២០១៥
ផ្ល័ររ៉ា និង ខ្ញុំ ៖ ដៃគូ​ស្មើភាព​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់
មករា 2015


ផ្ល័ររ៉ា និង ខ្ញុំ ៖ដៃគូ​ស្មើភាព​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់

កាល​យើង​រៀន​ពី​ភាព​ជា​ដៃគូ​ដែល​ចេះ​ជួយ​គ្នា និងចេះ​ស្រឡាញ់​គ្នា ដែល​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​រីករាយ​ជាមួយ​នឹង​ភរិយា​លោក ផ្ល័ររ៉ា នោះ​យើង​ទទួលបាន​ការយល់ដឹង​ដ៏​ស៊ី​ជម្រៅ​មួយ​ពី​ការបម្រើ​របស់​លោក ។

"President Ezra Taft Benson and Sister Flora Smith Amussen Benson riding in a car that says ""Just Married 50 Years"" on the door."

ពេល​ខ្លះ ប្រសិនបើ​យើង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​ឃ្លា​ដ៏​ខ្លី​មួយ​អាច​មាន​ឥទ្ធិពល​ដូចជា​ទេសនកថា​មួយ​ដែរ ។ ដូចជា​ករណី​ថ្ងៃ​ទី 11 ខែ វិច្ឆិកា ឆ្នាំ 1985 ។ ឃ្លា​នោះ​គឺ « ផ្ល័ររ៉ា និង ខ្ញុំ » ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) បាន​អាន​ពាក្យពេចន៍​ទាំង​នោះ​ជា​ផ្នែក​នៃ​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​បាន​រៀបចំ​សម្រាប់​ពួក​អ្នក​សារ​ព័ត៌មាន នៅ​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវបាន​ធ្វើ​ពិធី​ញែក​ចេញ​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895​–1985 ) បាន​ទទួល​មរណភាព​កាល​ពី​ប្រាំ​មួយ​ថ្ងៃ​មុន ដោយ​បន្សល់​ទុក​ឲ្យ​ប្រធាន ប៊ែនសឹន ជា​សាវក​រៀម​ច្បង ។

​ប្រធាន ប៊ែនសឹន និង ភរិយា​លោក ផ្ល័ររ៉ា បាន​នៅ​ជាមួយ​គ្នា កាល​ពួក​លោក​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​ប្រធាន ឃឹមបឹល ហើយ​ពួកលោក « បាន​លុត​ជង្គង់​ចុះ​ភ្លាម » ដើម្បី​អធិស្ឋាន ។1 ឥឡូវនេះ នៅ​ក្នុង​ឃ្លា​ទី​មួយ​នៃ​សេចក្ដី​ថ្លែងការណ៍​ដែល​នឹង​ត្រូវបាន​បោះពុម្ពផ្សាយ​ពាសពេញ​ពិភពលោក ប្រធាន ប៊ែនសឹន បាន​បន្ទាបខ្លួន​លោក​នៅ​ក្បែរ ផ្ល័ររ៉ា ជា​ថ្មី​ម្ដង​ទៀត ។ លោក​បាន​ថ្លែង​ថា ៖ « នេះ​គឺ​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ជាមុន ។ ភរិយា​ខ្ញុំ ផ្ល័ររ៉ា និង ខ្ញុំ​បាន​អធិស្ឋាន​ជានិច្ច​សូម​ឲ្យ​ប្រធាន ឃឹមបឹល មាន​អាយុ​វែង​រស់នៅ​លើ​ផែនដី​នេះ ហើយ​សូម​ឲ្យ​អព្ភូតហេតុ​មួយ​ទៀត​បាន​កើតឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​លោក ។ ឥឡូវនេះ ដោយសារ​ព្រះអម្ចាស់​បាន​មាន​បន្ទូល យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដោយស្ថិតនៅក្រោមការដឹកនាំ​របស់​ទ្រង់ ដើម្បី​ជម្រុញ​កិច្ចការ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផែនដី » ។2

បន្ទាប់ពី​រៀបការ​បាន 59 ឆ្នាំ ប្រយោគ​ថា « ផ្ល័ររ៉ា និង ខ្ញុំ » បាន​កើត​មាន​ដោយ​ឯកឯង​ចំពោះ​ប្រធាន ប៊ែនសឹន ។ ហើយ​កាល​លោក​ថ្លែង​ថា « យើង​នឹងធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដោយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ដើម្បី​ជម្រុញ​កិច្ចការ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផែនដី » លោក​មិន​បាន​ប្រើ​ពាក្យ​ថា ​យើង​ដើម្បី​សំដៅ​ទៅ​លើ​ខ្លួន​លោក និង ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ប្រាកដ​ជា​នឹង​រួបរួម​ជាមួយ​នឹង​ពួកគាត់ ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​របស់​សាសនាចក្រ​បាន​លើក​ឡើង​ពី​ការ​រួបរួម​នឹង​ភរិយា​លោក​ក្នុង​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។

