តើខ្ញុំបានឃើញព្រះហស្តនៃព្រះក្នុងជីវិតខ្ញុំទេ ?
ការប្រជុំធម្មនិដ្ឋាន ស៊ី. អ៊ី. អេស សម្រាប់មជ្ឈិមវ័យវ័យក្មេង ថ្ងៃទី 3 ខែ មិនា ឆ្នាំ 2013 សាកលវិទ្យាល័យតិចសាស អាលីងតុន
នៅពេលខ្ញុំធ្វើដំណើរជាមួយស្វាមីរបស់ខ្ញុំជុំវិញពិភពលោក ខ្ញុំមានការព្រួយចិត្តដោយដឹងថា មានមនុស្សវ័យក្មេងជាច្រើនមានអារម្មណ៍ថា ពួកគេឯកោ ហើយសង្ស័យថាតើព្រះអម្ចាស់ស្គាល់ពួកគេម្នាក់ៗ ឬ ស្រឡាញ់គេដែរឬទេ ។ ខ្ញុំបានអធិស្ឋានអំពីគោលការណ៍ទាំងឡាយដែលខ្ញុំអាចលើកមកនិយាយនៅរាត្រីនេះដែលនឹងជួយអ្នករាល់គ្នាដឹងថា ព្រះអម្ចាស់ស្គាល់ ហើយស្រឡាញ់អ្នក ។ ខ្ញុំសូមអធិស្ឋានសុំព្រះវិញ្ញាណជួយខ្ញុំក្នុងការចែកចាយសារនេះ ។
ខ្ញុំនឹងប្រើពាក្យពេចន៍មួយចំនួនពីចម្រៀងថ្នាក់សិក្ខាសាលាដើម្បីរៀបចំការនិយាយរបស់ខ្ញុំ ។
យើងត្រូវមានត្រចៀកដើម្បីស្តាប់បន្ទូលនៃព្រះអម្ចាស់
ហើយភ្នែកដើម្បីឃើញផែនការទ្រង់
ជើងដើម្បីដើរតាមផ្លូវរបស់ទ្រង់
ហើយដួងចិត្តដើម្បីយល់ ។
( ស្ទីវិន ខេ. ចូន « Hearts that Understand » សៀវភៅចម្រៀង Hold to the Rod [ ឆ្នាំ 1988 ], ទំព័រ 20]
ត្រចៀកដើម្បីស្តាប់បន្ទូលនៃព្រះអម្ចាស់
ជាដំបូង យើងត្រូវមានត្រចៀកដើម្បីស្តាប់បន្ទូលនៃព្រះអម្ចាស់ ។ យើងអាចស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់បាននៅពេលយើងសិក្សាព្រះគម្ពីរទាំងឡាយ (សូមមើល គ. និង ស. 18:35–36 ) ។ នៅពេលខ្ញុំមានអាយុស្របាលនឹងអ្នក ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ជាប្រធានសាសនាចក្រ ។ ពាក្យដកស្រងពីគាត់បានដឹកនាំខ្ញុំពេញមួយជីវិតរបស់ខ្ញុំ ។ គាត់មានប្រសាសន៍ថា ៖ « ខ្ញុំដឹងថា នៅពេលខ្ញុំមិនយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះ ហើយនៅពេលដែលហាក់បីដូចជាគ្មានព្រះកាកំពុងស្តាប់ ហើយគ្មានសំឡេងព្រះកំពុងមានបន្ទូល នោះខ្ញុំនៅឆ្ងាយ នៅដ៏សែនឆ្ងាយ ។ បើសិនបើខ្ញុំសិក្សាព្រះគម្ពីរ នោះគំលាតនោះកាន់តែតូចវិញ ហើយព្រះវិញ្ញាណនឹងត្រឡប់មកវិញ » ។ (Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ 2006 ], ទំព័រ 67 ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា បើសិនយើងយកត្រចៀកស្តាប់បន្ទូលនៃព្រះអម្ចាស់ នោះយើងនឹងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលទ្រង់មានបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ ។
ភ្នែកដើម្បីឃើញផែនការទ្រង់
ទីពីរ យើងត្រូវមានភ្នែកដើម្បីឃើញផែនការទ្រង់ ។ នៅថ្ងៃមួយខ្ញុំកំពុងគិតអំពីអ្នកត្រឡប់មកពីបេសកកម្មម្នាក់ដែលខ្ញុំស្គាល់ ហើយខ្ញុំបានទទួលអ៊ីម៉ែលមួយមកពីគាត់ដោយពុំបានរំពឹងទុក ។ នាងបានប្រាប់ខ្ញុំពីអារម្មណ៍របស់នាងដែលព្រះអម្ចាស់ធ្វើអព្ភូតហេតុតាមរយៈរូបនាងនៅក្នុងបេសកកម្ម ប៉ុន្តែចាប់តាំងពីនាងបានត្រឡប់ពីបេសកកម្មនាងវិញ ជួនកាលនាងឆ្ងល់ថា តើទ្រង់នៅចាំពីនាងឬអត់ ។
