ផែនការដ៏រុងរឿងរបស់ព្រះវរបិតាយើង
ដោយសារផែនការដ៏បរិសុទ្ធរបស់ព្រះ យើងដឹងថា កំណើត និងក្ដីស្លាប់ តាមពិតទៅគ្រាន់តែជាគ្រាដ៏សំខាន់នៅលើដំណើររបស់យើងទៅកាន់ជីវិតអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌យើងប៉ុណ្ណោះ ។
នៅដើមដំបូងនៃការបំពាក់បំប៉នរបស់ខ្ញុំធ្វើជាវេជ្ជបណ្ឌិតម្នាក់ ខ្ញុំមានឯកសិទ្ធិជួយម្ដាយវ័យក្មេងម្នាក់សម្រាលកូនលើកដំបូងរបស់នាង ។ នាងបានមានចិត្តស្ងប់ ផ្ដោតអារម្មណ៍ ហើយរីករាយ ។ កាលទារកនោះបានសម្រាលមក ខ្ញុំបានបីទារកដ៏មានតម្លៃនោះទៅឲ្យនាង ។ ដោយសម្រក់ទឹកភ្នែកទាំងក្ដីរីករាយ នាងបានយកទារកនោះទៅបីត្រកង ហើយមើលតាំងពីក្បាលដល់ចុងជើង ។ នាងបានបីទារកនោះ ហើយស្រឡាញ់គាត់តាមរបៀបដែលមានតែ ម្ដាយប៉ុណ្ណោះទើបធ្វើបាន ។ វាគឺជាឯកសិទ្ធិដែលបាននៅក្នុងបន្ទប់នោះជាមួយនឹងនាង ។
នោះហើយជាការចាប់ផ្ដើមជីវិតសម្រាប់យើងម្នាក់ៗ ។ ចុះតើកំណើតយើងគឺជាការចាប់ផ្ដើមពិតមែនឬ ? ពិភពលោកនេះមើលឃើញថាការចាប់កំណើតគឺជាការចាប់ផ្ដើម ហើយក្ដីស្លាប់គឺជាចុងបញ្ចប់ ។ ប៉ុន្តែដោយសារផែនការដ៏បរិសុទ្ធរបស់ព្រះ យើងដឹងថា ការចាប់កំណើត និងក្ដីស្លាប់ តាមពិតទៅគ្រាន់តែជាគ្រាដ៏សំខាន់នៅលើដំណើររបស់យើងទៅកាន់ជីវិតអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌យើងប៉ុណ្ណោះ ។ វាគឺជាផ្នែកដ៏ចាំបាច់នៃផែនការរបស់ព្រះវរបិតាយើង—ជាគ្រាពិសិដ្ឋដែលជីវិតរមែងស្លាប់ និងស្ថានសួគ៌ជួបគ្នា ។ នៅថ្ងៃនេះ ដោយសញ្ជឹងគិតពីអ្វីដែលខ្ញុំបានរៀនពីការសង្កេតមើលនូវកំណើត និងក្ដីស្លាប់តាមរយៈការអនុវត្តផ្នែកវេជ្ជសាស្ត្រ និងការបម្រើរបស់ខ្ញុំក្នុងសាសនាចក្រជាច្រើនឆ្នាំមកនេះ ខ្ញុំចង់ថ្លែងទីបន្ទាល់អំពីផែនការដ៏រុងរឿងរបស់ព្រះវរបិតាយើង ។
ពីមុនយើងកើតមក យើងបានរស់នៅនឹងព្រះ ជាព្រះវរបិតានៃវិញ្ញាណរបស់យើង ។ យើង[ គ្រប់គ្នា ]ដែលរស់នៅលើផែនដីនេះគឺជាបងប្អូននឹងគ្នាក្នុងគ្រួសាររបស់ទ្រង់ ហើយយើងម្នាក់ៗមានតម្លៃចំពោះទ្រង់ ។ យើងបានរស់នៅនឹងទ្រង់យ៉ាងយូរពីមុនយើងចាប់កំណើតមក—ដោយបានរៀន ជ្រើសរើស ហើយរៀបចំខ្លួន ។
ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់យើង ទ្រង់សព្វព្រះទ័យចង់ឲ្យយើងមានអំណោយទានដ៏ធំបំផុតដែលទ្រង់អាចប្រទានឲ្យបាន ជាអំណោយទាននៃជីវិតដ៏អស់កល្បជានិច្ច ។ ទ្រង់ពុំចេះតែប្រទានអំណោយទាននេះដល់យើងឡើយ យើងត្រូវតែទទួលវាដោយការជ្រើសរើសទ្រង់ និងរបៀបទ្រង់ ។ កិច្ចការនេះតម្រូវឲ្យយើងចាកចេញពីវត្តមានទ្រង់ ហើយចាប់ផ្ដើមដំណើរដ៏លំបាកអស្ចារ្យ ជាដំណើរនៃសេចក្ដីជំនឿ ការរីកចម្រើន និងការប្រែក្លាយ ។ ដំណើរដែលព្រះវរបិតាបានរៀបចំឲ្យយើងត្រូវបានហៅថាជាផែនការនៃសេចក្ដីសង្គ្រោះ ឬផែនការនៃសុភមង្គល ។
ក្នុងក្រុមប្រឹក្សាដ៏ធំមហិមាមួយ ព្រះវរបិតានៃយើងបានមានបន្ទូលប្រាប់យើងអំពីផែនការរបស់ទ្រង់ ។ កាលយើងយល់ពីផែនការនេះហើយ យើងមានចិត្តរីករាយជាខ្លាំងរហូតដល់យើងបានស្រែកដោយអំណរ ហើយផ្កាយព្រឹកបានច្រៀងរួមគ្នា ។
ផែនការនោះបានស្ថាបនាឡើងនៅលើសរសរធំបី ៖ជា សរសរនៃភាពអស់កល្បជានិច្ច ។
សរសរទីមួយគឺការបង្កបង្កើតផែនដី ជាការរៀបចំសម្រាប់ដំណើរជីវិតរមែងស្លាប់របស់យើង ។
សរសរទីពីរគឺការធ្លាក់របស់ឪពុកម្ដាយនៅលើផែនដីដំបូងរបស់យើងគឺអ័ដាម និងអេវ៉ា ។ ដោយសារការធ្លាក់នោះ រឿងដ៏អស្ចារ្យមួយចំនួនត្រូវបានប្រទានឲ្យយើង ។ យើងមានលទ្ធភាពចាប់កំណើត ហើយទទួលរូបរាងកាយ ។ ខ្ញុំមានអំណរគុណជារៀងរហូតចំពោះអ្នកម្ដាយខ្ញុំដែលនាំយកបងប្អូនខ្ញុំ និងរូបខ្ញុំចូលមកក្នុងពិភពលោកនេះ ហើយបង្រៀនយើងអំពីព្រះ ។
ព្រះក៏ប្រទានសិទ្ធិជ្រើសរើសខាងសីលធម៌ដល់យើងដែរ—ជាសមត្ថភាព និងឯកសិទ្ធិនៃការជ្រើសរើស និងការធ្វើសកម្មភាពដោយខ្លួនឯង ។ ដើម្បីជួយយើងឲ្យជ្រើសរើសបានល្អ ព្រះវរបិតាសួគ៌បានប្រទានបទបញ្ញត្តិដល់យើង ។ រៀងរាល់ថ្ងៃ កាលយើងគោរពបទបញ្ញត្តិរបស់ទ្រង់ យើងបង្ហាញព្រះថា យើងស្រឡាញ់ទ្រង់ ហើយទ្រង់ប្រទានពរដល់ជីវិតយើង ។
ដោយដឹងថា យើងនឹងមិនជ្រើសរើសត្រូវជានិច្ច ឬនិយាយម្យ៉ាងទៀតគឺមានបាប នោះព្រះវរបិតាបានប្រទានសរសរទីបីឲ្យយើង—គឺជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនទ្រង់ ។ តាមរយៈការរងទុក្ខរបស់ទ្រង់ ព្រះគ្រីស្ទបានបង់ថ្លៃសម្រាប់ការស្លាប់ខាងរូបកាយ និងអំពើបាប ។ ទ្រង់បានបង្រៀនថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ »
ព្រះយេស៊ូវគ្រីស្ទបានរស់ក្នុងជីវិតមួយដ៏ឥតខ្ចោះ ដោយគោរពបទបញ្ញត្តិរបស់ព្រះវរបិតាទ្រង់ជានិច្ច ។ ទ្រង់បានយាងតាមថ្នល់ស្រុកភីលីស្ទីន ដោយបង្រៀនសេចក្ដីពិត ព្យាបាលអ្នកឈឺ ធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ទ្រង់ « យាងចុះឡើងធ្វើការល្អ » ហើយ បានអង្វរមនុស្សគ្រប់រូបឲ្យធ្វើតាមគំរូរបស់ទ្រង់ ។
នៅចុងបញ្ចប់នៃជីវិតរមែងស្លាប់របស់ទ្រង់ ទ្រង់បានលុតជង្គង់ចុះអធិស្ឋាន ដោយមានបន្ទូលថា
« ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ។ …
« ហើយដោយទ្រង់កើតទុក្ខជាខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី » ។
ព្រះគ្រីស្ទបានជួយយើងឲ្យយល់កាន់តែប្រសើរពីទំហំនៃការរងទុក្ខរបស់ទ្រង់ កាលទ្រង់មានបន្ទូលប្រាប់ទៅព្យាការីយ៉ូសែប ស្ម៊ីធថា
« មើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត
« ប៉ុន្ដែ បើសិនជាពួកគេមិនព្រមប្រែចិត្តទេ នោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ
« គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង » ។
នៅក្នុងសួនច្បារគែតសេម៉ានី ទ្រង់បានចាប់ផ្ដើមបង់ថ្លៃសម្រាប់អំពើបាប និងជំងឺរបស់យើង ការឈឺចាប់ និងភាពទន់ខ្សោយរបស់យើង ។ ដោយសារទ្រង់បានធ្វើដូច្នេះ នោះយើងនឹងពុំនៅឯកោក្នុងភាពទន់ខ្សោយទាំងនោះឡើយ បើយើងជ្រើសដើរជាមួយនឹងទ្រង់ ។ « ព្រះអង្គត្រូវគេចាប់ ហើយកាត់ទោសពីរឿងមិនសមរម្យ ថ្កោលទោសដើម្បីបំពេញចិត្តមនុស្ស ហើយកាត់ក្ដីឲ្យសុគតនៅលើឈើឆ្កាងត្រង់ភ្នំកាល់វ៉ារី »។ នៅលើឈើឆ្កាងនោះ« [ទ្រង់]បាន[លះបង់]ព្រះជន្មរបស់ទ្រង់ដើម្បីធួននឹងអំពើបាបទាំងឡាយនៃមនុស្សទាំងអស់ជាអំណោយទានជំនួសមនុស្សទាំងអស់ដែល[រស់នៅ]លើផែនដី » ។
ទ្រង់បានប្រកាសថា
« មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការីបានធ្វើបន្ទាល់ថា នឹងយាងមកឯលោកិយ ។
« ហើយមើលចុះ យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក ហើយយើងបានផឹកនូវពែងល្វីង ដែលព្រះវរបិតាបានប្រគល់ដល់យើង ហើយបានតម្កើងព្រះវរបិតាដោយបានទទួលមកដាក់លើខ្លួននូវបាបទាំងឡាយនៃមនុស្សលោក » ។
បន្ទាប់មក ថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ទ្រង់បានយាងក្រោកចេញពីផ្នូរដោយមានព្រះកាយដ៏ឥតខ្ចោះដែលបានមានព្រះជន្មឡើងវិញ ហើយពុំសុគតទៀតឡើយ ។ ហើយដោយសារទ្រង់មានព្រះជន្មឡើងវិញ នោះយើងក៏នឹងរស់ឡើងវិញដែរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគ្រីស្ទពិតជាបានយាងក្រោកចេញពីផ្នូរ ។ ប៉ុន្តែដើម្បីយាងក្រោកចេញពីផ្នូរបាន ទ្រង់ត្រូវសុគតជាមុនសិន ។ ហើយយើងក៏ដូចគ្នាដែរ ។