ហេតុអ្វី​លោក​ធ្វើ​ដូច្នេះ ? លោក និង ផ្ល័ររ៉ា បាន​រួបរួមគ្នា​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ជិត​ប្រាំ​មួយ​ទសវត្សរ៍​មក​ហើយ ។ ខណៈដែល​ផ្នែក​ជាច្រើន​នៅ​ក្នុង​ជីវិត​ពួកលោក​បាន​ផ្លាស់ប្ដូរ​ជា​ច្រើន​ឆ្នាំ​ក្ដី ភាពជាដៃគូ​របស់​ពួកលោក​បាន​ក្លាយ​ជា​ប្រភព​នៃ​កម្លាំង​ដ៏​ខ្ជាប់ខ្ជួន​សម្រាប់​ពួកលោក​ទាំង​ពីរនាក់ ។

នៅ​ឆ្នាំ​នេះ​វគ្គសិក្សា​សម្រាប់​បងប្អូនស្រី​ថ្នាក់​សមាគម​សង្គ្រោះ និង ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ដាក់​បញ្ចូល​នូវ​ឱកាស​មួយ​ដើម្បី​រៀន​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ នៅ​ពេល​អ្នក​សិក្សា​ការ​បង្រៀន​របស់​លោក អ្នក​អាច​នឹង​ទទួល​អារម្មណ៍​លើក​ទឹក​ចិត្ត​ដើម្បី​រៀន​ពី​បុគ្គលិក​លក្ខណៈ​របស់​លោក ។ អត្ថបទ​នេះ​ផ្ដល់​នូវ​ការសំដែងឲ្យឃើញមួយ​ចំនួន​នៅ​ក្នុង​ឆាក​ជីវិត និង កិច្ចការ​បម្រើ​របស់​លោក តាមរយៈ​ទស្សនៈ​របស់​ភរិយា​លោក ផ្ល័ររ៉ា អាំម៉្ញូសិន ប៊ែនសឹន ។ រាល់​ជំពូក និង លេខ​ទំព័រ​ក្នុង​អត្ថបទ​នេះ​យោង​ទៅ​លើ Teachings of Presidents of the Church: Ezra Taft Benson ។

« ខ្ញុំ​ចង់​រៀបការ​នឹង​បុរសកសិករម្នាក់ »

នារដូវ​ស្លឹកឈើ​ជ្រុះ​ក្នុង​ឆ្នាំ 1920 អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​មាន​វ័យ 21 ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​កសិដ្ឋាន​គ្រួសារ​គាត់​នៅ​ទីក្រុង វីតនី រដ្ឋ​អៃដាហូ ស.រ.អា. ទៅកាន់​ទីក្រុង​ឡូហ្គិន រដ្ឋ​យូថាហ៍ ជា​កន្លែង​ដែល​គាត់​ចូល​រៀន​នៅ​មហាវិទ្យាល័យ​កសិកម្ម​យូថាហ៍ ( សព្វថ្ងៃ​នេះ​ជា សាកលវិទ្យាល័យ​រដ្ឋយូថាហ៍ ) ។ មាន​ថ្ងៃ​មួយ កាល​គាត់​នៅ​ជាមួយ​មិត្ត​មួយ​ចំនួន​ក្នុង​បរិវេណ​សាលា គាត់​បាន​ចាប់ចិត្ត​នឹង​យុវនារី​ម្នាក់ ។ ក្រោយមក គាត់​បាន​នៅ​ចាំ​ថា ៖

« យើង​បាន​នៅ​ក្បែរកន្លែង​លក់ទឹកដោះ​គោ​មួយ កាល​យុវនារី​ម្នាក់ — ដែល​មាន​រូបឆោម​ស្រស់​ស្អាត — បាន​បើក​ឡាន​តូច​មួយ​សំដៅ​មក​កន្លែង​លក់នោះ​ដើម្បី​ទិញ​ទឹក​ដោះគោ ។ កាល​ពួក​ប្រុសៗ​បាន​គ្រវី​ដៃ​ដាក់​នាង នាង​បាន​គ្រវី​ដៃ​តប​វិញ ។ ខ្ញុំ​បាន​សួរ​ថា ‹ តើ​នាង​ជា​នរណា​ទៅ ? › ពួកគេ​តប​ថា ‹ នាង​ឈ្មោះ ផ្ល័ររ៉ា អាំម៉្ញូសិន › ។

« ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ‹ ពួកឯង​ដឹង​ទេ គ្នា​មាន​អារម្មណ៍​ថា គ្នា​នឹង​រៀបការ​ជាមួយ​នឹង​នាង ›» ។

មិត្ត​របស់​អ៊ែសរ៉ា​បាន​នាំ​គ្នា​សើច​ចំពោះ​ការនិយាយ​បែប​នេះ ។ ពួកគេ​បាន​តបថា « នាង​ស្អាត​ពេក​ហើយ​សម្រាប់​ប្រុស​ដែល​ជា​កសិករ » ។ តើ​គាត់​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ដែរ ? « វា​ធ្វើ​ឲ្យអ្វីៗទាំងអស់​កាន់តែ​មានភាពចាប់​អារម្មណ៍ » ។3

