ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
ព្យាការី​យើង៖ ​ ថូម៉ាស អេស ម៉នសុន


2:3

ព្យាការីរបស់​​យើង ៖ ថូម៉ាស អេស ម៉នសុន

ការ​ប្រជុំ ស៊ី.អ៊ី.អេស សម្រាប់​ពួក​មជ្ឈិមវ័យ​វ័យ​ក្មេង• ថ្ងៃ​ទី 5 ខែ ឧសភា ឆ្នាំ2013 • សកលវិទ្យាល័យ ព្រិកហាំ យ៉ង់ -អៃដាហូ

« យើង​សូម​អរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី » ( ទំនុកដំកើង លេខ. 36 ) ។ ទំនុក​តម្កើង​នេះ​ជា​សញ្ញា​សម្គាល់​មួយ​ដ៏​សំខាន់​នៃ​សាសនាចក្រ ។ យើង​ពិតជា​អរគុណ​ព្រះ ចំពោះ​ព្យាការី​ដែល​បាន​ដឹកនាំ​យើង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ការណ៍​ដែល​ព្រះ​ប្រទាន​ព្យាការី​ឲ្យ​យើង​គឺជា​កត្តា​ដ៏​សំខាន់​ចំពោះ​ក្ដី​ជំនឿ និង​ការ​ជឿ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​ទិស​ទី ។ យើង​ដឹង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ស្រឡាញ់​យើង ។ យើង​ដឹង​ថា ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោស​លោះ​យើង ហើយ​យើង​ដឹង​ថា ទ្រង់​ប្រទាន​ព្យាការី​ដល់​យើង ។

អ្នក​ដែល​រស់នៅ​ក្នុង​សាសនាចក្រ​ពី​ជំនាន់​ដើម​មាន​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​ដែល​បាន​រស់​នៅ​ក្នុង​ជំនាន់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សារលិខិត និង​ទីបន្ទាល់​នៃ​​ការ​ស្ដារ​ឡើងវិញ​គឺជា​បទពិសោធន៍​ដំបូង​របស់​ពួក​បរិសុទ្ធ​សម័យ​មុន ។

មាន​រឿង​អស្ចារ្យ​ជាច្រើន​បាន​កើត​ឡើង​អំឡុង​ឆ្នាំ​ដែល ព្រិកហាំ យ៉ង់ បាន​ដឹកនាំ​សាសនាចក្រ​ព្រះអម្ចាស់ ។ ពួក​បរិសុទ្ធ​បាន​មក​​ទិស​ខាង​លិច ហើយ​បាន​ស្ថាបនា​ខ្លួន​ឯង​ឡើង​នៅ​ចំ​កណ្ដាល​នៃ រ៉កគី ម៉ោនធិន ជា​ទីកន្លែង​ដែល​សាសនាចក្រ​បាន​ចម្រើន​ឡើង ។ អ្នក​ដែល​បាន​រស់នៅ​ក្នុង​សម័យ​នោះ​បាន​រាប់​ជា​ពរជ័យ​មួយ​ធំធេង​ដែល​បាន​រស់​នៅ​ក្នុង​ជំនាន់​ព្យាការី ព្រិកហាំ យ៉ង់ ។

គំរូ​ដូចគ្នា​នេះ​បាន​បន្ត ខណៈ​ដែល​ព្រះអម្ចាស់​ប្រទាន​បុរស​ដ៏​រាបសា ហើយ​ថ្លៃថ្នូរ​ជា​ច្រើន​ដើម្បី​ដឹកនាំ​កិច្ចការ​សាសនាចក្រ​ទ្រង់ ។ ឪពុកម្ដាយ និង​ជីដូនជីតា​ខ្ញុំ​បាន​និយាយ​ដោយ​ក្ដី​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ពី​ព្យាការី​នៅ​ជំនាន់​ពួកគាត់​គឺ ---​ប្រធាន ហ៊ីប៊ើរ  ចេ ក្រាន្ត ។

ចំពោះ ស៊ីស្ទើរ វ៉កឃើរ និង ខ្ញុំ ព្រមទាំង​ឪពុកម្ដាយ និង​ជីដូនជីតា​អ្នក​ភាគច្រើន យើង​ស្រឡាញ់​នូវ​គំរូ​ដ៏​ល្អ និង​ការ​បង្រៀន​ដ៏​អស្ចារ្យ​នៃ​ព្យាការី ដេវីឌ  អូ មិកឃេ ។ អ្នក​ដែល​បន្ត​តំណែង​ពី​លោក​មក​រួមាន ៖ យ៉ូសែប ហ្វីលឌីង ស្ម៊ីធ, ហារ៉ូល  ប៊ី លី, ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល, អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, និង ហាវើដ  ដបុលយូ ហឹនធើរ ។ បុរស​ទាំង​នេះ​ម្នាក់ៗ​ត្រូវ​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ដើម្បី​ដឹកនាំ​សាសនាចក្រ​ក្នុង​គ្រា​មួយ​ដែល​បាន​កំណត់​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។ ពួក​លោក​ម្នាក់ៗ​ទទួល​បាន​ការ​ស្រឡាញ់​គាំទ្រ​ពី​សមាជិក​សាសនាចក្រ ។

ភាគច្រើន​អ្នករាល់គ្នា​ដែល​នៅ​ទីនេះ​នា​ល្ងាច​នេះ ចងចាំ​ពី​ការ​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី ។ កាល​ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​របស់​លោក​ធ្វើ​ជា​ប្រធាន​សាសនាចក្រ​គឺ​មាន​ពរជ័យ​ខ្លាំង​ណាស់ ។

ប្រាំឆ្នាំ​មុន​ព្រះអម្ចាស់​បានហៅ​ប្រធាន ហ៊ិងគ្លី ត្រលប់​ទី​ផ្ទះ​វិញ ហើយ​ ថូម៉ាស  អេស ម៉នសុន បាន​ក្លាយ​ជា​ប្រធាន​សាសនាចក្រ ---ជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​សព្វថ្ងៃ ។ ឱ ជា​ពរជ័យ​ណាស់ ដែល​អ្នក និង​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ជំនាន់​ដ៏​អស្ចារ្យ ដែល​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​ដ៏​ឆ្នើម​មួយ​រូប ។

នេះ​ជា​សាសនាចក្រ​ព្រះអម្ចាស់ ។ ទ្រង់​បាន​រៀបចំ​ជីវិត​នៃ​ពួក​សាវក​ដ៏​ឆ្នើម​ទាំងនេះ ហើយ​ទ្រង់​បាន​ដាក់​ពួក​លោក​ក្នុង​តួនាទី​ដើម្បី​ដឹកនាំ​សាសនាចក្រ​ទ្រង់ ។ វា​ជា​ការ​ពិត​មួយ​ថា លក្ខណៈ​ដាច់​ដោយ​ឡែក​មួយ​នៃ​សាសនាចក្រ​ព្រះអម្ចាស់​គឺ​ទ្រង់​មាន​ពួក​សាវក និង​ពួក​ព្យាការី​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។

សាវក​ប៉ុល​បាន​រៀបរាប់​ពី​សាសនាចក្រ​ថា​មាន « ពួក​សាវក និង​ពួក​ហោរា [ ដោយ​មាន ] ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ( អេភេសូរ 2:20 ) ។ កាល​ពី​មុន​ក៏​ដូច្នេះ ឥឡូវ​ក៏​ដូច្នេះ​ដែរ ។សាសនាចក្រ​ព្រះអម្ចាស់​គឺ​មាន​ភាព​ដាច់​ដោយ​ឡែក ដោយ​មាន​ពួក​សាវក និង​ពួក​ព្យាការី ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ។ ប្រធាន​សាសនាចក្រ​គ្រប់រូប​បាន​ថ្លែង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នេះ ។

គ្មាន​ភាព​ចៃដន្យ គ្មាន​កំហុស និង​គ្មាន​ការ​ឃោសនា​បញ្ចុះបញ្ចូល​ឡើយ ។ ពេលការ​បន្ត​តំណែង​កើត​ឡើង​ក្នុង​គណៈប្រធាន​នៃ​សាសនាចក្រ​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​ជា​អ្នក​គ្រប់គ្រង​ ហើយ​ប្រាកដ​ណាស់​ព្រះទ័យ​ទ្រង់​នឹង​បាន​សម្រេច ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​អ្នក​ថា វា​ជា​ព្រះទ័យ​ព្រះអម្ចាស់ ដែល​យើង​ត្រូវ​ដឹកនាំ​សព្វថ្ងៃ​ដោយ​ព្យាការី ថូម៉ាស  អេស ម៉នសុន ដែល​ជា​ព្យាការី​របស់​ព្រះអម្ចាស់​លើ​ផែនដី​សព្វថ្ងៃ ។

ដូច​ដែល​ព្យាការី​យេរេមា ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​បង្រៀន​យើង​ពី​ពួក​ព្យាការី យើង​ដឹង​ថា​ការណ៍​នេះ​ពិត​ចំពោះ​ប្រធាន ម៉នសុន ផង​ដែរ ។ បទគម្ពីរ​ចែង​ថា « មុន​ដែល​យើង​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្ដាយ នោះ​យើង​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ » ( យេរេមា 1:5 ) ។ បញ្ចប់​ការ​ដកស្រង់ ។

ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​ថ្ងៃ​នេះ​អំពី​ជីវិត និង​ការ​បម្រើ​របស់​ប្រធាន ថូម៉ាស  អេស ម៉នសុន ជា​ប្រធាន​ទី ​16 នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពូក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅ​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​ប្រធាន ហ៊ិងគ្លី លោក​បាន​តែងតាំង​ខ្ញុំ​ជា​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ព្រះវិហារ​បរិសុទ្ធ ហើយ ប្រធាន ម៉នសុន ផ្ដល់​កិត្តិយស​ដល់​ខ្ញុំ ដោយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​នៅក្នុង​កិច្ចការ​នេះ ។ អំឡុង​ប្រាំមួយ​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​មាន​ពរជ័យ​ដ៏​ធំ​ដែល​ពុំ​អាច​ភ្លេច​បាន​ក្នុង​ការ​ជួយ​ដល់​ប្រធាន ថូម៉ាស  អេស ម៉នសុន និង​ទីប្រឹក្សា​លោក​ក្នុង​បញ្ហា​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​លោក ពេល​ប្រធាន ម៉នសុន បាន​ផ្ដល់​ការ​ទូន្មាន​ និង​ការ​ណែនាំ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ពី​ព្រះវិហារ​បរិសុទ្ធ និង​បញ្ហា​ព្រះវិហារ​បរិសុទ្ធ​ជុំវិញ​ពិភពលោក ។ លោក​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អម​ដំណើរ​លោក​ទៅ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ការ​បុក​គ្រឹះ និង​ការ​ទៅ​មើល​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​នា​អនាគត ។ ខ្ញុំ​មាន​ពរ​ដោយ​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​នៅ​ជុំវិញ​ពិភពលោក ទៅ​កាន់​ទីកន្លែង​ដ៏​សែន​ឆ្ងាយ​ដូចជា ឃីវ ក្នុង​ប្រទេស​អ៊ុយក្រែន និង សេប៊ូ​ ក្នុង​ប្រទេស​ហ្វីលីពីន និង​ទៅ​ទីកន្លែង​ដ៏​ស្រស់​ស្អាត​ផ្សេង​ទៀត​ដូចជា រ៉ូម ​ប្រទេស​អ៊ីតាលី ។

ពេល​លោក​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ខ្ញុំ​មាន​ពរ​ដោយ​បាន​នៅ​ទីនោះ​ឃើញ​ពី​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​លោក​ចំពោះ​មនុស្ស​ទូទៅ ---ពុំ​មែន​តែ​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​មនុស្ស​ទូទៅ ។ ខ្ញុំ​បាន​ឃើញ​ពី​មិត្តភាព​ដ៏​កក់​ក្ដៅ​របស់​លោក ភាព​ទន់ភ្លន់​រាបសា​របស់​លោក​ដូចជា​ព្រះគ្រីស្ទ​ជានិច្ច ជាពិសេស​ចំពោះ​កុមារ មនុស្ស​ចាស់ និង​មនុស្ស​ពិការ ។ ជាច្រើន​ដង ខ្ញុំ​បាន​មើល​ប្រធាន ម៉នសុន ហើយ​មាន​អារម្មណ៍​ថា ៖ « នោះ​ជា​របៀប​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ។ នោះ​ជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដាក់​មនុស្ស​ទូទៅ » ។

