ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់
គ្រប់ពេលដែលបងប្អូនមានអារម្មណ៍ថា បងប្អូនត្រូវបានសុំឲ្យធ្វើកិច្ចការដែលលំបាក ចូរគិតអំពីព្រះអម្ចាស់ដែលទ្រង់ទតទៅបងប្អូន ស្រឡាញ់បងប្អូន ហើយអញ្ជើញបងប្អូនឲ្យមកតាមទ្រង់ ។
ច្រើនឆ្នាំមកហើយ ខ្ញុំនឹងភរិយាខ្ញុំ ចាកគីត្រូវបានហៅឲ្យធ្វើជាអធិបតីលើបេសកកម្ម ស្ពូកខាន វ៉ាស៊ីនតោន ។ ពួកយើងបានទៅដល់តំបន់បេសកកម្ម ដោយមានអារម្មណ៍ភ័យផងអរផង ចំពោះការទទួលខុសត្រូវក្នុងការធ្វើការជាមួយអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដ៏អស្ចារ្យជាច្រើននាក់ ។ ពួកគេមានប្រវត្តិខុសៗគ្នា ហើយមិនយូរប៉ុន្មានពួកគេបានក្លាយដូចជាកូនប្រុសស្រីផ្ទាល់របស់យើង ។
ទោះបីជាពួកគេស្ទើរតែគ្រប់រូបបានធ្វើកិច្ចការយ៉ាងល្អប្រពៃក្តី ក៏មានពួកគេមួយចំនួនមានការលំបាកនឹងការរំពឹងទុកដ៏ខ្ពស់នៃការហៅរបស់ពួកគេផងដែរ ។ ខ្ញុំចាំថាមានអ្នកផ្សព្វផ្សាយសាសនាម្នាក់ប្រាប់ខ្ញុំថា « ប្រធានខ្ញុំមិនចូលចិត្តមនុស្សទេ » ។ ពួកគេជាច្រើននាក់បានប្រាប់ខ្ញុំថា ពួកគេខ្វះបំណងប្រាថ្នា ដើម្បីធ្វើតាមច្បាប់ដ៏តឹងរឹងរបស់អ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំបារម្ភ ហើយឆ្ងល់ថាតើយើងអាចធ្វើអ្វីខ្លះ ដើម្បីផ្លាស់ប្តូរដួងចិត្តរបស់អ្នកផ្សព្វផ្សាយសាសនាមួយចំនួននោះ ដែលពុំទាន់បានដឹងអំពីអំណរនៃការគោរពប្រតិបត្តិ ។
ថ្ងៃមួយអំឡុងពេលបើកបរឆ្លងកាត់វាលស្រែដ៏ស្រស់ស្អាតនៅព្រំដែនរដ្ឋវ៉ាស៊ីនតោន និងរដ្ឋអៃដាហូ នោះខ្ញុំបានស្តាប់ព្រះគម្ពីរសញ្ញាថ្មីដែលថតជាសំឡេង ។ ពេលខ្ញុំស្តាប់ដំណើររឿងមួយដែលធ្លាប់ស្តាប់ឮពីមុនអំពីកម្លោះអ្នកមានម្នាក់ បានមករកព្រះអង្គសង្គ្រោះដើម្បីសួរថា តើគាត់អាចធ្វើអ្វីទៀតដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច នោះខ្ញុំបានទទួលវិវរណៈដែលពុំបានរំពឹងទុក ប៉ុន្តែជាវិវរណៈផ្ទាល់ខ្លួនយ៉ាងអស្ចារ្យ ដែលឥឡូវនេះវាគឺជាអនុស្សាវរីយ៍ដ៏ពិសិដ្ឋមួយ ។
