ឆ្នាំ ២០១០-២០១៩
អ្នក​គង្វាល​ល្អ
ខែ មេសា ឆ្នាំ ២០១៧


15:21

អ្នក​គង្វាល​ល្អ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​អ្នក​គង្វាល​ល្អ​របស់​យើង រកឃើញ​អំណរ​នៅក្នុង​ការទត​មើល​ឃើញ​ចៀម​ដែល​មាន​ជំងឺ​របស់​ទ្រង់ ដំណើរការ​ទៅរក​ការជាសះ​ស្បើយ ។

យើង​ទទួល​បាន​ការ​យល់​ដឹង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតា​សួគ៌​យើង ពេល​យើង​ទទួល​ស្គាល់​សេចក្តី​អាណិត​មេត្តា​ដ៏​ធំមហិមា ដែល​ទ្រង់​មាន​ដល់​អ្នក​មាន​បាប ហើយ​មាន​អំណរ​គុណ​ចំពោះ​ភាព​ខុស​ប្លែក​គ្នា ដែល​ទ្រង់​បង្កើត​ឡើង​រវាង​អំពើ​បាប និង​អស់​អ្នក​ដែល​មាន​បាប ។ ការ​យល់​ដឹង​នេះ​ជួយ​យើង​ឲ្យ​មាន « [ ការយល់​ដឹង ] ត្រឹមត្រូវ​អំពី​បុគ្គលិក​លក្ខណៈ ភាព​ល្អ​ឥត​ខ្ចោះ និង​លក្ខណៈ​របស់​ទ្រង់ »  ហើយ​វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​លើ​ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​មិន​គិត​អំពី​ភាព​ឥត​គ្រប់​លក្ខណ៍​របស់​យើង នោះ​សេចក្តី​អាណិត​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ នាំ​យើង​ខិត​ទៅ​កាន់​ទ្រង់ ហើយ​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រែចិត្ត ហើយ​ធ្វើ​តាម​ទ្រង់ ទោះយើង​បន្ត​ពុះពារ​ការ​លំបាក​ក្តី ។ នៅពេល​យើង​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ នោះ​យើង​រៀន​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​ដូច​ទ្រង់​ប្រព្រឹត្ត​ដែរ ដោយ​មិន​គិត​អំពី​បុគ្គលិក​លក្ខណៈ ឬ​ឥរិយាបថ​ដែល​សម្តែង​ចេញ​មក​ឡើយ ។

ឥទ្ធិពល​នៃ​ភាព​ខុស​ប្លែក​គ្នា​រវាង​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ម្នាក់ និង​បុគ្គល​ម្នាក់​ទៀត​ដែល​សម្តែង​ចេញ​មក​គឺ​ផ្តោត​ទៅ​លើ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា Les Misérables និពន្ធ​ដោយ​ជនជាតិ​បារាំង​ឈ្មោះ វ៉ិចទ័រ ហូហ្គោ ។ នៅ​ឈុត​ចាប់ផ្តើម​នៃ​ប្រលោម​លោក​នេះ អ្នក​អត្ថា​ធិប្បាយ​ណែនាំ​ឲ្យ​ស្គាល់​លោក ប៊ៀនវ៉េនូ ម៉ាយរៀល ជា​ប៊ីស្សព​កាតូលិក​នៅ​ទីក្រុង ឌីញ ហើយ​ពិភាក្សា​អំពី​បញ្ហា​ដែល​ប៊ីស្សព​នោះ​បាន​ជួប​ប្រទះ ។ តើ​គាត់​គួរតែ​ទៅ​ជួប​បុរស​ម្នាក់​ដែលបាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​គ្មាន​ជំនឿ​លើ​ព្រះ ហើយ​ត្រូវ​គេ​ស្អប់ខ្ពើម​នៅក្នុង​សហគមន៍ ដោយសារ​តែ​ឥរិយាបថ​កាល​ពី​អតីត​របស់​គាត់ នៅក្នុង​ការ​បដិវត្តន៍​ប្រទេស​បារាំង​ឬ ? 

អ្នក​អត្ថាធិប្បាយ​បាន​ពោល​ថា ប៊ីស្សព​អាច​ទទួល​អារម្មណ៍​នៃ​ការ​ពុំ​ចូលចិត្ត​បុរស​នោះ​យ៉ាង​ខ្លាំង ។ ក្រោយ​មក អ្នក​អត្ថាធិប្បាយ​បាន​សួរ​សំណួរ​សាមញ្ញ​មួយ​ដូច្នេះ ៖ « តើ​អំពើ​បាប​របស់​ចៀម​អាច​បណ្តាល​ឲ្យ​អ្នក​គង្វាល​ដកខ្លួន​ថយ​ចេញ​ដែរ​ឬ​ទេ ? » ដោយ​ឆ្លើយ​ទៅ​ប៊ីស្សព អ្នកអត្ថាធិប្បាយ​ផ្តល់​ចម្លើយ​យ៉ាង​ច្បាស់លាស់​ថា « អត់​ទេ »— ក្រោយ​មក​បាន​បន្ថែម​វាចា​បែប​កំប្លែង​ដូច្នេះ ៖ « ឱ​ចៀម​អី​ក៏​មាន​អំពើ​បាប​ច្រើន​ម៉្លេះ ! » 

