ការយកឈ្នះលោកិយ
ការយកឈ្នះលើលោកិយពុំមែនកើតឡើងតែមួយពេលក្នុងជីវិតរបស់បងប្អូននោះទេ ប៉ុន្តែវាកើតឡើងជាច្រើនដងក្នុងជីវិតនេះ ដែលវាកំណត់នូវភាពអស់កល្បជានិច្ចរបស់យើង ។
ច្រើនឆ្នាំកន្លងទៅ ប្រធាន ដេវីឌ អូ មិកឃេ បានប្រាប់ពីបទពិសោធន៍មួយដ៏ល្អដែលលោក មាន ពេលលោកជិះទូកទៅកាន់កោះសាម័រ ។ បន្ទាប់ពីបានលង់លក់ លោក « បានមើលឃើញក្នុងការនិមិត្តជាអ្វីមួយដែលរុងរឿងជាខ្លាំង ។ លោកបានប្រាប់ថា « ខ្ញុំបានមើលឃើញទីក្រុងពណ៌សមួយពីចម្ងាយ ។ … ដើមឈើមានផ្លែដ៏មានឱជារស… ហើយបុប្ផារីកស្គុះស្គាយគ្រប់ទីកន្លែង ។… មានមនុស្សយ៉ាងច្រើនកុះករដើរចូលមកក្នុងទីក្រុងនោះ ។ ម្នាក់ៗស្លៀកពាក់រ៉ូបពណ៌ស ។… រំពេចនោះខ្ញុំចាប់អារម្មណ៍…ទៅលើអ្នកដឹកនាំរបស់ពួកគេ ហើយទោះជាខ្ញុំអាចមើលឃើញតែទម្រង់នៃតួអង្គបុរសនោះក្ដី… ក៏ខ្ញុំបានស្គាល់តួអង្គនោះភ្លាមថាជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ! …រស្មីនៃព្រះភ័ក្ររបស់ទ្រង់ [ គឺ ] រុងរឿងណាស់ ។… ភាពសុខសាន្ដនៅជុំទ្រង់…គឺទេវភាពណាស់ ! »
ប្រធាន មិកឃេ បន្ដថា « ទីក្រុងនោះ… គឺជា…ទីក្រុងអស់កល្បជានិច្ចរបស់ទ្រង់ ហើយមនុស្សដែលដើរតាមទ្រង់ចង់នៅទីនោះដោយសុខសាន្ដ និងសុភមង្គលដ៏អស់កល្បជានិច្ច » ។
ប្រធាន មិកឃេ បានងឿងឆ្ងល់ថា « តើពួកគេ [ ជា ] នរណា ? [ ប្រជាជនទាំងនេះជានរណា ? ] »
លោកពន្យល់ពីអ្វីដែលបានកើតឡើងក្រោយមកទៀត ៖
« ដូចជាព្រះអង្គសង្គ្រោះបានដឹងពីគំនិតខ្ញុំ ទ្រង់បានឆ្លើយដោយការចង្អុលទៅកាន់ [ ពាក្យនៅក្នុង ] កន្លះរង្វង់ដែល… បានបង្ហាញឡើងនៅខាងលើ [ មនុស្ស ]… សរសេរជាពណ៌ទឹកមាស… ៖
« ‹ ពួកគេគឺជាអ្នកដែលបានយកឈ្នះលើលោកិយ—
« ជាអ្នកដែលពិតជាបានកើតម្ដងទៀត ! › »
អស់ជាច្រើនទសវត្សន៍មកហើយ ខ្ញុំបានចាំពាក្យទាំងនេះ ៖ « ពួកគេគឺជាអ្នកដែលបានយកឈ្នះលើលោកិយ » ។
ពរជ័យដែលព្រះអម្ចាស់បានសន្យាចំពោះអស់អ្នកដែលយកឈ្នះលើលោកិយនេះគឺអស្ចារ្យណាស់ ។ ពួកគេនឹង « បានស្លៀកពាក់ស … ហើយ [ មានឈ្មោះក្នុង ] បញ្ជីជីវិត » ។ ព្រះអម្ចាស់ « នឹងថ្លែងប្រាប់ពី [ ឈ្មោះរបស់ពួកគេ ] នៅចំពោះព្រះវរបិតាយើង និងចំពោះពួកទេវតាទ្រង់ដែរ » ។ ម្នាក់ៗនឹងមាន « ចំណែកក្នុងដំណើររស់ឡើងវិញទីមួយ » ទទួលបានជីវិតអស់កល្បជានិច្ច ហើយ « នឹងមិនចេញពី » វត្តមានរបស់ព្រះទៀតឡើយ ។
