មួយជំហានម្ដងៗ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។
យុវវ័យក្នុងប្រទេសអ៊ីតាលី បានចែកចាយពីរបៀបដែលពួកគេបម្រើដល់ព្រះដោយអស់ពីចិត្ត គំនិត កម្លាំង និង ពលំរបស់ពួកគេ ។
ឥឡូវនេះ ដោយសារអ្នកដឹងថាបាវចនាម៉្ញូឆលសម្រាប់ឆ្នាំនេះគឺអំពីការបម្រើ តើអ្នកនឹងធ្វើអ្វីខ្លះ ? ព្រះអម្ចាស់បានសុំឲ្យអ្នកបម្រើទ្រង់ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត និង អស់ពីកម្លាំងរបស់អ្នក ( សូមមើល គ. និង ស. 4:2 ) ។ កិច្ចការនោះគឺច្រើនណាស់ ហើយវាអាចមានអារម្មណ៍ថាលើសលុប ។ ប៉ុន្តែមិនចាំបាច់មានអារម្មណ៍បែបនេះឡើយ ។
ម៉ាកូ ឌី មកពី តារ៉ង់តូ ប្រទេសអ៊ីតាលី បាននិយាយថា « វាដូចជាការឡើងលើភ្នំមួយដូច្នោះដែរ » ។ « ការគិតពីការឡើងភ្នំទាំងមូលក្នុងពេលតែមួយ វាគឺជារឿងដ៏លំបាក ប៉ុន្តែប្រសិនបើអ្នកធ្វើវាមួយជំហានម្ដងៗ វានឹងមានភាពងាយស្រួលជាង ។ សូមបោះមួយជំហានម្ដងៗ ហើយនៅពេលអ្នកដើរបានមួយជំហាន សូមគិតថា ‹ ខ្ញុំបានធ្វើវាហើយ ! › រួចដើរមួយជំហានទៀត » ។
នៅក្នុងចំណោមជីវិតនៃប្រជាជនអ៊ីតាលី យុវវ័យអ៊ីតាលីភាគខាងត្បូងបានរកឃើញនូវជំហានដ៏មានអត្ថប្រយោជន៍មួយចំនួនដើម្បីផ្ដោតយកចិត្តទុកដាក់ នៅពេលពួកគេព្យាយាមបម្រើឲ្យអស់ពីចិត្ត ពីពលំ ពីគំនិត និងពីកម្លាំងរបស់ពួកគេ ។
ស្វែងរកការដឹកនាំខាងវិញ្ញាណ
ការទទួលការដឹកនាំខាងវិញ្ញាណគឺជាជំហានមួយដ៏សំខាន់ដល់ការបម្រើដល់ព្រះអម្ចាស់ ហើយ ដាវីឌ ស៊ី អាយុ 15 ឆ្នាំ បានដឹងថា វានឹងមិនកើតឡើងដោយគ្មានការខិតខំរបស់គាត់នោះឡើយ ។ គាត់បាននិយាយថា « ខ្ញុំត្រូវធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ » ។ « ខ្ញុំត្រូវត្រៀមខ្លួនជាស្រេចដើម្បីទទួល ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។ ដើម្បីធ្វើបែបនោះបាន ខ្ញុំត្រូវធ្វើឲ្យខ្លួនខ្ញុំហ៊ុមព័ទ្ធទៅដោយកិច្ចការរបស់ព្រះអម្ចាស់ជានិច្ច » ។
ដាវីដ និង គ្រួសារគាត់គឺជាពួកអ្នកប្រែចិត្តជឿចំពោះសាសនាចក្រ ។ គាត់បានដឹងពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរពីមុនគាត់បានទទួលបុណ្យជ្រមុជទឹកទៅទៀត ។ បងប្រុសគាត់គឺជាមនុស្សដំបូងដែលបានទទួលបុណ្យជ្រមុជទឹក ហើយក្រោយមកទៀតមិនយូរប៉ុនា្មន ឪពុកម្ដាយគាត់ក៏បានជ្រមុជទឹកដែរ ។ ដាវីឌ បានដឹងថា គាត់ត្រូវការទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់ ។ ក្នុងអំឡុងពេលគាត់សិក្សាព្រះគម្ពីរមរមន គាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ អារម្មណ៍ល្អដែលគាត់មានក្នុងដួងចិត្តគាត់ បានជួយគាត់ឲ្យសម្រេចចិត្តចូលរួមនឹងសាសនាចក្រ ។
