ថាយើងនឹង « មិន...រួញខ្លាច » (គ. និង ស. 19:18 )
ការប្រជុំធម្មនិដ្ឋាន ស៊ី.អ៊ី.អេស សម្រាប់មជ្ឈិមវ័យវ័យក្មេងនៅលីវ • ថ្ងៃទី 3 ខែ មិនា ឆ្នាំ 2013 • នៃសាកលវិទ្យាល័យ តិចសាស អាលីងតុន
ខ្ញុំមានអំណរគុណដើម្បីចូលរួមក្នុងការប្រជុំធម្មនិដ្ឋាននេះ ជាមួយយុវវ័យនៃសាសនាចក្រនៅទូទាំងពិភពលោក ។ ខ្ញុំស្រឡាញ់អ្នក ហើយមានអំណរគុណចំពោះឱកាសនេះដើម្បីថ្វាយបង្គំទ្រង់ជាមួយគ្នា ។
សូសាន បាននិយាយ ហើយថ្លែងទីបន្ទាល់ពីសារៈសំខាន់នៃគោលការណ៍ ហើយយើងម្នាក់ៗនឹងត្រូវបានប្រទានពរ និង ពង្រឹងនៅពេលយើងអនុវត្តតាមការបង្រៀនរបស់គាត់ដោយខ្ជាប់ខ្ជួននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ សូសាន គឺជាស្ត្រីដ៏សុចរិតម្នាក់ ជាស្ត្រីរើសតាំង ហើយជាភរិយាជាទីស្រឡាញ់របស់ខ្ញុំ ។
ខ្ញុំបានពិចារណា និង ទូលអង្វរដោយស្មោះអស់ពីចិត្តទៅកាន់ព្រះបិតាសួគ៌យើងដើម្បីដឹងពីរបៀប ដែលខ្ញុំអាចបម្រើអ្នកឲ្យបានល្អបំផុតនារាត្រីនេះ ។ ខ្ញុំអធិស្ឋានសុំឲ្យព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើងម្នាក់ៗ—ថាយើងអាចគិតពីអ្វីដែលយើងត្រូវតែគិត មានអារម្មណ៍ពីអ្វីដែលយើងត្រូវតែមានអារម្មណ៍ ហើយរៀនពីអ្វីដែលត្រូវតែរៀន ដូច្នេះយើងអាចធ្វើអ្វីដែលយើងដឹងថាយើងគួរតែធ្វើ ហើយនៅទីបំផុតប្រែក្លាយជាអ្វីដែលព្រះអម្ចាស់មានបំណងចង់ឲ្យយើងប្រែក្លាយ ។
កូនសិស្សដ៏ស្មោះត្រង់ម្នាក់ និង គំរូមួយនៃការមិនរួញខ្លាច
អែលឌើរ នែល អេ ម៉ាក់ស្វែល គឺជាកូនសិស្សសំណប់ម្នាក់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ លោកបានបម្រើជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អស់រយៈពេល 23 ឆ្នាំ គឺចាប់ពីឆ្នាំ 1981 ដល់ ឆ្នាំ 2004 ។ អំណាចខាងវិញ្ញាណនៃការបង្រៀន និង គំរូនៃភាពជាសិស្សដ៏ស្មោះត្រង់របស់លោកបានប្រទានពរ និង បន្តប្រទានពរយ៉ាងអស្ចារ្យដល់សមាជិកទាំងឡាយនៃសាសនាចក្ររបស់ព្រះសង្គ្រោះដែលបានស្តារឡើងវិញ និង មនុស្សលើសាកលលោកទាំងមូល ។
កាលពីខែ តុលា ឆ្នាំ 1997 ស៊ីស្ទើរ បែតណា និង រូបខ្ញុំបានទទួល អែលឌើរ និង ស៊ីស្ទើរ ម៉ាក់ស្វែល ជាភ្ញៀវនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់– រដ្ឋ អៃដាហូ ។ អែលឌើរ ម៉ាក់ស្វែល បាននិយាយទៅកាន់និស្សិត បុគ្គលិក និង អ្នកនៅមហាវិទ្យាល័យនៅក្នុងការប្រជុំធម្មនិដ្ឋាននោះ ។ មនុស្សគ្រប់គ្នានៅក្នុងបរិវេណនៃមហាវិទ្យាល័យបានអន្ទះសារចូលរួមការមកទស្សនកិច្ចរបស់លោក ហើយបានរៀបចំខ្លួនយ៉ាងអស់ពីដួងចិត្តដើម្បីទទួលសារលិខិតរបស់លោក ។
កាលពីដើមឆ្នាំនោះ អែលឌើរ ម៉ាក់ស្វែល ចុះថមថយកម្លាំងដោយបានទទួលការព្យាបាលដោយចាក់ថ្នាំគីមីសម្រាប់ជំងឺមហារីកគ្រាប់ឈាមសរយៈពេល 46 ថ្ងៃ និង យប់ ។ មិនយូរប៉ុន្មានបន្ទាប់ពីការព្យាបាលរួច ហើយដោយបានចេញពីមន្ទីរពេទ្យ នោះលោកបាននិយាយយ៉ាងខ្លីនៅក្នុងសន្និសីទទូទៅរបស់សាសនាចក្រក្នុងខែ មេសា នោះ ។ ការជាសះស្បើយ និង ការបន្តការព្យាបាលរបស់លោកបានទទួលផលវិជ្ជមានជាច្រើនខែរហូតដល់រដូវផ្ការីក និង រដូវក្តៅនាឆ្នាំនោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្លាំងខាងរាងកាយ និង កម្លាំងខាងស្មារតីរបស់អែលឌើរ ម៉ាក់ស្វែល ទ្រុឌទ្រោម នៅពេលលោកបានធ្វើដំណើរទៅទីក្រុង រិកប៊ើគ ។ បន្ទាប់ពីបានស្វាគមន៍ អែលឌើរ និង ស៊ីស្ទើរ ម៉ាក់ស្វែល នៅព្រលានយន្តហោះ នោះ សូសាន និង រូបខ្ញុំបានដឹកពួកលោកទៅផ្ទះរបស់យើងដើម្បីសម្រាក ហើយបរិភោគអាហារថ្ងៃត្រង់បន្តិចបន្តួចពីមុនការប្រជុំធម្មនិដ្ឋាន ។
អំឡុងពេលនៃការសន្ទនាគ្នានៅថ្ងៃនោះ ខ្ញុំបានសួរ អែលឌើរ ម៉ាក់ស្វែល ថា តើមេរៀនអ្វីខ្លះដែលគាត់បានរៀនពីជំងឺរបស់គាត់នោះ ។ ខ្ញុំនឹងចងចាំជានិច្ចពីចម្លើយដ៏មានតម្លៃ និង ចម្លើយដែលជ្រាបក្នុងដួងចិត្តខ្ញុំដែលលោកបានឆ្លើយ ។ លោកបានឆ្លើយថា « ដេវ ខ្ញុំបានរៀនថា ការមិនរួញខ្លាចនោះ គឺវាសំខាន់ជាងការរស់រានមានជីវិតទៅទៀត » ។
