គ្រឹះនៃសេចក្តីជំនឿ
ខ្ញុំសូមអង្វរថា យើងនឹងលះបង់ ហើយមានចិត្តរាបសាដ៏ចាំបាច់ដើម្បីពង្រឹងគ្រឹះនៃសេចក្ដីជំនឿយើងលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
នេះជាសន្និសីទទូទៅមួយដ៏អធិកអធម ។ យើងពិតជាបានស្អាងឡើង ។ ប្រសិនបើមានគោលដៅដ៏ធំមួយនៃសន្និសីទទូទៅ វាគឺដើម្បីស្ថាបនាសេចក្ដីជំនឿលើព្រះជាព្រះវរបិតា និងព្រះអង្គសង្គ្រោះយើង ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
សុន្ទរកថាខ្ញុំគឺទាក់ទងនឹងគ្រឹះនៃសេចក្ដីជំនឿនោះ ។
គ្រឹះផ្ទាល់ខ្លួន ដូចជាការស្វែងរកអ្វីដែលមានតម្លៃជាច្រើន ជាធម្មតាបានស្ថាបនាឡើងដោយ—ស្រទាប់ បទពិសោធន៍ឧបសគ្គ ភាពបរាជ័យ និងភាពជោគជ័យម្ដងមួយៗដោយសន្សឹមៗ ។ បទពិសោធន៍គួរឲ្យស្រឡាញ់បំផុតមួយគឺជាការបោះជំហានដំបូងរបស់ទារកម្នាក់ ។ វាជាបទពិសោធន៍ដ៏ប្រសើរក្រៃលែង ។ ទឹកមុខដ៏មានតម្លៃ—ជាបន្សំនៃការប្ដេជ្ញាចិត្ត អំណរ ការភ្ញាក់ផ្អើល និងសមិទ្ធផល—គឺពិតជាព្រឹត្តិការណ៍មួយដែលមានឥទ្ធិពលយ៉ាងខ្លាំង ។
ក្នុងគ្រួសារយើង មានព្រឹត្តិការណ៍មួយស្រដៀងគ្នានេះដែលវាលេចធ្លោជាងគេ ។ កាលកូនប្រុសពៅយើងមានអាយុប្រហែលជាបួនឆ្នាំ គាត់បានដើរចូលមកក្នុងផ្ទះ ហើយប្រកាសប្រាប់គ្រួសារពេញដោយមោទនភាពយ៉ាងខ្លាំងថា « ឥឡូវខ្ញុំអាចធ្វើរឿងគ្រប់យ៉ាង ។ ខ្ញុំចេះចង ចេះជិះ និងចេះរឺត » ។ យើងបានយល់ថា គាត់ចង់ប្រាប់យើងថា គាត់ចេះចងស្បែកជើង គាត់ចេះជិះកង់ ហើយគាត់ចេះរឺតអាវគាត់ ។ យើងទាំងអស់គ្នាបានសើច ប៉ុន្តែបានដឹងថា ចំពោះគាត់ រឿងទាំងនោះជាសមិទ្ធផលដ៏ឆ្នើម ។ គាត់បានគិតថា គាត់បានធំដឹងក្ដី ហើយចេះសព្វគ្រប់ហើយ ។
ការអភិវឌ្ឍខាងរូបកាយ ខាងផ្លូវចិត្ត និងខាងវិញ្ញាណគឺដូចគ្នាណាស់ ។ ការអភិវឌ្ឍខាងរូបកាយគឺងាយមើលឃើញ ។ យើងចាប់ផ្ដើមដោយជំហានដ៏តូច ហើយរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរីកលូតលាស់ ហើយអភិវឌ្ឍដើម្បីសម្រេចបានរូបរាងរបស់យើង ។ ការអភិវឌ្ឍមានភាពខុសគ្នាពីមនុស្សម្នាក់ៗទៅមនុស្សម្នាក់ទៀត ។
កាលយើងមើលការសម្ដែងអត្តពលកម្ម ឬតន្ត្រីដ៏អស្ចារ្យមួយ ជារឿយៗយើងពោលថា បុគ្គលនោះមានទេពកោសល្យណាស់ ដែលជាធម្មតាវាគឺជាការពិត ។ ប៉ុន្តែការសម្ដែងនោះពឹងផ្អែកលើការរៀបចំខ្លួន និងការអនុវត្តជាច្រើនឆ្នាំ ។ មានកវីដ៏ល្បីម្នាក់ឈ្មោះ ម៉ាលខុម គ្លែតវែល បានហៅការណ៍នេះថាជាច្បាប់ ១០,០០០ ម៉ោង ។ ពួកអ្នកស្រាវជ្រាវបានកំណត់ថា ចំនួននៃការអនុវត្តនេះគឺជារឿងចាំបាច់ក្នុងអត្តពលកម្ម ការប្រគំតន្ត្រី ជំនាញសិក្សា ឯកទេសជំនាញការងារ អ្នកជំនាញខាងវេជ្ជសាស្ត្រ ឬខាងច្បាប់ជាដើម ។ មានអ្នកជំនាញម្នាក់ក្នុងចំណោមពួកអ្នកជំនាញខាងស្រាវជ្រាវទាំងនេះអះអាងថា « ការអនុវត្តមួយម៉ឺនម៉ោងនោះតម្រូវឲ្យមានដើម្បីសម្រេចកម្រិតនៃភាពចេះស្ទាត់ផ្សារភ្ជាប់ទៅនឹងការក្លាយជាអ្នកជំនាញលំដាប់ពិភពលោកម្នាក់—ក្នុងកិច្ចការអ្វីក៏ដោយ » ។
