២០១៥
ប្រឹក្សា​រួមគ្នា​ជារឿយៗ ៖ ក្រុម​ប្រឹក្សា​គ្រួសារ​សម្រាប់​ភរិយា និង​ស្វាមី
មករា 2015


ប្រឹក្សា​រួមគ្នា​ជារឿយ​ៗ ៖ក្រុមប្រឹក្សា​គ្រួសារ​សម្រាប់​ភរិយា និង​ស្វាមី

អ្នកនិពន្ធ​​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

ក្រុម​គ្រួសារ​ទាំងឡាយ​ជួប​ប្រទះ​នឹង​បញ្ហា ហើយ​និង​ការ​សម្រេច​ចិត្ត​ជាច្រើន ។ គោលការណ៍​ស្ដីពី​ក្រុមប្រឹក្សា​គ្រួសារ​ទាំង​ប្រាំ​មួយ​នេះ​អាច​ជួយ​អ្នក​បាន ។

Ben and Rachel Neilson - young married couple.  Walking outdoors

ក្រុម​ប្រឹក្សា​ក្នុង​សាសនាចក្រ​ធ្វើតាម​គំរូ​ដ៏​ទេវភាព​នៅ​គ្រប់​កម្រិត​ចាប់តាំង​ពី​ក្រុម​ប្រឹក្សា​នៃ​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​រហូត​ដល់​ស្តេក វួដ សាខា កូរ៉ុម និង ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ដែរ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) បាន​ថ្លែង​ថា « ក្រុម​ប្រឹក្សា​ដ៏​សំខាន់​បំផុត​របស់​សាសនាចក្រ » គឺជា​ក្រុមប្រឹក្សា​គ្រួសារ ។1

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ក្រុមប្រឹក្សាគ្រួសារ​គឺ​ការប្រជុំ​ដ៏​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដ៏​មាន​ប្រសិទ្ធភាព​កើត​ឡើង » ។2លោក​បាន​ពន្យល់​ថា វា​គឺជា​ឱកាស​មួយ​ដើម្បី « និយាយ​អំពី​សេចក្ដី​ត្រូវការ​របស់​គ្រួសារ និង សេចក្ដី​ត្រូវការ​របស់​សមាជិក​គ្រួសារ​ម្នាក់ៗ … ដោះស្រាយ​បញ្ហា ធ្វើការ​សម្រេចចិត្ត​ជា​គ្រួសារ [ និង ] ដាក់​ផែនការ​ប្រចាំ​ថ្ងៃ ព្រមទាំង​សកម្មភាព និង គោលដៅ​រយៈពេល​យូរ​របស់​គ្រួសារ​ផងដែរ » ។3

ប្រសិនបើ​អ្នក​ពុំ​ទាន់​មាន​ក្រុមប្រឹក្សា​គ្រួសារ​នៅ​ឡើយ អ្នក​អាច​ចាប់ផ្ដើម​វា​នៅ​ថ្ងៃនេះ ។ ប្រសិនបើ​អ្នក​មានកូន​រស់នៅ​ជាមួយ​នឹង​អ្នក អ្នក​អាច​រាប់បញ្ចូល​ពួកគេ​ផងដែរ ។ ប៉ុន្តែ វា​ក៏​ជា​កត្តា​ដ៏​សំខាន់​ផងដែរ ដែល​ស្វាមី និង ភរិយា​មាន​ក្រុមប្រឹក្សា​គ្រួសារ​ដាច់​ដោយ​ឡែក​មួយ ជា​ពេល​ដែល​ពួកគេ​អាច​ពិភាក្សា​ពី​បញ្ហា​គ្រួសារ និង បញ្ហា​ផ្ទាល់ខ្លួន​តែ​ពីរ​នាក់ ។

នេះ​គឺជា​គោលការណ៍ និង សេចក្ដី​ណែនាំ​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន ដែល​អ្នក​អាច​អនុវត្ត​នៅ​ក្នុង​ការប្រឹក្សា​គ្រួសារ​របស់​អ្នក​រវាង​ស្វាមី និង ភរិយា ។

ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន

A family during a prayer.

