ស្ត្រីដែលដឹងច្បាស់
ស្ត្រីដែលដឹងច្បាស់ គឺជាពួកសិស្សផ្ដោតទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយមានសង្ឃឹមលើការសន្យានៃពលិកម្មធួនរបស់ទ្រង់ ។
បងប្អូនស្រីជាទីស្រឡាញ់ យើងស្រឡាញ់ ហើយមានអំណរគុណណាស់ ចំពោះការឆ្លើយតបដ៏សប្បុរស និង រីករាយចំពោះការអញ្ជើញរបស់គណៈប្រធានទីមួយ និង កិច្ចខិតខំធ្វើតាមកម្មវិធី #IWasAStranger ( យើងជាអ្នកដទៃ ) ។ សូមបន្តអធិស្ឋាន ស្ដាប់ព្រះវិញ្ញាណខ្សឹបប្រាប់ ហើយប្រព្រឹត្តតាមការបំផុសគំនិតដែលបងប្អូនទទួល ។
ទោះជាខ្ញុំធ្វើដំណើរក្នុងប្រទេស ឬ ពាសពេញពិភពលោកក្ដី វាជារឿងធម្មតាទេដែលមានមនុស្សសួរខ្ញុំថា « តើស៊ិស្ទើរនៅចាំខ្ញុំទេ ? » ដោយសារខ្ញុំមានការចងចាំមិនសូវល្អ ខ្ញុំសារភាពថា ជាញឹកញាប់ខ្ញុំមិនចាំឈ្មោះទេ ។ ប៉ុន្តែខ្ញុំចងចាំក្ដីស្រឡាញ់ដ៏ពិតដែលព្រះវរបិតាសួគ៌ បានអនុញ្ញាតឲ្យខ្ញុំមាន កាលខ្ញុំជួបជាមួយបុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់ ។
ថ្មីៗនេះ ខ្ញុំមានឱកាសសួរសុខទុក្ខស្ត្រីជាទីស្រឡាញ់នៅមណ្ឌលកែប្រែ ។ ពេលយើងពោលពាក្យលាទាំងអាល័យ មានស្ត្រីជាទីស្រឡាញ់ម្នាក់បានអង្វរថា « ស៊ិស្ទើរ ប៊ើរតុន សូមកុំភ្លេចយើងណា » ។ ខ្ញុំសង្ឃឹមថា ស្ត្រីរូបនោះ និង ស្ត្រីឯទៀត ដែលចង់ឲ្យខ្ញុំចងចាំពីពួកគេ នឹងទទួលអារម្មណ៍ថាខ្ញុំពិតចងចាំពួកគេមែន ពេលខ្ញុំចែកចាយគំនិតខ្លះៗជាមួយបងប្អូន ។
ស្ត្រីដែលដឹងច្បាស់នៅជំនាន់របស់ព្រះអង្គសង្គ្រោះ ៖ ផ្ដោតទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ
បងប្អូនស្រីគ្រប់ជំនាន់ បានបង្ហាញលំនាំដ៏ស្មោះត្រង់នៃភាពជាសិស្ស ក៏ជាលំនាំដែលយើងខិតខំធ្វើផងដែរ ។ « ព្រះគម្ពីរសញ្ញាថ្មី មាននូវដំណើររឿងរបស់ស្ត្រី [ ដែលដឹងច្បាស់ ] ទាំងមានឈ្មោះ និង ពុំស្គាល់ឈ្មោះ ដែលបានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង [លើដង្វាយធួនទ្រង់] ដែលបានរៀន ហើយបានរស់នៅតាមការបង្រៀនរបស់ទ្រង់ ហើយបានថ្លែងទីបន្ទាល់ពីការបម្រើ អព្ភូតហេតុ និង ភាពអស្ចារ្យរបស់ទ្រង់ ។ ស្ត្រីទាំងនេះបានក្លាយជាសិស្សដ៏គំរូ និង ជាសាក្សីដ៏ពិសេសនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ » ។
សូមពិចារណាដំណើររឿងទាំងនេះក្នុងគម្ពីរលូកា ។ ដំបូង គឺអំឡុងពេលការបម្រើរបស់ព្រះអង្គសង្គ្រោះ ៖
« ក្រោយនោះមកទៀត … [ ព្រះយេស៊ូវ ] យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ ៖ ជាមួយនឹងពួក១២នាក់