ខ្ញុំ​បាន​ឃើញ​ពី​ភាព​សាទរ​មិន​ចេះ​ចប់​របស់​លោក ពី​កម្លាំង និង​ការ​តាំង​ចិត្ត​លោក ពី​អំណរ​របស់​លោក​ក្នុង​ជីវិត និង​ពី​ក្ដី​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ហើយ​ធ្វើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​លោក​ធ្វើ ។ លោក​ពុំ​ដែល​នឿយ​ហត់​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ឡើយ ។

ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា កណ្ឌ​ទី  52 ខ 14 ព្រះអម្ចាស់​មាន​បន្ទូល​ថា « យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក​អំពី​គ្រប់​ទាំងអស់ ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​អាច​ត្រូវ​បាន​គេ​បញ្ឆោត​បាន » ។

ខ្ញុំ​ស្រឡាញ់​បទ​គម្ពីរ​នេះ វា​បង្រៀន​ខ្ញុំ​ថា ព្រះអម្ចាស់​នឹង​ផ្ដល់​គំរូ​មួយ​សម្រាប់​ខ្ញុំ ហើយ​បង្ហាញ​ខ្ញុំ​ពី​របៀប​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង និង​ពី​របៀប​រស់​នៅ ។ តែ​វា​ពុំ​មែន​សម្រាប់​ខ្ញុំ​ទេ ។ វា​សម្រាប់​យើង​គ្រប់​គ្នា ។ ព្រះអម្ចាស់​ពិត​ជា​បង្ហាញ​យើង​នូវ​វិធី​នោះ ។ ទ្រង់​ពិត​ជា​ផ្ដល់​គំរូ​ក្នុង​ជីវិត​យើង​ម្នាក់ៗ​ដើម្បី​បង្ហាញ​យើង​ពី​របៀប​រស់​នៅ ។

ខ្ញុំ​ជឿ​ថា គំរូ​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​យើង​គឺ​ជា​ឆាក​ជីវិត​នៃ​ព្យាការី​ដែល​ដឹកនាំ​សាសនាចក្រ​ព្រះអម្ចាស់​ក្នុង​ជំនាន់​យើង ។ ដូច​ខ្ញុំ​បាន​លើក​ឡើង​ពី​មុន ចំពោះ​ខ្ញុំ​កាល​ពី​ក្មេង គំរូ​នោះ​គឺ​ប្រធាន ដេវីឌ  អូ មិកឃេ ។ ខ្ញុំ​បាន​ស្រឡាញ់​គាំទ្រ​លោក បាន​អធិស្ឋាន​សម្រាប់​លោក បាន​សិក្សា​ពី​ប្រសាសន៍​លោក​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង់​ក្លាយ​ដូចជា​លោក​តាម ដែល​ខ្ញុំ​អាច​នឹក​ស្រម៉ៃធ្វើ​ទៅ​បាន ។

ខ្ញុំ​ជឿ​ថា កាល​ឪពុក​ម្ដាយ​របស់​អ្នក​នៅ​ក្មេង គំរូ​របស់​ពួកគេ​គឺ​ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល ។ ពិត​ណាស់ ចំពោះ​យើង​ម្នាក់ៗ ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ធ្វើ​ឲ្យ​ជីវិត​យើង​ដូចជា​ព្រះអង្គ​សង្គ្រោះ ---ដើម្បី​ដើរ​តាម​ទ្រង់ ដើម្បី​រស់​នៅ​តាម​ព្រះ​បញ្ញត្តិ​ទ្រង់ និង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​តាម​ដែល​អាច​ធ្វើ​បាន ។

ក្នុង​នីហ្វៃ​ទី 3 27: 27 ព្រះយេស៊ូវ​បាន​បង្រៀន​ថា ៖ « តើ​អ្នករាល់គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូចជា​យើង » ។

នោះ​ជា​គោលដៅ​ដ៏​សំខាន់​របស់​យើង ---​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

ប្រធាន ម៉នសុន តែង​ព្យួរ​រូប​ព្រះអង្គ​សង្គ្រោះ​ដែល​គូរ​ដោយ ហែនរីច ហូហ្វមែន នៅ​គ្រប់​ការិយាល័យ​ដែល​លោក​បាន​ប្រើ ចាប់​តាំង​ពី​លោក​ត្រូវ​បានហៅ​ធ្វើ​ជា​ប៊ីស្សព​មក​ម្ល៉េះ ។ វា​ជា​រូបភាព​មួយ​ដ៏​ស្រស់​ស្អាត​ពី​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ពី​រូបគំនូរ​នេះ​ថា ៖ « ខ្ញុំ​ស្រឡាញ់​រូប​គំនូរ​ដែល​ខ្ញុំ​មាន​តាំង​ពី​ខ្ញុំ​ធ្វើ​ជា​ប៊ីស្សព​នៅ​អាយុ​ម្ភៃ​ពីរ​ឆ្នាំ ដែល … ខ្ញុំ​បាន​យក [វា] ទៅ​ជាមួយ​ខ្ញុំ​ជានិច្ច​នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការ ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ដូចជា​លោក​ចៅហ្វាយ ។ ពេល​ណា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ដ៏​លំបាក​មួយ ខ្ញុំ​តែង​សម្លឹង​មើល​រូប​ភាព​នោះ ហើយ​សួរ​ខ្លួន​ឯង​ថា ‹ តើ​ទ្រង់​នឹង​ធ្វើ​អ្វី​ទៅ ? › បន្ទាប់​មក​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​វា » ( នៅក្នុង Heidi S. Swinton, To the Rescue: The Biography of Thomas S. Monson [ ឆ្នាំ 2010],   135 ) ។​

ខ្ញុំ​ដឹង​ថា ប្រធាន ម៉នសុន គិត​ពី​ការ​ដើរ​តាម​គំរូ​របស់​ព្រះយេស៊ូវ ។ មាន​គ្រា​មួយ​ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​ប្រធាន ម៉នសុន សម្រាប់​ព្រឹត្តិការណ៍​មួយ​ពី​មុន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ។ លោក​ទើប​ជិះ​យន្តហោះ​មក​ដល់​នៅ​ថ្ងៃ​នោះ ហើយ​ពេល​ការ​ប្រជុំ​ពេល​ល្ងាច​ខិត​ជិត​ចូល​មក​ដល់ ខ្ញុំ​បាន​គិត​ថា​ប្រធាន ម៉នសុន ​ប្រហែល​ជា​អស់​កម្លាំង​ហើយ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា លោក​បាន​សម្រាក​ខ្លះ​ពី​មុន​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ស្អែក ។ នៅ​ពេល​យើង​កំពុង​ច្រៀង​ចម្រៀង​បិទ ខ្ញុំ​បាន​ងាក​ទៅ​រក​ប្រធាន ម៉នសុន ហើយ​និយាយ​ថា « ប្រធាន បន្ទាប់​ពី​ការ​អធិស្ឋាន​បិទ បើ​យើង​ចេញ​ទៅ​តាម​ទ្វារ​ចំហៀង យើង​អាច​នាំ​លោក​ទៅ​សណ្ឋាគារ​យ៉ាង​លឿន ហើយ​លោក​អាច​សម្រាក​បាន​ខ្លះ » ។

ដោយ​ទឹក​មុខ​ងឿង​ឆ្ងល់ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា « អែលឌើរ វ៉កឃើរ បើ​ព្រះយេស៊ូវ​គង់​នៅ​ទីនេះ តើ​លោក​គិត​ថា​ទ្រង់​នឹង​ចេញ​ទៅ​តាម​ទ្វារ​ចំហៀង ពេល​បញ្ចប់​ការ​ប្រជុំ​ឬ ? »

ខ្ញុំ​ពុំ​បាន​ផ្ដល់​យោបល់​នោះ​ម្ដង​ទៀត​ឡើយ ។ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ នោះ​លោក​ចង់​នៅ​ជាមួយ​នឹង​សមាជិក ។ លោក​ពុំ​គិត​ពី​ខ្លួន​ឯង​សោះ​ឡើយ ។ លោក​គិត​ពី​ការ​ល្អ​ដែល​លោក​អាច​ធ្វើ​បាន ។

ខ្ញុំ​តែង​ទទួល​អារម្មណ៍​ថា ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​ម្នាក់​ប្រសើរ​ជាង​មុន ពេល​ខ្ញុំ​រៀបចំ​ជីវិត​ខ្ញុំ​ឲ្យ​ដើរ​តាម​មនុស្ស​សុចរិត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ក្នុង​ជីវិត​ខ្ញុំ​ដូចជា ៖ លោកតា​លោកយាយ​ខ្ញុំ ឪពុកម្ដាយ​ខ្ញុំ ប៊ីស្សព​ខ្ញុំ ប្រធាន​បេសកកម្ម​ខ្ញុំ ហើយ​ពិតណាស់​គឺ​ព្យាការី​នៃ​ព្រះ ដែល​ខ្ញុំ​អាច​ឃើញ ហើយ​ស្ដាប់​ឮ និង​ជា​អ្នក​ដែល​ខ្ញុំ​អធិស្ឋាន​ឲ្យ​ជា​រៀងរាល់ថ្ងៃ ។ ខ្ញុំ​ជឿ​ថា​អ្នករាល់គ្នា​ភាគច្រើន​ធ្វើ​ដូចគ្នា​ដែរ ។

ការ​ខិតខំ​ធ្វើ​ដូចជា​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី​ទ្រង់ ---​ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​ក្លាយ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​ខ្ញុំ ។

ខ្ញុំ​ចង់​ចែក​ចាយ​នឹង​អ្នក​នូវ​ប្រវត្តិ និង​ការ​បង្រៀន​ខ្លះ​របស់​ប្រធាន ម៉នសុន ហើយ​សង្ឃឹម​ថា ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ នោះ​អ្នក​អាច​កត់​សម្គាល់​ឃើញ​ពី​ចរិត​លក្ខណៈ​ដែល​អ្នក​ចង់​បន្ថែម​ក្នុង​ជីវិត​អ្នក ។ យើង​ទាំងអស់​គ្នា​នឹង​មាន​ពរ​ក្នុង​ការ​រៀបចំ​ជីវិត​យើង ហើយ​រៀន​ពី​ព្យាការី​របស់​ព្រះអម្ចាស់ ។

ដូច​ជា​នីហ្វៃ និង​អ្នក​រាល់គ្នា​ភាគច្រើន​ដែរ ថូម៉ាស  អេស ម៉នសុន បាន​កើត​មក​ពី​ឪពុកម្ដាយ​ល្អ ។ លោក​កើត​នៅ​ទីក្រុង សលត៍ លេក ថ្ងៃ​ទី  21 ខែ សីហា ឆ្នាំ 1927 ។ លោក​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ក្នុង​ស្ថានភាព​ដ៏​រាបសា ។ លោក​ពុំ​ដែល​ព្យាយាម​កែប្រែ​ចរិត​លក្ខណៈ​ដែល​លោក​មាន​ឡើយ ។ ដោយ​មាន​ចរិត​កំប្លែង​ដ៏​ថ្លៃថ្នូរ រួម​ផ្សំ​នឹង​ការ​ជឿជាក់​លើ​ខ្លួន​ឯង ម្ដងម្កាល​ប្រធាន ម៉នសុន ​បាន​មានប្រសាសន៍​ថា លោក​ពុំ​ចាំបាច់​បារម្ភ​ពី​ថា​តើ​លោក​​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​មាន ឬ​ជា​អ្នក​ក្រ​នោះ​ឡើយ ដោយសារ​បាន​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ជីវិត​មួយ​ដែល​នៅ​ចន្លោះ​ជីវិត​ទាំង​ពីរ​នេះ ។

ខ្ញុំ​តែង​ចាប់​អារម្មណ៍​នឹង​របៀប​ដែល​លោក​តែង​និយាយ​ពី​យុវវ័យភាព​របស់លោក​ដោយ​ក្ដី​ស្រឡាញ់ ។ ខ្ញុំ​គិត​ថា​លោក​ដូចជា​នីហ្វៃ​ណាស់ ។ លេមិន និង លេមយួល ពូកែ​ខាង​មើល​ឃើញ​ពី​បញ្ហា ហើយ​សម្លឹង​មើល​តែ​ផ្នែក​អវិជ្ជមាន​គ្រប់​កិច្ចការ ។ ផ្ទុយ​ទៅ​វិញ នីហ្វៃ ជា​មនុស្ស​វិជ្ជមាន សុទិដ្ឋិនិយម ហើយ​មាន​អំណរគុណ ។ គាត់​បាន​ឃើញ​ពី​ការ​ល្អ​ក្នុង​គ្រប់​កិច្ចការ​ជុំវិញ​គាត់ ។ នោះ​ជា​របៀប​ដែល ថមមី ម៉នសុន បាន​ធំ​ដឹង​ក្ដី​ឡើង --- ហើយ​លោក​បាន​ធ្វើ​បែប​នេះ​ពេញ​មួយ​ជីវិត​លោក !