មិត្ត​របស់​អ៊ែសរ៉ា​មិនគួរ​វិនិច្ឆ័យ​ខុស​ទៅ​លើ ផ្ល័ររ៉ា អាំម៉្ញូសិន ឡើយ ។ ចាប់តាំង​ពី​នាង​មាន​វ័យ​ជំទង់ នាង​បាន​ឃើញ​នូវបុគ្គលលក្ខណៈពិសេស​មួយ​របស់​បុរស​ដែល​ធ្វើ​ការនៅ​តាម​វាលស្រែ ។ មាន​ថ្ងៃ​មួយ​កាល​ម្ដាយ​នាង​ឈ្មោះ បាបារ៉ា បាន​ប្រាប់​នាង​ថា « នាង​មិន​អាច​ទទួលបាន​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​សិរីល្អ​ដោយ​គ្មាន​អាពាហ៍ពិពាហ៍​សេឡេស្ទាល​បាន​ទេ នោះ ផ្ល័ររ៉ា បាន​តប​ទៅ​វិញ​ដោយ​មាន​ការគិតគូរ​មួយ​ចំនួន​ថា ‹ ដូច្នេះ​កូន​សុខ​ចិត្ត​រៀបការ​នឹង​បុរស​ដែល​ក្រ​ខាងទ្រព្យសម្បត្តិ ប៉ុន្តែ​បរិបូរណ៌​ផ្នែក​វិញ្ញាណ ដើម្បី​យើង​អាច​បាន​អ្វី​ដែល​យើង​ចង់​បាន​រួម​គ្នា › ។ នាង​បាន​ឈប់​មួយ​សន្ទុះ រួច​បាន​បន្ថែម​ទៀត​ថា ‹ កូន​ចង់​រៀបការ​នឹង​បុរសកសិករ​ម្នាក់ ›» ។4

ក្រោយ​មក ផ្ល័ររ៉ា និង អ៊ែសរ៉ា បាន​ជួប​គ្នា​ក្នុង​ឆ្នាំ 1920 ហើយ​មិន​យូរប៉ុន្មាន មិត្ត​ភាព​របស់​ពួកគេ​បាន​ក្លាយ​ទៅ​ជា​សេចក្ដី​ស្នេហា ។ ផ្ល័ររ៉ា បាន​ដឹង​ថា អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន គឺ​ជា​យុវជន​ម្នាក់​ដែល​បាន​ចាប់ផ្ដើម​ប្រមូល​នូវ​ភាពបរិបូរណ៍​ខាង​វិញ្ញាណ​ដែល​នាង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​បំផុត ។ ហើយ​ដូច​ដែល​នាង​បាន​រំពឹងទុក ឫសគល់​នៃ​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់​បាន​ចាក់​ឫស​យ៉ាងជ្រៅ​ទៅ​ក្នុង​ដី​នៃ​កសិដ្ឋាន​គ្រួសារ​របស់​គាត់ ។

ដើម្បី​អាន​ពី​របៀប​ដែល​ជីវិត​រស់នៅ​ក្នុង​កសិដ្ឋាន​បាន​ពង្រឹង​ដល់​បុគ្គលិក​លក្ខណៈ​របស់​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន សូមមើល Teachings of Presidents of the Church: Ezra Taft Benson ទំព័រ 2–5 ។

ការ​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​ព្រះ​មុនគេបង្អស់

កាល​ផ្ល័ររ៉ា និង អ៊ែសរ៉ា កំពុង​ចាប់ផ្ដើម​រៀន​យល់​ចិត្ត​ ​គ្នា​ទៅ​វិញ​ទៅ​មក ពួកគេ​បាន​ដឹងថា ពួកគេ​ត្រូវ​បែកចេញ​ពី​គ្នា​រយៈពេល​ពីរ​ឆ្នាំ ។ អ៊ែសរ៉ា បាន​ទទួល​ការហៅ​មួយ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​អង់គ្លេស ។ គាត់ និង ផ្ល័ររ៉ា មាន​ចិត្ត​រំភើប​រីករាយ​ចំពោះ​ឱកាស​ដើម្បី​បម្រើ ហើយ​ពួកគេ « បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​របស់​ពួកគេ ។ ពួកគេ​ចង់​ឲ្យ​មិត្តភាព​របស់​ពួកគេ​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ពួកគេ​ក៏​ដឹង​ពី​សេចក្ដី​ត្រូវការ​សម្រាប់​អ៊ែសរ៉ា ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​មាន​ការលះបង់​ខ្ពស់​ផង​ដែរ ។ លោក​បាន​ថ្លែង​ថា ‹ ពីមុន​ខ្ញុំ​ឃ្លាត​ទៅ ផ្ល័ររ៉ា និង ខ្ញុំ​បាន​សម្រេចចិត្ត​សរសេរ [ សំបុត្រ ] តែ​មួយ​ខែ​ម្ដង​ប៉ុណ្ណោះ › ។ ‹ យើង​ក៏​បាន​សម្រេច​ចិត្ត​ថា សំបុត្រ​របស់​យើង​នឹង​ជា​ការ​លើកទឹកចិត្ត ​ទំនុក​ចិត្ត និង ដំណឹង​ផ្សេងៗ ។ យើង​បាន​ធ្វើ​ដូច្នេះមែន ›» ។5

ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​តាម​របៀប​នេះ ពួកគេ​បាន​ធ្វើ​ជា​គំរូ​ពី​សេចក្ដីពិត​មួយ​ដែល​អ៊ែសរ៉ា បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​ច្រើន​ឆ្នាំ​ក្រោយ​មក​ថា ៖​ « កាល​យើង​ដាក់​ព្រះ​មុនគេបង្អស់ យើង​នឹង​ដឹង​ពី​អ្វី​ដែល​សំខាន់ ឬ​អ្វី​ដែល​មិន​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ជេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេល​វេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​ខំប្រឹងស្វែងរក និង លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង » ។6

កាល​អ៊ែសរ៉ា​ជិត​បញ្ចប់​បេសកកម្ម​របស់​គាត់ គាត់ និង ផ្ល័ររ៉ា បាន​ទន្ទឹង​រង់ចាំ​ការ​ឃើញ​មុខ​គ្នា​ជា​ថ្មី​វិញ ។ ប៉ុន្តែ ផ្ល័ររ៉ា « បាន​ធ្វើ​លើស​ពី​ការទន្ទឹង​រង់ចាំ​ការ​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​គាត់​ទៅ​ទៀត ។ នាង​ពិត​ជា​បាន​ទន្ទឹង​រង់ចាំ — ចំពោះ​អនាគត និង សក្ដានុពល​របស់​លោក​មែន ។ … នាង​មាន​ចិត្ត​រីករាយ​នឹង​បំណង​ប្រាថ្នា​របស់​អ៊ែសរ៉ា ដើម្បី​រស់នៅ​ឯ​កសិដ្ឋាន​គ្រួសារ​នៅ​ទីក្រុង​វីតនី រដ្ឋ​អៃដាហូ ។ ប៉ុន្តែ នាង​មាន​អារម្មណ៍​ថា លោក​ត្រូវ​បញ្ចប់​ការសិក្សា​របស់​លោក​ជា​មុន​សិន » ។7​ ក្នុង​ការ​ខិតខំ​របស់​នាង​ដើម្បី​ជួយ​គាត់​ធ្វើ​ដូច្នេះ នាង​បាន​ចូលរួម​នឹង​លោក​ដើម្បី​ដាក់​ព្រះ​មុនគេបង្អស់ ។​ ក្រោយ​ពី​លោក​បាន​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មិន​បាន​មួយ​ឆ្នាំ​ផង នាង​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់ផ្អើល​ដោយ​ប្រាប់​លោក​ថា នាង​នឹង​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ ដើម្បី​រៀន​បន្ថែម​ទៀត​ពី​ការ​សម្រេច​ចិត្ត​របស់​នាង សូមមើល​ទំព័រ 10–11 ។

ដើម្បី​អាន​ពី​ដំណើររឿង​នៃ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន សូមមើល​ទំព័រ 9–10 និង 103–4 នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ។ ដើម្បី​អាន​ពី​ការ​បម្រើ​របស់​លោក​នៅ​ក្នុង​– សង្គ្រាម​លោក​លើក​ទី 2 ប៉ែក​អឺរ៉ុប អំឡុងពេល​លោក​ជា​សាវក សូមមើល​ទំព័រ 17–21, 54–55, 69–70, 264 និង 268 ។

ពេជ្រ​មិន​ទាន់ច្នៃ

ផ្ល័ររ៉ា និង អ៊ែសរ៉ា ត្រូវបាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធសលត៍ លេក នៅ​ថ្ងៃ​ទី 10 ខែ កញ្ញា ឆ្នាំ 1926 ។ ថ្វីបើ អ៊ែសរ៉ា មាន​អត្តចរឹក​ល្អ​ពី​កំណើត និង ភាពជោគជ័យ​ក្នុង​សាលា​ក្ដី « មាន​មនុស្ស​មួយ​ចំនួន​បាន​បន្ត​ងឿង​ឆ្ងល់​ចំពោះ​ការ​គិត​របស់​ផ្ល័ររ៉ា ។ ពួកគេ​មិន​យល់សោះ​ថា ហេតុអ្វី​បាន​ជា​នារី​ម្នាក់​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ហើយ​មានមុខមាត់ល្បីល្បាញម្នាក់​ សុខចិត្ត​រួមរស់​នឹង​បុរស​ម្នាក់​ដែល​ជា​កសិករ​ទៅ​វិញ​ដូច្នេះ ។ ប៉ុន្តែ​នាង​បាន​បន្ត​ប្រាប់​ថា នាង ‹ តែងតែ​ចង់​រៀបការ​នឹង​បុរសកសិករម្នាក់ › ។ នាង​ពោល​ថា អ៊ែសរ៉ា ‹ គឺ​ជា​មនុស្ស​មិន​សាំញ៉ាំ មាន​សុភវិនិច្ឆ័យ ហើយ​រឹងមាំ › ។ ហើយ​នាង​បាន​សង្កេត​ឃើញ​ថា ‹ គាត់​មាន​សម្ដី​ផ្អែមល្ហែម​ចំពោះ​ឪពុកម្ដាយ​គាត់ ហើយ​ខ្ញុំ​បាន​ដឹង​ថា បើ​គាត់​ចេះ​គោរព​ដល់​ឪពុកម្ដាយ​គាត់ នោះ​គាត់​ក៏​ចេះ​គោរព​ដល់​ខ្ញុំ​ដែរ › ។ នាង​បាន​ដឹង​ថា គាត់​គឺ​ជា ‹ ពេជ្រ​មិន​ទាន់ច្នៃ › ហើយ​នាង​បាន​ថ្លែង​ថា ‹ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ជួយ​គាត់​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​សេចក្ដីល្អ មិនមែន​តែ​ក្នុង​សហគមន៍​ដ៏​តូច​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិភពលោក​ទាំងមូល​នឹង​បាន​ស្គាល់​គាត់ ›» ។8

