ឆ្នាំ ២០១០-២០១៩
ព្រះហស្ត​ដឹកនាំ​ជា​រៀង​រាល់​ថ្ងៃ​របស់​ទ្រង់
ខែ មេសា ឆ្នាំ ២០១៧


10:45

ព្រះហស្ត​ដឹកនាំ​ជា​រៀង​រាល់​ថ្ងៃ​របស់​ទ្រង់

ព្រះវរបិតា​សួគ៌​ជ្រាប​អ្វី​ដែល​បងប្អូន និង ខ្ញុំ​ត្រូវ​ការ ជាង​នរណាៗ​ទាំងអស់ ។

ឧបករណ៍​មួយ​ជា​ទី​គាប់​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​បំផុត​ក្នុង​ការដឹកនាំ​បុត្រាបុត្រី​ទ្រង់ គឺ​ជា​ឪពុកម្ដាយ​ដ៏​សុចរិត ។ លោកយាយ​ខាង​ឪពុក​ខ្ញុំ គឺ​ជា​ស្ត្រី​ដ៏​សុចរិត ។ គ្រា​មួយ​កាល​ខ្ញុំ​នៅ​ក្មេង​ចងចាំ​មិន​ទាន់​បាន ឪពុក​ខ្ញុំ​បាន​ដាក់​វិន័យ​ដល់​ខ្ញុំ ។ ពេល​លោក​យាយ​ខ្ញុំ​ឃើញ​ដូចនេះ គាត់​ពោល​ថា « ម៉ុនទែរ ម៉ាក់​ជឿ​ថា​កូន​ដាក់​វិន័យ​ចៅ​ម៉ាក់​តឹងរ៉ឹង​ពេក​ហើយ » ។

ឪពុក​ខ្ញុំ​តប​ថា « ម៉ាក់ កូន​នឹង​ដាក់​វិន័យ​ចៅ​ម៉ាក់​តាម​ដែល​ខ្ញុំ​ចង់ » ។

រីឯ​លោក​យាយ​ខ្ញុំ​បាន​ពោល​ដោយ​ទន់ភ្លន់​ថា « ម៉ាក់​​ក៏​នឹង​ធ្វើ​អញ្ចឹង​ដែរ » ។

ខ្ញុំ​ច្បាស់​ណាស់​ថា ឪពុក​ខ្ញុំ​បាន​ឮ​ការណែនាំ​ដ៏​ឈ្លាសវៃ​របស់​លោក​យាយ​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។

ពេល​យើង​គិត​ពី​ការដឹកនាំ យើង​អាច​គិត​អំពី​ទំនុក​តម្កើង​ដែល​យើង​ទាំងអស់​គ្នា​ស្គាល់ ហើយ​ស្រឡាញ់​គឺ—« ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ នៅ​វគ្គ​បន្ទរ យើង​ច្រៀង​ថា « នាំ​ខ្ញុំ ដឹក​ខ្ញុំ ដើរ​នៅ​ក្បែរ​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​រក​ផ្លូវ » ។

ទើប​តែ​ថ្មីៗ​នេះ ខ្ញុំ​បាន​យល់​ថា វគ្គ​បន្ទរ​នោះ​គឺ​ជា​ការណែនាំ​ដ៏​ទេវភាព​ដល់​ឪពុក​ម្ដាយ ។ ពេល​គិត​អំពី​ពាក្យ​ទាំងនេះ ខ្ញុំ​បាន​ដឹង​ថា ទោះជា​វគ្គ​បន្ទរ​នេះ​មាន​នូវ​ការណែនាំ​ទាំងនោះ​ក្ដី វា​មាន​នូវ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត ។ យើង​ម្នាក់ៗ​ទូល​អង្វរ​រាល់ថ្ងៃ សូម​ឲ្យ​ព្រះវរបិតា​សួគ៌​នាំ​យើង ដឹក​យើង ដើរ​នៅ​ក្បែរ​យើង ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ពន្យល់​ថា « ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ជ្រាប​ពី​សេចក្តី​ត្រូវ​ការ​របស់​បុត្រា​បុត្រី​ទ្រង់ ជាង​នរណាៗ​ទាំងអស់ ។ នេះ​គឺ​ជា​កិច្ចការ និង សិរីល្អ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ជានិច្ច ដោយ​ប្រទាន​នូវ​ធនធាន​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ដល់​ពួកយើង ដើម្បី​ជួយ​យើង​ស្ថិត​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ទ្រង់​វិញ » ។