តើវាអាចទៅរួចទេ ដើម្បីយកឈ្នះលើលោកិយ ហើយទទួលពរជ័យទាំងនេះ ? បាទ ពិតជាអាច ។
សេចក្ដីស្រឡាញ់ចំពោះព្រះអង្គ សង្គ្រោះ
អស់អ្នកដែលយកឈ្នះលើលោកិយ អភិវឌ្ឍសេចក្ដីស្រឡាញ់ដ៏ពេញលេញចំពោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។
ការប្រសូតដ៏ទេវភាពរបស់ទ្រង់ ជីវិតដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដង្វាយធួនដ៏និរន្ដរ៍របស់ទ្រង់នៅសួនច្បារគេតសេម៉ានី និងកាល់កូថា បានអះអាងដល់យើងថា យើងម្នាក់ៗនឹងរស់ឡើងវិញ ។ តាមរយៈការប្រែចិត្តដោយស្មោះរបស់យើង មានតែទ្រង់ប៉ុណ្ណោះដែលអាចសម្អាតយើងពីអំពើបាបរបស់យើង ដោយអនុញ្ញាតឲ្យយើងត្រឡប់ទៅវត្តមានរបស់ព្រះវិញបាន ។ « យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន » ។
ព្រះយេស៊ូវបានមានបន្ទូលថា « ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។
ក្រោយមក ទ្រង់បានបន្ថែមថា « យើងចង់ឲ្យអ្នករាល់គ្នាឈ្នះលើលោកិយ » ។
ការយកឈ្នះលើលោកិយពុំមែនកើតឡើងតែមួយពេលក្នុងជីវិតរបស់បងប្អូននោះទេ ប៉ុន្តែវាកើតឡើងជាច្រើនដងក្នុងជីវិតនេះ ដែលវាកំណត់នូវភាពអស់កល្បជានិច្ចរបស់យើង ។
វាអាចចាប់ផ្ដើមដូចជាកុមារតូចម្នាក់រៀនអធិស្ឋាន ហើយច្រៀងដោយមានគារវភាពនូវបទ « ខ្ញុំព្យាយាមក្លាយដូចជាព្រះយេស៊ូវ » ។ វាមានបន្ដ នៅពេលមនុស្សម្នាក់សិក្សាពីជីវិតរបស់ព្រះអង្គសង្គ្រោះនៅក្នុងគម្ពីរសញ្ញាថ្មី ហើយពិចារណាពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរមរមន ។
ការអធិស្ឋាន ការប្រែចិត្ត ការធ្វើតាមព្រះអង្គសង្គ្រោះ ហើយការទទួលយកព្រះគុណរបស់ទ្រង់ នាំឲ្យយើងយល់ពីមូលហេតុដែលយើងនៅទីនេះ ហើយថាយើងអាចក្លាយជានរណា ។
អាលម៉ា បានពិពណ៌នាអំពីវាតាមរបៀបនេះ ៖ « ការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេបានបន្ទាបខ្លួន ហើយបានដាក់ទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ… [ បន្ដ ] មានចិត្តស្មោះត្រង់រហូតដល់ទីបំផុត » ។
អស់អ្នកដែលយកឈ្នះលើលោកិយនេះដឹងថា ពួកគេនឹងទទួលខុសត្រូវចំពោះព្រះវរបិតាសួគ៌របស់ពួកគេ ។ ការផ្លាស់ប្ដូរ និងការប្រែចិត្តដោយស្មោះពីអំពើបាប ឈប់ជាការដាក់កំហិតទៀតហើយ តែមានសេរីភាពវិញ ហើយ « ទោះបើអំពើបាប [ យើង ] ដូចជាពណ៌ក្រហមទែងក៏ដោយ… [គង់តែ]នឹងបានសដូចហិមៈ » ។
ការទទួលខុសត្រូវចំពោះព្រះ
