ការបម្រើដែលបានទទួលផលតបស្នងមកវិញ
គ្រីស៊ី ឈើច សាំម៉ើរ រដ្ឋយូថាហ៍ ស.រ.អា.
កាលខ្ញុំរៀននៅឆ្នាំទីមួយក្នុងមហាវិទ្យាល័យ ខ្ញុំបានទៅជាមួយមិត្តរួមបន្ទប់ ទៅលេងនឹងអ៊ំប្រុសរបស់នាង ដែលមានវ័យ 98 ឆ្នាំ យើងតែងហៅគាត់ថា លោកអ៊ំ ចូ ។ គាត់រស់នៅតែម្នាក់ឯង ហើយឯកោ ដូច្នេះយើងបានព្យាយាមទៅលេងគាត់ជារឿយៗតាមដែលអាចធ្វើទៅបាន ។ នៅពេលយើងទៅលេង គាត់បានប្រាប់យើងពីដំណើររឿងកាលពីគាត់រស់នៅប្រទេសម៉ិកស៊ិក និងនៅភូមិមួយចំនួនជាប់ព្រំប្រទល់នឹងរដ្ឋអារីហ្សូណា ព្រមទាំង ណូហ្គាឡេស ផងដែរ ។
កាលមិត្តខ្ញុំបានផ្លាស់ត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន ខ្ញុំបានទទួលអារម្មណ៍បំផុសគំនិតឲ្យបន្តទៅលេងនឹងលោកអ៊ំអ៊ុំ ចូ ។ គាត់បានក្លាយជាមិត្តដ៏ជិតស្និទ្ធម្នាក់របស់ខ្ញុំ ហើយខ្ញុំបានទៅលេងគាត់រហូតដល់គាត់បានចែកឋានទៅរយៈពេលមួយឆ្នាំកន្លះក្រោយមកហើយ ។ ខ្ញុំមានចិត្តសោកសៅដោយបាត់បង់មិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានអំណរគុណចំពោះពេលវេលាដ៏មានតម្លៃដែលយើងបានមានជាមួយគ្នា ។
បន្ទាប់ពីលោកអ៊ំ ចូ បានចែកឋានទៅរយៈពេលដប់ឆ្នាំក្រោយមក ខ្ញុំបានអាននៅក្នុងសៀវភៅកំណត់ហេតុរបស់លោកយាយទួតខ្ញុំ ។ សៀវភៅនោះបានប្រាប់ពីការដែលស្វាមីគាត់បានចុះចោលគាត់ដោយគ្មានទុកប្រាក់ឲ្យគាត់សោះ ហើយគាត់ត្រូវបង់ថ្លៃជួលផ្ទះ 30 ដុល្លា និងចិញ្ចឹមកូនដល់ទៅប្រាំបួននាក់ ។
រួចគាត់បានសរសេរថា ៖ « នៅប៊ីស្ប៊ី [អារីហ្សូណា] មនុស្សនៅទីនេះមានចិត្តល្អចំពោះយើងណាស់ ។ សូម្បីតែពេលយើងបានរស់នៅភាគខាងត្បូងនៃប៊ីស្ប៊ីក្ដី ពួកគេបានដឹកយើង [ ពីព្រះវិហារ ] ត្រឡប់មកផ្ទះវិញ ។ បងប្រុស យ៉ូសែប ខ្លានម៉ិន ដែលរស់នៅប្រទេសម៉ិកស៊ិក បានជូនយើងមកផ្ទះជាច្រើនដង ហើយមិនតែប៉ុណ្ណោះ [ គ្រួសារគាត់ ] បាននាំយើងទាំងអស់គ្នាទៅហូបអាហារពេលល្ងាចជាមួយនឹងពួកគាត់ទៀតផង ។ ពួកគាត់បានធ្វើទន្សាយបំពងដោយមានតុបតែរចនាលម្អរ ដែលធ្វើឲ្យយើងចូលចិត្តបំផុត ។ ពួកគាត់បានផ្លាស់ទៅ ណូហ្គាឡេស … ហើយពួកគាត់បានឲ្យសត្វទន្សាយពណ៌ — សស្អាតរបស់ពួកគាត់មកយើង ហើយយើងមានអាហារល្មមគ្រប់គ្រាន់ដើម្បីបរិភោគនៅពេលនោះ » ។
កាលខ្ញុំអានដំណើររឿងនេះ ខ្ញុំបានដឹងថា យ៉ូសែប ឃ្លីនមិន ដែលបានជួយលោកយាយទួតរបស់ខ្ញុំនោះគឺជាលោកអ៊ំ ចូ ! ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណខ្សឹបប្រាប់រហូតដល់ខ្ញុំបានបំផុសគំនិតឲ្យបន្តទៅលេងនឹងលោកអ៊ំ ចូ ទុកជាអំណរគុណដ៏តូចតាចមួយចំពោះសន្ដានចិត្តល្អដែលគាត់បានមានចំពោះលោកយាយទួតខ្ញុំនិង គ្រួសារគាត់ ។
ខ្ញុំមានចិត្តរំភើបជាខ្លាំងដោយបានក្លាយជាផ្នែកមួយនៃដំណើររឿងអំពីសេចក្ដីស្រឡាញ់ និង ការបម្រើមួយដែលបានទទួលផលតបស្នងមកវិញ ។ ខ្ញុំដឹងថា ព្រះអម្ចាស់ជ្រាបពីកូនចៅរបស់ទ្រង់ ។ ប្រសិនបើយើងស្ដាប់តាមការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចប្រទានពរដល់ជីវិតអ្នកដទៃ ហើយក្រោយមកទទួលបានពរជ័យសម្រាប់ខ្លួនយើងវិញ ។