« ក៏មាន ស្ត្រីដែលដឹងច្បាស់គឺ … ម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា … និង យ៉ូអាន់ … ស៊ូសាន ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់ » ។
បន្ទាប់មក គឺបន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ៖
« ហើយមានស្ត្រីដែលដឹងច្បាស់បានទៅឯផ្នូរពីព្រលឹម
« … តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញ … ទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ » ។
ខ្ញុំបានអានត្រង់ចំណុចទាំងនេះច្រើនដង ដែលមានពាក្យ « ស្ត្រីដែលដឹងច្បាស់ »ប៉ុន្តែទើបតែថ្មីៗនេះទេដែលខ្ញុំចាប់ផ្ដើមពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើពាក្យទាំងនេះ ។ សូមពិចារណាន័យដូចនៃពាក្យ ដែលដឹងច្បាស់ដោយភ្ជាប់ទៅនឹងពាក្យ ស្ត្រីដែលដឹងច្បាស់ដ៏ស្មោះត្រង់ មានដូចជា ៖ « បានធ្វើឲ្យជឿ » « វិជ្ជមាន » « ជឿជាក់ »« មោះមុត » « ច្បាស់លាស់ » « ដែលប្រាកដ » និង « ដែលអាចទុកចិត្តបាន » ។
ពេលខ្ញុំពិចារណាពាក្យទាំងនេះ ខ្ញុំចងចាំស្ត្រីដែលដឹងច្បាស់ពីររូបក្នុងគម្ពីរសញ្ញាថ្មី ដែលបានថ្លែងទីបន្ទាល់ទៀងត្រង់ មានទំនុកចិត្ត មោះមុត និងប្រាកដអំពីព្រះអង្គសង្គ្រោះ ។ ទោះជាពួកគាត់ជាស្ត្រីដែលមិនល្អឥតខ្ចោះដូចយើងក្ដី ក៏សាក្សីពួកគាត់នៅតែមានការបំផុតគំនិតដែរ ។
តើបងប្អូនចាំស្ត្រីមិនស្គាល់ឈ្មោះម្នាក់នៅអណ្ដូងទឹក ដែលបានអញ្ជើញមនុស្សដទៃឲ្យមកមើលអ្វីដែលគាត់បានរៀនពីព្រះអង្គសង្គ្រោះឬទេ ? គាត់បានថ្លែងសាក្សី ដែលដឹងច្បាស់ ជាទម្រង់សំណួរ ៖ « តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? » ទីបន្ទាល់ និង ការអញ្ជើញរបស់គាត់បានធ្វើឲ្យ « មនុស្សជាច្រើន … បានជឿដល់ទ្រង់ » ។
បន្ទាប់ពីប្អូនរបស់នាងឈ្មោះ ឡាសា បានស្លាប់ទៅ ម៉ាថា ដែលជាសិស្ស និង មិត្តសំឡាញ់របស់ព្រះអម្ចាស់ បានថ្លែងដោយរំជួលចិត្តថា « ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ » ។ សូមពិចារណាភាពដឹងច្បាស់របស់នាង កាលនាងបន្តថ្លែងថា « ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន » ។ នាងបន្តថ្លែងទីបន្ទាល់ថា « ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយ៍មែន » ។
យើងរៀនពីបងប្អូនស្រីទាំងនេះថា ស្ត្រីដែលដឹងច្បាស់គឺជាសិស្សផ្ដោតទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយមានសង្ឃឹមលើការសន្យានៃពលិកម្មធួនរបស់ទ្រង់ ។
ស្ត្រីដែលរក្សាសេចក្ដីសញ្ញាដែលដឹងច្បាស់នៃការស្ដារឡើងវិញ ៖ មានឆន្ទៈលះបង់
