ជូនចំពោះមិត្តភក្ដិ និងសាសនាគន់ការីរបស់សាសនាចក្រ
ប្រសិនបើបងប្អូនបង់ថ្លៃសម្រាប់វិវរណៈ បន្ទាបខ្លួន អានព្រះគម្ពីរ អធិស្ឋាន ហើយប្រែចិត្ត នោះស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
នៅរសៀលថ្ងៃសុក្រមួយ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៨៨ ក្នុងសាលាប្រជុំវួដវីសិនតេ ឡូប៉េស នៅរដ្ឋប៊ុយណូ អៃរ៉េស ប្រទេសអាហ្សង់ទីន ខ្ញុំបានជ្រមុជទឹកក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មានមិត្តដ៏ល្អម្នាក់ ឈ្មោះ អាលីន ស្ប៉ានណូសបានជ្រមុជទឹកខ្ញុំនៅថ្ងៃនោះ ហើយខ្ញុំមានចិត្តរីករាយ ស្រាលខ្លួន ហើយចង់រៀនបន្ថែមទៀត ។
នៅថ្ងៃនេះ ខ្ញុំចង់ចែកចាយមេរៀនមួយចំនួនដែលខ្ញុំបានរៀន លើដំណើរឆ្ពោះទៅកាន់ពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ—ជាមេរៀនដែលខ្ញុំសង្ឃឹមថា វាអាចជួយបងប្អូនកំពុងស្ដាប់ដែលពុំមែនជាសមាជិកសាសនាចក្រនេះនៅឡើយ ។ ខ្ញុំសូមអធិស្ឋានឲ្យដួងចិត្តបងប្អូនបានប៉ះពាល់ដោយព្រះវិញ្ញាណដូចជាខ្ញុំដែរ ។
ទីមួយ ការជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា
ហេតុអ្វីបុគ្គលម្នាក់ដែលគ្មានបញ្ហាប្រឈម តម្រូវការ ឬសំណួរដែលបង្ខិតបង្ខំអាចនឹងចាប់អារម្មណ៍ចង់ជួបអ្នកផ្សព្វផ្សាយសាសនា ហើយស្ដាប់មេរៀនរបស់ពួកគេ ? មែនហើយ ក្នុងករណីខ្ញុំ គឺដោយសារក្ដីស្រឡាញ់—ចំពោះនារីម្នាក់ឈ្មោះថា រីនេ ។ ខ្ញុំចាប់ចិត្តស្រឡាញ់នាង ហើយខ្ញុំចង់រៀបការនឹងនាង ។ នាងមានភាពខុសប្លែក ហើយមានបទដ្ឋានខុសពីនារីភាគច្រើនដែលខ្ញុំស្គាល់ ។ ប៉ុន្តែចាប់ចិត្តនឹងគាត់ ហើយបានសុំនាងឲ្យរៀបការនឹងខ្ញុំ—ហើយនាងនិយាយថាទេ !
ចិត្តខ្ញុំច្របូកច្របល់ ។ ខ្ញុំបានគិតថា ខ្ញុំមានរូបរាងល្អប៉ុណ្ណឹងដែរ ! ទាំងសង្ហា មានវ័យ ២៤ ឆ្នាំ រៀនចប់ពីសាកលវិទ្យាល័យ ហើយមានការងារល្អ ទៀត ។ នាងប្រាប់ពីគោលដៅនាង—អំពីការរៀបការជាមួយតែបុរសដែលអាចនាំនាងទៅព្រះវិហារបរិសុទ្ធ អំពីការមានគ្រួសារដ៏អស់កល្ប—ហើយនាងបានបដិសេធសំណើខ្ញុំ ។ ខ្ញុំចង់បន្តទំនាក់ទំនងនោះ ដូច្នេះខ្ញុំព្រមរៀននឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ តើនេះជាហេតុផលល្អមួយដើម្បីជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែទេ ? វាជាហេតុផលសម្រាប់ខ្ញុំ ។
កាលខ្ញុំជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាដំបូង ខ្ញុំមិនយល់ដឹងច្រើនអំពីអ្វីដែលពួកគេនិយាយឡើយ ហើយប្រាប់ឲ្យត្រង់ចុះ ខ្ញុំមិនសូវយកចិត្តទុកដាក់នឹងពួកគេទេ ។ ខ្ញុំមិនចាប់អារម្មណ៍នឹងសាសនាថ្មីឡើយ ។ ខ្ញុំចង់បង្ហាញថាពួកគេខុស ហើយមានពេលបញ្ចុះបញ្ចូលរីនេឲ្យព្រមរៀបការនឹងខ្ញុំតែប៉ុណ្ណោះ ។
