ឆ្នាំ ២០១០-២០១៩
អ្នកគង្វាល​ល្អ ជា​កូនចៀម​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

អ្នកគង្វាល​ល្អ ជា​កូនចៀម​នៃ​ព្រះ

ព្រះ​យេស៊ូវគ្រីស្ទ​ហៅ​យើង​ដោយ​សំឡេង និង​ព្រះនាម​របស់​ទ្រង់ ។ ទ្រង់ស្វែងរក ហើយ​ប្រមូល​ផ្ដុំ​យើង ។ ទ្រង់​បង្រៀន​យើង​អំពី​របៀប​ផ្ដល់​ការ​ងារ​បម្រើ​ដោយ​ក្ដីស្រឡាញ់ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ តើ​បងប្អូនធ្លាប់​អត់​ងងុយដេក ហើយ​ព្យាយាម​រាប់​ចៀម​ដោយ​ស្រមៃ​ឬទេ ? នៅពេល​ចៀម​លោត​ផ្លោះ​រំលង​របង បងប្អូន​រាប់ ៖ ១, ២, ៣, …២៤៥, ២៤៦, …៦៥៧, ៦៥៨…

នៅ​ក្នុង​ករណី​របស់​ខ្ញុំ ការរាប់​ចៀម​ពុំ​ធ្វើ​ឲ្យ​ខ្ញុំ​ងងុយ​ដេក​នោះទេ ។ ខ្ញុំ​បារម្ភ​អំពី​ការ​រាប់រំលង ឬភ្លេច ហើយវា​ធ្វើ​ឲ្យ​ខ្ញុំ​នៅតែ​ភ្លឺ​ភ្នែក​ដេក​មិន​លក់​ដដែល ។

កុមារា​ឃ្វាល​ចៀម ដែល​ក្លាយជា​ស្ដេច​មួយអង្គ ដែល​យើង​ប្រកាស​អំពី​នោះ​គឺជា ៖

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ ។

ទ្រង់​ឲ្យ​ខ្ញុំ​ដេក​ស្រាកស្រាន្ដ​នៅ​ទី​វាល​ស្មៅ​ខ្ចី ក៏​នាំ​ជីវិត​ខ្ញុំ​ទៅ​ផ្លូវ​ទឹក​ស្រួល​ហើយ ។

កាលព្រលឹង​ខ្ញុំ​ចង់ទាស់ នោះ​ទ្រង់​កែ​ឡើង​ថ្មី » ។

រូប​គំនូរ​អ្នកគង្វាល​ល្អ​​​នៅលើ​ផ្ទាំង​កញ្ចក់

នៅ​ក្នុង​រដូវ​បុណ្យ​អ៊ី​ស្ទើរនេះ យើង​ប្រារព្ធ​ដល់ អ្នកគង្វាល​ល្អ ដែល​ជា​កូនចៀម​នៃ​ព្រះ​ផងដែរ ។ ក្រៅ​ពី​ព្រះនាម​ដ៏​ទេវភាព​របស់ទ្រង់ គ្មាន​នាម​ឯណា​ទៀត​ទន់ភ្លន់ ឬ​សំខាន់​ជាង​នោះទេ ។ យើង​បាន​រៀន​ច្រើន​មកពី​សេចក្ដីយោង​អំពី​ព្រះអង្គសង្គ្រោះ​របស់​យើង​សំដៅ​ទៅលើ​ព្រះអង្គទ្រង់​ផ្ទាល់​ថា ជា​អ្នក​គង្វាល​ល្អ ហើយ​នឹង​មកពី​ទីបន្ទាល់​របស់​ព្យាការី​អំពី​ទ្រង់​ថា ជា​កូនចៀម​នៃ​ព្រះ ។ តួនាទី និង​និមិត្តសញ្ញា​ទាំងនេះ គឺ​ជា​ការ​សរសើរ​ដ៏​មាន​អនុភាព​ថា—នរណា​ជួយ​ចៀម​មានតម្លៃ​មួយៗ​បានល្អ​ជាង​អ្នកគង្វាល ហើយ​តើ​នរណា​ធ្វើជា​អ្នក​គង្វាលល្អ​​បានល្អជាង​កូនចៀម​នៃ​ព្រះ​របស់​យើង ?