សូម​ស្ដាប់​ពាក្យ​ទាំងនេះ ៖ ព្រះវរបិតាសួគ៌​ជ្រាប​អ្វី​ដែល​បងប្អូន និង ខ្ញុំ​ត្រូវការ ជាង​នរណាៗ​ទាំងអស់ ។ ជា​លទ្ធផល ទ្រង់​បាន​បង្កើត​កញ្ចប់​ជំនួយ ដែល​ត្រូវ​ទៅ​នឹង​សេចក្ដីត្រូវការ​យើង​ម្នាក់ៗ ។ កញ្ចប់​នោះ​មាន​នូវ​សមាសភាគ​ជា​ច្រើន ។ កញ្ចប់​នោះ​មាន​នូវ​ព្រះបុត្រា និង ដង្វាយធួន ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះបញ្ញត្តិ ព្រះគម្ពីរ ការអធិស្ឋាន ព្យាការី សាវក ឪពុកម្ដាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន និង សមាស​ធាតុ​ច្រើន​ទៀត—ទាំងអស់​នេះ​គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ។

ថ្ងៃ​នេះ​ខ្ញុំ​ចង់​ចែកចាយ​សមាសភាគ​ខ្លះៗ​មក​ពី​កញ្ចប់​ជំនួយ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលស្គាល់​ថា ព្រះវរបិតា​កំពុង​នាំ ដឹក ហើយ​ដើរ​នៅ​ក្បែរ​ខ្ញុំ និង គ្រួសារ​ខ្ញុំ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​ទទួល​ស្គាល់​ក្នុង​បទពិសោធន៍​ថា ព្រះវរបិតា​សួគ៌​កំពុង​ដឹក នាំ ហើយ​ដើរ​នៅ​ក្បែរ​បងប្អូន នៅ​ពេល​ដឹង​បែប​នោះ បងប្អូន​នឹង​បន្ត​ទៅ​មុខ​ដោយ​ទំនុកចិត្ត ទាំង​ដឹង​ថា​បងប្អូន​មិន​ឯកោ​ឡើយ ។

ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌ គឺ​ជា​សមាសភាគ​សំខាន់​នៅ​ក្នុង​កញ្ចប់​ជំនួយ​របស់​ទ្រង់ ។ អាលម៉ា​បាន​ប្រកាស​ថា « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។ ឥរិយាបថ​ត្រាប្រណី​មិន​សមហេតុផល​ដែល​គ្មាន​ការ​កែ​តម្រូវ​ពេញ​ដោយ​ក្ដីស្រឡាញ់ គឺ​ជា​ការ​អាណិត​អាសូរ​ខុសឆ្គង ហើយ​ជំរុញ​ឲ្យ​មាន​គំនិត​ដែល​ថា សេចក្ដីទុច្ចរិត​អាច​ជា​សុភមង្គល​បាន ។ សាំយូអែល​ជា​សាសន៍​លេមិន មាន​ទស្សន​ផ្ទុយ​ពី​គំនិត​នេះ​ថា « អ្នក​រាល់​គ្នា​បាន​ស្វែងរក​សុភមង្គល ដោយ​ធ្វើ​អំពើ​ទុច្ចរិត ដែល​ជា​ការផ្ទុយ​នឹង​ធម្មជាតិ​នៃ​សេចក្ដី​សុចរិត​នោះ ដែល​មាន​នៅ​ក្នុង​អ្នក​ត្រួតត្រា​ដ៏​មហិមា និង​ដ៏​គង់នៅ​អស់កល្ប​ជានិច្ច​នៃ​យើង » ។

ព្រះវរបិតា​សួគ៌​រំឭក​យើង​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ថា សេចក្តី​សុចរិត​គឺ​ជា​សុភមង្គល ។ ឧទាហរណ៍ ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​ថា ព្រះវរបិតា​សួគ៌ « តម្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូចដែល​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​ដល់​អ្នក ព្រោះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​តាម​នោះ​មែន ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក​ភ្លាម » ។ មាន​ការរំឭក​ស្រដៀង​នេះ​នៅ​ក្នុង​ទំនុក​តម្កើង​មួយ​ទៀត ៖

រក្សា​បទ​បញ្ញត្តិ រក្សា​បទ​បញ្ញត្តិ !