មនុស្សខាងលោកិយពិបាកនឹងទទួលខុសត្រូវចំពោះព្រះ—ដូចជាកូនដែលជប់លៀងក្នុងផ្ទះរបស់ឪពុកម្ដាយគាត់ ខណៈដែលពួកគាត់ពុំនៅផ្ទះ ដោយរីករាយនឹងសំឡេងកងរំពង ហើយពុំបានគិតអំពីផលវិបាក នៅពេលដែលឪពុកម្ដាយត្រឡប់មកវិញនៅរយៈពេល ២៤ ម៉ោងក្រោយមក ។
លោកិយនេះចាប់អារម្មណ៍ផ្គាប់ចិត្តរបស់មនុស្សខាងសាច់ឈាម ជាជាងការចុះចូលនឹងទ្រង់ ។
ការយកឈ្នះលើលោកិយពុំមែនជាការវាយប្រហារជាសាកលនោះទេ ប៉ុន្តែវាជាសង្រ្គាមឯកជន ផ្ទាល់ខ្លួនមួយ ដែលយើងត្រូវប្រឈមមុខនឹងការល្បួងក្នុងខ្លួនយើង ។
ការយកឈ្នះលើលោកិយមានន័យថាជាការឱបក្រសោបបទបញ្ញត្តិដ៏មហិមាបំផុតនេះ ៖ « ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង » ។
អ្នកនិពន្ធគ្រីស្ទានឈ្មោះ ស៊ី អេស លូវិស បានពិពណ៌នាតាមរបៀបនេះ ៖ « ព្រះគ្រីស្ទមានបន្ទូលថា ‹ ចូរឲ្យយើងអ្វីទាំងអស់ ។ ខ្ញុំមិនចង់បានពេលវេលា និងប្រាក់កាសនិងការងាររបស់អ្នកច្រើនទេ ៖ ខ្ញុំចង់បានរូបអ្នក ›» ។
ការយកឈ្នះលើលោកិយគឺការរក្សាការសន្យារបស់យើងចំពោះព្រះ—ដូចជា ពិធីបុណ្យ ជ្រមុជទឹករបស់យើង និងសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ និងសម្បថនៃភាពស្មោះត្រង់របស់យើងចំពោះដៃគូដ៏អស់កល្បជានិច្ចរបស់យើង ។ ការយកឈ្នះលើលោកិយដឹកនាំយើងដោយរាបសាទៅកាន់តុសាក្រាម៉ង់រាល់សប្ដាហ៍ ដើម្បីសូមអភ័យទោស និងទូលអង្វរដើម្បី « ចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ប្រយោជន៍ឲ្យយើងអាច « បានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹង [ យើង ] ជាដរាប » ។
សេចក្ដីស្រឡាញ់របស់យើងចំពោះថ្ងៃឈប់សម្រាកពុំបញ្ចប់ត្រឹមពេលទ្វារសាលាប្រជុំបិទនោះទេ ផ្ទុយទៅវិញវាបើកទ្វារទៅកាន់ថ្ងៃដ៏ល្អនៃការសម្រាក ការសិក្សា ការអធិស្ឋាន និងការជួយគ្រួសារ និងអ្នកដទៃដែលត្រូវការការយកចិត្តទុកដាក់របស់យើង ។ ជំនួសឲ្យការបានធូរក្នុងទ្រូងពេលព្រះវិហារបានបញ្ចប់ ហើយរត់យ៉ាងលឿនទៅរកទូរទស្សន៍ឲ្យបានពីមុនការប្រកួតកីឡាបាល់ទាត់ចាប់ផ្ដើមនោះចូរឲ្យគំនិតរបស់យើងបន្ដផ្ដោតទៅលើព្រះអង្គសង្គ្រោះ និងថ្ងៃបរិសុទ្ធរបស់ទ្រង់វិញ ។
លោកិយនេះត្រូវបានអូសទាញមិនឈប់ឈរដោយសំឡេងល្បួងចិត្ត និងទាក់ទាញ ។
ការយកឈ្នះលើលោកិយ គឺជាការទុកចិត្តទៅលើសំឡេងមួយដែលព្រមាន ក្សាន្ដចិត្ត បំភ្លឺ ហើយនាំមកនូវភាពសុខសាន្ដ « មិនមែនដូចជាលោកីយ៍ឲ្យទេ » ។
