ឆ្នាំ ២០១០-២០១៩
សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


2:3

សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ

ទោះ​ជា​ពេល​យើង​កំពុង​រង់​ចាំ​ព្រះអម្ចាស់​ដោយ​ភាព​អត់ធ្មត់​ក្ដី ក៏​មាន​នូវ​ពរជ័យ​ជាក់​លាក់​កើត​មាន​ចំពោះ​យើង​ភ្លាមៗ​ដែរ ។

ប៉ុន្មាន​ឆ្នាំ​មុន កូន​ប្រុស​របស់​ខ្ញុំ​អាយុបួន​ឆ្នាំ​បាន​មក​រក​ខ្ញុំ ហើយ​ប្រកាស​ថា « ប៉ា កូន​បាន​គិត​ឃើញ​ហើយ ។ កូន​បាន​គិត​ឃើញ​ថា ពេល​ឆាប់ៗ សម្រាប់ប៉ា​គឺ​យូរ​ណាស់​សម្រាប់​កូន » ។

នៅពេល​ព្រះអម្ចាស់ ឬ​អ្នកបម្រើ​របស់​ទ្រង់​ថ្លែង​ពី​ពាក្យ​ដូចជា « នៅ​មិន​យូរ​ថ្ងៃ​ប៉ុន្មាន​ទេ » ឬ « នៅពេល​មិន​យូរ​ប៉ុន្មាន​ទេ » វា​អាច​មាន​ន័យ​ត្រង់ៗ​ថា ពេញ​មួយ​ជីវិត ឬ​យូរ​ជាង​នេះ ។ ពេលវេលា​របស់​ទ្រង់ ហើយ​ជាញឹកញាប់​កាល​វេលា​របស់​ទ្រង់ គឺ​ខុស​ពី​ពេលវេលា​របស់​យើង ។ សេចក្ដី​អំណត់​គឺជា​គន្លឹះ ។ បើ​គ្មាន​វា​ទេ យើង​មិន​អាច​រីកចម្រើន ហើយ​ក៏​មិន​អាច​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះ​ស្ដីពី​ជីវិត និង​សេចក្ដីសង្គ្រោះ​បាន​ឡើយ ។ ប៉ុន្តែ​សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះគឺ​ថា ទោះ​ជា​ពេល​យើង​កំពុង​រង់​ចាំ​ព្រះអម្ចាស់​ដោយ​ភាព​អត់ធ្មត់​ក្ដី ក៏​មាន​នូវ​ពរជ័យ​ជាក់​លាក់​កើត​មាន​ចំពោះ​យើង​ភ្លាមៗ​ដែរ ។

នៅពេល​អាលម៉ា និង​ប្រជាជន​របស់​លោក​ត្រូវ​បាន​ពួក​សាសន៍​លេមិន​ចាប់​ខ្លួន ពួកគេ​បាន​អធិស្ឋានសូម​ការរំដោះ ។ ពួកគេ​ពុំ​បាន​រំដោះ​ភ្លាមៗ​ឡើយ ប៉ុន្តែខណៈដែល​ពួកគេ​បាន​រង់ចាំ​ការរំដោះ​ដោយ​សេចក្ដី​អំណត់ នោះ​ព្រះអម្ចាស់​បាន​បង្ហាញ​ពី​សេចក្ដីល្អ​សប្បុរស​របស់​ទ្រង់​ដោយ​ប្រទាន​ពរជ័យ​ទាន់ចិត្ត​មួយ​ចំនួន ។ ទ្រង់​បាន​បន្ទន់​ដួងចិត្ត​របស់​ពួកសាសន៍​លេមិន​ភ្លាមៗ ដើម្បី​កុំ​ឲ្យសម្លាប់​​ពួកគេ​ ។ ទ្រង់​ក៏​បាន​ពង្រឹង​ដល់​ប្រជាជន​អាលម៉ា ហើយ​សម្រាល​បន្ទុក​របស់​ពួកគេ​ផង​ដែរ ។ នៅ​ទីបំផុត ពេល​ពួកគេ​ត្រូវបាន​រំដោះ នោះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​សារ៉ាហិមឡា ជា​កន្លែង​ដែល​ពួកគេ​បាន​ប្រាប់​ពី​បទពិសោធន៍​របស់​ពួកគេ​ដល់​មនុស្ស​ជាច្រើន ។ ប្រជាជន​សារ៉ាហិមឡាមាន​ការ​ងឿង​ឆ្ងល់ ហើយ « នៅ​ពេល​គេ​គិត​អំពី សេចក្ដីល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ និង​ព្រះចេស្ដា​ទ្រង់​ក្នុង​ការ​ប្រោសលោះ​អាលម៉ា និង​បងប្អូន​របស់​លោកចេញពី…សេវកភាព នោះ​ពួកគេ​បាន​បន្លឺ​សំឡេង​ថ្លែង​អំណរគុណ​ដល់​ព្រះ »។

សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ​កើត​មាន​ដល់​មនុស្ស​គ្រប់រូប ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​មាន​គោលបំណង​ពិត និង​អស់​ពី​ចិត្ត ។ នេះ​រួម​មាន​អស់​អ្នក​ដែល​អំពាវនាវ​រក​សេចក្ដី​ត្រូវការ​ដោយ​អស់​ពី​ចិត្ត នៅពេល​ការរំដោះមើល​ទៅ​ហាក់ដូចជា​នៅ​ឆ្ងាយ​សន្លឹម ហើយ​ការរងទុក្ខ​យូរ​ទៅ ហើយ​ថែម​ខ្លាំង​ឡើង​ទៀត ។

រឿង​នេះ​បាន​កើត​ចំពោះ​ព្យាការី​វ័យ​ក្មេង​ម្នាក់ ដែល​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​អន្លង់​គុក​ងងឹត មុនពេល​អំពាវនាវ​ចុងក្រោយ ៖ « ឱ ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ?​… តើ​ព្រះហស្ដ​ទ្រង់​នឹង​ទប់ទុក​…​ដល់​ណា​ទៅ ? មែនហើយ ឱ​ព្រះអម្ចាស់​អើយ តើ…​ដល់​ណា​ទៅ ? » ព្រះអម្ចាស់​ពុំ​បានរំដោះ​យ៉ូសែប​ភ្លាមៗ​ឡើយ ប៉ុន្តែ​ទ្រង់​បាន​ប្រកាស​ភាព​សុខសាន្ត​ភ្លាមៗ ។

ព្រះ​ក៏​បាន​ប្រទាន​សេចក្ដី​សង្ឃឹម​ទាន់​ចិត្ត​សម្រាប់​ការរំដោះ​នៅ​ពេល​ចុងក្រោយផង​ដែរ ។ មិន​ថា​មានរឿង​អ្វី មិន​ថានៅ​ទី​ណា នៅ​ក្នុង និង​តាមរយៈ​ព្រះគ្រីស្ទ នោះ​តែង​មាន​សេចក្ដី​សង្ឃឹម​ញញឹម​យ៉ាង​ពព្រាយ​នៅ​មុខ​យើង​ជានិច្ច ។ នៅ​ខាង​មុខ​យើង​ទាន់​ចិត្ត ។

លើស​ពី​នេះ ទ្រង់​បាន​សន្យា​ថា ៖ « សេចក្តី​សប្បុរស របស់​យើង​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ » ។

សរុប​មក សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​ទាន់​ចិត្ត ។ ខ្ញុំ​ចូលរួម​ជាមួយ​នឹង​ប៉ុល​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា គ្មាន​អ្វី « អាច​នឹង​ពង្រាត់​យើង​ចេញពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ឡើយ » ។ សូម្បី​តែ​អំពើបាប​របស់​យើង​ក្ដី ទោះជា​វា​អាច​ពង្រាត់​យើង​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់​មួយ​រយៈ​ក្ដី ក៏​វា​មិន​អាច​ពង្រាត់​យើង​ចេញពី​សេចក្ដី​ស្រឡាញ់​ដ៏​ជាប់លាប់ និង​ទាន់ចិត្ត​របស់​ទ្រង់​បាន​ឡើយ ។