ក្នុងចម្លើយរបស់ខ្ញុំទៅកាន់នាង ខ្ញុំបានចែកចាយនូវការទូន្នានដ៏សំខាន់មួយចំនួនដែលអែលឌើរ ហែនរី ប៊ី. អាវរិង បានចែកចាយទៅកាន់និសិត្សនៅ ប៊ី.វ៉ាយ.យូ– អៃដាហូ ។ លោកបានមានប្រសាសន៍ថា ៖ « ខ្ញុំសូមប្រទានពរអ្នកជារៀងរាល់ថ្ងៃ បើសិនជាអ្នកនឹងសុំក្នុងការអធិស្ឋានដើម្បីឲ្យព្រះហស្តរបស់ព្រះគាំពារជិវិតរបស់អ្នកនៅថ្ងៃនោះ ខ្ញុំប្រទានពរអ្នកថាអ្នកនឹងទទួលបាននូវការណ៍នោះ ។ ការណ៍នោះនឹងបើកសម្តែងដល់អ្នករាល់គ្នា ។ ថាអ្នកនឹងឃើញថា ទ្រង់កំពុងដឹកនាំ ណែនាំ និង លើកអ្នកឡើង ហើយថា ទ្រង់ស្គាល់អ្នក » ( « A Steady, Upward Course » [ Brigham Young University–Idaho Devotional,ថ្ងៃទី 18 ខែ កញ្ញា ឆ្នាំ2001 ] web.byui.edu/devotionalsandspeeches ) ។
បន្ទាប់មកខ្ញុំបានពន្យល់ពីរបៀបដែលខ្ញុំបានអធិស្ឋានជារៀងរាល់ថ្ងៃសម្រាប់ពរជ័យនេះ ហើយបានឃើញព្រះហស្តនៃព្រះបានលូកមកពាល់ដល់ខ្ញុំតាមរយៈសំបុត្រដ៏មានអត្ថន័យរបស់នាង ។ ខ្ញុំប្រាកដថា ព្រះវរបិតារបស់នាងនឹងធ្វើដូចគ្នានោះដែរចំពោះរូបនាង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងអធិស្ឋានដើម្បីឲ្យភ្នែកទាំងឡាយបានឃើញផែនការទ្រង់ នោះយើងនឹងដឹងពីទំនាក់ទំនងរបស់ព្រះនៅក្នុងជីវិតរបស់នៅរបស់យើង ហើយដឹងថា ទ្រង់ស្គាល់យើង ។
ជើងដើម្បីដើរតាមផ្លូវទ្រង់
ទីបី យើងត្រូវមានជើងដើម្បីដើរតាមផ្លូវទ្រង់ ។ មានមជ្ឈិមវ័យវ័យក្មេងជាច្រើនបានក្លាយទៅជាស្រងាកចិត្ត អស់សង្ឃឹម និង បាក់ទឹកចិត្ត ពីព្រោះព្រឹត្តិការណ៍មួយចំនួនដែលពួកគេគិតថា នឹងកើតឡើងក្នុងជីវិតរបស់ពួកគេ មិនទាន់បានមកដល់ ។ មានមនុស្សមួយចំនួនបានគិតដោយខុសឆ្គងថា បើសិនជាព្រះមិនប្រទានដល់ពួកគេនូវ សុភមង្គល ឬ ពរជ័យ ដែលពួកគេរំពឹងចង់បាន ឬ គិតថាពួកគេគួរតែទទួលបាននោះទេ នោះមានន័យថា ទ្រង់មិនខ្វល់ ។ ដើម្បីបង្ហាញនូវការមិនសប្បាយចិត្តជាមួយនឹងព្រះ មនុស្សមួយចំនួនបានបាត់បង់នូវសេចក្តីជំនឿ មិនគោរពសេចក្តីសញ្ញាទាំងឡាយ ដាក់ការទុកចិត្តរបស់ពួកគេទៅលើភាពរីករាយនៃលោកិយ ហើយបែរចេញពីផ្លូវនៃព្រះទៅតាមផ្លូវរបស់ខ្លួនឯងវិញ ។ ផ្ទុយពីការមានជើងដើម្បីដើរតាមផ្លូវសុចរិត ពួកគេបានងាកចេញពីផ្លូវដំណឹងល្អ គ្មានទិសដៅ ហើយបានវង្វេង ។ យើងទាំងអស់គ្នាស្គាល់នរណាម្នាក់ដែល « បានដើរចេញពីផ្លូវ » ។ យើងអាចមានអារម្មណ៍នៃក្តីស្រឡាញ់នៃព្រះនៅក្នុងជីវិតរបស់យើង នៅពេលយើងមើលឃើញនូវការឆ្លើយតបដ៏វិជ្ជមានរបស់មនុស្សជាច្រើន ខណៈដែលយើងនឹងព្យាយាមដើម្បីបម្រើ និង ដើម្បីសង្រ្គោះ ។
