ឆ្នាំ ២០១០-២០១៩
ហៅ​ឲ្យ​ធ្វើ​កិច្ចការ
ខែ មេសា ឆ្នាំ ២០១៧


16:13

ហៅ​ឲ្យ​ធ្វើ​កិច្ចការ

ការ​ចាត់​តាំង​ឲ្យ​ធ្វើ​កិច្ចការ​នៅ​កន្លែង​ជាក់​លាក់ គឺ​សំខាន់ និង​មាន​សារៈសំខាន់ ប៉ុន្តែ​វា​នៅក្នុង​កម្រិត​ទីពីរ​បន្ទាប់ពី​ការហៅ​ឲ្យ​ធ្វើការ ។

ប្រធាន​ម៉នសុន យើង​មាន​ចិត្ត​រំភើប​ដើម្បី​ស្ដាប់​ឮ​សំឡេង ហើយ​ទទួល​ការ​ណែនាំ​របស់​លោក ។ យើង​ស្រឡាញ់​លោក​គាំទ្រ​លោក ហើយ​យើង​អធិស្ឋាន​ឲ្យ​លោក​ជានិច្ច ។

ខ្ញុំ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ពិចារណា​ជាមួយ​គ្នា​អំពី​គោលការណ៍​ទាក់ទង​នឹង​កិច្ចការ​ដ៏​មហិមា​នៃ​ការ​ផ្សាយ​ដំណឹងល្អ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ប្រជាជន ។

បាន​ហៅ​ឲ្យ​បម្រើ ហើយ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​កិច្ចការ

ជា​រៀង​រាល់​ឆ្នាំ មាន​យុវជន​យុវនារី​រាប់​ម៉ឺន​នាក់ និង​ស្វាមី​ភរិយា​រៀមច្បង​ជា​ច្រើន​គូ មាន​ចិត្ត​រំភើប​ដើម្បី​ទទួល​សំបុត្រ​ពិសេស​មួយ​មកពី​ទីក្រុង​សលត៍​លេក ។ មាតិកា​នៃ​សំបុត្រ​នោះ មាន​ឥទ្ធិពល​លើ​បុគ្គល​ដែល​ទទួល​បាន​ជា​រៀង​រហូត ព្រម​ទាំង​សមាជិក​គ្រួសារ និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ ។ នៅពេល​ទទួល​បាន​សំបុត្រ​នោះ វា​ត្រូវ​បើក​មើល​ដោយ​ផ្ចិតផ្ចង់ និង​អត់ធ្មត់ ឬ​ហែក​មើល​យ៉ាង​លឿន និង​ដោយ​អន្ទះសារ ។ ពេលដែល​អាន​សំបុត្រ​ពិសេស​នេះ វាគឺ​ជា​បទពិសោធន៍​មួយ​ដែល​ពុំ​អាច​បំភ្លេច​បាន ។

សំបុត្រ​នោះ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​នៅ​ពីរ​ប្រយោគ​ខាង​លើ អាន​ដូច​តទៅ​នេះ ៖ « អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​កិច្ចការ​នៅក្នុង​បេសកកម្ម______ » ។

សូម​កត់​សម្គាល់​ថា ប្រយោគ​ទីមួយ គឺ​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។ ប្រយោគ​ទីពីរ ប្រាប់​អំពី​កិច្ច​ចាត់​តាំង​ឲ្យ​ធ្វើ​កិច្ចការ​នៅក្នុង​កន្លែង និង​បេសកកម្ម​ជាក់លាក់ ។ ភាព​ច្បាស់​លាស់​ដ៏​សំខាន់​ដែល​បាន​ថ្លែង​នៅក្នុង​ប្រយោគ​ទាំងពីរ​នេះ គឺ​សំខាន់​ចំពោះ​យើង​គ្រប់គ្នា​ដើម្បី​យល់ ។