ទាំង​នេះ​គឺ​ជា​របៀប និង​មធ្យោបាយ​មួយ​ចំនួន ដែល « ទ្រង់​ប្រទាន​ពរ​ដល់ [ យើង ] ភ្លាម » ។ ឥឡូវ​ដើម្បី​នាំ​ឲ្យ​គោលការណ៍​នេះឲ្យ​រស់រវើក និងមកជិត ខ្ញុំ​សូម​ចែកចាយ​ជាមួយ​នឹង​​អ្នក​នូវ​បទពិសោធន៍​របស់​មនុស្ស​ពីរនាក់ ដែល​រស់នៅ​ឈរ​ជា​ទីបន្ទាល់​នៃ​សេចក្ដីល្អ​សប្បុរស​ដ៏​ទាន់ចិត្ត​នៃ​ព្រះ ។

តាំង​ពី​ពេល​នាង​នៅ​ជា​យុវវ័យ​ម្នាក់ អេមីលី​ពុះពារ​នឹង​ការប្រើ​ថ្នាំ​ខុស ។ ពិសោធកម្ម​បាន​នាំ​ទៅរក​ទម្លាប់ ហើយ​នៅ​ទីបំផុត​ទម្លាប់​ទៅ​ជា​ការញៀន​មួយ ដែល​ឃុំ​នាង​ទុក​រាប់​ឆ្នាំ ថ្វី​បើ​មាន​ពេលខ្លះ​ល្អ​ក្ដី ។ អេមីលី​បាន​លាក់​បញ្ហា​របស់​នាង​យ៉ាង​ប្រុង​ប្រយ័ត្ន ជាពិសេស​ក្រោយពី​នាង​ក្លាយ​ជា​ភរិយា និង​ម្ដាយ​មួយ​រូប ។

ការចាប់ផ្ដើម​នៃ​ការរំដោះ​របស់​នាង​មើល​ទៅ​មិន​ដូចជា​ការរំដោះ​ឡើយ ។ មួយ​នាទី​អេមីលី​រង​ទម្លាប់​សាកល្បង​ថ្នាំ ហើយ​មួយ​នាទី​ទៀត​នាង​ឡើង​ឡាន​ពេទ្យ​ទៅ​អគារ​ព្យាបាល​អ្នកជំងឺ ។ នាង​ចាប់ផ្ដើម​ភ័យ​ស្លន់ស្លោរ កាល​នាង​គិត​ថា គេ​បំបែក​នាង​ពី​កូនៗ ស្វាមី និង​ផ្ទះ​របស់​នាង ។

យប់​នោះ​ដោយ​នៅ​ឯកោ​ក្នុង​បន្ទប់​ដ៏​ត្រជាក់ និង​ងងឹត​មួយ អេមីលី​បាន​គេង​អង្កុញជើង​លើ​គ្រែ ហើយ​បាន​យំ ។ នៅទីបំផុត​ សមត្ថភាព​ក្នុង​ការវែកញែក​របស់​នាង​បាន​ចុះថយ ដោយ​គ្រប​ដណ្ដប់​ដោយ​ភាពអន្ទះសារ ការភ័យខ្លាច និង​ភាពងងឹត​ដ៏​ខ្លាំង​បាន​យក​ឈ្នះ​នៅក្នុង​បន្ទប់ និង​ក្នុង​ព្រលឹង​នាង រហូត​ដល់​អេមីលី​បាន​គិត​ថា នាង​នឹង​ស្លាប់​នៅ​យប់​នោះ ។ គឺ​នៅ​ម្នាក់​ឯង ។

នៅក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នោះ អេមីលី​បាន​ប្រមូល​កម្លាំង​ដើម្បី​ចុះ​ពី​គ្រែ ហើយ​លុត​ជង្គង់ ។ ដោយពុំ​ធ្លាប់​មាន​ការ​អធិស្ឋាន​ណា​មួយ​ពីមុន​មក នោះអេមីលី​បាន​ថ្វាយ​ខ្លួន​នាង​ទាំងស្រុង​ដល់​ព្រះអម្ចាស់ កាល​នាង​ទូល​អង្វរ​យ៉ាង​អស់​សង្ឃឹម​ថា « ឱ ព្រះអង្គ​អើយ កូន​ត្រូវការ​ទ្រង់ ។ សូម​ជួយ​កូន​ផង ។ កូន​មិន​ចង់​នៅ​តែ​ឯង​ឡើយ ។ សូម​ជួយ​កូន​ឲ្យ​រួចពី​យប់​នេះ​ផង » ។