នៅ​ក្នុង​វគ្គ​នេះ ហូហ្គោ ប្រៀបធៀប « អំពើ​ទុច្ចរិត​ » របស់​បុរស​នោះ​ទៅ​នឹង​ជំងឺ​ស្បែក​ដែល​មាន​នៅលើ​សត្វ​ចៀម ហើយ​ប្រៀបធៀប​ប៊ីស្សព​ទៅនឹង​អ្នក​គង្វាល ដែល​ពុំ​បាន​ដកខ្លួន​ថយ​ចេញ នៅពេល​ជួប​ជាមួយ​នឹង​ចៀម​ដែល​ឈឺ​នោះ​ឡើយ ។ ប៊ីស្សព​មាន​ចិត្ត​សប្បុរស ហើយ​ក្រោយមក​នៅក្នុង​ប្រលោម​លោក​នោះ​បង្ហាញ​ពី​សេចក្តី​អាណិត​មេត្តា​ស្រដៀង​គ្នា​នោះ​សម្រាប់​បុរស​ម្នាក់​ទៀត ដែល​ជា​តួឯក​នៅក្នុង​ប្រលោម​លោក​នោះ​គឺ​លោក ហ្សង់វ៉ាហ្សង់ អតីត​ទណ្ឌិត​ដែល​បាត់​បង់​កេរ្តិ៍​ឈ្មោះ ។ សេចក្តី​មេត្តា​ករុណា និង​ការ​យល់​ចិត្ត​ថ្លើម​របស់​ប៊ីស្សព ជំរុញ​ឲ្យ​លោក ហ្សង់វ៉ាហ្សង់ ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់​គាត់ ។

ដោយសារ​នៅក្នុង​ព្រះគម្ពីរ​ទាំងមូល​ព្រះ​ប្រៀបធៀប​ជំងឺ​នានា​ទៅ​នឹង​អំពើ​បាប ដូច្នេះ​វា​សម​ហេតុ​ផល​ដើម្បី​សួរ​ថា « តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ប្រតិកម្ម​បែប​ណា នៅពេល​ទ្រង់​ជួប​នឹង​ជំងឺ​ប្រៀបធៀប​របស់​យើង—​គឺ​អំពើ​បាប​របស់​យើង​នោះ ? » ក្រៅពីនោះ​ទៀត ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ទ្រង់ « ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បី​តែ​បន្តិច​បន្តួច​បាន​ឡើយ »  ដោយ​សារ​យើង​ពុំ​ល្អ​ឥត​ខ្ចោះ តើ​ទ្រង់​អាច​ទត​មើល​យើង ដោយ​ពុំ​ដក​អង្គ​ទ្រង់​ថយ​ចេញ​ទាំង​តក់ស្លុត និង​ស្អប់​ខ្ពើម​យើង​តាម​របៀប​ណា​ទៅ ?

ចម្លើយ​នោះ​គឺ​សាមញ្ញ ហើយ​ច្បាស់លាស់ ។ ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ  ព្រះយេស៊ូវ​គ្រីស្ទ​ទត​មើល​ជំងឺ​ដែល​មាន​នៅក្នុង​ចៀម​របស់​ទ្រង់​ថា​ជា​លក្ខខណ្ឌ​មួយ​ដែល​ត្រូវ​តែ​ព្យាបាល ថែទាំ និង​ផ្តល់​ក្តី​អាណិត​មេត្តា ។ អ្នក​គង្វាល​នេះ​គឺ​អ្នក​គង្វាល​ល្អ​របស់​យើង រកឃើញ​អំណរ​នៅក្នុង​ការទត​មើល​ឃើញ​ចៀម​ដែល​មាន​ជំងឺ​របស់​ទ្រង់ ដំណើរការ​ទៅរក​ការ​ជាសះ​ស្បើយ ។

ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ថា​ទ្រង់​នឹង « ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល »  « ស្វែង [ រក ] សត្វ​ណា [ ដែល ] វង្វេង​បាត់ …​នាំសត្វ​ណា [ ដែល ] ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ…សត្វ​ណា [ ដែល ] បាក់​ជើង​នោះ​យើង​នឹង​រុំ​អប​ឲ្យ ហើយ…ចម្រើន​កម្លាំង​ដល់​សត្វ​ណា [ ដែល ] ឈឺ » ។ ទោះជា​ពួក​អ៊ីស្រាអែល​ដែល​ក្បត់​សាសនា​បាន​បង្ហាញ​ថា​បាន​ធ្លាក់​ខ្លួន​ទៅក្នុង​អំពើ​បាប​ដែល​មាន « របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី »​  ក្តី​ព្រះអង្គ​សង្គ្រោះ​បាន​លើក​ទឹកចិត្ត ទូន្មាន និង​សន្យា​ថានឹង​ជា​សះស្បើយ ។

ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​សម្គាល់​យ៉ាង​ច្បាស់​តាមរយៈ សេចក្ដី​ស្រឡាញ់ សេចក្តី​អាណិត​មេត្តា និង​ការ​យល់​ចិត្ត​ថ្លើម​គ្នា ។ ទ្រង់​ពុំ​បាន​យាង​តាម​ផ្លូវ​លំ​នៃ​ស្រុក​កាលីឡេ និង​ស្រុក​យូដា​ដោយ​ប្រមាថ​មើល​ងាយ ដោយ​គេច​ចេញ​ពុំ​មើល​អ្នក​មាន​បាប​ឡើយ ។ ទ្រង់​ពុំ​បាន​ចៀស​ចេញ​ពី​ពួកគេ​ដោយ​ក្តី​តក់ស្លុត​ដែល​អស់​សង្ឃឹម​ឡើយ ។ អត់​ទេ ទ្រង់​បាន​សោយ​អាហារ​ជាមួយ​ពួកគេ​ផងដែរ ។ ទ្រង់​បាន​ជួយ ហើយ​ប្រទានពរ លើក​ស្ទួយ និង​ស្អាង​គេ​ឡើង ហើយ​ប្រទាន​ក្តីសង្ឃឹម និង​អំណរ​ជំនួស​ឲ្យ​ភាព​ភ័យ​ខ្លាច និង​ក្តី​អស់សង្ឃឹម ។ ទ្រង់​គឺ​ជា​អ្នក​គង្វាល​ពិត ទ្រង់​ស្វែងរក​យើង ហើយ​ជួប​យើង​ដើម្បី ផ្តល់​ការ​ធូរ​ស្បើយ និង​ក្តី​សង្ឃឹម ។ ការ​យល់​ដឹង​អំពី​សេចក្តី​អាណិត​មេត្តា និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ជួយ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់—គឺ​ប្រែចិត្ត ហើយ​ត្រូវ​បាន​ប្រោស​ឲ្យ​ជា ។

ដំណឹង​ល្អ​របស់​យ៉ូហាន​កត់ត្រា​អំពី​ឥទ្ធិពល​នៃ​ការយល់​ចិត្ត​ថ្លើម​របស់​ព្រះអង្គ​សង្គ្រោះ​ទៅលើ​អ្នក​មាន​បាប ។ ពួក​អាចារ្យ និង​ពួក​ផារិស៊ី បាន​នាំ​ស្ត្រី​ម្នាក់​ដែល​គេ​ចាប់​បាន​ដោយ​ការប្រព្រឹត្ត​កំផិត​មក​ឯ​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ចោទ​ប្រកាន់​បាន​ថ្លែង​ថា ស្រប​តាម​ច្បាប់​របស់​ម៉ូសេ​នាង​គួរតែ​ត្រូ​វ​ចោល​នឹង​ដុំថ្ម ។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដដែលៗ​នោះ ទី​បំផុត​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ។

ពួក​អ្នក​ចោទប្រកាន់​ទាំង​នោះ​បាន​ចាកចេញ​ទៅ « នៅ​សល់​តែ​ព្រះយេស៊ូវ និង​ស្ត្រី​នោះ​ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ ។​

ពេល​ព្រះយេស៊ូវ…ឃើញ​តែ​ស្ត្រី​នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​ថា នាង​អើយ​ពួកអ្នក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី ?

នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ​លោក​ម្ចាស់ ។ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។

ប្រាកដ​ណាស់ ព្រះយេស៊ូវ​ពុំ​លើក​លែង​ឲ្យ​អំពើ​កំផិត ឡើយ ។ ប៉ុន្តែ​ទ្រង់​ក៏​ពុំ​កាត់​ទោស​ស្ត្រី​នោះ​ដែរ ។ ទ្រង់​បាន​លើក​ទឹកចិត្ត​នាង​ឲ្យ​កែ​ប្រែ​ជីវិត​នាង​សារ​ជា​ថ្មី ។ នាង​មាន​ការ​ជំរុញ​ចិត្ត​ឲ្យ​ផ្លាស់ប្តូរ ដោយសារ​តែ​ក្តី​អាណិត​មេត្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ការ​បក​ប្រែ​របស់​យ៉ូសែប ស្ម៊ីធ​នៃ​ព្រះគម្ពីរ​ប៊ីប​បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធផល​រួម​នៃ​ភាព​ជា​សិស្ស​របស់​នាង ៖ « ហើយ​ស្ត្រី​នោះ​បាន​សរសើរ​ដល់​ព្រះ និង​ជឿ​លើ​ព្រះនាម​ទ្រង់​តាំង​ពី​ពេល​នោះ​មក » ។ 