ភាគច្រើន មនុស្សដឹងថា ដើម្បីទទួលបានការសម្ដែងខាងរូបកាយ និងខាងផ្លូវចិត្តដល់កម្រិតកំពូល ការត្រៀមខ្លួន និងការអនុវត្តបែបនេះគឺតម្រូវឲ្យមាន ។
ជាអកុសល ក្នុងពិភពលោកមួយដែលចេះតែស្រវាចង់បាន មានការគូសបញ្ជាក់តិចតួចដែលបានដាក់នៅលើចំនួននៃការរីកចម្រើនខាងវិញ្ញាណដែលចាំបាច់ ដើម្បីប្រែក្លាយកាន់តែដូចព្រះគ្រីស្ទ ហើយស្ថាបនាគ្រឹះដែលនាំទៅរកសេចក្ដីជំនឿដល់ចុងបំផុត ។ ជារឿយៗ យើងគូសបញ្ជាក់ពីគ្រានៃការយល់ដឹងខាងវិញ្ញាណដ៏ប្រសើរ ។ ទាំងនេះគឺឧទាហរណ៍ដ៏មានតម្លៃកាលយើងដឹងថាព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់ការយល់ដឹងពិសេសដ៏ជ្រាលជ្រៅខាងវិញ្ញាណ ចូលទៅក្នុងចិត្ត និងគំនិតយើង ។ យើងរីករាយក្នុងព្រឹត្តិការណ៍ទាំងនេះ វាពុំគួរមានការកាត់បន្ថយតាមវិធីណាមួយឡើយ ។ ប៉ុន្តែសម្រាប់សេចក្ដីជំនឿដល់ចុងបំផុត និងដើម្បីមានភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណ គ្មានការជំនួសណាមួយសម្រាប់ការរក្សាសាសនាផ្ទាល់ខ្លួនដែលអាចប្រៀបបាននឹងការអភិវឌ្ឍខាងរូបកាយ និងខាងផ្លូវចិត្តឡើយ ។ យើងគួរប្រើបទពិសោធន៍ទាំងនេះដែលពេលខ្លះស្រដៀងគ្នានឹងជំហានដំបូងរបស់ទារកជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ថែម ។ យើងធ្វើកិច្ចការនេះដោយការតាំងចិត្តដ៏បរិសុទ្ធចំពោះការប្រជុំសាក្រាម៉ង់ដ៏ពិសិដ្ឋ ការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការបម្រើតាមការហៅ ។ នៅក្នុងការកោតសរសើរពីដំណឹងមរណភាពថ្មីមួយសម្រាប់ឪពុកដែលមានកូន ១៣ នាក់ វាត្រូវបានរាយការណ៍ថា « ភាពស្មោះត្រង់របស់គាត់ចំពោះការអធិស្ឋាន និងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កូនៗគាត់ ដោយផ្ដល់ដល់ពួកគេនូវគ្រឹះដ៏រឹងមាំមួយនៃសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