បន្ទាប់ពីស្តាប់ឮព្រះយេស៊ូវរៀបរាប់ព្រះបញ្ញត្តិ ហើយកម្លោះអ្នកមាននោះតបថា គាត់បានប្រតិបត្តិតាមបទបញ្ញត្តិទាំងនេះតាំងពីក្មេងមក នោះខ្ញុំបានស្តាប់រកការកែតម្រូវដ៏រាបសារបស់ព្រះអង្គសង្គ្រោះដូច្នេះ ៖ « អ្នកនៅខ្វះកិច្ចមួយទៀត… ចូរលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ហើយ …. មក … តាមខ្ញុំចុះ » ។ ផ្ទុយទៅវិញដោយក្តីភ្ញាក់ផ្អើល ខ្ញុំបានស្តាប់ឮពាក្យប្រាំមួយម៉ាត់ពីមុនផ្នែកនៃខគម្ពីរទាំងនោះ ដែលខ្ញុំហាក់ដូចជាពុំធ្លាប់បានឮ ឬអានពីមុនសោះ ។ ហាក់ដូចជាពាក្យទាំងនោះទើបតែត្រូវបានបន្ថែមទៅក្នុងខគម្ពីរ ។ ខ្ញុំមានចិត្តអស្ចារ្យនឹងការយល់ដឹងដ៏បំផុសគំនិតនោះដែលបានបើកសម្តែងនៅពេលក្រោយមក ។
តើពាក្យទាំងប្រាំមួយម៉ាត់ដែលមានឥទ្ធិពលខ្លាំងបែបនោះគឺជាពាក្យអ្វី ? ចូរស្តាប់ដើម្បីឃើញថា អ្នកអាចស្គាល់ពាក្យសាមញ្ញទាំងនេះ ដែលគ្មាននៅក្នុងដំណើររឿងនៃដំណឹងល្អផ្សេងទៀតឡើយ គឺមានតែនៅក្នុងដំណឹងល្អនៃម៉ាកុសប៉ុណ្ណោះ ៖
« នោះមានម្នាក់រត់មក…ហើយទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច ?
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា…
អ្នកបានស្គាល់បញ្ញត្តិទាំងប៉ុន្មានហើយ ដែលថា កុំឲ្យផិតឲ្យសោះ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យលួចគេឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ។
តែគាត់ទូលឆ្លើយថា…លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ តាំងពីក្មេងមកដែរ ។
ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ចមួយទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ » ។
« ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ » ។
នៅពេលខ្ញុំឮពាក្យទាំងនេះ រូបភាពដ៏ច្បាស់លាស់មួយបានផុសឡើងក្នុងចិត្តខ្ញុំអំពីព្រះអម្ចាស់ ឈប់គង់មួយសន្ទុះ ហើយទតទៅ កម្លោះម្នាក់នោះ ។ ទតទៅ—គឺការទតមើលឲ្យស៊ីជម្រៅ និងទតមើលធ្លុះដល់ព្រលឹងកម្លោះនោះ ដោយទទួលស្គាល់សេចក្តីល្អសប្បុរសរបស់គាត់ ព្រមទាំងសក្តានុពលរបស់គាត់ ក៏ដូចជាការញែកដឹងពីតម្រូវការដ៏ធំធេងរបស់គាត់ ។
