ឆ្នាំ ២០១០-២០១៩
នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច
ខែ មេសា ឆ្នាំ ២០១៧


11:52

នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះ​ស្គាល់​ប្អូនៗ ហើយ​អញ្ជើញ​ប្អូនៗ​ឲ្យ​ស្គាល់​ទ្រង់ ។

ខ្ញុំ​សូម​និយាយ​ទៅ​កាន់ប្អូនៗ ជា​ជំនាន់​ដែល​កំពុង​ពេញ​វ័យ—យុវវ័យ និង យុវមជ្ឈិមវ័យ ទាំង​នៅលីវ ឬ​រៀបការហើយ—ប្អូនៗ​គឺ​ជា​អនាគត​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នេះ ។ ជា​មួយ​នឹង​អស់​ទាំង​អំពើ​ទុច្ចរិត ភាពវឹកវរ សេចក្តីភ័យខ្លាច និង​ការភាន់ច្រឡំ​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​ប្អូនៗ​ដោយ​ភាព​ច្បាស់​លាស់​អំពី​ព្រះចេស្តា និង​ពរជ័យ​នៃ​ការស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​សេចក្តីពិត​ជាច្រើន​ដែល​ពន្យល់​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា និង​តួនាទី​របស់​ប្អូនៗ​នៅក្នុង​ផែនការ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។ ខ្ញុំ​នឹង​ផ្តោត​ទៅលើសេចក្តីពិត​ពីរ​ដែល​ជួយ​ប្អូនៗ​ឲ្យ​យល់​អំពី​អត្ត​សញ្ញាណរបស់​ខ្លួន​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ហើយ​ដឹង​អំពី​គោលបំណង​របស់​ប្អូនៗ​នៅក្នុង​ជីវិត​នេះ ។

ទីមួយ ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។

ទីពីរ ៖ « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។

សូម​ចាំសេចក្តីពិត​ទាំង​នេះ​ទុក​ក្នុង​ចិត្ត—សេចក្តីពិត​ទាំង​នេះ​បង្រៀន​អំពី​មូលហេតុ—ដែល​ខ្ញុំព្យាយាម​ពិពណ៌នា​អំពី​របៀប​ដែល​ប្អូនៗ និង​យើង​ទាំងអស់​គ្នា​អាច​ស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។

ស្គាល់​ទ្រង់​តាមរយៈ​ការអធិស្ឋាន

មិត្ត​យុវវ័យ​របស់​ខ្ញុំ​អើយ យើង​អាច​ចាប់ផ្តើម​ស្គាល់​ព្រះ​តាមរយៈ​ការអធិស្ឋាន ។

នៅ​ថ្ងៃ​ទី ៧ ខែ មេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី ដែល​មាន​អាយុ ២២ ឆ្នាំ បាន​ចាប់ផ្តើម​កិច្ចការ​របស់​លោក​ក្នុងនាម​ជា​អ្នក​ចម្លង​អក្សរ​ឲ្យ​យ៉ូសែប ស្ម៊ីធ ដែល​អាយុ ២៣​ឆ្នាំ ។ ពួកលោក​នៅ​ក្មេង—ដូច​ជា​ប្អូនៗ ។ អូលីវើរ បាន​សួររក​ការបញ្ជាក់​ពី​ព្រះ​ទាក់ទង​នឹង​ការស្តារឡើង​វិញ និង​កិច្ចការ​របស់​លោក​នៅក្នុង​រឿង​នោះ ។ នៅក្នុង​ការឆ្លើយតប​នោះ លោក​បាន​ទទួល​វិវរណៈ​ដូចតទៅ​នេះ ៖

« មើល​ចុះ អ្នក​ដឹ​ង​ហើយ​ថា អ្នក​បាន​សុំ​ពី​យើង ហើយ​យើង​បាន​បំភ្លឺ​គំនិត​របស់​អ្នក ។…

មែន​ហើយ យើង​ប្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​ថា គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ព្រះ​ដែល​ជ្រាប​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ​ទេ ។…

