ការផ្ដល់អំណោយដ៏ល្អបំផុត
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា. ។
ខ្ញុំបានឲ្យមិត្តខ្ញុំនូវអំណោយខួបកំណើតមួយដ៏ល្អបំផុត ដែលនាងពុំធ្លាប់បានទទួលពីមុនមក ។
កាលខ្ញុំមានអាយុ 13 ឆ្នាំ ព្យាការីបានសូមឲ្យសមាជិកសាសនាចក្រអានបញ្ចប់ព្រះគម្ពីរមរមននៅក្នុងរយៈពេលប្រាំខែ គឺនៅត្រឹមចុងឆ្នាំនោះ ហើយបានសន្យាពីពរជ័យចំពោះការធ្វើបែបនេះ ។ មានថ្ងៃមួយ កាលខ្ញុំកំពុងអានព្រះគម្ពីរនៅលើរថយន្តក្រុង មានក្មេងស្រីម្នាក់ឈ្មោះ ស៊ីនទីយ៉ា ដែលអង្គុយនៅក្បែរខ្ញុំបានសួរថាតើសៀវភៅនោះជាសៀវភៅអ្វីទៅ ។ ខ្ញុំបានតបថា វាគឺជាព្រះគម្ពីរមរមន ហើយថាវាគឺជាសៀវភៅមួយដ៏ពិសេស ។ ខ្ញុំបាននិយាយថា ខ្ញុំចង់អានវាឲ្យចប់ពីមុនចុងឆ្នាំ ដើម្បីខ្ញុំអាចទទួលបានពរជ័យ ។
នាងបានចាប់ផ្ដើមសួរសំណួរបន្ថែមទៀត ហើយខ្ញុំបានប្រាប់នាងថា នាងអាចមកផ្ទះខ្ញុំដើម្បីយើងអាចពិភាក្សាគ្នាបន្ថែមទៀតពីសៀវភៅនេះ ។ នាងបានទទួលយកការអញ្ជើញរបស់ខ្ញុំ ហើយយើងបានចំណាយពេលពីរទៅបីម៉ោងនៅថ្ងៃបន្ទាប់ពិភាក្សាពីព្រះគម្ពីរមរមន និង សាសនាចក្រ ។
លុះថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ខ្ញុំបានអញ្ជើញនាងមករាត្រីជួបជុំក្រុមគ្រួសារ ជាពេលដែលខ្ញុំបានណែនាំនាងឲ្យស្គាល់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានចាប់ផ្ដើមបង្រៀននាងពីមេរៀននានា ហើយនាងបានចាប់ផ្ដើមមកព្រះវិហារ ហើយមកចូលរួមរាល់សកម្មភាពសម្រាប់យុវវ័យ និង ការប្រជុំផ្សេងទៀតរបស់សាសនាចក្រ ។
នាងបានសម្រេចចិត្តថា នាងចង់ទទួលពិធីបុណ្យជ្រមុជទឹក ហើយដោយមានការអនុញ្ញាតពីឪពុកម្ដាយនាង នាងបានជ្រមុជទឹកនៅចំថ្ងៃកំណើតរបស់នាងក្នុងឆ្នាំនោះ ។ នាងបាននិយាយថា វាគឺជាអំណោយដ៏ល្អបំផុតដែលនាងធ្លាប់បានទទួល ។ ម្ដាយ និង បងប្អូននាងបានមកចូលរួមក្នុងពិធីបុណជ្រមុជទឹកនោះ ។ នាងបានសុំឲ្យខ្ញុំច្រៀងបទ « ព្រះវិញ្ញាណនៃព្រះ » ( ទំនុកដំកើងព្រះ និង ចំរៀងកុមារាកុមារី ទំព័រ 28 ) ហើយបានសុំឲ្យឪពុកខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹកឲ្យនាង ។ បន្ទាប់ពីនាងបានងើបចេញពីទឹកមកវិញ យើងបានយំឱបគ្នា ។ ខ្ញុំមិនអាចបំភ្លេចថ្ងៃនោះបានឡើយ ដោយសារខ្ញុំមានអារម្មណ៍នូវសុភមង្គលដ៏លើសលប់ ។
មួយឆ្នាំក្រោយមក គ្រួសារខ្ញុំបានផ្លាស់ទីលំនៅ ។ វាគឺជារឿងដ៏ពិបាកណាស់ ដោយសារស៊ីនទីយ៉ា និង ខ្ញុំបានក្លាយជាមិត្តដ៏ល្អ និង បងប្អូនស្រីនៅក្នុងដំណឹងល្អ ។
ទោះជាយើងមិនបានរស់នៅជិតគ្នាទៀតក៏ដោយ យើងនៅតែជាមិត្តសម្លាញ់នឹងគ្នា ។ ជារឿយៗ ខ្ញុំបានទូរសព្ទទៅរកគ្នា ហើយថ្មីៗនេះ នាងបានទូរសព្ទមកប្រាប់ខ្ញុំថា ម្ដាយនាងកំពុងរៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ដំណឹងនេះបានធ្វើឲ្យខ្ញុំមានចិត្តរីករាយ ដោយសារពីមុនមកម្ដាយរបស់នាងមិនចង់ស្ដាប់មេរៀនទាំងនោះទេ ។ ស៊ីនទីយ៉ា បានប្រាប់ខ្ញុំថា នៅថ្ងៃមួយ នាងសង្ឃឹមថា គ្រួសារនាងទាំងមូលនឹងទៅព្រះវិហារជាមួយនឹងនាង ។ នាងបានអរគុណខ្ញុំដែលបានណែនាំនាងឲ្យស្គាល់សាសនាចក្រ ។