ព្រោះ​នាំ​ឲ្យ​មាន​សុវត្ថិភាព និង ក្ដី​សុខ​សាន្ត ។

ទ្រង់​នឹង​ប្រទាន​ពរ ។

ប្រហែល​ជា​ថ្ងៃ​កំណើត ១៤​ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀន​អំពី​ពរជ័យ​ទាំងនេះ​មួយ​ចំនួន ។ ខ្ញុំ​បាន​ឃើញ​ឪពុក​ម្ដាយ​ខ្ញុំ​មាន​ឥរិយាបថ​ខុស​ប្លែក ។ ពេល​គិត​រឿង​នោះ ខ្ញុំ​បាន​សួរ​ថា « តើ​យើង​នឹង​ទៅ​បម្រើ​បេសកកម្ម​ឬ ? » ទឹក​មុខ​ភ្ញាក់​ផ្អើល​របស់​ម្ដាយ​ខ្ញុំ បាន​ឆ្លើយ​តប​ការ​សង្ស័យ​របស់​ខ្ញុំ ។ ក្រោយ​មក នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ បងប្អូន​ខ្ញុំ និង ខ្ញុំ​បាន​ដឹង​ថា ឪពុក​ម្ដាយ​យើង​ត្រូវ​បាន​ហៅ​ឲ្យ​គ្រប់​គ្រង​បេសកកម្ម​មួយ ។

យើង​បាន​រស់នៅ​ក្នុង​វាល​កសិដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​នៅ​វ៉ាយអូមីង ។ ខ្ញុំ​គិត​ថា ជីវិត​ខ្ញុំ​រីករាយ​បំផុត ។ ខ្ញុំ​អាច​ចេញ​ពី​សាលា​មក​ធ្វើ​ការងារ​ផ្ទះ រួច​ទៅ​បរ​បាញ់​សត្វ ស្ទូច​ត្រី ឬ ដើរលេង​ជា​មួយ​ឆ្កែ​ខ្ញុំ ។

រំពេច​ដែល​បាន​ដឹង​អំពី​ការហៅ​នោះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ​ចោល​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​អាខៀវ ។ ខ្ញុំ​បាន​សួរ​ឪពុក​ខ្ញុំ​ថា ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច​ជាមួយ​អា​ខៀវ ។ ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​ភាព​អ​យុត្តិធម៌​នៃ​អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង ។ ខ្ញុំ​នឹង​មិន​បំភ្លេច​ចម្លើយ​ប៉ា​ខ្ញុំ​បាន​ទេ ។ គាត់​ឆ្លើយ​ថា « ប៉ា​មិន​ប្រាកដ​ទេ ។ វា​ប្រហែល​មិន​អាច​ទៅ​ជាមួយ​យើង​បាន​ទេ កូន​គួរតែ​ទូល​សួរ​ព្រះវរបិតា​ល្អ​ជាង » ។ នោះ​មិន​មែន​ជា​ចម្លើយ​ដែល​ខ្ញុំ​ចង់​បាន​ឡើយ ។

ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ ដើម្បី​ដឹង​ថា ត្រូវ​ទៅ​ចោល​ឆ្កែ​របស់​ខ្ញុំ​ឬ​ទេ ។ ខ្ញុំ​ពុំ​ទទួល​បាន​ចម្លើយ​ភ្លាមៗ​ទេ ប៉ុន្តែ​គំនិត​មួយ​បាន​ផុស​ឡើង​ចំពោះ​ខ្ញុំ​ថា « កុំ​ធ្វើ​ជា​បន្ទុក​ដល់​ឪពុក​ម្ដាយ​អ្នក ។ កុំ​ធ្វើ​ខ្លួន​ជា​បន្ទុក​ឡើយ ។ យើង​បាន​ហៅ​ឪពុក​ម្ដាយ​របស់​អ្នក » ។