ចម្លើយរបស់លោកចំពោះសំណួររបស់ខ្ញុំគឺជា គោលការណ៍មួយដែលលោកបានទទួលបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងពេញទំហឹង អំឡុងពេលការព្យាបាលរបស់លោកដោយចាក់ថ្នាំគីមី ។ នៅពេលដែល អែលឌើរ ម៉ាក់ស្វែល និង ភរិយារបស់លោកកំពុងបើកឡានទៅមន្ទីរពេទ្យកាលពីខែ មករា ឆ្នាំ 1997 គឺនៅថ្ងៃដែលលោកណាត់ជួប ដើម្បីចាប់ផ្តើមវគ្គដំបូងនៃការព្យាបាលរបស់លោក នោះពួកលោកបានថយឡានចូលចំណតរថយន្ត ហើយឈប់មួយស្របក់ដើម្បីនៅជាមួយគ្នាតែពីរនាក់មួយភ្លែត ។ អែលឌើរ ម៉ាក់ស្វែល បាន « ដកដង្ហើមវែង ហើយសម្លឹងមើលទៅ [ ភរិយាលោក ]។ លោកបានលូកដៃចាប់ដៃរបស់ភរិយាលោក ហើយមានប្រសាសន៍ថា…បងមិនចង់រួញខ្លាចឡើយ » ( Bruce C. Hafen, A Disciple’s Life : The Biography of Neal A. Maxwell [2002]ទំព័រ 16 ) ។
នៅក្នុងសារលិខិតរបស់លោកកាលពីសន្និសីទទូទៅខែ តុលា ឆ្នាំ 1997 ដែលមានចំណងជើងថា « សូមអនុវត្តលោហិតនៃព្រះគ្រីស្ទដែលធួននឹងអំពើបាប » នោះអែលឌើរ ម៉ាក់ស្វែល បានបង្រៀនដោយចិត្តស្មោះសយ៉ាងខ្លាំងថា ៖ « នៅពេលយើងជួបប្រទះ...ការសាកល្បង និង ទុក្ខលំបាកផ្ទាល់ខ្លួនយើង នោះយើងក៏អាចទូលអង្វរដល់ព្រះបិតា គឺដូចដែលព្រះគ្រីស្ទបានធ្វើ ថាយើងនឹងមិន...រួញខ្លាច—មានន័យថា ចុះចាញ់ ឬ ដកថយឡើយ (គ. និង ស. 19:18 ) ។ ការមិនរួញខ្លាចនោះ គឺវាសំខាន់ខ្លាំងជាងការរស់រានមានជីវិតទៅទៀត ! លើសពីនេះទៀត ការផឹកពែងល្វីងដោយមិនល្វីងនោះគឺដូចជាផ្នែកមួយនៃការធ្វើតាមព្រះយេស៊ូវ » ( Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 22 ) ។
ចម្លើយរបស់អែលឌើរ ម៉ាក់ស្វែល ចំពោះសំណួររបស់ខ្ញុំ ធ្វើឲ្យខ្ញុំគិតដល់ការបង្រៀនរបស់ អែលឌើរ អួសុន អែហ្វ វិតនី ដែលបានបម្រើជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ផងដែរថា ៖ « គ្មានការឈឺចាប់ណា, គ្មានការសាកល្បងណាដែលយើងបានឆ្លងកាត់គ្មានប្រយោជន៍នោះទេ ។ បទពិសោធន៍ ទាំងនោះជួយយើងឲ្យយល់ដឹង ជួយអភិវឌ្ឍគុណសម្បត្តិមួយចំនួនដូចជា ការអត់ធ្មត់, ជំនឿ, ក្តីក្លាហាន និង ការបន្ទាបខ្លួន ។ អ្វីៗទាំងអស់ដែលយើងទទួលការឈឺចាប់ និង ។ អ្វីៗទាំងអស់ដែលយើងស៊ូទ្រាំ ជាពិសេសនោះនៅពេលយើងស៊ូទ្រាំដោយអំណត់ នោះបង្កើតឲ្យមានអត្តចរិតល្អ, ធ្វើឲ្យចិត្តរបស់យើងបរិសុទ្ធ, បណ្តុះព្រលឹងរបស់យើង ហើយធ្វើឲ្យយើងកាន់តែទន់ភ្លន់ និង មានចិត្តសប្បុរស, កាន់តែមានភាពសក្តិសមដើម្បីត្រូវបានហៅថាជាកូនរបស់ព្រះ...ហើយតាមរយៈទុក្ខព្រួយ និង ការឈឺចាប់, កិច្ចការលំបាក និង ទុក្ខវេទនានេះហើយ ដែលយើងទទួលការចេះដឹងថា យើងបានមកផែនដីនេះដើម្បីទទួលអ្វីៗទាំងនោះ » (បានដកស្រង់ចេញពី Spencer W. Kimball, Faith Precedes the Miracle [ ឆ្នាំ 1972], 98 ) ។
ហើយខគម្ពីរទាំងនេះដែលទាក់ទងនឹងការរងទុក្ខរបស់ព្រះសង្គ្រោះ នៅពេលទ្រង់បានប្រទាននូវការបូជាដ៏ធួននឹងបាបដែលគ្មានទីបញ្ចប់ និង អស់កល្បជានិច្ច បានប្រែកាន់តែដក់ជាប់ក្នុងចិត្ត និង កាន់តែមានន័យចំពោះខ្ញុំ ៖
« ហេតុដូច្នេះហើយ យើងបញ្ជាឲ្យអ្នកប្រែចិត្ត—ចូរប្រែចិត្តចុះ បើពុំនោះសោតទេ យើងនឹងវាយអ្នកដោយរំពាត់នៃព្រះឱស្ធរបស់យើង ហើយដោយសេចក្តីខ្ញាល់របស់យើង និង ក្តីពិរោធរបស់យើង នោះសេចក្តីទុក្ខវេទនាទាំងឡាយរបស់អ្នកនឹងឈឺចាប់ណាស់—គឺឈឺដល់ណានោះអ្នកមិនដឹងទេ ជ្រួតជ្រាបដល់ណានោះអ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះអ្នកមិនដឹងទេ ។
« ត្បិតមើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះ ជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
« ប៉ុន្តែ បើសិនជាពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ
« គឺជាសេចក្តីរងទុក្ខវេទនា ដែលបណ្តាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និង វិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
« ទោះជាយ៉ាងក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និង សម្រេចការរៀបចំរបស់យើង ចំពោះកូនចៅមនុស្ស » ( គ. និង ស. 19:15–19 ) ។
ព្រះសង្គ្រោះពុំបានរួញខ្លាចនៅច្បារ គែតសេម៉ានី ឬ នៅលើភ្នំ គាល់កូថា ឡើយ ។
អែលឌើរ ម៉ាក់ស្វែល ក៏ពុំបានរួញខ្លាចដែរ ។ សាវកដ៏អង់អាចម្នាក់នេះបានឈានទៅមុខយ៉ាងខ្ជាប់ខ្ជួន ហើយត្រូវបានប្រទានពរដោយមានពេលវេលាបន្ថែមទៀតនៅក្នុងជីវិតរមែងស្លាប់ដើម្បី ស្រឡាញ់ បម្រើ បង្រៀន និង ថ្លែងទីបន្ទាល់ ។ ប៉ុន្មានឆ្នាំក្រោយនោះនៃជីវិតរបស់លោក គឺជាគំរូបន្ថែមទៀតនៃភាពជាសិស្សដ៏ស្មោះត្រង់របស់លោក—ទាំងតាមរយៈពាក្យសម្តី និង ទង្វើររបស់លោក ។
