២០១៥
តើ​អ្នក​ចង់​បាន​ផ្កា​ទេ ?
មករា 2015


តើ​អ្នក​ចង់បាន​ផ្កា​ទេ ?

ស៊ីនឌី អាលម៉ារ៉ាស្ស អាន់ធូនី រដ្ឋយូថាហ៍ ស.រ.អា.

illustration of roses for lds voices

រំពេចនោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា ស្ត្រី​ម្នាក់នោះ​ត្រូវការ​ផ្កា​ទាំងនោះ​ជាង​ខ្ញុំ​ទៅ​ទៀត ។

មានថ្ងៃមួយ​ ជាពិសេសនៅ​ក្រោយពេលវេនធ្វើការដ៏សែនលំបាកក្នុងសាលមន្ទីរពេទ្យកុមារ ខ្ញុំ​បានអស់កម្លាំង ហើយមានចិត្តមួរម៉ៅ ។ កាល​ខ្ញុំ​ដើរ​ទៅ​តុ​សន្តិសុខ ខ្ញុំ​បាន​ឃើញ​ផ្កា​ដ៏​ស្រស់​ស្អាត ។ នៅ​ពេល​ខ្ញុំ​បាន​ប្រាប់​ទៅ​អ្នក​ដែល​អង្គុយ​នៅ​ឯ​តុ​នោះ​ថា​ផ្កាទាំង​នេះ​ស្រស់ស្អាត ហើយ​មាន​ក្លិន​ក្រអូប​ថែម​ទៀត​ផង នោះ​នាង​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​យក​វា​បាន ។

ខ្ញុំ​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង ! ខ្ញុំ​បាន​គិត​ថា ប្រាកដ​ជា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​បាន​ផ្កា​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សប្បាយចិត្ត​ហើយ​មើល​ទៅ ។

ពេល​ដើរ​ចេញ​ពី​មន្ទីរពេទ្យ ខ្ញុំ​សង្កេត​ឃើញ​ថា​ខ្ញុំ​បាន​នៅ​ពី​ក្រោយ​ស្ត្រី​ម្នាក់ ដែល​អង្គុយ​នៅ​លើ​កៅអី​រុញ ។ ខ្ញុំ​មាន​ការ​តានតឹង​ចិត្ត​ជាខ្លាំង​ជាមួយ​នឹង​គាត់ ប៉ុន្តែ​នៅ​ទីបំផុត​ខ្ញុំ​បាន​ហួស​គាត់​ទៅ កាល​យើង​បាន​ចេញ​ពី​អគារ​នោះ ។ កាល​ខ្ញុំ​បាន​ដើរ​ហួស​គាត់ គាត់​ងើប​មុខ​ឡើង ហើយ​ពោល​ថា « អូ៎ ផ្កាទាំង​នោះ​ស្រស់​ស្អាត​ណាស់ » ។ ខ្ញុំ​បាន​អរគុណ​គាត់ ហើយ​បាន​ប្រញាប់​ដើរ​ទៅ​រក​ស្វាមី​ខ្ញុំ​ដែល​កំពុង​រង់ចាំ​នៅ​ឯ​ឡាន ។ ខ្ញុំ​មាន​ចិត្តរំភើប​ដើម្បី​បង្ហាញផ្កា​របស់​ខ្ញុំ​ដល់​គាត់ ។

រំពេចនោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ខ្ញុំ​ថា ស្ត្រី​ម្នាក់នោះ​ត្រូវការ​ផ្កា​ទាំងនោះ​ជាង​ខ្ញុំ​ទៅ​ទៀត ។ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​ឲ្យ​វា​ទៅ​គាត់ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​តាម​ការ​បំផុសគំនិត​នោះ ។ កាល​ខ្ញុំ​បាន​សួរ​ថា​តើ​គាត់​ចង់​បាន​ផ្កា​ទេ ខ្ញុំ​បាន​សង្ឃឹម​ថា គាត់​នឹង​និយាយ​ថា​ទេ ។

« អូ៎ ជា​ការប្រពៃ​ណាស់ ! » គាត់​បាន​តប ។ « ខ្ញុំ​ចូលចិត្ត​វា​ណាស់ ។ វា​ស្រស់​ស្អាត » ។