គ្មានចិត្តកំណាញ់
ការយកឈ្នះលើលោកិយ មានន័យថាការពុំគិតតែពីខ្លួនឯង ដោយចងចាំដល់បទបញ្ញត្តិទីពីរ ៖ « អ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ » ។ សុភមង្គលរបស់ស្វាមី ឬភរិយាយើងសំខាន់ជាងភាពរីករាយផ្ទាល់ខ្លួនរបស់យើង ។ ការជួយកូនចៅយើងឲ្យស្រឡាញ់ព្រះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ គឺជាអាទិភាពចម្បង ។ យើងស្ម័គ្រចិត្តចែកចាយពរជ័យខាងសម្ភាររបស់យើងតាមរយៈដង្វាយមួយភាគក្នុងដប់ ដង្វាយតមអាហារ ហើយផ្ដល់ទៅដល់អ្នកដែលខ្វះខាត ។ ការរក្សាគំនិតខាងវិញ្ញាណរបស់យើងឆ្ពោះទៅស្ថានសួគ៌ នោះព្រះអម្ចាស់នឹងដឹកនាំយើង ទៅរកអ្នកដែលយើងអាចជួយ ។
មនុស្សខាងលោកិយគិតតែខ្លួនឯង ដោយ ដែលប្រកាសដោយអំនួតថា « មើលខ្ញុំហ្នែ៎ បើប្រៀបធៀបនឹងអ្នកជិតខាងខ្ញុំ ! មើលរបស់ខ្ញុំហ្នែ៎ ! ឃើញទេ ថាខ្ញុំសំខាន់ប៉ុណ្ណា !
មនុស្សខាងលោកិយងាយនឹងឆេវឆាវ ងាយបាត់ការចាប់អារម្មណ៍ ហើយ មានតម្រូវការច្រើន ចូលចិត្តការសរសើរមកពីមនុស្សជាច្រើន ខណៈដែលការយកឈ្នះលើលោកិយនាំមកនូវភាពរាបសា ការអាណិតអាសូរ ការអត់ធ្មត់ និងក្ដីមេត្តាចំពោះអ្នកដែលផ្សេងពីខ្លួន ។
សុវត្ថិភាពនៅក្នុងពួកព្យាការី
ការយកឈ្នះលើលោកិយជានិច្ចកាលមានន័យថា យើងជឿលើគោលការណ៍ខ្លះ ដែលលោកិយនឹងរិះគន់ដល់យើង ។ ព្រះអង្គសង្គ្រោះមានបន្ទូលដូចនេះ ៖
« បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយថា គេបានស្អប់ខ្ញុំជាមុន ។
« បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា » ។
ប្រធានរ័សុល អិម ណិលសុន បានមានប្រសាសន៍កាលពីព្រឹកមិញនេះថា « សិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទស្ម័គ្រចិត្តក្រោកឈរឡើង បញ្ចេញមតិ ហើយខុសពីមនុស្សនៃលោកិយ » ។
សិស្សរបស់ព្រះគ្រីស្ទពុំបារម្ភទេ ប្រសិនបើជំនឿរបស់គាត់ពុំទទួលបានការចុចចូលចិត្តចំនួន ១០,០០០នៅលើទំព័រហ្វេសប៊ុកឬមានចុចគាំទ្រតិចតួចនោះ ។
ការយកឈ្នះលើលោកិយគឺជាការមិនសូវបារម្ភអំពីទំនាក់ទំនងតាមអ៊ិនធើរណិតរបស់យើង តែខ្វល់ខ្វាយកាន់តែខ្លាំងជាមួយនឹងទំនាក់ទំនងសួគ៌ារបស់យើងចំពោះព្រះ ។