ខ្ញុំជឿថា យើងគ្រប់គ្នារំពឹងចង់ឲ្យមនុស្សម្នាក់ ដែលមានសមត្ថភាព, បទពិសោធន៍ខាងវិញ្ញាណ និង រូបកាយរបស់អែលឌើរ ម៉ាក់ស្វែលជួបនឹងជំងឺដ៏ធ្ងន់ធ្ងរ ហើយស្លាប់ ដោយយល់ពីផែនការនៃសុភមង្គលរបស់ព្រះ ដោយការបញ្ជាក់ និង ព្រះគុណ និង ដោយភាពថ្លៃថ្នូរ ។ ហើយលោកពិតជាបានដូចនោះមែន ។ ប៉ុន្តែគោលបំណងរបស់ខ្ញុំថ្ងៃនេះ គឺធ្វើជាសាក្សីថា ពរជ័យបែបនោះគឺមិនមែនគ្រាន់តែប្រទានឲ្យតែអ្នកមានសិទ្ធិអំណាចទូទៅ ឬ សម្រាប់សមាជិករើសតាំងមួយចំនួននៃសាសនាចក្រឡើយ ។
ចាប់តាំងពីការហៅរបស់ខ្ញុំដើម្បីបំពេញតំណែងនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ដែលធ្វើឡើងដោយមរណៈភាពរបស់អែលឌើរ ម៉ាក់ស្វែលនោះកិច្ចការ និង ការធ្វើដំណើរទាំងឡាយរបស់ខ្ញុំបានធ្វើឲ្យខ្ញុំស្គាល់ពួកបរិសុទ្ធស្មោះត្រង់ ក្លាហាន និង អង់អាចជាច្រើននៅលើសាលកលោក ។ ខ្ញុំចង់ប្រាប់អ្នកពីយុវជន និង យុវនារីម្នាក់ ដែលបានប្រទានពរដល់ជីវិតខ្ញុំ ហើយជួយខ្ញុំឲ្យរៀនពីមេរៀនដ៏សំខាន់ខាងវិញ្ញាណ អំពីការមិនរួញខ្លាច ហើយអំពីការធ្វើឲ្យឆន្ទៈរបស់បុគ្គលយើងម្នាក់ៗត្រូវបាន « លេបដណ្តប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា » (ម៉ូសាយ 15:7 ) ។
ដំណើររឿងនេះគឺជារឿងពិត ហើយតួអង្គក្នុងរឿងនេះក៏ពិតដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនប្រើឈ្មោះពិតប្រាកដរបស់បុគ្គលទាំងឡាយដែលទាក់ទងនឹងរឿងនេះឡើយ ។ ខ្ញុំហៅយុវជននោះថា ចន ហើយយុវនារីនោះថា ហ៊ីធើរ ។ ខ្ញុំក៏បានទទួលការអនុញ្ញត្តឲ្យប្រើប្រយោគដែលបានជ្រើសរើសមួយចំនួនមកពីសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់ពួកគេដែរ ។
ប៉ុន្តែ កុំតាមចិត្តទូលបង្គុំឡើយ សូមតាមតែព្រះហឫទ័យទ្រង់ចុះ
ចន គឺជាអ្នកកាន់បព្វជិតភាពសក្តិសមម្នាក់ ហើយបានបម្រើយ៉ាងស្មោះត្រង់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ បន្ទាប់ពីត្រឡប់មកពីបេសកកម្មវិញ គាត់បានដើរលេងជាគូ ហើយរៀបការជាមួយយុវនារីដ៏សុចរិត និង ស្រស់ស្អាតម្នាក់ គឺ ហ៊ីធើរ ។ ចន អាយុ 23 ឆ្នាំ ហើយ ហ៊ីធើរ អាយុ 20 ឆ្នាំ នៅថ្ងៃដែលពួកគេបានផ្សារភ្ជាប់ជាមួយគ្នាសម្រាប់ពេលនៃជីវិតនេះ និង ពេលអស់កល្បជានិច្ចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ សូមចាំពីអាយុជាក់លាក់របស់ ចន និង ហ៊ីធើរ ដោយសារតែដំណើររឿងនេះបានប្រាប់ដល់អ្នក ។
ប្រហែលជាបីសប្តាហ៍បន្ទាប់ពីអាពាហ៍ពិពាហ៍ព្រះវិហារបរិសុទ្ធរបស់ពួកគេ នោះ ចន ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាគាត់មានជំងឺមហារីកឆ្អឹង ។ ដោយសារតែដុំមហារីកនោះត្រូវបានរកឃើញនៅក្នុងសួតទាំងពីររបស់គាត់ផង នោះការវាយតម្លៃពីជំងឺនេះគឺមិនល្អទេ ។
ចន បានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុគាត់ថា ៖ « ថ្ងៃនេះគឺជាថ្ងៃដែលគួរឲ្យភ័យខ្លាចបំផុតនៃជីវិតខ្ញុំ ។ គឺមិនមែនដោយសារតែគេប្រាប់ខ្ញុំថាខ្ញុំមានមហារីកនោះទេ តែដោយសារខ្ញុំទើបតែបានរៀបការថ្មីៗនេះ ហើយមានអារម្មណ៍ថា ខ្ញុំខកខានមិនបានធ្វើជាស្វាមីមួយរូប ។ ខ្ញុំគឺជាអ្នកផ្តល់អាហារ និង អ្នកការពារសម្រាប់គ្រួសារថ្មោងថ្មីរបស់យើង ហើយឥឡូវនេះ—បីសប្តាហ៍នៅក្នុងតួនាទីនេះ—ខ្ញុំមានអារម្មណ៍ថាខ្ញុំបរាជ័យ ។ ខ្ញុំដឹងថាគំនិតនោះគឺជាគំនិតលីឡឺ ប៉ុន្តែវាគឺជារឿងមួយដែលរំខាន ដែលខ្ញុំបានប្រាប់ខ្លួនឯងនៅពេលនៃវិបត្តិនោះ » ។
ហ៊ីធើរ បានសរសេរថា ៖ « នេះជាដំណឹងដ៏រន្ធត់បំផុត ហើយខ្ញុំចាំពីការផ្លាស់ប្តូរដ៏ធំនៃទស្សនវិស័យរបស់យើង ។ ខ្ញុំបាននៅក្នុងបន្ទប់រង់ចាំក្នុងមន្ទីរពេទ្យកំពុងសរសេរសំបុត្រថ្លែងអំណរគុណសម្រាប់អំណោយអាពាហ៍ពិពាហ៍ នៅពេលដែលយើងបានរង់ចាំទទួលលទ្ធផលនៃការធ្វើតេស្តរបស់ [ ចន ] ។ តែបន្ទាប់ពីដឹងអំពីជំងឺមហារីករបស់ [ ចន ] នោះអំណោយទាំងនោះហាក់បីដូចជាលែងសំខាន់ទៀតហើយ ។ ថ្ងៃនេះជាថ្ងៃដ៏ជូរចត់បំផុតសម្រាប់ជីវិតខ្ញុំ តែខ្ញុំចាំថា ខ្ញុំចូលគេងនៅយប់នោះដោយអំណរគុណសម្រាប់ការផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធរបស់យើង ។ ទោះបីជា វេជ្ជបណ្ឌិតវាយតម្លៃថា [ ចន ] អាចមានឱកាសរស់បានត្រឹមតែ 30 ភាគរយក៏ដោយ ខ្ញុំបានដឹងថា បើសិនយើងនៅតែបន្តស្មោះត្រង់ នោះខ្ញុំមានឱកាស 100 ភាគរយដើម្បីរស់នៅជាមួយគាត់ជារៀងរហូត » ។
