ឆ្នាំ ២០១០-២០១៩
អ្នក​ណា​ដែល​ធំ​ជាង​គេ
ខែ មេសា ឆ្នាំ ២០១៧


20:5

អ្នក​ណា​ដែល​ធំ​ជាង​គេ

រង្វាន់​ដ៏​ធំ​បំផុត​របស់​ព្រះ ប្រទាន​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​បម្រើ​ដោយ​ពុំ​រំពឹង​ចង់​បាន​រង្វាន់ ។

បងប្អូន មិត្តភក្ដិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដើម្បី​នៅ​ជាមួយ​បងប្អូនក្នុង​ការ​ប្រជុំ​បព្វជិតភាព​ទូទាំង​ពិភពលោក​ដ៏​បំផុសគំនិត​នេះ ។ ប្រធាន ម៉នសុន អរគុណ​ចំពោះ​សារលិខិត និង​ពរជ័យ​របស់​លោក ។ ពួកយើង​នឹង​ចាំ​ប្រសាសន៍​របស់​លោក​ដែល​មាន​ការណែនាំ ការទូន្មាន និង​ប្រាជ្ញា​ទាំង​នេះ​ក្នុង​ចិត្ត​ពួកយើង ។ យើង​ស្រឡាញ់ ហើយ​គាំទ្រលោក ហើយ​យើង​អធិស្ឋាន​ឲ្យ​លោក​ជានិច្ច ។ លោក​គឺ​ជា​ព្យាការី​របស់​ព្រះ​ពិតប្រាកដ​មែន ។ លោក​គឺជា​ប្រធាន​របស់​ពួកយើង ។ យើង​គាំទ្រ យើង​ស្រឡាញ់​លោក ។

ជិត​ពីរ​ទសវត្សរ៍​កន្លង​ទៅ ព្រះវិហារ​បរិសុទ្ធ​ម៉ាទ្រីត អេស្ប៉ាញ ត្រូវ​បាន​ឧទ្ទិស​ឆ្លង ហើយ​បាន​ចាប់​ផ្ដើម​ការបម្រើ​ជា​ដំណាក់​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់ ។ ហារៀត និង​ខ្ញុំ​ចាំ​យ៉ាង​ច្បាស់ ដោយសារ​ខ្ញុំ​បាន​បម្រើ​ជា​គណៈប្រធាន​តំបន់​អើរ៉ុប​នៅគ្រា​នោះ ។ ពួក​យើង​បាន​ចំណាយ​ពេល​រាប់​ម៉ោង​ចូលរួម​ជាមួយ​នឹង​មនុស្ស​ដទៃ​ជាច្រើន​ទៀត​ដាក់​ផែនការ និង​ធ្វើការ​រៀបចំ​យ៉ាង​លម្អិត​សម្រាប់​ព្រឹត្តិការណ៍​នៃ​ការ​ឧទ្ទិស​ឆ្លង​នោះ ។

ពេល​ជិត​ដល់​ថ្ងៃ​ឧទ្ទិស​ឆ្លង ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ខ្ញុំ​ពុំ​ទាន់​បាន​ទទួល​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ឡើយ​ទេ ។ រឿង​នេះ​ពុំ​គួរ​ដូច្នេះ​សោះ ។ ពីព្រោះ​ក្នុង​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​តំបន់ ខ្ញុំ​បាន​ចូល​រួម​យ៉ាង​ច្រើន​នៅក្នុង​គម្រោង​ព្រះវិហារ​បរិសុទ្ធ​នេះ ហើយ​មាន​អារម្មណ៍​ថា​មាន​ចំណែក​តិចតួច​ក្នុង​ទំនួល​ខុសត្រូវ​ក្នុង​គម្រោង​នេះ ។

ខ្ញុំ​បាន​សួរ​ហារៀត ថា តើ​គាត់​បាន​ឃើញ​លិខិត​អញ្ជើញ​ឬ​ទេ ។ គាត់​មិន​បាន​ឃើញ​ទេ ។

ច្រើន​ថ្ងៃ​កន្លង​ផុតទៅ ខ្ញុំ​កាន់តែ​អន្ទះសា​ក្នុង​ចិត្ត ។ ខ្ញុំ​ងឿង​ឆ្ងល់​ថា​លិខិត​អញ្ជើញ​របស់​ពួកយើង​បាន​បាត់​ទៅ​ណា—ប្រហែល​ជា​វា​កប់​នៅចន្លោះ​កៅអី​ឬ​អី ។ ប្រហែល​វា​នៅ​លាយ​ឡំ​ជាមួយ​សំបុត្រ​មិន​បាន​ការ ហើយ​ត្រូវបាន​បោះចោល​បាត់​ទៅ​ហើយ​មិន​ដឹង ។ អ្នកជិត​ខាងយើង​មាន​ឆ្មា​ប្លែក​មួយ​ក្បាល ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​សង្ស័យ​នឹង​ឆ្មា​នោះ ។