ដ្បិតព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ហើយ​ព្រះរាជបុត្រា​សំណព្វ​តែ​មួយ​របស់​ព្រះ​បាន​ដាក់​ជីវិត​ដោយ​ស្ម័គ្រ​ព្រះទ័យ​គោរព​តាម​ព្រះវរបិតា​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ​ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម »។ ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​ដាក់​ព្រះជន្ម​របស់​ទ្រង់ ហើយ​មាន​ព្រះចេស្ដា​ដើម្បី​ប្រោស​ជីវិត​ឲ្យ​រស់ឡើង​វិញ​ម្ដង​ទៀត ។ ដោយ​បាន​សាមគ្គី​ជា​មួយ​នឹង​ព្រះវរបិតា​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ប្រទានពរ​យើង​ជា​ពិសេស ទាំង​ក្នុងនាមជា​អ្នកគង្វាល​ល្អ និង​ក្នុង​នាម​ជា​កូនចៀម​នៃ​ព្រះ ។

ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ​របស់​យើង ព្រះ​យេស៊ូវគ្រីស្ទ បាន​ហៅ​យើង​ដោយ​សំឡេង និង​ព្រះនាម​​របស់​ទ្រង់ ។ ទ្រង់ស្វែងរក ហើយ​ប្រមូល​ផ្ដុំ​យើង ។ ទ្រង់​បង្រៀន​យើង​អំពី​របៀប​ផ្ដល់​ការ​ងារ​បម្រើ​ដោយ​ក្ដីស្រឡាញ់ ។ ចូរ​យើង​គិត​ពិចារណា​អំពី​បាវចនា​ទាំង​បីនេះ ដែល​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ហៅ​យើង​ដោយ​សំឡេង និង​ព្រះនាម​របស់​ទ្រង់ ។

ទីមួយ អ្នកគង្វាល​ល្អ « គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយៗ ។… ដ្បិត​វា​ស្គាល់​សំឡេង​គាត់ » ។ ហើយ « នៅ​ក្នុង​ព្រះនាម​ទ្រង់​ផ្ទាល់ ទ្រង់​បាន​ហៅ​អ្នក គឺ​ដោយ​ព្រះនាម​នៃ​ព្រះគ្រីស្ទ » ។ នៅ​ពេល​យើង​ស្វែងរក​ដោយ​បំណង​ពិត​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ការបំផុសគំនិត​កើត​មានឡើង​ឲ្យ​ធ្វើ​ល្អ ស្រឡាញ់​ព្រះ និង​បម្រើ​ទ្រង់ ។ នៅពេល​យើង​សិក្សា ពិចារណា និង​អធិស្ឋាន នៅពេល​យើង​រំឭក​សាក្រាម៉ង់​ជា​ទៀងទាត់ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ ហើយ​នៅពេល​យើង​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់ទ្រង់ នោះ​យើង​កំពុង​ផ្ទៀង​ស្ដាប់​សំឡេង​ទ្រង់​ហើយ ។

នៅ​ក្នុង​ជំនាន់​របស់​យើង​ប្រធាន រ័សុល អិម ណិលសុន បាន​ទូន្មាន​យើង​ឲ្យ​ហៅ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បើក​សម្ដែង—គឺ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ព្រះអម្ចាស់​មានបន្ទូល​ថា « ដូច្នេះ សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ដោយ​នូវ​នាម​យើង ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ហៅ​សាសនាចក្រ តាម​នាម​យើង ហើយ​អ្នករាល់គ្នា ត្រូវ​អំពាវនាវ​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង ប្រយោជន៍​ឲ្យ​ទ្រង់​ប្រទានពរ​ដល់​សាសនាចក្រ​ដោយ​យល់​ដល់​យើង » ។ នៅ​ទូទាំង​ពិភពលោក ក្នុង​ចិត្ត និង​គេហដ្ឋាន​របស់​យើង យើង​អំពាវនាវ​ទៅ​កាន់​ព្រះវរបិតា​ក្នុង​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ។ យើង​មាន​អំណរគុណ​ចំពោះពរជ័យ​ដ៏​សប្បុរស​នៃការ​ឲ្យ​តម្លៃ​ទៅលើ​គេហដ្ឋាន ដែលមាន​សាសនាចក្រ​ផ្ដល់ការ​គាំទ្រ ថ្វាយបង្គំ សិក្សា​ដំណឹងល្អ ហើយ​នឹង​សកម្មភាព​កម្សាន្ដ​ជា​គ្រួសារ ។

