ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះជីវិតខ្ញុំ ?
នៅពេលយើងយល់ពីអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះធ្វើសម្រាប់យើង ទ្រង់ក្លាយជាតួអង្គដ៏សំខាន់បំផុតនៅក្នុងជីវិតយើង ។
ថ្មីៗនេះ ខ្ញុំបានអានការចុះផ្សាយមួយនៅលើកំណត់ហេតុបណ្ដាញ ដែលអ្នកនិពន្ធបានលើកឡើងពីរបៀបដែលព្រះអង្គសង្គ្រោះដើរតួយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់នាង ។ ខ្ញុំមានចិត្តរីករាយដែលនាងព្រមចែកចាយអារម្មណ៍របស់នាង ប៉ុន្តែខ្ញុំមានចិត្តសោកសៅចំពោះមតិរបស់អ្នកអានម្នាក់ គាត់បាននិយាយថា ៖ « ទ្រង់ពុំមែនជាតួអង្គដ៏សំខាន់នៅក្នុងជីវិតរបស់ខ្ញុំទេ — ខ្ញុំពុំធ្លាប់គិត ហើយនឹងមិនគិតជារៀងរហូត » ។
អ្នកអានម្នាក់នោះបានគិតខុសហើយ ។ នៅពេលណាមួយ យើងទាំងអស់គ្នានឹងត្រូវការព្រះអង្គសង្គ្រោះ ។ យើងទាំងអស់គ្នាធ្វើកំហុសដែលយើងមិនអាចធ្វើឲ្យដូចដើមវិញបាន ហើយជួបប្រទះនឹងការបាត់បង់ដែលយើងមិនអាចយកមកវិញបាន ហើយជួបនឹងការឈឺចាប់ ការបៀតបៀន សោកនាដកម្ម បន្ទុក និង ការខកបំណង ដែលយើងមិនអាចទ្រាំទ្រតែម្នាក់ឯងបាន ។
អ្វីដែលល្អនោះគឺថា យើងមិនចាំបាច់ទ្រាំទ្រវាតែម្នាក់ឯងនោះទេ ។
« នៅក្នុងគ្រានៃភាពទន់ខ្សោយមួយដែលយើងអាចនឹងស្រែកឡើងថា ‹ គ្មាននរណាម្នាក់យល់ពីអារម្មណ៍នេះទេ ។ គ្មាននរណាម្នាក់យល់ទេ ›។ ប៉ុន្តែព្រះរាជបុត្រានៃព្រះជ្រាប ហើយយល់យ៉ាងឥតខ្ចោះ ពីព្រោះទ្រង់ធ្លាប់ទទួល ហើយទូលបន្ទុករបស់យើងម្នាក់ៗ » បានថ្លែងដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ « ហើយដោយសារការលះបង់ដ៏គ្មានទីបញ្ចប់ និង អស់កល្បជានិច្ចរបស់ទ្រង់ ( សូមមើល អាលម៉ា 34:14 ) ទ្រង់មានការយល់ចិត្តយ៉ាងឥតខ្ចោះ ហើយអាចលាតសន្ធឹងព្រះហស្ដនៃសេចក្តីមេត្តាករុណារបស់ទ្រង់មកកាន់យើង » ។1
ព្រះយេស៊ូវគឺជាអង្គដ៏សំខាន់សម្រាប់យើង ដោយសារតាមរយៈដង្វាយធួន ការបង្រៀន សេចក្ដីសង្ឃឹម សេចក្ដីសុខសាន្ត និង គំរូរបស់ទ្រង់ ទ្រង់ជួយយើងផ្លាស់ប្ដូរជីវិតយើង ប្រឈមមុខនឹងការសាកល្បងរបស់យើង ហើយដើរឆ្ពោះទៅមុខដោយសេចក្ដីជំនឿ នៅពេលយើងធ្វើដំណើរត្រឡប់ទៅរកទ្រង់ និង ព្រះវរបិតាទ្រង់វិញ ។
ព្រះយេស៊ូវធ្វើឲ្យការប្រែចិត្តកើតមាន
ហេតុផលមួយដែលព្រះយេស៊ូវគឺជាអង្គដ៏សំខាន់បំផុតចំពោះអ្នក ដែលព្យាយាមដើរតាមទ្រង់ដោយស្មោះ គឺថា យើងទាំងអស់គ្នាធ្វើកំហុស ហើយត្រូវការអំណោយទាននៃការប្រែចិត្តដែលបានផ្ដល់ឲ្យតាមរយៈដង្វាយធួន ។
នៅពេលយើងជំពប់ជើងដួល សាតាំងចង់ឲ្យយើងគិតថា យើងមិនល្អគ្រប់គ្រាន់ដើម្បីក្រោកឈរឡើង ហើយត្រឡប់ទៅផ្លូវត្រូវវិញទេ ។ វាក៏ចង់ឲ្យយើងបំភ្លេចផងដែរថា ដំណឹងល្អគឺជា « ដំណឹងល្អនៃការប្រែចិត្ត » ( គ. និង ស. 13:1 ការគូសបញ្ជាក់បានបន្ថែម ) ។ ប៉ុន្តែយើងដឹងថា « ព្រះគុណរបស់ព្រះគ្រីស្ទមានពិតមែន ដោយផ្ដល់ឲ្យទាំងការអត់ទោស និង ការលាងសម្អាតទៅដល់អ្នកធ្វើបាបដែលបានប្រែចិត្ត » ។2
អំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺមានសម្រាប់យើងម្នាក់ៗ ប៉ុន្តែយើងត្រូវតែជ្រើសធ្វើឲ្យវាមានដំណើរការនៅក្នុងជីវិតយើង ។ សូមនឹកស្រមៃពីការផ្ដល់អំណោយដ៏ពិសេសមួយដល់មិត្តម្នាក់ — ជាអ្វីមួយដែលមិត្តរបស់អ្នកពិតជាត្រូវការ និងជាអ្វីមួយដែលអ្នកបានរៀបចំតាមរយៈការលះបង់ផ្ទាល់ខ្លួន ។ រួចនឹកស្រមៃថាមិត្តរបស់អ្នកបានពោលថា « អរគុណ ប៉ុន្តែខ្ញុំពិតជាមិនចង់បានអំណោយរបស់ឯងទេ » ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ?
នៅពេលយើងមិនបានអញ្ជើញព្រះយេស៊ូវឲ្យជួយយើងដើម្បីមានភាពស្អាតស្អំតាមរយៈការប្រែចិត្តនោះទេ វាប្រៀបដូចជាយើងកំពុងតែបដិសេធអំណោយរបស់ទ្រង់ដូច្នោះដែរ ។
ព្រះយេស៊ូវបង្រៀនពីសេចក្តីពិត
មានគ្រាមួយ បន្ទាប់ពីមនុស្សជាច្រើនបានបដិសេធឈប់ដើរតាមទ្រង់ទៀត ព្រះយេស៊ូវបានសួរទៅពួកសាវកដប់ពីរនាក់ថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » ពេត្រុស ឆ្លើយថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន 6:67–68 ) ។
អ្នកអាចស្វែងរក « ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » របស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរ ការបង្រៀនរបស់ពួកព្យាការីនៅរស់ និង ការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ ធនធានទាំងនេះផ្ដល់នូវគ្រឹះមួយសម្រាប់ « សុភមង្គលនៅក្នុងជីវិតនេះ និង ជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងជីវិតខាងមុខ »3 ហើយវាដឹកនាំយើងដោយសុវត្ថិភាពត្រឡប់ទៅរកព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើងវិញ ។
តើសេចក្ដីពិតដ៏អសា្ចរ្យមួយចំនួនដែលព្រះអង្គសង្គ្រោះបានបង្រៀនមានអ្វីខ្លះ ? ប្រធាន ឌីថើរ អេហ្វ អុជដុហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានលើកឡើងនូវចំណុចបួននៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទទូទៅថ្មីៗនេះថា ៖
-
« ព្រះវរបិតាយើងបានប្រទានដល់កូនចៅទ្រង់នូវផែនការនៃសុភមង្គលដ៏មហិមា » ។
-
« តាមរយៈដង្វាយធួន … យើងអាចរស់នៅជារៀងរហូតជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើង » ។
-
« យើងនឹងមានរូបកាយដ៏រុងរឿង ល្អឥតខ្ចោះ ហើយអមតៈ ដោយមិនមានជំងឺ ឬអសមត្ថភាពអ្វីឡើយ » ។
-
« ទឹកភ្នែកនៃភាពសោកសៅ និង ការបាត់បង់របស់យើងនឹងត្រូវបានជំនួសដោយសុភមង្គល និង សេចក្ដីអំណរដ៏បរិបូរណ៍ » ។4
ព្រះយេស៊ូវប្រទានសេចក្ដីសង្ឃឹម