ព្រះអម្ចាស់ប្រទានសុវត្ថិភាពដល់យើង នៅពេលយើងស្ដាប់តាមការណែនាំមកពីពួកព្យាការី និងពួកសាវករបស់ទ្រង់បច្ចុប្បន្ន ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « លោកិយនេះអាចនឹង…មានរឿងស្មុគស្មាញ ។ … [នៅពេលយើងទៅព្រះវិហារបរិសុទ្ធ] … យើងនឹងអាចទ្រាំទ្ររាល់ការសាកល្បងបានច្រើន ហើយយកឈ្នះរាល់ការល្បួងនីមួយៗ ។ … យើងនឹងបានផ្លាស់ប្ដូរជាថ្មី ហើយនឹងត្រូវបានពង្រឹង » ។
ដោយមានការល្បួង ការរំខាននិងការវៀចវេកាន់តែច្រើន លោកិយនេះនឹងបញ្ឆោតដល់អ្នកដែលធ្លាប់បានស្មោះត្រង់ ហើយអូសទាញពួកគេឲ្យបដិសេធបទពិសោធន៍ខាងវិញ្ញាណដ៏មានអានុភាព ដែលពួកគេមានកាលពីអតីតកាល ធ្វើឲ្យពួកគេជឿថា បទពិសោធន៍ខាងវិញ្ញាណទាំងនោះគ្រាន់តែជាអ្វីដែលពួកគេនឹកស្រមៃ ឬឆ្កួតលីលាប៉ុណ្ណោះ ។
ការយកឈ្នះលើលោកិយគឺជាការចងចាំអំពីគ្រាដែលយើងមានអារម្មណ៍បាក់ទឹកចិត្ត និងគ្រាដែលយើងទទួលបានក្ដីស្រឡាញ់ និងពន្លឺរបស់ព្រះអង្គសង្គ្រោះ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានពន្យល់ពីបទពិសោធន៍មួយនៃការណ៍នេះតាមរបៀបនេះថា ៖ « ខ្ញុំត្រូវបានប្រទានពរ ហើយខ្ញុំបានដឹងថា ព្រះបានដឹងថា ខ្ញុំបានដឹងថាខ្ញុំត្រូវបានប្រទានពរ » ។ ទោះបីជាយើងអាចមានអារម្មណ៍ថាព្រះភ្លេចយើងមួយរយៈក្ដី ក៏យើងមិនភ្លេចព្រះដែរ ។
ការយកឈ្នះលើលោកិយពុំមានន័យថា យើងរស់នៅក្នុងជីវិតដែលឃុំគ្រងការពារពីភាពអយុត្តិធម៌ និងការលំបាកៗនៃជីវិតរមែងស្លាប់នេះនោះទេ ។ តែវាផ្ដល់នូវការយល់ពីសេចក្ដីជំនឿកាន់តែខ្លាំង ដោយនាំយើងខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ និងការសន្យារបស់ទ្រង់ ។
ខណៈដែលភាពល្អឥតខ្ចោះពុំបំពេញនៅក្នុងជីវិតនេះ ការយកឈ្នះលើលោកិយរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យនៅរស់រវើកថា នៅថ្ងៃមួយយើង « នឹងឈរនៅចំពោះ [ ព្រះដ៏ប្រោសលោះរបស់យើង ] [ ហើយ ] ឃើញព្រះភ័ក្ត្រទ្រង់ដោយសេចក្ដីសោមនស្ស » ហើយស្ដាប់ព្រះសូរសៀងរបស់ទ្រង់ ៖ « ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា » ។
គំរូរបស់អែឌើរ អែលឌើរ ប្រូស ឌី ផតធើរ
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុននេះ មិត្តជាទីស្រឡាញ់របស់យើង និងជាអ្នកមានសិទ្ធិអំណាចទូទៅជាទីស្រឡាញ់របស់យើង អែលឌើរ ប្រូស ឌី ផតធើរ បានទទួលមរណភាព ។ លោកមានអាយុ ៦៤ ឆ្នាំ ។