ទីបំផុត ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​ការ​ពិត​ថា ៖ ខ្ញុំ​ពុំ​ត្រូវ​បាន​គេ​អញ្ជើញ​ទេ ។

ប៉ុន្តែ​តើ​រឿង​នោះ​កើត​ឡើង​យ៉ាងម៉េច​បាន ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ឲ្យ​អាក់អន់​ចិត្ត​ឬ ? តើ​មាន​នរណា​ម្នាក់​គិត​ស្មាន​ថា វា​នៅ​ឆ្ងាយ​ពេក​ពិបាក​យើង​ធ្វើ​ដំណើរ​ឬ ? តើ​គេ​ភ្លេច​ខ្ញុំ​ឬ ?

ទីបំផុត​ខ្ញុំ​ដឹង​ថា តំណ​នៃ​ការ​គិត​នេះ​នាំ​ទៅ​រក​ចំណុច​មួយ​ដែល​ខ្ញុំ​មិន​ចង់​គិត ។

ហារៀត និង​ខ្ញុំ​បាន​រំឭក​ខ្លួន​ឯង​ថា ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​នេះ​ពុំ​មែន​អំពី​ពួកយើង​ទេ ។ វា​ពុំ​មែន​អំពី​រឿង​ថា នរណា​សក្ដិសម​ដើម្បី​អញ្ជើញ ឬ​មិន​អញ្ជើញ​នោះទេ ។ ហើយ​វា​ពុំ​មែន​អំពី​អារម្មណ៍​របស់​យើង ឬ​ញាណ​នៃ​ឯកសិទ្ធិ​របស់​យើង​នោះទេ ។

វា​គឺអំពី​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះដ៏​ខ្ពស់​បំផុត​ដ៏​បរិសុទ្ធ ។ វា​គឺជា​ថ្ងៃ​អំណរ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​ប្រទេស​អេស្ប៉ាញ ។

បើ​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ខ្ញុំ​នឹង​ចូលរួម​ដោយ​រីករាយ​បំផុត ។ ប៉ុន្តែ​បើ​ខ្ញុំ​ពុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម អំណរ​របស់​ខ្ញុំ​នឹង​មិន​តិច​ជាង​នោះ​ដែរ ។ ហារៀត និង​ខ្ញុំ​នឹង​រីករាយ​ជាមួយ​មិត្ត​របស់​យើង បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​យើង​ពី​ចម្ងាយ ។ ពួក​យើង​នឹង​សរសើរ​តម្កើង​ព្រះ​ចំពោះ​ពរជ័យ​ដ៏​អស្ចារ្យ​នេះ​យ៉ាង​ក្លៀវក្លា​ពី​ផ្ទះ​របស់​ពួក​យើង​នៅ​ហ្វ្រាងហ្វឺត ដូចជា​ពួក​យើង​នៅ​ក្រុង​ម៉ាទ្រីត​ដែរ ។

ពួកកូន​ផ្គរលាន់

នៅក្នុង​ចំណោម​ពួក​ដប់ពីរ​នាក់​ដែល​ព្រះយេស៊ូវ​បាន​ហៅ និង​តែងតាំង គឺ​មាន​បងប្អូន​ប្រុស​ពីរ​នាក់​ឈ្មោះ យ៉ាកុប និង​យ៉ូហាន ។ តើ​បងប្អូន​ចាំ​ពី​ឈ្មោះ​ហៅ​ក្រៅ​ដែល​ទ្រង់​បាន​ប្រទាន​ដល់ពួក​គេ​ឬ​ទេ ?