…បើសិន​ជា​អ្នក​មាន​បំណងចង់​បាន​សាក្សី​ថែម​ទៀត ចូរ​ដាក់​គំនិត​ទៅលើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួងចិត្ត​របស់​អ្នក ។…

តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​គំនិត​របស់​អ្នក​ទេ​ឬ​អី… ? តើ​អ្នក​អាច​មានសាក្សី​ឯ​ណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? »

ពេល​ប្អូនៗ​អធិស្ឋាន​ដោយ​សេចក្តីជំនឿ នោះ​ប្អូនៗ​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ កាល​ព្រះវិញ្ញាណ​ទ្រង់​មាន​បន្ទូល​មក​កាន់​ព្រលឹង​របស់​ប្អូនៗ ។ មិន​ថា​អ្នក​មាន​ភាពឯកោ ឬ​អ្នក​មាន​អារម្មណ៍​ពុំ​ប្រាកដប្រជា​នៅគ្រា​ណាៗ​នោះ​ឡើយ អ្នក​ពុំ​នៅ​ឯកោ​ឡើយ​នៅក្នុង​ពិភពលោក​នេះ ។ ព្រះស្គាល់​ប្អូនៗ​ច្បាស់ ។ នៅពេល​យើង​អធិស្ឋាន យើងនឹង​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ ។

ស្គាល់​ទ្រង់​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ

ពេល​ប្អូន​សិក្សា​ព្រះគម្ពីរ ប្អូន​ពុំ​គ្រាន់តែ​រៀន​អំពី ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ​ទេ ប្អូនៗ​ថែម​ទាំង​ស្គាល់ ព្រះអង្គសង្គ្រោះ​កាន់​តែ​ច្បាស់​ឡើង ។

ក្នុង​ខែ​មេសា ឆ្នាំ ១៩៨៥ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​មាន​ប្រសាសន៍​ក្នុងសន្និសីទ​ទូទៅ—គឺ​តែ ១៣ ថ្ងៃ​ប៉ុណ្ណោះ​ពីមុន​លោក​ទទួល​មរណភាព ។ សូម​បញ្ចប់​ដោយ​ទីបន្ទាល់​នេះ​ ៖

« ខ្ញុំ​គឺ​ជា​សាក្សី​ម្នាក់​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃខាង​មុខ​ខ្ញុំ​នឹង​បាន​ស្ទាប​ស្នាម​ដែកគោល​នៅ​លើ​ព្រះហស្ត និង​ព្រះបាទា​របស់​ទ្រង់ ហើយ​នឹង​ជូត​ព្រះបាទា​របស់​ទ្រង់ ជាមួយ​នឹងទឹក​ភ្នែក​របស់​ខ្ញុំ ។

ប៉ុន្តែ​នៅ​ពេល​នោះខ្ញុំ​មិន​ដឹងនូវ​អ្វី​ដែល​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ ដឹងនៅ​ពេល​នេះ​ឡើយ ថា​ទ្រង់​គឺ​ជា​ព្រះរាជ​បុត្រា​ដ៏​មាន​មហិទ្ធិឫទ្ធិ​របស់​ព្រះ ថា​ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ហើយ​ថា​សេចក្ដីសង្គ្រោះ​កើត​ឡើង​តាមរយៈ​ព្រះ​លោហិត​របស់​ទ្រង់​ដែល​ធ្វើ​ឲ្យ​ធួន ហើយ​វា​ពុំ​កើត​មាន​ឡើង​តាម​វិធី​ផ្សេង​ទៀត​ឡើយ » ។

យើង​ទាំងអស់​គ្នា​ដែល​ឮ​អែលឌើរ ម៉ាក់ខន់ឃី ថ្លែង​នៅ​ថ្ងៃ​នោះ ពុំ​ភ្លេច​នូវ​អារម្មណ៍​ដែល​យើង​បាន​ទទួល​ឡើយ ។ ពេល​លោក​ចាប់ផ្តើមថ្លែង​សុន្ទរកថា​របស់​លោក លោក​បាន​បើក​សម្តែង​ពី​មូលហេតុ​ដែល​ទីបន្ទាល់​របស់​លោក​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា ។ លោក​មាន​ប្រសាសន៍​ដូច្នេះ ៖