នៅក្នុង​វប្បធម៌​របស់​សាសនាចក្រ ជាញឹកញាប់​យើង​និយាយ​អំពី​ការ​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ប្រទេស​ដូចជា អាហ្សង់ទីន ប៉ូឡូញ កូរ៉េ ឬ​សហរដ្ឋ​អាមេរិក ។ ប៉ុន្ដែ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់​មិន​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​កន្លែង​មួយ​នោះ​ទេ គាត់​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នោះទេ ។ នៅពេល​ព្រះអម្ចាស់​ប្រកាស​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ឆ្នាំ ១៨២៩ ថា « បើសិនជា​អ្នក​រាល់គ្នា​មាន​បំណង​ចង់​បម្រើ​ព្រះ នោះ​អ្នក​រាល់គ្នា​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ហើយ » ។

គ្រប់​ការ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ឬ​ការ​ចាត់តាំង​នីមួយៗ ឬ​ការ​ចាត់​តាំង​សារ​ជា​ថ្មី​នៅ​ពេល​ក្រោយ គឺ​ជា​លទ្ធផល​នៃ​វិវរណៈ​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ ការ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ ចេញ​មក​ពី​ព្រះ​តាមរយៈ​ប្រធាន​សាសនាចក្រ ។ កិច្ចចាត់តាំង​ទៅ​បេសកកម្ម​មួយ​ក្នុង​ចំណោម​បេសកកម្ម​ជាង ៤០០ បេសកកម្ម ដែល​បច្ចុប្បន្ន​នេះ​កំពុង​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក គឺ​ចេញ​មកពី​ព្រះ​តាមរយៈ​សមាជិក​មួយរូប​ក្នុង​កូរ៉ូម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ធ្វើ​កិច្ចការ​ដោយ​នូវ​សិទ្ធិ​អំណាច​របស់​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់ ។ អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការព្យាករ និង​វិវរណៈ មាន​នៅ​គ្រប់​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម និង​កិច្ច​ចាត់តាំង​នានា ។

កណ្ឌ ៨០ នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺ​ជា​កំណត់ត្រា​មួយ​អំពី​ការហៅ​បម្រើ​បេសកកម្ម​ដល់ ស្ទេផាន ប៊ើរណែត ដែល​បាន​ផ្ដល់​ការហៅ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​ឆ្នាំ ១៨៣២ ។ ការ​សិក្សា​អំពី​ការ​ហៅ​ដល់​បងប្រុស ប៊ែរណែត​នេះ អាច​ជួយ​យើង​ឲ្យ (១) យល់​កាន់តែ​ច្បាស់​អំពី​ភាព​ពិត​រវាង ការ​ត្រូវ​បាន « ហៅ​ឲ្យ​ធ្វើកិច្ចការ » ក្នុងនាម​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា និង « ការ​ចាត់​ឲ្យ​ធ្វើ​កិច្ចការ » ក្នុង​កន្លែង​ជាក់លាក់​មួយ និង (២) មាន​អំណរ​គុណ​កាន់​តែ​ពេញ​លេញ​ដល់​ការ​ទទួល​ខុស​ត្រូវ​ដែល​បាន​តែង​តាំង​នីមួយៗ​របស់​យើង ហើយ​មក​ពី​ព្រះ​ដើម្បី​ប្រកាស​ដំណឹងល្អ ។

ខ​ទី ១ នៃ​កណ្ឌ​នេះ គឺជា​ការហៅ​ឲ្យ​បម្រើ​មួយ ៖ « ប្រាកដ​មែន ព្រះអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក គឺ​ស្ទេផាន ប៊ើរណែត ជា​អ្នក​មប្រើ​របស់​យើង​យ៉ាង​ដូច្នេះ​ថា ៖ ចូរ​អ្នក​ទៅ ចូរ​អ្នកទៅ​ក្នុង​លោកិយ ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់ ដែល​នៅ​ក្រោម​សំឡេង​របស់​អ្នក​ចុះ » ។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ នៅ​ ខ​ទី ២ មាន​ប្រាប់​ដល់​បងប្រុស ប៊ើរណែត អំពី​ដៃ​គូ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដែល​បាន​ចាត់​តាំង​ដល់​គាត់ ៖ « ហើយ​ដរាបណា​អ្នក​មាន​ប្រាថ្នា​ចង់​បាន​គូកន នោះ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ អេដែន ស្ម៊ីធ ជា​អ្នក​មប្រើ​របស់​យើង » ។

ខ​ទី ៣ ប្រាប់​ពី​កន្លែង​ដែល​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ទាំងពីរ​នេះ​ត្រូវ​ទៅ​ធ្វើ​កិច្ចការ ៖ « ហេតុដូច្នោះ​ហើយ ចូរ​អ្នកទៅ ហើយ​ផ្សាយ​ដំណឹងល្អ​របស់​យើង​ចុះ ទោះជា​ទៅ​ទិស​ខាង​ជើង ឬ​ទៅ​ទិស​ខាង​ត្បូង ទៅទិស​ខាង​កើត ឬ​ទៅ​ទិស​ខាង​លិច​ក្ដី វា​មិន​ចាំបាច់​ឡើយ ដ្បិត​អ្នក​មិន​អាច​ធ្វើ​ខុស​ឡើយ » ។

ខ្ញុំ​មិន​ជឿ​ថា​ឃ្លា​« វា​មិន​ចាំបាច់​ឡើយ » ដែល​បាន​ប្រើ​ដោយ​ព្រះអម្ចាស់​នៅក្នុង​គម្ពីរ​នេះ មាន​ន័យ​ថា​ទ្រង់​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​ពី​កន្លែង​ដែល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទៅ​ធ្វើការ​នោះទេ ។ តាម​ពិត ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ណាស់ ។ ប៉ុន្ដែ​ដោយ​សារ​កិច្ចការ​នៃ​ការ​ផ្សាយ​ដំណឹងល្អ គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​បំផុស​គំនិត ណែនាំ និង​ដឹកនាំ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែល​មាន​សិទ្ធិ​អំណាច​ ។ នៅ​ពេល​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ព្យាយាម​ប្រែ​ក្លាយ​ជា​ឧបករណ៍​ដែល​កាន់​តែ​មាន​ភាព​សក្ដិសម និង​មាន​សមត្ថភាព​នៅក្នុង​ព្រះហស្ត​របស់​ទ្រង់ ហើយ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​កាតព្វកិច្ច​ដោយ​ស្មោះត្រង់​ពេញ​លេញ នោះដោយ​នូវ​ជំនួយ​របស់​ទ្រង់ ពួកគេ « មិន​អាច​ធ្វើ​ខុស » —នៅ​កន្លែង​ណា​ដែល​ពួកគេ​បម្រើ​នោះ​ឡើយ ។ មេរៀន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​ដល់​យើង​នៅក្នុង​វិវរណៈ​នេះ គឺ​ថា​ការ​ចាត់តាំង​ឲ្យ​ធ្វើ​កិច្ចការ​នៅ​កន្លែង​ជាក់លាក់ គឺ​សំខាន់ និង​មានសារៈសំខាន់ ប៉ុន្តែ​វា​នៅក្នុង​កម្រិត​ទីពីរ​បន្ទាប់ពី​ការហៅ​ឲ្យ​ធ្វើ​កិច្ចការ ។

​ខ​បន្ទាប់​គូស​បង្ហាញ​ពី​គុណ​សម្បត្តិ​ដ៏​សំខាន់​ចំពោះ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ទាំងអស់ ៖ « ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រកាស​ប្រាប់​ពី​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​​ហើយ​ប្រាកដ​ជាជឿ​ហើយ​ដឹង​ថា​ពិត​ចុះ » ។

ខ​ចុង​ក្រោយ​រំឭក​ដល់​បងប្រុស ប៊ើរណែត និង​យើង​គ្រប់គ្នា​ថា​នរណា​ជា​អ្នក​ផ្ដល់​ការ​ហៅ​បម្រើ​ពិត​នោះ ៖ « មើល​ចុះ នេះ​ហើយ​ជា​ព្រះហឬទ័យ​នៃ​ព្រះអង្គ​ដែល​បាន​ហៅ​អ្នក ជា​ព្រះ​ដ៏​ប្រោសលោះ​របស់​អ្នក គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន » ។