ពួកកូន​ផ្គរលាន់ ( បោនអ៊ើកេ ) ។

បងប្អូន​នឹង​មិន​ទទួល​បាន​ឈ្មោះ​ហៅ​ក្រៅ​ដូច្នេះ ដោយ​គ្មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បង្កប់​នៅក្នុង​ឈ្មោះ​នោះ​ទេ ។ ជា​អកុសល បទគម្ពីរ​ពុំ​បាន​ផ្ដល់​នូវ​ការ​ពន្យល់​ច្រើន​អំពី​ប្រភព​ដើម​នៃ​ឈ្មោះ​ហៅ​ក្រៅ​នេះ​ទេ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួក​យើង​ទទួល​បាន​នូវការ​យល់​ដឹង​សង្ខេប​អំពី​លក្ខណៈ​របស់​យ៉ាកុប និង​យ៉ូហាន ។ អ្នក​ទាំង​នេះ គឺ​ជា​បងប្អូន​ប្រុស​ដែល​បាន​សូម​ឲ្យ​ភ្លើង​ធ្លាក់ចុះ​មក​ពី​ស្ថានសួគ៌​មក​លើ​ភូមិ​សាសន៍​សាម៉ារី​មួយ ដោយសារ​ពួកគេ​ពុំ​បាន​អញ្ជើញ​បងប្អូន​ប្រុស​ទាំងពីរ​នាក់​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ។

យ៉ាកុប និង​យ៉ូហាន គឺជា​អ្នក​នេសាទ​—​ប្រហែល​ជា​មនុស្ស​សាមញ្ញ​បន្ដិច​—​ប៉ុន្តែ​ខ្ញុំ​គិត​ស្មាន​ថា​ពួកគេ​ស្គាល់​ពី​ធាតុ​នានា​នៃ​ធម្មជាតិ ។ ច្បាស់ណាស់​ថា ពួកគេ​គឺជា​បុរស​សកម្ម ។

នៅ​គ្រា​មួយ ពេល​ព្រះអង្គសង្គ្រោះ​បាន​រៀបចំ​ចេញ​ដំណើរ​លើកចុង​ក្រោយ​របស់​ទ្រង់​ទៅកាន់​ទីក្រុង​យេរូសាឡិម នោះ​យ៉ាកុប និង​យ៉ូហាន​បាន​ទៅ​ជួប​ទ្រង់​ដោយ​មាន​សំណើ​ពិសេស​មួយ—ជា​សំណើ​ដែល​អាច​សម​ទៅ​នឹង​ឈ្មោះ​ហៅ​ក្រៅ​របស់​ពួកគេ ។

ពួក​គាត់​និយាយ​ថា « សូម​លោក​សម្រេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្ដី​សំណូម​ពរ​របស់​យើង​ខ្ញុំ​ផង » ។

ខ្ញុំ​អាច​ស្រមៃ​ថា ព្រះយេស៊ូវ​ញញឹម​ដាក់​ពួកគេ នៅពេល​ទ្រង់​បាន​តប​ថា « តើ​ចង់​ឲ្យ​ខ្ញុំ​សម្រេច​អ្វី​ឲ្យ​អ្នក ? »

« សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ​ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក​ក្នុង​ស្ថាន​នៃ​សិរីល្អ​របស់​លោក » ។

ឥឡូវ ព្រះអង្គសង្គ្រោះ​បាន​សំណូម​ពរ​ឲ្យ​ពួកគេ​គិត​ឲ្យ​បាន​ជ្រៅ​បន្ដិច​ទៀត​អំពី​អ្វី​ដែលពួកគេ​កំពុង​សូម​នោះ រួច​មាន​បន្ទូល​ថា « តែ​ដែល​អង្គុយ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អ្នក​ណា​ដែល​ទីនោះ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ » ។

ឬ​និយាយ​ម្យ៉ាង​ទៀត​ថា អ្នក​មិន​អាច​ទទួល​បាន​កិត្តិយស​នៅក្នុង​នគរ​នៃ​ស្ថានសួគ៌​ដោយ​ការ​ធ្វើ​យុទ្ធនាការ​រក​វា​នោះ​ទេ ។ អ្នក​ក៏​មិន​អាច​ទទួល​បាន​សិរីល្អ​ដ៏​អស់​កល្ប​ជានិច្ច​ដោយ​សារ​តែ​អ្នក « មាន​ខ្សែ » នោះ​ទេ ។

នៅពេល​សាវក​ដប់នាក់​ផ្សេង​ទៀត​បាន​ស្ដាប់​ឮ​សំណើ​នេះ​ចេញ​ពី​ពួក​កូន​ផ្គរលាន់ ពួកគេ​ពុំ​សប្បាយ​ចិត្ត​នោះ​ទេ ។ ព្រះយេស៊ូវ​បាន​ដឹង​ថា ពេល​របស់​ទ្រង់​នៅ​ខ្លី ហើយ​ពេល​ឃើញ​មាន​ការ​ទាស់ទែង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​បន្ដ​ធ្វើ​កិច្ចការ​របស់​ទ្រង់ នោះ​ទ្រង់​ច្បាស់ជា​ពុំ​ស្រណុក​ព្រះទ័យ​ឡើយ ។

ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួកដប់​ពី​នាក់​អំពី​ធាតុ​ពិត​នៃ​អំណាច និង​របៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​អ្នក​ទាំងឡាយ​ដែល​ស្វែង​ចង់​បាន​វា ។ ទ្រង់​មាន​បន្ទូល​ថា « ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ » ។

ខ្ញុំ​ស្ទើរ​តែ​អាច​មើល​ឃើញ​ព្រះអង្គសង្គ្រោះ ទត​មើល​មុខ​សិស្ស​ដ៏​ស្មោះត្រង់ និង​មាន​ជំនឿ​ទាំងនោះ​ដោយ​ក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍ ។ ខ្ញុំ​ស្ទើរតែ​អាច​ស្ដាប់​ឮ​សំឡេង​អង្វរ​របស់​ទ្រង់​ថា « ប៉ុន្ដែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ។ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ » ។

នៅក្នុង​នគរ​របស់​ព្រះ ភាព​ធំ និង​ភាព​ជា​អ្នកដឹកនាំ​មាន​ន័យ​ថា យល់​ពី​អ្នកដទៃ​តាម​ធាតុពិត​របស់​ពួកគេ—ដូចជា​ព្រះ​ទត​មើល​ពួកគេ—​ហើយ​បន្ទាប់​មក​ឈោង​ទៅ​ជួយ និង​បម្រើ​ដល់​ពួកគេ ។ វា​មាន​ន័យ​ថា រីករាយ​នឹង​អ្នក​ដែល​រីករាយ យំ​នឹង​អ្នក​ទាំងឡាយ​ដែល​មាន​ទុក្ខ លើក​ស្ទួយ​អ្នក​ទាំងឡាយ​ដែល​មាន​ទុក្ខ​ព្រួយ ហើយ​ស្រឡាញ់​អ្នកជិត​ខាង​របស់​យើង ដូចជា​ព្រះគ្រីស្ទ​ស្រឡាញ់​យើង ។ ព្រះអង្គសង្គ្រោះ​ស្រឡាញ់​កូនចៅ​ទាំងអស់​របស់​ព្រះ​ដោយ​មិនគិត​ពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច ពូជសាសន៍ សាសនា ភាសា ជំនឿ​នយោបាយ សញ្ជាតិ ឬ​ក្រុម​ណា​មួយ​ឡើយ ។ យើង​គប្បី​ធ្វើ​ដូច្នោះ​ផងដែរ !

រង្វាន់​ដ៏​ធំ​បំផុត​របស់​ព្រះ​ប្រទាន​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​បម្រើ​ដោយ​ពុំ​រំពឹង​ចង់​បាន​រង្វាន់ ។ រង្វាន់​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​ដោយ​ពុំ​គិត​ពី​ប្រជាប្រិយភាព អ្នក​ដែល​ស្វែង​រក​របៀប​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ដោយ​ស្ងាត់ៗ អ្នក​ដែល​បម្រើ​អ្នកដទៃ​ដោយ​សាមញ្ញ ដោយ​សារ​តែ​ពួកគេ​ស្រឡាញ់​ព្រះ និង​កូនចៅ​របស់​ព្រះ ។

កុំ​បណ្ដោយ​ឲ្យ​ការណ៍​នេះ​បំផ្លាញ​ខ្លួនឡើយ

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការហៅ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ថ្មី​មក ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​ដើម្បី​ធ្វើ​ដំណើរ​អម​ប្រធាន ជេម អ៊ី ហ្វោស្ដ រៀបចំ​ស្ដេក​មួយ​ឡើង​វិញ ។ ដោយ​សន្តាន​ចិត្ត​ល្អ នៅ​ពេល​ខ្ញុំ​បើក​ឡាន​ទៅ​ធ្វើ​កិច្ចការ​ចាត់តាំង​របស់​ខ្ញុំ​ក្នុង​រដ្ឋ​យូថាហ៍​ភាគ​ខាង​ត្បូង​ដ៏​ស្រស់ស្អាត ប្រធាន​ហ្វោស្ដ បាន​ប្រើ​ពេល​នោះ​ដើម្បី​ណែនាំ និង​បង្រៀន​ខ្ញុំ ។ មាន​មេរៀន​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច ។ លោក​បាន​មាន​ប្រសាសន៍​ថា « សមាជិក​សាសនាចក្រ​កោត​សរសើរ​ចំពោះ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ណាស់ ។ ពួកគេ​នឹង​ប្រព្រឹត្ត​ដាក់​អ្នក​ដោយ​ចិត្ត​ល្អ ហើយ​និយាយ​រឿង​ល្អៗ​ពី​អ្នក » ។ បន្ទាប់មក លោក​បាន​ឈប់​មួយ​សន្ទុះ​រួច​ថ្លែង​ថា « ឌៀថើរ សូម​មាន​អំណរគុណ​ចំពោះ​ការណ៍​នេះ​ជា​និច្ច ប៉ុន្ដែ​ប្អូន​កុំ​បណ្ដោយ​ឲ្យ​ការណ៍​នេះ​បំផ្លាញ​ខ្លួន​ឡើយ ។