ដោយសារ​ព្រះ​មាន​ក្តី​អាណិត​មេត្តា នោះ​យើង​គប្បី​កុំ​យល់​ខុស​ថា ទ្រង់​កំពុង​ទទួល​យក និង​បើ​ក​ព្រះទ័យ​ទូលាយ​ចំពោះ​អំពើ​បាប​ឡើយ ។ ទ្រង់​ពុំ​ធ្វើ​បែប​នេះ​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​យាង​មក​ផែនដី​នេះ​ដើម្បី​សង្គ្រោះ​យើង ពី​អំពើ​បាប​របស់​យើង ហើយ​កាន់​តែ​សំខាន់​នោះ​គឺ​ថា​ទ្រង់​នឹង​មិន​សង្គ្រោះ​យើង​នៅក្នុង​អំពើ​បាប​របស់​យើង​ឡើយ ។ មាន​គ្រា​មួយ ស៊ីអែសរ៉ុម ជា​អ្នក​សួរ​សំណួរ​ដ៏​ជំនាញ បាន​ព្យាយាម​ដាក់​អន្ទាក់​អាមូលេក​ដោយ​សួរ​ដូចេះ ៖ « តើ [ ព្រះ​មែស៊ី​ដែល​នឹង​យក​មក ] នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ​អង្គ ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​ឬ ? ហើយ​អាមូលេក​បាន​ឆ្លើយ និង​និយាយ​ទៅ​គាត់​ដូច្នេះ ៖ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ព្រះ​អង្គ​នឹង​ពុំ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​ព្រះ​អង្គ​ពុំ​អាច​បដិសេធ​ពាក្យ​របស់​ព្រះ​អង្គ​បាន​ឡើយ ។… ព្រះ​អង្គ​ពុំ​អាច​សង្គ្រោះ​ពួក​គេ​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ​បាន​ឡើយ » ។ អាមូលេក​បាន​និយាយ​អំពី​គ្រឹះ​នៃ​សេចក្តី​ពិត​ដែល​ថា ដើម្បី​ត្រូវ​បាន​សង្គ្រោះ​ពី​អំពើ​បាប​របស់​យើង យើង​ត្រូវ​ទទួល​យក « លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ការ​ប្រែ​ចិត្ត » ដែល​អនុញ្ញាត​ឲ្យ​ព្រះចេស្តា​របស់​ព្រះ​ប្រោស​លោះ សង្គ្រោះ​ព្រលឹង​របស់​យើង​បាន ។

សេចក្តី​អាណិតមេត្តា សេចក្ដី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ នាំ​យើង​ខិត​ទៅ​ជិត​ទ្រង់ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ យើង​ពុំ​គាប់​ចិត្ត​នឹង​ស្ថានភាព​នៃ​អំពើ​បាប​របស់​យើង​តទៅ​ទៀត​ឡើយ ។ ព្រះ​បញ្ជាក់​ច្បាស់​លាស់​អំពី​រឿង​ត្រឹមត្រូវ ហើយ​ទទួល​យក​ចំពោះ​ទ្រង់ និង​បញ្ជាក់​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​ខុស និង​អំពើ​បាប ។ នេះ​ពុំ​មែន​ដោយសារ​តែ​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​អ្នក​ដើរ​តាម គោរព​ប្រតិបត្តិ​ដោយ​មិន​គិតគូរ​នោះ​ទេ ។ មិនមែន​ទេ ព្រះវរបិតា​សួគ៌​របស់​យើង​មាន​ព្រះទ័យ​ឲ្យ​កូនចៅ​របស់​ទ្រង់ ជ្រើស​រើស​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់​ទាំង​ការ​យល់ដឹង និង​ទាំង​មាន​ឆន្ទៈ  ហើយ​សក្តិសម​នឹង​ទទួល​បាន​ជីវិត​មួយ​បែប​​ដែល​ទ្រង់​សព្វ​ព្រះទ័យ ។ ក្នុង​ការ​ធ្វើ​ដូច្នេះ កូនចៅ​របស់​ទ្រង់​បំពេញ​ជោគ​វាសនា​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ហើយ​ក្លាយ​ជា​អ្នក​គ្រង​មរតក​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពុំ​អាច​ផ្លាស់ប្តូរ​ព្រះបញ្ញត្តិ ឬ​គោលលទ្ធិ​របស់​ព្រះ​ឲ្យ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​ទ្រង់ ដើម្បី​ឲ្យ​វា​មាន​ភាព​ងាយ​ស្រួល ឬ​មាន​ប្រជាប្រិយភាព​ឡើយ ។

ប៉ុន្តែ​គំរូ​អំពី​សេចក្តី​សប្បុរស​របស់​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​មាន​បាប​គឺ​ជា​ការណែនាំ​ដ៏​អស្ចារ្យ នៅក្នុង​ជីវិត​របស់​យើង​ក្នុង​ការព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ដែល​ជា​មនុស្ស​មាន​បាប ត្រូវតែ​ធ្វើ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​យើង ដោយ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ​ដោយ​សេចក្តី​អាណិត​មេត្តា និង​សេចក្តី​ស្រឡាញ់ ។ តួនាទី​របស់​យើង​ក៏​ត្រូវ​ជួយ និង​ផ្តល់​ពរ លើក​ស្ទួយ និង​ស្អាង​គេ​ឡើង ហើយ​ផ្តល់​ក្តី​សង្ឃឹម និង​អំណរ​ជំនួស​ឲ្យ​ភាព​ភ័យ​ខ្លាច និងក្តី​អស់​សង្ឃឹម​ដែរ ។