ដោយ​មាន​ទស្សនៈនេះ​ចំពោះ​សក្ដានុពល​របស់​ស្វាមី​នាង ផ្ល័ររ៉ា បាន​ចេញ​ទៅ​ដោយ​រីករាយ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ត្រូវការ​ទៅ​ដើម្បី​ផ្គត់ផ្គង់​ដល់​កូនៗ​របស់​ពួកគាត់ និង បម្រើ​ដល់​សាសនាចក្រ សហគមន៍ និង ប្រទេស​របស់​ពួកគាត់ ។ ពេលខ្លះ ការណ៍​នេះ​តម្រូវ​ឲ្យ​នាង​រស់នៅ​ក្នុង​ជីវិត​មួយ​សាមញ្ញ​ជាង​​ដែលនាងធ្លាប់មាន​មក ប៉ុន្តែ​នាង​បាន​ឱបក្រសោប​យក​ឱកាស​នោះ ។​

ឧទាហរណ៍ នៅ​ថ្ងៃ​រៀបការ​ពួកគាត់ « ពិធីនោះ​មាន​តែ … អាហារ​ពេល​ព្រឹក​សម្រាប់​គ្រួសារ និង ​មិត្តភក្ដិ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​អាហារ​ពេល​ព្រឹក​រួច ស្វាមី​ភរិយា​ថ្មោងថ្មីនេះ​បាន​បើក​ឡានមួយបាំងកន្លះ​របស់ពួក​គាត់​ម៉ាក T Ford ចេញ​ទៅ​ទីក្រុង អេមស៍ រដ្ឋ អៃអូវ៉ា ភ្លាម « ជា​កន្លែង​ដែល​ អ៊ែសរ៉ា បន្ត​យក​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម ។ « នៅ​តាម​ផ្លូវ ពួកគាត់​បាន​ស្នាក់​នៅ​រយៈ​ពេល​ប្រាំ​បី​យប់​នៅ​ក្នុង​ត្រសាល​មួយ​ដែល​ធ្លុះធ្លាយ ។ កាល​ពួកគាត់​បាន​មក​ដល់​ទីក្រុង អេមស៍ ពួកគាត់​បាន​ជួល​បន្ទប់​មួយ​នៅ​ក្បែរ​បរិវេណ​មហាវិទ្យាល័យ ។ បន្ទប់ជួល​នោះ​មាន​ទំហំ​តូច ហើយ​គ្រួសារ​ប៊ែនសឹន​រស់នៅ​ក្នុង​បន្ទប់​ដែល​មាន​សត្វ​កន្លាត​ជាច្រើន ប៉ុន្តែ​អ៊ែសរ៉ា បាន​ថ្លែងថា ‹ មិន​យូរប៉ុន្មាន វា​ហាក់​ដូចជា​ផ្ទះ​ដ៏​តូច​មួយ​ដែល​មាន​ភាពស្រណុក​ចិត្ត​បំផុត » ។9

កាល អ៊ែសរ៉ា ​ក្លាយកាន់តែមានភាពរឹងមាំ​នៅ​ក្នុង​បុគ្គលិកលក្ខណៈ​របស់​គាត់ គាត់បាន​ប្រឡូក​កាន់តែ​ច្រើនឡើង​នៅ​ក្នុង​ការបម្រើ​នៅ​ខាង​ក្រៅ​ផ្ទះ ។ ការណ៍​នេះ​បាន​ដឹកនាំ​ទៅ​រក​ដំណើរ​បន្សុទ្ធ​សម្រាប់ ផ្ល័ររ៉ា ផងដែរ ។ ពេលខ្លះ កាល​គាត់​នៅ​ឃ្លាត​ឆ្ងាយ នាងមានការលំបាក​ដោយ​ភាពឯកោ និង ការបាក់​ទឹក​ចិត្ត ។ ប៉ុន្តែ​នាងមានចិត្ត​សោមនស្ស​ធ្វើ​ជា​ភរិយា និង ជាម្ដាយ ហើយ​នាង​បាន​បង្ហាញ​អំណរគុណ​ចំពោះ​សេចក្ដី​ល្អ​របស់​ស្វាមី​នាង និង​ចំពោះ​ការ​លះបង់​របស់​គាត់​ចំពោះ​គ្រួសារ ។ ដើម្បី​រៀន​បន្ថែម​ទៀត​ពី​អាពាហ៍ពិពាហ៍ ព្រមទាំង​ភាព​ជា​ឪពុកម្ដាយ​ថ្មីថ្មោង​របស់​ផ្ល័ររ៉ា និង អ៊ែសរ៉ា សូមមើល​ទំព័រ 12–15 ។

President Ezra Taft Benson driving a vehicle with his wife Sister Flora Smith Amussen Benson, and their six children riding with him.

