ដំបូន្មានរបស់ព្យាការី និង ពរជ័យព្រះវិហារបរិសុទ្ធ
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងអធិស្ឋានសូមការដឹកនាំ ធ្វើតាមព្យាការីដែលកំពុងរស់នៅ ហើយដាក់ព្រះវិហារបរិសុទ្ធជាអាទិភាពក្នុងជីវិតរបស់យើង នោះព្រះវរបិតាសួគ៌នឹងដឹកនាំយើង ហើយប្រទានពរដល់យើង ។
កាលខ្ញុំមានវ័យជំទង់ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) នៅពេលនោះជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទមួយដែលខ្ញុំបានចូលរួម ។ ខ្ញុំនៅចាំពីការប្រឹក្សារបស់លោកថា ៖ « យុវវ័យត្រូវចេញបេសកកម្ម ហើយពួកគេត្រូវតែរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ » ។
ខ្ញុំទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយបានតាំងចិត្តថា ខ្ញុំនឹងបម្រើបេសកកម្ម ហើយរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ទោះជាប្រទេសជប៉ុនពុំទាន់មានព្រះវិហារបរិសុទ្ធនៅឡើយក្ដី ។
នៅពេលនោះ ខ្ញុំមានអាយុ 19 ឆ្នាំ ហើយខ្ញុំរៀននៅសាកលវិទ្យាល័យឆ្នាំទីពីរ ។ ឪពុកម្ដាយខ្ញុំដែលពុំមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយបានជំទាស់យ៉ាងដាច់ខាតទៅនឹងការសម្រេចចិត្តរបស់ខ្ញុំក្នុងការបម្រើបេសកកម្ម ។ ខ្ញុំបានអធិស្ឋានរាល់ថ្ងៃសូមឲ្យពួកគាត់អនុញ្ញាតឲ្យខ្ញុំ ហើយឲ្យពរដល់ខ្ញុំ ។ ប្រាំមួយខែក្រោយមក ព្រះអម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានខ្ញុំ ។
ឪពុកម្ដាយខ្ញុំបានប្រាប់ខ្ញុំថា « ប៉ាម៉ាក់កំពុងមានវិបិត្តផ្នែកហិរញ្ញវត្ថុ ហើយប៉ាម៉ាក់មិនអាចមិនបង់ថ្លៃសាលាឲ្យកូន និងថ្លៃចំណាយផ្សេងៗបានទៀតឡើយ » ។ « ចាប់ពីពេលនេះទៅកូនត្រូវរៀនរស់នៅដោយខ្លួនឯងហើយ ។ ប៉ាម៉ាក់ក៏មិនខ្វល់ខ្វាយទៀតដែរ ប្រសិនបើកូនចង់ចេញបេសកកម្មនោះ ! »
ខ្ញុំទទួលបានពរពីឪពុកម្ដាយខ្ញុំ ដូច្នេះខ្ញុំបានឈប់រៀន ហើយបានត្រៀមខ្លួនបម្រើបេសកកម្មក្នុងសាសនាចក្រ រួចបានចាប់ផ្ដើមស្វែងរកការងារមួយដើម្បីសន្សំប្រាក់សម្រាប់ការចេញបេសកកម្ម ។ ដោយមានជំនួយពីព្រះអម្ចាស់ ខ្ញុំរកបានការងារបី ! ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ អស់រយៈពេលមួយឆ្នាំក្រោយមក ខ្ញុំបានធ្វើជាអ្នករត់កាសែតពីម៉ោង 3:00 រហូតដល់ ម៉ោង 7:00 ព្រឹក សម្អាតអគារពីម៉ោង 9:00 ព្រឹក រហូតដល់ម៉ោង 4 រសៀល ហើយធ្វើជាចុងភៅពីម៉ោង 5:00 ល្ងាច រហូតដល់ ម៉ោង 7:30 យប់ ។ រួចខ្ញុំផ្លាស់សំលៀកបំពាក់ ហើយទៅធ្វើការនៅពេលយប់ជាអ្នកផ្សព្វផ្សាយសាសនាប្រចាំមណ្ឌល ។