ខ្ញុំបានជួប ប្រូស ជាលើកដំបូង នៅពេលយើងជានិសិត្សនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ។ លោកគឺជានិស្សិតដ៏ឆ្នើមម្នាក់ ។ បន្ទាប់ពី បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមកពីសាកលវិទ្យាល័យ ហាវើត ដោយសង្កត់ធ្ងន់លើកិច្ចការប្រទេសរុស្សី នោះការគិត និងការសរសេររបស់ប្រូស បាននាំមកនូវភាពល្បីល្បាញ ប៉ុន្តែទ្រព្យសម្បត្តិ និងការសរសើរមកពីលោកិយពុំអាចបិទបាំងទស្សនវិស័យរបស់លោកបានទេ ។ ភក្ដីភាពរបស់លោក ថ្វាយជូនព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងផ្ដល់ចំពោះដៃគូដ៏អស់កល្បជានិច្ចរបស់លោកឈ្មោះ ហ្សូសាន ចំពោះកូនៗ និងចៅៗរបស់លោក ។
ប្រូសបានកើតមកមានបញ្ហាខាងតម្រងនោម ។ លោកបានធ្វើការវះកាត់ ប៉ុន្ដែយូរទៅតម្រងនោមរបស់លោកបានបន្ដចុះខ្សោយ ។
មិនយូរប៉ុន្មានបន្ទាប់ការហៅរបស់ប្រូសឲ្យធ្វើជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងឆ្នាំ ១៩៩៥ យើងបានបម្រើជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់យើងនៅទីក្រុង ហ្វ្រាំងហ្វើត ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលកិច្ចការរបស់លោកផ្ដោតទៅលើប្រទេសរុស្សី និងអឺរ៉ុបប៉ែកខាងកើត ។
ជីវិតរបស់អែលឌើរ ផតធើរ បានផ្លាស់ប្ដូរយ៉ាងស្ដែងក្នុងឆ្នាំ ១៩៩៧ នៅពេលមុខងារតម្រងនោម និងសុខភាពរបស់គាត់បានចុះខ្សោយ ។ គ្រួសារផតធើរ បានត្រឡប់មកទីក្រុងសលត៍ លេកវិញ ។
អំឡុងពេល ២០ ឆ្នាំ នៃការបម្រើរបស់លោកជាពួកចិតសិបនាក់ ប្រូស បានចូលពេទ្យជាច្រើនដង រួមទាំងការវះកាត់ ១០ ដងផងដែរ ។ ពួកវេជ្ជបណ្ឌិតបានប្រាប់ ស្សូសាន ពីរដងថា ប្រូសនឹងមិនអាចរស់ដល់ថ្ងៃស្អែកទេ ប៉ុន្តែលោកនៅមានជីវិតរស់ ។
អស់រយៈពេល ១២ ឆ្នាំនៃការបម្រើរបស់លោកជាអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ ប្រូសត្រូវបានព្យាបាលដោយលាងសម្អាតឈាមរបស់លោក ។ អំឡុងពេលនោះ ប្រូសត្រូវលាងឈាមតម្រងនោមម្ដងៗរយៈពេលបួនម៉ោងរាល់ពេលល្ងាចគឺប្រាំដងក្នុងមួយសប្ដាហ៍ ដើម្បីលោកអាចបម្រើនៅក្នុងការហៅរបស់លោកនៅពេលថ្ងៃ ហើយទទួលយកការចាត់តាំងឲ្យចូលរួមសន្និសីទនៅចុងសប្ដាហ៍ ។ នៅពេលសុខភាពរបស់លោកពុំបានប្រសើរឡើងបន្ទាប់ពីការប្រសិទ្ធពរបព្វជិតភាពបួនប្រាំដងមក ប្រូសបានច្របូកច្របល់ ប៉ុន្តែលោកបានដឹងថា លោកត្រូវទុកចិត្តលើនរណា ។