មេរៀន​ដ៏​សំខាន់​អំពី​ការបម្រើ​ក្នុងសាសនាចក្រ​នេះ អនុវត្ត​ចំពោះ​អ្នកកាន់​បព្វជិតភាព​គ្រប់រូប​ក្នុងគ្រប់​កូរ៉ុម​នៃ​សាសនាចក្រ ។ វា​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា​ក្នុង​សាសនាចក្រ​នេះ ។

នៅពេល​ប្រធាន ជេរ៉ូប៊ីន ក្លាក ជុញ្ញ័រ ប្រឹក្សា​ដល់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​កាន់​តំណែង​អ្នក​មាន​សិទ្ធិអំណាច​ក្នុង​សាសនាចក្រ លោក​បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​ភ្លេច​ច្បាប់​ទីប្រាំ​មួយ ។

ច្បាស់​ណាស់ មនុស្ស​នឹង​សួរ​ថា « ច្បាប់​ទីប្រាំ​មួយ​ជា​អ្វី ? »

លោក​នឹង​ប្រាប់​ថា « កុំ​បារម្ភ​ច្រើន​ពេក​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​អំពី​អ្នក » ។

ប្រាកដ​ណាស់ ចំណុច​នេះ​នាំ​ទៅ​រក​សំណួរ​បន្ទាប់ ៖ « តើ​អ្វី​ទៅ​ជា​ច្បាប់​ប្រាំ​ផ្សេង​ទៀត ? »

ប្រធាន​ក្លាក នឹង​និយាយ​ដោយ​ញញឹម​ពព្រាយ​ថា « ពុំ​មាន​ច្បាប់​ទាំង​ប្រាំ​នោះទេ » ។​

ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ​ដែល​មាន​ប្រសិទ្ធភាព យើង​ត្រូវ​រៀន​មេរៀន​ដ៏​សំខាន់​នេះ​ថា ៖ ភាព​ជា​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​ពុំ​ផ្ដោត​ច្រើន​លើ​ការ​ដឹកនាំ​អ្នកដទៃ​ខ្លាំង​ដូចជា​ការ​មាន​ឆន្ទៈ​ឲ្យ​ព្រះ​ដឹកនាំ​យើង​ឡើយ ។

ការ​ហៅ​បម្រើ​ជា​ឱកាស​ដើម្បី​បម្រើ

ក្នុង​នាម​ជា​ពួកបរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត យើង​ត្រូវ « នឹក​ចាំ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ពី​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កម្សត់​ទុរគត និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា ដ្បិត​អ្នក​ណា​ដែល​មិន​ធ្វើ​ការ​ទាំង​នេះ​ទេ អ្នក​នោះ​ឈ្មោះ​ថា​មិនមែន​ជា​សិស្ស​របស់​យើង​ឡើយ » ។ ឱកាស​ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​ល្អ និង​បម្រើ​អ្នកដទៃ គឺ​មាន​រាប់មិន​អស់​ទេ ។ យើងអាច​ស្វែងរក​ឱកាស​នោះ​នៅក្នុង​សហគមន៍​របស់​យើង ក្នុង​វួដ និង​សាខា​របស់​យើង ព្រមទាំង​នៅក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់ ។