ខ្ញុំ​បាន​ដឹង​អំពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​បាន​តម្រូវ ។ ការដឹង​នោះ​ពុំ​បាន​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ដែល​ខ្ញុំ​ត្រូវ​ទៅ​ចោល​ឆ្កែ​របស់​ខ្ញុំ​ឡើយ ។ យ៉ាង​ណា​ក្ដី តាមរយៈ​ការលះបង់​ដ៏​តូច​នោះ ដួងចិត្ត​ខ្ញុំ​ត្រូវបាន​បន្ទន់ ហើយ​ខ្ញុំ​រក​ឃើញ​ភាព​សុខ​សាន្ត​ពេល​ខ្ញុំ​ព្យាយាម​ស្គាល់​ព្រះ​ឆន្ទៈ​ព្រះវរបិតា​សួគ៌ ។

ខ្ញុំ​អរគុណ​ព្រះវរបិតា​សួគ៌​សម្រាប់​ពរជ័យ និង សុភមង្គល ដែល​ខ្ញុំ​រកឃើញ​ក្នុង​ព្រះគម្ពីរ ការអធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ និង ឪពុក​លើ​ផែនដី​ដ៏​សក្ដិសម ដែល​ឱប​ក្រសោប​តួនាទី​ជា​គ្រូ​បង្រៀន​គោលការណ៍​ដំណឹងល្អ​របស់​កូនៗ​គាត់ ។ គាត់​ទាំង​ទ្វេ​កំពុង​ដឹក នាំ ព្រមទាំង​ដើរ​នៅ​ក្បែរ​ខ្ញុំ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រក​ផ្លូវ—ជា​ពិសេស​នៅ​ពេល​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​ពិបាក ។

លើស​ពី​ការមាន​សមាសភាគ​ក្នុង​កញ្ចប់​ជំនួយ​ដែល​ខ្ញុំ​បាន​លើកឡើង យើង​មាន​ពរ​ដោយ​មាន​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដើម្បី​ជួយ ហើយ​ដឹកនាំ​យើង ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ មាន​ប្រសាសន៍​ថា « ប៊ីស្សព​មាន​ការ​បំផុស​គំនិត ! យើង​ម្នាក់ៗ​មាន​សិទ្ធិ​ជ្រើស​រើស​ដើម្បី​ទទួល​យក ឬ បដិសេធ​ដំបូន្មាន​ពី​ថ្នាក់ដឹកនាំ ប៉ុន្តែ​ចូរ​កុំ​មើល​ស្រាល​ដំបូន្មាន​ពី​ប៊ីស្សព​ឲ្យ​សោះ ទោះជា​លោក​ផ្ដល់​ចេញ​ពី​វេទិកា ឬ​ជួប​នឹង​យើង​ម្នាក់ៗ​ក្ដី » ។

បុរស​ទាំងនេះ​ខិតខំ​ធ្វើ​ជា​តំណាង​ព្រះអម្ចាស់ ។ ទោះ​យើង​ក្មេង ឬ​ចាស់​ក្ដី ពេល​សាតាំង​ចង់​ឲ្យ​យើង​គិត​ថា គ្មាន​សេចក្ដី​សង្ឃឹម នោះ​ប៊ីស្សព​គឺ​ជា​អ្នក​ដឹកនាំ​យើង ។ នៅ​ពេល​ខ្ញុំ​និយាយ​ជាមួយ​ពួក​ប៊ីស្សព ខ្ញុំ​រកឃើញ​ប្រធានបទ​ដូចគ្នា អំពី​ការ​សារ​ភាព​នៃ​ការ​មិន​គោរព​ប្រតិបត្តិ ឬ ការ​រង​ទុក្ខ​ដោយ​ឥតទោស​ពី​អំពើ​អាក្រក់ ។ ប៊ីស្សព​ចង់​បង្ហាញ​ក្ដីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ ដល់​យើង​ម្នាក់ៗ​ជានិច្ច ហើយ​មាន​បំណង​ដើរ​នៅ​ក្បែរ នៅ​ពេល​ពួកគេ​ស្វែងរក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ ។