បន្ទាប់មកពាក្យសាមញ្ញនេះ—ព្រះយេស៊ូវ ស្រឡាញ់ គាត់ ។ ទ្រង់មានក្តីស្រឡាញ់ និងសេចក្តីអាណិតមេត្តាដ៏ច្រើនលើសលុបដល់កម្លោះល្អម្នាក់នេះ ហើយដោយសារសេចក្តីស្រឡាញ់ និងជាមួយនឹងសេចក្តីស្រឡាញ់នេះ ព្រះយេស៊ូវបានសុំឲ្យគាត់ធ្វើកិច្ចការកាន់តែច្រើនបន្ថែមទៀត ។ ខ្ញុំបានស្រមៃមើលថា តើកម្លោះម្នាក់នេះមានអារម្មណ៍បែបណា ចំពោះសេចក្តីស្រឡាញ់ដ៏ខ្លាំងបែបនេះដែលគាត់បានទទួល ខណៈដែលត្រូវបានសុំឲ្យធ្វើកិច្ចការដ៏សែនលំបាក ដូចជាការលក់ទ្រព្យសម្បត្តិដែលគាត់មាន ហើយចែកវាដល់អ្នកក្រ ។
នៅគ្រានោះ ខ្ញុំបានដឹងថា ពុំមែនមានតែអ្នកផ្សព្វផ្សាយមួយចំនួននោះទេដែលត្រូវផ្លាស់ប្តូរចិត្ត ។ ខ្ញុំក៏ត្រូវផ្លាស់ប្តូរចិត្តផងដែរ ។ គ្មានសំណួរសួរថា « តើប្រធានបេសកកម្មដែលមានចិត្តស្មុគស្មាញអាចជួយឲ្យអ្នកផ្សព្វផ្សាយសាសនាដែលមានការលំបាកឲ្យប្រព្រឹត្តបានប្រសើរឡើងយ៉ាងដូចម្តេចទៅ ? » ទៀតហើយ ។ ផ្ទុយទៅវិញ សំណួរនោះគឺថា « តើខ្ញុំអាចបំពេញសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទក្នុងចិត្តខ្ញុំតាមរបៀបណា ដើម្បីឲ្យអ្នកផ្សព្វផ្សាយសាសនា អាចទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះ តាមរយៈខ្ញុំ ហើយមានបំណងផ្លាស់ប្តូរនោះ ? » តើខ្ញុំអាចមើលពួកគេដូចព្រះអម្ចាស់បានទតមើលកម្លោះអ្នកមាននោះយ៉ាងដូចម្តេច ដោយការមើលថា តើពួកគេជាមនុស្សបែបណា ហើយពួកគេអាចប្រែទៅជាបែបណា ជាជាងការគ្រាន់តែមើលថា តើពួកគេធ្វើ ឬមិនធ្វើអ្វីខ្លះ ? តើខ្ញុំអាចប្រែកាន់តែដូចជាព្រះអង្គសង្គ្រោះបានដោយរបៀបណា ?
« ព្រះយេស៊ូវទ្រង់ទតទៅគាត់ដោយស្រឡាញ់ » ។
ចាប់តាំងពីពេលនោះមក ពេលខ្ញុំជួបជាមួយអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលមានភាពលំបាក ក្នុងការគោរពប្រតិបត្តិនូវច្បាប់មួយចំនួន នោះនៅក្នុងចិត្តរបស់ខ្ញុំបានឃើញយុវជន ឬយុវនារីស្មោះត្រង់ ដែលធ្វើតាមបំណងប្រាថ្នាចេញបម្រើបេសកកម្ម ។ នោះខ្ញុំអាចនិយាយដោយអស់ទាំងអារម្មណ៍របស់មេបាដ៏ទន់ភ្លន់ម្នាក់ដូច្នេះ ៖ « អែលឌើរ ឬ ស៊ិស្ទើរអើយ ប្រសិនបើខ្ញុំពុំស្រឡាញ់អ្នកទេ នោះខ្ញុំពុំខ្វល់ថាមានអ្វីកើតឡើងក្នុងបេសកកម្មរបស់អ្នកឡើយ ។ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់អែលឌើរ ស៊ីស្ទើរណាស់ ហើយដោយសារខ្ញុំស្រឡាញ់អ្នក នោះខ្ញុំខ្វាយខ្វល់ថាតើអ្នកនឹងប្រែក្លាយជាមនុស្សប្រភេទណា ។ ដូច្នេះខ្ញុំអញ្ជើញអ្នកឲ្យផ្លាស់ប្តូររឿងដែលលំបាកដល់អ្នក ហើយកែប្រែខ្លួនអ្នកឲ្យក្លាយជាមនុស្សដែលព្រះអម្ចាស់សព្វព្រះទ័យ » ។