បួនឆ្នាំក្រោយមក ដាវីឌ នៅតែពឹងផ្អែកលើការដឹកនាំពីព្រះវិញ្ញាណ ។ គាត់និយាយថា « យើងធ្វើឲ្យបានទៀងទាត់ ។ យើងមិនអាចព្រងើយកន្តើយចំពោះការសិក្សាព្រះគម្ពីរ និង ការអធិស្ឋានរបស់យើងឡើយ » ។
បន្តមានភាពបរិសុទ្ធ
ម៉ាកូ ឌី អាយុ 17 ឆ្នាំ បានចង្អុលបង្ហាញពីសារៈសំខាន់នៃការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិ ជាពិសេសច្បាប់ព្រហ្មចារីភាព ។ ម៉ាកូ និយាយថា « មារសត្រូវល្បួងយើងតាមគ្រប់វិធី ដោយព្យាយាមឲ្យយើងធ្វើខុស » ។ « មិត្តភក្ដិក៏អាចជាឥទ្ធិពលអាក្រក់មួយផងដែរ » ។ ប៉ុន្មានឆ្នាំមុន ម៉ាកូ ត្រូវផ្លាស់ប្ដូរការសេពគប់មិត្តភក្ដិ ដោយសារគាត់បានដឹងពីឥទ្ធិពលអវិជ្ជមាន ដែលពួកគេកំពុងតែធ្វើឲ្យប៉ះពាល់ដល់ការជ្រើសរើសរបស់គាត់ ។ « ខ្ញុំត្រូវរកមិត្តភក្ដិដែលទទួលយកភាពពិតរបស់ខ្ញុំ ហើយពុំមែនជាមនុស្សដែលពិភពលោកនេះរំពឹងទុកឲ្យខ្ញុំប្រែក្លាយនោះទេ » ។
ពេលខ្លះ នៅក្នុងការឡើងទៅលើភ្នំរបស់យើង យើងនឹងជំពប់ជើងដួល ។ នៅពេលរឿងនេះកើតឡើង ម៉ាកូ បន្លឺពាក្យលើកទឹកចិត្តថា « សូមទៅជួបប៊ីស្សព ហើយនិយាយជាមួយនឹងគាត់ដោយឥតលាក់លាម » ។ « ប៊ីស្សពគឺជាបងប្រុសរបស់យើង ។ យើងអាចទុកចិត្តគាត់បាន » ។
ការខិតខំរបស់គាត់ដើម្បីមានការគោរពប្រតិបិត្ត ហើយបន្តមានភាពបរិសុទ្ធ ផ្ដល់ឱកាសដល់ ម៉ាកូ ដើម្បីបម្រើដល់ព្រះនៅពេលនេះ ហើយវាក៏កំពុងរៀបចំខ្លួនគាត់ ឲ្យមានភាពសក្ដិសមដើម្បីបម្រើបេសកកម្មពេញម៉ោងនៅថ្ងៃណាមួយផងដែរ ។
ឈ្លាតពេល
ម៉ាញ៉ូអែល អិម អាយុ 17 ឆ្នាំ បានដឹងថា ការបម្រើព្រះពុំមែនងាយស្រួលជានិច្ចនោះទេ ។ ម៉ាញ៉ូអែល និយាយថា « ជារឿយៗយើងត្រូវបានសាកល្បង » ។ « ពេលខ្លះ យើងបែរជាសុខចិត្តធ្វើទង្វើផ្សេងទៅវិញ ។ ពេលខ្លះ ខ្ញុំសុខចិត្តដេក ទៅមើលការប្រកួតបាល់ទាត់ ឬដើរលេងនឹងមិត្តភក្ដិ ។ ប៉ុន្តែម្ដាយខ្ញុំតែងតែបង្រៀនខ្ញុំថា យើងត្រូវតែជ្រើសដើម្បីបម្រើព្រះជានិច្ច ។ ការធ្វើទង្វើអ្វីៗផ្សេងទៀត គឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែការបម្រើព្រះអម្ចាស់ត្រូវតែជាអាទិភាពចម្បងរបស់យើង » ។