សព្វថ្ងៃនេះ កូនៗខ្ញុំធ្លាប់បម្រើ និងកំពុងបម្រើបេសកកម្ម ហើយខ្ញុំដឹងពីពលិកម្មដែលយុវជន និងយុវនារីទាំងនេះបានធ្វើដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ឥឡូវ ខ្ញុំប៉ងប្រាថ្នាថាខ្ញុំអាចផ្ដោតអារម្មណ៍បានច្រើនចំពោះអែលឌើរ រីឆាដ អែលឌើរ ហ្វារ៉េល និងអែលឌើរ ហាយលែន ជាពួកអ្នកផ្សព្វផ្សាយសាសនាដ៏ឆ្នើមដែលបានបង្រៀនខ្ញុំ ។
ដូច្នេះ នៅក្នុងមេរៀនទីមួយរបស់ខ្ញុំខ្ញុំសូមនិយាយទៅកាន់បងប្អូនដែលជាមិត្តភក្ដិ និងសាសនាគន់ការីរបស់សាសនាចក្រ កាលបងប្អូនជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា សូមស្ដាប់ពួកគេដោយយកចិត្តទុកដាក់ ពួកគេកំពុងលះបង់ពេលដ៏សំខាន់ក្នុងជីវិតពួកគេសម្រាប់តែបងប្អូនប៉ុណ្ណោះ ។
ទីពីរ ការទៅព្រះវិហារ
គ្រាដំបូងដែលខ្ញុំទៅចូលរួមការប្រជុំសាសនា ខ្ញុំស្ដាប់ឮពាក្យជាច្រើនដែលខ្ញុំពុំយល់សោះ ។ តើក្រុមប៊ីហៃជានរណា ? តើបព្វជិតភាពអើរ៉ុន ថ្នាក់សមាគមសង្គ្រោះជាអ្វី ?
បើនេះជាគ្រាដំបូងដែលបងប្អូនចូលរួមការប្រជុំសាសនាចក្រ ហើយមានអារម្មណ៍ច្របូកច្របល់ដោយអ្វីមួយដែលបងប្អូនមិនយល់ សូមកុំបារម្ភ ! ខ្ញុំក៏មិនយល់ដូចគ្នាដែរ ។ ប៉ុន្តែខ្ញុំនៅចាំពីអារម្មណ៍ ជាអារម្មណ៍ថ្មីនៃភាពសុខសាន្ត និងអំណរដែលខ្ញុំបានមាន ។ នៅពេលនោះខ្ញុំមិនដឹងទេ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធកំពុងខ្សឹបដាក់ត្រចៀកខ្ញុំ និងចិត្តខ្ញុំថា « រឿងនេះត្រឹមត្រូវ » ។
ដូច្នេះ ខ្ញុំចង់សង្ខេបមេរៀននេះ ជាប្រយោគតែមួយថា បើបងប្អូនមានចិត្តច្របូកច្របល់ សូមកុំបារម្ភ—សូមចងចាំពីអារម្មណ៍ដែលបងប្អូនមាន វាមកពីព្រះ ។
ទីបី ការអានព្រះគម្ពីរមរមន
បន្ទាប់ពីជួបពួកអ្នកផ្សព្វផ្សាយសាសនាពីរបីដង ខ្ញុំមិនសូវរីកចម្រើនទៅមុខប៉ុន្មានទេ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនបានទទួលចម្លើយបញ្ជាក់ពីសេចក្ដីពិតពេញលេញនៃដំណឹងល្អសោះ ។
មានថ្ងៃមួយ រីនេ បានសួរខ្ញុំថា « តើលោកអានព្រះគម្ពីរមរមនទេ ? »
ខ្ញុំបានតបថា « ទេ » ។ ខ្ញុំបានស្ដាប់ដល់ពួកអ្នកផ្សព្វផ្សាយសាសនាហើយ—តើវាពុំគ្រប់គ្រាន់ទេឬ ?
រីនេ បានបញ្ជាក់ប្រាប់ខ្ញុំទាំងទឹកភ្នែកថា នាងដឹងថាព្រះគម្ពីរមរមនពិត ហើយបានពន្យល់ថា បើខ្ញុំចង់ដឹងថាវាពិត គឺមានវិធីតែមួយគត់—គឺ—ត្រូវអានវា ! រួចហើយទូលសួរ ។
សូមអាន ពិចារណានៅក្នុងចិត្តលោក ហើយ « សូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច ដោយនូវព្រះនាមនៃព្រះគ្រីស្ទ … សូមសួរដោយចិត្តស្មោះសរគឺ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៤ ) បើព្រគម្ពីរមរមនពិត បើនេះជាសាសនាចក្រពិត ។
ដូច្នេះប្រយោគមួយសង្ខេបចេញពីមេរៀនទីបីគឺ ៖ ពេលបងប្អូនទទួលរឿងទាំងនេះ—ព្រះគម្ពីរមរមន—ហើយបងប្អូនត្រូវបានដាស់តឿនឲ្យអាន ហើយសួរព្រះ បើវាពិត សូមធ្វើវា !