« ពេល​និយាយ​អំពី​រឿង​ដ៏​អស្ចារ្យ​ទាំង​នេះ ខ្ញុំ​គួរតែ​ប្រើ​ប្រាស់​ពាក្យ​របស់​ខ្ញុំ ទោះ​បី​ជា​អ្នក​អាច​គិត​ថា ពាក្យ​ទាំង​នេះ​គឺ​ជា​បទគម្ពីរ​ក្តី ។…

ប្រាកដ​ណាស់​ពីមុន​វា​បាន​ប្រកាស​ដោយ​អ្នកដទៃ ប៉ុន្តែ ឥឡូវ​នេះ​វា​គឺ​ជា​សម្តី​របស់​ខ្ញុំ ដ្បិត​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត ហើយ​ឥឡូវ​នេះដូច​ព្រះ​អម្ចាស់​បាន​បើក​សម្តែង​​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំកាល​ពី​ដំបូង​ ។ ខ្ញុំ​បាន​​ឮ​ព្រះសូរសៀង​ទ្រង់ ហើយ​ស្គាល់​ព្រះបន្ទូល​ទ្រង់ » ។

នៅពេល​អ្នក​សិក្សា និងពិចារណា​បទគម្ពីរ​ អ្នក​​នឹង​ឮ​ព្រះសូរសៀង​របស់​ព្រះ ស្គាល់​ព្រះបន្ទូល​ទ្រង់ ហើយ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់​ផងដែរ ។ ព្រះ​នឹង​បើក​សម្តែង​សេចក្តីពិត​អស់កល្ប​ជានិច្ច​របស់​ទ្រង់ដល់​អ្នក​ផ្ទាល់ ។ គោលលទ្ធិ និង​គោលការណ៍​ទាំងនេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​របស់​អ្នក ហើយ​បង្ហាញ​ចេញ​មក​នូវ​បុគ្គលិក​លក្ខណៈ​នៃ​ខ្លួន​អ្នក​តែ​ម្តង ។

ក្រៅ​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន នោះ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​គឺ​មាន​សារៈសំខាន់​ណាស់ ។

នៅក្នុង​ផ្ទះ​របស់​យើង យើង​ចង់​ឲ្យ​កូនៗ​យើង​រៀន​ស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ ។ យើង​ជឿ​ថា​ការណ៍​នោះ​កើត​មាន​ឡើង នៅពេល​យើង​បាន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ​ជា​គ្រួសារ ។ ទីបន្ទាល់​របស់​យើង​ត្រូវបាន​ពង្រឹង​ឡើង នៅពេល​យើង​និយាយ​អំពី​សេចក្តីពិត​ដ៏ពិសិដ្ឋ​ទាំងនោះ ។

ការសិក្សា​ព្រះគម្ពីរ​ក្លាយ​ជា​ប៉ុស្តិ៍​មួយ​សម្រាប់​ព្រះវិញ្ញាណ ប្រទាន​មេរៀន​ដែល​ប្រែចិត្ត​ជឿ​ដល់​យើង​ម្នាក់ៗ ។ ពេល​អ្នក​សិក្សាព្រះគម្ពីរ​រាល់​ថ្ងៃ ដោយ​ផ្ទាល់​ខ្លួន និង​ជាមួយ​គ្រួសារ​អ្នក នោះ​អ្នក​នឹង​រៀន​ទទួលស្គាល់​​សំឡេងនៃ​ព្រះវិញ្ញាណ ហើយ​នឹង​ស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។

ស្គាល់​ទ្រង់​តាមរយៈ​ការធ្វើ​តាម​ព្រះទ័យ​ទ្រង់

ក្រៅ​ពី​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​របស់​យើង នោះ​យើង​ត្រូវតែ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។

ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ។ ទ្រង់​មាន​បន្ទូល​ថា « ពីព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក​មិនមែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ​ដែល​ទ្រង់​ចាត់ឲ្យ​ខ្ញុំ​មក » ។

ពេល​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ទ្រង់​មាន​បន្ទូល​ថា « មើល​ចុះ យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ហើយ​យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះ​វរបិតា​បាន​ប្រគល់​ដល់​យើង ហើយ​បាន​តម្កើង​ព្រះ​វរបិតា​ដោយ​បាន​ទទួល​មក​ដាក់​លើ​ខ្លួន​នូវ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ ​នៃ​ព្រះ​វរបិតា ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក » ។

ប្អូនៗ និង​ខ្ញុំ​​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​តាមរយៈ​ការគោរព​សេចក្តីសញ្ញា​របស់​យើង រក្សា​ព្រះបញ្ញត្តិ និង​បម្រើ​ព្រះ ព្រមទាំង​បងប្អូន​របស់​យើង ។

ភរិយា​ខ្ញុំ រ៉ុនដា និង​ខ្ញុំ​មាន​ឪពុក​ម្តាយ​ដែល​ជា​មនុស្ស​សាមញ្ញ—ប្រហែល​ជា​ពួកគេ​គឺ​ដូច​ឪពុក​ម្តាយ​របស់​ប្អូនៗ​ដែរ ។ ប៉ុន្តែ​អ្វី​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​អំពី​ឪពុក​ម្តាយ​របស់​យើង​នោះ​គឺ​ថា ពួកគាត់​បាន​បូជា​អាយុ​ជីវិត​ខ្លួន ដើម្បី​បម្រើ​ព្រះ ហើយ​ពួកគាត់​បាន​បង្រៀន​យើង​ឲ្យ​ធ្វើការណ៍​ដូច​នេះ​ផងដែរ ។

ពេល​ឪពុក​ម្តាយ​របស់ រ៉ុនដា ទើបតែ​រៀបការ​បាន​ពីរ​បី​ឆ្នាំ ឪពុក​របស់​គាត់​ដែល​មាន​អាយុ ២៣​ឆ្នាំ​ត្រូវបាន​ហៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ គាត់​បាន​ទុក​ភរិយា និង​កូនស្រី​អាយុ ២​ឆ្នាំ​របស់​ពួកគេ​មួយ​អន្លើរ​សិន ។ ក្រោយ​មក​ភរិយា​គាត់​ត្រូវបាន​ហៅ​បម្រើ​ជាមួយ​គាត់ អំឡុង​ពេល​ប្រាំពីរ​ខែ​ចុងក្រោយ​នៃ​បេសកកម្ម​របស់​គាត់—ដោយ​ទុក​ឲ្យ​សាច់​ញាតិ​របស់​ពួកគេ​មើលថែ​កូនស្រី​​នោះ ។

ពីរបី​ឆ្នាំ​ក្រោយ​មក ពួកគាត់​មាន​កូន​បួន​នាក់ ហើយ​បាន​ប្តូរ​ទៅ​នៅ​ទីក្រុង មីសូឡា រដ្ឋ ម៉នថាណា ដូច្នេះ​ឪពុក​របស់​ភរិយា​ខ្ញុំ​អាច​ចូល​រៀន​សាកលវិទ្យាល័យ ។ ប៉ុន្តែ​ពួកគាត់​បាន​នៅ​ទី​នោះ​បាន​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ ពេល​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល និង​អែលឌើរ ម៉ាក អ៊ី ភីធើរសិន ផ្តល់​ការហៅ​បម្រើ​ដល់​ឪពុក​ក្មេក​ខ្ញុំ ឲ្យ​បម្រើ​ជា​ប្រធាន​ស្តេក​ដំបូង​គេ​នៅ​ស្តេក​មីសូឡា​ដែល​ទើប​តែ​បង្កើត​ថ្មីនោះ ។ គាត់​មាន​អាយុ​ត្រឹមតែ ៣៤ ឆ្នាំ​ប៉ុណ្ណោះ ។ គំនិត​ដែល​ត្រូវ​រៀន​នៅ​សាកលវិទ្យាល័យ​ត្រូវ​ទុក​មួយ​អន្លើរ​សិន ពេល​គាត់​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់—ពុំ​មែន​តាម​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់​ឡើយ ។