សមាសភាគ​ក្នុង​កញ្ចប់​ជំនួយ​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌ អាច​ត្រូវបាន​ពណ៌នា​ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ » ។

ដើម្បី​បង្រៀន​រាល់​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ព្រះយេស៊ូវ​គ្រីស្ទ បាន​ដឹកនាំ​ផ្លូវ ដោយ​ធ្វើ​ជា​គំរូ​ឥត​ខ្ចោះ ដែល​យើង​ត្រូវតែ​ធ្វើ​តាម​ឲ្យ​ដូច ។ ទ្រង់​អង្វរ​យើង​ដោយ​លាត​ព្រះហស្ត​ទ្រង់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ។ ពេល​យើង​បរាជ័យ​លើ​អ្វី​ដែល​យើង​ធ្វើ ទ្រង់​រំឭក​យើង​ថា « ដ្បិត​មើល​ចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត » ។

នេះ​គឺ​ជា​អំណោយ​ដ៏​មហិមា ! កា​រប្រែ​ចិត្ត​មិន​មែន​ជា​ទណ្ឌកម្ម​នោះ​ទេ វា​គឺ​ជា​ឯកសិទ្ធិ​មួយ ។ វា​គឺ​ជា​ឯកសិទ្ធិ​ដែល​នាំ ហើយ​ដឹក​យើង ។ នោះ​មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​ព្រះគម្ពីរ​ប្រកាស​ថា យើង​មិន​គួរ​បង្រៀន​អ្វី​ក្រៅ​ពី​ការប្រែចិត្ត​ឡើយ ។

ព្រះវរបិតា​សួគ៌​មាន​ធនធាន​ជា​ច្រើន ប៉ុន្តែ​ជា​ញឹកញាប់​ទ្រង់​ប្រើ​មនុស្ស​ម្នាក់​ទៀត​ឲ្យ​ជួយ​ទ្រង់ ។ ទ្រង់​ប្រទាន​ឱកាស​ឲ្យ​យើង​នាំ ដឹក ហើយ​ដើរ​នៅ​ក្បែរ​បុគ្គល​ដែល​ត្រូវការ​ជំនួយ ។ យើង​ត្រូវតែ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ក៏​ត្រូវ​តែ​ធ្វើ​កិច្ចការ​ព្រះវរបិតា​សួគ៌​ដែរ ។

ក្នុង​នាម​ជា​គណៈប្រធាន​យុវជន​ទូទៅ យើង​ដឹង​ថា យុវវ័យ​មាន​ពរ​នៅ​ពេល​ពួកគេ​មាន​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹក​នាំ ដែល​ធ្វើ​ជំនួស​ព្រះវរបិតា​សួគ៌​ក្នុង​ការ​នាំ ការ​ដឹក និង ការ​ដើរ​នៅ​ក្បែរ​ពួកគេ ។ គោលការណ៍​បី​យ៉ាង ដែល​នឹង​ជួយ​យើង​ក្លាយ​ជា​ចំណែក​ក្នុង​កញ្ចប់​ជំនួយ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​មនុស្ស​ដទៃ​មាន​ដូចជា ៖

ទី​មួយ ធ្វើការ​ជាមួយ​ពួក​យុវវ័យ ។ ប្រធាន ហិនរី ប៊ី អាវរិង គូស​សម្គាល់​ចំណុច​នេះ ៖ « មាន​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ ដែល​អាច​ជា​រឿង​សំខាន់​បំផុត ។ ជា​អ្វី​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​បង្រៀន​របស់​យើង​អំពី​គោលលទ្ធិ​ដោយ​ប្រើ​ពាក្យ​សម្ដី​ទៅ​ទៀត នោះ​គឺ​ជា​គំរូ​អំពី​ការរស់នៅ​របស់​យើង​តាម​គោលលទ្ធិ​ » ។ ដើម្បី​ដឹកនាំ​ពួក​យុវវ័យ តម្រូវ​ឲ្យ​យើង​ធ្វើការ​ជាមួយ​ពួកគេ ។ ពេល​វេលា​ដែល​បាន​លះបង់ គឺ​ជា​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ ដែល​អនុញ្ញាត​ឲ្យ​យើង​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី និង គំរូ ។