ប្រហែលជាមួយខែក្រោយមក ចន បានចាប់ផ្តើមព្យាបាលដោយចាក់ថ្នាំគីមី ។ គាត់បានរៀបរាប់ពីបទពិសោធន៍គាត់ថា ៖ « ការព្យាបាលបានធ្វើឲ្យខ្ញុំកាន់តែឈឺខ្លាំងឡើងជាងអ្វីដែលខ្ញុំធ្លាប់មានក្នុងជីវិតខ្ញុំ ។ ខ្ញុំបានជ្រុះសក់ ស្រកអស់ 41 ផោន( 19 គីឡូ ) ហើយខ្ញុំមានអារម្មណ៍ថាខ្លួនរបស់ខ្ញុំដួលបែកជាបំណែក ។ ការព្យាបាលដោយចាក់ថ្នាំគីមី បានប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត និង ខាងវិញ្ញាណរបស់ខ្ញុំ ។ ជីវិតរបស់ខ្ញុំដូចជាមួយថ្ងៃកាត់មួយថ្ងៃកោរ អំឡុងខែនៃការព្យាបាលដោយចាក់ថ្នាំគីមីដោយសប្បាយ និង ទុក្ខព្រួយ និង អ្វីៗជាច្រើនទៀតអំឡុងពេលនោះ ។ ប៉ុន្តែតាមរយៈអ្វីៗទាំងនោះ ហ៊ីធើរ និង រូបខ្ញុំបានរក្សាសេចក្តីជំនឿថា ព្រះនឹងប្រោសខ្ញុំឲ្យជា ។ យើងពិតជាដឹងថាយ៉ាងនេះមែន » ។
ហ៊ីធើរ បានកត់ត្រាគំនិត និង អារម្មណ៍របស់នាងថា ៖ « ខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុសដែលទុក[ ចន ] ឲ្យគេងពេទ្យតែម្នាក់ឯងនៅយប់នោះ ដូច្នេះខ្ញុំនឹងគេងរាល់យប់លើសាឡុងតូចនៅក្នុងបន្ទប់របស់គាត់ ។ យើងមានមិត្តភក្តិ និង គ្រួសារជាច្រើនមកសួរសុខទុក្ខអំឡុងពេលថ្ងៃនោះ ប៉ុន្តែពេលយប់គឺជាពេលលំបាកបំផុត ។ ខ្ញុំចង់សម្លឹងមើលពិដាន ហើយឆ្ងល់ថាតើព្រះបិតាសួគ៌រៀបផែនការអ្វីសម្រាប់យើង ។ ពេលខ្លះចិត្តរបស់ខ្ញុំរសាត់អណ្តែតទៅរកភាពអស់សង្ឃឹម ហើយភាពភ័យខ្លាចរបស់ខ្ញុំពីការបាត់បង់ [ ចន ] បានគ្រប់ដណ្តប់មកលើខ្ញុំស្ទើរតែទាំងស្រុង ។ តែខ្ញុំដឹងថា គំនិតទាំងនេះគឺមិនមកពីព្រះបិតាសួគ៌ទេ ។ ការអធិស្ឋានរបស់ខ្ញុំសុំការលួងលោមបានធ្វើកាន់តែញឹកញាប់ ហើយព្រះអម្ចាស់បានប្រទានកម្លាំងដល់ខ្ញុំដើម្បីបន្តដំណើរទៅមុខទៀត » ។
បីខែក្រោយមក ចន បានទទួលការវះកាត់យកដុំសាច់មហារីកនោះចេញពីជើងរបស់គាត់ ។ ចន បានសរសេរថា ៖ « ការវះកាត់នោះគឺសំខាន់ណាស់សម្រាប់យើង ដោយសារការវះកាត់នោះជាតេស្តដែលសិក្សាពីជំងឺមហារីកនោះ ដើម្បីមើលថាតើដុំមហារីកនោះរាលដាលដល់ណាហើយ និង ថាតើដុំមហារីកនោះងាប់បានប៉ុណ្ណាហើយ ។ ការវិភាគនេះនឹងផ្តល់ជាសញ្ញាដំបូងពីប្រសិទ្ធិភាពនៃការព្យាបាលដោយចាក់ថ្នាំគីមី និង ថាតើត្រូវប្រើថ្នាំគីមីច្រើនប៉ុណ្ណាសម្រាប់ការព្យាបាលនាពេលខាងមុខទៀត » ។
ពីរថ្ងៃបន្ទាប់ពីការវះកាត់ ខ្ញុំបានទៅលេង ចន និង ហ៊ីធើរ នៅមន្ទីរពេទ្យ ។ យើងបាននិយាយគ្នាពីពេលដំបូងដែលខ្ញុំបានជួប ចន នៅក្នុងតំបន់បេសកកម្ម អំពីអាពាហ៍ពិពាហ៍របស់ពួកគេ អំពីជំងឺមហារីក និង អំពីមេរៀនអស់កល្បជានិច្ចដ៏សំខាន់ ដែលយើងរៀនតាមរយៈទុក្ខវេទនានៃជីវិតរមែងស្លាប់នេះ ។ មុនយើងបែកគ្នា នោះ ចន បានសុំថា បើសិនខ្ញុំអាចផ្តល់ការប្រសិទ្ធិពរបព្វជិតភាពដល់គាត់ ។ ខ្ញុំបានឆ្លើយថា ខ្ញុំរីករាយដើម្បីផ្តល់ការប្រសិទ្ធិពរនោះ តែដំបូងខ្ញុំត្រូវការសួរសំណួរមួយចំនួនសិន ។
បន្ទាប់មកខ្ញុំបានសួរសំណូរ ដែលខ្ញុំពុំបានគ្រោងទុក និង ពុំធ្លាប់បានពិចារណាពីមុនសោះដើម្បីសួរ ៖ « [ ចន ] តើឯងមានជំនឿថានឹងមិនបានប្រោសឲ្យជាទេ ? បើសិនវាជាព្រះហឫទ័យរបស់ព្រះបិតាសួគ៌ នោះឯងនឹងត្រូវបានបញ្ជូនដោយសារសេចក្តីស្លាប់ទាំងវ័យក្មេងរបស់ឯងដើម្បីទៅភពវិញ្ញាណ ដើម្បីបន្តការងារបម្រើរបស់ឯង តើឯងមានសេចក្តីជំនឿដើម្បីចុះចូលទៅនឹងព្រះហឫទ័យរបស់ទ្រង់ ហើយមិនបានប្រោសឲ្យជាទេ ? »
ឥឡូវនេះ បងប្អូនប្រុសស្រី ខ្ញុំពិតជាភ្ញាក់ផ្អើលដោយសារសំណួរទាំងនោះដែលខ្ញុំមានអារម្មណ៍បំផុសគំនិតដើម្បីសួរគូស្វាមីភរិយានេះ ។ ជាញឹកញាប់នៅក្នុងព្រះគម្ពីរ ព្រះសង្គ្រោះ ឬ ពួកអ្នកបម្រើទ្រង់អនុវត្តអំណោយខាងវិញ្ញាណនៃការប្រោសឲ្យជា ( សូមមើល កូរិនថូសទី 112:9 ;គ. និង ស. 35:9; 46:20 ) ហើយដឹងថា បុគ្គលម្នាក់មានជំនឿដើម្បីត្រូវបានប្រោសឲ្យជា ( សូមមើល កិច្ចការ 14:9;នីហ្វៃទី 317:8; គ. និង ស. 46:19 ) ។ តែនៅពេល ចន និង ហ៊ីធើរ ហើយនឹងរូបខ្ញុំ ប្រឹក្សាជាមួយគ្នា ហើយពុះពារជាមួយសំណួរទាំងនោះ នោះយើងបានកើនការយល់ដឹងថា បើសិនព្រះហឫទ័យរបស់ព្រះសម្រាប់យុវជនល្អម្នាក់នេះត្រូវបានប្រោសឲ្យជា នោះពរជ័យនោះនឹងទទួលបាន លុះត្រាតែគូស្វាមីក្លាហាននេះមានជំនឿថាមិនត្រូវបានប្រោសឲ្យជាជាមុនសិន ។ ឬនិយាយម្យ៉ាងទៀតថា ចន និង ហ៊ីធើរ ត្រូវតែពុះពារយកឈ្នះ តាមរយៈដង្វាយធួនរបស់ព្រះសង្គ្រោះព្រះយេស៊ូវគ្រីស្ទ,ទំនោរចិត្តរបស់ « មនុស្សខាងសាច់ឈាម » (ម៉ូសាយ 3:19 ) នៅក្នុងខ្លួនយើងទាំងអស់គ្នា ចង់បានដោយអន្ទះសារ និង ការទទូចអង្វរឥតឈប់ឈរសុំពរជ័យដែលយើងចង់បាន ហើយជឿថាយើងនឹងបានទទួល ។