ឪពុក​ម្ដាយ​ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាង ៣០ ឆ្នាំ—ឪពុក​ខ្ញុំ​ជា​អ្នក​ធ្វើ​ពិធី​ផ្សារភ្ជាប់ ម្តាយ​ខ្ញុំ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ ។ ពួកគាត់​ក៏​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ជាមួយ​គ្នា​ប្រាំ​ដង​នៅ រីវើរសាយ កាលីហ្វូញ៉ា, អ៊ូឡង់បាទ័រ, ម៉ុងហ្គោលី, ណៃរ៉ូប៊ី, កេនយ៉ា, ព្រះវិហារ​បរិសុទ្ធ អិលលីណោយ ណៅវូ និង​ព្រះវិហារបរិសុទ្ធ​ម៉ុនទើរ៉េ ម៉ិកស៊ីកូ ផងដែរ ។ នៅ​ប្រទេស​ម៉ិកស៊ិក ពួកគាត់​ខិតខំ​រៀន​ភាសា​ថ្មី ដែល​វា​ពុំ​ងាយ​ស្រួល​សម្រាប់​មនុស្ស​វ័យ ៨០​ឆ្នាំ​នោះ​ឡើយ ។ ប៉ុន្តែ​ពួកគាត់​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ជាជាង​ធ្វើតាម​បំណង​ចិត្ត​ផ្ទាល់​ខ្លួន​ពួកគាត់​ក្នុង​ជីវិត​នេះ ។

ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់​ដែល​មាន​ការលះបង់​បែប​នេះនៅ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​ថ្លែង​ពាក្យ​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ព្យាការី​នីហ្វៃ ជា​កូន​របស់​ហេលេមិន​ដូច្នេះ ៖ « អ្នក​មាន​ពរ​ហើយ … ព្រោះ​ការណ៍​ទាំង​ឡាយ​ដែល​អ្នក​បាន​ធ្វើ​នោះ … ដោយ​គ្មាន​នឿយហត់ … [ ដ្បិត​អ្នក ] ពុំ​បា​នរក​ជីវិត​របស់​អ្នក​ផ្ទាល់ ប៉ុន្តែ​បាន​ស្វែងរក​បំណង​របស់​យើង​វិញ ហើយ​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង » ។

នៅពេល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​ដោយ​បម្រើ​ទ្រង់ និង​បងប្អូន​យើងដោយ​ស្មោះត្រង់ នោះ​យើង​ទទួល​អារម្មណ៍​នៃ​ការអនុម័តពី​ទ្រង់ ហើយប្រាកដ​ជា​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់ ។

ស្គាល់​ទ្រង់​តាមរយៈ​ការប្រែក្លាយ​ដូច​ជា​ទ្រង់

ព្រះអង្គ​សង្គ្រោះ​ប្រាប់​យើង​ថា របៀប​ល្អ បំផុត​ដើម្បី​ស្គាល់​ព្រះ​គឺ​ត្រូវ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ថា « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ។

ភាពសក្តិសម​គឺ​ជា​កត្តា​ចាំបាច់​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​ត្រាស់​បញ្ជា​ថា « ចូរញែក​ខ្លួន​ជា​បរិសុទ្ធ មែន​ហើយ ចូរ​ជំម្រះ​ចិត្ត​របស់​អ្នក​ឲ្យ​បាន​បរិសុទ្ធ ហើយ​លាង​ដៃ​របស់​អ្នក…ប្រយោជន៍​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​បាន​ជ្រះ​ស្អាត » ។ ការចាប់ផ្តើម​ដើរ​លើ​ផ្លូវ​ដើម្បី​ប្រែដូច​ជា​ទ្រង់ នោះ​យើង​ប្រែចិត្ត និង​ទទួល​ការអភ័យ​ទោស​ពី​ទ្រង់ ហើយ​ទ្រង់​លាង​ជម្រះ​ព្រលឹង​របស់​យើង ។