លោក​ជា​សិស្ស​ល្អ ហើយ​សំខាន់​ជាង​នេះ​ទៀត​គឺ​លោក​ជា​ក្មេង​ល្អ ។ លោក​បាន​បង្ហាញ​ក្ដី​ប្រាថ្នា​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់​ឲ្យ​បាន​ល្អ ពេល​លោក​ត្រូវ​បាន​ហៅ​បម្រើ​ជា​លេខា​នៃ​កូរ៉ុម​ឌីកុន​ក្នុង​វួដ​លោក ។ ជិត 70 ឆ្នាំ​ក្រោយ​មក ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ លោក​បាន​សញ្ជឹង​គិត​នូវ​មោទនភាព​មួយ​ចំនួន​ពី​ក្ដី​ប្រាថ្នា​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រជុំ​កូរ៉ុម​ឌីកុន​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ លោក​ពុំ​គិត​ពី « ហេតុអ្វី​ខ្ញុំ​ជា​លេខា ពុំ​ជា​ប្រធាន​កូរ៉ុម​ដូច្នេះ ? » លោក​គ្រាន់​តែ​ចង់​ធ្វើ​កិច្ចការ​លោក​ឲ្យ​បាន​ល្អ ។ លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​តួនាទី​មួយ​នៃ​សាសនាចក្រ​ព្រះអម្ចាស់ ហើយ​លោក​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ។ លោក​ចង់​មាន​ការ​ប្រជុំ​ដែល​មាន​របៀប​រៀបរយ ដូច្នេះ​លោក​សរសេរ​របៀបវារៈ​សម្រាប់​ការ​ប្រជុំ​កូរ៉ុម​ឌីកុន​របស់​លោក ។ ក្នុង​នាម​ជា​ក្មេង​ប្រុស​វ័យ 12 ឆ្នាំ លោក​បាន​ធ្វើ​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​យើង ។

ខ្ញុំ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ បើ​អ្នក​គិត​ថា​វា​អស្ចារ្យ​នោះ ។ វា​ក៏​ធ្វើ​ឲ្យ​ប្រធាន​ស្ដេក​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ពេល​គាត់​បាន​ឮ​ពី​កិច្ចការ​ដ៏​ល្អ​របស់​ក្មេង​ប្រុស ថមមី ហើយ​បាន​ហៅ​លោក​ឡើង​និយាយ​ក្នុង​សន្និសីទ​ស្តេក ---​ក្នុង​នាម​ជា​លេខា​កូរ៉ុម​ឌីកុន ។ តើ​អ្នក​ធ្លាប់​ឮ​លេខា​កូរ៉ុម​ឌីកុន​និយាយ​ក្នុង​សន្និសីទ​ស្ដេក​ដែរ​ទេ ? វា​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​យើង​គ្រប់​គ្នា !

លោក​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ហើយ​ចូល​ក្នុង​ទ័ព​ជើង​ទឹក​សហរដ្ឋ ។ លោក​បាន​បម្រើ​ប្រទេស​ជាតិ ហើយ​អំឡុង​ពេល​ធ្វើ​កិច្ចការ​នេះ លោក​បាន​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ ហើយ​មាន​គុណធម៌ ។ លោក​បាន​ត្រលប់​ពី​ការ​បម្រើ​ទ័ព​វិញ ហើយ​ខិតខំ​ធ្វើ​ការ​ដើម្បី​មាន​ការ​អប់រំ​មួយ​ល្អ ។ លោក​ជា​និស្សិត​ល្អ ---​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​យើង​គ្រប់​គ្នា ! ( គំរូ​នៃ​ការ​ធ្វើ​ជា​និស្សិត​ល្អ​អាច​សំខាន់​ជាង​អ្នករាល់គ្នា​មួយ​ចំនួន​ជាង​អ្នក​ដទៃ​ទៀត ) ។

លោក​ចាប់​ចិត្ត​ស្រឡាញ់​នារី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ ហ្វ្រែនស៊ីស ចនសុន ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​បាន​សុំ​នាង​រៀបការ ។ ពួកគាត់​បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅ​ថ្ងៃ​ទី 7 ខែ តុលា ឆ្នាំ 1948 ក្នុង​វ័យ 21 ឆ្នាំ ។ នេះ​ជាគំរូ​ដ៏​ល្អ​មួយ​សម្រាប់​យើង ! ( ជា​ថ្មី​ម្ដ​ងទៀត ប្រហែល​ជា​ការ​នេះ​សំខាន់​សម្រាប់​អ្នក​រាល់គ្នា​មួយ​ចំនួន​ជាង​អ្នក​ដទៃទៀត ) ។

ទោះ​ជា​ទើប​រៀបការ​បាន​ 18 ខែ​ ហើយ​ក្នុង​ពេល​ដែល​កំពុង​ត្រៀម​ឡើង​ឋានៈ​ការងារ​ថ្មី​ក្ដី លោក​បាន​ទទួល​យក​ការ​ហៅ​ពី​ព្រះអម្ចាស់​បម្រើ​ជា​ប៊ីស្សព​ក្នុង​វួដ​មួយ​ដ៏​ធំ ។ វា​ជា​វួដ​ដែល​លោក​បាន​ធំ​ដឹង​ក្ដី​ឡើង ។ ( សូម​គិត​ពី​ការណ៍​នោះ ! ) លោក​ពុំ​បាន​និយាយ​ថា « ពេលវេលា​ពុំ​សម​ស្រប » ឬ « ខ្ញុំ​នៅ​ក្មេង​ពេក » នោះ​ឡើយ លោក​បាន​ទទួល​ការ​ហៅ​នោះ ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ខិតខំ​ធ្វើ​ការ​ងារ​នោះ​ឲ្យ​អស់​ពី​កម្លាំង និង​ទេពកោសល្យ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​លោក ។ លោក​ចង់​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ ។

ប៊ីស្សព ម៉នសុន ​វ័យ​ក្មេង បាន​ចាប់​ផ្ដើម​ស្រឡាញ់​បទគម្ពីរ​មួយ​ដែល​អាច​ផ្ដល់​ពរ​ដល់​ជីវិត​យើង​ម្នាក់ៗ ដូច​ដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​លោក​ដែរ ៖

« ចូរ​ទីពឹង​ដល់​ព្រះអម្ចាស់​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ( សុភាសិត 3:5–6 ) ។

រហូត​ដល់​សព្វ​ថ្ងៃ​នេះ ប្រធាន ម៉នសុន បាន​សូត្រ​បទ​គម្ពីរ​នេះ​ជារឿយៗ ហើយ​រស់​នៅ​ស្រប​តាម​អ្វី​ដែល​បទគម្ពីរ​បាន​បង្រៀន​យើង ។ នេះ​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​យើង ! យើង​ទាំងអស់​គ្នា​នឹង​បាន​ប្រសើរ បើ​យើង​ចាំ​បទគម្ពីរ​នោះ ហើយ​ចាត់​ទុក​វា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​យើង ---ដូចជា​ប្រធាន ម៉នសុន បាន​ធ្វើ​ដែរ ។​

វួដ​ប៊ីស្សព ម៉នសុន មាន​សមាជិក​ជាង 1,000 នាក់ រួម​មាន ស្ត្រី​មេម៉ាយ 84 នាក់ ។ យើង​មាន​ពរ​ដោយ​ម្ដង​ម្កាល​នៅ​ក្នុង​សន្និសីទ​ទូទៅ និង​ការ​ប្រជុំ​ផ្សេងទៀត បាន​ស្ដាប់​ឮ​លោក​ប្រាប់​ពី​បទពិសោធន៍​ដ៏​ផ្អែម​ល្ហែម​មួយ​ចំនួន​ដែល​លោក​មាន ពេល​លោក​បាន​បីបាច់​ដល់​បងប្អូន​ស្ត្រី​ទាំងនេះ ដែល​មាន​ពរ​ដោយ​ការ​មើល​ថែ​របស់​លោក ។

ចំពោះ​ខ្ញុំ គ្រប់ពេល​ខ្ញុំ​បាន​ឮ​លោក​និយាយ​ពី​បទពិសោធន៍​មួយ​កាល​លោក​ជា​ប៊ីស្សព ខ្ញុំ​បាន​យល់ ហើយ​​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ ថា​ក្ដី​ស្រឡាញ់ និង​ក្ដី​ខ្វល់ខ្វាយ​របស់​លោក​ចំពោះ​សមាជិក​ក្នុង​វួដ​លោក ពុំ​បាន​បញ្ចប់​ពេល​លោក​ត្រូវ​បាន​ដោះលែង​ពី​ប៊ីស្សព​ឡើយ ។ លោក​ត្រូវ​បាន​ហៅ​ជា​គណៈប្រធាន​ស្ដេក​ក្នុង​វ័យ 27 ឆ្នាំ តែ​ទោះ​ច្រើន​ឆ្នាំ​ក្រោយ​មក​ក្ដី ( បន្ទាប់​ពី​ការ​ហៅ​របស់​លោក​ជា​ប្រធាន​បេសកកម្ម និង​សាវក ) លោក​បាន​បន្ត​ស្រឡាញ់ បីបាច់ និង​មើល​ថែ​សមាជិក​វ័យ​ចំណាស់​ក្នុង​វួដ​លោក ។ ពិត​ណាស់​លោក​ពុំ​មែន​ស្រឡាញ់ ហើយ​ខ្វល់ខ្វាយ​ចំពោះ​ពួកគេ​ដោយ​សារ​តែ​ការ​ចាត់​តាំង​នោះ​ទេ ។ ក្ដី​ស្រឡាញ់​ និង​ក្ដី​ខ្វល់ខ្វាយ​របស់​លោក​ចំពោះ​ពួកគេ​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​លោក ហើយ​វា​ពុំ​អាច​ដក​ចេញ​ដោយ​ការ​ផ្លាស់​ប្ដូរ​ការ​ចាត់​តាំង​នោះ​ឡើយ ។

នេះ​ជា​អ្វី​ដែល​ប្រធាន ម៉នសុន បាន​បង្ហាញ​ផ្លូវ​ដល់​យើង ។ វា​ជា​ផ្លូវ​មួយ​ប្រពៃ វា​ជា​ផ្លូវ​ព្រះអម្ចាស់ ។ លោក​ស្រឡាញ់​អ្នក​ដទៃ ហើយ​ខ្វល់ខ្វាយ​ចំពោះ​អ្នក​ដទៃ ---​ដូចជា​ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា​យើង​គួរ​ធ្វើ ។ នេះ​ជា​គំរូ​មួយ​ល្អ​សម្រាប់​យើង​គ្រប់​គ្នា !