ព្រះអង្គ​សង្គ្រោះ​បន្ទោស​បុគ្គល​ទាំងឡាយ​ដែល​ដក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ ដែល​ពួកគេ​បាន​ចាត់​ទុក​ថា​ពុំ​ស្អាតស្អំ និង​អស់​អ្នក​ដែល​វិនិច្ឆ័យ​អ្នក​ដទៃ​ដោយ​ការ​វិនិច្ឆ័យ​សុចរិត​ថា ពួកគេ​មាន​អំពើ​បាប​ច្រើន​ជាង​ខ្លួន​ទៅ​ទៀត ។​ នោះ​គឺ​ជា​មេរៀន​ដែល​ព្រះអង្គ​សង្គ្រោះ​ចង្អុល​បង្ហាញ​ដល់​អស់​អ្នក​ដែល « ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា​គេ​សុចរិត ហើយ​ក៏​មើលងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង » ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច​នេះ ៖

« មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះវិហារ​មួយ​ជា​ពួក​ផារិស៊ី​មួយ​ទៀត​ជា​អ្នក​យក​ពន្ធ ។

អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ ។

ទូលបង្គំ​តម​ក្នុង​មួយ​អាទិត្យ​ពីរ​ដង ហើយ​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​ទាំង​អម្បាលម៉ាន ដែល​ទូលបង្គំ​បាន​ចំណេញ​ផង ។

ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ​មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះអង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង » ។

បន្ទាប់​មក​ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ​អ្នក​នេះ [ អ្នក​យកពន្ធ ] បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​មួយ​នោះ [ ពួកផារិស៊ី ] ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន​នោះ នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាបខ្លួន​នោះ​នឹង​បាន​តម្កើង​ឡើង » ។

សារលិខិត​នេះ​មាន​ភាព​ច្បាស់លាស់​ចំពោះ​ពួក​យើង ៖ អ្នក​មាន​បាប​ដែល​ប្រែចិត្ត​ខិត​កាន់​តែ​ជិត​ព្រះ​ជាង​អ្នក​ដែល​គិត​ថា​ខ្លួន​សុចរិត ជា​អ្នក​កាត់​ទោស​អ្នក​មាន​បាប ។

ទំនោរ​ចិត្ត​របស់​មនុស្ស​ក្នុង​ការ​គិត​ថា​ខ្លួន​សុចរិត និង​វិនិច្ឆ័យ​សុចរិត​ក៏​មាន​នៅក្នុង​ជំនាន់​របស់​អាលម៉ា​ផងដែរ ។ នៅពេល​ប្រជាជន « បាន​ចាប់​ផ្ដើម​តាំង​សាសនាចក្រ​ឡើង​យ៉ាង​ពេញលេញ​ជាង​មុន…ប្រជាជន​នៃ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​វាយឫក​ក្រអោង…[ ហើយ ] ប្រជាជន​នៃ​សាសនាចក្រ​បាន​ចាប់​ផ្ដើម​លើក​ខ្លួន​ឡើង​ក្នុង​ការឆ្មើងឆ្មៃ​នៃ​ភ្នែក​របស់​គេ ហើយ … បាន​ចាប់ផ្ដើម​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ …​ពួកគេ​ចាប់ផ្ដើម​បៀតបៀន​ដល់​អស់​អ្នក​ណា ដែល​មិន​ជឿ​តាម​ចំណង់ និង​ការ​ប៉ង​ប្រាថ្នា​របស់​ខ្លួន » ។

ការ​បៀត​បៀន​នេះ​ត្រូវ​បាន​ហាម​ឃាត​យ៉ាង​ពិសេស ៖ « ឥឡូវ​នេះ មាន​ច្បាប់​មួយ​យ៉ាង​តឹង​រឹង នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​ថា មិន​ត្រូវ​មាន​អ្នក​ណា​ម្នាក់ ដែល​នៅ​ក្នុង​សាសនាចក្រ បះបោរ ហើយ​បៀតបៀន​ពួក​អ្នក​ដែល​មិន​នៅ​ក្នុង​សាសនាចក្រ​ឡើយ ហើយ​ក៏​មិន​ត្រូវ​មាន​ការ​បៀតបៀន​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ » ។ គោលការណ៍​ដឹកនាំ​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​ដូច​គ្នា ។ យើង​ពុំ​ត្រូវ​មាន​កំហុស​ដោយ​សារ​តែ​ការ​បៀត​បៀន​នរណា​ម្នាក់​ទាំង​ក្នុង ឬ​ក្រៅ​សាសនាចក្រ​ឡើយ ។