បន្ថែម​ពីនោះ សមាជិក​គ្រប់រូប​ក្នុង​សាសនាចក្រ​ត្រូវ​បាន​ផ្ដល់​ឱកាស​បម្រើ​ជា​ផ្លូវ​ការជាក់លាក់​ជាច្រើន ។ យើង​សំដៅ​ទៅលើ​ឱកាស​ទាំងនោះ​ថា​ជា « ការ​ហៅ​បម្រើ »—ជា​ពាក្យ​ដែល​គួរ​តែ​រំឭក​យើង​អំពី​អ្នក​ដែល​ហៅ​យើង​ឲ្យ​បម្រើ ។ ប្រសិន​បើ​យើង​គិត​ថា ការ​ហៅ​បម្រើ​របស់​យើង​ជា​ឱកាស​ដើម្បី​បម្រើ​ព្រះ និង​បម្រើ​អ្នកដទៃ​ដោយ​សេចក្ដីជំនឿ និង​ភាព​រាបសា នោះ​ទង្វើ​នៃ​ការ​បម្រើ​ទាំងអស់​នឹង​ក្លាយជា​ការ​បោះជំហាន​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ។ តាម​របៀប​នេះ ព្រះ​ពុំ​គ្រាន់តែ​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ស្ថាបនា​ពួក​អ្នកបម្រើ​ទ្រង់​ផងដែរ ។ សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយជា​សិស្ស​ពិត និង​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ ជា​បុត្រា និង​បុត្រី​ល្អ និង​ថ្លៃថ្នូរ​របស់​ព្រះ ។ ការណ៍​នេះ​កើត​ឡើង​ពុំ​គ្រាន់តែ​នៅពេល​យើង​ទៅ​ប្រជុំ ហើយ​ស្ដាប់​ការ​ឡើង​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅពេល​យើង​គិត​អំពី​អ្នក​ដទៃ ហើយ​បម្រើ​ពួកគេ​ផងដែរ ។ ការណ៍​នេះ​គឺ​ជា​របៀប​ដែល​យើង​ក្លាយជា « ធំ » នៅ​ក្នុង​នគរ​ព្រះ ។

យើង​ទទួល​យក​ការ​បម្រើ​ដោយ​ពេញចិត្ត ភាពរាបសា និង​ការ​ដឹងគុណ ។ នៅពេល​យើង​ដោះលែង​ពី​ការហៅ​បម្រើ​ទាំង​នេះ នោះ​យើង​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ដោយ​ព្រះគុណ ភាពរាបសា និង​ការ​ដឹងគុណ​ដូច​គ្នា​នោះ ។

នៅក្នុង​ព្រះនេត្រ​របស់​ព្រះ គ្មាន​ការ​ហៅ​បម្រើ​ណា​មួយ​នៅក្នុង​នគរ​សំខាន់​ជាង​ការ​ហៅ​បម្រើ​ណា​មួយ​ទៀត​នោះ​ទេ ។ ការ​បម្រើ​របស់​យើង—ទោះជា​ធំ ឬ​តូច​—​ដុសខាត់​វិញ្ញាណ​របស់​យើង បើក​បង្អួច​ស្ថានសួគ៌ ហើយ​ចាក់​ព្រះពរ​របស់ព្រះ ពុំ​គ្រាន់​តែ​មក​លើ​អ្នក​ដែល​យើង​បម្រើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មក​លើ​ខ្លួន​យើង​ផងដែរ ។ នៅពេល​យើង​ឈោង​ទៅជួយ​អ្នកដទៃ នោះ​យើង​អាច​ដឹង​ដោយ​ទំនុកចិត្ត​រាបសា​ថា ព្រះ​ទទួល​ស្គាល់​ការ​បម្រើ​របស់​យើង​ដោយ​អនុមតិ និង​អរ​ព្រះទ័យ ។ ទ្រង់​ញញឹម​មក​យើង នៅពេល​យើង​ធ្វើ​ទង្វើ​នៃ​ក្ដីមេត្តា​ដោយ​ចេញ​ពីចិត្ត​ទាំងនេះ ជាពិសេស​ទង្វើ​ដែល​អ្នកដទៃ​ពុំ​បាន​ឃើញ ឬ​កត់សម្គាល់ ។

រាល់ពេល​ដែល​យើង​បម្រើ​ដល់​អ្នកដទៃ យើង​បោះជំហាន​ទៅកាន់​តែ​ជិត​ក្លាយជា​សិស្ស​ល្អ ហើយពិត​របស់​អង្គ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​របស់​ទ្រង់​សម្រាប់​យើង ៖ គឺ​ព្រះអង្គសង្គ្រោះ​យើង ។

ចេញ​ពី​ការ​ធ្វើ​ជា​អធិបតី​ទៅជា​អ្នក​ដើរ​ក្បួន

អំឡុង​ការ​ប្រារព្ធខួប​ទី ១៥០ នៃ​ការ​មក​ដល់​ជ្រលងភ្នំ​សលត៍ លេក​របស់​ពួក​អ្នកត្រួសត្រាយ​​បងប្រុស ម៉ារ៉ុន រីឆិន កំពុង​បម្រើ​ជា​ប្រធាន​ស្ដេក​នៅ ហែនីហ្វើរ រដ្ឋ​យូថាហ៍ ។ ការ​ប្រារព្ធពិធី​នោះ​រួមមាន​ទាំង​ការធ្វើ​ឡើង​វិញ​នូវ​ការ​ធ្វើ​ដំណើរ​របស់​ពួក​អ្នក​ត្រួសត្រាយ​ឆ្លង​ភូមិ​របស់​គាត់ ។