ទីពីរ អ្នកគង្វាល​ល្អ​របស់យើង​ស្វែងរក និង​ប្រមូលផ្ដុំ​យើង​នៅ​ក្នុង​ហ្វូង​ទ្រង់​តែ​មួយ ។ ទ្រង់​បាន​សួរ​ថា « ក្នុងពួក​អ្នករាល់គ្នា បើអ្នកណា​មានចៀម​មួយរយ តែបាត់មួយ តើមិន​ទុកចៀម​កៅសិបប្រាំបួន​ឲ្យនៅ​ទីរហោស្ថាន ដើម្បី​នឹងទៅ​តាមរក​ចៀមមួយ ដែលបាត់ ទាល់តែឃើញទេឬអី » ?

ព្រះអង្គសង្គ្រោះ​របស់យើង​ឈោង​ទៅជួយ​សង្គ្រោះ​ចៀម​មួយ និង​ចៀម​កៅសិបប្រាំបួន​ទៀត នៅក្នុង​ពេល​តែ​មួយ ។ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ យើង​ទទួល​ស្គាល់​ចៀម​កៅសិប​ប្រាំបួន​ដែល​មិនប្រែប្រួល ហើយ​នឹងនរ ខណៈ​ដែល​យើង​ចង់​បាន​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ ។ ព្រះអម្ចាស់​ស្វែងរក ហើយ​រំដោះ​យើង « ​ចេញ​ពី​គ្រប់​កន្លែង​ទាំងអស់ » « ចេញ​ពី​គ្រប់​ផ្នែក​ទាំង​បួន​នៃ​ផែនដី » ។ ទ្រង់​បាន​ប្រមូល​យើង​ដោយ​សេចក្ដីសញ្ញា និង​ព្រះលោហិត​ដង្វាយធួន​របស់ទ្រង់ ។

ព្រះ​អង្គសង្គ្រោះ​របស់​យើង​បាន​ប្រាប់​ពួក​សិស្ស​ក្នុងគម្ពីរ​សញ្ញា​ថ្មី​របស់ទ្រង់​ថា « មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ » ។ នៅក្នុង​សហរដ្ឋ​អាមេរិក ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​កូនចៅ​ក្នុង​សេចក្ដីសញ្ញា​របស់លីហៃ​ថា « អ្នក​រាល់គ្នា​ជា​ចៀម​ខ្ញុំ » ។ ហើយ​ព្រះយេស៊ូវ​បាន​មានបន្ទុល​ថា ប៉ុន្តែ​មាន​ចៀម​ដទៃទៀត​ពុំ​ទាន់​ស្ដាប់​ឮ​សំឡេង​របស់​ទ្រង់​នៅឡើយ ។ ព្រះគម្ពីរមរមន​ជា​ពរជ័យ​អ្វីម៉្លេះ គឺ​វា​ជា​សក្ខីយបទ​មួយទៀត​ធ្វើ​ជា​សាក្សី​អំពី​សំឡេង​របស់​ព្រះយេស៊ូវ​គ្រីស្ទ !

