ភាពក្លាហានដើម្បីរៀបការ
អ្នកនិពន្ធរស់នៅទីក្រុង ស្តុកខុល ប្រទេសស៊ុយអែត ។
ខ្ញុំបានរៀនប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំដើម្បីធ្វើសកម្មភាពជាជាងទទួលរងនូវអំពើ កាលខ្ញុំបានធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិតខ្ញុំ ។
នៅពេលខ្ញុំបានបញ្ចប់បេសកកម្ម ហើយត្រឡប់ទៅប្រទេសកំណើតខ្ញុំនៅស៊ុយអែតវិញ ខ្ញុំមានចិត្តរសប់រសល់ស្មុគស្មាញអស់រយៈពេលយ៉ាងយូរជាមួយនឹងជំហានបន្ទាប់ទៀតក្នុងជីវិតខ្ញុំ — អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។ ព្រះវិញ្ញាណបានបញ្ជាក់ប្រាប់ខ្ញុំថា ខ្ញុំត្រូវតែចាប់ផ្ដើមគ្រួសារខ្ញុំដើម្បីក្លាយទៅជាមនុស្សដែលខ្ញុំត្រូវប្រែក្លាយ ។ ខ្ញុំបានផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងថា តើរឿងនេះគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតយ៉ាងដូចម្ដេចទៅ ទោះជាខ្ញុំមានអារម្មណ៍ថាខ្ញុំបានរកឃើញដៃគូដ៏អស់កល្ប ហើយថាព្រះអម្ចាស់បានអនុញ្ញាត ចំពោះការជ្រើសរើសរបស់ខ្ញុំក៏ដោយ សេចក្ដីជំនឿរបស់ខ្ញុំនៅតែមានភាពស្ទាក់ស្ទើរ ។ មិត្តស្រីរបស់ខ្ញុំឈ្មោះ អេវីលីណា និងខ្ញុំបានរើសពេលសម្រាប់ការផ្សារភ្ជាប់របស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ បានកក់កន្លែងសម្រាប់រាត្រីក្រេបទឹកឃ្មុំ ហើយបានទិញចិញ្ចៀនភ្ជាប់ពាក្យពីមុនយើងភ្ជាប់ពាក្យទៅទៀត — រឿងទាំងអស់នេះកើតឡើង ដោយសារខ្ញុំខ្លាចក្នុងការតាំងចិត្តដើម្បីរៀបការ ។ ខ្ញុំចង់ឲ្យព្រះវរបិតាសួគ៌បង្គាប់ដល់ខ្ញុំឲ្យរៀបការនឹង អេវីលីណា ដោយសារខ្ញុំខ្លាចក្នុងការទទួលខុសត្រូវចំពោះការសម្រេចចិត្តនោះ ក្នុងករណីដែលអាពាហ៍ពិពាហ៍របស់យើងអាចត្រូវបានបញ្ចប់ ។ ការភ័យខ្លាច និង ការអធិស្ឋានខុសបានធ្វើឲ្យខ្ញុំគាំងតក់ស្លុតចំពោះការសម្រេចចិត្តដ៏សំខាន់ដែលនៅតែគ្របបាំងលើខ្ញុំ ។
សិទ្ធិជ្រើសរើស — របៀបរបស់ព្រះអម្ចាស់
នៅទីបំផុត ការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យមានការផ្លាស់ប្ដូរគំនិត កាលខ្ញុំបើកអាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា 58:26–29៖ « ត្បិតមើលចុះ មិនសមឲ្យយើងត្រូវបញ្ជានូវគ្រប់អ្វីៗទាំងអស់ទេ ត្បិតអ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ អ្នកនោះមានឈ្មោះថា ជាបាវ [ខ្ជិលច្រអូស ] ។ …
« … មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន
« ត្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម៉្លោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ ។ …
« ប៉ុន្តែអ្នកណាដែលមិនប្រព្រឹត្តអ្វីសោះឡើយ ទាល់តែអ្នកនោះត្រូវបានបញ្ជា ហើយទទួលបញ្ញត្តិនោះដោយចិត្តសង្ស័យ ហើយកាន់តាមដោយចិត្តខ្ជិលច្រអូស អ្នកនោះឈ្មោះថាជាប់ទោសហើយ » ។
កាលខ្ញុំរិះគិតពីបទគម្ពីរទាំងនេះ ខ្ញុំទទួលបាននូវការយល់ដឹងពីតួនាទីនៃសិទ្ធិជ្រើសរើសនៅក្នុងផែនការនៃព្រះវរបិតាសួគ៌យើង ដែលបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំ ហើយផ្ដល់ឲ្យខ្ញុំនូវភាពក្លាហានដើម្បីឆ្ពោះទៅមុខ ។ អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ប្រសិនបើយើងទទួលបានការដឹកនាំដ៏បំផុសគំនិតដោយគ្មានការខិតខំផ្ទាល់ខ្លួនរបស់យើងទេនោះ យើងនឹងបាត់បង់នូវ « ការរីកចម្រើនផ្ទាល់ខ្លួនដ៏ចាំបាច់ » ដែលកើតមាន « កាល [ យើង ] មានការពិបាកដើម្បីរៀនពីរបៀបទទួលបានការដឹកនាំពីព្រះវិញ្ញាណ » ។1
