ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ៖ តើ​អ្នក​នឹង​ជ្រើស​រើស​អ្វី?


2:3

យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ ៖ តើ​អ្នក​នឹង​ជ្រើស​រើស​អ្វី ?

ការ​ប្រជុំ​ស៊ី.អ៊ី.អេស សម្រាប់​យុវជម្ឈិម​វ័យ• ថ្ងៃ​ទី 6 ខែ​កញ្ញា ឆ្នាំ 2013 • សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់–រដ្ឋ​ហាវ៉ៃ

ភរិយា​ខ្ញុំ វែនឌី និង​ខ្ញុំ​​មាន​អំណរ​គុណ​ជាខ្លាំង​ដោយ​បាន​ជួប​អ្នក​រាល់គ្នា ។ ចេញ​ពី​មជ្ឈមណ្ឌលសកម្មភាព​ខានុន នៅ​បរិវេណ​នៃ​ប៊ី.វាយ.យូ-ហាវ៉ៃ យើង​​កំពុង​ចាក់​ផ្សាយ ​ដើម្បី​អបអរ​ដល់​យុវមជ្ឈិមវ័យ​នៅ​ទូទាំង​ពិភព​លោក ។ ​យើងសូម​ស្វាគមន៍​ជា​ពិសេស​ដល់​អ្នក​​ចូលរួម​ការប្រជុំ​ស៊ី.អ៊ី.អេស​​នេះ​ជា​លើក​ដំបូង ។ ពេល​អ្នក​ចុះ​ឈ្មោះ​ក្នុង​​វិទ្យាស្ថាន​នៃ​ការ​អប់រំ​ជាន់ខ្ពស់ អ្នកនឹង​ចង់​ចូលរួម​ក្នុង​ថ្នាក់​វិទ្យាស្ថាន និង​ការ​ប្រជុំ​ពិសេស​ទាំងឡាយ ដើម្បី​រក្សា​លំនឹង​ខាងវិញ្ញាណ​ចំពោះ​ការ​រៀនសូត្រ​ខាង​លោកិយ​របស់​អ្នក ។ ហើយ​បើ​អ្នក​នឹង​ទៅ​បេសកកម្មក្នុ​ងពេល​​ឆាប់ៗ នោះ​អ្នក​នឹង​មាន​អំណរគុណ​បំផុត ។ អ្នក​នឹង​នៅ​ក្នុង​ការបម្រើ​ពេញ​ម៉ោង​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​នាំមកជាមួយ​នូវ​ការ​សួរ​សុខទុក្ខ​សួរ និង​ក្ដីស្រឡាញ់​​ពីសំណាក់​ប្រធាន​ថូម៉ាស  អេស ម៉នសុន ប្រធាន ហិនរី  ប៊ី អាវរិង ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ និងមិត្ត​ជា​ទីស្រឡាញ់​របស់ខ្ញុំ​ក្នុង​កូរ៉ុម​ពួកសាវក​ដប់ពីរ​នាក់​ ។ ខ្ញុំ​ក៏នាំមក​នូវ​ការ​សួរ​សុខទុក្ខពី​សំណាក់ក្រុមប្រឹក្សា​ភិបាល​​នៃប្រព័ន្ធ​អប់រំសាសនាចក្រ និង​អែលឌើរ ផល  វី ចនសុន អភិបាល​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​​ផងដែរ ។

យើង​មាន​អ្នក​ឡើងនិយាយ​បី​រូប​ពីមុន​ក្នុង​ការប្រជុំ​ស៊ី.អ៊ី.អេស​​យើង​ក្នុង​ឆ្នាំ​នេះ ។ តើ​​នៅ​ចាំ​ពួក​លោកទេ ? ការ​និយាយ​របស់​ប្រធានឌៀថើរ  អេស្វ អុជដូហ្វមានចំណង​ជើង​ថា « តើ​ការ​ពិតជាអ្វី ? » លោក​បាន​បង្រៀន​យើង​ពី​របៀប​រក​សេចក្ដីពិត​ដ៏ប្រាកដក្នុង​ជំនាន់​មួយ ដែល​មាន​ព័ត៌មាន​​​ភាគ​ច្រើន​សុទ្ធ​តែ​មិន​ពិត ។ ការ​និយាយ​របស់​អែលឌើរ ដេវីឌ  អេ បែដណា គឺ « ដើម្បី​កុំ​ឲ្យ​យើង ‹​រួញ​​ខ្លាចឡើយ​› (គ និង​ស 19:18) » ។ លោក​បាន​ពង្រឹង​ខាង​វិញ្ញាណ​​យើង ​ពេល​លោក​បង្រៀន​យើង​ពី​របៀប​បង្កើន​ជំនឿ​​យើង តាមរយៈ​សំណួរ​ដ៏​មាន​អានុភាព​មួយ ដែល​បាន​ជួយ​ស្វាមីភរិយា​វ័យ​ក្មេងមួយ​គូ ដែល​ស្វាមី​មាន​​ជំងឺ​មហារីក ។ សំណួរ​​ដែល​បាន​សួរ​ដោយ អែលឌើរ បែដណា គឺ​ថា « តើ​អ្នក​មាន​ជំនឿ​ថាមិន ត្រូវ​បាន​ជា​ឬ​ទេ ? » អែលឌើរ វីល្លាម  អរ វ៉កឃើរ បាន​ពង្រឹង​ទីបន្ទាល់​​យើងពី​ការ​បម្រើ និង​គំរូ​ដែល​ឥត​​ផ្ទឹម​របស់​ប្រធានជា​ទីស្រឡាញ់​នៃយើង​ ថូម៉ាស  អេស. ម៉នសុន ។

ថ្ងៃ​នេះ ចំណង​ជើង​សារលិខិត​ខ្ញុំ​គឺ « យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ1 ៖ តើ​អ្នក​នឹង​ជ្រើស​រើស​អ្វី ? »

យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ អ្នក​គឺ​ជា​បុត្រា​បុត្រី​ពិត​របស់​ព្រះ បាន​កើត​ក្នុ​ងពេល​ពិសេស​នេះ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក សម្រាប់​គោលបំណង​ពិសិដ្ឋ​បំផុត​មួយ ។ ទោះ​ជាតម្លៃ​​សីលធម៌ និង​ សាសនា​ក្នុង​សង្គម​ហាក់​ដូចជា​ចុះ​អន់​ថយ ​នៅ​ទូទាំង​សាកល​លោក​ក្ដី ក៏​យុវវ័យ​នៃ​សាសនាចក្រ​នេះ ​គឺ​ជា​អ្នក​កាន់​បទដ្ឋាន​នៃ​ព្រះអម្ចាស់ ហើយ​ជា​ប្រភព​ពន្លឺ​ដើម្បី​ទាញ​ចិត្ត​អ្នក​ដទៃ​មក​រក​ទ្រង់​ដែរ ។ អត្តសញ្ញាណ និង​គោលបំណង​របស់​អ្នកគឺ​ពិសេស ។​

តើ​អត្តសញ្ញាណ​របស់​អ្នក​ជា​អ្វី ? អ្នក​ជា​កូន​ចៅ​នៃ​សេចក្ដី​សញ្ញា ។ សេចក្ដី​សញ្ញា​អ្វី ? ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ចុះ​ជា​មួយ​ឪពុក​អ័ប្រាហាំ ពេលលោក​​អ័ប្រាហាំ ត្រូវ​បាន​សន្យា​ថា « អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង » ។ 2 អ្នក​ក៏​ជា​កូន​នៃ​ជំនាន់​ដែល​បាន​សន្យា​នោះ​ផងដែរ 3 ជា​រយៈ​កាល​នេះ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក ពេល​ដែល​ដំណឹងល្អ​នឹង​ត្រូវ​ប្រកាស​យ៉ាង​ទូលំទូលាយ​ពេញ​ពិ​ភព​លោក ។

តើ​គោលបំណង​អ្នក​ជា​អ្វី ? បងប្អូន​ប្រុស អ្នក​ត្រូវ​បាន​តែងតាំង​ពីមុន​នៅ​ក្នុង​នគរ​ជីវិត​មុន​ជីវិត​នេះ ដើម្បី​កាន់​បព្វជិតភាព ។ 4 ចូរ​គិត​វា ! ហើយ​បងប្អូន​ស្រី​ជាទីស្រឡាញ់ អ្នក​ត្រូវ​បាន​ជ្រើសរើស​ តាំង​ពីមុន​បង្កើត​​ពិភពលោក ដើម្បី​បង្កើត​ ហើយ​មើល​ថែ​កូនចៅ​ព្រះ ហើយ​ពេល​ធ្វើ​ដូច្នោះ អ្នក​ផ្ដល់​សិរីល្អ​ដល់​ព្រះ ។ 5 បងប្អូន​ស្រី តើ​អ្នក​មានបាន​គិតវិនិច្ឆ័យ​ពីអត្ថន័យ​ពិត នៃ​ការ​ធ្វើ​ជា​អ្នក​បង្ក​បង្កើត​ជាមួយ​ព្រះ​ឬ​ទេ ?