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​សាសនាចក្រ​ទាំងមូល​ឲ្យ​ទទួល​យក​អស់​មនុស្ស​ដែល​ស្ដាប់​សំឡេង​របស់ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​រួមមាន ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក និង​ដោយ​ភ្លើង និង​ព្រះវិញ្ញាណបរិសុទ្ធ ។ នីហ្វៃ​បានសួរ​ថា « បើ​កូន​ចៀម​នៃ​ព្រះ ដែល​ជា​អង្គ​បរិសុទ្ធ ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង ឱ​បើ​ដូច្នោះ តើ​ពួក​យើង​ដែល​ជា​ជន​មិន​បរិសុទ្ធ ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ច្រើនជាង​នេះ​យ៉ាង​ណា​ទៅ មែន​ហើយ គឺ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ! »

យ៉ូហាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ

សព្វថ្ងៃ​នេះ ព្រះអង្គសង្គ្រោះ​យើង​មាន​ព្រះទ័យ​ថា អ្វី​ដែល​យើង​ធ្វើ និង​បុគ្គល​ដែល​យើង​កំពុង​ប្រែក្លាយ​នឹង​អញ្ជើញ​អ្នកដទៃ​ឲ្យ​មក​ធ្វើ​តាម​ទ្រង់ ។ ចូរ​មករក​សេចក្ដីស្រឡាញ់ ការ​ព្យាបាល ទំនាក់ទំនង និង​សេចក្ដីសញ្ញា​ដែល​ជា​របស់​ផង​ទ្រង់ រួមទាំង​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់ព្រះ ជាកន្លែង​ដែល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​សេចក្ដីសង្គ្រោះ​អាច​ផ្តល់ពរ​ដល់សមាជិក​គ្រួសារ​ទាំងអស់ ទាំង​ការប្រមូលផ្ដុំ​អ៊ីស្រាអែល នៅទាំង​សង្ខាង​នៃ​វាំងនន ។

ទីបី ក្នុងនាមជា « អ្នកគង្វាល​នៃ​អ៊ីស្រាអែល » ព្រះ​យេស៊ូវគ្រីស្ទ​ធ្វើ​ជាគំរូ​នៃ​ពួក​អ្នកគង្វាល​នៅ​ក្នុង​អ៊ីស្រាអែលស្តីពីការផ្ដល់​ការងារ​បម្រើ​ដោយ​ក្តី​សេចក្ដីស្រឡាញ់ ។ នៅពេល​ព្រះអម្ចាស់​របស់​យើង​សួរ​ថា បើ​យើង​ស្រឡាញ់​ទ្រង់ នៅពេល​ទ្រង់​បាន​សួរ​ដល់​ស៊ីម៉ូន ពេត្រុស នោះ​ព្រះអង្គសង្គ្រោះ​យើង​បាន​ទូល​អង្វរ​ថា ៖ « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង ។… ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង ។… ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។ ព្រះអម្ចាស់​បាន​សន្យា​ថា នៅពេល​អ្នក​គង្វាល​របស់ទ្រង់​ឲ្យចំណី​ចៀម និង​កូនចៀម​របស់ទ្រង់ ចៀម​ដែល​នៅក្នុង​ហ្វូង​ទ្រង់ « នឹង​មិនភ័យ ឬ​ស្រយុតចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់បង់​ណា​មួយ​ដែរ » ។

អ្នកគង្វាល​ល្អ​របស់យើង​ព្រមាន​ថា អ្នកគង្វាល​នៅ​ក្នុង​អ៊ីស្រាអែល មិន​ត្រូវ​ដេកលក់​ទេ ទាំង​មិន​បំផ្លាញ ហើយ​កម្ចាត់កំចាយ​ហ្វូង​ចៀម​ឲ្យ​វង្វេង​ឡើយ ទាំងមិន​បែរ​ទៅ​រក​ផ្លូវ​ខ្លួន​ដើម្បី​រក​កម្រៃ​ខ្លួន​ឡើយ ។ អ្នក​គង្វាល​របស់ព្រះ​ត្រូវបានពង្រឹង ព្យាបាល ចងភ្ជាប់​អ្វី​ដែល​បាន​បាក់ នាំ​អ្វី​ដែល​បាន​បាត់ត្រឡប់​មកវិញ ស្វែងរក​ចៀម​ដែល​បាន​បាត់ ។

ព្រះអម្ចាស់​ក៏​ព្រមាន​ផងដែរ​អំពី​អ្នក​ស៊ីឈ្នួល ដែល « មិន​យកចិត្ត​ទុកដាក់​នឹង​ចៀម » និង « ​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ » ។

