តើខ្ញុំគួរសារភាពដែរឬទេ ?
ឈ្មោះត្រូវត្រូវបានដកចេញ
កាលខ្ញុំអង្គុយនៅពីមុខសមាជិកមួយរូបនៃគណៈប្រធានស្តេក បេះដូងខ្ញុំចាប់ផ្ដើមលោតខុសចង្វាក់ ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចចាប់តាំងពីពេលដែលស្មៀនស្តេកបានទូរសព្ទមកណាត់ជួប ។ តើគាត់នឹងដឹងថាខ្ញុំមិនសក្ដិសមដើម្បីបម្រើដែរឬទេ ?
ខ្ញុំបានសម្រេចចិត្តថា អំពើបាបមួយចំនួនងាយស្រួលដើម្បីយកទៅឯវេទិកាកាត់សេចក្ដីរបស់ព្រះជាងនៅលើផែនដីនេះ ដោយគិតថា វាគឺជារឿងដ៏អាត្មានិយមបំផុត ដើម្បីប្រាប់រឿងទាំងឡាយដែលនាំឲ្យភរិយាខ្ញុំឈឺចាប់ ឬអាម៉ាស់មុខនោះ ។ វាជាការល្អដើម្បីយកឈ្នះវាដោយខ្លួនឯង ហើយរស់នៅដោយមានបន្ទុកនោះ ។ បញ្ហាតែមួយគត់គឺថា ខ្ញុំមិនអាចយកឈ្នះវាដោយខ្លួនឯងបានឡើយ ។
ខ្ញុំបានអង្គុយនៅទីនោះ កាលទីប្រឹក្សាក្នុងគណៈប្រធានស្តេកបានផ្ដល់ការហៅបម្រើមួយដល់ខ្ញុំ ។ គាត់បានសួរថា « ប្អូនប្រុស តើអ្នកព្រមទទួលយកការហៅនេះដែរឬទេ ? » ខ្ញុំចង់តែស្រែកថា « បាទ ! » ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបានឮខ្លួនឯងនិយាយរាងស្ទាក់ស្ទើរថា « ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំត្រូវដោះស្រាយអំពើបាបមួយចំនួនសិន » ។
ការភ័យបារម្ភ និង ភាពធូរស្រាលបានកើតមានចំពោះខ្ញុំក្នុងពេលតែមួយ កាលខ្ញុំបានសារភាពពីលក្ខណៈនៃអំពើបាបនោះ ។ គាត់បានសួរខ្ញុំថា ខ្ញុំបាននិយាយនឹងប៊ីស្សពខ្ញុំហើយឬនៅ ។ « ទេ » ។ ចុះភរិយាខ្ញុំវិញ ? « ទេ » ។ គាត់បានចាប់ដៃខ្ញុំ ហើយប្រាប់ខ្ញុំទាំងញញឹមថា គាត់មានមោទនភាពចំពោះខ្ញុំខ្លាំងណាស់ សម្រាប់ការសារភាពនេះ ហើយបានណែនាំខ្ញុំ និង ភរិយាខ្ញុំឲ្យជួបជាមួយនឹងប៊ីស្សព ។
ខ្ញុំបានគោរពតាម ដោយត្រូវប្រាប់ភរិយាខ្ញុំជាមុនសិន — ដូច្នេះវាបានដកយកការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំចេញ ។ នាងនៅតែស្រឡាញ់ខ្ញុំ ! ពិតណាស់ នាងបានអាក់អន់ចិត្ត ហើយយើងត្រូវដោះស្រាយរឿងមួយចំនួន ប៉ុន្តែនាងស្រឡាញ់ខ្ញុំ ហើយបានលើកទឹកចិត្តខ្ញុំឲ្យទៅជួបនឹងប៊ីស្សព ។
កាលខ្ញុំបានទៅជួបនឹងប៊ីស្សព រំពេចនោះគាត់បានស្វាគមន៍ខ្ញុំចូលទៅក្នុងការិយាល័យរបស់គាត់ ។ ខ្ញុំបានព្យាយាមបញ្ជាក់ពីហេតុផលដែលខ្ញុំមកជួបនឹងគាត់ទាំងពិបាកបំផុត ។ បន្ទាប់ពីលាក់បាំងអំពើបាបរបស់ខ្ញុំជាយូរមកហើយ ខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណានោះទេ ។ គាត់បានលើកទឹកចិត្តខ្ញុំដោយសេចក្ដីស្រឡាញ់ឲ្យសម្អាតអំពើបាបនោះចេញ ។ ខ្ញុំបានពន្យល់ពីលក្ខណៈនៃអំពើបាបរបស់ខ្ញុំ ហើយបានសូមពេលដើម្បីផ្ដល់នូវបញ្ជីដ៏ពេញលេញនៃទង្វើខុសឆ្គងរបស់ខ្ញុំ ។ គាត់បានយល់ព្រមដោយក្ដីរីករាយ ។
ខ្ញុំនៅតែមិនទាន់បានសារភាពទាំងស្រុងនៅឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ទម្ងន់នៃពិភពលោកកំពុងតែលើកចេញពីស្មារបស់ខ្ញុំ ។ នៅទីបំផុត ខ្ញុំក៏មានអារម្មណ៍នូវសេចក្ដីសង្ឃឹមថ្មីនៃសេរីភាពពីបន្ទុកនេះផងដែរ ។
ខ្ញុំបានចំណាយពេលជាច្រើនសប្ដាហ៍ក្រោយមកអធិស្ឋាន អានព្រះគម្ពីរ ហើយបង្កើតបញ្ជីរបស់ខ្ញុំដើម្បីបង្ហាញទៅដល់ប៊ីស្សព និង ព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ដំបូង ខ្ញុំបានយកបញ្ជីរបស់ខ្ញុំទូលប្រាប់ដល់ព្រះវរបិតាសួគ៌ ដោយចិត្តសង្រេង និង វិញ្ញាណទន់ទាប ដើម្បីឲ្យទ្រង់បានជ្រាបថា ខ្ញុំមានចិត្តសោកស្តាយ ហើយមានបំណងចង់កែប្រែដោយស្មោះ ។ ខ្ញុំបានណាត់ជួបនឹងប៊ីស្សពម្ដងទៀត ហើយបានបង្ហាញបញ្ជីទាំងមូលរបស់ខ្ញុំទៅដល់គាត់ ។ គាត់មិនបានចងចិញ្ចើម ស្រែក ឬស្ដីបន្ទោសដល់ខ្ញុំទេ ផ្ទុយទៅវិញ គាត់បានឱបខ្ញុំយ៉ាងណែន ។ គាត់បានប្រាប់ខ្ញុំឲ្យដឹងពីសេចក្ដីស្រឡាញ់របស់គាត់ និង សេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ដោយប្រាប់ខ្ញុំថា ឥឡូវនេះខ្ញុំស្ថិតនៅលើផ្លូវនៃការប្រែចិត្តដ៏ពិតហើយ ។ ខ្ញុំបានដឹងថា វាគឺជាការពិត ។
ការសារភាពអំពើបាបរបស់ខ្ញុំ ដែលជាការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំកាលពីមុន បានក្លាយទៅជាបទពិសោធន៍មួយដ៏ល្អបំផុតនៅក្នុងជីវិតខ្ញុំ ។ វាគឺជាជំហានទីមួយសម្រាប់ខ្ញុំ ដើម្បីយល់ដឹងយ៉ាងច្បាស់ពីអំណោយទាន និង ព្រះចេស្តាដើម្បីព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។