ទី​ពីរ ដើម្បី​ដឹកនាំ​ពួក​យុវវ័យ យើង​ត្រូវតែ​ជួយ​ពួកគេ​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ស្ថាន​សួគ៌ ។ ពេល​វេលា​តែង​មក​ដល់​កាល​យើង​ម្នាក់ៗ​ត្រូវ​តែ​ឈរ​តែ​ឯង ។ មាន​តែ​ព្រះវរបិតា​សួគ៌​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​យើង​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង ។ ពួក​យុវវ័យ​របស់​យើង​ត្រូវ​តែ​ស្គាល់​របៀប​ស្វែងរក​ការដឹកនាំ​ពី​ព្រះវរបិតា​សួគ៌ ។

ទី​បី យើង​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ពួក​យុវវ័យ​ដឹកនាំ ។ គឺ​ដូចជា​ឪពុកម្ដាយ​ដែល​កាន់​ដៃ​កូន​តូច​ដែល​រៀន​ដើរ​ដែរ​យើង​ត្រូវ​តែ​ទុក​ឲ្យ​ពួកគេ​ធ្វើ​ដើម្បី​រីក​ចម្រើន ។ ការ​អនុញ្ញាត​ឲ្យ​ពួក​យុវវ័យ​ដឹកនាំ តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង ក្ដី​ស្រឡាញ់ ។ វា​លំបាក ហើយ​ចំណាយ​ពេល​ច្រើន​ជាង​ពេល​ដែល​យើង​ធ្វើ​វា​ដោយ​ខ្លួន​យើង ។ ពួកគេ​អាច​ជំពប់​ដួល​នៅ​តាម​ផ្លូវ ប៉ុន្តែ​យើង​ដើរ​នៅ​ក្បែរ​ពួកគេ ។

បងប្អូន​ប្រុស​ស្រី នឹង​មាន​គ្រា​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​ពរជ័យ​នៃ​ការ​ដឹកនាំ ហាក់​ដូចជា​នៅ​ឆ្ងាយ ឬ មិន​កើត​ឡើង ។ ក្នុង​គ្រា​មាន​ទុក្ខព្រួយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​សន្យា​ថា « ចូរ​ឲ្យ​សេចក្ដី​សញ្ញា​របស់​បងប្អូន​ក្លាយ​ជា​អ្វី​ដែល​សំខាន់​បំផុត ហើយ​ចូរ​ឲ្យ​ការ​គោរព​របស់​បងប្អូន​បាន​ឥត​ល្អៀង ។ បន្ទាប់​មក បងប្អូន​អាច​សុំ​ដោយ​សេចក្ដី​ជំនឿ ដោយ​ឥត​ប្រែ​ប្រួល ទៅ​តាម​អ្វី​ដែល​បងប្អូន​ត្រូវ​ការ ហើយ​ព្រះ​នឹង​ឆ្លើយតប ។ ទ្រង់​នឹង​គាំទ្រ​បងប្អូន​នៅ​ពេល​បងប្អូន​ធ្វើការ ហើយ​ឃ្លាំ​មើល ។ តាម​ពេល​វេលា និង របៀប​របស់​ទ្រង់ ទ្រង់​នឹង​លូក​ព្រះហស្ត​ទ្រង់​ទៅ​រក​អ្នក​ដោយ​មាន​បន្ទូល​ថា ‹ យើង​នៅ​ទីនេះ › » ។

