យើងនិយាយអំពីព្រះគ្រីស្ទ
រយៈពេលមួយម៉ោងដើម្បីចាំយាមជាមួយនឹងទ្រង់
អ្នកនិពន្ធរស់នៅទីក្រុង អ៊ីកា ប្រទេសប៉េរូ ។
មានថ្ងៃមួយខ្ញុំកំពុងតែរៀបចំខ្លួនឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ខ្ញុំបានសិក្សាពីអត្ថបទមួយដែលមានចំណងជើងថា « The Atonement of Jesus Christ » ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក្នុងលីអាហូណា ខែ មីនា ឆ្នាំ 2008 ។ ក្នុងអត្ថបទរបស់លោក អែលឌើរ ហូឡិន បានលើកឡើងពីសុបិនមួយ ដែលអែលឌើរ អ័រសិន អេហ្វ វីតនី ( 1855–1931 ) មាន ដោយលោកបានឃើញព្រះអង្គសង្គ្រោះគង់ក្នុងសួនច្បារគេតសេម៉ានី ។ អែលឌើរ វីតនី បានរៀបរាប់ពីការឈឺចាប់ និង ការរងទុក្ខដែលលោកបានឃើញព្រះអង្គសង្គ្រោះបានទ្រាំទ្រ ។ រួចលោកបានសរសេរថា ៖
« មិនយូរប៉ុន្មាន ទ្រង់បានក្រោកឡើង ហើយយាងទៅកន្លែងដែលពួកសាវកកំពុង — ដេកលក់យ៉ាងស្កប់ស្កល់ ! ទ្រង់បានយកព្រះហស្តអង្រួនពួកគេថ្មមៗ ដាស់ពួកគេឲ្យភ្ញាក់ ហើយនៅក្នុងការស្ដីបន្ទោសដោយពាក្យស្រទន់ ដោយមិនបង្ហាញពីការក្រោធខឹង នោះទ្រង់បានសួរថា តើពួកគេនៅចាំយាមជាមួយនឹងទ្រង់មួយម៉ោងមិនបានទេឬអី ។ …
« ដោយវិលត្រឡប់ទៅកន្លែងទ្រង់វិញ ទ្រង់បានអធិស្ឋានម្ដងទៀត រួចបានត្រឡប់ទៅវិញ ហើយបានឃើញពួកគេដេកលក់ម្ដងទៀត ។ ទ្រង់បានដាស់ពួកគេឲ្យភ្ញាក់ម្ដងទៀត បានទូន្មានពួកគេ ហើយបានត្រឡប់ទៅអធិស្ឋានវិញ ។ រឿងនេះបានកើតឡើងបីដង » ។1
កាលខ្ញុំអានរឿងនេះ វិញ្ញាណនៃវិវរណៈបានចូលមកក្នុងគំនិតខ្ញុំ ។ ភ្លាមៗនោះ ខ្ញុំបានដឹងថា វិធីដែលខ្ញុំអាច « ចាំយាមនឹងទ្រង់មួយម៉ោង » គឺនៅក្នុងរបៀបដែលខ្ញុំចាប់ផ្ដើមចូលរួមការប្រជុំសាក្រាម៉ង់រៀងរាល់ថ្ងៃអាទិត្យ ។ ចាប់ពីពេលនោះមក ខ្ញុំបានរៀនថា នេះគឺជារយៈពេលមួយម៉ោងដែលយើងអាចអធិស្ឋានទៅព្រះវរបិតាសួគ៌យើងតាមរបៀបដ៏កាន់តែមានអត្ថន័យបន្ថែមទៀត ។ ការអធិស្ឋានគឺជារឿងដ៏សំខាន់នៅគ្រប់ពេល ប៉ុន្តែព្រះវិញ្ញាណដែលមានវត្តមាននៅក្នុងម៉ោងសាក្រាម៉ង់នោះ គឺជាឱកាសមួយដើម្បីលើកកម្ពស់ខ្លួនយើងឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ ។ កាលយើងផ្ដោតគំនិតយើងទៅលើព្រះអម្ចាស់ ដោយនៅជាមួយទ្រង់ក្នុងគ្រានៃការឈឺចាប់ដែលទ្រង់បានស៊ូទ្រាំ កាលទ្រង់លើកដាក់អំពើបាបយើងមកលើអង្គទ្រង់ ។ វាគឺជាពេលមួយដើម្បីទទួលស្គាល់ពីការឈឺចាប់ដែលទ្រង់បានរងទុក្ខសម្រាប់យើង ។
ការប្រជុំសាក្រាម៉ង់មានន័យខ្លាំងណាស់ចំពោះខ្ញុំ ។ ចំពោះខ្ញុំវាគឺជាពេលវេលាមួយនៃសេចក្តីសង្គ្រោះដ៏គ្មានទីបញ្ចប់ ។ វាបានក្លាយជាពេលវេលាមួយដ៏ពិសិដ្ឋដែលខ្ញុំនឹកចាំ ហើយតាំងចិត្តក្នុងការអធិស្ឋាន និង ក្នុងអារម្មណ៍ដើម្បីគោរពដល់សេចក្ដីសញ្ញាខ្ញុំ ហើយធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។ ខ្ញុំដឹងថា មានតែតាមរយៈពលិកម្មរបស់ទ្រង់ និង ព្រះលោហិតដ៏មានតម្លៃដែលទ្រង់បង្ហូរប៉ុណ្ណោះ ទើបយើងទាំងអស់គ្នាអាចបានសង្គ្រោះ ។ ខ្ញុំដឹងថារឿងនេះជាការពិត ដោយសារកាលខ្ញុំខំប្រឹងប្រែងក្នុង « ការចាំយាមជាមួយនឹងទ្រង់ » ការយល់ដឹងរបស់ខ្ញុំត្រូវបានបំភ្លឺ ជីវិតខ្ញុំត្រូវបានប្រទានពរឲ្យ ហើយទស្សនៈរបស់ខ្ញុំពីជីវិតដ៏នៅអស់កល្បជានិច្ចក្នុងវត្តមានរបស់ទ្រង់បានចាក់ឬសយ៉ាងជ្រៅ ។