យុវជន និង​យុវនារី អ្នករាល់គ្នា​ម្នាក់ៗ គឺ​ត្រូវ​បាន​ចាត់​ដោយ​ព្រះវរបិតាសួគ៌ ដើម្បី​ស្ថាបនា​នគរ​ព្រះ​លើ​ផែនដី​ឥឡូវ​នេះ ហើយ​រៀប​ចំ​រាស្ត្រ​ទទួល​ព្រះអង្គសង្គ្រោះ ពេល​ទ្រង់​នឹង​គ្រង​រាជ្យ ជា​ព្រះមែស៊ី​ក្នុងសហសវត្ស ។ សិទ្ធិ​ពីកំណើត​ដ៏​ថ្លៃ​ថ្នូ​រ​ អត្តសញ្ញាណ គោលបំណង និង​​ការ​ចាត់​តាំង​ដ៏ទេវភាពរបស់​អ្នក​ បាន​ញែក​អ្នក​ចេញ​ពី​អ្នក​ដទៃទៀត​ទាំងអស់ ។

ប៉ុន្តែ​សិទ្ធិពីកំណើត​ ការតែងតាំង​ពី​ជីវិត​មុន​ និង​ការ​ចាត់​តាំងរបស់​អ្នក ពុំ​អាច​សង្គ្រោះ​ ឬ​លើក​តម្កើង​អ្នក​បាន​ទេ ។ អ្នក​នឹង​បាន​សង្គ្រោះ ហើយ​លើក​តម្កើង តាមរយៈ​ការ​សម្រេច​ចិត្ត​ជា​បុគ្គល​របស់​អ្នក និង​​នៅពេល​អ្នក​ជ្រើស​រើស​ទទួល​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​មក​ក្នុង​ជីវិត​​អ្នក ។ នោះ​អ្នក​ដឹង​ថា « ព្រលឹង​គ្រប់រូប​មាន​សិទ្ធិសេរីភាព​​ជ្រើស​រើស​​ចំពោះ​ជីវិត​គាត់ និង​​ការ​​ប្រែ​ក្លាយរបស់គាត់ » ។ 6 គោលការណ៍នៃសិទ្ធិ​ជ្រើសរើស​​​ដ៏អស់កល្ប​មហិមា​នោះ មាន​តម្លៃ​ចំពោះ​ផែនការ​នៃ​ព្រះបិតា​យើង ។ ដូច្នេះ យុវវ័យ​នៃ​សិទ្ធិ​ពី​កំណើត​ដ៏​ថ្លៃ​ថ្នូរ ៖ តើ​អ្នក​នឹង​ជ្រើស​រើស​អ្វី ?

តើ​អ្នក​នឹង​ជ្រើសរើសឲ្យ​មាន​ចំណេះ​ចម្រើនឡើង​ឬ ?

ការ​អប់រំ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទទួល ។ គ្មាន​នរណា​ផ្សេង​អាច​ទទួល​វា​សម្រាប់​អ្នក​ទេឡើយ ។ មិន​ថា​អ្នក​នៅ​កន្លែង​ណា​ទេ សូម​បង្កើត​នូវ​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​រៀនសូត្រ ។ ចំពោះ​យើង ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ​ទទួល​បាន​ការ​អប់រំ​ពុំ​មែន​គ្រាន់​តែ​ជា​ឯក​សិទ្ធិ​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការទទួល​ខុសត្រូវ​ខាង​សាសនា​មួយ​ផងដែរ ។ សិរីល្អ​នៃ​ព្រះ​គឺ​ជាបញ្ញា ។ 7 ប្រាកដណាស់ ការអប់រំ​របស់​យើង​នឹង​នៅ​យូរអង្វែង​ដល់​អស់កល្បជានិច្ច ។

« គោលការណ៍​នៃ​បញ្ញាណា​ក៏ដោយ ដែល​យើង​បាន​នៅ​ក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើង​វិញ ។

« ហើយ​បើ​សិន​ជា​អ្នក​ណា​មួយ​បាន​ចំណេះ​វិជ្ជា និង​បញ្ញា​ច្រើន​ជាង​អ្នក​ផ្សេង​នៅ​ក្នុង​ជីវិត​នេះ … អ្នក​នោះ​នឹង​បាន​ប្រៀប​ច្រើន​នៅ​ពិភព​ខាង​មុខ » ។ 8

ទស្សនៈរយៈពេល​យូរ​ដូច្នោះ នឹង​ជួយ​អ្នក​ធ្វើ​ការ​ជ្រើសរើស​ល្អពី​ការអប់រំ ។ មែនហើយ ខ្ញុំ​នៅចាំ​ពី​ការ​សន្ទនា​មួយយូរ​ហើយ ជាមួយ​សិស្ស​វិទ្យាល័យដ៏​ពូកែ​ម្នាក់​អាយុ 16 ឆ្នាំ​ ។ គាត់​ពុំ​ច្បាស់​ពី​ការតាំងចិត្ត​ខាង​សាសនា​របស់​គាត់​ទេ ហើយ​ក៏​ពុំ​បាន​សម្រេច​ចិត្តពី​អាជីព​គាត់​ដែរ ។ គាត់​បាន​ងឿង​ឆ្ងល់ពី​លទ្ធភាព​នៃ​ការ​ក្លាយ​ជា​គ្រូពេទ្យ​ម្នាក់ ។ មាន​គ្រា​មួយ គាត់​បាន​សួរ​ខ្ញុំ​សំណួរ​សាមញ្ញមួយ​ថា ៖ « តើលោក​បាន​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ក្លាយ​ជា​គ្រូពេទ្យ​វះកាត់​បេះដូង ? »

ខ្ញុំ​បាន​គណនា​ក្នុង​គំនិត​ភ្លាមៗថា ៖ « ​តាំង​ពី​ខ្ញុំ​បាន​បញ្ចប់​វិទ្យាល័យ​រហូតដល់​ពេល​ខ្ញុំទទួល​បាន​ប្រាក់​ខែ​ដំបូង​ជា​​​គ្រូពេទ្យវះកាត់ នោះ​ខ្ញុំ​ចំណាយ​ពេលអស់​ 14 ឆ្នាំ »

គាត់​តប​ថា « អូ៎ ! ​យូរ​ណាស់​សម្រាប់​ខ្ញុំ ! »

រួច​ខ្ញុំ​បាន​សួរ​ថា « តើ​អ្នក​នឹង​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ ក្នុង​រយៈពេល 14 ឆ្នាំ​ ចាប់ពីឥឡូវ​នេះ​ទៅ បើ​អ្នក​មិន​ក្លាយ​ជា​គ្រូ​ពេទ្យ​វះកាត់​ទេ​នោះ ? »

គាត់​តប​ថា « នៅ​តែ​ដដែល » ។ « នៅ​តែ​ដដែល​ហ្នឹង ! »