មែរៀម ឌី អាយុ 14 ឆ្នាំ បានដឹងថា ចំពោះនាងវិធីតែមួយគត់ដើម្បីធ្វើឲ្យប្រាកដថា ការសិក្សាព្រះគម្ពីរ និង ការអធិស្ឋានកើតឡើងរៀងរាល់ថ្ងៃ គឺត្រូវញែកពេលវេលាដ៏ជាក់លាក់ចេញដើម្បីកិច្ចការនេះ ។ មែរៀម បាននិយាយថា « ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំអាចសម្រេចបានកិច្ចការយ៉ាងច្រើន នៅពេលខ្ញុំញែកពេលវេលា » ។ « លើសពីនេះទៀត នៅពេលយើងលះបង់ពេលវេលាកាន់តែច្រើនថ្វាយដល់ព្រះអម្ចាស់ យើងមិនមានការល្បួងច្រើននោះទេ — ប៉ុន្តែវាធ្វើឲ្យយើងកាន់តែរឹងមាំទៅវិញ » ។
បម្រើដោយមានឆន្ទៈ
ចំពោះ សាប៊្រីណា ឌី អាយុ 15 ឆ្នាំ ការបម្រើដោយអស់ពីចិត្ត ពីពលំ ពីគំនិត និង ពីកម្លាំងរបស់នាងមានន័យថា ជាការបម្រើឲ្យអស់ប៊ូអូណា វ៉ូឡុនតា ។ នោះមានន័យថា ការធ្វើកិច្ចការនានាដោយមានអាកប្បកិរិយាត្រៀមខ្លួនជាស្រេច ហើយពោរពេញដោយភាពរីករាយ ។
អាឡេស្យ៉ូ អ៊ី អាយុ 12 ឆ្នាំ បានយល់ស្របថា ៖ « ការធ្វើកិច្ចការនេះដោយសារប៊ីស្សព ឬឪពុកម្ដាយរបស់អ្នកប្រាប់ឲ្យអ្នកធ្វើនោះ វាពុំមែនជារឿងត្រឹមត្រូវទេ ។ អ្នកមិនគួរមានអារម្មណ៍ថា អ្នកត្រូវតែធ្វើកិច្ចការនេះនោះទេ ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងបម្រើដោយមានហេតុផលត្រឹមត្រូវ » ។
តើយើងអាចមានប៊ូអូណា វ៉ូឡុនតាកាន់តែច្រើន នៅពេលយើងបម្រើបានដោយរបៀបណា ? សាប៊្រីណា និយាយថា « ការអានព្រះគម្ពីរបានជួយខ្ញុំ ដោយសាព្រះគម្ពីរបង្រៀនយើងថា ការបម្រើគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ » ។
ការសិក្សា និង ការយល់ដឹងពីដង្វាយធួនឲ្យបានកាន់តែប្រសើរ ក៏អាចជួយយើងឲ្យបម្រើដោយត្រៀមខ្លួនជាស្រេច ហើយពោរពេញដោយភាពរីករាយផងដែរ ។ អេលវីសា ឌី អាយុ 17 ឆ្នាំ និយាយថា « ដូចជាព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រាទ្រង់ដែលបានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់យើងដែរ យើងត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីលះបង់នូវអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីបម្រើដល់ព្រះអម្ចាស់ » ។
យកចិត្តទុកដាក់លើអ្នកដទៃ
បងប្អូនស្រី គ្វីលលីយ៉ា អាយុ 16 ឆ្នាំ និង វ៉េរ៉ូនីកា ឌី អាយុ 14 ឆ្នាំ បានដឹងថា វាគឺជាការសំខាន់ដើម្បីផ្ដោតយកចិត្តទុកដាក់ទៅលើអ្នកដទៃ ។ « ការបម្រើជួយយើងឲ្យមើលឃើញមនុស្សដទៃក្នុងទិដ្ឋភាពផ្សេងៗគ្នា ។ នៅពេលអ្នកបម្រើដល់នរណាម្នាក់ អ្នកទាំងពីរនឹងមានពរ » គ្វីលលីយ៉ា បាននិយាយ ។
