរ រូបភាពនៃសុបិនរបស់គាត់បានផុសឡើងក្នុងគំនិតគាត់ ដូចជានៅក្នុងខ្សែភាពយន្តមួយដែលបញ្ចប់នៅត្រង់ឈុតឆាកដែលនៅទីបំផុតគាត់បានឃើញមុខរបស់យុវជនទាំងពីរនាក់នោះ ។ គាត់ក៏បានឃើញថា ពួកគេទាំងពីរនាក់មានពាក់ស្លាកឈ្មោះពណ៌ខ្មៅផងដែរ ។ មួយសន្ទុះក្រោយមក គាត់បានពោលថា អែលឌើរ អង់ឌ្រេដ និង ខ្ញុំបានលេចឡើងនៅចំពោះមុខគាត់នៅលើផ្លូវនោះ ។ គាត់មានអារម្មណ៍រំភើបជាខ្លាំង ហើយគាត់មិនអាចទប់ខ្លួនឯងមិនឲ្យយំបានឡើយ ។
នៅសព្វថ្ងៃនេះ ដោយចងចាំពីបទពិសោធន៍ដ៏ពិសិដ្ឋនោះ ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយបានឃើញនៅក្នុងគំនិតខ្ញុំជាថ្មីម្ដងទៀតនូវទឹកមុខដែលពោរពេញដោយទឹកភ្នែករបស់បងស្រីនោះ ដែលបានឱបក្រសោបយកដំណឹងល្អ ។ វាគឺជាសំណាងល្អណាស់ ដែលដៃគូខ្ញុំ និង ខ្ញុំមានអារម្មណ៍ និង ភាពក្លាហានដើម្បីដើរតាមផ្លូវដែលព្រះអម្ចាស់បានប្រាប់ដល់យើងនៅថ្ងៃនោះ ។