ខ្ញុំ​បាន​ជូន​ផ្កា​ទាំងនោះ​ទៅ​គាត់ ប៉ុន្តែ​កាល​ខ្ញុំ​ងាក​ដើរ​ចេញ គាត់​បាន​ចាប់ផ្ដើម​យំ ។ នៅ​ពេល​ខ្ញុំ​បាន​សួរ​ថា​គាត់​មាន​រឿង​អី គាត់​បាន​ប្រាប់​ខ្ញុំ​ថា ស្វាមី​គាត់​បាន​ស្លាប់​កាល​ពី​ពីរ​បី​ឆ្នាំ​មុន ហើយ​ថា​វា​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំហើយ​ ដែល​កូនចៅ​របស់​គាត់​មិន​បាន​មក​សួរ​សុខទុក្ខ​នឹង​គាត់ ។ គាត់​បាន​ពោល​ថា គាត់​បាន​ទូលអង្វរ​ដល់​ព្រះ​ឲ្យ​បង្ហាញ​គាត់​ពី​ទីសម្គាល់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

គាត់​បាន​ពោល​ថា « អ្នក​គឺជា​ទេវតា​ដែល​ព្រះ​បាន​បញ្ជូន​មក​ដើម្បី​យក​ផ្កា​ដែល​ខ្ញុំ​ចូល​ចិត្ត​មក​ឲ្យ​ខ្ញុំ » ។ « ឥឡូវ​ខ្ញុំ​ដឹង​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ » ។

ខ្ញុំ​មាន​ចិត្ត​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ។ ខ្ញុំ​ជា​មនុស្ស​អាត្មានិយម​ខ្លាំង​ណាស់ ។ ស្ត្រី​ម្នាក់​នេះ​ត្រូវការ​ពាក្យ​ល្អ​មួយ​ម៉ាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​មិន​ចង់​និយាយ​នឹង​គាត់​ទៅ​វិញ ។ ខ្ញុំ​មិន​មែន​ជា​ទេវតា​ទេ ។ កាល​យើង​បាន​លា​គ្នា ខ្ញុំ​ក៏​បាន​ចាប់ផ្ដើម​យំ​ផងដែរ ។

នៅ​ពេល​ខ្ញុំ​បាន​ដើរ​ទៅ​ដល់​ឡាន ស្វាមីខ្ញុំ​បាន​សួរ​ថា​តើ​មាន​រឿង​អី ហើយ​ហេតុអ្វី​ក៏​ខ្ញុំ​ឲ្យ​ផ្កានោះ​ទៅ​គេ ។ គាត់​ហាក់​ដូចជា​ងឿង​ឆ្ងល់ ប៉ុន្តែ​ក្រោយ​មក​បាន​ធូរចិត្ត​វិញ កាល​ខ្ញុំ​បាន​ប្រាប់​ពី​ដំណើររឿង​នោះ ។

គាត់​បាន​ប្រាប់​ថា « ថ្ងៃនេះ បង​បាន​ផ្ញើ​ផ្កា​មក​ឲ្យ​អូន ។ បង​មាន​អារម្មណ៍​ថា អូន​ត្រូវការ​វា » ។ « បង​បារម្ភ​ខ្លាច​អូន​ឲ្យ​វា​ទៅ​អ្នកដទៃ ។ បើ​ផ្កាទាំងនោះ​ពុំ​មែន​ជា​ផ្កា​ដែល​បង​ផ្ញើ​ឲ្យ​អូន អញ្ចឹង​តើ​វា​នៅ​ឯ​ណា ? »

តាមពិត​ទៅ ហាង​ផ្កា​ភ្លេច​ផ្ញើ​ផ្កាកូលាប​នោះ ដូច្នេះ​យើង​បាន​បើកឡាន​ទៅ​ហាង​នោះ ។ ស្វាមីខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ហាង ហើយ​មិន​យូរប៉ុន្មាន​បាន​ចេញ​មក​វិញ​ដោយ​មាន​ផ្កា​មួយ​បាច់​ដ៏​ស្រស់​ស្អាត ។

ខ្ញុំ​មិន​អាច​ទប់ចិត្ត​ខ្ញុំ​មិន​ឲ្យ​យំ​ម្ដង​ទៀត​បាន​ឡើយ ។ ព្រះ​វរបិតាសួគ៌​បាន​សុំ​ឲ្យ​ខ្ញុំ​លះបង់​ផ្កា​ទាំងនោះ ដោយ​ជ្រាប​ថា​មាន​អ្វី​មួយ​ប្រសើរ​ជាង​នេះ​កំពុង​រង់ចាំ​ខ្ញុំ ហើយ​ក៏​បាន​ជ្រាប​ផងដែរ​ថា បុត្រី​របស់​ទ្រង់​ដែល​ឯកោ​ត្រូវការ​ការរំឭក​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។​