អ្នកគង្វាល​ល្អ​របស់​យើង​រីករាយ​នៅពេល​យើង​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​សីលធម៌​ផ្ទាល់ខ្លួន​ដោយ​ចេតនា និង​ជំនឿ ។ អស់​អ្នក​ដែល​នៅ​ក្នុង​ហ្វូង​របស់ទ្រង់​មើល​ទៅ​ព្រះអង្គសង្គ្រោះ​របស់​យើង​ដោយ​ការ​ដឹងគុណ​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់ ។ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ធ្វើ​តាម​ទ្រង់ ពុំ​រង់ចាំអំពើ ងងឹតងងល់ ឬ « អៀនប្រៀន » នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ដោយ​បំណងប្រាថ្នា​អស់​ពី​ដួងចិត្ត និង​គំនិត​របស់​យើង ដើម្បី​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​យើង រែក​បន្ទុក​គ្នា​ទៅវិញទៅមក ហើយ​រីករាយ​នៅ​ក្នុង​អំណរ​របស់​គា្ន​ទៅវិញទៅមក ។ ដូចជា​ព្រះគ្រីស្ទ​បាន​ថ្វាយ​ព្រះឆន្ទៈ​ដោយ​ស្ម័គ្រ​ព្រះទ័យ​ចំពោះ​ព្រះឆន្ទៈ​របស់​ព្រះវរបិតាដែរ ដូច្នេះ​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់​ដោយ​គារវភាព ។ យើង​ខិតខំ​ចូល​រួម​នឹង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ការ​ងារ​បម្រើ​របស់​ទ្រង់​ដោយ​រីករាយ​ដល់​បុត្រាបុត្រី​គ្រប់​រូប​របស់​ព្រះ ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​អ្នកគង្វាល​ដ៏​ឥតខ្ចោះ​របស់​យើង ។ ដោយសារ​ទ្រង់​បាន​ដាក់​ជីវិត​របស់​ទ្រង់​ដើម្បី​យើង ហើយ​ឥឡូវ​នេះ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​រុង​រឿង ​នោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចៀម​របស់​ព្រះ​ដ៏​ល្អ​ឥតខ្ចោះ​ផងដែរ ។

កូនចៀម​របស់​ព្រះ​ដែល​បាន​ពលិកម្ម គឺ​ជា​តំណាង​តាំងពី​ការ​ចាប់​ផ្ដើម​មក​ម៉្លេះ ។ ទេវតា​បាន​ប្រាប់​អ័ប្រាហាំ​អំពី​ពលិកម្ម​របស់​ទ្រង់ « គឺជា​និមិត្តរូប​អំពី​ការ​បូជា​នៃ​ព្រះរាជបុត្រា​បង្កើត​តែមួយ​នៃ​ព្រះវរបិតា » ដែល​អញ្ជើញ​យើង​ឲ្យ « ប្រែចិត្ត ហើយ​អំពាវនាវ​ដល់ព្រះ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​ជា​រៀងដរាប​រហូត​តទៅ » ។

លោកអ័ប្រាហាំ​ដែល​បាន​បង្កើតពរជ័យ​នៃ​សេចក្ដីសញ្ញា​សម្រាប់​មនុស្ស​គ្រប់ជាតិសាសន៍​លើ​ផែនដី បាន​ទទួលបទពិសោធន៍​អំពី​អត្ថន័យ​នៃការ​ប្រគល់​ព្រះរាជបុត្រា​សំណព្វ​តែមួយ ។

« គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក ជម្រាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ។ រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង និង​ឱស​ហើយ តែ​កូន​ចៀម​…​តើ​នៅ​ឯ​ណា ?

« អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សម្រាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ » ។

ពួកសាវក និង​ពួកព្យាការី បាន​មើលឃើញ ហើយ​បាន​រីករាយ​ចំពោះ​បេសកកម្ម​ដែល​បាន​តែងតាំង​ពី​មុន​កំណើត​របស់​កូនចៀម​នៃ​ព្រះ ។ យ៉ូហាន​នៅក្នុង​ពិភពចាស់ និង​នីហ្វៃ​នៅក្នុង​ពិភព​ថ្មី បាន​ថ្លែង​ទីបន្ទាល់​អំពី « កូនចៀម​នៃ​ព្រះ » គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច…ព្រះដ៏​ប្រោសលោះ​នៃ​ពិភពលោក » ។

អ័ប៊ីណាដៃ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថា ៖ « យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បានទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់ » ។ អាលម៉ា​បាន​ហៅ​ពលិកម្ម​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់​របស់​ព្រះរាជបុត្រា​នៃ​ព្រះ​ថា « ​រឿង​មួយ​ដែល​សំខាន់​ជាង​រឿង​ទាំង​អស់ » ។ អាលម៉ា​បាន​លើក​ទឹកចិត្ត​ថា « មាន​សេចក្ដីជំនឿ​ជឿ​ដល់​កូនចៀម​នៃ​ព្រះ » « ចូរ​មក​ចុះ ហើយ​ចូរ​កុំ​ខ្លាច​អី » ។

មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​បាន​ចែកចាយ​អំពី​របៀប​ដែល​នាង​បាន​ទទួល​ទីបន្ទាល់​ដ៏​មាន​តម្លៃ​របស់​នាង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នាង​បាន​ធំដឹង​ក្ដី​ឡើង​ដោយ​ជឿ​ថា អំពើបាប​តែង​នាំ​មក​នូវ​ការ​ដាក់​ទោស​ដ៏​ធំ ។ នាង​បាន​ទូល​អង្វរ​ដល់​ព្រះ​ដើម្បី​យល់​អំពី​លទ្ធភាព​នៃ​ការ​អភ័យទោស​ដ៏​ទេវភាព ។ នាង​បាន​អធិស្ឋានដើម្បី​យល់ និង​ស្គាល់​​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត ថា​តើ​សេចក្ដីមេត្តាករុណា​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​សេចក្ដីយុត្តិធម៌​ដោយរបៀបណា ។

នៅថ្ងៃ​មួយ ការអធិស្ឋាន​របស់​នាង​បាន​ឆ្លើយតប​នៅ​ក្នុង​បទពិសោធន៍​ផ្លាស់ប្ដូរ​ខាង​វិញ្ញាណ ។ យុវជន​អស់សង្ឃឹម​ម្នាក់​បាន​រត់មក​ពី​ហាង​ទំនិញ​មួយ​ដោយ​មាន​យូរ​អាហារ​ពីរ​ថង់​ដែល​គាត់​បាន​លួច​គេ ។ គាត់បាន​រត់​កាត់​ផ្លូវ​ដែល​មាន​ចរាចរណ៍​ខ្វាត់ខ្វែង ព្រោះ​អ្នក​គ្រប់គ្រង​ហាង​ទំនិញ​នោះ​រត់ដេញ​តាម ហើយ​ក៏​ចាប់​បាន​គាត់ រួច​ក៏​មាន​ការ​ស្រែក និង​ការ​វាយតប់ ។ ជំនួស​ឲ្យ​ការ​វិនិច្ឆ័យ​ដល់​យុវជន​ដែល​ភ័យខ្លាច​នោះ​ថាជា​ចោរ មិត្ត​ខ្ញុំ​បាន​​ពេញ​ដោយ​ក្ដីមេត្តា​ករុណា​ដ៏លើសលុប​ដល់​យុវជន​នោះ​ដោយ​ពុំ​រំពឹង​ទុក ។ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​កង្វល់​ចំពោះ​សុវត្ថិភាព​របស់​នាងផ្ទាល់ នោះ​នាងបាន​ដើរ​​សំដៅ​ទៅ​រក​បុរស​ពីរ​នាក់​ដែល​កំពុង​ឈ្លោះ​ប្រកែក​គ្នានោះ ។ នាង​បានឃើញ​ថា​​ នាង​បាន​ប្រាប់​ទៅបុរស​ពីរ​នាក់នោះ​ថា « ខ្ញុំ​នឹង​បង់ថ្លៃ​អាហារ​នោះ ។ សូម​ដោះលែង​គាត់ទៅ ។ សូម​ឲ្យ​ខ្ញុំ​បង់​ថ្លៃ​អាហារ​ជំនួស​គាត់ » ។