បទពិសោធន៍មួយដែលខ្ញុំមាន កាលខ្ញុំមានវ័យ ១៥ ឆ្នាំ គឺជាគ្រឹះសម្រាប់ខ្ញុំ ។ អ្នកម្ដាយស្មោះត្រង់របស់ខ្ញុំបានព្យាយាមដោយស្មោះត្រង់ដើម្បីជួយខ្ញុំស្ថាបនាគ្រឹះនៃសេចក្ដីជំនឿក្នុងជីវិតខ្ញុំ ។ ខ្ញុំបានចូលរួមការប្រជុំសាក្រាម៉ង់ ថ្នាក់កុមារ ក្រោយមកទៀតថ្នាក់យុវជន និងថ្នាក់សិក្ខាសាលា ។ ខ្ញុំបានអានព្រះគម្ពីរមរមន ហើយតែងមានការអធិស្ឋានផ្ទាល់ខ្លួនជានិច្ច ។ នៅពេលនោះ មានព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងក្នុងគ្រួសារយើង កាលបងប្រុសខ្ញុំពិចារណាចង់ចេញបេសកកម្ម ។ លោកឪពុកដ៏ល្អរបស់ខ្ញុំ ដែលជាសមាជិកមិនសូវសកម្ម ចង់ឲ្យគាត់បន្តការសិក្សា ហើយមិនចង់ឲ្យគាត់បម្រើបេសកកម្មទេ ។ រឿងនេះបានធ្វើឲ្យពួកគេខ្វែងគំនិតគ្នា ។
ក្នុងការពិភាក្សាដ៏អស្ចារ្យមួយជាមួយបងប្រុសខ្ញុំ ដែលមានអាយុច្រើនជាងខ្ញុំប្រាំឆ្នាំ ហើយដឹកនាំការពិភាក្សា យើងបានសម្រេចចិត្តថា គាត់គួរសម្រេចចិត្តបម្រើបេសកកម្ម ឬ ក៏អត់គឺអាស្រ័យលើបញ្ហាបីយ៉ាង ៖ (១) តើព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែនទេ ? (២) តើព្រះគម្ពីរមរមនពិតដែរទេ ? (៣) តើយ៉ូសែប ស្ម៊ីធគឺជាព្យាការីនៃការស្ដារឡើងវិញដែរទេ ?
កាលខ្ញុំបានអធិស្ឋានដោយចិត្តស្មោះនៅយប់នោះ ព្រះវិញ្ញាណបានបញ្ជាក់សេចក្ដីពិតនៃសំណួរទាំងបីនោះដល់ខ្ញុំ ។ ខ្ញុំក៏បានយល់ដឹងថា ស្ទើរតែរាល់ការសម្រេចចិត្តដែលខ្ញុំនឹងធ្វើសម្រាប់ជីវិតរបស់ខ្ញុំនឹងត្រូវពឹងផ្អែកលើចម្លើយនៃសំណួរទាំងបីនោះ ។ ខ្ញុំបានដឹងជាពិសេសថា សេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជារឿងដ៏ចាំបាច់ ។ ដោយមើលត្រឡប់ទៅក្រោយវិញ ខ្ញុំដឹងថា ជាពិសេសដោយសារអ្នកម្ដាយខ្ញុំ គ្រឹះនោះត្រូវបានសង់សម្រាប់ខ្ញុំ ដើម្បីទទួលបានការបញ្ជាក់ខាងវិញ្ញាណនាល្ងាចនោះ ។ បងប្រុសខ្ញុំដែលមានទីបន្ទាល់រួចហើយ បានធ្វើការសម្រេចចិត្តបម្រើបេសកកម្ម ហើយទីបំផុតបានទទួលការគាំទ្រពីលោកឪពុកខ្ញុំ ។
ការដឹកនាំខាងវិញ្ញាណត្រូវបានទទួលពេលត្រូវការ ក្នុងពេលវេលារបស់ព្រះអម្ចាស់ ហើយស្របតាមព្រះទ័យទ្រង់ ។ ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទគឺជាឧទាហរណ៍មួយដ៏ល្អបំផុត ។ ថ្មីៗនេះ ខ្ញុំបានមើលកំណែទីមួយរបស់ព្រះគម្ពីរមរមន ។ យ៉ូសែប ស្ម៊ីធ បានបញ្ចប់ការបកប្រែ កាលលោកមានវ័យ ២៣ ឆ្នាំ ។ យើងដឹងពីដំណើរការ និងឧបករណ៍ដែលលោកបានប្រើក្នុងការបកប្រែនោះ ។ ក្នុងការបោះពុម្ពលើកដំបូងនាឆ្នាំ ១៨៣០ នោះ យ៉ូសែបបានដាក់បញ្ចូលនូវអារម្ភកថាខ្លីមួយ ហើយបានប្រកាសដោយសាមញ្ញ ហើយច្បាស់ថា វាត្រូវបានបកប្រែ « ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ » ។ ចុះឧបករណ៍ជំនួយដល់ការបកប្រែ—យូរីម និង ធូមីម ជាថ្មអ្នកមើលឆុតវិញ ? តើវាជាឧបករណ៍ចាំបាច់ ឬវាគ្រាន់តែជាឧបករណ៍ជួយបង្ហាត់បង្រៀនរហូតដល់យ៉ូសែបអាចអនុវត្តសេចក្ដីជំនឿចាំបាច់ដើម្បីទទួលវិវរណៈដោយផ្ទាល់បន្ថែមទៀតឬ ?