យើងបានដឹងពីគោលការណ៍ដែលអនុវត្តចំពោះកូនសិស្សស្មោះត្រង់គ្រប់រូប ៖ សេចក្តីជំនឿរឹងមាំលើព្រះសង្គ្រោះ គឺការចុះចូលទទួលយកព្រះហឫទ័យរបស់ទ្រង់ និង ពេលវេលានៃជីវិតរបស់យើង—ទោះបីជាលទ្ធផលដែលទទួល មិនមែនជាអ្វីដែលយើងសង្ឃឹមទុក ឬ ចង់បានក៏ដោយ ។ ពិតណាស់ ចន និង ហ៊ីធើរ មានបំណង ប្រាថ្នាចង់បាន និង ទូលអង្វរដោយអស់ពីសមត្ថភាព គំនិត និង កម្លាំងដើម្បីសុំការប្រោសឲ្យជា ។ តែសំខាន់ជាងនេះទៅទៀត ពួកគេនឹង « ព្រមទទួលនូវអ្វីៗទាំងអស់ដែលព្រះអម្ចាស់ទតឃើញថាល្អសម្រាប់[ ពួកគេ ]ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » (ម៉ូសាយ 3:19 ) ។ មែនហើយ ពួកគេមានបំណងដើម្បី « ថ្វាយព្រលឹង [ ពួកគេ ] ទាំងមូល ជាដង្វាយថ្វាយដល់ទ្រង់ » (អោមណៃ 1:26 ) ហើយអធិស្ឋានយ៉ាងរាបទាបថា « ឱព្រះវរបិតាអើយ ! បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា 22:42 ) ។
ដំបូងសំណួរទាំងនោះហាក់បីដូចជាធ្វើឲ្យ ចន, ហ៊ីធើរ និង រូបខ្ញុំមានភាពច្របូកច្របល់ ដែលសំណួរនោះក្លាយជាផ្នែកមួយដែលហាក់បីដូចជាផ្ទុយនឹងគោលការណ៍នៃដំណឹងល្អ ។ សូមពិចារណាពីការព្រមានរបស់ព្រះសង្គ្រោះ ៖ « អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ » (ម៉ាថាយ 10: 39 ) ។ ទ្រង់ក៏បានប្រកាសថា « តែនឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនឹងមានមនុស្សក្រោយ ទៅជាមុនវិញ » ( ម៉ាថាយ 19:30 ) ។ ហើយព្រះអម្ចាស់បានទូន្មានពួកសិស្សជំនាន់ចុងក្រោយរបស់ទ្រង់ថា « ហើយដោយសារពាក្យសម្តីរបស់អ្នក ទើបពួកអ្នកខ្ពង់ខ្ពស់ជាច្រើនត្រូវបានបន្ទាបចុះ ហើយដោយសារពាក្យសម្តីរបស់អ្នក ទើបពួកអ្នកទាបត្រូវបានដម្កើងឡើង » ( គ. និង ស. 112:8 ) ។ ហេតុនេះ ដោយមានសេចក្តីជំនឿថាមិនត្រូវបានប្រោសឲ្យជា ហាក់បីដូចជាសមរម្យទៅនឹងខ្នាតគំរូដ៏មានអំណាចដែលផ្ទុយនឹងគោលការណ៍នៃដំណឹងល្អ ដែលតម្រូវឲ្យយើងសូម រក និង គោះ នោះយើងអាចទទួលចំណេះដឹង និង ការយល់ដឹង ( សូមមើល នីហ្វៃទី 314:7 ) ។
បន្ទាប់ពីនិយាយពីពេលវេលាចាំបាច់ ដើម្បីពិចារណាពីសំណួររបស់ខ្ញុំ និង ដើម្បីនិយាយជាមួយភរិយាគាត់ នោះ ចន បាននិយាយមកខ្ញុំថា ៖ « អែលឌើរ បែតណា ខ្ញុំពិតជាមិនចង់ស្លាប់ទេ ។ ខ្ញុំពិតជាមិនចង់ទៅចោល [ហ៊ីធើរ] ទេ ។ តែបើសិននេះជាព្រះហឫទ័យរបស់ព្រះអម្ចាស់ ដើម្បីបញ្ជូនខ្ញុំឲ្យទៅភពវិញ្ញាណមែន នោះខ្ញុំគិតថាខ្ញុំអាចទទួលយកបាន » ។ ដួងចិត្តរបស់ខ្ញុំពោរពេញដោយអំណរគុណ និង ការដឹងគុណ នៅពេលខ្ញុំបានឃើញគូស្វាមីភរិយាវ័យក្មេងនេះ ជួបប្រទះនឹងឧបគ្គសលំបាកបំផុតនៃការលំបាកទាំងឡាយខាងវិញ្ញាណ—គឺការចុះចូលបំណងប្រាថ្នារបស់ពួកគេទៅនឹងព្រះហឫទ័យរបស់ព្រះ ។ ជំនឿរបស់ខ្ញុំត្រូវបានពង្រឹង នៅពេលខ្ញុំបានឃើញគូស្វាមីភរិយានេះដែលធ្វើឲ្យ បំណងដ៏ខ្លាំងក្លា និង មានហេតុផលរបស់ពួកគេដើម្បរីប្រោសឲ្យជានោះត្រូវបាន « លេបដណ្តប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា » ( ម៉ូសាយ 15:7 ) ។
ចន បានរៀបរាប់ពីប្រត្តិកម្មដែលគាត់មានចំពោះការសន្ទនារបស់យើង និង ពរជ័យដែលគាត់បានទទួលថា ៖ « អែលឌើរ បែតណា បានចែកចាយយោបល់មកពី អែលឌើរ ម៉ាក់ស្វែល ជាមួយយើងដែលថា មិនរួញខ្លាចនោះ វាប្រសើរជាងការរស់រានមានជីវិតទៅទៀត ។ បន្ទាប់មក អែលឌើរ បែតណា បានសួរយើងថា ខ្ញុំដឹងថាអ្នកមានសេចក្តីជំនឿដើម្បីប្រោសឲ្យបានជា តែអ្នកមានជំនឿដើម្បីប្រោសមិនបានជាដែរឬទេ ? នេះគឺជាសិក្ខាបទមួយដែលខ្ញុំមិនធ្លាប់ដឹងសោះ ។ ពិតណាស់ លោកកំពុងសួរខ្ញុំថា តើខ្ញុំមានជំនឿដើម្បីទទួលយកព្រះហឫទ័យរបស់ព្រះទេ បើសិនព្រះទ័យទ្រង់ចង់ឲ្យខ្ញុំមិនបានប្រោសឲ្យជានោះ ? បើសិនពេលនោះមកដល់សម្រាប់ខ្ញុំ ឲ្យចូលទៅភពវិញ្ញាណតាមរយៈសេចក្តីស្លាប់ នោះតើខ្ញុំបានរៀបចំខ្លួនដើម្បីចុះចូល និង ទទួលយកហើយឬនៅ ?