កាលខ្ញុំអាយុ 22 ឆ្នាំ ខ្ញុំត្រូវបានហៅឲ្យបម្រើនៅបេសកកម្ម ន័រធើន ហ្វាអ៊ីស្ទ ។ តាមរយៈការបម្រើក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំមាននូវសេចក្ដីអំណរដ៏ធំធេងបំផុតដែលខ្ញុំពុំធ្លាប់មាន ខ្ញុំមានឱកាសជាច្រើនដើម្បីស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះ ហើយទទួលបាននូវពរជ័យជាច្រើន ។ គ្រួសារខ្ញុំក៏បានទទួលពរជ័យក្នុងពេលខ្ញុំកំពុងបម្រើផងដែរ ដោយឪពុកម្ដាយខ្ញុំបានដោះស្រាយវិបិត្តផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ ។
ការធ្វើតាមព្យាការី
កាលខ្ញុំបញ្ចប់បេសកកម្ម ព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំឲ្យធ្វើតាមចំណុចទីពីរនៃការប្រឹក្សារបស់ប្រធានឃឹមបឹល ហើយកុំឲ្យពន្យារការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ មួយឆ្នាំមុន សមាជិកសាសនាចក្រនៅប្រទេសជប៉ុនបានចាប់ផ្ដើមដាក់ផែនការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធសលត៍ លេក ។ ដោយសារពួកគេនឹងត្រូវចេញដំណើរទៅក្នុងរយៈពេលបីខែទៀត ខ្ញុំបានអធិស្ឋាន ហើយបានតមអាហារដើម្បីបានដឹកនាំទៅរកយុវនារីដ៏សក្ដិសមម្នាក់ដែលខ្ញុំអាចនាំនាងទៅព្រះវិហារបរិសុទ្ធ ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានចូលរួមសកម្មភាពសាសនាចក្រមួយនៅស្រុកកំណើតខ្ញុំគឺទីក្រុង ម៉ាស្ស៊ុម៉ូតូ ។ កាលខ្ញុំនៅទីនោះខ្ញុំបានជួបនឹង ហ្ស៊ីរ៉ូកូ ម៉ូម៉ូសេ ដែលធ្លាប់រៀននៅវិទ្យាល័យជាមួយគ្នា ទន្ទឹមនឹងពេលខ្ញុំបានចូលរួមសាសនាចក្រ ។ ភ្លាមនោះ ព្រះវិញ្ញាណបានបញ្ជាក់ថា នាងគឺជានារីដែលបានរៀបចំសម្រាប់ខ្ញុំ ។
ក្រោយពីយើងបានចាប់ផ្ដើមដើរលេងជាមួយគ្នាបានមិនយូរប៉ុន្មាន ខ្ញុំបានសូម ហ្ស៊ីរ៉ូកូ រៀបការ ។ នាងបានធ្វើឲ្យខ្ញុំរីករាយ កាលនាងបានយល់ព្រម ប៉ុន្តែនាងបានធ្វើឲ្យខ្ញុំផ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីដែលនាងប្រាប់បន្ទាប់មកទៀត ។
នាងពោលថា « អូនរីករាយជាខ្លាំងដោយដឹងថា ព្រះអម្ចាស់របស់បងគឺជាព្រះអម្ចាស់របស់អូនដែរ » ។ « កាលគេបានប្រកាសពីដំណើរទៅព្រះវិហារបរិសុទ្ធសលត៍ លេក អូនចង់ទៅជាខ្លាំង ។ អូនបានអធិស្ឋានជាច្រើនដងសូមឲ្យព្រះអម្ចាស់ជួយអូនឲ្យរកឃើញបុរសម្នាក់ដែលអូនអាចរៀបការជាមួយនៅទីនោះ ។ ប្រហែលជាមួយឆ្នាំមុន អូនបានដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធកាលកំពុងអធិស្ឋានថា អូនគួររង់ចាំបង ហើយថាបងនឹងសូមអូនរៀបការ ពេលបងត្រឡប់មកពីបេសកកម្មវិញ » ។