គ្រប់ពេលដែលខ្ញុំទៅសម្ភាសអ្នកផ្សព្វផ្សាយសាសនា ដំបូងខ្ញុំអធិស្ឋានទូលសុំអំណោយទាននៃសេចក្តីសប្បុរស ហើយថាខ្ញុំអាចមើលឃើញអែលឌើរ និងស៊ីស្ទើរ ដូចព្រះអម្ចាស់ទតមើលឃើញពួកគេដែរ ។
ពីមុនសន្និសីទស្សូន ពេលស៊ីស្ទើរ ផលម័រ និងខ្ញុំស្វាគមន៍អ្នកផ្សព្វផ្សាយសាសនាម្តងម្នាក់ៗ នោះខ្ញុំបានឈប់មួយសន្ទុះ ហើយមើលយ៉ាងស៊ីជម្រៅចំកែវភ្នែករបស់ពួកគេសម្លឹងមើលពួកគេ—ដែលវាគឺជាការសម្ភាសន៍ដោយមិនចេញស្តី—ហើយដោយពុំខកចិត្ត នោះខ្ញុំបានពោរពេញដោយសេចក្ដីស្រឡាញ់ដ៏ខ្លាំងដល់បុត្រា និងបុត្រីនៃព្រះដ៏មានតម្លៃទាំងនោះ ។
ខ្ញុំបានរៀនមេរៀនជាច្រើនទៀត ដែលផ្លាស់ប្តូរជីវិតមកពីបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅជាមួយនឹង គម្ពីរម៉ាកុសជំពូក ១០ ។ នេះគឺជាមេរៀនបួនដែលខ្ញុំជឿថានឹងជួយដល់ពួកយើងម្នាក់ៗ ៖
-
នៅពេលយើងរៀនមើលទៅអ្នកដទៃ ដូចជាព្រះអម្ចាស់ទតមើលពួកគេ ជាជាងមើលដោយភ្នែកផ្ទាល់របស់យើង នោះសេចក្តីស្រឡាញ់របស់យើងចំពោះពួកគេនឹងកើនឡើង ហើយបំណងប្រាថ្នាយើងដើម្បីជួយពួកគេក៏កើនឡើងផងដែរ ។ យើងនឹងឃើញសក្តានុពលដែលមាននៅក្នុងខ្លួនអ្នកដទៃ ដែលពួកគេហាក់បីដូចជាមើលពុំឃើញដោយខ្លួនឯង ។ ជាមួយនឹងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ នោះយើងនឹងពុំខ្លាចនិយាយដោយក្លាហានឡើយ ដ្បិត « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » ។ ហើយយើងនឹងពុំចុះចាញ់ឡើយ ដោយចងចាំថាអស់អ្នកដែលពិបាកនឹងស្រឡាញ់បំផុត គឺត្រូវការសេចក្តីស្រឡាញ់ខ្លាំងបំផុត ។
-
គ្មានការបង្រៀន ឬការរៀនសូត្រពិតប្រាកដណា ដែលនឹងកើតឡើងបានឡើយ នៅពេលត្រូវបានធ្វើឡើងក្នុងភាពស្មុគស្មាញ ឬកំហឹង ហើយដួងចិត្តនឹងពុំផ្លាស់ប្តូរឡើយប្រសិនបើគ្មានវត្តមាននៃសេចក្តីស្រឡាញ់នោះ ។ ទោះបីជាយើងធ្វើតាមតួនាទីយើងជាឪពុកម្តាយ គ្រូបង្រៀន ឬថ្នាក់ដឹកនាំក្តី ការបង្រៀនដ៏ពិតនឹងកើតមានឡើងតែក្នុងបរិយាកាសនៃការទុកចិត្តប៉ុណ្ណោះ ពុំមែនដោយការកាត់ទោសនោះទេ ។ គេហដ្ឋានរបស់យើងគប្បីជាស្ថានសួគ៌ដ៏សុវត្ថិភាពជានិច្ចសម្រាប់កូនៗយើង—ពុំមែនជាបរិយាកាសមិនគួរឲ្យពេញចិត្តនោះទេ ។