ក្នុង​វ័យ 32 ឆ្នាំ ប្រធាន ម៉នសុន ត្រូវបាន​ហៅ​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​កាណាដា ដែល​មាន​ទី​ស្នាក់​ការ​នៅ ទីក្រុង​តូរ៉ុនតូ, អនទែរីយ៉ូ ។ ដូច​ដែល​បាន​ធ្វើ​ជា​ប៊ីស្សព​ដែរ លោក​បាន​ខិតខំ​ធ្វើ​កិច្ចការ​លោក ផ្ដល់​នូវ​គ្រប់​អ្វី​ដែល​លោក​មាន ហើយ​ទុកចិត្ត​ព្រះអម្ចាស់​អស់​ពី​ចិត្ត ។ មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​លោក​អាច​ឃើញ​ពី​ក្ដី​ស្រឡាញ់​របស់​លោក​​ចំពោះ​ព្រះអម្ចាស់ ចំពោះ​ភរិយា និង​កូនៗ ចំពោះ​អ្នក​ផ្សាយ​សាសនា និង​ចំពោះ​ប្រទេស​កាណាដា ជា​ទឹកដី​ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ ឥទ្ធិពល​លោក​ក្នុង​នាម​ជា​ប្រធាន​បេសកកម្ម​មាន​ភាព​អស្ចារ្យ ហើយ​មិន​អាច​វាស់​វែង​បាន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ ។ ពួក​អ្នក​ផ្សាយ​សាសនា​លោក​ស្រឡាញ់​លោក ហើយ​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ធ្វើ​ឲ្យ​ប្រធាន​បេសកកម្ម​ខ្លួន​មាន​មោទនភាព ។ យើង​ទាំងអស់​គ្នា​អាច​រៀន​ពី​ការណ៍​នោះ ។

ដូច​ដែល​លោក​បាន​ធ្វើ​ពេល​ត្រូវ​ដោះ​លែង​ពី​ប៊ីស្សព​ដែរ លោក​បាន​បន្ត​​អារម្មណ៍ និង​ក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ចិត្ត​លោក​ចំពោះ​ពួក​អ្នក​ផ្សាយ​សាសនា​លោក និង​ពួក​បរិសុទ្ធ​ដែល​មាន​ពរ ដោយ​បាន​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ។ ខ្ញុំ​បាន​ឃើញ​ពី​ក្ដី​ស្រឡាញ់​ និង​ចំណាប់​អារម្មណ៍​ពុំ​ចេះ​រលត់​របស់​ប្រធាន​ ម៉នសុន ចំពោះ​ពួក​អ្នក​ផ្សាយ​សាសនា​ដែល​បាន​បម្រើ​ជាមួយ​គាត់​ក្នុង​បេសកកម្ម​កាណាដា ។ នេះ​ជា​គំរូ​មួយ​ល្អ​ណាស់ !

ខ្ញុំ​ដឹង​ថា ពួក​អ្នក​ផ្សាយ​សាសនា​ដែល​មាន​ពរ​ដោយ​មាន ថូម៉ាស  អេស ម៉នសុន ជា​ប្រធាន​បេសកកម្ម​របស់​ខ្លួន​បាន​ព្យាយាម​ដើរ​តាម​គំរូ​នៃ​ការ​បម្រើ​ដ៏​សុចរិត​ក្នុង​នគរ​ព្រះអម្ចាស់​ដែល​ប្រធាន និង ស៊ីស្ទើរ ម៉នសុន​ បាន​បង្ហាញ​ដល់​ពួកគេ ។ ដើម្បី​គូស​បញ្ជាក់ ខ្ញុំ​សូម​ចែក​នឹង​អ្នក​នូវ​ការ​ពិត​ដ៏​អស្ចារ្យ​មួយ​ថា ក្នុង​ចំណោម​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ 140 រូប​ដែល​កំពុង​បម្រើ​នៅ​ទូទាំង​ពិភពលោក​នា​ពេល​នេះ មាន​ប្រាំ​នាក់​ជា​ពួក​អ្នក​ផ្សាយ​សាសនា​ដែល​បាន​បម្រើ​កាល​នៅ​ក្មេង ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ ម៉នសុន ក្នុង​បេសកកម្ម​កាណាដា ។

អ្នករាល់គ្នា​រាប់ពាន់​នាក់​ដែល​នៅ​ជាមួយ​យើង​នា​ល្ងាច​នេះ​ជា​អ្នក​ត្រលប់​មក​ពី​បេសកកម្ម ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​ដើរ​តាម​គំរូ​នៃ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ទាំង​ប្រាំ​រូប​នេះ ហើយ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ ហើយ​ដើរ​លើ​ផ្លូវ​នៃ​ការ​បម្រើ​ដ៏​សុចរិត ដែល​បាន​បង្ហាញ​ដោយ​ប្រធាន​បេសកកម្ម​យើង ។

ថ្មីៗ​នេះ ខ្ញុំ​រំជួល​ចិត្ត​ដោយ​ឃើញ​រូបថត​ប្រធាន ម៉នសុន សួរ​សុខទុក្ខ​បុរស​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​តូរ៉ុនតូ ប្រទេស​កាណាដា​ក្នុង​សារព័ត៌មាន​សាសនាចក្រ ( សូម​មើល « Teachings of the Prophet » Church News, ថ្ងៃទី 3 ខែ​កុម្ភៈ ឆ្នាំ 2013, 7) ។ បុរស​ម្នាក់​នេះ​បាន​បម្រើ​នៅ​ក្បែរ​ប្រធាន ម៉នសុន កាល​ពី​ 50 ឆ្នាំ​មុន ។​ ប្រធាន ម៉នសុន ពុំ​ភ្លេច​គាត់​ឡើយ ។ ទោះ​ជា​មាន​រយៈពេល​យូរ និង​ចម្ងាយ​ផ្លូវ​វែង​ប៉ុណ្ណា វា​ពុំ​បាន​ធ្វើ​ឲ្យ​ប្រធាន ម៉នសុន បំភ្លេច​នូវ​អារម្មណ៍​ដ៏​ផ្អែម​ល្ហែម​នៃ​ការ​ស្រឡាញ់ និង​ការ​ដឹងគុណ​ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​បាន​បម្រើ​ព្រះអម្ចាស់​រួម​គ្នា​នោះ​ឡើយ ។ ខ្ញុំ​សង្ឃឹម​ថា​យើង​ម្នាក់ៗ​នឹង​ដើរ​តាម​គំរូ​លោក ហើយ​កុំ​ភ្លេច​អ្នក​ដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​យើង​កាល​ពី​មុន ។

ក្នុង​ឆ្នាំ 1963 ពេល​លោក​មាន​វ័យ 36 ឆ្នាំ ថូម៉ាស  អេស ម៉នសុន ​បាន​អញ្ជើញ​ឲ្យ​ទៅ​កាន់​ការិយាល័យ​ប្រធាន ដេវីឌ  អូ មិកឃេ ដែល​ជា​ប្រធាន​សាសនាចក្រ​នា​ពេល​នោះ ។ នៅ​ក្នុង​ការ​ប្រជុំ​នោះ​ហើយ​ដែល​ប្រធាន មិកឃេ បាន​ហៅ​លោក​ជា​សាវក​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ម៉នសុន ជា​សាវក​វ័យ​ក្មេង​តែ​ម្នាក់​គត់​ដែល​បាន​ហៅ​ជា​ពួក​ដប់​ពីរ​នាក់ ក្នុង​ពេល 100 ឆ្នាំ​ចុងក្រោយ​នេះ ។ ពិត​ណាស់ ព្រះហស្ត​ព្រះអម្ចាស់​បាន​ដឹកនាំ​ការ​ហៅ​សម្រាប់​សាវក​វ័យ​ក្មេង​រូប​នេះ ដោយ​សារ​ព្រះអម្ចាស់​បាន​ដឹង​ថា ថូម៉ាស  អេស ម៉នសុន នឹង​ដឹកនាំ​សាសនាចក្រ​ក្នុង​ជំនាន់​យើង ។

សន្និសីទ​ទូទៅ​ខែ​តុលា​នេះ​ជា​គម្រប់​ខួប 50 ឆ្នាំ នៃ​ការ​ហៅ​របស់​ ថូម៉ាស  អេស ម៉នសុន ធ្វើ​ជា​សាវក ។ តើ​វា​អស្ចារ្យ​យ៉ាង​ណា​ទៅ ? ( ចាប់​ពី Joseph Fielding Smith យើង​ពុំ​មាន​សាវក​ម្នាក់​ដែល​អបអរ​ខួប 50 ឆ្នាំ​ក្នុង​ពួក​ដប់​ពីរ​នាក់​ឡើយ ) ។

ប្រធាន ម៉នសុន បាន​បម្រើ​ជា​ទីប្រឹក្សា​របស់​ប្រធាន​សាសនាចក្រ​បី​រូប​អស់​រយៈ​ពេល​ 22 ឆ្នាំ រួម​មាន ៖ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ហាវើដ  ដបុលយូ ហឹនធើរ, និង ហ្គរដុន  ប៊ី ហ៊ិងគ្លី ។ នៅ​ថ្ងៃ​ទី 3 ខែ កុម្ភៈ ឆ្នាំ 2008 ប្រធាន ថូម៉ាស  អេស ម៉នសុន ត្រូវ​បាន​​តែងតាំង ហើយ​ញែក​ចេញ​ជា​ប្រធាន​សាសនាចក្រ ។ លោក​មាន​ទីប្រឹក្សា​ពីរ​រូប​ដ៏​អស្ចារ្យ​ ហើយ​ថ្លៃ​ថ្នូរ​ដែល​ឈរ​នៅ​ក្បែរ​លោក​គឺ ៖ ប្រធាន ហិនរី  ប៊ី អាវរិង និង​ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ ។​ ពួក​លោក គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ជាអធិបតី​បីរូប ដែល​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ( សូមមើល គ. និង ស. 107:22 ) ។

ការ​បម្រើ​ដ៏​អស្ចារ្យ​របស់​ប្រធាន ម៉នសុន​ ជា​រឿយៗ​ត្រូវ​បាន​ស្គាល់​ថា​ជា « ការ​ជួយ​សង្គ្រោះ » ។ ហៃឌី ស្វីនតុន បាន​សរសេរ​ពី​ប្រវត្តិ​ដ៏​អស្ចារ្យ​មួយ​ស្ដីពី​ឆាក​ជីវិត​របស់​លោក ហើយ​នាង​បាន​ដាក់​ចំណង​ជើង​ដ៏​សក្ដិសម​ថា ការ​ជួយ​សង្គ្រោះ ។ ប្រវត្តិ​នេះ​ត្រូវ​បាន​បោះពុម្ព​ក្នុង​ឆ្នាំ 2010 ។ បើ​អ្នក​ពុំ​ទាន់​បាន​អាន ខ្ញុំ​ជំរុញឲ្យ​អ្នក​អាន​វា ។ ​វា​នឹង​ប្រទាន​ពរ​ដល់​ជីវិត​អ្នក ។

ពិត​ណាស់​សារលិខិត​នេះ​គឺ​ជា​សារ​ដូចគ្នា​ដែល​ព្រះយេស៊ូវប្រទាន​ដល់​យើង​ក្នុង​លូកា ៖ ឲ្យ​ទុក​ចោល « កៅសិបប្រាំបួន » ហើយ​ទៅ​សង្គ្រោះ​មួយ (លូកា 15:4)។ នេះ​ជា​កត្តា​សំខាន់​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​បងប្អូន​យើង ហើយ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​យើង​ដើម្បី​ផ្ដល់​ពរ​ដល់​ជីវិត​ពួកគេ ។ ប្រធាន ម៉នសុន តែង​បង្រៀន​ពី​គោលការណ៍​ទាំងនេះ តែ​សំខាន់​ជាង​នេះ​ទៀត គឺ​លោក​បាន​រស់​នៅ​តាម​របៀប​នោះ ។ ជីវិត​លោក​ពោរពេញ​ដោយ​គំរូ​នៃ​ការ​ទៅ​ជួប លួងលោម ឬ​ជួយ​អ្នក​ខ្វះខាត ដូចជា ៖ ស្ត្រី​មេម៉ាយ កុមារ អ្នក​ជំងឺ អ្នក​រងទុក្ខ និង​អ្នក​ឯកា ឬ​ខូច​ចិត្ត ។