ការ​ទទួល​ទូរសព្ទ​ចំនួន​ពីរ​លើក​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត

នៅ​ថ្ងៃ​ទី 27 ខែ កក្កដា ឆ្នាំ 1943 ផ្ល័ររ៉ា បាន​ទទួល​ទូរសព្ទ​មួយ​មក​ពី​ស្វាមី​នាង ។ គាត់​នៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ដោយ​រៀបចំ​ខ្លួន​ត្រឡប់មក​ពី​ដំណើរ​ពាណិជ្ជកម្ម​ជាមួយ​នឹង​កូន​ប្រុស​ពួកគាត់ រីដ វិញ ។ នាង​ស្នាក់​នៅ​ឯ​ផ្ទះ​ក្បែរ​វ៉ាស៊ីតោន ឌី.ស៊ី. ដែល​មាន​ចម្ងាយ​ប្រមាណ​ជា 3,200 គ.ម. ពី​គ្នា ។ បន្ទាប់ពី​ការសម្រាក​មិន​លក់​ពេញ​មួយ​យប់ ពេញទៅដោយ​ការអធិស្ឋាន និង ទឹកភ្នែក គាត់​បាន​ទូរសព្ទ​ទៅ​ប្រាប់​នាង​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ គាត់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

ដំណឹងនេះ​មិន​បាន​ធ្វើ​ឲ្យ​ផ្ល័ររ៉ា​ភ្ញាក់ផ្អើល​នោះ​ទេ ។ នាង « មាន​អារម្មណ៍​ដ៏​មុតមាំ​មួយ​ថា មាន​រឿង​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​មាន​ឡើង​ក្នុងការធ្វើ​ដំណើរ​របស់​ស្វាមី​នាងនោះ » ។10 នាង​បាន​បង្ហាញទំនុកចិត្ត​លើ​អ៊ែសរ៉ា ហើយ​ពាក្យ​សម្ដី​នាង​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាពកក់ក្ដៅ ។ ក្រោយមក គាត់​បាន​នៅ​ចាំ​ថា ៖ « វា​ជាការ​លើកទឹកចិត្ត ពេល​បាន​និយាយ​នឹង​គាត់ ។ គាត់​តែង​បង្ហាញ​សេចក្ដី​ជំនឿ​យ៉ាងច្រើន​មក​លើ​ខ្ញុំ​ជាង​ខ្ញុំ​មាន​លើ​ខ្លួន​ឯង​ទៅ​ទៀត » ។11

ទោះជា ផ្ល័ររ៉ា មាន​ភាពជឿ​ជាក់​លើ​ស្វាមី​នាង​ក្ដី នាង​បាន​ដឹង​ថា គាត់​មិន​អាច​បំពេញ​ការហៅ​របស់​គាត់​តែ​ម្នាក់​ឯង​បាន​ឡើយ — គាត់​ត្រូវការ​ការជួយគាំទ្រ​ពី​គ្រួសារ និង កម្លាំង​ពី​ស្ថានសួគ៌ ។ នៅ​ឯ​សន្និសីទ​ទូទៅ​មួយ ពាក្យ​ខ្សឹបប្រាប់​មួយ​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផ្ល័ររ៉ា​ចំពោះ​ស្វាមី​នាង និង​ការ​យល់ដឹង​របស់​នាង​ពី​ការពឹងផ្អែក​របស់​គាត់​លើ​ព្រះអម្ចាស់ ( សូមមើល ទំព័រ 48–49 ) ។​

ផ្ល័ររ៉ា បាន​ទទួល​ទូរសព្ទ​មួយ​ទៀត​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​ស្វាមី​នាង​នៅ​ថ្ងៃ​ទី 24 ខែ វិច្ឆិកា ឆ្នាំ 1952 ។ ពេលនេះ គាត់​កំពុង​ទៅ​ទស្សនកិច្ច​នៅ​តំបន់​វ៉ាស៊ីងតោន ឌី.ស៊ី. ហើយ​នាង​បាន​ស្នាក់​នៅ​ផ្ទះ​នៅ​ទីក្រុង សលត៍ លេក ។ ដ្វាយ ឌី អ៊ីសេនហូវើរ ដែល​មិន​យូរប៉ុន្មាន​នឹង​ចាប់ផ្ដើម​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទើប​តែបានសុំ​ឲ្យ​អែលឌើរ ប៊ែនសឹន បម្រើ​ជា​លេខា​របស់​លោក​ខាង​ផ្នែក​កសិកម្ម ជា​តួនាទី​ខ្ពស់​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​លះបង់ និង ការ​តាំង​ចិត្ត​ដ៏​អស្ចារ្យ ។ អែលឌើរ ប៊ែនសឹន បាន​ទទួល​យក​មុខ​តំណែង​នោះ ដោយ​បាន​ប្រឹក្សា​ឲ្យ​ធ្វើ​ដូច្នោះ​ដោយ​ប្រធាន​សាសនាចក្រ ដេវីឌ អូ ម៉ាក់ឃេ ( 1873​–1970 ) ។