ហើយ​ភ្លាម​នោះ ដូច​ទ្រង់​បាន​ធ្វើ​ដាក់​ពេត្រុស​កាល​ពី​បុរាណ នោះ​ព្រះយេស៊ូវ​បាន​លូក​ព្រះហស្ត​របស់​ទ្រង់ ទៅ​ចាប់​ព្រលឹង​ដែល​លិចលង់​របស់​នាង ។ មាន​សេចក្ដី​ស្ងប់ស្ងាត់ ភាព​ក្លាហាន និង ការបញ្ជាក់ និង​សេចក្ដីស្រឡាញ់​បានមក​គ្របដណ្ដប់​លើ​អេមីលី ។ បន្ទប់​នោះ​លែង​ត្រជាក់​ទៀត​ហើយ នាង​បាន​ដឹង​ថា នាង​មិន​នៅ​តែ​ឯង​ឡើយ ហើយ​ជា​លើក​ដំបូង​តាំង​ពី​អាយុ ១៤ ឆ្នាំ​មក អេមីលី​បាន​ដឹង​ថា អ្វីៗ​នឹង​មិន​អី​ទេ ។ អេមីលី « បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ » ហើយ​បាន​ដេកលង់លក់​ទៅ​វិញ​ដោយ​ភាព​សុខសាន្ដ ។ ហេតុ​ដូច្នេះ​ហើយ យើង​ឃើញ​ថា « បើ​សិន​ជា​អ្នករាល់​គ្នា​ប្រែចិត្ត ហើយ​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ រំពេច​នោះ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់​អ្នក » ។

ក្រុមគ្រួសារ​​នៅ​ព្រះវិហារបរិសុទ្ធ

ការព្យាបាល និង​ការរំដោះ​ចុងក្រោយ​របស់​អេមីលី​ត្រូវ​ចំណាយ​ពេល​ជា​យូរ—ការព្យាបាល ការហ្វឹកហ្វឺន និង​ការប្រឹក្សា​រាប់​ខែ ដែល​អំឡុង​ពេល​នេះ​នាង​ត្រូវបាន​គាំទ្រ ហើយ​ពេលខ្លះ​បាន​លើក​ឡើង​ដោយ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ។ ហើយ​សេចក្ដី​ល្អ​នោះបាន​បន្ដ​នៅ​ជាមួយ​នាង កាល​នាង​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ស្វាមី និង​កូនៗ​របស់​នាង ដើម្បី​ផ្សារភ្ជាប់ជាមួយគ្នា​ជារៀង​រហូត ។ ដូចជា​ប្រជាជន​សារ៉ាហិមឡា​​ដែរ អេមីលី​ថ្លែង​អំណរគុណ ពេល​នាង​នឹក​គិត​ដល់​សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការដោះ​នាង​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ។

ឥឡូវនេះ ខ្ញុំ​សូម​បន្ដ​ជាមួយ​ជីវិត​របស់​អ្នកជឿ​ដ៏​ក្លាហាន​ម្នាក់​ទៀត ។ នៅ​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ អាលីសៀ ស្រ៊ូឌើរ បាន​រីករាយ​ស្វាគមន៍​មិត្ត​ល្អ​របស់​នាង​ឈ្មោះ​ស៊ាន និង​ស្សាឡា ឈីលខូត ដែល​មក​លេង​នាង​ដោយ​មិន​បាន​ប្រាប់​មុន ។ ស៊ាន​ដែល​ជា​ប៊ីស្សព​របស់​អាលីសៀ​ដែរ បាន​ហុច​ទូរសព្ទ​ដៃ​គាត់​ឲ្យ​ទៅ​នាង ហើយ​បាន​និយាយ​យ៉ាង​មុតមាំ​ថា « អាលីសៀ​យើង​ស្រឡាញ់​អ្នក ។ អ្នក​ត្រូវ​លើក​ទូរសព្ទ​នេះ » ។

ស្វាមី​របស់​អាលីសៀ​គឺ​ម៉ារីអូ​ជា​អ្នក​ទូរសព្ទ​មក ។ គាត់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ជាមួយ​កូន​របស់​ពួកគេ​ខ្លះ នៅក្នុង​ដំណើរ​កម្សាន្ដ​រដូវ​រងារ ។ មាន​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​បាន​កើតឡើង ។ ម៉ារីអូ​បាន​រង​របួស​យ៉ាង​ដំណំ ហើយ​កូនប្រុស​អាយុ ១០ ឆ្នាំ​របស់​គេ​ឈ្មោះ​ខេលិប​បាន​ស្លាប់ ។ នៅពេល​ម៉ារីអូ​បាន​ប្រាប់​អាលីសៀ​ពី​ការស្លាប់​របស់​ខេលិប នាង​បានតក់ស្លុត ហើយ​ភ័យ​ដូច​ដែល​ពួកយើង​មួយ​ចំនួនធ្លាប់​បាន​ជួប ។ វា​​​ធ្វើ​ឲ្យ​នាង​ខ្លោចផ្សារចិត្ត ។ ដោយ​គាំង​ក្នុង​ការឈឺចាប់​ដ៏​មិន​អាច​រៀបរាប់​បាន អាលីសៀ​លែង​និយាយ លែង​កម្រើក ។

ប៊ីស្សព និង​ស៊ិស្ទើរ​ឈីលខូត​បាន​លើក​នាង​ឡើង ហើយ​ឱប​នាង​ភ្លាម ។ ពួកគេ​បាន​យំ ហើយ​ក្រសោប​ទុក្ខ​ជាមួយ​គ្នា​មួយ​រយៈ ។ រួច​ហើយ ប៊ីស្សព​ឈីលខូត​បាន​ផ្ដល់​ការប្រសិទ្ធពរ​មួយ​ដល់​អាលីសៀ ។

អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​គឺ​មិន​អាច​យល់​បាន​ឡើយ បើ​គ្មាន​ការយល់ដឹង​ខ្លះ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ​នោះ ។ ប៊ីស្សព​ឈីលខូត​បាន​ដាក់ដៃ​លោក​លើ​ក្បាល​អាលីសៀ​ថ្នមៗ ហើយ​ចាប់ផ្ដើម​និយាយ​ដោយ​សំឡេង​ញ័រ ។ អាលីសៀ​បាន​ឮ​រឿង​ពីរ ហាក់​ដូចជា​បាន​ថ្លែង​ដោយ​ព្រះ​ផ្ទាល់ ។ ទីមួយ នាង​បាន​ឮ​ឈ្មោះ​របស់​នាង អាលីសៀ សូសាន ស្រ៊ូឌើរ ។ រួច​ហើយ​នាង​បាន​ឮ​ប៊ីស្សព​អំពាវនាវ​ដល់​សិទ្ធិ​អំណាច​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ។ នៅ​រំពេច​នោះ—គ្រាន់តែ​ការ​ថ្លែង​ពី​ឈ្មោះ​នាង និង​ព្រះចេស្ដា​របស់​ព្រះ—អាលីសៀ​បាន​ពេញ​ដោយ​ភាព​សុខសាន្ដ សេចក្ដីស្រឡាញ់ ការលួងលោមចិត្ត និង អំណរ ដែល​ពុំ​អាច​ថ្លែង​បាន ។ ហើយ​វា​បាន​បន្ត​នៅជាមួយ​នឹង​នាង ។