ចុងក្រោយ ការប្រែចិត្ត
បទពិសោធន៍ចុងក្រោយដែលខ្ញុំចង់ចែកចាយគឺអំពីការប្រែចិត្ត ។ បន្ទាប់ពីខ្ញុំបានបញ្ចប់មេរៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ខ្ញុំនៅតែមិនជឿថា ខ្ញុំត្រូវផ្លាស់ប្ដូរអ្វីមួយក្នុងជីវិតខ្ញុំឡើយ ។ មានថ្ងៃមួយអែលឌើរ ខាត់ឡឺ ជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ដែលមានទំនុកចិត្ត ដោយចេះភាសាអេស្ប៉ាញបន្តិចបន្តួចបាននិយាយថា « ចូឃ្វីន ចូរយើងអាន អាលម៉ា ៤២ រួមគ្នា ហើយយើងនឹងដាក់ឈ្មោះលោកនៅក្នុងនោះ ពេលយើងអាន » ។
ខ្ញុំបានគិតថា វាជាជារឿងគួរឲ្យអស់សំណើច ប៉ុន្តែខ្ញុំបានធ្វើដូចអែលឌើរ ខាត់ឡឺ ហើយអានក្នុង ទី ១ ៖ « ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុក [ ចូឃ្វីន ] អើយ ឪពុកយល់ឃើញថា នៅមានការខ្លះទៀត ដែលធ្វើឲ្យកូនកង្វល់ក្នុងគំនិត ដែលកូនពុំអាចយល់ » ។ អូ៎ ! ព្រះគម្ពីរនេះកំពុងនិយាយមកកាន់ខ្ញុំ ។
ហើយយើងអានក្នុង ខទី ២ ៖ « ឥឡូវនេះ មើលចុះ [ ចូឃ្វីន ] កូនប្រុសរបស់ឪពុកអើយ ឪពុកនឹងពន្យល់រឿងនេះប្រាប់ដល់កូន » ហើយក្រោយមកការធ្លាក់របស់អ័ដាមត្រូវបានរៀបរាប់ ។
រួចហើយនៅក្នុង ខទី ៤ ៖ « ម្ល៉ោះហើយ យើងឃើញថា មានពេលមួយដែលទុកសម្រាប់ឲ្យ [ ចូឃ្វីន ] ប្រែចិត្ត » ។
យើងបានបន្តអានយឺតៗ មួយខម្ដងៗ រហូតយើងអានដល់ខបីចុងក្រោយ ។ ពេលនោះខ្ញុំបានគ្របដណ្ដប់ដោយអានុភាពដ៏អស្ចារ្យមួយ ។ ព្រះគម្ពីរនោះបាននិយាយមកកាន់ខ្ញុំដោយផ្ទាល់ ហើយខ្ញុំបានចាប់ផ្ដើមយំ កាលខ្ញុំអាន « ហើយឥឡូវនេះ [ ចូឃ្វីន ] កូនប្រុសរបស់ឪពុកអើយ ឪពុកពុំមានបំណងចង់ឲ្យរឿងទាំងនេះ ធ្វើឲ្យកូនកង្វល់ចិត្តតទៅទៀតទេ ហើយទុកឲ្យតែអំពើបាបរបស់កូនបារម្ភដល់កូនតែប៉ុណ្ណោះបានហើយ គឺការបារម្ភនេះហើយ ដែលអាច … ឲ្យកូនប្រែចិត្ត » ( ខទី ២៩) ។
ឥឡូវនេះ ខ្ញុំបានដឹងថា ខ្ញុំចង់ទទួលបានវិវរណៈដោយគ្មានការលះបង់នោះឡើយ ។ រហូតដល់ពេលនោះខ្ញុំពុំធ្លាប់សន្ទនានឹងព្រះឡើយ ហើយគំនិតនៃការនិយាយនឹងមនុស្សម្នាក់ដែលមើលមិនឃើញវាហាក់ដូចជារឿងដ៏ចម្លែកមួយ ។ ខ្ញុំបានមានចិត្តរាបសា ហើយធ្វើអ្វីដែលខ្ញុំត្រូវបានសុំឲ្យធ្វើ ទោះក្នុងគំនិតខ្ញុំគិតថាវាជារឿងគួរឲ្យអស់សំណើចក្ដី ។
នៅថ្ងៃនោះ ខ្ញុំបានបើកដួងចិត្តទៅរកព្រះវិញ្ញាណ បានមានបំណងប្រែចិត្ត ហើយចង់ជ្រមុជទឹក ។ ពីមុនគ្រានោះ ខ្ញុំបានគិតថា ការប្រែចិត្តជារឿងអវិជ្ជមានទាក់ទងតែនឹងអំពើបាប ឬ និងកំហុស ប៉ុន្តែរំពេចនោះ ខ្ញុំបានមើលវាក្នុងពន្លឺមួយថ្មី—ជារឿងវិជ្ជមានដែលត្រួសត្រាយផ្លូវទៅរកការរីកចម្រើន និងសុភមង្គល ។