ដោយ​បាន​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្ដីស្រឡាញ់​ដែល​គាត់​ពុំ​ធ្លាប់​ទទួល​អារម្មណ៍​ពី​មុន​មក មិត្តខ្ញុំ​បាន​និយាយ​ថា « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​ជួយ​សង្គ្រោះយុវជន​នោះ » ។ មិត្ត​របស់​ខ្ញុំ​បាន​ថ្លែង​ថា នាង​បាន​ចាប់​ផ្ដើម​យល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់— របៀប និងមូលហេតុ​ដែល​ក្ដីស្រឡាញ់​ដ៏​បរិសុទ្ធ និង​ឥតខ្ចោះ ដែល​ព្រះយេស៊ូវគ្រីស្ទ​ព្រម​ស្ម័គ្រ​ព្រះទ័យ​ពលិកម្ម​ធ្វើជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ និង​មូលហេតុ​ដែល​នាង​ចង់​ឲ្យ​ទ្រង់​ធ្វើជា​អង្គសង្គ្រោះ​របស់​នាង ។

វា​ពុំ​គួរ​ភ្ញាក់​ផ្អើល​ទេ ដែល​យើង​ច្រៀង​ថា ៖

មើលចុះ អ្នក​គង្វាល​ល្អ​កំពុង​ស្វែងរក

កំពុង​ស្វែងរក​ចៀម​ដែល​បាត់

នាំ​ពួកគេ​មក​ដោយ​អំណរ

បាន​សង្គ្រោះដោយ​តម្លៃ​ជា​និរន្ដរ៍​ដូច្នេះ ។

ក្នុងនាមជា​កូនចៀម​នៃ​ព្រះ ព្រះអង្គសង្គ្រោះ​យើង​ដឹង​នៅពេល​ណា​យើង​មានអារម្មណ៍​ឯកោ អាប់អួរ មិនជឿជាក់ ឬ​ភ័យខ្លាច ។ នៅក្នុង​ការនិមិត្ត នីហ្វៃ​បាន​មើល​ឃើញ​ព្រះចេស្ដា​នៃកូនចៀម​នៃ​ព្រះ « [ យាងមក​លើ ] ពួកបរិសុទ្ធ​ក្នុង​ព្រះវិហារ​នៃ​កូនចៀម និង​មកលើ​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់ព្រះ » ។ ទោះ​បី « ត្រូវ​ខ្ចាត់ខ្ចាយ​ពាស​ពេញ​នៅ​លើ​ផ្ទៃ​ផែនដី…ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ។

ការ​សន្យា​នៃ​ក្ដីសង្ឃឹម និង​លួងលោម​ចិត្ត​នេះ មាន​នៅក្នុង​ជំនាន់​របស់​យើង ។

តើ​អ្នក​គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ក្នុង​សាសនាចក្រ​ក្នុង​គ្រួសារ​អ្នក សាលារៀន កន្លែង​ធ្វើការ ឬ​សហគមន៍​របស់អ្នកឬ ? តើ​សាខា​របស់អ្នក ពេល​ខ្លះ​មានអារម្មណ៍​ថា តូច ឬ​នៅ​ដាច់​ស្រយាល​ឬទេ ? តើ​អ្នក​ធ្លាប់​ផ្លាស់ទៅ​កន្លែង​ថ្មី ប្រហែលជា​មានភាសា​ខុសគ្នា ឬ​ទំនៀមទម្លាប់​ខុសគ្នា​ឬទេ ? ប្រហែលជា​ស្ថានភាព​ជីវិត​របស់អ្នក​បាន​ផ្លាស់ប្ដូរ ហើយរឿង​ដែល​អ្នក​ពុំ​ធ្លាប់​គិតឃើញ​ថា កើត​ឡើង​ឥឡូវ​នេះ​បែរ​ជា​មក​ចំពោះ​មុខ​អ្នកវិញនោះ ? ព្រះអង្គសង្គ្រោះ​របស់​យើង​អះអាង​នឹង​យើងមិន​ថា ស្ថានភាព​យើងជា​យ៉ាងណា យើង​ជានរណាទេ នៅក្នុង​ពាក្យ​សម្ដី​រ​បស់​អេសាយ​ថា « ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល​ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះឧរា​ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម » ។