ផ្លូវរបស់ព្រះអម្ចាស់បានគូសយ៉ាងច្បាស់ដោយការបង្រៀនរបស់ពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ ខែក្រោយមានសន្និសីទទូទៅ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា បើសិនជាយើងស្វែងរកប្រកបដោយការអធិស្ឋាននូវដំណោះស្រាយចំពោះសំណួរ ឬ កង្វល់ ក្នុងពេលសន្និសីទ នោះព្រះអម្ចាស់នឹងឆ្លើយតបមកយើងតាមរយៈសារលិខិតនៃពួកអ្នកបម្រើរបស់ទ្រង់ដែលបានរើសតាំង ។ យើងនឹងទទួលបានអារម្មណ៍នៃក្តីស្រឡាញ់ និង ការព្រួយព្រះទ័យរបស់ទ្រង់ ហើយសេចក្តីក្លាហាននឹងកើនឡើង និង មានជើងដើរយ៉ាងមាំមួនដើម្បីដើរតាមផ្លូវទ្រង់ក្នុងពេលនេះ និង ជារៀងរហូត ។
ដួងចិត្តដើម្បីយល់
ទីបួន យើងត្រូវមានដួងចិត្តដើម្បីយល់អំពីអំណោយនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ បែដណា បានបង្រៀនថា ៖ « អ្វីមួយដែលដឹងថា ព្រះយេស៊ូវគ្រីស្ទបានមកកាន់ផែនដីដើម្បីសុគតជំនួសយើង--នោះគឺជាអ្វីមួយដ៏សំខាន់ និង ជាមូលដ្ឋាននៃគោលលិទ្ធិព្រះគ្រីស្ទ ។ ប៉ុន្តែយើងត្រូវតែមានចិត្តអំណរដែលព្រះអម្ចាស់មានព្រះទ័យគង់នៅក្នុងយើងទាំងអស់គ្នា តាមរយៈដង្វាយធួនរបស់ទ្រង់ និង ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ មិនត្រឹមតែដឹកនាំយើងនោះទេ គឺថែមទាំងប្រទានអំណាចដល់យើងទៀតផង » ។ ( « The Atonement and the Journey of Mortality » Ensign, ខែ មេសា ឆ្នាំ 2012 ទំព័រ 42) ។
ចំពោះរូបខ្ញុំ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទផ្តល់ដល់យើងនូវការលួងលោមដល់បុគ្គលម្នាក់ៗ និង ភស្តុតាងនៃក្តីស្រឡាញ់ដ៏មានថាមពល ។ វាជួយពង្រឹងយើងឲ្យធ្វើនូវការលំបាកៗ ជាអ្វីមួយដែលយើងគិតថាយើងមិនអាចធ្វើបាន ។ វាជួយយើងឲ្យអត់ធ្មត់ នៅពេលយើងមិនយល់ពីព្រះហរទ័យ និង ពេលវេលាកំណត់របស់ព្រះក្នុងជីវិតរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ហើយថា យើងនឹងទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់ និង ដឹងថា ទ្រង់ស្គាល់យើង នៅពេលយើងឧទ្ទិសដួងចិត្តរបស់យើងដើម្បីយល់ឲ្យកាន់តែច្បាស់អំពីពរជ័យនៃដង្វាយធួនរបស់ព្រះរាជាបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។
យើងត្រូវមានត្រចៀកដើម្បីស្តាប់បន្ទូលនៃព្រះអម្ចាស់
ហើយភ្នែកដើម្បីឃើញផែនការរបស់ទ្រង់
ជើងដើម្បីដើរតាមផ្លូវទ្រង់
ហើយដួងចិត្តដើម្បីយល់
( ចូន « Hearts that Understand » ទំព័រ 20]
នៅក្នុងនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2013 ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុម័តភាសាអង់គ្លេស 8/12 ។ អនុម័តការបកប្រែ ៖ 8/12 ។ ការបកប្រែនៃ Have I Seen the Hand of God in My Life? Cambodian ។ PD50045417 258