« នៅ​ពេល​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ក្លាយ​ទៅ​ជាអសារឥតការ នោះ​ទំនាក់​ទំនង​រវាង​ស្វាមី និងភរិយា​ក៏ឥតបានប្រយោជន៍​ផងដែរ » ។4

ព្រះអម្ចាស់​អាច​ជា​អ្នក​ចូលរួម​ដ៏​សំខាន់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក ។ នៅ​ក្នុង​ការអធិស្ឋាន​របស់​អ្នក អ្នក​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​ជាច្រើន​របស់​អ្នក រួម​ទាំង​ស្វាមី ឬ​ភរិយា​របស់​អ្នក​ផងដែរ ហើយ​ទូល​សូម​ឲ្យ​ព្រះវិញ្ញាណ​ទ្រង់​បាន​គង់​នៅ​ក្នុង​ការសន្ទនា​របស់​អ្នក ។ ព្រះវិញ្ញាណ​ទ្រង់​អាច​ដឹកនាំ​ការពិភាក្សា​របស់​អ្នក ហើយ​ជួយ​បង្កើត​នូវ​អារម្មណ៍ និង ទំនាក់​ទំនង​ល្អៗ ។

សម្រេចចិត្ត​រួម​គ្នា

« ការព្រមព្រៀង​របស់​សមាជិក​ក្នុងការប្រឹក្សា​នេះ​ត្រូវតែ​មាន តាមរយៈការអធិស្ឋាន និង ការពិភាក្សា ដើម្បី​ឲ្យ​មាន​សាមគ្គីភាព​ដែល​ជា​តម្រូវការ​ពី​មុន​ទទួលបាន​ជំនួយ​របស់​ព្រះអម្ចាស់ » ។5

អ្នក និង ស្វាមី ឬភរិយា​របស់​អ្នក​ត្រូវតែ​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​សំខាន់ ដូចជា​ថា​តើ​គួរ​ទទួលយក​ការងារ​ដែល​បាន​ផ្ដល់​ឲ្យ ឬ​មិន​គួរ ត្រូវចូល​រៀន​សាលា​មួយ​ណា ត្រូវមាន​កូន​នៅ​ពេល​ណា ឬ​របៀប​បែងចែក​ការងារ​ផ្ទះ ។ ស្វាមី និង ភរិយា​អាច​ដាក់​ស្នើ​នូវ​ដំណោះស្រាយ​ល្អៗ​សម្រាប់​បញ្ហា​នានា ហើយ​ពិភាក្សា​វា ។ សូម​ស្ដាប់​ដោយ​រាបសា​ចំពោះ​គំនិត​របស់​ស្វាមី ឬ​ភរិយា​របស់​អ្នក ។ ការណ៍​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ទស្សនៈ​របស់​អ្នក​ដទៃ ហើយ​នឹង​រំឭក​ស្វាមី ឬ​ភរិយា​របស់​អ្នក​ថា អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​ទស្សនៈ​របស់​គាត់ ។

នៅ​ក្នុង​ក្រុមប្រឹក្សាគ្រួសារ យើង​ត្រូវតែ​ឈាន​ទៅ​ដល់​ការសម្រេចចិត្ត​ដ៏​សំខាន់​របស់​យើង « ដោយ​ការព្រមព្រៀង​ដ៏​ទេវភាព ពុំ​មែន​ដោយ​ការសម្រុះសម្រួល​គ្នា​នោះ​ទេ » ។6 អ្នក​ប្រហែលជា​មិន​អាច​ទទួល​បាន​នូវ​សាមគ្គីភាព​នេះ​ភា្លមៗ​នៅ​គ្រប់​បញ្ហា​បាន​ឡើយ ។ ការសម្រេចចិត្ត​អាច​តម្រូវ​ឲ្យ​​មាន​ក្រុមប្រឹក្សា​ជា​ច្រើន​ដង និង ការអធិស្ឋាន​ដោយស្មោះ — ទាំងដោយ​រៀងៗ​ខ្លួន និង​ជាមួយ​ស្វាមី ឬ​ភរិយា — ដើម្បី​យល់ស្រប​ចំពោះ​ការសម្រេចចិត្ត​មួយ ។ ប៉ុន្តែ « ប្រសិនបើ​អ្នក​នឹង​ពិភាក្សា​ក្នុង​ក្រុមប្រឹក្សា​ដូច​ដែល​អ្នក​ត្រូវ​បាន​រំពឹងទុក​ឲ្យ​ធ្វើ នោះ​ព្រះ​នឹង​ប្រទាន​ដំណោះស្រាយ​ដល់​អ្នក​នៅ​រាល់​បញ្ហា​ដែល​រារាំង​អ្នក » ។7