កាលពីបុរាណ ស្ត្រីដែលដឹងច្បាស់ បានលះបង់កាលពួកគាត់ថ្លែងទីបន្ទាល់ ហើយរស់នៅតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ។ ស្ត្រីដែលដឹងច្បាស់ នៅជំនាន់ដំបូងនៃការស្ដារឡើងវិញ ក៏បានធ្វើដូចគ្នានោះដែរ ។ ឌ្រូស៊ីឡា ហិនឌ្រីក និង គ្រួសារគាត់ស្ថិតក្នុងចំណោមអ្នកប្រែចិត្តជឿថ្មី បានរងទុក្ខសេចក្ដីបៀតបៀនដល់ពួកបរិសុទ្ធនៅ ឃុំក្លេ រដ្ឋ មិសសួរី ។ ស្វាមីគាត់ធ្លាក់ខ្លួនពិការអំឡុងចម្បាំងឯ ឃ្រុកិត រីវ័រ រដ្ឋ មិសសួរី ។ គាត់ត្រូវមើលថែស្វាមីរបស់គាត់ ថែមទាំងផ្គត់ផ្គង់គ្រួសារផង ។
« នៅគ្រាដ៏ឈឺចាប់មួយ កាលគ្រួសារអស់អាហារបរិភោគ គាត់ចងចាំសំឡេងមួយប្រាប់ថា ‹ ចាំបន្តិច ព្រះអម្ចាស់នឹងប្រទានអាហារឲ្យ › » ។
កាលកូនប្រុសគាត់ត្រូវស្ម័គ្រចិត្តបម្រើកងទ័ពមរមន ដំបូង ឌ្រូស៊ីឡា បានប្រកែក ហើយតវ៉ាក្នុងការអធិស្ឋានជាមួយព្រះវរបិតាសួគ៌ រហូតដល់ « សំឡេងមួយបានបន្លឺមកគាត់ថា ‹ តើអ្នកមិនចង់បានសិរីរុងរឿងខ្ពស់បំផុតទេឬ ? › គាត់បានឆ្លើយថា ‹ ករុណាព្រះអង្គ › រួចសំឡេងនោះបានបន្តថា ‹ តើអ្នកគិតថាអាចបានសិរីរុងរឿងនោះតាមរបៀបណា បើមិនតាមរយៈការលះបង់ដ៏ធំនោះ ? › »
យើងរៀនពី ស្ត្រីដែលដឹងច្បាស់រូបនេះថា ការរក្សាសេចក្ដីសញ្ញាភាពជាសិស្ស ដែលតម្រូវឲ្យមានឆន្ទៈនៃការលះបង់របស់យើង ។
ស្ត្រីដែលដឹងច្បាស់សព្វថ្ងៃនេះ ៖ ការចងចាំ និង ការរៀបចំដើម្បីសាទរដល់ការយាងត្រឡប់របស់ទ្រង់
ខ្ញុំបានថ្លែងពីស្ដ្រីដែលដឹងច្បាស់នៅជំនាន់របស់ព្រះអង្គសង្គ្រោះ និងជំនាន់ដែលស្ដារដំណឹងល្អឡើងវិញ ប៉ុន្តែចុះចំណែកឯគំរូនៃភាពជាសិស្ស និងទីបន្ទាល់អំពីស្ដ្រីដែលដឹងច្បាស់នៅក្នុងជំនាន់របស់យើងវិញ ?
ក្នុងការចាត់តាំងរបស់ខ្ញុំទៅទ្វីបអាស៊ីពេលថ្មីៗនេះ ខ្ញុំត្រូវបានបំផុសគំនិតម្ដងទៀតដោយ ស្ត្រីដែលដឹងច្បាស់ ច្រើនរូបដែលខ្ញុំបានជួប ។ ខ្ញុំភ្ញាក់ផ្អើលជាពិសេសនឹងសមាជិកជំនាន់ដំបូងនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដែលខិតខំរស់នៅតាមវប្បធម៌នៃដំណឹងល្អក្នុងគេហដ្ឋានរបស់ពួកគេ ពេលខ្លះ មានការលះបង់ដ៏ធំក្នុងការរស់នៅតាមដំណឹងល្អ ដែលញឹកញាប់ជាការប៉ះទង្គិចគ្នាជាមួយគ្រួសារ និង វប្បធម៌ប្រទេស ។ ខ្ញុំបានជួបនឹងស្ត្រីដែលដឹងច្បាស់ ជាច្រើនជំនាន់នៅហុងកុង និង តៃវ៉ាន់ បន្តផ្ដល់ពរដល់ជីវិតគ្រួសារពួកគេ សមាជិកសាសនាចក្រ និង សហគមន៍ តាមរយៈការបន្តផ្ដោតទៅលើព្រះអង្គសង្គ្រោះ ហើយមានឆន្ទៈរក្សាសេចក្ដីសញ្ញា ។ មាន ស្ត្រីដែលដឹងច្បាស់ស្រដៀងនេះនៅពាសពេញសាសនាចក្រ ។
