២០១៥
ដំបូន្មាន​សម្រាប់​ជម្រើស​ដ៏​ពិបាក
មករា 2015


យុវវ័យ

ដំបូន្មាន​សម្រាប់​ជម្រើស​ដ៏​ពិបាក

ប្រធាន ហិនរី ប៊ី អាវរិង ជា​ប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​ប្រាប់​ពី​គ្រា​មួយ​ដែល​លោក​បាន​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ។ អំឡុងពេល​មួយ ក្នុង​សន្និសីទ​ទូទៅ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) បាន​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ចៀសចេញ​ពី​បំណុល — ជា​ពិសេស​បំណុល​នៃ​ការទិញផ្ទះ ។

ប្រធាន អាវរិង បាន​ថ្លែង​ថា ៖ « ខ្ញុំ​ងាក​រក​ភរិយា​ខ្ញុំ​បន្ទាប់​ពី​ការប្រជុំ​នោះ ហើយ​បាន​សួរ​ថា ‹ តើ​អូន​គិត​ថា មាន​វិធី​ណា​មួយ​ដែល​យើង​អាច​ធ្វើ​បែបនោះ​បាន​ទេ ? › ដំបូង យើង​មិន​អាច​ធ្វើ​បាន​ឡើយ » ។ ប៉ុន្តែ លុះ​នៅ​ល្ងាច​នោះ លោក​បាន​គិត​ពី​ផ្ទះ​មួយ​ដែល​ពួក​លោក​បាន​លក់​វា​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​លក់​មិន​ដាច់​សោះ ។ « យើង​បាន​ទុកចិត្ត​លើ​ព្រះ និង … សារលិខិត​របស់​អ្នក​បម្រើ​ទ្រង់ [ដូច្នេះ] យើង​បាន​ធ្វើ​ការ​ហៅ​ទូរសព្ទ​មួយ ។​ … ខ្ញុំ​បាន​ឮ​ចម្លើយ​មួយ​ដែល​បាន​ពង្រឹង​ការទុកចិត្ត​របស់​ខ្ញុំ​លើ​ព្រះ និង ពួក​អ្នក​បម្រើ​ទ្រង់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ » ។ នៅ​ថ្ងៃ​ដដែល​នោះ មាន​បុរស​ម្នាក់​បាន​ឲ្យ​ថ្លៃ​ផ្ទះ​របស់​គ្រួសារ​អាវរិង​នៅ​ក្នុង​ចំនួន​មួយ​ដែល​លើស​ពីតម្លៃផ្ទះ​របស់​ពួក​លោក ។ មិន​យូរ​ប៉ុន្មាន​គ្រួសារ​អាវរិង​បាន​រួច​ផុត​ពី​បំណុល ( សូមមើល « Trust in God, Then Go and Do » Liahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 72–73 ) ។

អ្នក​ប្រហែល​ជា​គ្មាន​ផ្ទះដែល​ត្រូវ​បង់​រំលោះ​នោះ​ទេ ប៉ុន្តែ​ការ​ប្រឹក្សា​របស់​ព្យាការី​អាច​ដឹកនាំ​អ្នក​នៅ​ពេល​នេះ​ដោយ​ឆ្លងកាត់​នូវ​ការ​សម្រេចចិត្ត​ដ៏​ពិបាកៗ​ទាក់ទង​នឹង​ការងារ ការអប់រំ បេសកកម្ម និង ការ​ការដើរ​លេង​ជា​គូ ។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​ព្យាការី កាល​អ្នក​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​នានា​នោះ ។

បោះពុម្ព