ចន បានបន្តថា ៖ « ការមានសេចក្តីជំនឿថាមិនបានប្រោសឲ្យជា ហាក់បីដូចជា មិនស្របទៅនឹងអ្វីដែលយើងរំពឹងទុកទេ តែទស្សនវិស័យនោះបានផ្លាស់ប្តូររបៀបដែលភរិយា និង រូបខ្ញុំបានគិត ហើយធ្វើឲ្យយើងដាក់ទីទុកចិត្តរបស់យើងយ៉ាងពេញទំហឹងលើផែនការរបស់ព្រះវរបិតាសម្រាប់យើង ។ យើងបានរៀនថា យើងត្រូវតែទទួលសេចក្តីជំនឿថាព្រះអម្ចាស់ជាអ្នកចាត់ចែងក្នុងរឿងនេះ មិនថាលទ្ធផលនឹងទៅជាយ៉ាងនោះទេ ហើយទ្រង់នឹងដឹកនាំយើងពីកន្លែងដែលយើងនៅ ទៅកន្លែងដែលយើងត្រូវនៅ ។ នៅពេលយើងអធិស្ឋាន ការទូលអង្វររបស់យើងបានប្តូរពី សូមប្រទានដល់ខ្ញុំនូវអ្វីៗទាំងអស់ដែលខ្ញុំសុំ ទៅជា សូមប្រទានសេចក្តីជំនឿដល់ខ្ញុំដើម្បីទទួលលទ្ធផលដែលទ្រង់បានរៀបផែនការសម្រាប់ខ្ញុំវិញ ។
« ខ្ញុំប្រាកដក្នុងចិត្តថា ដោយសារ អែលឌើរ បែតណា ជាសាវកម្នាក់នោះលោកនឹងប្រសិទ្ធិពរឲ្យធាតុនៃរូបកាយរបស់ខ្ញុំត្រូវបានស្តារឡើងវិញ ហើយខ្ញុំនឹងលោតចេញពីគ្រែ ហើយចាប់ផ្តើមរាំ ឬ ធ្វើអ្វីៗដែលអស្ចារ្យដូចនេះ ! តែនៅពេលលោកបានប្រសិទ្ធិពរខ្ញុំនៅថ្ងៃនោះ ខ្ញុំមានការភ្ញាក់ផ្អើលនឹងពាក្យដែលលោកបាននិយាយ គឺពាក្យទាំងនោះដូចទៅនឹងពាក្យដែលឪពុកខ្ញុំ, ឪពុកក្មេកខ្ញុំ និង ប្រធានបេសកកម្មខ្ញុំបាននិយាយ ។ ទីបំផុត ខ្ញុំបានដឹងថាវាមិនសំខាន់ថាដៃរបស់អ្នកណាដាក់លើក្បាលខ្ញុំនោះទេ ។ ព្រះចេស្តារបស់ព្រះមិនផ្លាស់ប្តូរឡើយ ហើយព្រះហឫទ័យរបស់ទ្រង់នឹងត្រូវធ្វើឲ្យយើងដឹងដោយផ្ទាល់ខ្លួន និង តាមរយៈអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ » ។
ហ៊ីធើរ បានសរសេរថា ៖ « ថ្ងៃនេះខ្ញុំពោរពេញដោយអារម្មណ៍ច្របូកច្របល់ ខ្ញុំបានជឿថា អែលឌើរ បែតណា នឹងដាក់ដៃលើក្បាលរបស់ ចន ហើយប្រោសឲ្យគាត់ជាទាំងស្រុងពីជំងឺមហារីករបស់គាត់ ។ ខ្ញុំដឹងថាតាមរយៈអំណាចបព្វជិតភាពនោះគាត់អាចត្រូវបានប្រោសឲ្យជា ហើយខ្ញុំចង់ឲ្យការណ៍នោះកើតឡើងខ្លាំងណាស់ ។ បន្ទាប់ពីលោកបានបង្រៀនយើងពីសេចក្តីជំនឿនៃការប្រោសមិនបានជា នោះខ្ញុំភាន់ភាំងយ៉ាងខ្លាំង ។ មកដល់ចំណុចនេះ ខ្ញុំមិនធ្លាប់ព្រមទទួលការពិតដែលថាផែនការនៃព្រះអម្ចាស់អាចរួមបញ្ចូលការបាត់បង់ស្វាមីថ្មោងថ្មីរបស់ខ្ញុំឡើយ ។ សេចក្តីជំនឿរបស់ខ្ញុំពឹងលើលទ្ធផលដែលខ្ញុំចង់បាន ។ តាមការនិយាយនោះ គឺថាខ្ញុំគិតតែពីខ្លួនខ្ញុំតែប៉ុណ្ណោះ។ ទោះបីជាច្របូកច្របល់នៅពេលដំបូងក៏ដោយ នៅទីបំផុតគំនិតនៃសេចក្តីជំនឿដើម្បីប្រោសមិនបានជានោះ បានធ្វើឲ្យខ្ញុំរួចពីការភ័យបារម្ភ ។ គំនិតនោះបានធ្វើឲ្យខ្ញុំមានទំនុកចិត្តទាំងស្រុងថា ព្រះវរបិតាសួគ៌ បានស្គាល់ខ្ញុំជាងខ្ញុំស្គាល់ខ្លួនឯងទៅទៀត ហើយទ្រង់នឹងធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ ហើយនិង ចន » ។
ការប្រសិទ្ធិពរមួយត្រូវបានផ្តល់ឲ្យ ហើយជាច្រើនសប្តាហ៍ ច្រើនខែ និង ច្រើនឆ្នាំបានកន្លងទៅ ។ ជាអព្ភូតហេតុ ជំងឺមហារីករបស់ ចន បានធូរស្បើយ ។ គាត់អាចបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរបស់គាត់ និង ទទួលបានការងារដែលមានប្រាក់ចំណូលល្អ ។ ចន និង ហ៊ីធើរ បានបន្តពង្រឹងទំនាក់ទំនងរបស់ពួកគេ ហើយដើម្បីរស់នៅយ៉ាងរីករាយជាមួយគ្នា ។
ក្រោយមក ខ្ញុំបានទទួលសំបុត្រមួយមកពី ចន និង ហ៊ីធើរ ដោយបានប្រាប់ខ្ញុំថា ជំងឺមហារីកនោះបានរើរឡើងវិញ ។ ការព្យាបាលដោយចាក់ថ្នាំគីមីត្រូវបានបន្ត ហើយការវះកាត់ត្រូវបានកំណត់ថ្ងៃវះកាត់ ។ ចន បានពន្យល់ថា ៖ « ព័ត៌មាននេះមិនគ្រាន់តែធ្វើឲ្យ ហ៊ីធើរ និង រូបខ្ញុំខកចិត្តប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យយើងច្របូកច្របល់ផងដែរ ។ តើមានអ្វីខ្លះដែលយើងមិនបានរៀនពីពេលដំបូងឬ ? តើព្រះអម្ចាស់ចង់បានអ្វីៗច្រើនជាងនេះពីយើងឬ ? ការធំឡើងក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ វាជារឿងសាមញ្ញទៅហើយដើម្បីទៅព្រះវិហារ ហើយស្តាប់ឃ្លាថា គ្រប់ទុក្ខវេទនាដែលព្រះប្រទានដល់យើងគឺសម្រាប់ជាប្រយោជន៍ដល់យើង ។ មែនហើយ និយាយតាមត្រង់ទៅ ខ្ញុំគ្មានឃើញថា ទុក្ខវេទនានេះគឺជាប្រយោជន៍សម្រាប់ខ្ញុំសោះឡើយ !