ការណ៍នោះគឺជាបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យមួយសម្រាប់យើង ហើយវាបានពង្រឹងដល់ដំណោះស្រាយរបស់យើងដើម្បីរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ។ យើងមានប្រាក់បន្តិចបន្តួចដើម្បីធ្វើដំណើរនោះ ប៉ុន្តែយើងមិនបានបណ្តោយឲ្យរឿងនោះធ្វើឲ្យយើងបាក់ទឹកចិត្តឡើយ ។ លុះដល់ពេលនោះ យើងបានដឹងថា កាលយើងពឹងផ្អែកលើព្រះអម្ចាស់ ហើយគោរពព្រះបញ្ញត្តិទ្រង់ នោះទ្រង់ជួយយើងឲ្យសម្រេចនូវរឿងទាំងឡាយដែលយើងមិនអាចសម្រេចវាដោយខ្លួនឯងបាន ។
យើងបានទូលអង្វរដល់ព្រះវរបិតាសួគ៌យើងនៅក្នុងការអធិស្ឋាន ហើយបានខិតខំអស់ពីលទ្ធភាពរបស់យើងដើម្បីសន្សំប្រាក់ដែលត្រូវការចាំបាច់ ។ ការខិតខំទាំងនោះ រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុពីមិត្តម្នាក់របស់ ហ្ស៊ីរ៉ូកូ បានជួយយើងឲ្យចូលរួមនឹងពួកបរិសុទ្ធជប៉ុន ដែលបានទៅព្រះវិហារបរិសុទ្ធសលត៍ លេក ។
យើងមិនអាចសម្ដែងនូវសេចក្ដីអំណរ ដែលយើងមាន ពេលបានផ្សារភ្ជាប់នៅទីនោះជាស្វាមីភរិយាអស់កល្បជានិច្ចបានឡើយ ។ យើងមិនអាចបំភ្លេចបទពិសោធន៍នោះបានទេ ។ អ្វីដែលបានបន្ថែមទៅលើសេចក្ដីអំណររបស់យើងគឺថា យើងបានស្រាវជ្រាវឃើញដូនតាយើងប្រាំជំនាន់ ហើយបានរៀបចំឈ្មោះពួកគាត់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ ។ កាលនៅ ទីក្រុង សលត៍ លេក យើងបានធ្វើពិធីបរិសុទ្ធជំនួសឲ្យដូនតាទាំងនោះ ។ ការធ្វើពិធីបរិសុទ្ធទាំងនោះបានជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងពួកគាត់ ។ យើងបានដឹងថា ពួកគាត់បានពោរពេញដោយសេចក្ដីអំណរ ដោយសារការខិតខំរបស់យើង ។
យើងគឺជាស្វាមីភរិយាទើបរៀបការថ្មោងថ្មីដែលក្រីក្រ ប៉ុន្តែយើងបានដាក់ការចូលរួមក្នុងព្រះវិហារបរិសុទ្ធជាអាទិភាព ក្រោយមកទៀតយើងបានទៅព្រះវិហារបរិសុទ្ធឡាអ៊ីអេ ហាវ៉ៃ ជារឿយៗ តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ។
មានពរតាមរយៈព្រះវិហារបរិសុទ្ធ
ព្យាការី យ៉ូសែប ស៊្មីធ បានថ្លែងថា « យើងត្រូវការព្រះវិហារបរិសុទ្ធលើសពីអ្វីៗផ្សេងទៀត »1
នៅក្នុងផែនការសង្គ្រោះរបស់ព្រះ ព្រះវិហារបរិសុទ្ធគឺជាកត្តាដ៏ចាំបាច់ចំពោះសុភមង្គលអស់កល្បជានិច្ចរបស់យើង ដោយសារយើងធ្វើពិធីការ និង ពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃសេចក្ដីសង្គ្រោះនៅទីនោះ ។ Bible Dictionary ( វចនានុក្រមព្រះគម្ពីរប៊ីប ) ប្រាប់យើងថា ព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏បរិសុទ្ធបំផុតនៃការថ្វាយបង្គំនៅលើផែនដី និង ជា « កន្លែងមួយដែលព្រះអម្ចាស់អាចនឹងយាងមក » ។2