អ្នកគង្វាល​ល្អ​ប្រមូល​ចៀម​របស់​ទ្រង់

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ អ្នកគង្វាល​ល្អ​របស់​យើង​ហៅ​យើង​ដោយ​សំឡេង​របស់ទ្រង់ និង​ព្រះនាម​របស់​ទ្រង់ ។ ទ្រង់​ស្វែងរក ប្រមូលផ្ដុំ ហើយ​មក​រក​រាស្ត្រ​របស់ទ្រង់ ។ តាមរយៈ​ព្យាការី​នៅ​រស់របស់​ទ្រង់ និង​យើង​ម្នាក់ៗ ទ្រង់​អញ្ជើញ​យើង​ទាំងអស់គ្នា​ឲ្យ​ស្វែងរក​ភាព​សុខសាន្ដ គោលបំណង ការ​ព្យាបាល និង​អំណរ​នៅក្នុង​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ទ្រង់ ហើយ​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។ តាមរយៈ​គំរូ ទ្រង់​បង្រៀន​ដល់​អ្នក​គង្វាល​នៃ​អ៊ីស្រាអែល​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដោយ​សេចក្ដីស្រឡាញ់​របស់ទ្រង់ ។

ក្នុង​នាមជា​កូនចៀម​នៃ​ព្រះ បេសកកម្ម​ដ៏ទេវភាព​របស់ព្រះយេស៊ូវ​ត្រូវ​បាន​តែងតាំង និង​អរសប្បាយ​ដោយ​ពួកសាវក និង​ពួកព្យាការី ។ ដង្វាយធួន​របស់ទ្រង់​គឺ​និរន្ដរ៍ និង​អស់កល្បជានិច្ច គឺ​ជា​ចំណុច​សំខាន់​ក្នុង​ផែនការ​នៃ​សុភមង្គល និង​គោលបំណង​នៃ​ការ​បង្ក​បង្កើត ។ ទ្រង់​អះអាង​នឹង​យើង​ថា ទ្រង់​បី​យើង​ផ្អឹប​ទៅនឹង​ដើម​ទ្រូង ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ សូម​ឲ្យ​យើង​ប្រាថ្នា​ធ្វើជា « ពួក​ជន​បន្ទាប​ខ្លួន​ដើរ​តាម​ព្រះ » ប្រហែលជា​ថ្ងៃ​ណាមួយ យើង​មាន​នាម​យើង​ឆ្លាក់​នៅលើ​សៀវភៅ​ជីវិត​របស់​កូនចៀម ដើម្បី​ច្រៀង​ចម្រៀង​នៃ​កូនចៀម ដើម្បី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទទួល​ទានអាហារ​លៀង​របស់​កូនចៀម ។

ក្នុងនាមជា​អ្នកគង្វាល និង​កូនចៀម ទ្រង់​ហៅថា ៖ ចូរ​មក « កាន់​ចំណេះដឹង​ពិត…អំពី​ព្រះប្រោសលោះ [ របស់អ្នក ] …ជា​អ្នក​គង្វាល​ដ៏​ពិត និង​មហិមា [ របស់​អ្នក ] ។ ទ្រង់​បាន​សន្យា​ថា « ដោយ​សារ​ព្រះគុណ​នៃ​ទ្រង់ [ យើង ] អាច [ ប្រែក្លាយ​ជា ​] ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។

នៅ​រដូវ​បុណ្យអ៊ីស្ទើរ​នេះ យើង​សរសើរ​តម្កើង​ទ្រង់ ៖

« ភាពស័ក្ដិសម​គឺ​ជា​កូនចៀម !

ហូសាណា ហូសាណាដល់​ព្រះ និង​កូនចៀម ! »

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ អំពី​អ្នក​គង្វាល​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង គឺ​ជា​កូន​ចៀម​នៃ​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ។ ទ្រង់​ហៅ​យើង​តាម​ឈ្មោះ​របស់​យើង​នៅក្នុង​ព្រះនាម​ទ្រង់—គឺ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ—អាម៉ែន ។