កាល​អែលឌើរ ប៊ែនសឹន បាន​ប្រាប់​ផ្ល័ររ៉ា ថា ប្រធាន អ៊ីសេនហូវើរ ដែល​បាន​ជាប់​ឆ្នោត​បាន​ឲ្យ​មុខ​តំណែង​ដល់​គាត់ ហើយ​ថា​គាត់​បាន​ទទួល​យក នាង​បាន​តប​ថា « អូន​ដឹង​ថា​លោក​នឹង​ផ្តល់​តំណែង​នោះ​ដល់​បង ។ ហើយ​អូន​បាន​ដឹង​ថា បង​នឹង​ទទួល​យក » ។ នាង​បាន​ទទួល​ស្គាល់​ថា វា​ជា​រឿង​ដ៏​ពិបាក​សម្រាប់​គ្រួសារ ប៉ុន្តែ​បាន​បន្ថែមថា « វា​ទំនង​ជា​ព្រះទ័យ​របស់​ព្រះ » ។12

President Ezra Taft Benson speaking to men on a porch

អែលឌើរ ប៊ែនសឹន បាន​បម្រើ​ជា​លេខា​ផ្នែក​កសិកម្ម​អស់រយៈ​ពេល​ប្រាំ​បី​ឆ្នាំ ។ អំឡុង​ពេល​នោះ គ្រួសារ​បាន​ទ្រាំទ្រ​នៃ​ការ​រស់នៅ​ឆ្ងាយ​ពី​គ្នា ហើយ​អែលឌើរ ប៊ែនសឹន ត្រូវ​ប្រឈម​នឹង​ការរិះគន់ និង ការ​កោតសរសើរ​ដែល​ជារឿយៗ​កើត​មាន​ជាមួយ​នឹង​កិច្ចការ​សាធារណៈ ។ គ្រួសារ​ប៊ែនសឹន​បាន​ទទួល​ឱកាស​ដ៏​អស្ចារ្យ ។ ឧទាហរណ៍ មាន​គ្រាមួយ អែលឌើរ ប៊ែនសឹន បាន​នាំ ផ្ល័ររ៉ា​និង កូនស្រីៗ​ពួក​គាត់ ប៊េវើរលី និង បូនី ទៅ​ធ្វើ​ដំណើរកម្សាន្ត​បួន​សប្ដាហ៍​ដែល​គាត់​បាន​ធ្វើការ​ដើម្បី​ស្ថាបនា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចំនួន 12 ផ្សេង​គ្នា ( សូមមើល ទំព័រ 181–82 ) ។ ការ​អញ្ជើញ​មួយ​មក​ពី​អ្នក​សារព័ត៌មាន​ម្នាក់ បាន​នាំ​ទៅ​រក​បទពិសោធន៍​នៃ​ការផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​សម្រាប់​គ្រួសារ ( សូមមើល ទំព័រ 24 ) ។

អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បម្រើ​ជា​លេខា​ផ្នែក​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក អស់រយៈ​ពេល​ប្រាំ​បី​ឆ្នាំ ទន្ទឹម​នឹង​ពេល​ដែល​លោក​បម្រើ​ជា​សាវក​ដែរ ។​ ដើម្បី​អាន​ពី​របៀប​ដែល​គាត់​បាន​បំពេញ​ទំនួល​ខុសត្រូវ​ទាំងនេះ សូមមើល​ទំព័រ 21–25 និង 47–48 ។

ឧបករណ៍​ដ៏​ស្មើភាព​ក្នុង​ព្រះហស្ដ​របស់​ព្រះ​អម្ចាស់

​ដូច​ជាប្រធាន​សាសនាចក្រ​ទាំងអស់​ដែរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ត្រូវបាន​តែងតាំង​ពី​មុន​ផែនដី​សម្រាប់​ការហៅ​របស់​លោក ។ ប៉ុន្តែ​លោក​មិន​អាច​បំពេញ​ការតែងតាំង​ពី​មុន ឬ​បម្រើ​ដោយ​មាន​កម្លាំង​បែបនេះ​បាន​ដោយ​ម្នាក់​ឯង​បាន​ឡើយ ។ ពិតណាស់ គ្មាន​មនុស្ស​ណា​ផ្សេង​ទៀត​ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ច្រើន​ទៅ​លើ​លោក​ដូចជា ផ្ល័ររ៉ា ទេ ។ ក្នុង​សាសនាចក្រ និង ក្នុង​គ្រួសារ​ពួកគាត់ ពួកគាត់​បាន​ធ្វើ​ការរួមគ្នា​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។

​ដូចជា​ប្រធាន និង ស៊ិស្ទើរ ប៊ែនសឹន បាន​លុត​ជង្គង់​ចុះ​រួម​គ្នា កាល​ពួកគាត់​បាន​ដឹង​ថា លោក​ត្រូវ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ ពួកគាត់​បាន​ធ្វើការ​រួមគ្នា​ដើម្បី « ជម្រុញ​កិច្ចការ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផែនដី » ។13 កាល​នាង​ធ្លាប់​សង្ឃឹម​កាល​ពី​នៅ​ក្មេង​ថា ពួកគាត់​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន — រួម​គ្នា ។14