ការ​យក​ឈ្នះ​លើ​ការ​ភាន់ច្រឡំ

បងប្អូន​មួយ​ចំនួន​អាច​នឹង​សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​ក៏​ខ្ញុំ​ជ្រើសរើស​ពិភាក្សា​នៅក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ក្នុង​សន្និសីទ​ទូទៅ​អំពី​ភាព​ជាក់​ស្ដែង រវាង​ការ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើការ និង​ការ​ចាត់តាំង​ឲ្យ​ធ្វើ​ការ​នេះ​ដូច្នេះ ។ ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺចំៗ​ថា បទពិសោធន៍​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា គោលការណ៍​ទាំងនេះ​ពុំ​ទាន់​មាន​សមាជិក​សាសនាចក្រ​ជាច្រើន​បាន​យល់​ដឹង​ដោយ​ពេញ​លេញ​នោះទេ ។

មូលហេតុ​ដ៏​ធំ​បំផុត​មួយ​ដែល​ត្រូវ​និយាយ​អំពី​រឿង​នេះ គឺជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​កន្លង​មក​អំពី​កង្វល់ ការ​បារម្ភ និង​អារម្មណ៍​ថា​មាន​កំហុស មកពី​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ជាច្រើន​ដែល​មាន​មូល​ហេតុ​ផ្សេងៗ​ត្រូវ​បាន​ចាត់​តាំង​សារ​ជា​ថ្មី​ឲ្យ​ទៅ​កន្លែង​ធ្វើការ​ផ្សេងៗ​ទៀត អំឡុង​ពេល​កំពុង​ធ្វើ​ការ​បម្រើ ។ ការ​ចាត់​តាំង​សារ​ជាថ្មី​ដូច្នោះ ពេល​ខ្លះ​គឺ​ចាំបាច់​ណាស់ ដោយសារ​តែ​ព្រឹត្តការណ៍ និង​ស្ថានភាព​នានា​ដូចជា​ឧប្បទ្ទវហេតុ និង​គ្រោះថ្នាក់​លើ​រាង​កាយ ការ​ពន្យារ​ពេល និង​ផល​លំបាក​ក្នុង​ការ​ទទួល​ទិដ្ឋាការ អស្ថេរភាព​នយោបាយ ការ​បង្កើត និង​ការដាក់​ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ក្នុង​បេសកកម្ម​ថ្មី ឬ​តម្រូវការ​នៃ​ការ​រីកចម្រើន និងការ​ផ្លាស់​ប្ដូរ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​កិច្ចការ​នៃ​ការ​ប្រកាស​ដំណឹងល្អ ។

នៅពេល​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់​ត្រូវ​បាន​ចាត់​តាំង​ជាថ្មី​ឲ្យ​ទៅ​តំបន់​ផ្សេង​ដើម្បី​ធ្វើ​កិច្ចការ នោះ​ដំណើរការ​គឺ​ត្រូវ​ធ្វើ​ដោយ​លម្អិត​ដូចជា​ធ្វើ​ការ​ចាត់តាំង​ពី​ខាង​ដើម​ដែរ ។ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ស្វែងរក​ការ​បំផុស​គំនិត និង​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ការ​ចាត់តាំង​សារ​ជា​ថ្មី​ទាំងអស់​ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​នឹង​បុរស​ស្មោះ​ត្រង់​មួ​យរូប​ដែល​បាន​ចែក​ចាយ​នឹង​ខ្ញុំ​ពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​គាត់ ។ នៅ​ក្នុង​ការ​ប្រជុំ​មួយ ខ្ញុំ​គ្រាន់​តែ​ពន្យល់​អំពី​ភាព​ខុសគ្នា​រវាង​ការ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ និង​ការ​ចាត់តាំង​ឲ្យ​ធ្វើ​កិច្ចការ​ប៉ុណ្ណោះ ។ បុរស​ល្អ​នេះ​បាន​ចាប់​ដៃ​ខ្ញុំ ហើយ​ថ្លែង​មក​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា « រឿង​ទាំងឡាយ​ដែល​លោក​បាន​ជួយ​ខ្ញុំ​រៀន​នៅថ្ងៃ​នេះ បាន​យក​បន្ទុក​ចេញ​ពី​ស្មា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​រែក​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ ។ កាល​នៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​វ័យ​ក្មេង ការ​ចាត់​តាំង​ដំបូង​របស់​ខ្ញុំ គឺ​ឲ្យ​ទៅ​តំបន់​ធ្វើ​កិច្ចការ​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាង​ត្បូង ។ ប៉ុន្ដែ​ខ្ញុំ​ពុំ​អាច​ទទួល​បាន​ទិដ្ឋាការ ដូច្នេះ​ការ​ចាត់តាំង​របស់​ខ្ញុំ​ត្រូវ​បាន​ផ្លាស់​មក​សហរដ្ឋ​អាមេរិក​វិញ ។ ប៉ុន្មាន​ឆ្នាំ​នោះ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​ក៏​ខ្ញុំ​មិន​អាច​បម្រើ​នៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​បាន​ហៅ ។ ឥឡូវ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ ពុំ​មែន​ឲ្យ​ទៅ​កន្លែង​មួយ​នោះទេ ។ ខ្ញុំ​មិន​អាច​ប្រាប់​លោក​អស់​ថា​ការ​យល់ដឹង​នេះ​បាន​ជួយ​ខ្ញុំ​យ៉ាង​ណា​នោះទេ » ។

ដួងចិត្ត​របស់​ខ្ញុំ​ឈឺចាប់​ជំនួស​បុរស​ល្អ​នេះ ។ នៅពេល​ខ្ញុំ​បាន​បង្រៀន​គោលការណ៍​មូលដ្ឋាន​ទាំង​នេះ​នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​រាប់​មិន​អស់​បាន​ប្រាប់​មក​ខ្ញុំ​ជា​ឯកជន​នូវ​អារម្មណ៍​តូច​ចិត្ត​ដូចជា​បុរស​ដែល​ខ្ញុំ​ទើប​តែ​ពិពណ៌នា​នោះ​ផងដែរ ។ ខ្ញុំ​ថ្លែង​ពី​ប្រធាន​បទ​នេះ​នា​ថ្ងៃ​នេះ ពីព្រោះ​ថា​ពុំ​គួរ​មាន​សមាជិក​​សាសនា​ចក្រ​នេះ​ណាម្នាក់ គួរ​រែក​បន្ទុក​នៃ​ការ​ភាន់​ច្រឡំ មិន​ប្រាកដ ការ​ឈឺ​ចាប់ ឬ​កំហុស​ដែល​មិន​ចាំ​បាច់​អំពី​ការចាត់​តាំង​ឲ្យ​ធ្វើ​ការ​នេះ​នោះ​ទេ ។

« ហេតុដូច្នោះ​ហើយ ចូរ​អ្នកទៅ ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ចុះ ទោះ​ជា​ទៅ​ទិស​ខាង​ជើង ឬ​ទៅ​ទិស​ខាង​ត្បូង ទៅទិស​ខាង​កើត ឬ​ទៅ​ទិស​ខាង​លិច​ក្ដី វា​មិន​ចាំបាច់​ឡើយ ដ្បិត​អ្នក​មិន​អាច​ធ្វើ​ខុស​ឡើយ » ។ នៅពេល​បងប្អូន​ពិចារណា​អំពី​បទគម្ពីរ​នេះ ហើយ​បើក​ដួងចិត្ត​របស់​បងប្អូន ខ្ញុំ​សង្ឃឹម​និង​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​នឹង​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​នាំ​យកការ​យល់ដឹង ការ​ព្យាបាល និង​ការ​ស្ដារឡើងវិញ​ដែល​បងប្អូន​ត្រូវការ​ចូល​ទៅ​ក្នុង​ព្រលឹង​របស់​បងប្អូន ។

មូលហេតុ​មួយ​ទៀត​ដែល​ខ្ញុំ​បាន​មាន​បំណង​ចង់​ពិភាក្សា​អំពី​ប្រធាន​បទ​នេះ គឺ​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ការ​ចាត់​តាំង​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ជាច្រើន​ឆ្នាំ​មក​នេះ ។ សម្រាប់​ពួក​ដប់ពីរ​នាក់ គ្មាន​អ្វី​ដែល​បញ្ជាក់​ពី​ភាព​ពិត​នៃ​ការ​មាន​វិវរណៈ​ជា​បន្ដ​បន្ទាប់​នា​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​អានុភាព​ជាង​ការព្យាយាម​ដើម្បី​យល់​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ នៅពេល​យើង​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុងការ​ចាត់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ឲ្យ​ទៅ​តំបន់​ធ្វើ​កិច្ចការ​ជាក់លាក់​នោះ​ទេ ។ ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា ព្រះអង្គ​សង្គ្រោះ​ត្រាស់​ដឹង ហើយ​ញាណ​ដឹង​ពី​យើង​គ្រប់​គ្នា « ម្នាក់ៗ » និង​តាម​ឈ្មោះ ។

ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ

ឥឡូវ​ខ្ញុំ​ចង់​ពិភាក្សា​ដោយ​សង្ខេប​អំពី​មូលដ្ឋាន​គ្រឹះ​មួយ ជា​ទិដ្ឋភាព​នៃ​ការ​រៀបចំ​ខ្លួន​ទទួល​ការ​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​ជា​ញឹក​ញាប់​ត្រូវ​បាន​មើល​រំលង ។

មាន​ពាក្យ​បី​ទាក់​ទង​គ្នា កំណត់​ពី​លំនាំ​នៃ​ការ​រៀបចំ​ខ្លួន និង​ការ​រីក​ចម្រើន​សម្រាប់​បុត្រា​នៃ​ព្រះ ៖ បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ បេសកកម្ម ។ ពេលខ្លះ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ មិត្ត​ភក្តិ និង​សមាជិក​សាសនាចក្រ យើង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រៀបចំ​ខ្លួន​ផ្សព្វ​ផ្សាយ​សាសនា​សម្រាប់​យុវជន ដោយ​​យើង​ភ្លេច​ពី​ជំហាន​សំខាន់​ដទៃ​ទៀត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​តែ​បំពេញ​ពី​មុន​ចាប់​ផ្ដើម​ការ​បម្រើ​ផ្សព្វ​ផ្សាយ​សាសនា​ពេញម៉ោង ។ ការ​ធ្វើការ​ជា​អ្នកផ្សព្វផ្សាយសាសនា​ម្នាក់ ច្បាស់ណាស់​ថា​វា​ពុំ​មែន​ជា​ធាតុ​ដ៏​សំខាន់​តែ​មួយ​គត់​នៅក្នុង​ដំណើរ​ការ​នៃ​ការ​បង្កើត​គ្រឹះ​រឹងមាំ​សម្រាប់​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ និងការ​បម្រើ​ពេញ​មួយ​ជីវិត​នោះ​ទេ ។ ទាំង​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ត្រូវ​មាន​មុន​ការ​មក​ដល់​តំបន់​ដែល​បាន​ចាត់​ឲ្យ​ធ្វើ​កិច្ចការ ក៏​ចាំបាច់​ដើម្បី​ការពារ និង​ពង្រឹង​យើង​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត​របស់​យើង​ផងដែរ ។

យុវជន នៅ​ពេល​ប្អូនៗ​បំពេញ​កាតព្វកិច្ច​របស់​ប្អូន​ៗ​នៅក្នុង​បព្វជិតភាព ហើយ​គោរព​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​ដែល​តូច​ជាង នោះ​ប្អូនៗ​កំពុង​រៀបចំ​ខ្លួន​ទទួល និង​តម្កើង​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព​មិលគីស្សាដែក ឬ​បព្វជិតភាព​ដែល​ខ្ពស់ជាង​ហើយ ។ ភាព​សក្ដិសម​ផ្ទាល់ខ្លួន​គឺជា​តម្រូវការ​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ទទួល​បាន​បព្វជិតភាព​ដែល​ខ្ពស់​ជាង ។ ការ​បម្រើ​នៃ​បព្វជិតភាព​ពេញ​មួយ​ជីវិត​ដោយ​ពុំគិត​ពី​ខ្លួន​ឯង កំពុង​តែ​នៅ​ខាង​មុខ​ប្អូនៗ ។ សូម​រៀបចំ​ពី​ឥឡូវនេះ​ដោយ​ការ​ផ្ដល់​ការ​បម្រើ​ដែល​មាន​អត្ថន័យ​ឲ្យ​បាន​ញឹកញាប់ ។ សូម​រៀន​ស្រឡាញ់​ការ​មាន​ភាព​សក្ដិសម និង​ការ​បន្ដ​មាន​ភាព​សក្ដិសម ។ ចូរ​មានភាព​សក្ដិសម ។ បន្ដ​នៅ​សក្ដិសម ។

បន្ទាប់ពី​ទទួល​បព្វជិតភាព​មិលគីស្សាដែក និង​ការហៅ​ឲ្យ​បម្រើ នោះ​យុវជន​ម្នាក់​អាច​បំពាក់​នូវ​អំណាច តាមរយៈ​សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការ​មាន​អារម្មណ៍​នៃ​ព្រះវិហារ​បរិសុទ្ធក្នុង​ខ្លួន វានឹង​មាន​ឥទ្ធិពល​ក្នុង​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង ។ ភាព​សក្ដិសម​ផ្ទាល់ខ្លួន​គឺជា​តម្រូវការ​ដ៏សំខាន់​បំផុត​តែ​មួយ​គត់​ដើម្បី​ទទួល​ពរជ័យ​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ប្អូនៗ និង​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ ។ នៅពេល​ប្អូនៗ​រស់នៅស្របតាម​បទដ្ឋាន​នៃ​ដំណឹងល្អ ប្អូនៗ​អាច​ចូល​ទៅក្នុង​ដំណាក់​របស់ព្រះអម្ចាស់ ហើយ​ចូលរួម​ក្នុងពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​ក្នុង​ជីវិត​យុវវ័យ​របស់​ប្អូនៗ ។ សេចក្ដី​ស្រឡាញ់ និង​ការ​យល់ដឹង​អំពី​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ប្អូនៗ នឹង​ជួយ​ពង្រឹង ហើយ​ប្រទានពរ​ដល់​ប្អូនៗ​ពេញ​មួយ​ជីវិត ។ សូម​រៀន​ស្រឡាញ់​ការ​មាន​ភាព​សក្ដិសម និង​ការ​បន្ដ​មាន​ភាព​សក្ដិសម ។ ចូរ​មាន​ភាព​សក្ដិសម ។ បន្ដ​នៅ​សក្ដិសម ។

មាន​យុវជន និង​យុវនារី​ជា​ច្រើន​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​សម្រាប់​ការ​ប្រើ​ប្រាស់​មាន​កំណត់ ។ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ប្អូនៗ​កំពុង​តែ​ស្វែងរក​ឈ្មោះ​គ្រួសារ​ផ្ទាល់ខ្លួន​របស់​ប្អូនៗ ហើយ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​សម្រាប់​សមាជិក​គ្រួសារ​របស់​ប្អូនក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការរក្សា​ប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ​របស់​ប្អូនៗ បង្ហាញ​ពី​ភាព​សក្ដិសម​របស់​ប្អូនៗ ហើយ​ការ​បម្រើ​ដល់​អ្នក​ដទៃ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រៀបចំ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។

យុវជន​ទាំងឡាយ ប្អូន​ម្នាក់ៗ​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ឥឡូវ​នេះ ។ មនុស្ស​ទាំងអស់​នៅជុំវិញ​ប្អូនៗ ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​មិត្តភក្ដិ និងជា​អ្នក​ជិត​ខាង « ​ត្រូវ​បាន​រារាំង​ពី​សេចក្ដីពិត​តែ ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ » ។ នៅ​ពេល​ប្អូនៗ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ប្អូនៗ​អាច​ចែកចាយ​គំនិត​អញ្ជើញ ផ្ញើសារ ឬ​សារ​ធ្វីត ដែល​នឹង​ណែនាំ​ដល់​មិត្ត​របស់​ប្អូន​ទៅ​កាន់​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ ប្អូនៗ​ពុំ​ចាំ​បាច់ ហើយ​ពុំ​គួរ​រង់ចាំ​ការ​ហៅ​ជា​ផ្លូវ​ការ​ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​នោះទេ ។