ដើម្បី​ជួយ​យើងពេល​យើង​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ព្រះវរបិតា ព្រះអម្ចាស់​បាន​ប្រទាន​ការសន្យា​ដូច្នេះ ៖ « មនុស្ស​គ្រប់រូប​ដែល​លះបង់​ចោល​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន ហើយ​មករក​យើង ហើយ​អំពាវនាវ​ដល់​ព្រះនាម​របស់​យើង ហើយ​គោរពតាម​សំឡេង​របស់​យើង ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះនឹង​បាន​ឃើញ​ព្រះភក្រ្ត​របស់​យើង ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ » ។

តាមរយៈ​សេចក្តីជំនឿ​លើ​ពលិកម្មធួន​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​លាង​ជម្រះ​យើង ព្យាបាល​យើង ហើយ​អាច​ឲ្យ​យើងស្គាល់​ទ្រង់​ដោយ​ជួយ​យើង​ឲ្យ​ប្រែក្លាយ ដូចជា ទ្រង់ ។ មរមន​បាន​បង្រៀន​ថា « ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​បុត្រា [ និង​បុត្រី ] ​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ » ។ ពេល​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះ នោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​យើងប្រែ​កាន់តែ​ប្រសើរ​ឡើង ជាង​យើង​ប្រែក្លាយដោយ​ខ្លួន​ឯង​ទៅ​ទៀត ។

ស្គាល់​ទ្រង់​តាមរយៈ​ការធ្វើ​តាម​អ្នក​ប្រឹក្សា

ដើម្បី​ជួយ​យើង​ក្នុង​ការព្យាយាម​នេះ ព្រះ​បាន​ប្រទាន​គំរូ និង​អ្នក​ប្រឹក្សា​ដល់​យើង ។ ខ្ញុំ​ចង់​ចែកចាយ​អារម្មណ៍​របស់​ខ្ញុំ​អំពី​អែលឌើរ នែល អេ ម៉ាក់ស្វែល ។ លោក​បាន​ព្យាយាម​ដាក់​ឆន្ទៈ​របស់​លោក​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះវរបិតា​ជានិច្ច នៅក្នុង​ការខិតខំ​របស់​លោក​ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះ ។

ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ លោក​បាន​ចែកចាយ​អារម្មណ៍​លោក​ជាមួយ​ខ្ញុំ បន្ទាប់​ពី​លោក​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ថា​កើត​ជំងឺ​មហារីក ។ លោក​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​ចង់​បន្ត​នៅក្នុង​ក្រុម​នេះ ទោះ​នៅ​ផ្នែកនេះ [ នៃ​វាំងនន ] ឬ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំង​នន​ក្តី ។​ ខ្ញុំ​ពុំ​ចង់​អង្គុយ​មើល​ពី​ចម្ងាយ​ឡើយ ។ ខ្ញុំ​ចង់​ចូលរួម​កិច្ចការ​នោះ » ។

ពីរបី​សប្តាហ៍​បន្ទាប់​មក លោក​មាន​ចិត្ត​ស្ទាក់ស្ទើរ​នឹង​ទូល​សូម​ព្រះ​ឲ្យ​ព្យាបាល​លោក លោក​គ្រាន់តែ​ចង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​ប៉ុណ្ណោះ ។ ភរិយា​លោក ខូលីន បាន​លើក​ឡើង​អំពី ការស្រែក​យំ​លើក​ដំបូង​របស់​ព្រះយេស៊ូវ​នៅក្នុង​ច្បារគែតសេម៉ានី​ថា « បើសិន​ជា​បាន​នោះ​សុំ​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ » ។ ក្រោយ​មក​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា « ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់វិញ » ។ គាត់​បានលើក​ទឹកចិត្ត​អែលឌើរ ម៉ាក់ស្វែល ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ទូលសុំ​ការធូរស្បើយ ហើយ​ក្រោយមកលោក​បាន​ដាក់​ឆន្ទៈ​លោក​ចុះចូល​នឹង​ព្រះទ័យ​ព្រះ នោះ​លោក​បាន​ធ្វើ​ដូច្នោះ​មែន ។

បន្ទាប់​ពី​រង​ទុក្ខ​ដោយ​ការព្យាបាល​ជាច្រើន ដែល​ធ្វើ​ឲ្យ​លោក​ទន់ខ្សោយ​អស់រយៈ​មួយ​ឆ្នាំ​មក លោក​បាន​មាន « សុខភាព​ល្អ​ឡើង​វិញ » ។ លោក​បាន​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ទៀត ។

ខ្ញុំ​បាន​ទទួល​ការចាត់តាំង​មួយ​ចំនួន​ជាមួយ​លោក​អំឡុង​ឆ្នាំ​បន្តបន្ទាប់​នោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សន្តាន​ចិត្ត​ល្អ សេចក្តីអាណិត​មេត្តា និង​ក្តីស្រឡាញ់​របស់​លោក ។ ខ្ញុំ​បាន​ឃើញ​ការរីកចម្រើន​ឡើង​ខាង​វិញ្ញាណ​របស់​លោក តាមរយៈ​ការរងទុក្ខ​ជាបន្ត​បន្ទាប់ និង​ការបន្ត​ការបម្រើ​របស់​លោក ពេល​លោក​ព្យាយាម​ប្រែក្លាយ​ដូច​ជា​ព្រះអង្គសង្គ្រោះ ។

គំរូ និង​អ្នក​ប្រឹក្សា​ដ៍​អស្ចារ្យ​បំផុត ដែល​មាន​សម្រាប់​យើង​ទាំងអស់គ្នា​នោះ​គឺ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។ « ចូរ​មក​តាម​ខ្ញុំ » ។

ប្អូនៗ​ប្រុសស្រី​ជា​យុវវ័យ​អើយ ការស្គាល់​ព្រះ​គឺ​ជា​ការស្វែងរក​ពេញ​មួយ​ជីវិត ។ « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ [ យើង ] បាន​ស្គាល់…ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ព្រះវរបិតា ] បាន​ចាត់​ឲ្យ​មក​ផង » ។

« តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ ?… ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ [ មិត្ត​យុវវ័យ​អើយ ] ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យ​ជម្នះ ! » 

ព្រះ​ស្គាល់​ប្អូនៗ ហើយ​អញ្ជើញ​ប្អូនៗ​ឲ្យ​ស្គាល់​ទ្រង់ ។ សូម​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា សូម​សិក្សា​ព្រះគម្ពីរ សូម​ព្យាយាម​ធ្វើតាម​ព្រះទ័យ​ទ្រង់ សូម​ព្យាយាម​ប្រែក្លាយ​ដូច​ជា​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើតាម​អ្នក​ប្រឹក្សា​ដ៏​សុចរិត ។ នៅពេល​ប្អូនៗ​ធ្វើ​បែបនេះ ប្អូនៗ​នឹង​ស្គាល់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់ ហើយ​ប្អូនៗ​នឹង​គ្រង​ជីវិត​អស់កល្ប​ជានិច្ច​ទុក​ជា​មរតក ។ នេះ​ជា​ការអញ្ជើញ​របស់​ខ្ញុំ​ដល់​ប្អូនៗ ក្នុង​នាម​ជា​សាក្សី​ពិសេស ដែល​បាន​តែងតាំង​មក​ពី​ពួក​ទ្រង់ ។ ពួកទ្រង់​មាន​ព្រះជន្មរស់ ។ ពួកទ្រង់​ស្រឡាញ់​ប្អូនៗ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។