ខ្ញុំ​ចាប់​អារម្មណ៍​ពិសេស​ចំពោះ​យុវជន​ម្នាក់​នេះ ។ ជួន​កាល ខ្ញុំ​បាន​ដឹក​គាត់នៅព្រឹកព្រលឹម ពេលគាត់​​​ទៅ​បោះ​កាសែត ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ជំនឿ​គាត់​បាន​រឹងមាំ​ឡើយ ។ គាត់​ជា​អ្នក​ផ្សាយសាសនា​ដ៏​មាន​អានុភាព ។ គាត់​បាន​សម្រេច​ចិត្ត​តស៊ូ​ក្នុង​គោលដៅ​ការ​អប់រំ​របស់​អ្នក ។ ដំបូង​ឡើយ គាត់​​បាន​រៀបការ​នឹង​នារីកំណាន់​ចិត្ត​គាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ រួចហើយ ពេល​គាត់​សិក្សា​ផ្នែកឱសថ និង​វះកាត់ នោះ​ពួកគេ​បាន​មាន​កូន​បួន​នាក់​ដ៏ល្អ ។ ឥឡូវ គាត់​បាន​ទទួល​បរិញ្ញាបត្រ​ពេញ​លេញ​ជា​អ្នក​វះកាត់​ផ្នែក​បេះដូង--បន្ទាប់​ពី​ការ​សិក្សា​ និង ការហ្វឹក​ហ្វឺន​អស់​រយៈ​ពេល 14 ឆ្នាំ ។

បងប្អូន​ប្រុសស្រី ចូរ​កុំ​ខ្លាច​ក្នុង​ការ​តោងចាប់​​គោលដៅ​អ្នក​ឡើយ-- ទោះ​ជា​សុបិន​អ្នក​ក្ដី ! គ្មាន​ផ្លូវ​កាត់​ណា​ដើម្បី​បាន​ឧត្ដមភាព និងមាន​សមត្ថភាព​នោះ​ទេ ។ ការអប់រំ​គឺ​ខុស​ប្លែក​ពី​ការ​ប៉ងប្រាថ្នា អ្នក​អាច​ជួយ​អ្នកដទៃ និង អាច ជួយ​ដល់​ពួកគេ ។

នេះ​ជា​សំណួរ​មួយទៀត ៖ តើ​អ្នក​នឹង​ជ្រើស​រើស​ការ​រស់​នៅ​លក្ខណៈ​ណា ?

ក្នុងនាម​ជា​យុវវ័យ​នៃ​សិទ្ធិពីកំណើត​ដ៏​ថ្លៃ​ថ្នូរ អ្នក​ត្រូវ​បាន​រំពឹងឲ្យ​រស់​នៅ​ខុស​ប្លែក​ពី​អ្នកដទៃ ។ អ្នកដឹង​នូវ​អ្វី​ដែល​ប៉ុល​និយាយ​ទៅ​យុវជន​ធីម៉ូថេ​ថា ៖ « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿដោយ​ពាក្យ​សម្ដី និង​សេចក្ដីបរិសុទ្ធ » ។9 សូម​ជ្រើស​យក​ការ​គិត និង​ទង្វើរ​ខុសប្លែក​ពី​មនុស្ស​ក្នុង​ពិភពលោកនេះ ។ ដូចស៊ីស្ទើរ អាឌីស  ជី ខាប មាន​គ្រា​មួយ​បាន​និយាយ​ថា « អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​សង្គ្រោះ​ជីវិត​បាន​ឡើយ បើ​អ្នកមាន​រូបរាង​ដូចនឹង​ពួ​ក​អ្នក​ហែល​ទឹក​ផ្សេងទៀត​នៅ​លើ​ឆ្នេរ​នោះ » ។ 10

ក្នុងនាមជាយុវវ័យដែល​មាន​សិទ្ធិពីកំណើតថ្លៃថ្នូរ នោះ​អ្នក​មាន​ការ​ចាប់ផ្ដើម​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត ។ តែ​អ្នក​ក៏​មាន​នូវ​ទំនួល​ខុសត្រូវ​បន្ថែម​ទៀត​ផង​ដែរ ។ « ត្បិត​ដល់​អ្នកណា​ដែល​ត្រូ​វបាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ » ។11 ផ្នែក​នៃ​តម្រូវការ​នោះគឺ​ការ​ក្លាយ​ជា​ទ័ព​ថ្មី​ម្នាក់ ។ ​តើ​អ្នក​ធ្លាប់គិត​ពី​ខ្លួន​ឯង​ថា​ជា​ទ័ព​ថ្មី​ម្នាក់ទេ ? ពេល​អ្នក​ជ្រមុ​ជទឹក អ្នកចុះ​ឈ្មោះ​ជា​ថ្មី​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់ ។12 ពី​មុ​នជីវិត​នេះ​ អ្នក​បាន​ឈរ​ក្បែរ​ព្រះយេស៊ូវ គ្រីស្ទ​ក្នុង​ចម្បាំង​នៅ​ស្ថានសួគ៌ ។ ហើយ​ឥឡូវនេះ ចម្បាំង​រវាង​កម្លាំង​នៃ​អំពើ​ល្អ និង​អំពើ​អាក្រក់បាន​បន្ត​នៅ​លើ​ផែនដី ។ វា​ពិត ! ចម្បាំងនោះ​ដែល​យើង​ចូល​រួម​នៅ​ពេល​នេះ​គឺ​នៅ​តែ​រវាង​កម្លាំង​នៃ​អំពើ​ល្អ និង​អំពើ​អាក្រក់ ។13 នៅ​ខាង​ព្រះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​តែងតាំងទុក​ជា​មុន​ជា​ព្រះអង្គសង្គ្រោះ​នៃពិភពលោក ។14 រីឯ​ម្ខាង​ទៀត​គឺ​សាតាំង---ជា​អ្នក​បះបោរ---​ជា​អ្នក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស ។15

ផែនការ​របស់​ព្រះអនុញ្ញាត​ឲ្យ​មារ​សត្រូវ​ល្បួង​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​អនុវត្ត​សិទ្ធិ​ជ្រើសរើសអ្នក ​ជ្រើស​ល្អជំនួស​អាក្រក់ ​ជ្រើស​ប្រែចិត្ត ​ជ្រើស​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជឿ​លើ​ការ​បង្រៀន​ទ្រង់ ព្រមទាំងធ្វើ​តាម​គំរូ​ទ្រង់ ។ ឱ ! ​នេះ​ជា​ការទទួល​ខុសត្រូវ​ និង​ជាទំនុកចិត្ត​ដ៏​ធំ​ធេង​​ណាស់ !

សេរីភាព​ជ្រើស​រើស​អ្នក​គឺ​បាន​ពន្យល់​យ៉ាង​ច្បាស់​ក្នុង​ព្រះគម្ពីរ​មរមន​ថា ៖ « មនុស្ស​លោក​មាន​សេរីភាព​ស្រប​តាម​សាច់​ឈាម ។… ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​​កល្ប​ជានិច្ច​…  ឬ​ក៏​រើស​យក​ការ​ជាប់​ឃុំឃាំង និង​ការស្លាប់​ស្រប់​តាម​ការ​ជាប់​ឃុំឃាំង និង​អំណាច​របស់អារក្ស ត្បិត​វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូចវា​ដែរ » ។16  ឥឡូវ​ តើ​អ្នកនឹងរើស​យក​អ្វី ?

ខ-មួយ​ទៀត​បង្ហាញ​ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គលឡើយ » ។17 យុវវ័​យ​ជាច្រើន​បាន​ព្យាយាម​ល្បង​សេចក្ដីពិត​នោះ ហើយ​បរាជ័យ​គ្រប់​ពេល ។

សេរីភាព​អ្នក​ដើម្បី​ធ្វើ​ដោយ​ខ្លួន​​ឯង គឺ​សំខាន់​ចំពោះ​ការ​រីកចម្រើ​​ន និង​សុភមង្គលអស់កល្ប​របស់អ្នក ដែល​មារសត្រូវ​បាន​ខិតខំយ៉ាង​ខ្លាំង ​ដើម្បី​ធ្វើ​ឲ្យ​វា​ចុះ​ខ្សោយ ។ 18 សាតាំង​ពិត​ជា​ខិត​ខំ​មិន​ខ្លាច​នឿយ​ហត់ គឺ​វា​មិន​ដេក​ពួន​ឡើយ ។ អ្នករាល់គ្នា​ជាច្រើន​ធ្លាប់ជួបវា​រួចហើយ !

នេះ​ជា​សំណួរ​មួយ​ទៀត ៖ តើ​អ្នក​នឹង​បង្កើត​អាទិភាព ​ដើម្បី​ជួយ​អ្នក​ធ្វើ​ការ​ជ្រើសរើស​ក្នុង​ជីវិត​ដែរ​ទេ ?