ប្រសិនបើយើងគោរពដល់សេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់យើង ហើយទៅព្រះវិហារបរិសុទ្ធ « ដោយចិត្តរាបសា ស្អាតស្អំ ហើយដោយកិត្តិយស និង សេចក្ដីទៀងត្រង់ »3 នោះយើងនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាបរិសុទ្ធ ហើយទទួលបានពន្លឺ និង ចំណេះដឹងបន្ថែមទៀត ។ កាលយើងចាកចេញពីព្រះវិហារបរិសុទ្ធ យើងនឹងចេញទៅដោយមាននូវព្រះចេស្ដារបស់ព្រះអម្ចាស់ និងដោយមានព្រះនាមទ្រង់ដាក់មកលើយើង សិរីល្អទ្រង់ព័ទ្ធជុំវិញយើង ហើយពួកទេវតាទ្រង់ឃុំគ្រងយើង ( សូមមើល គ. និង ស. 109:13, 22 ) ។
កាលយើងត្រឡប់មកប្រទេសជប៉ុនវិញបន្ទាប់ពីអាពាហ៍ពិពាហ៍របស់យើង ការសន្យារបស់ព្រះអម្ចាស់បានកើតឡើងនៅក្នុងជីវិតខ្ញុំ កាលខ្ញុំខំស្វែងរកការងារពេញម៉ោង ។
ព្រះអម្ចាស់បំពេញតាមការសន្យារបស់ទ្រង់
ខ្ញុំបានធ្វើការក្រៅម៉ោងនៅឡើយ កាលកូនដំបូងរបស់យើងបានកើត ។ យើងមានក្ដីរីករាយ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំមិនអាចផ្គត់ផ្គង់គ្រួសារយើងដែលកំពុងតែរីកធំឡើងនេះដោយគ្មានការងារពេញម៉ោងបានឡើយ ។ យើងបានចាប់ផ្ដើមអធិស្ឋានដោយស្មោះទូលសូមជំនួយពីស្ថានសួគ៌ ។
ពីមុនខ្ញុំបម្រើបេសកកម្មខ្ញុំ ខ្ញុំចង់ធ្វើការផ្នែកពាណិជ្ជកម្មបរទេស ។ ប៉ុន្តែដើម្បីបានធ្វើការនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយ ជាទូទៅ បេក្ខជនម្នាក់ត្រូវមានសញ្ញាបត្រជាក់លាក់ថាបានបញ្ចប់សាកលវិទ្យាល័យ ។ ខ្ញុំមិនបានបញ្ចប់មហាវិទ្យាល័យទេ ហើយគ្មានសញ្ញាបត្រ ប៉ុន្តែកាលយើងអធិស្ឋាន យើងទទួលអារម្មណ៍ថា ព្រះអម្ចាស់នឹងប្រទានពរយើង ហើយរៀបចំការងារមួយសម្រាប់ខ្ញុំ ។
ខ្ញុំបានសម្រេចចិត្តធ្វើការប្រឡងចូលក្រុមហ៊ុនពាណិជ្ជកម្មជាច្រើន ទោះជាខ្ញុំខ្វះខាងការអប់រំក្ដី ។ ក្រុមហ៊ុនពីរដំបូងបានបដិសេធខ្ញុំ ប៉ុន្តែខ្ញុំមានបទពិសោធន៍យ៉ាងចំឡែកមួយ កាលខ្ញុំដាក់ពាក្យនៅក្រុមហ៊ុនទីបី ។
នៅសម័យនោះ មានសមាជិកសាសនាចក្រជនជាតិជប៉ុនតែពីរបីនាក់ប៉ុណ្ណោះ ហើយមានមនុស្សជាច្រើនបានប្រឆាំងទាស់នឹងសាសនាចក្រ ។ កាលអ្នកតំណាងបីរូបមកពីក្រុមហ៊ុនពាណិជ្ជកម្មទីបីបានមកសម្ភាសខ្ញុំ ពួកគេបានមើលប្រវត្តិរូបខ្ញុំ ហើយបានដឹងថា ខ្ញុំជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកគេបានសួរសំណួរខ្ញុំអំពីសាសនាចក្រ ដោយស្នើសុំឲ្យខ្ញុំឆ្លើយយ៉ាងលម្អិត ។ ដោយទើបត្រឡប់មកពីបេសកកម្មវិញថ្មីៗ ខ្ញុំគ្មានបញ្ហាអ្វីនឹងនិយាយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនោះទេ ។
ប្រហែលជា 40 នាទី ខ្ញុំបាននិយាយពីដំណឹងល្អ ហើយបានថ្លែងទីបន្ទាល់ខ្ញុំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនា ទស្សនៈនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរមរមន ការស្ដារឡើងវិញនៃសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនទាំងឡាយរបស់សាសនាចក្រ ។