នៅឆ្នាំ ២០១០ ប្រូសបានទទួលតម្រងនោមពីកូនប្រុសរបស់គាត់ដេវីឌ ។ គ្រានេះ រាងកាយរបស់គាត់ពុំបានបដិសេធនឹងការវះកាត់ផ្លាស់ប្ដូរទេ ។ វាគឺជាអព្ភូតហេតុមួយ ដែលបានទទួលសុខភាពល្អឡើងវិញទីបំផុតបានអនុញ្ញាតឲ្យលោក និងស្សូសានត្រឡប់ទៅកាន់ប្រទេសរុស្សីជាទីស្រឡាញ់របស់លោកវិញ នៅក្នុងគណៈប្រធានតំបន់ ។
នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ មុន បន្ទាប់ពីការតស៊ូនឹងការឆ្លងរាលដាលជាបន្ដបន្ទាប់នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងសលត៍ លេក លោកបានសូមឲ្យវេជ្ជបណ្ឌិតចេញពីបន្ទប់ ។ ប្រូស បានប្រាប់ស្សូសានថា « លោកបានដឹងតាមរយៈព្រះវិញ្ញាណថា គ្មានអ្វីដែលវេជ្ជបណ្ឌិតអាចធ្វើដើម្បីសង្គ្រោះជីវិតរបស់លោកបានទេ ។ លោកបានដឹង…ថាព្រះវរបិតាសួគ៌នឹងយកលោកត្រឡប់ទៅផ្ទះវិញ ។ លោកបានពេញដោយភាពសុខសាន្ដ » ។
នៅថ្ងៃទី ២៨ ខែធ្នូ ប្រូសបានត្រឡប់ទៅផ្ទះជួបជុំគ្រួសាររបស់លោកវិញ ។ ប៉ុន្មានម៉ោងក្រោយមក ពេលក្រុមគ្រួសារលោកបានមកជួបជុំគ្នា នោះលោកក៏បានត្រឡប់ទៅកាន់ផ្ទះសួគ៌ាវិញដោយសុខសាន្ដ ។
ជាច្រើនឆ្នាំកន្លងទៅ ប្រូស ផតធើរ បានសរសេរពាក្យទាំងនេះទៅឲ្យកូនៗរបស់លោក ៖
« ទីបន្ទាល់ដែលប៉ាមានអំពីភាពពិត និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ បានធ្វើជាត្រីវិស័យនៃជីវិតរបស់ប៉ា ។… វាគឺជាសាក្សីដ៏បរិសុទ្ធ និងរុងរឿងនៃព្រះវិញ្ញាណថា ទ្រង់មានព្រះជន្មរស់ ថាទ្រង់គឺជាព្រះប្រោសលោះ និងជាមិត្តរបស់ប៉ាគ្រប់ពេលដែលត្រូវការ ។
« ឧបសគ្គរបស់យើង… គឺត្រូវមកស្គាល់ [ ព្រះអង្គសង្គ្រោះ ]…ហើយតាមរយៈសេចក្ដីជំនឿលើទ្រង់ យើងយកឈ្នះលើការសាកល្បង និងការល្បួងនានានៃពិភពលោកនេះ » ។
« ចូរយើងនៅពិតស្មោះត្រង់ ហើយទុកចិត្តលើទ្រង់ » ។
ប្រូស ដូហ្គលាស ផតធើរ បានយកឈ្នះលោកិយនេះ ។
សូមឲ្យយើងម្នាក់ៗព្យាយាមកាន់តែខ្លាំងបន្ដិចទៀតនៅក្នុងការខិតខំរបស់យើងដើម្បីយកឈ្នះលើលោកិយនេះ ចូរកុំដោះសារចំពោះកំហុសធ្ងន់ធ្ងរឡើយ តែឲ្យមានការអត់ធ្មត់ចំពោះកំហុសឆ្គងបន្តិចបន្ដួច ចូរពន្លឿនល្បឿនរបស់យើងឲ្យខ្លាំងឡើង ហើយជួយអ្នកដទៃដោយសប្បុរស ។ នៅពេលបងប្អូនទុកចិត្តព្រះអង្គសង្គ្រោះកាន់តែខ្លាំង ខ្ញុំសន្យានឹងបងប្អូនថា នឹងមានពរជ័យនៃភាពសុខសាន្ដកាន់តែមហិមានៅក្នុងជីវិតនេះ និងមានការអះអាងកាន់តែខ្លាំងអំពីជោគវាសនាអស់កល្បជានិច្ចរបស់បងប្អូន នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។