« ដូច្នេះខ្ញុំចាប់ផ្តើមអធិស្ឋានឲ្យបានជាក់ច្បាស់ ហើយសុំឲ្យព្រះអម្ចាស់ជួយខ្ញុំយល់ថា ហេតុអ្វីជំងឺមហារីកនោះបានកើតឡើងម្តងទៀត ។ ថ្ងៃមួយនៅពេលខ្ញុំកំពុងអាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ខ្ញុំបានទទួលចម្លើយរបស់ខ្ញុំ ។ ខ្ញុំបានអានពីដំណើររឿងរបស់ព្រះគ្រីស្ទ និង សាវករបស់ទ្រង់នៅលើសមុទ្រ នៅពេលខ្យល់ព្យុះកំពុងបក់បោក ។ ដោយភ័យខ្លាចថាទូកនឹងលិច សាវកបានចូលទៅរកព្រះសង្គ្រោះ ហើយសួរទ្រង់ថា លោកគ្រូអើយ ! តើទ្រង់មិនខ្វល់ថាយើងនឹងវិនាសទេឬអី ? នេះជាអារម្មណ៍ដែលខ្ញុំមាន ! តើទ្រង់មិនខ្វល់ថាខ្ញុំមានជំងឺមហារីកទេឬអី ? តើទ្រង់មិនខ្វល់ថាយើងចង់ចាប់ផ្តើមគ្រួសារមួយទេឬអី ? តែនៅពេលដែលខ្ញុំបានអានបន្តទៀតនៅក្នុងរឿង នោះខ្ញុំបានរកចម្លើយខ្ញុំឃើញ ។ ព្រះអម្ចាស់សម្លឹងទៅពួកគេ ហើយមានព្រះបន្ទូលថា ឱ ! ពួកអ្នកមានជំនឿតិចអើយ ហើយទ្រង់បានលាតព្រះហស្តទ្រង់ ហើយទឹកសមុទ្រក៏ស្ងប់ ។
« នៅពេលនោះខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំជឿខគម្ពីរនេះទេ ? តើខ្ញុំជឿថាទ្រង់ធ្វើឲ្យទឹកសមុទ្រស្ងប់នៅថ្ងៃនោះទេ ? ឬវាគឺជារឿងមួយដែលគ្រាន់តែល្អអានឬ ? ចម្លើយនោះគឺថា ៖ ខ្ញុំពិតជាជឿ ហើយដោយសារខ្ញុំដឹងថាទ្រង់ធ្វើឲ្យទឹកសមុទ្រស្ងប់ នោះខ្ញុំក៏ដឹងភ្លាមថាទ្រង់នឹងប្រោសខ្ញុំឲ្យជា ។ មកដល់ចំណុចនេះ ខ្ញុំមានការលំបាកដើម្បីស្រុះស្រួលនឹងតម្រូវការសម្រាប់សេចក្តីជំនឿរបស់ខ្ញុំលើព្រះគ្រីស្ទជាមួយឆន្ទៈដែលមិនអាចផ្លាស់ប្តូរបានរបស់ទ្រង់ ។ ខ្ញុំយល់ឃើញថាវាជាគំនិតពីរផ្សេងគ្នា ។ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថា គំនិតមួយវាផ្ទុយនឹងគំនិតមួយទៀត ។ ខ្ញុំបានសួរថា ហេតុអ្វីខ្ញុំគួរតែមានជំនឿ បើសិននៅទីបញ្ចប់ព្រះហឫទ័យទ្រង់នឹងមានជោគជ័យនោះ ? បន្ទាប់ពីបទពិសោធន៍នោះ ខ្ញុំបានដឹងថា ការមានសេចក្តីជំនឿ—យ៉ាងហោចណាស់ដូចក្នុងកាលៈទេសៈរបស់ខ្ញុំ—គឺមិនចាំបាច់ត្រូវដឹងថា តើទ្រង់នឹងប្រោសខ្ញុំឲ្យជាឬទេនោះទេ តែថាទ្រង់អាចប្រោសខ្ញុំឲ្យជាបាន ។ ខ្ញុំត្រូវតែជឿថាទ្រង់អាច ហើយថាទោះបីជាមានអ្វីកើតឡើងក៏ដោយ គឺសម្រេចលើទ្រង់ ។
« នៅពេលខ្ញុំធ្វើឲ្យគំនិតទាំងពីរនោះមានរួមគ្នានៅក្នុងជីវិតខ្ញុំ, ផ្តោតជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយចុះចូលទាំងស្រុងទៅនឹងព្រះហឫទ័យទ្រង់ នោះខ្ញុំរកឃើញនូវការលួងលោម និង ភាពសុខសាន្តដ៏អស្ចារ្យ ។ វាពិតជាអស្ចារ្យណាស់ដើម្បីឃើញពីព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ។ អ្វីៗបានកើតឡើងដោយសមស្រប អព្ភូតហេតុបានកើតឡើង ហើយយើងបន្តមើលឃើញយ៉ាងរាបទាបពីផែនការរបស់ព្រះសម្រាប់យើងបានកើតឡើង » ។
ខ្ញុំសូមអានម្តងទៀតពីប្រយោគដែល ចន បានបញ្ជាក់ « នៅពេលខ្ញុំធ្វើឲ្យគំនិតទាំងពីរនោះមានរួមគ្នានៅក្នុងជីវិតខ្ញុំ, ផ្តោតជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយចុះចូលទាំងស្រុងទៅនឹងព្រះហឫទ័យទ្រង់ នោះខ្ញុំរកឃើញនូវការលួងលោម និង ភាពសុខសាន្តដ៏អស្ចារ្យ » ។
ភាពសុចរិត និង សេចក្តីជំនឿពិតជាឧបករណ៍ដើម្បីរើភ្នំ—បើសិនជាការរើភ្នំនោះសម្រេចតាមគោលបំណងរបស់ព្រះ ហើយវាស្របទៅនឹងព្រះហឫទ័យទ្រង់ ។ ភាពសុចរិត និង សេចក្តីជំនឿពិតជាឧបករណ៍ដើម្បីព្យាបាលអ្នកឈឺ, ថ្លង់ ឬ ពិការ—បើសិនការប្រោសឲ្យជានោះសម្រេចតាមបំណងរបស់ព្រះ ហើយវាស្របទៅនឹងព្រះហឫទ័យទ្រង់ ។ ដូច្នេះ សូម្បីតែដោយសេចក្តីជំនឿដ៏រឹងមាំ នោះភ្នំជាច្រើននឹងត្រូវបានរើចេញ ។ ហើយមិនមែនអស់អ្នកដែលឈឺ និង អ្នកពិការត្រូវបានប្រោសឲ្យជានោះទេ ។ បើសិនការផ្ទុយទាំងអស់មានកំណត់ បើសិនជំងឺទាំងអស់ត្រូវបានដកចេញ នោះគោលបំណងចម្បងនៃផែនការរបស់ព្រះវរបិតានឹងមិនត្រូវបានសម្រេចឡើយ ។
មេរៀនជាច្រើនដែលយើងត្រូវរៀននៅក្នុងជីវិតរមែងស្លាប់នេះ អាចទទួលបានតាមរយៈអ្វីៗដែលយើងទទួលបទពិសោធន៍ ហើយពេលខ្លះរងទុក្ខ ។ បន្ទាប់ពីព្រះសង្ឃឹម និង ទុកចិត្តយើងដើម្បីប្រឈមមុខនឹងទុក្ខលំបាកបណ្តោះអាសន្ននៃជីវិតរមែងស្លាប់នេះ ដោយមានជំនួយពីទ្រង់ នោះយើងអាចរៀនពី អ្វីដែលយើងត្រូវតែរៀន ហើយទីបំផុតប្រែក្លាយជាអ្វីដែលត្រូវតែប្រែក្លាយនៅក្នុងភាពអស់កល្បជានិច្ច ។
ន័យនៃរឿងទាំងអស់
រឿងរបស់ ចន និង ហ៊ីធើរ នេះមានទាំងភាពសាមញ្ញ និង ភាពអស្ចារ្យ ។ គូស្វាមីភរិយាវ័យក្មេងនេះគឺតំណាងឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់លាននាក់ដ៏ស្មោះត្រង់នៅលើពិភពលោក ដែលរក្សាសេចក្តីសញ្ញា បានបន្តឈានទៅមុខលើផ្លូវតូច ហើយចង្អៀត ដោយមានជំនឿខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយមានការភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ ។ ចន និង ហ៊ីធើរ មិនបានកំពុងបម្រើក្នុងមុខតំណែងខ្ពស់នៃថ្នាក់ដឹកនាំដែលគេស្គាល់នៅក្នុងសាសនាចក្រទេ ពួកគេក៏ពុំមែនជាសាច់ញាត្តិរបស់អ្នកមានសិទ្ធិអំណាចទូទៅណាដែរ ហើយពេលខ្លះពួកគេមានមន្ទិលសង្ស័យ និង ការភ័យខ្លាច ។ នៅក្នុងរឿងលម្អិតជាច្រើនទាំងនេះ រឿងរបស់ពួកគេគឺពិតជាសាមញ្ញណាស់ ។