ការ​ជ្រើសរើស​អ្នក​នឹង​ពុំ​មែន​រវាង​អំពើល្អ និង​អំពើ​អាក្រក់​ទាំងអស់​នោះ​ទេ ។ ​មនុស្ស​ជាច្រើន​នឹង​ជ្រើសរើស​រវាង​ជម្រើសល្អ​ពីរ ។ រាល់សេចក្ដីពិត​ពុំ​​បង្កើត​ឡើង​ដូចគ្នា​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ដាក់​អាទិភាព ។ ក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង​របស់​អ្នក សូម​ដឹង​ថា សេចក្ដីពិត​​ដ៏សំខាន់​បំផុត​ដែល​អ្នក​អាច​រៀន បាន​មក​ពី​ព្រះអម្ចាស់ ។ ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សម្រាប់​ពួក​សិស្ស​ទ្រង់ ព្រះអម្ចាស់ផ្ទាល់​បាន​បញ្ជាក់​ពី​ការណ៍​នេះ ។ ទ្រង់​មាន​បន្ទូល​ថា « នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។19 ម្យ៉ាងវិញ​ទៀត ក្រៅ​ពីការ​ព្យាយាម​រៀនសូត្រ ចូរ​ព្យាយាម​ស្គាល់ព្រះ ជា​ព្រះវរបិតា​សួគ៌​អ្នក និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​មក​ស្គាល់​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់​ដូចជា​ខ្ញុំ ។

បទគម្ពីរ​មួយ​ទៀត​ស្ដីពី​អាទិភាព​បាន​ជួយ​ខ្ញុំក្នុង​ជីវិត​ខ្ញុំ គឺ​បទគម្ពីរ​មួយនេះ ៖ « ចូរ​កុំ​ស្វែង​រក​អ្វីៗ​នៃ​លោកិយ​នេះ​ឡើយ ប៉ុន្តែ​ចូរ​ស្វែងរក​ដើម្បី​កសាង​នគរ​ព្រះ ហើយ​ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុនសិន ទើប​គ្រប់​របស់​ទាំងនេះ​នឹង​ត្រូវបាន​ប្រទាន​ដល់​អ្នក​ថែម ទៀត » ។ 20

លើស​ពី​អ្វី​ផ្សេងទៀត​ក្នុង​ពិភពលោកនេះ អ្នកគួរតែ​ជ្រើសរើស​អ្វី​ដែល​ដឹកនាំ​ទៅកាន់​ជោគ​វាសនានៃ​ជីវិត​អស់កល្ប​រុងរឿង​ដ៏​ខ្ពស់បំផុត ។ នោះ​ជា​សិរីល្អ​ធំជាង​គេ​របស់​ព្រះ​សម្រាប់ អ្នក ។21 សូម​ជ្រើសយក​ជីវិត​អស់កល្ប​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ! សូម​សិក្សា​ព្រះគម្ពីរ ដូចជា​កណ្ឌ 76 និង  88 ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ដើម្បី​យល់​បន្ថែម​ពី​ពរជ័យ​ផ្សេងគ្នា​​ដែល​កំពុង​រង់ចាំ​អ្នក​ដែល​ជ្រើសយក​ជីវិត​អស់កល្ប និង​អ្នក​ដែល​បដិសេធ ។ សូម​ជ្រើស​យក​ជីវិត​អស់កល្ប​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​កត់សម្គាល់​ពី​របៀប​ដែល​ការ​ជ្រើស​រើស​ផ្សេងទៀត​បាន​កើត​ឡើង​យ៉ាង​ងាយ ។

សំណួរ​មួយ​ទៀត ៖ តើ​អ្នក​នឹង​ជ្រើស​រើស​សេព​គប់​មនុស្ស​បែបណា ?

ក្នុង​នាម​ជា​យុវវ័យ​ដែល​មានសិទ្ធិ​ពីកំណើត​ថ្លៃ​ថ្នូរ អ្នក​នឹង​​សេពគប់​នឹង​មនុស្ស​ល្អ​ជាច្រើន​ដែល​ជឿ​លើ​ព្រះ​ដែរ ។ មិនថា​ពួកគេ​ជា​សាសនា​យូដា កាតូលីក ប្រូតេស្ដង់ ឬ​ម៉ូស្លីម​ទេ ពួក​អ្នក​ជឿ​ដឹង​ថា​មាន​សេចក្ដីពិត ។ ក្នុង​សារលិខិតពីលើក​មុន​របស់​ប្រធាន អុជដូហ្វ លោក​បាន​បញ្ជាក់ថា ការ​ខុស និង​ត្រូវ​គឺ​ពិត​ជា​មាន ហើយ​ការ​មិន​គោរព​ព្រះបញ្ញត្តិ​មួយ​ដោយ​ចេតនា​គឺ​ពិត​ជា​អំពើ​បាប ។ ពួក​អ្នកជឿ​លើ​ព្រះ​ក៏​មាន​សតិ​មួយ​ដែរ ។ ពួក​អ្នក​ជឿ​គោរព​ច្បាប់​មនុស្ស និង​ច្បាប់​ព្រះដោយ​ស្ម័គ្រ​ចិត្ត ទោះ​ជា​ច្បាប់នោះមិន​អាច​ប្រតិបត្តិតាម​បាន​ក្ដី ។

ជាមួយ​ការ​តាំងចិត្ត​របស់​អ្នក​ដើម្បី​គោរព​ច្បាប់មនុស្ស និង​ច្បាប់ព្រះ នោះ​អ្នក​នឹង​ឈប់​នៅ​ត្រង់​ភ្លើង​ពណ៌ក្រហម ទោះ​ជា​គ្មាន​ចរាចរ​ពី​ផ្នែក​ម្ខាង​ទៀត​ក្ដី ។ ក្នុងនាម​ជាកូនចៅ​នៃ​ព្រះ ទោះ​ជា​នគរបាល​មិន​បាន​ចាប់​អ្នក​ ទោះ​ជា​អ្នក​បាន​លួច ធ្វើឃាត ឬ​ធ្វើ​អំពើ​កំផឹត​ក្ដី អ្នក​ដឹង​ថា ទង្វើរ​ទាំងនេះ​ខុស​ ហើយ​ថា​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​ខុសត្រូវ ។ អ្នក​ដឹងថា លទ្ធផល​ចំពោះ​ការ​មិន​ប្រតិបត្តិតាម​គឺ​មាន​ដល់​ភាព​អស់កល្ប ពុំ​មែន​ត្រឹមតែ​ខាង​សាច់​ឈាម​នោះ​ទេ ។

នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ក្នុង​ជីវិត អ្នក​ក៏​នឹង​ជួប​មនុស្ស​ដែល​មិន​ជឿព្រះ​ផងដែរ ។ ពួកគេ​ភាគ​ច្រើន​ពុំ​ទាន់​ស្វែង​រក​ឃើញ​សេចក្ដី​ពិត​ពី​ព្រះនៅឡើយ ហើយ​មិ​នដឹង​ពី​ទីកន្លែង​នឹង​រក​វា ។ តែ​អ្នកដែល​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើតថ្លៃថ្នូរ​នឹង​ជួយ​សង្គ្រោះ​ដល់​ពួកគេ ។ ក្នុង​ចំនួន​ដ៏​ធំ អ្នក​កំពុង​ប្រមូល​ផ្ដុំ​គ្នា​តាម​សំណើរ​របស់​ព្យាការី​នេះ​ព្រះ សម្រាប់​ការ​មាន​ពួក​អ្នក​ផ្សាយ​សាសនា​ដ៏​ច្រើន ។ យើង​មាន​អំណរ​ជា​ខ្លាំងចំពោះ​ពួកគេ​ម្នាក់ៗ ! អ្នករាល់គ្នា​ភាគច្រើន​បាន​បម្រើ​រួចហើយ រីឯ​អ្នក​ផ្សេងទៀត​កំពុង​រៀបចំ​ខ្លួន​ចេញ​ទៅ ។