អស់​អ្នក​ដែល​ត្រូវបាន​គេ​បៀត​បៀន ដោយ​ហេតុផល​ណា​មួយ​ស្គាល់​អំពី​អារម្មណ៍​នៃ​ភាព​អយុត្តិធម៌ និង​ការលំអៀង ។ កាល​ជា​យុវវ័យ​រស់នៅ​ទ្វីប​អើរ៉ុប​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​បាន​គេ​រិះគន់ និង​សម្លុត​គំរាម​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​ខ្ញុំ​គឺ​ជា​ជនជាតិ​អាមេរិកកាំង និង​ដោយសារ​ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ ។ មិត្តភក្តិ​រួម​ថ្នាក់​មួយ​ចំនួន​របស់​ខ្ញុំ​បាន​ប្រព្រឹត្ត​ដាក់​ខ្ញុំ ដូច​ជា​ខ្ញុំ​ហ្នឹង​ត្រូវតែ​ទទួល​ខុស​ត្រូវ​ផ្ទាល់ ចំពោះ​គោល​នយោបាយ​បរទេសនៃ​ពួក​អាមេរិក​ដែល​គ្មាន​ប្រជា​ប្រិយ​ភាព ។ ខ្ញុំ​ក៏​ត្រូវបាន​គេ​ប្រព្រឹត្ត​ដាក់​ខ្ញុំ​ដូច​ជា សាសនា​របស់​ខ្ញុំ​គឺ​ជា​ការ​ចំអក​មើល​ងាយ​ដល់​ប្រជាជាតិ​នានា​ដែល​ខ្ញុំ​រស់​នៅ ដោយសារ​វា​ផ្សេង​ពី​សាសនា​ដែល​គាំទ្រ​ដោយ​រដ្ឋ ។ ក្រោយ​មក​នៅក្នុង​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក នោះ​ខ្ញុំ​មាន​ការយល់​ដឹង​តិចតួច​អំពី​ភាព​ឃោរ​ឃៅ​នៃ​ភាព​លំអៀង និង​ការ​ប្រកាន់​ពូជ​សាសន៍ ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រងទុក្ខ ដោយសារ​តែ​ពូជ​សាសន៍ ឬ​អរិយធម៌​របស់​ខ្លួន ។

ការ​បៀត​បៀន​កើត​មាន​ឡើង​តាម​គ្រប់​រូបភាព ៖ តាម​ការ​ចំអក ការ​គំរាម ការ​សម្លុត ការ​បដិសេធ និង​ការដក​ខ្លួន​ថយ ឬ​ការស្អប់​គ្នា ។ យើង​ត្រូវ​តែ​ប្រឆាំង​នឹង​ការប្រកាន់​ពូជសាសន៍ ដែល​វា​បង្កើន​នូវ​ឥរិយាបថ​ឃោរឃៅ​របស់​វា​ចំពោះ​អ្នក​ដែល​មាន​គំនិត​ផ្សេង​ពី​យើង ។ ផ្នែក​មួយ​នៃ​ការ​ប្រកាន់​ពូជ​សាសន៍​បង្ហាញ​ចេញ​ឡើង ដោយ​ការ​គ្មាន​ឆន្ទៈ​ផ្តល់​សេរីភាព​ស្មើគ្នា​លើ​ការ​បង្ហាញ​យោបល់​នានា ។ មនុស្ស​គ្រប់​រូប រួមទាំង​អ្នក​មាន​ជំនឿ មាន​សិទ្ធិ​បង្ហាញ​យោបល់​របស់​ខ្លួន​នៅក្នុង​ទី​សាធារណៈ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មាន​អាជ្ញាប័ណ្ណ​ស្អប់​ខ្ពើម​អ្នក​ដទៃ នៅពេល​ពួកគេ​បង្ហាញ​យោបល់​របស់​ពួកគេ​ឡើយ ។

ប្រវត្តិ​សាសនាចក្រ​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​អំពី​សមាជិក​យើង ដែល​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ដាក់​ដោយ​ការស្អប់ខ្ពើម និង​ប្រកាន់​ពូជ​សាសន៍ ។ ឱ វា​ជា​រឿង​ដ៏​សោកសៅ​អ្វី​ម៉្លេះ ប្រសិន​បើ​យើង​ប្រព្រឹត្ត​ដាក់​អ្នក​ដទៃ​ដូច​គេ​បាន​ប្រព្រឹត្ត​ដាក់​យើង​នោះ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ការ​ណ៍អ្វី​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ » ។ សម្រាប់​យើង​ការសុំ​ឲ្យ​គេ​គោរព​យើង លុះត្រាតែ​យើង​គោរព​គេ​សិន ។ លើស​ពី​នេះ​ទៀត ការ​ប្រែ​ចិត្ត​ជឿ​ដ៏​ស្មោះត្រង់​របស់​យើង​នាំ​មក​នូវ « ការ​ស្លូតបូត និង​ចិត្ត​សុ​ភាព​រាបសា » ដែល​យាង « ព្រះវិញ្ញាណ​បរិសុទ្ធ » [ ហើយ​បំពេញ​ដល់​យើង​នូវ ] « សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ »  សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា »  ដល់​អ្នក​ដទៃ ។

អ្នក​គង្វាល​ល្អ​របស់​យើង​គឺ​ពុំ​ប្រែប្រួល​ឡើយ ហើយ​បច្ចុប្បន្ន​នេះ​ទ្រង់​មាន​ព្រះទ័យ​ដដែល​ចំពោះ​អំពើ​បាប និង​អ្នក​មាន​បាប ដូច​កាល​ទ្រង់​យាង​មក​លើ​ផែនដី​ផងដែរ ។ ទ្រង់​ពុំ​បាន​ដក​អង្គ​ទ្រង់​ថយ​ចេញ​ពី​យើង​ដោយសារ​អំពើ​បាប​យើង​ឡើយ ទោះជា​ពេល​ខ្លះ​ទ្រង់គិត​ថា « ឱ​ចៀម​អី​ក៏មាន​អំពើ​បាប​ច្រើន​ម៉្លេះ ! » ទ្រង់​ស្រឡាញ់​យើង​ជា​ខ្លាំង ទ្រង់​បាន​ប្រទាន​ផ្លូវ​ដល់​យើង​ឲ្យ​ប្រែចិត្ត ហើយ​បាន​ជ្រះស្អាត ប្រយោជន៍​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​ទ្រង់ និង​ព្រះវរបិតា​សួគ៌​របស់​យើង​វិញ ។ ក្នុង​ការធ្វើ​បែប​នោះ ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បានបង្ហាញ​គំរូ​សម្រាប់​យើង​ឲ្យ​ធ្វើ​តាម—ដើម្បី​បង្ហាញ​ការ​គោរព​ដល់​មនុស្ស​ទាំងអស់ ហើយ​កុំ​ស្អប់​នរណា​ម្នាក់​ឡើយ ។

ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ចូរ​យើង​ត្រាប់​តាម​ឲ្យ​ពេញលេញ​នូវ​សេចក្តីស្រឡាញ់​ទ្រង់ ហើយ​ស្រឡាញ់​គ្នា​ដោយ​ឥត​លាក់លៀម និង​ទាំងស្រុង ប្រយោជន៍​កុំ​ឲ្យ​បុគ្គល​ណា​ម្នាក់​មាន​អារម្មណ៍​ថា​គាត់​ត្រូវបាន​គេ​បោះបង់​ចោល ឯកោ ឬ​អស់​សង្ឃឹម ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្នក​គង្វាល​ល្អ​របស់​យើង​ដែល​ស្រឡាញ់ និង​ថែទាំ​យើង ។ ទ្រង់​ស្គាល់​យើង ហើយ​ទ្រង់​បាន​ថ្វាយ​ព្រះជន្ម​សម្រាប់​ចៀម​ទ្រង់ ។ ទ្រង់​ក៏​មាន​ព្រះជន្ម​រស់​សម្រាប់​យើង ហើយ​មាន​ព្រះទ័យ​ឲ្យ​យើង​ស្គាល់​ទ្រង់ និង​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់ និង​គោរព​ទ្រង់ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដល់​ទ្រង់​យ៉ាង​ជ្រាលជ្រៅ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣៨ ។

  2. ប្រលោម​លោក Les Misérablesនិពន្ធ​ដោយ Victor Hugo ( ឆ្នាំ ១៨០២–៨៥) ប្រាប់​អំពី​រឿង​របស់ Jean Valjean ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តូច​មួយ ដោយ​បាន​លួច​នំបុ័ង​មួយ​ដុំ​ដើម្បី​ផ្តល់​អាហារ​ដល់​គ្រួសារ​ប្អូនស្រី​គាត់ ។ ដោយបាន​កាត់ទោស​ឲ្យ​ជាប់​​ពន្ធនាគារ ៥ ​ឆ្នាំ Valjean បាន​ចំណាយ​ពេល ១៩ ឆ្នាំ​​​ធ្វើ​ពលកម្ម​យ៉ាង​ខ្លាំងក្លា ដោយសារ​តែការព្យាយាម​រត់គេច​មិន​បាន​សម្រេច​ចំនួន​បួន​ដង ។ គាត់​បាន​ចេញ​ពី​គុក​ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ចិត្ត​រឹង​រូស និង​មាន​កំហឹង​ដ៏​ល្វីងជូរ​ចត់ ។

    ដោយសារ​តែ​កំណត់​ត្រា​បទឧក្រិដ្ឋ​របស់​គាត់ វ៉ាហ្សង់ ពុំ​អាច​ស្វែងរក​ការងារ អាហារ និង​ទីស្នាក់​អាស្រ័យ​បាន​ឡើយ ។ ដោយ​នឿយហត់ និង​បាក់​ទឹក​ចិត្ត ទីបំផុត​ប៊ីស្សព​នៅ​ទីក្រុង Digne បាន​ផ្តល់​ទីស្នាក់​អាស្រ័យ​ដល់​គាត់ ដែល​លោក​បាន​បង្ហាញ​ក្តីសប្បុរស និង​ការអាណិតមេត្តាដល់ វ៉ាហ្សង់ ។ ដោយ​បណ្តោយ​ខ្លួន​ទៅក្នុង​ភាពអស់​សង្ឃឹម នៅពេល​យប់ វ៉ាហ្សង់ បាន​លួច​យក​គ្រឿង​ប្រាក់​របស់​ប៊ីស្សព​នោះ ហើយ​រត់គេច​ខ្លួន​បាត់ ។

    វ៉ាហ្សង់ ត្រូវបានគេ​ចាប់ខ្លួន ហើយ​ត្រឡប់​មក​រក​ប៊ីស្សព​នោះ​វិញ ។ ដោយ​មិន​អាច​នឹង​បរិយាយ​បាន ហើយ​ផ្ទុយ​នឹង​ការរំពឹង​ទុក​របស់ វ៉ាហ្សង់ ប៊ីស្សព​នោះ​បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​ឲ្យ​គ្រឿង​ប្រាក់​ទៅ Valjean ​ហើយ​គាត់​ទទូច​ទាមទារ​ឲ្យ​វ៉ាហ្សង់​យក​ជើង​ចង្កៀង​ប្រាក់​ពីរ​ទៅ​ជាមួយ​ផងដែរ ។ ( សូមមើល Hugo Les Misérables [ឆ្នាំ ១៩៨៧ ] សៀវភៅ​ទី ២ ជំពូក​ទី ១០--១២ ) ។