នៅពេលយើងជួបប្រទះនឹងឧបសគ្គដ៏ធ្ងន់ធ្ងរ ពេលខ្លួនយើងឃើញថា វាមានភាពលំបាកណាស់ដើម្បីទុកចិត្តលើព្រះអម្ចាស់ ។ ប៉ុន្តែការទុកចិត្តលើទ្រង់ង់នាំមកឲ្យយើងនូវសេចក្ដីសង្ឃឹមដែលយើងត្រូវការដើម្បីប្រឈមមុខនឹងឧបសគ្គរបស់យើង ។
នោះគឺជាអ្វីដែលបានកើតឡើងជាមួយនឹងសមាជិកគ្រួសារហ្គាត្រល ដែលរស់នៅក្នុងវួដរបស់ស៊ិស្ទើរ ជីន អេ ស្ទីវិនសិន ។ ស៊ិស្ទើរ ស្ទីវិនសិន ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានថ្លែងថា គ្រួសារនោះបានតោងខ្ជាប់ទៅនឹងដំណឹងល្អ និង សេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់ពួកគេ បន្ទាប់ពីបងប្រុសហ្គាតរ៉េល កើតជំងឺមហារីក ។ ការធ្វើបែបនេះ បានផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេនៅក្នុងការសន្យារបស់ព្រះថា ពួកគេនឹងរួមរស់ជាមួយគ្នាម្ដងទៀតបន្ទាប់ពីជីវិតនេះ ។
តាមរយៈគ្រាដ៏លំបាកទាំងនោះពីមុនស្វាមីគាត់បានចែកឋានទៅ បងស្រីហ្គាតរ៉េល បានពោលថា « ខ្ញុំបានដឹងថា ព្រះអម្ចាស់បានឃុំគ្រងយើង ។ ប្រសិនបើអ្នកទុកចិត្តលើព្រះអម្ចាស់ អ្នកពិតជាអាចយកឈ្នះលើឧបសគ្គទាំងអស់នៅក្នុងជីវិតបាន » ។5
អំណោយទាននៃដង្វាយធួន ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច — ជាអ្វីមួយដែលយើងត្រូវការ នៅពេលយើងរងទុក្ខដោយការសាកល្បង ឬសេចក្ដីស្លាប់នៃមនុស្សជាទីស្រឡាញ់ ។
ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានថ្លែងថា « ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងបានប្រទានឲ្យយើងនូវអំណោយនៃបុត្រាដ៏ជាទីស្រលាញ់របស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង » ។ អំណោយដ៏អស្ចារ្យនោះ និង ពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នាំមកនូវកេរដំណែលជាសាកលមួយគឺ ៖ ការសន្យានៃការរស់ឡើងវិញ និង លទ្ធភាពនៃជីវិតដ៏អស់កល្បជានិច្ច ដល់មនុស្សទាំងអស់ដែលបានកើតមក » ។6
ព្រះយេស៊ូវប្រទានសេចក្ដីសុខសាន្ត
ប្រសិនបើអ្នកធ្លាប់ជួបនឹងគ្រោះធម្មជាតិ ធ្លាប់ត្រូវបានគេនិយាយ មួលបង្កាច់ ធ្លាប់ជួបឧបសគ្គដែលបានផ្លាស់ប្ដូរជីវិត ធ្លាប់បាត់បង់មិត្តភាព ឬធ្លាប់ក្រោកឈរឡើងការពារអ្វីដែលត្រឹមត្រូវ នោះអ្នកដឹងថា អ្នកត្រូវការសេចក្ដីសុខសាន្តរបស់ព្រះអម្ចាស់ ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « សេចក្ដីសុខសាន្តរបស់ព្រះអង្គសង្គ្រោះធ្វើខ្យល់កួចនៃលោកិយនេះស្ងប់ » ។7
នៅក្នុងសន្និសីទថ្មីៗនេះ អែលឌើរ អាន់ឌើរសិន បានចែកចាយពីដំណើររឿងមួយអំពីក្មេងស្រីថ្នាក់ឡូរ៉លម្នាក់ដែលត្រូវបានគេសើចចំអក ហើយប្រមាថដោយសារគោលជំហរការពារអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ ។ នាងបានរៀនថា ពេលខ្លះ ការសើចចំអកគឺជាតម្លៃនៃ « ការស្មោះចំពោះព្រះ និង ចំពោះការបង្រៀននៃព្យាការីដែលកំពុងរស់នៅរបស់ទ្រង់ » ។8