ពរជ័យដ៏ធំមួយទៀតក្នុងជីវិតខ្ញុំគឺជាអារម្មណ៍ខិតជិតនឹងស្ថានសួគ៌នៅគ្រាដែលខ្ញុំបានអង្គុយក្បែរគ្រែមនុស្សដែលចែកឋានទៅ ។ នាព្រឹកព្រលឹមមួយកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានទៅក្នុងបន្ទប់ពេទ្យមួយរបស់ស្ត្រីមេម៉ាយម្នាក់ជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ដែលមានជំងឺមហារីក ។ កូនស្រីគាត់ពីរនាក់បានអង្គុយនៅក្បែរគាត់ ។ កាលខ្ញុំចូលទៅក្បែរគាត់ ខ្ញុំបានរកឃើញ ភ្លាមថា គាត់លែងរងទុក្ខទៀតហើយ ដោយសារគាត់ទើបបានចែកឋានទៅ ។
នៅគ្រានៃក្ដីស្លាប់នោះ បន្ទប់នោះពោរពេញដោយភាពសុខសាន្ត ។ កូនស្រីគាត់មានភាពសោកសៅដ៏ផ្អែមល្ហែមមួយ ប៉ុន្តែចិត្តពួកគេពោរពេញដោយសេចក្ដីជំនឿ ។ ពួកគេបានដឹងថា ម្ដាយពួកគេពុំបានឃ្លាតទៅទេ ប៉ុន្តែបានត្រឡប់ទៅផ្ទះវិញ ។ សូម្បីតែនៅគ្រារងទុក្ខដ៏ខ្លាំងរបស់យើងក្ដី ក្នុងគ្រាដែលពេលវេលាឈប់រំកិល ហើយជីវិតហាក់ដូចជាអយុត្តិធម៌ខ្លាំង យើងអាចរកឃើញការលួងលោមក្នុងព្រះអង្គសង្គ្រោះយើង ដោយសារទ្រង់បានរងទុក្ខផងដែរ ។ វាជាឯកសិទ្ធិមួយសម្រាប់ខ្ញុំដើម្បីនៅក្នុងបន្ទប់នោះ ។
ពេលយើងស្លាប់ទៅ វិញ្ញាណយើងចាកចេញពីរូបកាយយើង ហើយយើងស្ថិតនៅដំណាក់បន្ទាប់ទៀតនៃដំណើរយើងគឺជាពិភពវិញ្ញាណ ។ វាគឺជាកន្លែងមួយនៃការរៀនសូត្រ ការប្រែចិត្ត ការអភ័យទោស និងការប្រែក្លាយជាមនុស្សល្អ —ជាកន្លែងដែលយើងរង់ចាំការរស់ឡើងវិញ ។
នៅថ្ងៃដ៏អស្ចារ្យនាពេលអនាគត មនុស្សគ្រប់គ្នាដែលបានចាប់កំណើតមកនឹងក្រោកចេញពីផ្នូរ ។ វិញ្ញាណ និង រូបកាយរបស់យើង នឹងផ្គុំគ្នាឡើងវិញក្នុងរូបរាងដ៏ឥតខ្ចោះ ។ មនុស្សគ្រប់គ្នានឹងបានរស់ឡើងវិញ ទាំងក្មេងទាំងចាស់ ទាំងស្រីទាំងប្រុស ទាំងជនទុច្ចរិត និងជនសុចរិត ហើយ« អ្វីៗគ្រប់យ៉ាងនឹងបានប្រោសឡើងវិញ ជារូបរាងដ៏ល្អឥតខ្ចោះ » ។
បន្ទាប់ពីការរស់ឡើងវិញ យើងនឹងមានពរជ័យដ៏ធំមួយនៃការកាត់សេចក្ដីដោយព្រះអង្គសង្គ្រោះរបស់យើង ជាអង្គដែលមានបន្ទូលថា
« យើងនឹងទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង ប្រយោជន៍ឲ្យគេអាចបានទទួលការជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់គេ ។
« ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង នោះត្រូវបានពោរពេញ ហើយបើអ្នកនោះកាន់ខ្ជាប់ ដរាបដល់ចុងបំផុត មើលចុះ យើងនឹងចាត់អ្នកនោះទុកថាជាឥតទោសនៅចំពោះព្រះវរបិតាយើងនៅក្នុងថ្ងៃដែលយើងនឹងឈរជំនុំជម្រះមនុស្សលោក » ។