ប្រធាន រីឆិន បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​រៀប​ផែនការ​សម្រាប់​ពិធី​នោះ ហើយ​គាត់​បាន​ចូលរួម​ក្នុងកា​រប្រជុំ​ជាច្រើន​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​អ្នកដទៃ​ទៀត​ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​នានា ។ លោក​បាន​ចុះប្រឡូក​កិច្ចការ​នោះ​ទាំងស្រុង ។

ពីមុន​ពិធីចាប់​ផ្ដើម​បន្ដិច ស្ដេក​របស់​ប្រធាន​រីឆិន ត្រូវបាន​រៀបចំ​សារ​ឡើងវិញ ហើយ​គាត់​ត្រូវ​បាន​ដោះ​លែង​ពី​តំណែង​ប្រធាន ។ នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ គាត់​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​វួដ​របស់​គាត់ កាល​ដែល​អ្នកដឹកនាំ​បានសុំ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ជួយ​នៅក្នុង​ពិធី ។ ប្រធាន រីឆិន ព្រមទាំង​អ្នក​ដទៃ​ទៀត​បាន​លើក​ដៃ ហើយ​ទទួល​បាន​ការ​ណែនាំ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ធ្វើ​ពលកម្ម ហើយ​យក​ឡាន និង​ប៉ែល​របស់​គាត់​ទៅ​ផង ។

ទីបំផុត នៅ​ព្រឹក​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ​បាន​មក​ដល់ ហើយ​ប្រធាន​រីឆិន​បាន​ចេញ​ទៅធ្វើ​តាម​កាតព្វកិច្ច​របស់​គាត់ ។

កាល​ពី​ប៉ុន្មានសប្ដាហ៍​មុន គាត់​ជា​អ្នក​ដែល​ជួយ​នៅ​ក្នុងការ​រៀបចំ​ផែនការ និង​ការ​គ្រប់គ្រង​យ៉ាង​មាន​ឥទ្ធិពល​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ។ នៅថ្ងៃ​នោះ ការងារ​របស់​គាត់​គឺ​ដើរ​តាម​សេះ​នៅក្នុង​ក្បួន​ធ្វើ​ដំណើរ ហើយ​បោស​សំអាត​តាម​ក្រោយ ។

ប្រធាន​រីឆិន​បាន​ធ្វើ​ការងារ​ដោយ​ក្ដីរីករាយ​យ៉ាង​ខ្លាំង ។

គាត់​យល់​ថា គ្មាន​ការ​បម្រើ​ណា​មួយ​សំខាន់​ជាង​ការ​បម្រើ​ផ្សេង​ទៀត​ឡើយ ។

គាត់​បាន​ដឹង ហើយ​បាន​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ៖ « អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ » ។

ការ​ធ្វើ​ជា​សិស្ស​ក្នុង​លក្ខណៈ​ត្រឹមត្រូវ

ពេល​ខ្លះ​យើង​មាន​បំណង​ប្រាថ្នា​ចង់​បាន​តំណែង​ខ្ពង់ខ្ពស់ ដូចជា​ពួក​កូន​ផ្គរលាន់​ដែរ ។ យើង​ព្យាយាម​ចង់​បាន​ការ​ទទួល​ស្គាល់ ។ យើង​ព្យាយាម​ដឹកនាំ ហើយ​ធ្វើ​ការ​បរិច្ចាគ​ដែល​មាន​គេ​ចងចាំ ។

វា​មិន​ខុស​អ្វីពី​ការ​ចង់​បម្រើ​ព្រះអម្ចាស់ ប៉ុន្ដែ​នៅពេល​យើង​ព្យាយាម​មាន​ឥទ្ធិពល​ក្នុង​សាសនាចក្រ​សម្រាប់​ប្រយោជន៍​ខ្លួន—ដើម្បី​ទទួល​បាន​ការ​សរសើរ និង​ការកោត​ស្ញប់ស្ញែង​ពី​មនុស្ស—​នោះ​យើង​បាន​រង្វាន់​របស់​ខ្លួន​ហើយ ។ នៅពេល​យើង « បណ្ដោយ » ឲ្យ​ការ​សរសើរ​ពី​អ្នកដទៃ​បំផ្លាញ​ខ្លួន​យើង ការ​សរសើរ​នោះ​នឹង​ជា​ការ​តបស្នង​របស់​យើង ។