វា​ក៏​ជា​ការល្អ​ផងដែរ ដើម្បី​សម្រេចចិត្ត​ទុក​ជាមុន​ពី​ប្រធានបទ​សម្រាប់ក្រុមប្រឹក្សា​គ្រួសារ ។ ការណ៍​នេះ​នឹង​ផ្ដល់​ពេល​ឲ្យ​អ្នក​រិះគិត​ពី​ប្រធានបទ​នោះ ដើម្បី​អ្នក និង ស្វាមី ឬ​ភរិយា​អ្នក​អាច​ត្រៀម​អារម្មណ៍​ដើម្បី​បញ្ចេញ​គំនិត​របស់​អ្នក ។

វាយ​តម្លៃ​ខ្លួន​ឯង

« ហេតុអ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច​ដែល​នៅ​ក្នុង​ភ្នែក​របស់​បងប្អូនអ្នក តែ​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ? » ( ម៉ាថាយ 7:3 ) ។

អ្នក​មាន​អំណាច​ដើម្បី​ផ្លាស់ប្ដូរ​មនុស្ស​តែ​ម្នាក់​គត់ ៖ គឺ​ខ្លួន​ឯង ។ អ្នក​ប្រហែលជា​ត្រូវបាន​ល្បួង​ឲ្យ​ប្រើ​ក្រុមប្រឹក្សា​គ្រួសារ​បង្ហាញ​នូវ​បញ្ជី​នៃ​ការរិះគន់​ដល់​ស្វាមី ឬ​ភរិយា​របស់​អ្នក ។ ផ្ទុយទៅវិញ ចាប់​ផ្ដើម​ក្រុមប្រឹក្សា​ទាំង​ដោយ​បំណងប្រាថ្នា​ចង់​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​ប្រសើរ​ឡើង ។ សួរ​ស្វាមី ឬ​ភរិយា​អ្នក​ថា តើ​មាន​អ្វី​មួយ​ដែល​ជា​បញ្ហា ឬ​ការ​ព្រួយបារម្ភ​ដែល​គាត់​បាន​សង្កេត​ឃើញ​នៅ​ក្នុង​ពាក្យសម្ដី ឬ​ឥរិយាបថ​របស់​អ្នក​ដែរ​ឬ​ទេ ។ ដាក់​គោលដៅ​សម្រាប់​ការកែលម្អ​ផ្ទាល់​ខ្លួន ហើយ​សុំ​ការគាំទ្រ​ពី​ស្វាមី ឬ​ភរិយា​របស់​អ្នក កាល​អ្នក​ខិតខំ​ធ្វើការ​ផ្លាស់ប្ដូរ ។ គាំទ្រ​ដល់​ស្វាមី ឬ​ភរិយា​របស់​អ្នក​នៅ​រាល់​គោលដៅ​ផ្ទាល់ខ្លួន​ដែល​គាត់​ចង់​ធ្វើ ។

ពិភាក្សា​ពី​រឿងពិបាក

« គ្រួសារ​គ្រប់​រូប​មាន​បញ្ហា និង ឧបសគ្គ ។ ប៉ុន្តែ​ផ្ទុយទៅវិញក្រុម​គ្រួសារ​ដ៏​មាន​ជោគជ័យ ព្យាយាម​ធ្វើការ​រួមគ្នា ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​នានា​ជា​ជាង​ការងាក​ទៅ​រក​ការរិះគន់ និង ការទាស់ទែងគ្នា » ។8