អំណាចដើម្បីឆ្ពោះទៅមុខ
ក្រោយមក ខ្ញុំបានតាំងចិត្តអនុវត្តសេចក្ដីជំនឿខ្ញុំ ហើយធ្វើការសម្រេចចិត្តមួយ ហើយព្រះអម្ចាស់បានប្រទានពរខ្ញុំជាមួយនឹងភាពជឿជាក់លើសមត្ថភាពខ្ញុំដើម្បីសម្រេចចិត្ត ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែ « ធ្វើរឿងឲ្យបានច្រើន ។ … ហើយធ្វើអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់ខ្ញុំ ] » — រួមបញ្ចូលទាំងការភ្ជាប់ពាក្យដែរ ។ ព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យប្រើអំណាចរបស់យើងជាភ្នាក់ងារដើម្បីគ្រប់គ្រងខ្លួនយើង ។ ការប្រើអំណាចនេះគឺជាកត្តាដ៏សំខាន់មួយនៅក្នុងជីវិតរបស់យើង ។
ខ្ញុំជឿថា ព្រះអម្ចាស់មានព្រះទ័យចង់ឃើញយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើងជាងការឃើញយើងធ្វើការសម្រេចចិត្តដ៏ល្អឥតខ្ចោះជានិច្ចនោះ ។ ប៉ុន្តែទ្រង់បានប្រទានឲ្យយើងនូវមធ្យោបាយចាំបាច់ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ ជាពិសេសនៅពេលត្រូវសម្រេចចិត្តរៀបការនឹងនរណាម្នាក់នោះ ។ ដូចប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) បានបង្រៀនថា « អារម្មណ៍មិនត្រូវកំណត់នូវការសម្រេចចិត្តទាំងស្រុងនោះទេ ប៉ុន្តែគំនិត និង ដួងចិត្តវិញទេតើ ដែលបានពង្រឹងដោយការតមអាហារ ការអធិស្ឋាន និង ការគិតពិចារណាដ៏ហ្មត់ចត់ ដែលនឹងផ្ដល់ឱកាសមួយដ៏ល្អបំផុតសម្រាប់សុភមង្គលក្នុងអាពាហ៍ពិពាហ៍ ។ វានាំមកជាមួយនូវការលះបង់ ការចែករំលែក និង ទាមទារឲ្យមានការមិនខ្វាយខ្វល់ពីខ្លួនឯង » ។2
យើងក៏មាននូវការណែនាំក្នុងបទគម្ពីរអំពីរបៀបទទួលបានការបញ្ជាក់ខាងវិញ្ញាណផងដែរ ៖ « អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាត្រឹមត្រូវ នោះយើងនឹងបណ្ដាលឲ្យទ្រូងរបស់អ្នកខ្មួលខ្មាញ់ខាងក្នុង ហេតុដូច្នោះហើយ អ្នកនឹងមានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ ។
« ប៉ុន្តែបើសិនជាការណ៍នោះមិនត្រឹមត្រូវវិញ នោះអ្នកនឹងពុំមានអារម្មណ៍យ៉ាងដូច្នោះឡើយ ប៉ុន្តែអ្នកនឹងអាប់គំនិត » ( គ. និង ស. 9:8–9 ) ។ ប៉ុន្តែ ពុំមែនយើងទាំងអស់គ្នាសុទ្ធតែទទួលបានភាពខ្មួលខ្មាញ់នៅក្នុងទ្រូងរបស់យើងជាចម្លើយ នៃការបញ្ជាក់ខាងវិញ្ញាណរបស់ព្រះអម្ចាស់នោះទេ ។ យើងម្នាក់ៗត្រូវតែរៀនស្គាល់ពីរបៀបជាក់លាក់របស់យើងនៃការទទួលបានការបញ្ជាក់ទាំងនេះ ។3 ដោយការធ្វើតាមគំរូនេះ យើងនឹងទទួលបានសេចក្ដីជំនឿក្នុងសមត្ថភាពរបស់យើងដើម្បីធ្វើការជ្រើសរើស ។
ព្រះវរបិតាសួគ៌បានជ្រាបពីសេចក្ដីត្រូវការនៃដួងចិត្ត ព្រលឹង និង គំនិតរបស់ខ្ញុំ ។ ទ្រង់បានប្រទានសេចក្ដីពិតទាំងនេះ ដែលធ្វើឲ្យអាកប្បកិរិយា ចិត្ត និង គំនិតរបស់ខ្ញុំផ្លាស់ប្តូរទាំងស្រុង ។ អេលីវីណា និង ខ្ញុំបានរៀបការ ។ ឥឡូវនេះ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានរីករាយនឹងជីវិតគ្រួសារដ៏មានសុភមង្គល ហើយយើងមានកូនបីនាក់ដ៏ស្រស់ស្អាត ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះព្រះអម្ចាស់សម្រាប់ទីបន្ទាល់របស់ខ្ញុំអំពីសិទ្ធិជ្រើសរើស និង តួនាទីរបស់វាក្នុងការធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិត ។