សុន្ទរកថាបញ្ចប់
សូមឲ្យយើងបូជាខ្លួនយើង និងបូជាជីវិតរបស់យើងសារជាថ្មីក្នុងការបម្រើព្រះ និងកូនចៅរបស់ទ្រង់— នៅទាំងសងខាងនៃវាំងនន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ នៅពេលយើងមកដល់ពេលបញ្ចប់សន្និសីទជាប្រវត្តិសាស្ត្រនេះ យើងសូមថ្លែងអំណរគុណព្រះអម្ចាស់ចំពោះការបំផុសគំនិត និងការការពាររបស់ទ្រង់ ។ សារលិខិតទាំងឡាយបានបង្រៀន និងស្អាងយើងឡើង ។
ប្រធានបទទាំងឡាយពុំបានចាត់ទៅឲ្យអ្នកឡើងនិយាយនោះទេ ។ ពួកគាត់ម្នាក់ៗបានអធិស្ឋានសូមវិវរណៈផ្ទាល់ខ្លួនក្នុងការរៀបចំសារលិខិតរបស់ពួកគាត់ ។ ចំពោះខ្ញុំ ប្រធានបទទាំងនោះគឺអស្ចារ្យណាស់ វាហាក់ដូចជាស៊ីសង្វាក់គ្នាយ៉ាងល្អ ។ នៅពេលបងប្អូនសិក្សាអំពីប្រធានបទទាំងនោះ សូមរៀននូវអ្វីដែលព្រះអម្ចាស់កំពុងព្យាយាមបង្រៀនដល់ បងប្អូន តាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។
តន្ត្រីគឺរុងរឿងណាស់ ។ យើងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតន្ត្រីករជាច្រើនដែលបានដាក់បញ្ចូលទេពកោសល្យរបស់ពួកគេជាមួយគ្នា ដើម្បីនាំព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅក្នុងសម័យប្រជុំនីមួយៗ ។ ហើយទ្រង់បានប្រទានពរដល់អ្នកអធិស្ឋាន និងក្រុមជំនុំនៅគ្រប់សម័យប្រជុំ ។ ប្រាកដណាស់ សន្និសីទគឺជាអាហារខាងវិញ្ញាណសម្រាប់យើងទាំងអស់គ្នា ។
យើងសង្ឃឹម និងអធិស្ឋានសូមឲ្យគេហដ្ឋានរបស់សមាជិកម្នាក់ៗនឹងក្លាយជាកន្លែងបរិសុទ្ធនៃសេចក្ដីជំនឿពិត ជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅ ។ ទោះជាមានការឈ្លោះទាស់ទែងនៅជុំវិញខ្លួនយើងក្ដី ក៏គេហដ្ឋានអាចក្លាយជាកន្លែងបរិសុទ្ធមួយ ដែលការសិក្សា ការអធិស្ឋាន និងសេចក្ដីជំនឿអាចដាក់បញ្ចូលជាមួយនឹងសេចក្ដីស្រឡាញ់ ។ យើងអាចក្លាយជាសិស្សពិតរបស់ព្រះអម្ចាស់ ដោយឈរជាសាក្សី និងការថ្លែងអំពីទ្រង់នៅគ្រប់កន្លែងដែលយើងរស់នៅ ។
ព្រះរាជបំណងរបស់ព្រះគួរតែជាគោលបំណងរបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យកូនចៅរបស់ទ្រង់ ជ្រើសរើស ត្រឡប់ទៅកាន់ទ្រង់វិញ ដោយរៀបចំខ្លួន មានគុណសម្បត្តិ ទទួលអំណោយទានពិសិដ្ឋ បានផ្សារភ្ជាប់ ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាដែលបានចុះនៅក្នុងព្រះវិហារបរិសុទ្ធ ។
ឥឡូវយើងមាន ១៦២ ព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសឆ្លង ។ ព្រះវិហារបរិសុទ្ធដំបូងៗគេឈរជាវិមានរំឭកសេចក្ដីជំនឿ និងទស្សនវិស័យនៃពួកអ្នកត្រួសត្រាយជាទីស្រឡាញ់របស់យើង ។ ព្រះវិហារបរិសុទ្ធនីមួយៗបានសង់ឡើងដោយពួកគាត់ ជាលទ្ធផលមកពីការលះបង់ និងការខិតខំផ្ទាល់ខ្លួនដ៏អស្ចារ្យរបស់ពួកគេ ។ ព្រះវិហារបរិសុទ្ធនីមួយៗឈរជារតនវត្ថុដ៏អស្ចារ្យមួយនៅលើមកុដនៃភាពជោគជ័យរបស់ពួកអ្នកត្រួសត្រាយ ។
ពួកយើងគឺមានការទទួលខុសត្រូវដ៏ពិសិដ្ឋមួយដើម្បីថែទាំព្រះវិហារបរិសុទ្ធទាំងនោះ ។ ហេតុដូច្នេះហើយ ព្រះវិហារបរិសុទ្ធត្រួសត្រាយទាំងនេះ មិនយូរមិនឆាប់នឹងទទួលបានការកែលម្អ និងធ្វើឲ្យស្រស់ស្អាតជាថ្មីក្នុងពេលមួយរយៈ ហើយព្រះវិហារបរិសុទ្ធមួយចំនួននឹងជួសជុលស្ដារឡើងវិញក្នុងលក្ខណៈខ្នាតធំ ។ កិច្ចខិតខំនឹងធ្វើឡើង ដើម្បីរក្សាការពារព្រះវិហារបរិសុទ្ធជាប្រវត្តិសាស្ត្រដ៏ពិសេសនីមួយៗទាំងនេះតាមដែលអាចធ្វើទៅបាន រក្សាទុកនូវភាពស្រស់ស្អាតដ៏បំផុសគំនិត និងហត្ថកោសល្យដ៏ពិសេសរាប់ជំនាន់កន្លងមកនោះ ។
ព័ត៌មានលម្អិតសម្រាប់ព្រះវិហារបរិសុទ្ធ សេនចច យូថាហ៍ បានចេញផ្សាយរួចហើយ ។ គម្រោងសម្រាប់ការជួសជុលព្រះវិហារបរិសុទ្ធ សលត៍លេក វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ និងអគារផ្លាស្សាដែលនៅជិតនឹងអគារការិយាល័យសាសនាចក្រនឹងត្រូវប្រកាសនៅថ្ងៃសុក្រទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ។
ព្រះវិហារបរិសុទ្ធ ម៉ាន់តៃ និងព្រះវិហារបរិសុទ្ធ ឡូហ្គិន យូថាហ៍ ក៏នឹងត្រូវធ្វើការជួសជុលនៅក្នុងឆ្នាំក្រោយៗផងដែរ ។ នៅពេលគម្រោងទាំងនេះត្រូវបានរៀបចំឡើង វានឹងត្រូវប្រកាសផងដែរ ។
កិច្ចការនេះនឹងតម្រូវឲ្យបិទព្រះវិហារបរិសុទ្ធមួយរយៈពេល ។ សមាជិកសាសនាចក្រអាចនឹងបន្ដរីករាយនឹងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធនៅជិតខាងផ្សេងៗទៀត ។ នៅពេលគម្រោងនីមួយៗត្រូវបានបញ្ចប់ ព្រះវិហារបរិសុទ្ធជាប្រវត្តិសាស្ត្រនីមួយៗ នឹងត្រូវឧទ្ទិសឆ្លងឡើងវិញ ។
បងប្អូនប្រុសស្រី យើងគោរពព្រះវិហារបរិសុទ្ធជាសំណង់អគារសាសនាចក្រដែលពិសិដ្ឋបំផុត ។ នៅពេលយើងប្រកាសអំពីគម្រោងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ថ្មី វាក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏ពិសិដ្ឋរបស់យើង ។ ឥឡូវ សូមស្ដាប់ដោយយកចិត្តទុកដាក់ និងដោយគារវភាព ។ បើខ្ញុំប្រកាសព្រះវិហារបរិសុទ្ធនៅក្នុងកន្លែងមួយដែលពិសេសចំពោះបងប្អូន ខ្ញុំសូមផ្ដល់យោបល់ឲ្យបងប្អូនគ្រាន់តែឱនក្បាលអធិស្ឋានដឹងគុណដោយស្ងប់ស្ងាត់នៅក្នុងចិត្តបានហើយ ។ យើងមិនចង់ឲ្យមានសំឡេងស្រែកហ៊ោរណាមួយចេញមករំខានដល់លក្ខណៈពិសិដ្ឋនៃសន្និសីទនេះ និងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ឡើយ ។
ថ្ងៃនេះ យើងរីករាយដើម្បីប្រកាសនូវគម្រោងសាងសង់ព្រះវិហារបរិសុទ្ធបន្ថែមទៀត ដើម្បីសង់នៅក្នុងទីតាំងដូចខាងក្រោម ៖
ប៉ាហ្គោ ប៉ាហ្គោ, អាមេរិកកាំង សាម័រ, អូគីណាវ៉ា ស៊ីធី អូគីណាវ៉ា, នីអាហ្វូ តុងហ្គា, ធូអេ វ៉ាលី យូថាហ៍, ម៉ូសេ លេក វ៉ាស៊ីងតុន, សាន ពេត្រូ សូឡា ហុងឌូរ៉ាស, អែនតូហ្វាហ្គាស្តា ឈីលី, ប៊ូដាប៉េស ហុងគ្រី ។
សូមអរគុណ បងប្អូនប្រុសស្រីជាទីស្រឡាញ់ ។
នៅពេលយើងនិយាយអំពីព្រះវិហារបរិសុទ្ធរបស់យើងទាំងចាស់ទាំងថ្មី សូមឲ្យយើងម្នាក់ៗបង្ហាញពីភាពសំខាន់ តាមរយៈសកម្មភាពរបស់យើងថា យើងពិតជាពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ សូមឲ្យយើងជួសជុលជីវិតរបស់យើងតាមរយៈសេចក្ដីជំនឿ និងការទុកចិត្តទៅលើទ្រង់ ។ សូមឲ្យយើងទទួលបានព្រះចេស្ដានៃដង្វាយធួនរបស់ទ្រង់តាមរយៈការប្រែចិត្តរបស់យើងជារៀងរាល់ថ្ងៃ ។ ហើយសូមឲ្យយើងបូជាខ្លួនយើង និងបូជាជីវិតរបស់យើងសារជាថ្មីក្នុងការបម្រើព្រះ និងកូនចៅរបស់ទ្រង់—នៅទាំងសងខាងនៃវាំងនន ។
ខ្ញុំសូមទុកសេចក្ដីស្រឡាញ់ និងពរជ័យរបស់ខ្ញុំនឹងបងប្អូន ដោយអះអាងនឹងបងប្អូនថា វិវរណៈគឺនៅបន្ដមានក្នុងសាសនាចក្ររបស់ព្រះអម្ចាស់នេះ ។ វានឹងបន្ដរហូតដល់ « គោលបំណងរបស់ព្រះ នឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមា នឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។
ខ្ញុំសូមផ្តល់ពរដល់បងប្អូន ហើយថ្លែងទីបន្ទាល់របស់ខ្ញុំថា ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ! នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ យើងគឺជារាស្ត្រទ្រង់ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។