ដូចជាការខិតខំខ្ជាប់ខ្ជួនម្ដងហើយម្ដងទៀតដែលតម្រូវឲ្យមានដើម្បីទទួលបានសមត្ថភាពខាងរូបកាយ ឬខាងផ្លូវចិត្ត នោះវាក៏ដូចគ្នាក្នុងបញ្ហាខាងវិញ្ញាណដែរ ។ សូមចងចាំថា ព្យាការីយ៉ូសែប ត្រូវបានមរ៉ូណៃមកជួប ហើយប្រាប់នូវសារលិខិតដដែលមានចំនួនបួនលើកដើម្បីរៀបចំទទួលផ្ទាំងចំណារទាំងនោះ ។ ខ្ញុំជឿថា ការចូលរួមការប្រជុំសាក្រាម៉ង់ដ៏ពិសិដ្ឋរាល់សប្ដាហ៍មានការជាប់ទាក់ទិនខាងវិញ្ញាណដែលយើងមិនយល់ទាំងស្រុងនោះទេ ។ ការពិចារណាបទគម្ពីរជាទៀងទាត់—ជាជាងគ្រាន់តែអានវាម្ដងម្កាល—អាចជំនួសការយល់ដឹងសើៗមួយសម្រាប់ការផ្លាស់ប្ដូរជីវិតដ៏វិសេសវិសាលមួយដែលពង្រីកការផ្លាស់ប្តូរនៃសេចក្ដីជំនឿរបស់យើង ។
សេចក្តីជំនឿគឺជាគោលការណ៍មួយនៃអំណាច ។ ខ្ញុំសូមបង្ហាញថា ៖ កាលខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងជាប្រធានបេសកកម្មដ៏អស្ចារ្យម្នាក់ បានធ្វើឲ្យខ្ញុំស្គាល់រឿងក្នុងបទគម្ពីរតាមរបៀបដ៏អស្ចារ្យមួយដែលមាននៅក្នុង លូកា ៨ ស្ដីពីស្ត្រីដែលមានបញ្ហាធ្លាក់ឈាមរយៈពេល ១២ ឆ្នាំ ហើយចំណាយអ្វីគ្រប់យ៉ាងដែលគាត់មានឲ្យពួកគ្រូពេទ្យដែលមិនអាចព្យាបាលគាត់បាន ។ វាគឺជាបទគម្ពីរដែលខ្ញុំចូលចិត្តរហូតមកដល់សព្វថ្ងៃនេះ ។
បងប្អូននឹងចងចាំថា គាត់មានសេចក្ដីជំនឿថា បើគាត់អាចប៉ះជាយព្រះពស្រ្តរបស់ព្រះអង្គសង្រ្គោះ គាត់នឹងជា ។ កាលគាត់បានធ្វើដូច្នោះ គាត់បានជាភ្លាម ។ ព្រះអង្គសង្គ្រោះដែលយាងដើរកាត់នោះជាមួយនឹងពួកសិស្សទ្រង់បានមានបន្ទូលថា « អ្នកណាពាល់ខ្ញុំ ? »
ពេត្រុសបានឆ្លើយថា ពួកគេទាំងអស់គ្នាដើរជុំគ្នាប៉ះនឹងទ្រង់ ។
« ព្រះយេស៊ូវមានព្រះបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ » ។
ពាក្យឫសនៃពាក្យ ឫទ្ធិ អាចបកប្រែដោយងាយថាជា « អំណាច » ។ ជាភាសាអេស្ប៉ាញ និងព័រទុយហ្គាល់ វាត្រូវបានបកប្រែថាជា « អំណាច » ។ ប៉ុន្តែទោះជាអ្វីក៏ដោយ ព្រះអង្គសង្គ្រោះពុំបានឃើញនាងទេ ទ្រង់ពុំបានផ្ដោតលើសេចក្ដីត្រូវការនាងឡើយ ។ ប៉ុន្តែសេចក្ដីជំនឿគាត់គឺអស្ចារ្យណាស់រហូតការពាល់ជាយព្រះពស្ត្រនោះបាននាំមកនូវអំណាចព្យាបាលនៃព្រះរាជបុត្រារបស់ព្រះ ។
កាលព្រះអង្គសង្គ្រោះមានព្រះបន្ទូលទៅគាត់ថា « ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ » ។
ខ្ញុំបានសញ្ជឹងគិតពីរឿងនេះពេញមួយជីវិតខ្ញុំ ។ ខ្ញុំដឹងថា ការអធិស្ឋាន និងការទូលអង្វររបស់យើងទៅកាន់ព្រះវរបិតាសួគ៌ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអាចនាំពរជ័យចូលមកក្នុងជីវិតយើងដែលយើងពុំអាចយល់បាន ។ គ្រឹះនៃសេចក្ដីជំនឿ ជាសេចក្ដីជំនឿដែលស្ត្រីម្នាក់នេះបានបង្ហាញ គួរជាបំណងប្រាថ្នាដ៏ធំនៃដួងចិត្តយើង ។