នៅ​ពេល​អ្នក​សេពគប់​នឹង​ពួក​អ្នក​មិន​ជឿ​ព្រះ ចូរ​ប្រុង​ប្រយ័ត្ន​ថា ពួក​គេ​មួយ​ចំនួន​អាច​នឹង​មិន​ខ្វល់ពីចំណាប់អារម្មណ៍​ក្នុង​ចិត្ត​អ្នកឡើយ ។22 រំពេច​ណា​អ្នកធ្វើ​ការ​វិនិច្ឆ័យ ហើយ​ដឹង​ពី​ការណ៍​នោះ--- សូម​ចាកចេញ​ពី​ពួកគេភ្លាម ហើយ​ជា​រៀងរហូត ។23

ជា​អកុសល អ្នក​នឹង​ជួប​មនុស្សដែល​ ​ការ​ស្វែងរក​​សុភមង្គល​​របស់​ពួកគេ​ហាក់​ដូចជា​កំពុង​​នាំ​ពួកគេ​ចុះ​ទៅចំណោត​រអិល​នៃ​អំពើបាប ។ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ចំណោត​រអិល​នោះ ! រាល់ភាពរីករាយ​ក្នុង​អំពើបាប​គឺ​មានរយៈពេល​ខ្លី ហើយការ​ចងចាំ​​ដ៏អាក្រក់​របស់​វានឹង​អន្ទង​តាមរយៈការ​ព្រួយ និង​កំហុស ។ ទង្វើរខុសឆ្គង​នៃ​ភាពស្និទ្ធស្នាល​ ​ធ្វើឲ្យ​ខូច​អ្វីៗដែល​បាន​រៀបចំឡើង​ដោយ​ព្រះ​ដើម្បី​រួបរួម​ប្ដី​និងប្រពន្ធ​ វា​គឺជា​តម្រាប់ក្លែង​ក្លាយ ។ បទពិសោធន៍​មិន​ស្រប​ច្បាប់​នីមួយៗគឺ​បាន​ដក​យក​ចេញ​នូវអត្ថន័យ​ជ្រាលជ្រៅ និង​ការ​ចងចាំ​ផ្អែម​ល្ហែម ។​

សំណួរ​មួយ​ទៀត ៖ តើ​អ្នក​នឹង​ជ្រើស​យកសេរីភាព ឬ​ការ​ជាប់ឃុំឃាំង ?

កម្លាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ ។ អ្នកកំពុងរស់នៅ​ក្នុង « ដែនដី​ដែល​សត្រូវ​កាន់កាប់ » ។ ​24​ ជំងឺ​នៃ​រូបអាសគ្រាម​ដ៏​អាក្រក់​កើត​មាន​ពាសពេញ ។ វា​ដាក់​អន្ទាក់​ដល់​អស់​ជន​ដែល​ងាក​ទៅ​រក​ឥទ្ធិ​ពល​អាក្រក់​របស់​វា ។

ការណ៍​នេះ​បាន​ឃើញ​ជា​មុន​ដោយ​ព្រះអម្ចាស់ ដោយ​ទ្រង់​មានបន្ទូល​ថា « ហើយ​ឥឡូវ​នេះ យើង​បង្ហាញ​ដល់​អ្នក​នូវ​សេចក្ដី​អាថ៌កំបាំង​មួយ​ ជា​ការណ៍​ដែល​មាន​នៅ​ក្នុង​បន្ទប់សម្ងាត់ ដើម្បី​នាំ​ឲ្យ​កើត​មាន​សេចក្ដី​បំផ្លិច​បំផ្លាញ​ដល់​អ្នក កន្លង​ពេល​ក្រោយ​មក ហើយ​អ្នក​រាល់គ្នា​ពុំ​បាន​ដឹង​សោះ » ។25  រួចទ្រង់បាន​បន្ថែម​ការ​ព្រមាន​ទីពីរ​ថា ៖ « ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នកថា ខ្មាំង​សត្រូវ​ដែល​នៅ​ក្នុង​បន្ទប់​សម្ងាត់​កំពុងតែ​ស្វែង​រក​ជីវិត​របស់​អ្នក » ។26

សូម​ពិចារណា​ពី​របៀប​ដែល​មនុស្ស​ជា​ច្រើន ក្នុងបន្ទប់សម្ងាត់ជាច្រើន​កំពុងស្វែងរក​បំផ្លាញ​ជីវិត​ និង​សុភមង្គល​អ្នក​នៅ​ពេល​នេះ ! បងប្អូន​ប្រុសស្រី​ បើ​អ្នក​មើល​រូប​អាសគ្រាម សូម​ឈប់​ឥឡូវ​នេះ ។ សូម​បញ្ឈប់​វា​ទាំងស្រុង ។ វា​អាក្រក់​ដូចជាជំងឺ​ឆ្លង ញៀន​ដូចជា​ថ្នាំ ហើយកាត់​ដូចជា​ទឹកអាស៊ីត ។

ការ​ល្បួង​ខាង​រូបកាយ​ពុំ​មែន​ជារឿង​ថ្មី​នោះទេ ។ សាវក​ពេត្រុស​បាន​ព្រមាន​ពី​អន្ទាក់​ដូចគ្នានេះ​ ពេល​គាត់​សរសេរ​ថា ៖

« គេ...បិទនុយ​ប្រកប​ដោយ​សេចក្ដីសម្រើប​ខាង​សាច់​ឈាម… ម្បី​ចាប់ពួក​អស់​អ្នក​ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង ។ …

« ទាំងសន្យា​ឲ្យ​អ្នក​ទាំងនោះ​បាន​សេរីភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវបម្រើរបស់​ពួក​ពុក​រលួយ​វិញ ត្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ » ។27

សូម​ជៀស​ពីការ​ជាប់ឃុំឃាំងនោះ ឱ បងប្អូន​ប្រុសស្រី​​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ។ បើ​អ្នកកំពុង​មើល​រូបអាសគ្រាម​នៅ​ពេល​នេះ សូម​បញ្ឈប់វា ! សូម​ឈប់ឥឡូវនេះ ! សូម​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព​អ្នក ។ គ្មាន​នរណា​ម្នាក់​ឆ្លាតគ្រប់គ្រាន់ដើម្បី​វាយ​សត្រូវ​ដោយ​ខ្លួន​ឯង​ឡើយ នៅ​ពេល​ពួកគេ​ត្រូវបាន​បំពុល​ដោយ​រូបអាសគ្រាម​នោះ ។

ឥឡូវ ខ្ញុំ​សុំ​ចូល​ទៅ​សំណួរ​សំខាន់​មួយ​ទៀត ៖ តើ​អ្នក​នឹង​ជ្រើស​ដើរ​តាម​ព្រះអម្ចាស់ ឬ​គំនិត​របស់​មនុស្ស ?

ឧទាហរណ៍ ការ​វែកញែក​ដែល​ថា ផែនដីនេះ​មាន​ចំនួន​មនុស្ស​លើស​ចំណុះ​យ៉ាង​ខ្លាំង ហើយ​គូស្វាមីភរិយា​គប្បី​ដាក់កំណត់​នូវ​ចំនួន​កូន​ដែល​ត្រូវ​មាន ។ តើ​អ្នក​ធ្លាប់ឮ​ការណ៍​នោះ​ទេ ? តែនៅ​ឯសមាជពិភពលោក​មួយ​ស្ដីពី​គ្រួសារ ក្នុង​ឆ្នាំ 2009 ស៊ិស្ទើរ នែលសុន និង​ខ្ញុំ​បាន​ឮ​​អ្នក​ប្រាជ្ញ​ម្នាក់ បានធ្វើ​សេចក្ដីថ្លែង​ការណ៍​មួយ​យ៉ាង​ល្អ ។ គាត់​និយាយ​ថា ​បុរសស្ត្រី​ និង​កុមារ​ម្នាក់ៗ​ដែល​រស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះត្រូវបាន​ផ្ដល់​ដីមួយ​ពាន់​ម៉ែត្រការេ ប្រជាជន 700​ លាន​នាក់​នឹង​ល្មម​សម្រាប់​ប្រទេស​ប្រស៊ីល ដោយ​មានផ្ទៃដី​ 20 ភាគ​រយ​ទៀត​ក្នុង​ប្រទេស​ប្រស៊ីល​នៅ​សល់ ។28 ​តើ​នេះ​មាន​ន័យ​ថាផែនដី​មាន​មនុស្ស​លើស​ចំណុះ​ឬ ?