វ៉េរ៉ូនីកា និយាយថា « នៅពេលមួយខ្ញុំពិតជាចង់ចែកចាយដំណឹងល្អ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មិនទាន់ត្រៀមខ្លួននៅឡើយ ។ ខ្ញុំមានការភ័យខ្លាច ។ ប៉ុន្តែនៅពេលខ្ញុំផ្ដោតយកចិត្តទុកដាក់លើមនុស្សដែលខ្ញុំបម្រើ ខ្ញុំមានអារម្មណ៍កាន់តែជឿជាក់ ដោយសារខ្ញុំបានដឹងថា ព្រះអម្ចាស់បានជួយដល់ខ្ញុំ » ។
គ្វីលលីយ៉ា និង វ៉េរ៉ូនីកា អាចបម្រើមិត្តម្នាក់របស់ពួកគេឈ្មោះ វើរជីញ៉ា តាមវិធីមួយដែលបានធ្វើឲ្យមានការផ្លាស់ប្ដូរជីវិត ។ ពួកគេបានចាប់ផ្ដើមអញ្ជើញនាងឲ្យមកចូលរួមក្នុងសកម្មភាពរបស់សាសនាចក្រជាមួយនឹងពួកគេ ។ ពួកគេក៏បានអញ្ជើញគ្រួសាររបស់វើរជីញ៉ាឲ្យធ្វើរឿងនានាជាមួយនឹងគ្រួសារពួកគេផងដែរ ។ មិនយូរប៉ុន្មាន គ្រួសារវើរជីញ៉ាបានចាប់ផ្ដើមជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ មួយឆ្នាំក្រោយមក វើរជីញ៉ា និង ប្អូនស្រីនាងបានទទួលបុណ្យជ្រមុជទឹក ។
ឥឡូវនេះដោយសារនាងគឺជាសមាជិកនៃសាសនាចក្រ វើរជីញ៉ា បានស្វែងរកវិធីដើម្បីបម្រើដល់អ្នកដទៃទៀតដែលនៅជុំវិញនាង ។ នាងពិតជាចង់ចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ ។ ពេលខ្លះ មិត្តនាងនៅឯសាលាបានសើចចំអកឲ្យនាងចំពោះជំនឿថ្មីរបស់នាង ដូច្នេះនាងបានអធិស្ឋានដើម្បីដឹងថាតើនរណាទៅដែលនាងគួរនិយាយជាមួយ ។ មានថ្ងៃមួយ ព្រះវិញ្ញាណបានបំផុសគំនិតនាងឲ្យនិយាយនឹងក្មេងស្រីម្នាក់ដែលនាងធ្លាប់បានស្គាល់ ។ « ខ្ញុំបានឲ្យព្រះគម្ពីរមរមនមួយក្បាលទៅនាង ហើយបានអញ្ជើញនាងឲ្យមកព្រះវិហារជាមួយនឹងខ្ញុំ ។ នាងបានមកមែន ! ហើយឥឡូវនេះនាងកំពុងអានព្រះគម្ពីរមរមន » ។
សាំញ៉ូអែល ឌី អាយុ 14 ឆ្នាំ ស្វែងរកឱកាសដើម្បីពង្រឹងដល់សមាជិកកូរ៉ុមរបស់ខ្លួន ៖ « ខ្ញុំព្យាយាមជួយក្មេងប្រុសដទៃទៀតនៅក្នុងកូរ៉ុមខ្ញុំ ដោយការលើកទឹកចិត្តពួកគេនៅក្នុងថ្នាក់រៀន ។ ពេលខ្លះ ពួកគេមានអារម្មណ៍អៀនខ្មាស់ ឬភ័យខ្លាចដើម្បីចូលរួម » ។ សាំញ៉ូអែលនិយាយថា ការជួយអ្នកដទៃឲ្យមានអារម្មណ៍ជឿជាក់គឺជាវិធីមួយដែលគាត់អាចបម្រើដល់ព្រះ ហើយរៀបចំខ្លួនសម្រាប់ទំនួលខុសត្រូវនាពេលអនាគត ។
ចាប់ផ្ដើមឥឡូវនេះ
ដូច្នេះ តើអ្នកនឹងធ្វើអ្វីខ្លះ ? អាឡេស្យ៉ូ អ៊ី និយាយថា « ខ្ញុំមិនត្រូវរង់ចាំរហូតដល់ខ្ញុំធំឡើង ដើម្បីធ្វើនូវរឿងមួយដែលសំខាន់នោះទេ ។ ខ្ញុំត្រូវតែធ្វើនៅពេលនេះ » ។
ជំហានទាំងនេះក៏នឹងជួយអ្នកផងដែរ នៅពេលអ្នកបានយល់ដឹងថា អ្នកគឺជាចំណែកមួយដ៏សំខាន់នៃកិច្ចការរបស់ព្រះអម្ចាស់ ។ ធ្វើវាមួយជំហានម្ដងៗ ។ អ្នកនឹងធ្វើឲ្យមានភាពខុសប្លែកមួយដ៏សំខាន់ នៅពេលអ្នករៀនថ្វាយនូវអ្វីៗទាំងអស់ដែលអ្នកមានដល់ការបម្រើរបស់ព្រះអម្ចាស់ ។