  3. ( សូមមើល Hugo Les Misérables[ ឆ្នាំ ១៩៨៧ ] សៀវភៅ​ទី ១ ជំពូក​ទី ១០ ) ។

  4. អ្នកអត្ថធិប្បាយ​សួរថា Toutefois, la gale de la brebis doit-elle faire reculer le pasteur ? ( Hugo, Les Misérables[ឆ្នាំ​១៩៨៥]សៀវភៅ​ទី ១ ជំពូក​ទី ១០ ទំព័រ ៦៧ ) ។ Gale នៅក្នុងរោគសាស្ត្រ​ពេទ្យ​សត្វ ពាក្យ​នេះ​សំដៅ​លើ​ជំងឺ​ស្បែក​ផ្សេងៗ ដែល​បណ្តាល​មក​ពី​ចៃ​ជា​ពួកប៉ារ៉ាស៊ីត ហើយ​សម្គាល់​ដោយ​ការជ្រុះ​រោម និងការរបក​ស្បែក​មាន​ស្នាម​ធំៗ ( ភាសា​អង់គ្លេស​គេហៅ​ថា « mange » ) ។ ឃ្លា​នេះ​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ផ្សេងៗ ។

  5. ការកំប្លុកកំប្លែង​របស់​អ្នកអត្ថាធិប្បាយ​ដែល​ថ្លែង​អំពី​ពួក conventionist គឺ Mais quelle brebis ! ជួនកាល​ឃ្លា​នេះ​ត្រូវបាន​បកប្រែ​ថា « ឱ​ចៀម​អី​ក៏​ខ្មៅ​បែប​នេះ » ។

  6. គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣១ ។

  7. សូមមើល យ៉ូហាន ១០:១១, ១៤; អាលម៉ា ៥:៣៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤៤ ។

  8. អេសាយ ៤០:១១ ។

  9. អេសេគាល ៣៤:១៦ ។

  10. អេសាយ ១:៦ ។

  11. សូមមើល អេសាយ ១:១៨ ។

  12. សូមមើល លូកា ១៥:១–២ ។

  13. សូមមើល ម៉ាថាយ ១៨:១១ ។

  14. សូមមើល យ៉ូហាន ៨:៣–១១ ។

  15. ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៨:១១ ( នៅក្នុង យ៉ូហាន ៨:១១លេខ​យោង គ ) ។

  16. សូម​មើល ឌី.ថត គ្រីស្តូហ្វឺសិន «‌Abide in My LoveLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨ ។

  17. អាលម៉ា ១១:៣៤, ៣៧ ។

  18. សូមមើល ហេលេមិន ៥:១០–១១ ។

  19. សូម​មើល នីហ្វៃទី ៣ ២៧:១៤–១៥ ។

  20. នៅក្នុង​សម័យ​ទំនើប​នេះ ព្រះអង្គសង្គ្រោះ​បាន​បញ្ជាក់ដូច្នេះ ៖ « អ្វី​ក៏​ដោយ​ដែល​បំបាក់​ក្រឹត្យ​វិន័យ ហើយ​មិន​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ ប៉ុន្តែ​ស្វែងរក​ដើម្បី​ត្រឡប់​ទៅ​ជា​ក្រឹត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ហើយ​ព្រម​នៅ​ជាប់​ក្នុង​អំពើ​បាប ហើយ​នៅ​ជាប់​ជុំ​គ្នា​ក្នុង​អំពើ​បាប នោះ​ពុំ​អាច​ញែក​ចេញ​ជា​បរិសុទ្ធ​ដោយ​សារ​ក្រឹត្យ​វិន័យ​បាន​ឡើយ ឬ​ដោយ​សារ​សេចក្ដី​មេត្តាករុណា សេចក្ដី​យុត្តិធម៌ ឬ​សេចក្ដី​ជំនុំ​ជម្រះ​បាន​ដែរ ។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ភាព​ស្មោក​គ្រោក​ដដែល » (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៥) ។

  21. សូមមើល នីហ្វៃទី ២ ២:២៦–២៧ ។

  22. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧; ១៣២:១៩–២០, ២៤, ៥៥ ។

  23. សូមមើល រ៉ូម ៨:១៦–១៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៨ ។

  24. សូមមើល ម៉ាថាយ ២៣:១៣ ។

  25. លូកា ១៨:៩-១៤ ។

  26. អាលម៉ា ៤:៤, ៦, ៨ ។

  27. អាលម៉ា ១:២១ ។

  28. សូមមើល Oxford English Dictionary « bigotry » និង « intolerance » oed.com ។

  29. ម៉ាថាយ ៧:១២ ។

  30. មរ៉ូណៃ ៨:២៦ ។

  31. ពេត្រុសទី ១ ១:២២ ។

  32. សូម​មើល មាត្រានៃសេចក្តីជំនឿ ១:៣ ។

  33. សូម​មើល យ៉ូហាន ១០:១១–១៥ ។