អាពាហ៍ពិពាហ៍​រឹងមាំ​ត្រូវបាន​ស្ថាបនា​ដោយ​ការ​យក​ឈ្នះ​ឧបសគ្គ​ទាំងឡាយ ពុំ​មែន​ដោយ​ការ​គេចវេស ឬ​ជៀសវាងពីវានោះ​ទេ ។ វា​នឹងកើត​មាន​ កាល​ដែល​បញ្ហា​ធំៗ​បាន​កើត​ឡើង ដែលតម្រូវឲ្យ​មាន​ការពិភាក្សា​គ្នា ។ ឧទាហរណ៍ អ្នក​ប្រហែលជាមានការពិបាក​ដើម្បី​យកឈ្នះ​លើ​បញ្ហា​អំពើបាប និង ការប្រែ​ចិត្ត ឬ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​ទំនាក់​ទំនង​ដោយ​បើកទូលាយ និង​ដោយ​ស្មោះត្រង់​របស់​ក្រុមប្រឹក្សា​គ្រួសារ​អាច​ជួយ​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​នោះ​បាន ។ ក្រុមប្រឹក្សា​គ្រួសារ​អាចដើរតួជា​ការប្រជុំមួយដ៏ល្អដើម្បី​លើក​ឡើង​នូវ​កង្វល់ ឬ សុំ​ជំនួយ ។

ផ្ដោត​គំនិត​របស់​អ្នក​ទៅ​លើ​ដំណោះស្រាយ ដែល​អាច​កើត​មាន​ចំពោះ​បញ្ហា​នោះ ហើយ​ចៀស​វាង​ពី​ការឈ្លោះប្រកែក​គ្នា ឬ​ការរិះគន់ ។ ចូរ​មាន​ចិត្ត​រាបសា ។ ចែកចាយ​សេចក្ដី​ស្រឡាញ់​ដល់​ស្វាមី ឬ​ភរិយា​របស់​អ្នក ហើយ​រំឭកគ្នា​ទៅវិញ​ទៅមក​ថា អ្នក​ទាំងពីរ​កំពុង​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើត​អាពាហ៍ពិពាហ៍ និង គ្រួសារ​មួយ​ដ៏​រីករាយ និង​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រក្សាបរិយាកាស​ល្អ​ជានិច្ច

ប្រសិនបើ​អ្នក​គិត​ថា ក្រុមប្រឹក្សាគ្រួសារ​គ្រាន់តែ​ជា « ពេល​ដ៏​តានតឹង … ហើយ​មិន​ដែលទទួល​ស្គាល់ … នូវ​ជោគជ័យ ឬកោតសរសើរ​ដល់ [ សមាជិក​គ្រួសារ​អ្នក ] ហើយ​បង្ហាញសេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួកគេ នោះ​ពួកគេ​នឹង​ភ័យខ្លាច​ចំពោះ​ក្រុមប្រឹក្សា​គ្រួសារ » ។9

ពុំ​មែន​រាល់​ការប្រជុំក្រុមប្រឹក្សា​គ្រួសារ​ត្រូវតែ​ផ្ដោតទៅ​លើ​បញ្ហា ឬ​ការ​សម្រេចចិត្ត​ជានិច្ច​នោះ​ទេ ។ អ្នក​អាច​យក​ឱកាស​នោះ​ដើម្បី​ចែកចាយ​ពី​រឿង​ល្អៗអំពី​ភរិយា ឬ​ស្វាមី​របស់​អ្នក ឬ ចែកចាយ​ពី​ពរជ័យ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​អាច​អបអរ​ដល់​ជោគជ័យ​ផ្ទាល់ខ្លួន ពិភាក្សា​ពី​របៀប​ដើម្បី​ពង្រឹង​ខាង​វិញ្ញាណ ដល់​អាពាហ៍ពិពាហ៍ និង គ្រួសារ​របស់​អ្នក ដាក់​គោលដៅ​រួមគ្នា ឬ​បង្ហាញ​អំណរគុណ​ចំពោះ​ភាពរឹងមាំ ឬ​ទង្វើ​នៃ​ការ​បម្រើ​របស់​ស្វាមី ឬ​ភរិយា​អ្នក ។ សូម​ប្រើ​ក្រុមប្រឹក្សា​គ្រួសារ​ដើម្បី « បង្កើត​ទម្លាប់​នៃ​ទំនាក់​ទំនង និង ការគោរព​គ្នា​ទៅវិញ​ទៅមក​ដែល … [អ្នក និង ស្វាមី ឬ​ភរិយា​អ្នក] អាច​ពឹងផ្អែក កាល​បញ្ហា​ធំៗ ហើយ​ពិបាក​បាន​កើត​ឡើង » ។10