ខ្ញុំ​បាន​មើល​ការ​គណនា​នោះ ។ វា​ត្រឹមត្រូវ ។ ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ជឿ​លើ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា « ផែនដី​បាន​ពោរពេញ ហើយ​មាន​បរិបូរគ្រប់គ្រាន់ និង​នៅ​សល់​ទៀត​ផង » ។29

ការ​ពិត​មួយ​ទៀត​គឺ​ថា ​អ្នក​រស់​នៅ​ក្នុង​គ្រា​មួ​យដែល​ការ​អត់ការងារ​ធ្វើ​មាន​អាត្រា​ខ្ពស់ ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោកមាន​ភាព​មិន​ប្រាកដ​ប្រជា ។ ដំណោះ​ស្រាយ​ខាង​លោកិយ​មួយ​ត្រូវ​ស្វែងរកការ​ផ្លាស់ប្ដូរ​ក្នុង​ផែនការ​របស់​ព្រះ ។ តែ​យើង​ដឹង​ថា អាពាហ៍ពិពាហ៍ និង​គ្រួសារ​រឹងមាំពិ​តជា​ជួយ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ។ ហើយយើង​មិន​ឯកោ​ក្នុង​អារម្មណ៍​ទាំងនោះ​ឡើយ ។

សាស្ត្រាចារ្យ បណ្ឌិត ផាទ្រីស  អែហ្វ. ហ្វាហ្គាន 30 បាន​សរសេរ​ថា ៖ « គ្រឹះ​ដ៏សំខាន់​ដែល​ជោគវាសនានៃ​សេដ្ឋកិច្ច​ពឹង​អាស្រ័យ​គឺគ្រួសារ​ដែល​រៀបការ---ជាពិសេសគ្រួសារ​កូនច្រើន​ដែល​ថ្វាយ​បង្គំ​ព្រះ​រាល់សប្ដាហ៍ ។  …

« … រាល់ការរៀបការ​បង្កើត​នូវ​គ្រួសារ​ថ្មី​មួយ​ ជាស្ថាប័ន​សេដ្ឋ​កិច្ច​ឯករាជ្យ​មួយ​ដែល​បង្កើត​ប្រាក់ចំណូល ប្រាក់ចំណាយ ប្រាក់សន្សំ និង​វិនិយោគ​ទុន » ។31

បណ្ឌិត ហ្វាហ្គាន បាន​បន្ថែមទៀតថា « ម្ដាយ​​បាន​រៀបការដែល​នៅ​ផ្ទះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​លើស​ពី​ឪពុកបាន​រៀបការ​នៅ​កន្លែង​ធ្វើ​ការ​ទៀត។ … ខណៈ​ដែល​ឪពុក​បរិច្ចាគ​ទៅនឹង​សេដ្ឋកិច្ច​បច្ចុប្បន្ន នោះ​ម្ដាយ​បរិច្ចាគ​ទាំង​ចំពោះ​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​អនាគត » ។32

របាយការណ៍​របស់​បណ្ឌិត Fagan បញ្ជាក់ពី​គំនិត​ដែល​បាន​លើក​ឡើង​ជាយូរ​មក​ហើយ ដោយ​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់ពីរនាក់​ក្នុង « គ្រួសារ៖ ការ​ប្រកាស​ដល់​ពិភពលោក » ។ ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹងមាន​ការ​ប្រកាស​នោះ ។ សូម​សិក្សា​វា​ដោយ​យកចិត្តទុកដាក់ ។ ខណៈដែល​គ្រួសារ​នៅ​ទូទាំង​ពិភពលោករង​ការ​វាយ​ប្រហារ នោះ​សេចក្ដីពិត​នៃ​ការ​ប្រកាស​ពី​គ្រួសារ​នឹង​ជួយ​ពង្រឹង​អ្នក ។

អ្នក​ដែល​ជា​យុវវ័យ​មានសិទ្ធិ​ពី​​កំណើត​ថ្លៃ​ថ្នូរអើយ អ្នកត្រូវ​យល់ពី​ផលវិបាក​ដ៏​ធំធេង​នៃ​ចម្បាំង​បច្ចុប្បន្ន​របស់​សង្គម ​ទៅលើ​និយម​ន័យ​ជា​ច្រើន​នៃ​អាពាហ៍ពិពាហ៍ ។ ការ​ជជែកវែកញែក​សព្វ​ថ្ងៃ​នេះជាប់​ទាក់ទង​នឹង​សំណួរ​ថា តើ​មនុស្ស​ពីរ​នាក់​មាន​ភេទ​ដូចគ្នា​អាច​រៀបការ​បាន​ទេ ។ បើ​អ្នក​មាន​សំណួរ​ពី​ទីតាំង​នៃ​សាសនាចក្រ​ស្ដីពី​បញ្ហា​នេះ ឬ​បញ្ហា​សំខាន់​ដ៏ទៃ​ទៀត​ណា​មួយ សូម​សញ្ជឹង​គិត​វា​ប្រកប​ដោយ​ការ​អធិស្ឋាន បន្ទាប់​មក​សូម​ស្ដាប់​តាម​សារលិខិត​របស់​ព្យាការីក្នុង​សន្និសីទ​ទូទៅ​សាសនាចក្រ​នៅ​ខែ​តុលា​ខាង​មុខ​នេះ ។ សុន្ទរកថា​ដ៏​បំផុសគំនិត​ទាំងនោះ រួម​ទាំង ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹងផ្ដល់​ការ​យល់ដឹង​ពេញ​លេញដ៏​ពិត​​ដល់​គំនិត​អ្នក ។

ការ​ជជែក​គ្នា​ពី​អាពាហ៍ពិពាហ៍គឺគ្រាន់​តែ​ជា​ការវែកញែក​គ្នា​មួយ​ដែល​នឹង​សាកល្បង​អ្នក​នា​អនាគត ។ ប្រឆាំងនឹងសំឡេងរំខាន​នៃ​មារសត្រូវ អ្នក​ ក្នុង​នាម​ជា​យុវវ័យ​ដែល​មាន​កំណើតថ្លៃ​ថ្នូរ នឹង​ជ្រើស​ឈរ​សម្រាប់​ព្រះអម្ចាស់ និង​សេចក្ដី​ពិតទ្រង់ ។ ចងចាំ​នូវ​ទំនុកច្រៀង​នៃ​ទំនុក​តម្កើងដូច​ខាង​ក្រោម ។ សូម​ថាវា​ម្ដងទៀត ។ ទន្ទេញ​វា ។ ទំនុក​តម្កើង​នេះ​​សម្រាប់​អ្នក ៖

តើ​យុវវ័យ​នៃ​ស៊ីយ៉ូននឹង​វេចវេរ

ក្នុង​ការ​ការពារ​សេចក្ដីពិត និង​ភាព​ត្រឹមត្រូវ​ឬ ?

ខណៈ​ដែល​សត្រូវ​វា​យ​ប្រហារ

តើ​យើង​នឹង​ដកថយ ឬគេច​ពី​ចម្បាំងនេះមែនទេ ? ទេ!

ពិត​ចំពោះ​ក្ដីជំនឿ​ដែល​ឪពុក​ម្ដាយ​យើង​បាន​ឲ្យ​តម្លៃ ។

ពិតចំពោះ​សេចក្ដី​ពិត​ដែល​ជន​រងគ្រោះ​បាន​ស្លាប់

ចំពោះ​បញ្ញត្តិ​របស់​ព្រះ

ជាមួយ​នឹង​ព្រលឹង ចិត្ត និង​ដៃ​ទាំងទ្វេរ

ស្មោះត្រង់ ហើយ​ពិត​ យើងឈរ​ជារៀងរហូត ។33

សាវកប៉ុល​បាន​ព្យាករណ៍​ពី​ស្ថានភាព​អាក្រក់​នៃ​ជំនាន់​យើង ។ ការ​ពិពណ៌នា​របស់​គាត់​ហាក់​ដូចជាការ​ផ្សាយ​ព័ត៌មាន​នៅ​យប់​ម៉ោង 10:00 របស់​យើង ។ សូម​ស្ដាប់ ៖

« នៅ​ជាន់​ក្រោយ​បង្អស់​នឹងមាន​គ្រាលំបាក​ណាស់។

« ត្បិត​នៅ​គ្រានោះ មនុស្ស​នឹង​ស្រឡាញ់​តែខ្លួន​ឯង ទាំងស្រឡាញ់​ប្រាក់ អួតអាងខ្លួន មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់បង្គាប់​ឪពុកម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ

« មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដីអធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូលចិត្ត​នឹងការ​ល្អ

« ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែងលេង​ជាជាង​ព្រះ

« គេមាន​ឫកពា​ជា​អ្នក​គោរពប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្ដាដែល​មក​ដោយ​ការគោរពប្រតិបត្តិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ » ។34

នេះជា​ចុង​បញ្ចប់​ការ​ព្រមាន​លោក ។

មែនហើយ ការ​និមិត្ត​ដ៏​ពិត​របស់​ប៉ុល​ស្ដីពីការ​បំផ្លាញ​ខាង​វិញ្ញាណ ​ក្នុង​ជំនាន់យើង​ត្រូវបានអមដោយ​ការ​សន្និដ្ឋាន​របស់​គាត់ ដោយ​ប្រាប់​យើង​ពី​របៀប​រក្សា​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​ថា ៖ « តាំងពី​ក្មេង​តូច​មក អ្នក​​បាន​ស្គាល់​បទគម្ពីរ​ទាំងប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទីសង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ផង » ។35

ខ្ញុំ​សូមបន្ថែម​ការ​ណែនាំ​ផ្ទាល់​របស់ខ្ញុំ​ចំពោះ​ការ​ណែនាំ​របស់​គាត់ ។ បន្តសិក្សា​ព្រះគម្ពីរ ។ បន្ត​ធ្វើ​រឿង​ដែល​ស្ថាបនា​សេចក្ដីជំនឿ​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ រួចហើយ​កត់សម្គាល់​ពី​ការ​ជ្រើស​រើស​ដ៏​ឈ្លាសវៃ​ដែល​អ្នក​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​តាម​ធម្មជាតិ ។

សេចក្ដីជំនឿ​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ទ្រង់​នឹង​ផ្ដល់​ភាព​ក្លាហាន​ដល់​អ្នក ​ដើម្បី​រៀបការ ហើយ​នាំ​កូនចៅ​មក​ក្នុង​គ្រួសារ​អ្នក​ ខណៈដែល​អ្នក​នៅ​ក្មេង ហើយ​មាន​លទ្ធភាព​មាន​ពួកគេ ។ នៅ​ពេល​អ្នក​មាន​វ័យ​ដូចខ្ញុំ អ្នកនឹង​ឲ្យ​តម្លៃ​ដល់​កូនចៅ​អ្នក ​និង​កូន​របស់​ពួកគេ លើស​ពី​កេរ្តិ៍ឈ្មោះ ឬ​ទ្រព្យ​ដែល​នឹង​អាច​កើត​ឡើង​ទាំងអស់ ។

ឥឡូវ​នេះ ចំពោះសំណួរ​មួយ​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ថា​អ្នក​នឹង​ពិចារណា​វា​ថ្ងៃ​គឺ ៖ ​តើ​អ្នក​នឹង​រៀបចំ​ខ្លួន​សម្រាប់ការ​សម្ភាសន៍​ផ្ទាល់​របស់​អ្នក ​នឹង​ព្រះអង្គសង្គ្រោះ​ដោយ​របៀប​ណា ?

អ្នក​ក្នុងនាម​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើត​ថ្លៃ​ថ្នូរ​មិន​ល្អ​ឥត​ខ្ចោះនៅ​ឡើយ​ទេ ។ គឺ​យើង​គ្រប់​គ្នា ។ ដូច្នេះ អ្នករួម​នឹង​ពួកយើង​ផ្សេងទៀត មាន​អំណរគុណ​ជាខ្លាំង​ចំពោះ​ដង្វាយធួននៃ​ព្រះអង្គ​សង្គ្រោះ ដែល​ផ្ដល់​ការ​អភ័យទោសពេញ​លេញ នៅ​ពេល​ប្រែចិត្ត​ដោយ​ពិតប្រាកដ ។ អ្នក​ក៏​ដឹង​ដែរថា ជីវិត​រមែងស្លាប់​នេះ​ខ្លី​ណាស់ ។ (ហើយកាល​ណា​អ្នក​កាន់ចាស់ អ្នក​នឹង​ឃើញ​ពី​រឿងនេះ) ។ នៅ​ពេល​កំណត់​មួយ អ្នករាល់គ្នា​នឹង​បញ្ចប់ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​ផ្លាស់​ទៅ​ភព​មួយ​ទៀត ។

ថ្ងៃ​ជំនុំជំរះ​រង់ចាំ​យើង​ម្នាក់ៗ ។ ខ្ញុំ​មិន​ដឹង​ថា ទ្វារ​ស្ថានសួគ៌​មាន​ពន្លឺ​ត្រចះត្រចង់​ដែរ​ឬ​អត់​នោះ​ទេ តែ​ខ្ញុំ​ដឹង​ ដូចជា​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​ទាំងអស់គ្នា​ដែរ ថា « អ្នក​ឆ្មាំ​ទ្វារ​គឺ​ជា​ព្រះដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយទ្រង់​មិន​ជួល​បាវបម្រើ​នៅ​ឡើយ… ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ គឺ​ជា​ព្រះនាម​ទ្រង់ » ។36

ជីវិត​រាល់ថ្ងៃ​លើ​ផែនដី​ផ្ដល់​ពេល និង​ឱកាស​ដល់​អ្នក​ឲ្យ​រៀបចំខ្លួន​សម្រាប់​ការ​សម្ភាសន៍​នោះ ។ សូម​ដឹង​ពី​ការណ៍​នេះថា ៖ ពេល​អ្នក​ជ្រើស​រស់​នៅ​ខាង​ព្រះអម្ចាស់ នោះ​អ្នក​នឹង​មិន​ឯកោ​ឡើយ ។ ព្រះ​បាន​ប្រទាន​សិទ្ធិ​ដល់​អ្នក​ដើម្បី​ទទួល​បាន​ជំនួយ​ទ្រង់ ខណៈ​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ពេល​អ្នក​បង្វែរ​ចិត្ត​អ្នក​ទៅរក​ទ្រង់​ដោយ​ព្យាយាម​យ៉ាងស្មោះ​ក្នុង​​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ ទ្រង់​នឹង​បញ្ជូន​ពួក​ទេវតា​ទ្រង់មក​ជួយ​អ្នក ។ 37  ហើយទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​ក្បែរខ្លួន​អ្នក ពេល​អ្នក​រស់​នៅ​សក្ដិសម ។ ទ្រង់​ប្រទាន​ព្រះគម្ពីរដល់​អ្នក ដើម្បី​អ្នក​ត្រូវបានអាច​ចិញ្ចឹម​បី​បាច់​យ៉ាង​ពេញ​លេញ​ដោយ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ ។38 ទ្រង់​ប្រទាន​សម្ដី​នៃ​ព្យាការី​នៅ​រស់​ឲ្យ​អ្នក​ស្ដាប់ ។

ទ្រង់ប្រទាន​ឱកាស​​ឲ្យ​អ្នក​ដើម្បី​ទទួល​ពរ​លោក​អយ្យកោ ។ វា​នឹង​ផ្ដល់​ជា​ចំណេះ​ពី​ទំនាក់ទំនង​អ្នក​នឹង​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប និង​សេចក្ដីសញ្ញា​ដែល​ធ្វើ​នឹង​ពួកគាត់​សម្រាប់កូនចៅ​ពួកគាត់ ។ ពរអយ្យកោ​អ្នក​ក៏​ផ្ដល់​ជា​ចំណេះ​ពី​ជីវិត​អ្នក​នា​អនាគត​នៅ​ទី​នេះ និងក្រោយ​ពី​នេះ​ដែរ ។ ជំនួយ​ទាំងនេះ​នីមួយៗ និង​ជំនួយ​ផ្សេងទៀត​មក​ពី​ព្រះ​នឹង​ជួយ​អ្នក​ជ្រើស​យ៉ាង​ល្អ ដើម្បី​អ្នក​ទន្ទឹង​រង់ចាំការ​ជួប​នឹងព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​​របស់​យើង​ដោយ​ផ្ទាល់​។

សំណួរ​ចុង​ក្រោយ​របស់ខ្ញុំ ៖ តើ​អ្នក​នឹង​ដាក់​ការ​ទុកចិត្ត​អ្នក​លើ​នរណា ?