គ្មានអ្នកសម្ភាសណាម្នាក់បានបញ្ឈប់ខ្ញុំ កាលខ្ញុំកំពុងនិយាយឡើយ ។ ពីរបីថ្ងៃក្រោយមក ក្រុមហ៊ុនពាណិជ្ជកម្មនោះបានផ្ដល់ការងារមួយ ដែលឲ្យប្រាក់ខែដ៏ខ្ពស់ ។ ក្រោយមកទៀត កាលខ្ញុំសួរដល់ប្រធានរបស់ខ្ញុំថា ហេតុអ្វីបានជាពួកគេជួលខ្ញុំ គាត់បានតបថា « ក្នុងការសម្ភាសរបស់លោក ខ្ញុំបានទទួលការអះអាងមួយថា លោកជាមនុស្សឧស្សាហ៍ ស្មោះត្រង់ ហើយទៀងត្រង់ ហើយថាលោកនឹងជាមនុស្សម្នាក់ដែលធ្វើការសម្រាប់ក្រុមហ៊ុនយើងតាមរបៀបដូច្នេះដែរ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បំពេញការសន្យារបស់ទ្រង់ ។ ក្នុងការសម្ភាសន៍របស់ខ្ញុំ ខ្ញុំមានអារម្មណ៍ពីព្រះចេស្ដា និង ព្រះវិញ្ញាណនៃព្រះអម្ចាស់មកលើខ្ញុំ ដូចជាទ្រង់សន្យាដល់ជនដែលចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយគោរពដល់សេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ខ្ញុំក៏ទទួលអារម្មណ៍ថា ព្រះវិញ្ញាណគង់ជាមួយនឹងខ្ញុំ កាលខ្ញុំធ្វើការឲ្យក្រុមហ៊ុននោះ ជាកន្លែងដែលខ្ញុំមានពរដើម្បីធ្វើការបរិច្ចាគដ៏មានតម្លៃជាច្រើន ។
ព្រះវិហារបរិសុទ្ធកើតមាននៅប្រទេសជប៉ុន
នៅឯសន្និសីទភូមិភាគមួយនៅទីក្រុងតូក្យូ ឆ្នាំ 1975 ប្រធាន ឃឹមបឹល បានប្រកាសពីការសាងសង់ព្រះវិហារបរិសុទ្ធតូក្យូជប៉ុន ។ រំពេចនោះ ពួកបរិសុទ្ធជប៉ុនពុំអាចទប់ចិត្តរំភើបបានឡើយ ហើយបានទះដៃព្រមគ្នា ដើម្បីបង្ហាញសេចក្ដីអំណរ និង អំណរគុណរបស់ពួកគេ ។
ព្រះវិហារបរិសុទ្ធតូក្យូជប៉ុន បានសង់ចប់សព្វគ្រប់នៅឆ្នាំ 1980 ។ ក្នុងពិធីបើកសម្ពោធ និង ឧទ្ទិសឆ្លង ពួកបរិសុទ្ធត្រូវបានប្រទានពរជាមួយនឹងបទពិសោធន៍ខាងវិញ្ញាណ និង សេចក្ដីអំណរដ៏មហាអស្ចារ្យ ។ បទពិសោធន៍ទាំងនោះបានបន្តបន្ទាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនោះ កាលពួកបរិសុទ្ធបានចាប់ផ្ដើមទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធជំនួសឲ្យដូនតារបស់ពួកគេដែលបានចែកឋានទៅ ។
នៅថ្ងៃនេះ ហ្ស៊ីរ៉ូកូ និង ខ្ញុំបានរៀបការជិត 45 ឆ្នាំហើយ ការសម្រេចចិត្តរបស់ខ្ញុំដើម្បីធ្វើតាមការប្រឹក្សារបស់ព្យាការីបានបន្តប្រទានពរដល់ជីវិតយើង និង ជីវិតកូនចៅរបស់យើង ។ យើងបានស្ថាបនាគ្រួសារមួយដ៏អស្ចារ្យតាមរបៀបរបស់ព្រះអម្ចាស់ — បានចាក់គ្រឹះនៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ រូមបញ្ចូលទាំង សេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងអធិស្ឋានសូមការដឹកនាំ ធ្វើតាមព្យាការីដែលកំពុងរស់នៅ ហើយដាក់ព្រះវិហារបរិសុទ្ធជាអាទិភាពក្នុងជីវិតរបស់យើង នោះព្រះវរបិតាសួគ៌នឹងដឹកនាំយើង ហើយប្រទានពរដល់យើង ។