ថ្ងៃនេះអែលឌើរ ខាត់ឡឺ បាននៅទីនេះ ហើយខ្ញុំចង់អរគុណគាត់សម្រាប់ការធ្វើឲ្យភ្នែកខ្ញុំបានភ្លឺ ។ ចាប់ពីពេលនោះមក ការសម្រេចចិត្តរាល់ថ្ងៃដែលខ្ញុំបានធ្វើក្នុងជីវិតខ្ញុំ ត្រូវបានរងឥទ្ធិពលក្នុងគ្រានោះកាលខ្ញុំបានរាបសា ហើយបានអធិស្ឋានសូមការអភ័យទោស និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់រូបខ្ញុំបានក្លាយជាផ្នែកមួយនៃជីវិតខ្ញុំ ។
ដូច្នេះ ប្រយោគសម្រាប់មេរៀនចុងក្រោយ ៖ សូមដកពិសោធន៍ការប្រែចិត្ត គ្មានអ្វីដែលនាំបងប្អូនឲ្យខិតទៅជិតព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ជាងបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូរឡើយ ។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ បើបងប្អូនកំពុងស្ដាប់នៅថ្ងៃនេះ បងប្អូនជិតទទួលបានអំណរដ៏ធំបំផុតហើយ ។ បងប្អូនជិតទទួលបានហើយ !
ខ្ញុំសូមអញ្ជើញបងប្អូន ដោយអស់ពីដួងចិត្ត និងព្រលឹងខ្ញុំ សូមទៅទទួលបុណ្យជ្រមុជទឹក ! វាជារឿងល្អបំផុតដែលបងប្អូនពុំធ្លាប់ធ្វើពីមុនមក ។ វានឹងពុំគ្រាន់តែផ្លាស់ប្ដូរជីវិតបងប្អូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្លាស់ប្ដូរជីវិតកូនចៅរបស់បងប្អូនដែរ ។
ព្រះអម្ចាស់បានប្រទានគ្រួសារឲ្យខ្ញុំ ។ ខ្ញុំបានរៀបការនឹងរីនេ ហើយយើងមានកូនបួននាក់ដ៏ស្រស់ស្អាត ។ ហើយដោយសារពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ដូចគ្នានឹងព្យាការីលីហៃកាលពីបុរាណដែរ ខ្ញុំអាចអញ្ជើញពួកគេឲ្យទទួលទានផ្លែនៃដើមឈើជីវិត ដែលជាសេចក្ដីស្រឡាញ់នៃព្រះ ( សូមមើល នីហ្វៃទី ១ ៨:១៥; ១១:២៥ ) ។ ខ្ញុំអាចជួយពួកគេឲ្យមករកព្រះគ្រីស្ទ ។
ដូច្នេះសូមពិចារណាពីបទពិសោធន៍របស់ខ្ញុំ ហើយ (១) សូមស្ដាប់ពួកអ្នកផ្សព្វផ្សាយសាសនាដោយយកចិត្តទុកដាក់ (២) ទៅព្រះវិហារ ហើយចងចាំអំពីអារម្មណ៍ខាងវិញ្ញាណ (៣) អានព្រះគម្ពីរមរមន ហើយទូលសួរព្រះអម្ចាស់ បើវាពិត និង(៤) ដកពិសោធន៍ការប្រែចិត្ត និងទទួលបុណ្យជ្រមុជទឹក ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា បើបងប្អូនលះបង់ដើម្បីទទួលបានវិវរណៈ មានចិត្តរាបសា អាន អធិស្ឋាន ហើយប្រែចិត្ត ស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងដឹង ដូចជាខ្ញុំថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ថាទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ និងរបស់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។