សាវក​យ៉ាកុប បាន​សរសេរ​ថា « ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ​ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកិយ​នេះ​ឡើយ » ( យ៉ាកុប 1:27 ) ។

នេះ​ជា​វិធី​ដែល​ប្រធាន​ ម៉នសុន បាន​រស់​នៅ​ក្នុង​ជីវិត​លោក ។ មេរៀន​សម្រាប់​យើង​គឺ​ថា មនុស្ស​ម្នាក់​ពុំ​ចាំបាច់​ធ្វើ​ជា​សាវក​ដើម្បី​រស់នៅ​តាម​របៀប​នេះ​ឡើយ ។ យើង​អាច​រស់​នៅ​ស្រប​តាម​សាសនា​យើង យើង​អាច​ទៅ​សួរ​ពួក​កំព្រា ស្ត្រី​មេម៉ាយ ហើយ​យើង​អាច​រក្សា​ខ្លួន​យើង​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកិយ​នេះ ។ យើង​អាច​សម្លឹង​ទៅ​ព្យាការី​យើង ដើម្បី​ឃើញ​ពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ ! យើង​អាច​និយាយ​ទៅ​ខ្លួន​យើង​ថា « នោះ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា » ។

ប៉ុន្មាន​ឆ្នាំ​មុន ពី​មុន​សន្និសីទ​ទូទៅ ប្រធាន ម៉នសុន បាន​បង្រៀន​មេរៀន​ដ៏​អស្ចារ្យ​មួយ​ទៀត ។ ពេល​នេះ​ជា​ពេល​ដែល​ពួក​អ្នក​សិទ្ធិ​អំណាច​ទូទៅ​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​សលត៍ លេក ​ជួប​ជុំ​គ្នា ពួក​គាត់​ភាគច្រើន​មក​ពី​ជុំវិញ​ពិភពលោក​ពី​កន្លែង​ដែល​ពួកគាត់​បម្រើ​ក្នុង​គណៈប្រធាន​តំបន់ ។ វា​ជា​ការ​ប្រជុំ​មួយ​សំខាន់​ណាស់ ។ យើង​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ទទួល​ការ​ណែនាំ​ពី​គណៈប្រធាន​ទីមួយ និង​ពួក​ដប់​ពីរ​នាក់ ។

ពេល​ការ​ប្រជុំ​រៀប​នឹង​ចាប់ផ្ដើម មនុស្ស​គ្រប់​គ្នា​ហាក់​ដូច​ជា​មក​ដល់​អស់​ហើយ នៅ​សល់​តែ​ប្រធាន ម៉នសុន ដែល​មិន​ទាន់​មក​ដល់ ។ ពីរបី​នាទី​ពីមុន​ការ​ប្រជុំ​ចាប់​ផ្ដើម យើង​បាន​ឈប់​ជជែក​គ្នា ហើយ​អង្គុយ​ស្ដាប់​តន្ត្រី​មុន​បើក​កម្មវិធី​ដោយ​គារវភាព ---​ដោយ​រំពឹង​ថា​ព្យាការី​នឹង​មក​ក្នុង​ពេល​បន្តិច​ទៀត ។

យើង​បាន​រង់ចាំ​ដោយ​អត់ធ្មត់​រហូត​ដល់​ម៉ោង 9:00 ។ មាន​ម្នាក់​បាន​ដើរ​ចេញ​ទៅ​ក្រៅ ---​ដើម្បី​មើល​ថា​តើ​មាន​គេ​ត្រូវ​ការ​ជំនួយ​ដែរ​ទេ ។ ពេល​គាត់​ដើរ​ចូល​មក​ក្នុង​បន្ទប់​វិញ យើង​ត្រូវ​បាន​ប្រាប់​ថា « ប្រធាន​ ម៉នសុន នឹង​ចូល​រួម​ជាមួយ​យើង​នៅ​បន្តិច​ទៀត​នេះ » ។

ប្រហែល​ជា​ 15 នាទី​ក្រោយ​ពី​ការ​ប្រជុំ​ត្រូវ​ចាប់​ផ្ដើម ប្រធាន ម៉នសុន បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់ ។ ដោយ​ការ​គោរព យើង​បាន​ក្រោក​ឈរ​ពេល​លោក​ដើរ​ចូល​មក ។ យើង​រីករាយ​ដោយ​ឃើញ​លោក​មាន​ទឹកមុខ​ស្រស់បស់ ។ វា​ហាក់​ដូចជា​ពុំ​មាន​ហេតុផល​ធំដុំ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មក​យឺត​នោះ​ឡើយ ។

ប្រធាន ម៉នសុន ដើរ​ឆ្ពោះ​ទៅ​វេទិកា ហើយ​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រុស ខ្ញុំ​សុំ​ទោស​ដែល​មក​យឺត ​តែ​ភរិយា​ខ្ញុំ​ត្រូវការ​ខ្ញុំ​ព្រឹក​នេះ » ។

ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ហើយ​រាបសា​យ៉ាង​ខ្លាំង ។ ខ្ញុំ​ពុំ​បាន​ឈប់​គិត​ពី​ប្រសាសន៍​ប្រធាន​ ម៉នសុន ឡើយ ។ នេះ​ជា​ការ​ប្រជុំ​មួយ​ដ៏​សំខាន់ ។ ថ្នាក់ដឹកនាំ​ចាស់ៗ​ទូទាំង​សាសនាចក្រ​បាន​មក​ជួប​ជុំ​គ្នា តែ​ប្រធាន​ ម៉នសុន បាន​ធ្វើ​ជា​គំរូ​មួយ​ដល់​យើង​គ្រប់​គ្នា ។ ភរិយា​លោក​ត្រូវការ​លោក ហើយ​លោក​បាន​ចំណាយ​ពេល​ដ៏​ចាំបាច់​ដើម្បី​មើល​ថែ​គាត់ ។ វា​ជា​ការ​បង្រៀន​មួយ​ដ៏​អស្ចារ្យ ។ វា​ពុំ​បាន​ចាំ​អ្វី​ផ្សេងទៀត​ដែល​បាន​លើក​ឡើង​នៅ​ថ្ងៃ​នោះ​ឡើយ តែ​ខ្ញុំ​ចាំ​ការ​បង្រៀន​នោះ ៖ « ភរិយា​ខ្ញុំ​ត្រូវ​ការ​ខ្ញុំ » ។

ការ​បង្រៀន​នេះ​ត្រូវ​បាន​ពង្រឹង​ឡើង​វិញ​នៅ​គ្រា​មួយ​ទៀត ពេល​ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា ដក​ស្រង់ « ពេល​ខ្ញុំ​ឮ​ពួក​បុរស​និយាយ​ថា​គេ​ស្រឡាញ់​ភរិយា​ខ្លួន  នោះ​ខ្ញុំ​ចង់​និយាយ​ទៅ​គេ​ថា ‹ អញ្ចឹង​ត្រូវ​បង្ហាញ​វា​ដោយ​ការ​ដែល​អ្នក​ប្រព្រឹត្ត និង​បម្រើ​ដល់​នាង › » ។

នោះ​ជា​របៀប​ដែល​ប្រធាន​ ម៉នសុន មាន ៖ លោក​តែង​ជួយ​ដល់​មនុស្ស​ផ្សេងទៀត ។ លោក​តែង​បង្ហាញ​សន្ដាន​ចិត្ត​ល្អ ហើយ​ខ្វល់​ចំពោះ​អ្នក​ដទៃ ។

អ្នក​ពុំ​ចាំបាច់​នៅ​ក្បែរ​ប្រធាន ម៉នសុន យូរ​ដើម្បី​ដឹង​ពី​ក្ដី​ស្រឡាញ់ និង​ការ​តាំងចិត្ត​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ភរិយា​លោក​ ស៊ីស្ទើរ ហ្វ្រែនស៊ីស ម៉នសុន នោះ​ឡើយ ។ ពេល​ណា​លោក​និយាយ​ពី​គាត់ កែវ​ភ្នែក​លោក​មាន​ពន្លឺ ហើយ​ទឹក​មុខ​លោក​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម ។ អ្នក​ដឹង​ថា នេះ​ជា​បុរស​ម្នាក់​ដែល​ការ​ស្រឡាញ់​របស់​លោក​ចំពោះ​ភរិយា​គឺ​ជា​គំរូ​មួយ​ដល់​យើង​គ្រប់​គ្នា ។ ប្រធាន និង ស៊ីស្ទើរ ម៉នសុន បាន​បង្ហាញ​យើង​ពី​គំរូ​នៃ​បុរស​ស្ត្រី​មួយ​គូរ​ដែល​មាន​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ហើយ​ប្រាថ្នា​បម្រើ​ទ្រង់​ក្នុង​ក្ដី​សុចរិត​ស្មើ​គ្នា ។

ខ្ញុំ​ចង់​ក្លាយ​ដូចជា​ព្រះអម្ចាស់ តែ​ខ្ញុំ​ក៏​ចង់​ក្លាយ​ដូចជា​ព្យាការី​ទ្រង់​ដែរ ។

បើ​អ្នក​ឆ្ងល់​ថា​តើ​ប្រធាន ម៉នសុន មាន​ក្ដី​ប្រាថ្នា​បែប​ណា​ចំពោះ​អ្នករាល់គ្នា នោះ​ប្រហែល​ជា​ការ​ចែក​នូវ​បទពិសោធន៍​ដូច​តទៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង ៖

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ព្រះវិហារ​បរិសុទ្ធ ប័យស៊ី អៃដាហូ ដ៏​ស្រស់​ស្អាត​បាន​រៀបចំ​ធ្វើការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ បន្ទាប់​ពី​បាន​បិទ​រយៈ​ពេល 18 ខែ ដើម្បី​កែ​លម្អ​ព្រះវិហារ​បរិសុទ្ធ​នេះ​ឲ្យ​ស្រស់​ស្អាត​ថែម​ទៀត ។ បន្ទាប់​ពី​បាន​ប្រើប្រាស់​អស់ 30 ឆ្នាំ​ដោយ​ពួក​បរិសុទ្ធ​ស្មោះត្រង់​នៅ​តំបន់​នោះ និង​តំបន់​ជុំវិញ​នៃ​រដ្ឋ អៃដាហូ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវ​ការ​​ជួស​ជុល​យ៉ាង​ខ្លាំង ។ បន្ទាប់​ពី​បញ្ចប់ ដោយ​ត្រូវ​ធ្វើ​ការ​អបអរ​តាម​ទម្លាប់​សម្រាប់​ឱកាស​នៃ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នេះ យុវវ័យ​នៃ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ការ​អបអរ​តាម​វប្បធម៌​មួយ​ដ៏​ធំ ។ វា​មាន​ការ​ច្រៀង​រាំ និង​ការ​បង្ហាញ​ក្ដី​ជំនឿ​ និង​ការ​ដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​នេះ ។

ខ្ញុំ​អង្គុយ​នៅ​ក្បែរ​ប្រធាន ម៉នសុន ពេល​យើង​មើល​បទបង្ហាញ​ដ៏​អស្ចារ្យ​នេះ​ដោយ​ស្តេក​ជា​ច្រើន ។ មាន​របាំ​មួយ​ដែល​សម្ដែង​ដោយ​យុវនារី​មួយ​ក្រុម​គួរ​ឲ្យ​ស្រឡាញ់ ។ ពេល​ប្រធាន ម៉នសុន ជក់ចិត្ត​នឹង​ការ​សម្ដែង​នោះ លោក​បាន​ងាក​មក​រក​ខ្ញុំ ហើយ​បង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​លោក ។ លោក​មាន​ប្រសាសន៍​ថា « ក្ដី​សង្ឃឹម​ខ្ញុំ​គឺ​ចង់​ឲ្យ​ពួកគេ​ម្នាក់ៗ​បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ម្នាក់ៗ​​មាន​ពរ​នេះ​ខ្លាំង​ណាស់ ---​គឺ​ការ​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ »

ខ្ញុំ​បាន​គិត​ថា ៖ « តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ។ ព្យាការី​នៃ​ព្រះ​នៅ​ទីនេះ​មើល​ការ​អបអរ​របស់​យុវវ័យ​នេះ​ដោយ​ការ​រាំច្រៀង ហើយ​លោក​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ដែល​លោក​នឹង​ឧទ្ទិសឆ្លង​នៅ​ព្រឹក​ស្អែក ។ ក្ដី​សង្ឃឹម​លោក​គឺ​ចង់​ឲ្យ​ពួកគេ​គ្រប់​គ្នា​បាន​រៀប​ការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ បើ​នោះ​ជា​ក្ដី​ប្រាថ្នា​របស់​ព្យាការី​សម្រាប់​យើង នោះ​យើង​ម្នាក់ៗ​គួរតែ​ចង់​បាន​វា​សម្រាប់​ខ្លួន​យើង​ដែរ ហើយ​វា​គួរ​តែ​ជា​គោលដៅ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ម្នាក់ៗ ។

ខ្ញុំ​ចង់​ចែក​បទពិសោធន៍​មួយ​ទៀត​ដល់​អ្នក ៖

ប្រធាន ម៉នសុន ប្រធាន អាវរិង និង អែលឌើរ ឃ្វីនថិន  អិល ឃុក នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​​បាន​ធ្វើ​ដំណើរ​ទៅ ឡាអ៊ីអេ, រដ្ឋ​ហាវ៉ៃ សម្រាប់​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់​ស្អាត​នោះ ក្នុង​ខែ វិច្ឆិកា ឆ្នាំ 2010 ។ នៅ​យប់​មុន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ យើង​បាន​ជួប​គ្នា​នៅ​មជ្ឈមណ្ឌល ខាននុន ក្នុង​សកលវិទ្យាល័យ ប៊ីវ៉ាយយូ–ហាវ៉ៃ សម្រាប់​ការ​អបអរ​ខាង​វប្បធម៌​មួយ ។ កម្មវិធី​នោះ​មាន​ភាព​អស្ចារ្យ​ណាស់ ។ តាមរយៈ​ចម្រៀង របាំ និង​រឿង​និទាន យុវវ័យ​នៃ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​ប្រាប់​ពី​ដំណើររឿង​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ រដ្ឋហាវ៉ៃ ។ ពួក​គេ​ប្រាប់​ពី​ពូក​អ្នក​ផ្សាយ​សាសនា និង​ពួក​អ្នក​ប្រែចិត្ត​ជឿ​ដំបូង​គេ ។ ពួក​គេ​ប្រាប់​ពី​ដំណើរ​រឿង​ដ៏​អស្ចារ្យ​របស់ យ៉ូសែប  អែហ្វ ស្ម៊ីធ​ ដែល​បាន​បម្រើ​បេសកកម្ម​នៅហាវ៉ៃ ក្នុង​ឆ្នាំ 1854 ពេល​លោក​មាន​អាយុ​តែ 15 ឆ្នាំ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ព្យាការី ។ យុវជន យ៉ូសែប  អែហ្វ ស្ម៊ីធ បាន​ត្រលប់​ពី​បេសកកម្ម​រយៈពេល​បី​ឆ្នាំមុន​ខួប​កំណើត​ 18 ឆ្នាំ របស់​លោក ។ ( ហើយ​អ្នក​គិត​ថា​ការ​ផ្លាស់​ប្ដូរ​អាយុ​ថ្មីៗ​ទៅ 19 ឆ្នាំ វា​អស្ចារ្យ​ណាស់​មែនទេ ? )

ការអបអរ​ខាង​វប្បធម៌​បាន​បន្ត​យុវវ័យ​ទាំងនោះ​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​សាសនាចក្រ​ក្នុង​ចំណោម​ប្រជាជន ប៉ូលីនេសៀន ហើយ​ប្រាប់​ពី​របៀប​ដែល​ប្រធាន យ៉ូសែប  អែហ្វ ស្ម៊ីធ ត្រលប់​មក​ រដ្ឋ​ហាវ៉ៃ វិញ​នៅ​ 50 ឆ្នាំ​ក្រោយ​មក ហើយ​ក្នុង​នាម​ជា​ប្រធាន​សាសនា​ចក្រ​បាន​ឧទ្ទិស​ឆ្លង​ទីកន្លែង ហើយ​បើក​សម្ពោធ​ការដ្ឋាន​សាង​សង់​ព្រះវិហារ​បរិសុទ្ធឡាអ៊ីអេ ​ហាវ៉ៃ ។​

ការ​អបអរ​ខាង​វប្បធម៌​នោះ​អស្ចារ្យ​ណាស់ ហើយ​ប្រធាន ម៉នសុន ជប់​ចិត្ត​គ្រប់​ការ​សម្ដែង ។ លោក​ជក់​ចិត្ត​នឹង​ការ​សម្ដែង​មួយ​ដែល​បង្ហាញ​ពី​សង្គ្រាម​លោក​លើក​ទី II « Boogie Woogie Bugle Boy » ដោយ​សារ​វា​ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​ពី​ពេល​លោក​នៅ​ជា​ទាហាន​ជើង​ទឹក​អាមេរិក ។ ការ​សម្ដែង​ផ្សេងទៀត​ផ្ដោត​លើ​របាំ​ផ្សេងៗ​គ្នា​របស់​ប្រជាជន​លើ​កោះ ។

មាន​ការ​សម្ដែង​របាំ ហូឡា ដ៏​ស្រស់​ស្អាត​បាន​ធ្វើ​ឡើង ។ យុវនារី​ម្នាក់​សម្ដែង​របាំ​នេះ​ដោយ​អង្គុយ​លើ​រទេះ​រុញ ។ នាង​ស្រស់​ស្អាត ទោះ​ជា​នាង​ពុំ​អាច​ប្រើ​ជើង​ទាំងពីរ​របស់​នាង​បាន​ក៏​ដោយ នាង​សម្ដែង​របាំ​នោះ​បាន​យ៉ាងល្អ ។ ប្រធាន ម៉នសុន ចង្អុល​នាង​ប្រាប់​ខ្ញុំ ហើយ​និយាយ​ពី​ភាព​ស្រស់​ស្អាត​របស់​នាង​ពេល​នាង​កំពុង​រាំ​របាំ​នោះ ។

ពេល​កម្មវិធី​បាន​បញ្ចប់ មនុស្ស​គ្រប់​គ្នា​រីករាយ​ចំពោះ​ការ​សម្ដែង​ដ៏​អស្ចារ្យ​ដែល​បាន​ធ្វើ​ឡើង ។ ពេល​យើង​ចេញ​ពី​វេទិកា ពួក​អ្នក​របាំ​បាន​ត្រលប់​មក​កន្លែង​រាំ​វិញ រួម​ទាំង​អ្នក​របាំ ហូឡា ដែរ ។ ប្រធាន ម៉នសុន ពុំ​បាន​ទៅ​តាម​ច្រក​ចេញ​ដែល​បាន​រៀប​ទុក​ឡើយ តែ​លោក​បាន​ដើរ​តម្រង់​ទៅ​ទីលាន​សម្ដែង ដើម្បី​សម្ដែង​អំណរគុណ​លោក​ចំពោះ​យុវវ័យ​ទាំង​នោះ ហើយ​ជា​ពិសេស​លោក​បាន​ដើរ​សំដៅ​ទៅ​ក្មេង​ស្រី​ស្រស់​ស្អាត​អង្គុយ​ក្នុង​រទេះ​រុញ ដើម្បី​កោត​សរសើរ​នាង ហើយ​សម្ដែង​ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​នាង ។

សូម្បីតែ​នៅ​ក្នុង​ចំណោម​ការ​អបអរ​នេះ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​ក្ដី ក៏​ប្រធាន ម៉នសុន បាន​បង្ហាញ​ម្ដង​ទៀត​នូវ​ក្ដី​ស្រឡាញ់​សុទ្ធសាធ​នៃ​ព្រះអង្គ​សង្គ្រោះ​ដែរ ។ លោក​បាន​ដើរ​ទៅ​រក​ក្មេង​ស្រី​ម្នាក់​នោះ ។ លោក​បាន​ឱន​ថើប​នាង​ត្រង់​ថ្ងាស ។ ខ្ញុំ​បាន​គិត​ថា ៖ « តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ។ ម្ដង​ទៀត​ព្យាការី​នៃ​ព្រះ​កំពុង​បង្ហាញ​យើង​ពី​របៀប​ជួយ​ដល់​អ្នក​ជុំវិញ​យើង​ ពី​របៀប​មាន​ចិត្ត​ល្អ និង​របៀប​ស្រឡាញ់ ​ព្រម​ទាំង​របៀប​លើក​ទឹកចិត្ត និង​លើក​ស្ទួយ » ។ ខ្ញុំ​គិត​ថា ៖ « នេះ​ជា​របៀប​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ ។ នេះ​ជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​យើង​ធ្វើ​ដល់​មនុស្ស​ដទៃ » ។

ខ្ញុំ​ចូល​ចិត្ត​ចម្រៀង​កុមារ​ដែល​ច្រៀង​ថា « ខ្ញុំ​ចង់​ក្លាយ​ដូចជា​ព្រះយេស៊ូវ » (“I’m Trying to Be Like Jesus,” Children's Songbook, 78)។ ហើយ​ខ្ញុំ​ចង់​បន្ថែម​ទៀត​ថា « ហើយ​ខ្ញុំ​ចង់​ក្លាយ​ដូចជា​ព្យាការី​ទ្រង់ » ។

ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​ប្រាំ​យ៉ាង​ដែល​យើង​អាច​ដើរ​តាម​គំរូ​របស់​ប្រធាន ៖

ទី​មួយ យើង​អាច​ជា​មនុស្ស​វិជ្ជមាន ហើយ​រីករាយ ។

ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបាន​ពណ៌នា​ថា មាន​ចរិត​រីករាយ ( សូម​មើល យ៉ូសែប ស្ម៊ីធ ---​ប្រវត្តិ 1:28 ) ។ ការណ៍​នោះ​ក៏​ពណ៌នា​ពី​ប្រធាន ម៉នសុន ដែរ ។ លោក​ពិត​ជា​មាន​ចរិត​រីករាយ​មែន ។

មាន​គ្រា​មួយ ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា ៖ « … យើង​អាច​ជ្រើសរើស​ឲ្យ​មាន​ចរិត​វិជ្ជមាន​បាន ។ យើង​មិន​អាច​បញ្ជា​ខ្យល់ តែ​យើង​អាច​ផ្លាស់​ក្ដោង​បាន ។ និយាយ​ម្យ៉ាង​ទៀត​គឺ យើង​អាច​ជ្រើស​ធ្វើ​ជា​មនុស្ស​រីករាយ ហើយ​វិជ្ជមាន​បាន ទោះ​ជា​មាន​អ្វី​កើត​មាន​ក្នុង​ជីវិត​យើង​ក៏​ដោយ » ( «Messages of Inspiration from President Monson, » Church News, ថ្ងៃ​ទី 2 ខែ កញ្ញា ឆ្នាំ 2012  ទំព័រ 2 ) ។