នៅពេល​ពរជ័យ​នៃ​បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ និង​បេសកកម្ម ត្រូវ​បាន​ « ​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ… » ហើយ​ប្រាស្រ័យ​ទាក់ទង​នៅក្នុង​ដួងចិត្ត គំនិត និង​ព្រលឹង​របស់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​វ័យក្មេង នោះ​គាត់​នឹង​សក្ដិសម​ទទួល​កិច្ចការ​នោះ ។ សមត្ថភាព​របស់​គាត់​ត្រូវ​បាន​ចម្រើន​ឡើង​ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មាន​សិទ្ធិ​អំណាច ។ ការ​ប្រមូល​ផ្ដុំ​ខាង​វិញ្ញាណ​ដ៏​ប្រកប​ដោយ​អនុភាព​នៃ​ការគោរព​ដល់​បព្វជិតភាព និង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហា​បរិសុទ្ធ ការទទួល « អំណាច​នៃព្រះ » តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព ការបម្រើ​ដោយ​ពុំ​គិត​ពី​ខ្លួន​ឯង និង​ការប្រកាស​ពី​ដំណឹងល្អ​ដ៏​អស់កល្ប​ទៅ​កាន់​កូនចៅ​របស់​ព្រះ អាច​ឲ្យ​យុវជន​ម្នាក់​ « រឹងមាំ ហើយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​សេចក្ដីជំនឿ » ហើយ « ចាក់​ឫស ហើយ​ស្អាង​ឡើងក្នុង [ ព្រះយេស៊ូវ​គ្រីស្ទ ] » ។

នៅក្នុង​គេហដ្ឋាន​និង​ព្រះវិហារ​របស់​យើង យើង​គួរ​ផ្ដល់​ការ​គូស​បញ្ជាក់​ស្មើគ្នា​ចំពោះ​ធាតុ​ទាំង​បី​នៃ​មាគ៌ា​របស់​ព្រះអម្ចាស់​នៃ​ការ​រៀប​ចំ​ខ្លួន និងការ​រីក​ចម្រើន​សម្រាប់​បុត្រា​ស្មោះ​ត្រង់​របស់ព្រះ ៖ បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ និង​បេសកកម្ម ។ ធាតុ​ទាំងបី​នេះ តម្រូវ​ឲ្យ​យើង​ស្រឡាញ់​ការ​មានភាព​សក្ដិសម និង​ការ​បន្ដ​មាន​ភាព​សក្ដិសម ។ ចូរ​មាន​ភាព​សក្ដិសម ។ បន្ដ​នៅ​សក្ដិសម ។

ការសន្យា និង ទីបន្ទាល់

បងប្អូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សន្យា​ថា​អំណោយទាន​នៃ​វិវរណៈ​ខាង​វិញ្ញាណ នឹង​មាន​នៅក្នុង​ការហៅ​ឲ្យ​ធ្វើកិច្ចការ​របស់​បងប្អូន​ក្នុងការ​ប្រកាស​ដំណឹងល្អ និង​ការ​ចាត់តាំង​បងប្អូន​ទៅ​តំបន់​ច្បាស់លាស់ ឬ​តំបន់​បម្រើ​ការ​នានា ។ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​ដោយ​ឧស្សាហ៍​ព្យាយាម​នា​ពេលនេះ​តាមរយៈ​ការ​បម្រើ​បព្វជិតភាព​ដោយ​ពុំ​គិត​ពីខ្លួន​ឯង និង​ការ​បម្រើ​ក្នុងព្រះវិហារ​បរិសុទ្ធ នោះ​សាក្សី​របស់បងប្អូន​អំពី​ភាព​ពិត​របស់​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​នឹង​ត្រូវ​បាន​ពង្រឹង ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ និង​កិច្ចការ​របស់​ទ្រង់​នឹង​បំពេញ​ក្នុង​ដួងចិត្ត​របស់​បង​ប្អូន ។ នៅ​ពេល​បង​ប្អូន​រៀន​ស្រឡាញ់​ភាព​សក្ដិសម ប្អូនៗ​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​មហិមា​នៅក្នុង​ព្រះហស្ត​របស់ព្រះអម្ចាស់​ដើម្បី​ប្រទានពរ និង​បម្រើ​ដល់​មនុស្ស​ជាច្រើន ។

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ដោយ​អំណរ​ថា ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះជន្ម​រស់ ។ ដើម្បី​ចូលរួម​ក្នុង​ការ​បម្រើ​របស់​ពួកទ្រង់ គឺជា​ពរជ័យ​ដ៏​មហិមា​បំផុត​មួយ ដែល​យើង​អាច​ទទួល ។ ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។