តស៊ូ

« ចូរ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ កាលភាពទន់ ខ្សោយ​របស់​យើង​បាន​លេច​ឡើង យើង​អាច​ខំ​ព្យាយាម​កែតម្រូវ​វា ។ យើង​អាច​មាន​ការអត់ទោស​ដល់​កំហុស​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​មនុស្ស​ដែល​យើង​ស្រឡាញ់​ឲ្យ​កាន់តែ​ច្រើន » ។11

ជាចុងក្រោយ សូម​ចងចាំ​ថា ការ​ដាក់ជំនួស​ទម្លាប់​នៃ​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​នឹង​គំរូ​វិជ្ជមាន​ត្រូវការ​ពេល​វេលា និង ការអនុវត្ត ។ ក្រុមប្រឹក្សាគ្រួសារ​ដំបូង​របស់​អ្នក​អាច​ទំនង​ជា​មាន​ភាព​ឆ្គាំ​ឆ្គង ឬ​ គួរឲ្យខ្លាចញញើត ប៉ុន្តែ​នៅ​ពេល​អ្នក​ព្យាយាម​ទំនាក់ទំនង​ជាមួយ​គ្នា​ដោយ​រាបសា ហើយ​ដាក់បញ្ចូល​ព្រះអម្ចាស់​នៅ​ក្នុងការ​សម្រេចចិត្ត​របស់​អ្នក អ្នក​នឹង​យល់ដឹង​កាន់តែ​ប្រសើរ​ពី​ពរជ័យ​នៃ​ក្រុមប្រឹក្សា​គ្រួសារ ។

ព្រះ​អម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ផ្ទះ និង ក្នុង​ទំនាក់ទំនង​របស់​យើង ។ ទ្រង់​ជួយ​យើង​កាល​ណា​យើង​មាន​កំហុស ហើយ​ប្រទានពរ​ដល់​កិច្ចខិតខំ​របស់​យើង ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ យើង​អាច​ថែទាំ « បរិយាកាស​នៃ​ការ​គោរព ការ​យល់ចិត្ត និង ភាពសុខដុម »12 ដែល​នឹង​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ប្រៀប​បាន « នឹង​ស្ថានសួគ៌​នៅ​លើ​ផែនដី » ដូច​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សន្យា ។13

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ 2006 ) ទំព័រ 211 ។

  2. អិម រ័សុល បាឡឺដ Counseling with Our Councils: Learning to Minister Together in the Church and in the Family ( ឆ្នាំ 2012 ) ទំព័រ 165 ។

  3. អិម រ័សុល បាឡឺដ « Family Councils: A Conversation with Elder and Sister Ballard » Liahona, ខែ មិថុនា ឆ្នាំ 2003 ទំព័រ 14 ។

  4. អិម រ័សុល បាឡឺដ « Family Councils » Liahona, ទំព័រ 17 ។

  5. រ៉ូណាល់ អ៊ី ផូលមែន « Priesthood Councils: Key to Meeting Temporal and Spiritual Needs » Ensign, ខែ ឧសភា 1980 ទំព័រ 91 ។

  6. រ៉ូណាល់ អ៊ី ផូមែន « Priesthood Councils » ទំព័រ 91 ។

  7. ស្តេហ្វិន អិល រីឆាដ ក្នុង Conference Report ខែ តុលា ឆ្នាំ 1953 ទំព័រ 86 ។

  8. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Counsel to the Saints » Ensign, ខែ ឧសភា ឆ្នាំ 1984 ទំព័រ 6 ។

  9. When Thou Art Converted, Strengthen Thy Brethren ( Melchizedek Priesthood study guide ឆ្នាំ 1974 ) ទំព័រ 168 ។

  10. « Family Councils: A Heavenly Pattern » Follow Me: Relief Society Personal Study Guide ( ឆ្នាំ 1989 ) ទំព័រ 171 ។

  11. រ័សុល អិម ណិលសុន « Perfection Pending » Ensign, ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 88 ។

  12. « Working Together in Family Councils » Ensign, ខែ កុម្ភៈ ឆ្នាំ 1985 ទំព័រ 31 ។

  13. ថូម៉ាស អេស ម៉នសុន « Hallmarks of a Happy Home » Ensign, ខែ វិច្ឆិកា ឆ្នាំ 1988 ទំព័រ 69 ។