ប៉ុន្តែការក្រោកឈរឡើងពុំមែនមានន័យថា ជាការឈរតែម្នាក់ឯងនោះទេ ។ យើងអាចងាកទៅរកព្រះអម្ចាស់នៃមេត្រីភាពបានជានិច្ច នៅពេលយើងមានអារម្មណ៍ឯកោ ឬថប់បារម្ភ សោកសៅ ឬព្រួយចិត្ត ភ័យខ្លាច ឬគ្មានតម្លៃនោះ ។ យើងធ្វើកិច្ចការទាំងនេះបានតាមរយៈ ៖
-
ការអធិស្ឋានទៅព្រះវរបិតាសួគ៌ទូលសូមព្រះវិញ្ញាណឲ្យគង់ជាមួយយើង ។
-
ការអានបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរ និងដែលបានបើកសម្ដែងតាមរយៈពួកព្យាការីដែលកំពុងរស់នៅ ។
-
ការចូលព្រះវិហារបរិសុទ្ធ ។
-
ការសិក្សាពីឆាកជីវិតរបស់ព្រះអង្គសង្គ្រោះនៅឯព្រះវិហារ និង ក្នុងថ្នាក់សិក្ខាសាលា ។
-
ការអនុវត្តដង្វាយធួនទ្រង់តាមរយៈការប្រែចិត្តពីអំពើបាបរបស់យើង ។
-
ការចែកចាយទីបន្ទាល់របស់យើងអំពីទ្រង់ ។
នៅពេលយើងទទួលបានអារម្មណ៍នៃសេចក្ដីសុខសាន្តរបស់ព្រះអង្គសង្គ្រោះ ដួងចិត្តយើងមិនត្រូវបារម្ភ ឬភ័យខ្លាចនោះទេ ( សូមមើល យ៉ូហាន 14:26–27 ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា « មានតែលោកចៅហ្វាយប៉ុណ្ណោះ ដែលទ្រង់ជ្រាបពីជម្រៅនៃការសាកល្បង ការឈឺចាប់ និង ការរងទុក្ខរបស់យើង » ។ « មានតែទ្រង់ទេ ដែលប្រទានភាពសុខសាន្តអស់កល្បនៅគ្រារងទុក្ខ ។ មានតែទ្រង់ទេ ដែលមានអានុភាពលើព្រលឹងជាប់បាបកម្ម ដោយបន្ទូលលួងលោមរបស់ទ្រង់ » ។9
ព្រះយេស៊ូវបានធ្វើជាគំរូ
នៅក្នុងការបម្រើរបស់ទ្រង់ ព្រះយេស៊ូវមិនមែនគ្រាន់តែចង្អុលបង្ហាញផ្លូវទៅកាន់សុភមង្គលប៉ុណ្ណោះទេ — ទ្រង់ក៏បានដឹកនាំផ្លូវផងដែរ ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ទ្រង់បានដឹកនាំយើងឲ្យចេះស្រឡាញ់ ។ តាមរយៈការបង្រៀនរបស់ទ្រង់ ទ្រង់ដឹកនាំទៅរកសេចក្ដីពិតអស់កល្បជានិច្ច ។ តាមរយៈព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់ ទ្រង់ដឹកនាំយើងទៅរកផ្លូវនៃការគោរពប្រតិបត្តិ ។
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « បុគ្គលដែលបានបង្ហាញគំរូដ៏អស្ចារ្យបំផុតនៅលើផែនដីគឺជាព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ ការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ត្រូវបានបំពេញដោយការបង្រៀន ការបម្រើ និង ការស្រឡាញ់ដល់អ្នកដទៃ » ។ លោកបានបន្ថែមទៀតថា ព្រះអង្គសង្គ្រោះ « អញ្ជើញយើងឲ្យធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់ទ្រង់ » ។10
នៅពេលយើងយល់ដឹងថា ព្រះអង្គសង្គ្រោះបានធ្វើឲ្យកើតមានការប្រែចិត្ត និង ការរស់ឡើងវិញ ទ្រង់បានបង្រៀនពីសេចក្ដីពិតដ៏សំខាន់ ប្រទានសេចក្ដីសង្ឃឹម និង សេចក្ដីសុខសាន្ត ហើយបានធ្វើជាគំរូដ៏ល្អឥតខ្ចោះ នោះទ្រង់ក្លាយទៅជាអង្គសំខាន់នៅក្នុងជីវិតរបស់យើង ។ ហើយដោយមានទ្រង់ជាមិត្តរបស់យើង យើងមានភាពក្លាហានដើម្បីបណ្ដេញភាពភ័យខ្លាច ហើយដើរឆ្ពោះទៅដោយសេចក្ដីជំនឿ ។