ប្រាកដ​ណាស់​មក​ដល់​ពេល​នេះ​ក្ដី ក៏​អាលីសៀ ម៉ារីអូ និង​គ្រួសារ​របស់​ពួកគេ​នៅតែ​ស្ដាយ និង​នឹក​ដល់​ខេលិប ។ វា​ពិបាក់​ណាស់ ! ពេលណា​ដែល​ខ្ញុំ​និយាយ​ជាមួយនាង ​អាលីសៀតែង​មាន​ទឹកភ្នែករលីងរលោង កាល​នាងប្រាប់​ថា នាង​ស្រឡាញ់ និង​នឹក​កូនប្រុសតូច​របស់​នាង​ខ្លាំង​ណាស់ ។ ហើយ​នាង​នៅ​តែ​បន្ត​ស្រក់​ទឹក​ភ្នែក នៅពេល​នាង​ប្រាប់​ពីព្រះរំដោះ​ដ៏​មហិមា​បាន​គាំទ្រ​នាង​ឲ្យ​ឆ្លង​កាត់រាល់​ទុក្ខ​វេទនា​របស់​នាង ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ល្អ​ភ្លាមៗ​របស់​ទ្រង់​នៅ​ក្នុង​គ្រា​ដ៏​អស់​សង្ឃឹម​បំផុត​របស់​នាង ហើយ​ឥឡូវដោយ​បន្ត​ជាមួយ​នឹង​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ថ្លា​នៃ​ការ​រួបរួម​ដ៏​ផ្អែម​ល្ហែម​មួយ​ដែល « នៅ​មិន​យូរ​ថ្ងៃ​ប៉ុន្មាន​ទេ » ។

ខ្ញុំ​ដឹង​ថា ពេលខ្លះ​បទពិសោធន៍​ជីវិត​បង្កើត​ចលាចល ​ដែល​អាច​ធ្វើ​ឲ្យ​វា​ពិបាក​នឹង​ទទួល​យក ​ទទួល​ស្គាល់ ឬ​រក្សា​នូវ​ប្រភេទ​នៃ​ការរំដោះ​ដែល​បាន​កើតមាន​ដល់​អេមីលី និង​អាលីសៀ ។ ខ្ញុំ​បាន​ឆ្លងកាត់​គ្រា​បែប​នោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អំឡុង​ពេល​បែប​នេះ ការការពារ​របស់​យើង​តែ​មួយ​គត់​គឺជា​ការបង្ហាញ​ដ៏​ទន់ភ្លន់ និង​មាន​អំណាច​នៃ​សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ ។ សូម​ចាំ​ពី​អ៊ីស្រាអែល​សម័យ​បុរាណ ដែល​ត្រូវ​បាន​រំដោះ​នៅ​ទី​បញ្ចប់ « ដោយ​ព្រះ​ដដែល ជា​ព្រះ​ដែល​បាន​ថែរក្សា​ពួកគេ​ទុក » ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរំដោះ​ដ៏​មហិមា ហើយ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ខ្ញុំ​សូម​សន្យា​ថា នៅពេល​អ្នក​ត្រឡប់​ទៅ​កាន់​ទ្រង់​ដោយ​មាន​គោលបំណង​ពិត​ប្រាកដ និង​អស់​ពី​ចិត្ត នោះ​ទ្រង់​នឹង​រំដោះ​អ្នក​ចេញពី​អ្វីៗ​ដែល​គម្រាម​ចង់ កាត់បន្ថយ ឬ​បំផ្លាញ​ជីវិត ឬ​សេចក្ដីអំណរ​របស់​អ្នក​ចោល ។ ការរំដោះ​នោះ​អាច​ចំណាយ​ពេល​យូរ​ជាង​អ្វី​ដែល​អ្នក​ប្រាថ្នា—ប្រហែល​ជា​មួយ​ជីវិត ឬ​យូរ​ជាង​នេះ ។ ដូច្នេះ​ដើម្បី​ផ្ដល់​ការលួងលោម ភាព​ក្លាហាន និង​សេចក្ដី​សង្ឃឹម​ដល់​អ្នក ដើម្បី​គាំទ្រ និង​ពង្រឹង​អ្នក​ដល់​ថ្ងៃ​នៃ​ការរំដោះ​ចុងក្រោយ​នោះ ខ្ញុំ​សូម​សរសើរ​អ្នក និង​ថ្លែង​ទីបន្ទាល់​អំពី សេចក្ដី​ល្អ​សប្បុរស​ដ៏​ទាន់​ចិត្ត​នៃ​ព្រះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។