ប៉ុន្តែ គ្រឹះដើមនៃសេចក្ដីជំនឿ រួមទាំងការបញ្ជាក់ខាងវិញ្ញាណផងដែរ ពុំមានន័យថា យើងនឹងពុំជួបឧបសគ្គនោះឡើយ ។ ការប្រែចិត្តជឿចំពោះដំណឹងល្អពុំមានន័យថា រាល់បញ្ហាយើងនឹងត្រូវបានដោះស្រាយនោះទេ ។
ប្រវត្តិសាស្ត្រសាសនាចក្រកាលពីមុន និងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាមាននូវគំរូដ៏ប្រសើរនៃការស្ថាបនាគ្រឹះនៃសេចក្ដីជំនឿ និងការទប់ទល់នឹងការផ្លាស់ប្ដូរ និងឧបសគ្គដែលយើងមនុស្សគ្រប់គ្នាជួបប្រទះ ។
ការបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់គឺជាគ្រឹះសម្រាប់សាសនាចក្រទាំងមូល ។ វាត្រូវបានទ្រទ្រង់ដោយការចាក់ស្រោចខាងវិញ្ញាណ វិវរណៈខាងគោលលទ្ធិ និងការស្ដារឡើងវិញនៃកូនសោចាំបាច់សម្រាប់ការស្ថាបនាបន្តរបស់សាសនាចក្រ ។ ដូចជាពួកព្យាការីបុរាណនៅបុណ្យថ្ងៃ ៥០ដែរ មានសមាជិកជាច្រើនបានជួបនឹងបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យទាក់ទងនឹងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ។ ប៉ុន្តែ ដូចជានៅក្នុងជីវិតយើងផ្ទាល់ដែរ ការណ៍នេះពុំមានន័យថា ពួកគេនឹងមិនជួបនឹងឧបសគ្គ ឬការលំបាកនៅខាងមុខនោះទេ ។ សមាជិកពីមុនទាំងនេះដឹងតិចតួចណាស់ថា ពួកគេនឹងជួបនូវវិបត្តិហិរញ្ញវត្ថុមួយរបស់សហរដ្ឋអាមេរិក—ជាវិបត្តិនាឆ្នាំ ១៨៣៧—ដែលជាការសាកល្បងដល់ព្រលឹងពួកគេ ។
គំរូមួយនៃឧបសគ្គដែលទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុនេះ គឺជាបទពិសោធន៍របស់អែលឌើរ ប៉ាលី ភី ប្រាត្ត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបនៃការស្ដារឡើងវិញ ។ លោកគឺជាសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅដើមឆ្នាំ ១៨៣៧ ភរិយាជាទីស្រឡាញ់របស់លោក ឈ្មោះ ធែងហ្វុល បានស្លាប់បន្ទាប់ពីសម្រាលកូនដំបូង ។ ប៉ាលី និងធែងហ្វុល បានរៀបការនឹងគ្នាជិត ១០ ឆ្នាំ ហើយការស្លាប់របស់នាងធ្វើឲ្យចិត្តលោកខ្ទេចខ្ទាំ ។
ពីរបីខែក្រោយមក អែឌើរ ប្រាត្ត បានឃើញថាខ្លួនឯងស្ថិតនៅក្នុងគ្រាដ៏លំបាកបំផុតមួយដែលសាសនាចក្របានជួបប្រទះ ។ នៅក្នុងវិបត្តិជាតិនេះ ជាបញ្ហាសេដ្ឋកិច្ចក្នុងស្រុក—រួមទាំងបញ្ហាដីធ្លី និងភាពស្មុគស្មាញនៃស្ថាប័នហិរញ្ញវត្ថុដែលបង្កើតឡើងដោយយ៉ូសែប ស្ម៊ីធ និងសមាជិកផ្សេងទៀតក្នុងសាសនាចក្រ—បានបង្កើតជាការមិនចុះសម្រុង