-
សេចក្តីស្រឡាញ់ពុំគួរដកយកចេញឡើយ នៅពេលកូន មិត្តភក្ដិ ឬសមាជិកគ្រួសារពុំបានរស់នៅតាមការរំពឹងទុករបស់យើង ។ យើងពុំដឹងថាមានអ្វីកើតឡើងចំពោះកម្លោះអ្នកមាននោះឡើយ បន្ទាប់ពីគាត់បានចាកចេញទៅដោយក្តីព្រួយ ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ព្រះយេស៊ូវនៅតែស្រឡាញ់គាត់យ៉ាងឥតខ្ចោះ ទោះបីជាគាត់បានជ្រើសរើសផ្លូវដែលងាយស្រួលជាងនោះក្តី ។ ប្រហែលជាពេលគាត់ចាស់ទៅ គាត់ឃើញថាទ្រព្យសម្បត្តិមហាសាលរបស់គាត់នោះគ្មានតម្លៃឡើយ គាត់ចាំ ហើយធ្វើតាមបទពិសោធន៍ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដោយការទតមើលទៅគាត់ ស្រឡាញ់គាត់ ហើយអញ្ជើញគាត់ឲ្យមកតាមទ្រង់ ។
-
ដោយសារទ្រង់ស្រឡាញ់យើង នោះព្រះអម្ចាស់រំពឹងអ្វីៗជាច្រើនពីយើង ។ ប្រសិនបើយើងបន្ទាបខ្លួន នោះយើងនឹងស្វាគមន៍ការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត លះបង់ និងបម្រើ ទុកជាភស្តុតាងនៃសេចក្តីស្រឡាញ់ឥតខ្ចោះរបស់ទ្រង់ចំពោះពួកយើង ។ ក្រៅពីនោះ ការអញ្ជើញឲ្យប្រែចិត្តក៏ជាការអញ្ជើញមួយ ដើម្បីទទួលអំណោយទានដ៏អស្ចារ្យនៃការអភ័យទោស និងមានភាពសុខសាន្តផងដែរ ។ ហេតុដូច្នោះហើយ « កុំឲ្យមើលងាយ…សេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ឥឡូវនេះគ្រប់ពេលដែលបងប្អូនមានអារម្មណ៍ថាបងប្អូនត្រូវបានសុំឲ្យធ្វើកិច្ចការដែលលំបាក—ដូចជា បោះបង់ចោលទម្លាប់អាក្រក់ ឬការញៀន ទុកចំណាប់អារម្មណ៍ខាងលោកិយមួយអន្លើរ លះបង់ចោលសកម្មភាពដែលចូលចិត្តដោយសារវាជាថ្ងៃឈប់សម្រាក អភ័យទោសដល់នរណាម្នាក់បានធ្វើខុសនឹងអ្នក—ចូរគិតអំពីព្រះអម្ចាស់ដែលទ្រង់ទតទៅបងប្អូន ស្រឡាញ់បងប្អូន ហើយអញ្ជើញបងប្អូនឲ្យបោះបង់ចោលអ្វីៗទាំងនោះ ហើយមកតាមទ្រង់ ។ ហើយថ្លែងអំណរគុណទ្រង់ចំពោះសេចក្តីស្រឡាញ់ទ្រង់ដល់បងប្អូនគ្រប់គ្រាន់ល្មម ដើម្បីអញ្ជើញបងប្អូនឲ្យធ្វើកិច្ចការបន្ថែមទៀត ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ ហើយទន្ទឹងរង់ចាំដល់ថ្ងៃ ដែលទ្រង់នឹងលាតព្រះហស្តទ្រង់ឱបយើងម្នាក់ៗដោយទតមើលយើង ហើយហ៊ុមព័ទ្ធយើងដោយសេចក្ដីស្រឡាញ់ឥតខ្ចោះរបស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។