ប៉ុន្តែបងប្អូនប្រុសស្រីអើយ ! យុវជន និង យុវនារីនេះ ត្រូវបានប្រទានពរតាមរបៀបដ៏អស្ចារ្យ ដើម្បីរៀនពីសារៈសំខាន់នៃមេរៀនសម្រាប់ភាពអស់កល្បជានិច្ច តាមរយៈការរងទុក្ខ និង ការលំបាក ។ ខ្ញុំបានចែកចាយរឿងនេះជាមួយអ្នក ដោយសារ ចន និង ហ៊ីធើរ ដែលដូចជាយើងគ្រប់រូបនេះ បានយល់ថា ការដែលមិនរួញខ្លាចនោះ គឺវាសំខាន់ជាងការរស់រានមានជីវិតទៅទៀត ។ ដូច្នេះ បទពិសោធន៍របស់ពួកគេ គឺមិនផ្តោតចម្បងទៅលើការរស់រាន និង ការស្លាប់នោះទេ តែវាគឺជាការផ្តោតលើ ការរៀនសូត្រ ការរស់នៅ និង ការប្រែក្លាយខ្លួន ។
ការរួមផ្តុំខាងវិញ្ញាណដ៏ខ្លាំងនៃសេចក្តីជំនឿ និង លើព្រះនាមដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ,ការរួមផ្តុំខាងវិញ្ញាណដ៏ខ្លាំងដើម្បីរចុះចូលយ៉ាងរាបទាបទៅនឹងព្រះហឫទ័យ និង ពេលវេលារបស់ទ្រង់, ការរួមផ្តុំខាងវិញ្ញាណដ៏ខ្លាំងនៃការឈានទៅមុខ « ដោយព្យាយាមពុំឈប់ឈរ » (ហេលេមិន 15:6 ) និង ការយល់ដឹងពីព្រះចេស្តារបស់ទ្រង់នៅក្នុងគ្រប់របស់ទាំងឡាយដ៏ប្រកបដោយសេចក្តីសុខសាន្ត នៃនគររបស់ព្រះ ដែលនាំឲ្យមានសេចក្តីអំណរ និង ជីវិតអស់កល្បជានិច្ច ( សូមមើល គ. និង ស. 42:61 ) ។ នៅពេលគូស្វាមីភរិយានេះជួបបទពិសោធន៍ដ៏លំបាកនេះ ពួកគេបានរស់នៅដោយ « សុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយស្មោះត្រង់ » (ធីម៉ូថេទី 1 2:2 ) ។ ពួកគេដើរយ៉ាងសុខសាន្ត ( សូមមើល មរ៉ូណៃ 7:4 ) ជាមួយ និង ក្នុងចំណោមកូនចៅមនុស្ស ។ « យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់ [ ពួកគេ ] ក្នុងព្រះគ្រីស្ទយេស៊ូវ » (ភីលីព 4:7) ។
ត្បិតរឿងរបស់ពួកគេនេះ ធ្លាប់កើតឡើង ឬ អាចជារឿងរបស់អ្នក ។ អ្នកកំពុងជួបប្រទះ, ធ្លាប់ជួបប្រទះ ឬ នឹងត្រូវជួបប្រទះបញ្ហាដូចគ្នានេះ នៅក្នុងជីវិតរបស់អ្នក ដោយមានភាពក្លាហាន និង ទស្សនវិស័យខាងវិញ្ញាណដូចគ្នាទៅនឹង ចន និង ហ៊ីធើរ ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាមនុស្សមួយចំនួនរៀនមេរៀននៃភាពអស់កល្បជានិច្ចតាមរយៈទុក្ខវេទនា និង ការរងទុក្ខទោះទេ—ខណៈដែលមនុស្សផ្សេងទៀតរៀនមេរៀនស្រដៀងគ្នានោះតាមរយៈការសង្គ្រោះ និង ការប្រោសឲ្យជា ។ ខ្ញុំមិនដឹងគ្រប់ហេតុផល មិនដឹងគ្រប់គោលបំណងនោះទេ ហើយខ្ញុំមិនដឹងអ្វីៗគ្រប់យ៉ាងពីពេលវេលារបស់ព្រះអម្ចាស់នោះទេ ។ ជាមួយនឹងនីហ្វៃ ខ្ញុំ និង អ្នកអាចនិយាយថា យើង « មិនយល់ន័យនៃរឿងទាំងអស់នោះទេ » ( នីហ្វៃទី 1 11:17 ) ។
ប៉ុន្តែមានអ្វីៗជាច្រើនដែលខ្ញុំពិតជាដឹង ។ ខ្ញុំដឹងថាយើងគឺជាបុត្រា និង បុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាដែលពេញដោយសេចក្តីស្រឡាញ់ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌គឺជាអ្នករៀបចំផែនការនៃសុភមង្គល ។ ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាអង្គសង្គ្រោះ និង ព្រះប្រោសលោះយើង ។ ខ្ញុំដឹងថាព្រះយេស៊ូវអាចធ្វើឲ្យផែនការរបស់ព្រះវរបិតាសម្រេចបានតាមរយៈដង្វាយធួនដ៏ឥតកាត់ថ្លៃបាន និង អស់កល្បជានិច្ចរបស់ទ្រង់ ។ ខ្ញុំដឹងថាព្រះអម្ចាស់ ដែលត្រូវបាន « វាយជាំ, វាយដំ [ និង ]រងរបួសសម្រាប់យើង » ( « Jesus of Nazareth, Savior and King » Hymns, no. 181) អាចជួយសង្គ្រោះ និង ពង្រឹង « រាស្ត្ររបស់ទ្រង់តាមជំងឺរបស់ពួកគេ » (អាលម៉ា 7:12 ) ។ ហើយខ្ញុំដឹងថាពរជ័យមួយដ៏មហិមាបំផុតនៃជីវិតរមែងស្លាប់នេះ គឺ មិនរួញខ្លាច ហើយឲ្យបំណងផ្ទាល់ខ្លួនរបស់យើងត្រូវបាន « លេបដណ្តប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា » ( ម៉ូសាយ 15:7 ) ។
ទោះបីជាខ្ញុំមិនបានដឹងអ្វីៗគ្រប់យ៉ាងអំពី របៀប និង ពេលណា និង កន្លែងណា និង ហេតុអ្វីបានជាពរជ័យទាំងនេះកើតឡើងក៏ដោយ ខ្ញុំពិតជាដឹង និង ឃើញថាពរជ័យទាំងនោះពិត ។ ខ្ញុំថ្លែងទីបន្ទាល់ថាអ្វីៗទាំងនោះគឺជាការពិត—ហើយថាយើងដឹងគ្រប់គ្រាន់ ដោយព្រះចេស្តានៃព្រះវិញ្ញាណ ដើម្បីថ្លែងទីបន្ទាល់ពិតប្រាកដនៃទេវភាព, ភាពពិត និង ភាពសក្តិសមរបស់ទ្រង់ ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំអធិស្ឋានសូមឲ្យពរជ័យនេះមានដល់អ្នក ៖ ថាសូម្បីតែអ្នកបន្តឈានទៅមុខនៅក្នុងជីវិតរស់នៅរបស់អ្នកដោយមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ទ នោះអ្នកនឹងមានសមត្ថភាពដើម្បមិនរួញខ្លាច ។ ខ្ញុំថ្លែងទីបន្ទាល់ ហើយខ្ញុំសូមអធិស្ឋានពរជ័យនេះនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2013 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ 8/12 ។ អនុមតិការបកប្រែ ៖ 8/12 ។ ការបកប្រែនៃ That We Might “Not … Shrink.» ។ Cambodian. PD50045417 258