និងជម្លោះក្នុងទីក្រុងខឺតឡង់ ។ ថ្នាក់ដឹកនាំសាសនាចក្រមិនបានធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃខាងសាច់ឈាមនៅក្នុងជីវិតពួកគាត់ជានិច្ចនោះទេ ។ ប៉ាលីបានរងទុក្ខនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុដ៏ច្រើន ហើយបានមានការអាក់អន់ចិត្តនឹងព្យាការីយ៉ូសែប មួយរយៈ ។ លោកបានសរសេរពាក្យរិះគន់យ៉ាងខ្លាំង ហើយបាននិយាយទាស់នឹងយ៉ូសែបនៅលើវេទិកា ។ នៅគ្រាដដែលនោះ ប៉ាលីបានពោលថា គាត់បានបន្តជឿលើព្រះគម្ពីរមរមន និងគោលលទ្ធិ និងសេចក្ដីសញ្ញា ។
អែលឌើរ ប្រាត្ត បានបាត់បង់ភរិយា ដី និងផ្ទះរបស់លោក ។ ប៉ាលី បានចាកចេញពីរដ្ឋមិសសួរី ដោយមិនបានប្រាប់យ៉ូសែប ។ កាលកំពុងធ្វើដំណើរ លោកបានជួបនឹងសាវក ថូម៉ាស ប៊ី ម៉ាស និងដាវីឌ ប៉ាទ្ទិនដែលត្រឡប់មកទីក្រុងខឺឡង់ដោយមិនបានរំពឹងទុក ។ ពួកលោកចង់ឲ្យមានការរួបរួមគ្នាត្រូវបានស្ដារឡើងវិញក្នុងកូរ៉ុម ហើយបានបញ្ចុះបញ្ចូលប៉ាលីឲ្យត្រឡប់មកវិញជាមួយពួកលោក ។ លោកបានយល់ថា គ្មាននរណាម្នាក់បាត់បង់ច្រើនជាងយ៉ូសែប ស្ម៊ីធ និងគ្រួសារលោកឡើយ ។
ប៉ាលីបានទៅរកព្យាការី បានយំ ហើយបានសារភាពថារឿងដែលលោកបានធ្វើគឺជារឿងខុសឆ្គង ។ បន្ទាប់ពីភរិយាលោកបានស្លាប់ជាច្រើនខែ ការស្លាប់របស់ធែងហ្វុល ប៉ាលីបាន « នៅក្រោមពពកដ៏ខ្មៅងងឹត » ហើយបានគ្របដណ្ដប់ដោយភាពភ័យខ្លាច និងការមិនសប្បាយចិត្ត ។ ដោយដឹងពីភាពស្មុគស្មាញទាស់នឹងឧបសគ្គ និងការល្បួងមានសភាពបែបណា នោះយ៉ូសែប « អត់ទោសដោយស្មោះត្រង់ » ឲ្យប៉ាលី ដោយអធិស្ឋាន ហើយប្រសិទ្ធពរឲ្យលោក ។ ប៉ាលី និងមនុស្សផ្សេងទៀតដែលបន្តស្មោះត្រង់បានទទួលប្រយោជន៍មកពីឧបសគ្គនៅខឺតឡង់ ។ ពួកគេបានបង្កើនប្រាជ្ញា ហើយក្លាយកាន់តែថ្លៃថ្នូរ និងមានគុណធម៌ ។ បទពិសោធន៍នេះក្លាយជាផ្នែកមួយក្នុងគ្រឹះនៃសេចក្ដីជំនឿរបស់ពួកគេ ។
ទុក្ខវេទនាមិនគួរចាត់ទុកថាវាជាការមិនសព្វព្រះទ័យរបស់ព្រះអម្ចាស់ ឬការដកយកពរជ័យរបស់ទ្រង់នោះទេ ។ ការផ្ទុយនៅគ្រប់រឿងគឺជាផ្នែកមួយនៃភ្លើងរបស់ជាងសំរងដើម្បីរៀបចំយើងសម្រាប់ជោគវាសនាសេឡេស្ទាលដ៏អស់កល្បមួយ ។ កាលព្យាការីយ៉ូសែប ស្ម៊ីធ ជាប់ឃុំក្នុងគុកលីបឺធី បន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកបានរៀបរាប់ពីរាល់ទម្រង់នៃឧបសគ្គ—រួមទាំងក្តីឈឺចាប់ និងការចោទខុស—ហើយបានសន្មតថា ៖
« បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។
« កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត ។ តើអ្នកធំជាងទ្រង់ឬអី » ?
ក្នុងបន្ទូលណែនាំនេះដល់យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់ក៏បញ្ជាក់យ៉ាងច្បាស់ ទ្រង់ជ្រាបពីពេលវេលារបស់លោក ហើយជីវិតលោកនឹងពុំត្រូវបញ្ចប់ឡើយ បើពុំចាំបាច់នោះ ។ ព្រះអម្ចាស់បានមានបន្ទូលបញ្ចប់ថា « ចូរកុំខ្លាចនូវអ្វី ដែលមនុស្សអាចប្រព្រឹត្តនោះឡើយ ដ្បិតព្រះទ្រង់នឹងគង់នៅជាមួយអ្នក ជារៀងដរាបតទៅ » ។
ដូច្នេះ តើពរជ័យនៃសេចក្ដីជំនឿមានអ្វីខ្លះ ? តើសេចក្ដីជំនឿសម្រេចបានអ្វីខ្លះ ? បញ្ជីនេះស្ទើរតែគ្មានកន្លែងបញ្ចប់ ៖
អំពើបាបយើងត្រូវអាចអភ័យទោសឲ្យ ដោយសារសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
ជនដែលមានសេចក្ដីជំនឿនឹងមានការរួបរួមនឹងព្រះវិញ្ញាណបរិសុទ្ធ ។
សេចក្ដីសង្គ្រោះកើតឡើងតាមរយៈសេចក្ដីជំនឿលើព្រះនាមព្រះគ្រីស្ទ ។
យើងទទួលបានកម្លាំងស្របតាមសេចក្ដីជំនឿរបស់យើងលើព្រះគ្រីស្ទ ។
គ្មាននរណាម្នាក់ចូលទៅក្នុងទីសម្រាករបស់ព្រះអម្ចាស់បានឡើយ លើកលែងតែជនដែលបានលាងសម្លៀកបំពាក់ខ្លួនដោយលោហិតរបស់ព្រះគ្រីស្ទ ដោយសារតែសេចក្ដីជំនឿពួកគេ ។
ការអធិស្ឋានបានទទួលចម្លើយស្របតាមសេចក្ដីជំនឿ ។
បើគ្មានសេចក្ដីជំនឿក្នុងចំណោមមនុស្ស ព្រះមិនអាចធ្វើអព្ភូតហេតុក្នុងចំណោមពួកគេបានឡើយ ។
នៅទីបំផុត សេចក្ដីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះដ៏ចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដ៏អស់កល្បរបស់យើង ។ ដូចជាហេលេមិនបានបង្រៀនដល់ពួកកូនប្រុសរបស់លោកថា « ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើងគឺព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន … ជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយប្រសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ »។
ខ្ញុំមានអំណរគុណចំពោះការពង្រឹងគ្រឹះនៃសេចក្ដីជំនឿដែលកើតចេញពីសន្និសីទនេះ ។ ខ្ញុំសូមអង្វរថា យើងនឹងលះបង់ ហើយមានចិត្តរាបសាដ៏ចាំបាច់ដើម្បីពង្រឹងគ្រឹះនៃសេចក្ដីជំនឿយើងលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងជាសាក្សីដ៏ខ្ជាប់ខ្ជួនរបស់ខ្ញុំអំពីទ្រង់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។