អ្នក​ក្នុង​នាម​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើត​ថ្លៃថ្នូរ​ដឹងថា ព្រះជា​ព្រះវរបិតា​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ​ទ្រង់ចង់​ឲ្យ​អ្នក​រីករាយ ។ សូម​ដាក់​ការ​ទុកចិត្ត​អ្នក​លើ​ទ្រង់ ។39 រក្សា​ការ​ផ្ដោត​អារម្មណ៍​អ្នក​លើ​ព្រះវិហារ​បរិសុទ្ធ​ទ្រង់ ។ ចូរសក្ដិសម​ដើម្បី​ទទួល​បានពិធី​បរិសុទ្ធ​នៃ​​អំណោយទាន​ពិសិដ្ឋ​​ និង​ការ​ផ្សារ​ភ្ជាប់​របស់​អ្នក ។ ចូរ​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញានោះ ហើយ​ត្រលប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹក​ញាប់ ។ ចងចាំថា គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​អ្នក​គឺ​ដើម្បី​ទទួលពរជ័យ​ដ៏​ធំ​ជាង​គេ​របស់​ព្រះ ជា​ជីវិត​អស់​កល្ប ។40 ពិធី​បរិសុទ្ធ​នៃព្រះវិហារ​បរិសុទ្ធ​គឺ​ចាំបាច់ចំពោះ​ពរជ័យ​នោះ ។41

ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​សិក្សាបទគម្ពីរ​ស្ដីពី​អត្តសញ្ញាណ គោលបំណង និង​ពរ​របស់​អ្នក​ប្រកប​ដោយ​ការអធិស្ឋាន ដូច​បាន​កត់ត្រា​ក្នុង​កណ្ឌ  86 នៃគោលលទ្ធិ និង​សេចក្ដីសញ្ញា ។ គ្រប់យ៉ាងគឺ​សម្រាប់​អ្នក ។ សូម​ស្ដាប់ !

« ហេតុដូច្នេះ​ហើយ ព្រះអម្ចាស់​ទ្រង់​មាន​បន្ទូល​ដល់​អ្នកដែល​បព្វជិតភាព​បាន​បន្តមក តាមរយៈពូជ​ពង្ស​នៃ​ពួក​អយ្យកោ​របស់​អ្នក ដូច្នេះ​ថា---

« ត្បិត​អ្នករាល់គ្នា​ជា​អ្នក​គ្រង​មរតក​ពេញ​ច្បាប់ ស្របតាម​សាច់ឈាម ហើយ​បាន​លាក់​ទុក​ពី​ពិភពលោកដោយ​សារ​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះ—

« ហេតុដូច្នេះ​ហើយ ជីវិត និងបព្វជិតភាព​របស់​អ្នក ត្រូវបាន​ទុក ហើយ​ត្រូវតែ​មាន​តាម​រយៈ​អ្នក និង​តាម​ពូជពង្ស​អ្នករហូត​ដល់​ការ​សាង​ឡើងវិញ​នូវ​គ្រប់​ទាំងអស់​ដែល​បាន​ពោល​ដល់​ដោយ​មាត់​នៃ​អស់​ទាំង​ពួក​ព្យាការី​បរិសុទ្ធ ចាប់តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ។

« ហេតុដូច្នេះ​ហើយ អ្នក​រាល់គ្នាមាន​ពរ​ហើយ បើសិន​ជា អ្នករាល់គ្នា​បន្ត​នៅ​ក្នុង​សេចក្ដី​ល្អ​របស់​យើង គឺ​ជា​ពន្លឺ​ដល់​ពួក​សាសន៍​ដទៃ និង​តាមរយៈ​បព្វជិតភាព​នេះ គឺ​ជា​អ្នក​សង្គ្រោះ​ដល់​រាស្ត្រ​របស់​យើង គឺ​សាសន៍​អ៊ីស្រាអែល » ។42

មែន​ហើយ អ្នក​ពិត​ជា​យុវវ័យ​ដែល​មានសិទ្ធិពីកំណើត​ថ្លៃថ្នូរ ដែល​បានបង្កើត​តាម​រូប​នៃ​ព្រះ ។ អ្នក​ជា​កូនចៅ​ស្រប​ច្បាប់របស់​ទ្រង់ នៅ​ទីនេះ​ដើម្បី​ព្យាយាម ហើយ​សាកល្បង ។ អ្នក​អាច​ជ្រើសធ្វើ​ជា​ពន្លឺ​នៃ​លោកិយ ដើម្បី​ជួយ​សង្គ្រោះ​កូនចៅ​ព្រះ ដើម្បី​បាន​អំណរ ហើយ​នៅ​ទីបំផុត​ទទួល​បាន​ពរ​នៃ​ជីវិត​អស់​កល្ប ។

ឥឡូវ​ ដើម្បី​ជួយ​អ្នកធ្វើ​​ការ​ជ្រើសរើស​ដ៏សំខាន់​ទាំងនេះនៅ​ចំពោះ​មុខ​អ្នក ខ្ញុំសូម​ផ្ដល់​ពរជ័យ​មួយ​ដល់​អ្នក ។ ដោយ​ប្រើ​កូនសោរ​នៃ​សាវក​ដ៏​បរិសុទ្ធ​ដែល​ខ្ញុំ​មាន ខ្ញុំ​ប្រទាន​ពរ​អ្នកថា អ្នក​ខិតខំសិក្សា​បន្ទូលនៃ​ព្រះគ្រីស្ទ ហើយ​អនុវត្តការ​បង្រៀន​ទ្រង់​ក្នុង​ជីវិត​អ្នក ។ ខ្ញុំ​ប្រទាន​ពរ​អ្នក​ជាមួយ​នឹងអំណាច​ដើម្បី​រស់​នៅដូច​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​រស់នៅ​ ហើយ​មាន​ភាព​សក្ដិ​សម​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ដែល​មាន​ព្រះនាម​ទ្រង់ តាមរយៈគំរូសុចរិត​របស់​អ្នក ។ ខ្ញុំ​ប្រទាន​ពរ​ដល់អ្នក​ឲ្យ​ទទួល​ជោគជ័យក្នុងការ​សិក្សា និង​ការ​ងាររបស់​អ្នក ដើម្បី​អ្នក​ផ្ដល់​ការ​បម្រើដ៏​មាន​តម្លៃ​ដល់​អ្នកដទៃទៀត ។ ​ខ្ញុំ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​កម្លាំង​មាំមួន ដើម្បី​បំពេញ​ជោគវាសនា​ដ៏​ទេវភាព​ ដែល​ព្រះបាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា ដើម្បី​ព្រះទ័យ​បាន​សម្រេច​តាមរយៈ​អ្នក ។

ខ្ញុំ​ប្រទាន​ទាំងនេះ​ដល់​អ្នក ហើយ​សូម​ថ្លែងទីបន្ទាល់​ថា ព្រះមាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺ​ព្រះគ្រីស្ទ។ នេះ​ជា​សាសនាចក្រ​ទ្រង់​ដែល​ទ្រង់​ដឹកនាំ​តាមរយៈព្យាការី និង​សាវក ។ យើង​ស្រឡាញ់ ហើយ​គាំទ្រ ថូម៉ាស  អេស. ម៉នសុន ជា​ប្រធាន​សាសនាចក្រ​របស់​ព្រះអម្ចាស់​​សព្វថ្ងៃ ។ ​ទីបន្ទាល់ និង​ពរជ័យ​នេះ​ ខ្ញុំ​សូម​បន្សល់​ទុក​នឹងអ្នក ឱ បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ជាមួយ​នឹង​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​អ្នក​រាល់គ្នា ក្នុង​ព្រះនាម​ពិសិដ្ឋ​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

© 2013 ដោយ Intellectual Reserve, Inc. រក្សា​សិទ្ធិ​គ្រប់យ៉ាង ។ អនុម័ត​ភាសា​អង់គ្លេស ៖ 1/13 ។ អនុម័ត​ការ​បកប្រែ ៖ 1/13 ។ ការ​បកប្រែនៃ Youth of the Noble Birthright: What Will You Choose? Cambodian ។ PD50048932 258