ហើយបន្ទាប់មក តាមរយៈព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ មនុស្សទាំងអស់ដែលជ្រើសដើរតាមទ្រង់តាមរយៈសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក ការទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នឹងឃើញថាចុងបញ្ចប់នៃដំណើររបស់ពួកគេគឺដើម្បីទទួល« គោលបំណងដ៏ទេវភាព ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។ ពួកគេនឹងត្រឡប់ទៅវត្តមានរបស់ព្រះវរបិតាពួកគេដើម្បីរួមរស់នឹងទ្រង់ជារៀងរហូត ។ សូមឲ្យយើងជ្រើសរើសត្រឹមត្រូវ ។
មានរឿងច្រើនណាស់ចំពោះជីវិតយើងលើសពីអ្វីដែលបានកើតឡើងនៅចន្លោះកំណើត និងការស្លាប់ទៅទៀត ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមក ហើយដើរតាមព្រះគ្រីស្ទ ។
ខ្ញុំសូមអញ្ជើញសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ជារៀងរាល់ថ្ងៃ សូម« មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ ហើយចូរលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធចុះ … [ដើម្បី]ដោយការច្រូចព្រះលោហិតនៃព្រះគ្រីស្ទ … អ្នករាល់គ្នា[អាច]បានបរិសុទ្ធ ដោយគ្មានប្រឡាក់អ្វីសោះឡើយ » ។
ខ្ញុំសូមអញ្ជើញអស់អ្នកដែលពុំមែនជាសមាជិកសាសនាចក្រនេះ នៅឡើយឲ្យមកអានព្រះគម្ពីរមរមន ហើយស្ដាប់ដល់ពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមមក ហើយមានសេចក្ដីជំនឿ ហើយប្រែចិត្តពីអំពើបាបរបស់បងប្អូន ។ សូមមក ហើយទទួលបុណ្យជ្រមុជទឹក និងទទួលព្រះវិញ្ញាណបរិសុទ្ធ ។ សូមមក ហើយរស់នៅក្នុងជីវិតដ៏រីករាយដែលផ្ដោតលើព្រះគ្រីស្ទ ។ ពេលបងប្អូនមករកទ្រង់ ហើយគោរពបទបញ្ញត្តិទ្រង់ ខ្ញុំសន្យាថា បងប្អូនអាចរកឃើញភាពសុខសាន្ត និងគោលបំណងនៅក្នុងជីវិតដ៏លំបាកនេះ និងជីវិតអស់កល្បជានិច្ចនៅបរមលោក ។
ចំពោះអស់អ្នកដែលធ្លាប់ស្គាល់សេចក្ដីពិតទាំងនេះ ហើយបានឃ្លាតចេញឆ្ងាយដោយហេតុផលណាមួយ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យត្រឡប់មកវិញ ។ សូមត្រឡប់មកវិញនៅថ្ងៃនេះ ។ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះយើងស្រឡាញ់បងប្អូន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគ្រីស្ទមានព្រះចេស្ដាឆ្លើយនឹងសំណួររបស់បងប្អូន ព្យាបាលការឈឺចាប់ និងភាពសោកសៅរបស់បងប្អូន ហើយអភ័យទោសដល់អំពើបាបរបស់បងប្អូន ។ ខ្ញុំដឹងថារឿងនេះពិត ។ ខ្ញុំដឹងថា រឿងទាំងអស់នេះពិត ។ ព្រះគ្រីស្ទមានព្រះជន្មរស់ ! នេះគឺជាសាសនាចក្រទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។