ប្រធាន ប៊ែនសឹន បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​លើ​វេទិកា​មក ឲ្យ​ពន្លិច​ផែនដី​នេះ និង ជីវិត​របស់​ពួកគេ​ជាមួយ​នឹង​ព្រះគម្ពីរ​មរមន ( សូមមើល ​ជំពូក 9–10 ) ។ នៅ​ផ្ទះ ផ្ល័ររ៉ា បាន​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​លោក​ស្ដាប់​ជា​រៀង​រាល់​ថ្ងៃ រួច​ពួកគាត់​បាន​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​បាន​អាន ។15 ប្រធាន ប៊ែនសឹន បាន​លើកទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​ចេញ​ពី​វេទិកា​មក ឲ្យ​បម្រើ ហើយ​ថ្វាយបង្គំ​ជា​ទៀងទាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ​ជំពូក 13 ) ។ ផ្ល័ររ៉ា និង អ៊ែសរ៉ា ប៊ែនសឹន បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តែ​ពីរ​នាក់​រៀង​រាល់​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ដែល​ពួកគាត់​អាច​មាន​លទ្ធភាព​ធ្វើ​បែប​នោះ​បាន ។16 ប្រធាន ប៊ែនសឹន បាន​ព្រមាន​ចេញ​ពី​លើ​វេទិកាអំពីអំពើបាប នៃ​សេចក្តី​អំនួត និង « ការកោតសរសើរ​របស់​លោកិយ » ។17 ប៉ុន្តែ​ទោះ​ជា ផ្ល័ររ៉ា មាន​ជោគជ័យ​ក្នុង​ការជួយ « ឲ្យ​ពិភពលោក​ទាំងមូល​បាន​ស្គាល់​លោក » ក្ដី18 ពួកគាត់​បាន​រីករាយ​រួមគ្នា ដោយ​មាន « ការកោតសរសើរ​ពី​ស្ថានសួគ៌ » ដោយ​ស្ងៀមស្ងាត់ ។19

Ezra Taft Benson and his wife getting off an airplane.

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ធ្វើការ​បង្រៀន​រាប់​ពាន់​ក្នុង​នាម​ជា​សាវក និង ជា​ប្រធាន​នៃ​សាសនាចក្រ ។ វា​ពិបាក​ដើម្បី​ស្រមើស្រមៃ​ពី​ការបង្រៀន​ទាំងនោះ​ដោយ​គ្មាន​ឥទ្ធិពល​នៃ​ពាក្យ​បីម៉ាត់​នោះ ដែល​លោក​បាន​ថ្លែង​នៅ​ថ្ងៃ​ទី 11 ខែ វិច្ឆិកា ឆ្នាំ 1985 ថា ៖ « ផ្ល័ររ៉ា និង ខ្ញុំ » ។

កំណត់​ចំណាំ

  1. Sheri L. Dew, Ezra Taft Benson: A Biography ( 1987 ) ទំព័រ 479 ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ក្នុង​ Don L. Searle « President Ezra Taft Benson Ordained Thirteenth President of the Church » Ensign, ខែ ធ្នូ ឆ្នាំ 1985 ទំព័រ 5 ។

  3. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ 2014 ) ទំព័រ 7–8 ។

  4. Dew, Ezra Taft Benson ទំព័រ 74–75 ។

  5. Teachings: Ezra Taft Benson ទំព័រ 8 ។

  6. Teachings: Ezra Taft Benson ទំព័រ 40 ។

  7. Teachings: Ezra Taft Benson ទំព័រ 10 ។

  8. Teachings: Ezra Taft Benson ទំព័រ 11–12 ។

  9. Teachings: Ezra Taft Benson ទំព័រ 12 ។

  10. Dew, Ezra Taft Benson ទំព័រ 176 ។

  11. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ក្នុង​Teachings: Ezra Taft Benson ទំព័រ 16 ។

  12. ផ្ល័ររ៉ា អាំម៉្ញូសឹន ប៊ែនសឹន ក្នុង​Teachings: Ezra Taft Benson ទំព័រ 23 ។

  13. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ក្នុង​ Don L. Searle « President Ezra Taft Benson Ordained Thirteenth President of the Church » Ensign, ខែ ធ្នូ ឆ្នាំ 1985 ទំព័រ 5 ។

  14. សូមមើល ផ្ល័ររ៉ា អាំម៉្ញូសឹន ប៊ែនសឹន ក្នុង ​Teachings: Ezra Taft Benson ទំព័រ 74–75 ។

  15. សូមមើល Derin Head Rodriguez « Flora Amussen Benson: Handmaiden of the Lord, Helpmeet of a Prophet, Mother in Zion » Ensign, ខែ មិនា ឆ្នាំ 1987 ទំព័រ 20 ។

  16. សូមមើល Dew, Ezra Taft Benson ទំព័រ 511 ។

  17. Teachings: Ezra Taft Benson ទំព័រ 229 ។

  18. Teachings: Ezra Taft Benson ទំព័រ 11–12 ។

  19. Teachings: Ezra Taft Benson ទំព័រ 229 ។