ថ្ងៃ​មួយ ខ្ញុំ​បាន​រង់ចាំ​នៅ​ខាង​ក្រៅ​បន្ទប់​ប្រជុំ​របស់​គណៈប្រធាន​ទី​មួយ ។ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ទៅ​ទីនោះ​ដើម្បី​​ចូល​រួម​ក្នុង​ប្រជុំ​មួយ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ខាង​ក្រៅ​បន្ទប់​នោះ​តែ​ម្នាក់​ឯង​ដោយ​ស្ងៀម​ស្ងាត់ ។ ខ្ញុំ​បាន​គិត​ថា គណៈប្រធាន​បាន​ប្រជុំ​រួចហើយ ហើយ​ខ្ញុំ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នឹង​ពួក​លោក​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ ។ កាល​ខ្ញុំ​អង្គុយ​នៅ​ទីនោះ ខ្ញុំ​បាន​ឮ​មនុស្ស​ម្នាក់​កំពុង​ដើរ​មក ហើយ​ថែម​ទាំង​ហួច​ទៀត​ផង ។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា ៖ « នរណា​គេ​នេះ​ពុំ​យល់​ពី​ពិធីការ​ត្រឹមត្រូវ​សោះ ។ មិន​ត្រូវ​ដើរ​ជុំវិញ​ហួច​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ប្រធាន​សាសនាចក្រ» ។ មួយ​សន្ទុះ​ក្រោយ​មក អ្នក​ដែល​ហួច​នោះ​បាន​ដើរ​មក​ដល់​កាច់​ជ្រុង ---​គឺ​ជា​ប្រធាន​ ម៉នសុន ។ លោក​រីករាយ ហើយ​ជា​មនុស្ស​វិជ្ជមាន ។ លោក​បាន​រាក់ទាក់​ខ្ញុំ​យ៉ាង​កក់ក្ដៅ ហើយ​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា យើង​នឹង​ចាប់​ផ្ដើម​ការ​ប្រជុំ​នៅ​ប៉ុន្មាន​នាទី​ទៀត​នេះ​ឯង » ។ ទោះ​ជា​មាន​បន្ទុក​នៃ​សាសនាចក្រ​ទាំង​មូល​នៅ​លើ​ស្មា​លោក​ក្ដី ក៏​លោក​ជា​គំរូ​មួយ​នៃ​សុភមង្គល​ដែរ ហើយ​លោក​តែង​មាន​ចរិត​វិជ្ជមាន ។ យើង​គួរ​តែ​ធ្វើ​បែប​នោះ ។

ទីពីរ យើង​អាច​មាន​ចិត្ត​ល្អ ហើយ​ស្រឡាញ់​ដល់​កុមារ ដួចជា​ប្រធាន ម៉នសុន ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿយៗ​ពី​កូនក្មេង ។ ព្យាការី​ទ្រង់ ប្រធាន ម៉នសុន បាន​និយាយ​ជា​រឿយ​ៗ​ពី​កូន​ក្មេង​​ដែរ ហើយ​ជាពិសេស​ខ្ញុំ​បាន​ឃើញ​នៅ​ឯង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ថា​លោក​ស្រឡាញ់​កុមារ​យ៉ាងណា ហើយ​តាមរយៈ​គំរូ​លោក វា​បង្រៀន​យើង​ឲ្យ​ធ្វើ​ចំពោះ​ពួកគេ​ដូចគ្នា​ដែរ ។ នៅ​គ្រប់​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​លោក​ផ្ដោត​ទៅលើ​កូនក្មេង ។ លោក​ចូលចិត្ត​បញ្ចូល​ពួកគេ​ក្នុង​ពិធី​បឋម​សិលា ហើយ​តែង​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ដាក់​ស៊ីម៉ង់​នៅ​លើ​បឋម​សិលា​នោះ ដើម្បី​ចូល​រួម​ជា​និមិត្ត​រូប​ក្នុង​ការ​បញ្ចប់​សព្វ​គ្រប់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ លោក​ធ្វើ​ឲ្យ​គេ​រីករាយ​ក្នុង​កិច្ចការ​នេះ ។ លោក​ធ្វើ​ឲ្យ​គេ​ចងចាំ​វា ។ លោក​តែង​មាន​ស្នាម​ញញឹម​ចំពោះ​ពួក​គេ ។ លោក​លើក​ទឹកចិត្ត ហើយ​សរសើរ​ពួកគេ ។ វា​ជា​រឿង​មួយ​អស្ចារ្យ​នឹង​ឃើញ ។

ម្ដង​ម្កាល ការ​រាក់ទាក់​ដ៏​កក់ក្ដៅ​របស់​លោក រួម​មាន​ ការលើក​ដៃទះបាត​ដៃ​គ្នា ញាក់​ត្រចៀក និង​ការ​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម ហើយ​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ លោក​ពិត​ជា​រីករាយ​នឹង​ជីវិត​ណាស់ ---​ហើយ​យើង​ត្រូវ​ធ្វើ​ដូច​គ្នា​ដែរ ។

ប៉ុន្មាន​ឆ្នាំ​មុន ប្រធាន ម៉នសុន បាន​រៀបចំ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ អូគ័រ ម៉ោនធិន​ នៅ​ថ្ងៃ​កំណើត​លោក ។ ពេល​លោក​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​នោះ ហើយ​ដើរ​ជិត​ដល់​ខ្លោងទ្វារ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ មាន​យុវវ័យ​មួយ​ក្រុម​បាន​ប្រមូល​ផ្ដុំ​គ្នា ។ ពួកគេ​ពិត​ជា​បាន​ដឹង​ថា​វា​ជា​ថ្ងៃ​កំណើត​របស់​ប្រធាន ម៉នសុន ដោយ​សារ​​ពួកគេ​បាន​​ចាប់ផ្ដើម​ច្រៀង​បទ « រីករាយ​ថ្ងៃ​កំណើត » ដល់​លោក ។ លោក​ពេញ​ចិត្ត​ណាស់ ។ លោក​បាន​ឈប់​មើល​ពួកគេ​ទាំង​ស្នាម​ញញឹម ។ លោក​ថែម​ទាំង​បាន​លើក​ដៃ​គ្រវី ដូច​ជា​លោក​កំពុង​ដឹកនាំ​ពូកគេ​ឲ្យ​ច្រៀង​ដូច្នោះ​ដែរ ។ នៅ​ពេល​ចុង​បញ្ចប់​ពួកគេ​បាន​បន្ថែម​វគ្គ​បន្ទរ​ថា « ហើយ​មាន​ច្រើន​ទៀត » ។ ប្រធាន ម៉នសុន ចូល​ចិត្ត​វគ្គ​នោះ​ដែរ ពីព្រោះ​លោក​មាន​ប្រសាសន៍​​មក​ខ្ញុំ​ថា « នោះ​ជា​វគ្គ​ដែល​ខ្ញុំ​ចូល​ចិត្ត » ។

កុមារ​ និង​យុវវ័យ​ក្នុង​សាសនាចក្រ​ស្រឡាញ់​លោក ហើយ​ខ្ញុំ​គិត​ថា​ដោយសារ​ពួកគេ​គ្មាន​ការសង្ស័យ​ទេ​ថា លោក​ស្រឡាញ់​ពួកគេ​ដែរ ! ព្រះយេស៊ូវ​ស្រឡាញ់​កូនក្មេង​តូចៗ ហើយ​ព្យាការី​ទ្រង់​ស្រឡាញ់​ក្មេង​តូចៗ ។ នោះ​ជា​គំរូ​អស្ចារ្យ​មួយ​សម្រាប់​យើង​ម្នាក់ៗ !

ទីបី យើង​អាច​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដូចជា​ប្រធាន ម៉នសុន ។

ការ​លះបង់​របស់​ប្រធាន ម៉នសុន ចំពោះ​ព្រះអម្ចាស់ និង​ការ​តាំង​ចិត្ត​របស់​លោក​ដើម្បី​ធ្វើ​តាម​ការ​បំផុស​នៃ​ព្រះវិញ្ញាណ ត្រូវ​បាន​លើក​ឡើង​ដោយ​រូប​លោក​ផ្ទាល់​ក្នុង​ពាក្យ​ពេចន៍​ទាំងនេះ​ថា ៖ « បទពិសោធន៍​ដ៏​ផ្អែម​ល្ហែម​បំផុត​ដែល​ខ្ញុំ​ស្គាល់​ក្នុង​ជីវិត គឺ​ការ​ទទួល​អារម្មណ៍​ពី​ការ​បំផុស​មួយ ហើយ​ធ្វើ​តាម ហើយ​ក្រោយមក​ឃើញ​ថា វា​ជា​ការ​បំពេញ​នូវ​ការ​អធិស្ឋាន ឬ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ម្នាក់ ។ ហើយ​ខ្ញុំ​តែង​ចង់​ឲ្យ​ព្រះអម្ចាស់​ជ្រាប​ថា បើ​ទ្រង់​ត្រូវការ​ភ្នាក់ងារ​​ម្នាក់ ថម ម៉នសុន នឹង​ធ្វើ​ជា​ភ្នាក់ងារ​របស់​ទ្រង់ » (On the Lord’s Errand [DVD, ឆ្នាំ 2008] ) ។ នោះ​ជា​គំរូ​មួយ​ដែល​យើង​ម្នាក់ៗ​ត្រូវ​ធ្វើ​តាម ។

ទីបួន យើង​អាច​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ដូចជា​ប្រធាន ម៉នសុន ដែរ ។

ប្រធាន ម៉នសុន នឹង​ត្រូវបាន​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​អ្នក​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ចាប់​តាំង​ពី​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៅ​ខែ កុម្ភៈ ឆ្នាំ 2008 មក លោក​បាន​បន្ត​កិច្ចការ​ដ៏​អស្ចារ្យ​ក្នុង​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន​ដែល​លោក​បាន​ប្រកាស​គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ដ៏សំខាន់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ៖ « នៅ​ព្រឹក​នេះ​ខ្ញុំ​មាន​ចិត្ត​រីករាយ​នឹង​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន​ប្រាំ សម្រាប់​ទីតាំង​ដែល​ទទួល​ការអនុញ្ញាត ហើយ​ដែល​នៅ​ខែ​ក្រោយ និង​ឆ្នាំ​ក្រោយ នឹង​ត្រូវ​បាន​សាង​សង់​ក្នុង​តំបន់​ដូច​តទៅ​នេះ ៖ កាលហ្គារី, អាល់ប៊ើរតា ប្រទេស​កាណាដា កូដូបា ប្រទេស​អាហ្សង់ទីន តំបន់​ដ៏​ធំ​នៃ​ទីក្រុង កានសាស ហ្វីឡាឌែលព្យា រដ្ឋ ផែនសីលវេញ៉ា និង​ រ៉ូម ប្រទេស​អ៊ីតាលី » ( ថូម៉ាស អេស ម៉នសុន « Welcome to Conference » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 6 ) ។

រយៈពេល​ប្រាំ​ឆ្នាំ​ដែល​លោក​ជា​ធ្វើ​ជា​ព្យាការី ប្រធាន ម៉នសុន បាន​ប្រកាស​ផែនការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន 33 ។ កាល​ពី​ខែ​មុន​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា លោក​បាន​ប្រកាស​ផែនការ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ពីរ ៖ មួយ​នៅសេដា ស៊ីធី រដ្ឋ​យូថាហ៍ និង​មួយ​នៅ​ រីអូ ដេ ជេនណេរូ ប្រទេស​ប្រស៊ីល ។

ជាមួយ​នឹង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ តែហ្គូស៊ី​ហ្គាលផា ហុនដូរ៉ាស ក្នុង​ខែ​មិនា ឥឡូវ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​សាសនាចក្រ​ចំនួន 141 ដោយ​មាន 29 ផ្សេងទៀត​កំពុង​សាងសង់ ឬ​រៀបចំ​ផែនការ ។ នេះ​ជា​ពេល​អស្ចារ្យ​មួយ​នៃ​ការ​សាង​សង់​ និង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​សាសនាចក្រ​ព្រះអម្ចាស់ ។ ខ្ញុំ​ធ្លាប់​ឮ​ប្រធាន ម៉នសុន ប្រាប់​ដល់​យុវវ័យ​ដែល​ក្មេង​ពេក​ក្នុង​ការ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ឡើង​ទៅ​ប៉ះ​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ រួចហើយ « ចូរ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ប៉ះ​អ្នក​វិញ » ។

ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា « សូម​ឲ្យ​​​យើង​ម្នាក់ៗ​​រស់​នៅ​សក្ដិសម ​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ដើម្បី​​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ប៉ះជីវិត​យើង និង​គ្រួសារ​យើង » (« Blessings of the Temple» Ensign ខែ​តុលា 2010 ទំព័រ 19) ។

បន្ទាប់​មក​លោក​បាន​បន្ថែម​ការ​សន្យា​ដ៏​អស្ចារ្យ​នេះផងដែរ​​ថា ៖ « បើ​យើង​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ចូរ​យើង​ប៉ះ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ជីវិត​យើង​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ក្ដី​ជំនឿ​យើង ។ ពេល​យើង​មក​ដំណាក់​ដ៏​បរិសុទ្ធ​នៃ​ព្រះ ពេល​យើង​ចង​ចាំ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​នោះ យើង​នឹង​អាច​មាន​លទ្ធភាព​ទ្រាំទ្រ​រាល់​ការ​សាកល្បង ហើយ​យក​ឈ្នះ​លើ​ការ​ល្បួង » ។ (Be Your Best Self [ ឆ្នាំ 1979 ], 56 ការ​គូសបញ្ជាក់​បាន​បន្ថែម) ។ បញ្ចប់​ការ​ដក​ស្រង់ ។

ចូរ​យើង​ធ្វើ​តាម​គំរូ​ដែល​ព្យាការី​បាន​បង្ហាញ​យើង ក្នុង​ការ​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។

ទីប្រាំ យើង​អាច​មាន​ចិត្ត​ល្អ ចេះ​គិត ហើយ​ស្រឡាញ់​អ្នក​ដទៃ ដូចជា​ប្រធាន ម៉នសុន ។

ប្រធាន ម៉នសុន ជា​គំរូ​មួយ​អស្ចារ្យ​ពី​ការ​ស្រឡាញ់​អ្នក​ដទៃ ។ ការ​បម្រើ​របស់​លោក​ទាំង​ស្រុង​ត្រូវ​បាន​បំពេញ​ដោយ​ការ​សួរ​សុខ​ទុក្ខ​តាម​ផ្ទះ ការ​ដាក់​ដៃ​លើ​ក្បាល​ផ្ដល់​ការ​ប្រសិទ្ធពរ ការ​ទូរស័ព្ទ​ដែល​មិន​បាន​រំពឹង​ទុក​ដើម្បី​លួងលោម ហើយ​លើក​ទឹកចិត្ត ការ​ផ្ញើ​សំបុត្រ​លើក​ទឹកចិត្ត ​កោតសរសើរ និង​អំណរគុណ ការ​ទៅ​មន្ទីរ​ពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ ព្រមទាំង​ការ​រក​ពេល​ទៅ​ពិធី​បុណ្យ​សព ទោះ​ជា​មាន​កាលវិភាគ​មមាញឹក​យ៉ាងណា​ក្ដី ។

ខ្ញុំ​បាន​លើក​ឡើង​ពី​ដំបូង​ថា មាន​ស្ត្រី​មេម៉ាយ 84 នាក់​ក្នុង​វួដ​របស់​ប្រធាន​ ម៉នសុន ពេល​លោក​ធ្វើ​ជា​ប៊ីស្សព ។ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ បន្ទាប់​ពី​ការ​បម្រើ​របស់​លោក​ជា​ប៊ីស្សព ដោយ​បង្ហាញ​ការ​លះបង់​ដ៏​ធំធេង រួម​ជាមួយ​នឹង​លទ្ធផល​នៃ​ការ​អធិស្ឋាន​របស់​ពួកគេ ប្រធាន ម៉នសុន បាន​ចូល​រួម​ពិធី​បុណ្យ​សព​ពួកគាត់​គ្រប់​គ្នា ។ សូម​គិត​ពី​រឿង​នេះ ។

ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដែរ ថូម៉ាស ម៉នសុន បាន​ចេញ​ទៅ​ធ្វើ​ការ​ល្អ ដោយ​ការ​ប្រសិទ្ធពរ និង​ស្រឡាញ់​ដល់​អ្នក​ដទៃ ហាក់​ដូចជា​កិច្ចការ​នោះ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ជីវិត​លោក ។ យើង​ទាំងអស់​គ្នា​អាច​រៀន​ពី​រឿងនេះ ពេល​យើង​ខិត​ខំ​ដើរ​តាម​ស្នាម​ជើង​របស់​លោក ។

គំរូ​អស្ចារ្យ​មួយ​នៃ​សន្ដាន​ចិត្ត​ល្អ​របស់​ប្រធាន ម៉នសុន ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន ។ កាល​ដែល​ព្រះវិហារ ព្រិកហាំ ស៊ីធី ដ៏​ស្រស់​ស្អាត​ជិត​សង់​រួចរាល់ ខ្ញុំ​បាន​ជួប​នឹង​គណៈប្រធាន​ទីមួយ​ដើម្បី​ពិភាក្សា​ពី​ផែនការ​សម្រាប់​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ។ ដោយ​សារ​ទី​ក្រុង ព្រិកហាំ មាន​ចម្ងាយ​តែ​មួយ​ម៉ោង​ពី​ភាគ​ជើង​នៃ​ទីក្រុង សលត៍ លេក វា​ងាយ​ស្រួល​ចំពោះ​ប្រធាន ម៉នសុន ធ្វើ​ដំណើរ​ទៅ​ទី​នោះ​សម្រាប់​ការ​ឧទ្ទិស​ឆ្លង ។ ផ្ទុយ​ទៅវិញ ប្រធាន ម៉នសុន មាន​ប្រសាសន៍​ថា « ទីក្រុង ព្រិកហាំ ​ជា​ទីក្រុង​កំណើត​របស់​ប្រធាន ប៊យ  ឃេ ផាកកឺ ជា​សាវក​ដ៏​អស្ចារ្យ​ដែល​បាន​អង្គុយ​ក្បែរ​ខ្ញុំ​យូរ​ឆ្នាំ​ហើយ​ក្នុង​ពួក​ដប់​ពីរ​នាក់ ។ ខ្ញុំ​ចង់​ឲ្យ​គាត់​ផ្ដល់​កិត្តិយស និង​ពរ​ជ័យ​នៃ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​កំណើត​គាត់ ។ ខ្ញុំ​នឹង​ដក​ខ្លួន​ចេញ ហើយ​ខ្ញុំ​នឹង​ចាត់​ប្រធាន ផាកកឺ ឲ្យ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ព្រិកហាំ ស៊ីធី ។ ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយ​ជា​ថ្ងៃ​អស្ចារ្យ​សម្រាប់​គាត់ » ។

វា​ជា​ថ្ងៃ​អស្ចារ្យ​សម្រាប់​ប្រធាន ផាកកឺ និង ស៊ីស្ទើរ ផាកកឺ ​ដែល​បាន​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ទីក្រុង ព្រិកហ្គាំ ដែរ ។ ខ្ញុំ​រំជួល​ចិត្ត​ចំពោះ​សន្ដាន​ចិត្ត​ និង​ទង្វើ​សប្បុរស​របស់​ប្រធាន ម៉នសុន ចំពោះ​សាវក​របស់​លោក ។ យើង​អាច​ធ្វើ​ដូច​គ្នា​ដែរ ។ យើង​អាច​ចែក​រំលែក ហើយ​មាន​ចិត្ត​ល្អ ហើយ​កុំ​គិត​ពី​ខ្លួន​ឯង​ខ្លាំង​ពេក ---​តែ​ត្រូវ​គិត​ពី​មនុស្ស​ជុំវិញ​យើង​ឲ្យ​បាន​ច្រើន ។

ខ្ញុំ​ស្រឡាញ់​ចម្រៀង​កុមារ​បទ « ធ្វើ​តាម​ព្យាការី » ។ វា​មាន​ប្រាំបួន​វគ្គ​ តែ​ខ្ញុំ​មាន​ពេល​អាន​តែ​វគ្គ​ចុង​ក្រោយ​ប៉ុណ្ណោះ ៖

ពិភពលោក​ឥឡូវ​មាន​ការ​ភាន់​ច្រឡំ​ច្រើន ។

បើ​អ្នក​មិន​ជឿ​រឿង​នេះ ហើយ​ស្ដាប់​តាម​ព័ត៌មាន ។

យើង​អាច​ទទួល​ការណែនាំ​ក្នុង​ដំណើរ​នេះ

បើ​យើង​ស្ដាប់​ព្យាការី ---ធ្វើ​តាម​សម្ដី​គាត់ ។

… … … … … … … … … .

ធ្វើ​តាម​ព្យាការី កុំ​ដើរ​ផ្លូវ​ខុស ។

… … … … … … … … … .

ធ្វើ​តាម​ព្យាការី គាត់​ស្គាល់​ផ្លូវ​ត្រូវ ។

(Children’s Songbook [ ឆ្នាំ 2005 ], 111)

ប្រធាន ម៉នសុន ពិត​ជា​ស្គាល់​ផ្លូវ ។ ផ្លូវ​ត្រូវ​គឺ​ជា​ផ្លូវ​ព្រះអម្ចាស់ ។ « ផ្លូវ​ត្រឹមត្រូវ​គឺ​ជឿ​ដល់​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី 2 25:29 ) ។

ប្រធាន ម៉នសុន បង្រៀន​យើង​ពី​របៀប​រស់​នៅ​តាម​សារលិខិត​ដ៏​អស្ចារ្យ និង​បំផុស​គំនិត​របស់​លោក​នៅ​សន្និសីទ​ទូទៅ ។ លោក​បង្រៀន​យើង​ពី​របៀប​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​គំរូ​ដ៏​អស្ចារ្យ​របស់​លោក​ផ្ទាល់ ។ ពិត​ណាស់​ព្រះអម្ចាស់​បាន​ផ្ដល់​គំរូ​មួយ​ឲ្យ​យើង​គ្រប់​កិច្ចការ​ទាំងអស់ ហើយ​គំរូ​មួយ​ដែល​យើង​គួរ​ខិតខិត​ធ្វើ​តាម​គឺ​ការ​ធ្វើ​តាម​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មានព្រះ​នៅ​ស្ថានសួគ៌​ដែល​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ។ ទ្រង់​បាន​ផ្ដល់​ព្យាការី​ឲ្យ​ដឹកនាំ​យើង បង្រៀន​យើង ហើយ​ណែនាំ​យើង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។ ខ្ញុំ​ជឿ​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ស្រឡាញ់​ព្យាការី គាំទ្រ​លោក ហើយ​ធ្វើ​តាម​គំរូ​លោក ។

យើង​ពិត​ជា​អរគុណ​ព្រះ​ចំពោះ​ព្យាការី ។ យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី​រូបនេះ ។ ខ្ញុំ​រាប់​វា​ថា​ជា​ពរជ័យ​មួយ​ធំធេង​ដោយ​រស់​នៅ​ក្នុង​ជំនាន់​ដែលថូម៉ាស  អេស ម៉នសុន ជា​ព្យាការី​នៃ​ព្រះអម្ចាស់​ ។ ពេល​យើង​ធ្វើ​តាម​ព្យាការី ហើយ​ព្យាយាម​ក្លាយ​ដូច​ជា​លោក យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ពិត​ប្រាកដ ។

ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​និយាយ​ទៅ​កាន់​អ្នករាល់គ្នា​នា​ល្ងាច​នេះ ហើយ​សូម​អធិស្ឋាន​ថា​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យ៉ាង​លើសលប់​ដល់​អ្នក​រាល់គ្នា ដោយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នេះ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

©  2013 ដោយ Intellectual Reserve, Inc. រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។ អនុមតិ​ជា​ភាសា​អង់​គ្លេស 9/12 ។ អនុមតិ​បក​ប្រែ ៖ 9/12 ។ ការ​បកប្រែ​នៃ Our Prophet: Thomas S. Monson ។ Cambodian ។ PD50046139 258