គ្រា​មួយ ខ្ញុំ​បាន​ស្វែងរក​ដំបូន្មាន​ពី​ព្រះវរបិតា​សួគ៌ តាមរយៈ​ការ​អធិស្ឋាន​ឥត​ឈប់ឈរ និង​ស្មោះត្រង់​អស់​ពេល​ជាង​មួយ​ឆ្នាំ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ស្ថានភាព​លំបាក​មួយ ។ ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ព្រះវរបិតា​សួគ៌​ឆ្លើយ​តប​រាល់​ការ​អធិស្ឋាន​ដ៏​ស្មោះ ។ ប៉ុន្តែ​មាន​ថ្ងៃ​មួយ​ដែល​ខ្ញុំ​មាន​សេចក្ដី​ត្រូវការ​បន្ទាន់ ហើយ​ខ្ញុំ​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ទាំង​មាន​សំណួរ​ថា « ព្រះវរបិតា​អើយ តើ​ទ្រង់​យក​ព្រះទ័យ​ខ្វល់ខ្វាយ​ទេ ? »

ខ្ញុំ​បាន​អង្គុយ​ក្នុង​បន្ទប់​រង់ចាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ លូហ្គែន យូថាហ៍ ហើយ​ភ្ញាក់ផ្អើល​ដែល​ថ្ងៃ​នោះ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ វ៉ញ ជេ ហ្វីឌើរស្ដូន បាន​ដើរ​ចូល​មក ។ គាត់​បាន​ឈរ​នៅ​មុខ​បណ្ដាជន ហើយ​បាន​ស្វាគមន៍​យើង ។ ពេល​គាត់​បាន​ឃើញ​ថា​ខ្ញុំ​នៅ​ទីនោះ គាត់​បាន​ផ្អាក​ការនិយាយ មើល​មក​ក្នុង​ភ្នែក​របស់​ខ្ញុំ រួច​ពោល​ថា « បងប្រុស ប្រោហ្វ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ឃើញ​បងប្រុស​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ថ្ងៃ​នេះ » ។

ខ្ញុំ​នឹង​មិន​បំភ្លេច​អារម្មណ៍​ដែល​ខ្ញុំ​មាន​ក្នុង​ពេល​នោះ​ទេ ។ គ្រា​នោះ​ហាក់បីដូចជា—ព្រះវរបិតា​សួគ៌—បាន​លាត​ព្រះហស្ត​ទ្រង់​ស្វាគមន៍​រួច​មាន​បន្ទូល​ថា « យើង​នៅ​ទី​នេះ​ហើយ » ។

ព្រះវរបិតា​សួគ៌​ពិត​ជា​យក​ព្រះទ័យ​ខ្វល់​ខ្វាយ ហើយ​ស្ដាប់ ព្រមទាំង​ឆ្លើយ​រាល់​ការ​អធិស្ឋាន​របស់​បុត្រា​បុត្រី​ទ្រង់ ។ ក្នុង​នាម​ជា​បុត្រ​ម្នាក់​របស់​ទ្រង់ ខ្ញុំ​ដឹង​ថា ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​ខ្ញុំ​បាន​មក​ស្រប​តាម​ពេល​របស់​ព្រះអម្ចាស់ ។ តាមរយៈ​បទពិសោធន៍​នោះ ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​ថា យើង​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ទ្រង់​បាន​បញ្ជូន​យើង​មក​កើត​លើ​ផែនដី​នេះ ដើម្បី​យើង​អាច​នៅ​ក្នុង​វត្តមាន​ទ្រង់​នា​ពេល​នេះ ហើយ​ត្រឡប់​ទៅ​រស់នៅ​នឹង​ទ្រង់​វិញ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌​ពិតជា​នាំ​យើង ដឹក​យើង ដើរ​នៅ​ក្បែរ​យើង ។ ពេល​យើង​ធ្វើ​តាម​បុត្រា​ទ្រង់ ហើយ​ស្ដាប់​តាម​ពួក​អ្នក​បម្រើ​ទ្រង់ ពួកសាវក និង ព្យាការី នោះ​យើង​នឹង​រក​ឃើញ​ផ្លូវ​ទៅ​ឯ​ជីវិត​អស់កល្ប ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។