តើ​ការហៅ​បម្រើ​សំខាន់​បំផុត​នៅក្នុង​សាសនាចក្រ​គឺជា​អ្វី ? វា​គឺជា​ការហៅ​ដែល​យើង​មាន​បច្ចុប្បន្ន​នេះ ។ មិន​ថាការ​ហៅ​នោះ​មើល​ទៅ​តូចទាប ឬ​ខ្ពង់ខ្ពស់​យ៉ាង​ណា​ទេ ការ​ហៅ​បម្រើ​របស់​អ្នក​ក្នុង​ពេល​នេះ គឺ​ជា​ការហៅ​ដែល​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នក​ជួយ​អ្នកដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អ្នក​ក៏​នឹង​ក្លាយ​ជា​មនុស្ស​របស់​ព្រះ​ដែល​ត្រូវ​បាន​បង្កើត​មក​នោះ​ផងដែរ ។

មិត្ត និង​បងប្អូន​ប្រុស​ក្នុង​បព្វជិតភាព​ជា​ទីស្រឡាញ់ សូម​លើក​នៅ​ត្រង់​កន្លែង​ដែល​អ្នក​ឈរ !

ប៉ុល​បាន​បង្រៀន​ដល់​ពួក​ភីលីព​ថា « ជំនួស​ឲ្យ​ការ​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​មហិច្ឆិតា​អត្មានិយម ឬ​អំនួត នោះ​អ្នក​រាល់គ្នា​ម្នាក់ៗ​គួរ​តែ​ជម្រុញ​ឲ្យ​ប្រព្រឹត្ត​នឹង​គ្នា​សំខាន់​ជាង​ខ្លួន​ឯង ដោយ​ចិត្តរាបសា​វិញ » ។​

ការ​បម្រើ​ដោយ​កិត្តិយស

ពេល​ដែល​ចង់​ស្វែងរក​កិត្តិយស និងភាព​ល្បីល្បាញ​នៅក្នុង​សាសនាចក្រ​ជាជាង​ផ្ដល់​ការ​បម្រើ​ដោយ​សេចក្ដីពិត និង​រាបសា​ចំពោះ​អ្នកដទៃ នោះ​គឺ​ដូចជា​ការ​ដោះ​ដូរ​របស់​អេសាវ​អញ្ចឹង​ដែរ ។ យើង​អាច​នឹង​ទទួល​បាន​រង្វាន់​ខាង​លោកិយ ប៉ុន្តែ​វា​កើត​មាន​ដោយ​ខាតបង់​ច្រើន—គឺ​ការ​បាត់បង់​នូវ​ការ​អនុមតិ​មក​ពី​ព្រះ ។

ចូរ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​យើង ដែល​រាបសា​ហើយ​ទន់ទាប ដែល​ពុំ​ស្វែងរក​ការ​សរសើរ​ពីមនុស្ស ប៉ុន្តែ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះបិតា​ទ្រង់​វិញ ។

ចូរ​យើង​បម្រើ​អ្នកដទៃ​ដោយ​រាបសា—ដោយ​ស្វាហាប់ ដឹងគុណ និង​គោរព ។ ទោះជា​ទង្វើ​នៃការ​បម្រើ​របស់​យើង​មើល​ទៅ​តូចទាប មិន​សូវ​ធំដុំ ឬ​មាន​តម្លៃ​តិច​ក្ដី តែ​អស់​អ្នក​ដែល​ឈោង​ទៅជួយ​ដោយ​សន្ដានចិត្ត និង​ក្ដីមេត្តា​ដល់​អ្នក​ដទៃ នោះ​នៅ​ថ្ងៃ​មួយ ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្ដា​ដ៏​អស់កល្ប និង​ពេញ​ដោយ​ព្រះគុណ​នឹង​ទទួល​ស្គាល់​ពីគុណ​តម្លៃ​នៃ​ការ​បម្រើ​របស់​ពួកគេ ។​

បងប្អូន មិត្តភក្ដិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​យើង​សញ្ជឹងគិត យល់ និង​រស់នៅ​តាម​មេរៀន​ដ៏​មហិមា​នៃ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ព្រមទាំង​ការ​គ្រប់គ្រង​បព្វជិតភាព​នេះ​ថា ៖ « អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ » ។ នេះ​ជា​ការអធិស្ឋាន និង​ការប្រសិទ្ធពរ​របស់​ខ្ញុំ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​លោក​ចៅហ្វាយ ជា​ព្រះ​ដ៍​ប្រោសលោះ​របស់​យើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។