ស្ត្រីដែលដឹងច្បាស់ម្នាក់ ដែលបានផ្ដល់ពរដល់ជីវិតខ្ញុំច្រើនឆ្នាំមកហើយ បានតយុទ្ធនឹងភាពទន់ខ្សោយ ភាពលំបាក និង ជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ១៥ឆ្នាំហើយ ដែលហៅថា រលាកសាច់ដុំ ។ ទោះជាគាត់អង្គុយលើកៅអីជនពិការ គាត់ព្យាយាមមានអំណរគុណ ហើយបន្តរក្សា « បញ្ជី អាច អាច »—ជាបញ្ជីរាយកិច្ចការដែលគាត់អាចធ្វើ មានដូចជា ខ្ញុំអាចដកដង្ហើម ខ្ញុំអាចលេបអាហារ ខ្ញុំអាចអធិស្ឋាន ហើយខ្ញុំអាចទទួលក្ដីស្រឡាញ់ព្រះអង្គសង្គ្រោះ ។ គាត់ថ្លែងសាក្សីដែលផ្ដោតលើព្រះគ្រីស្ទ ដែលដឹងច្បាស់ ទៅគ្រួសារ និង មិត្តភក្ដិស្ទើរតែរាល់ថ្ងៃ ។
ខ្ញុំទើបតែបានឮរឿងរបស់ ជែនី ។ នាងជាអ្នកត្រឡប់ពីបេសកកម្មវិញ ដែលមានឪពុកម្ដាយលែងលះគ្នាកាលនាងកំពុងបម្រើបេសកកម្ម ។ នាងបានប្រាប់ថា គំនិតនៃការត្រឡប់ទៅផ្ទះវិញ « បានបំភ័យ [ នាង ] យ៉ាងខ្លាំង » ។ នៅចុងបញ្ចប់នៃបេសកកម្មរបស់នាងនៅប្រទេសអ៊ីតាលី កាលនាងទៅផ្ទះបេសកកម្មដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញ ស្ត្រីដែលដឹងច្បាស់ម្នាក់ ដែលជាភរិយាប្រធានបេសកកម្ម បានបម្រើនាងយ៉ាងថ្នាក់ថ្នមដោយគ្រាន់តែសិតសក់ឲ្យនាង ។
ច្រើនឆ្នាំក្រោយមក មានស្ត្រីដែលដឹងច្បាស់ម្នាក់ទៀត ឈ្មោះ ថែរី—ជាប្រធានសមាគមសង្គ្រោះស្តេកបានផ្ដល់ពរដល់ជីវិតរបស់ ជែនី កាល ជែនី ត្រូវបានហៅឲ្យបម្រើជាប្រធានសមាគមសង្គ្រោះវួដ ។ ពេលនោះ ជែនី កំពុងធ្វើសារណាដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់នាង ។ ថែរី មិនគ្រាន់តែបម្រើជាអ្នកផ្ដល់ប្រឹក្សាដល់ ជែនី ក្នុងនាមជាអ្នកដឹកនាំទេ គាត់ថែមទាំងបានអង្គុយជិតនាងអស់ ១០ម៉ោងនៅមន្ទីរពេទ្យ កាល ជែនី មានជំងឺមហារីកគ្រាប់ឈាម ។ ថែរី បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ ហើយបានបើកឡាននាំនាងទៅជួបការណាត់ ។ ជែនី បានសារភាពថា « ខ្ញុំគិតថា ខ្ញុំប្រហែលជាបានក្អួតបួនប្រាំដងក្នុងឡានរបស់គាត់ » ។
ទោះជាមានជំងឺក្ដី ជែនី បានបន្តបម្រើជាប្រធានសមាគមសង្គ្រោះវួដយ៉ាងក្លាហាន ។ ទោះជាជំងឺនាងធ្វើទុក្ខខ្លាំងក្ដី នាងនៅតែទូរសព្ទ ផ្ញើសារ និង អ៊ីម៉ែលពីគ្រែដែលនាងសម្រាក ហើយនាងអញ្ជើញបងប្អូនស្ត្រីឲ្យមកជួបនាង ។ នាងបានផ្ញើកាត និង ការជូនដំណឹងនានាទៅឲ្យពួកគេ ជាបងប្អូនស្ត្រីជាទីស្រឡាញ់របស់នាងពីចម្ងាយ ។ ពេលវួដរបស់នាងបានស្នើរូបថតមួយសន្លឹកនៃគណៈប្រធានរបស់នាងដើម្បីចងក្រងប្រវត្តិវួដ នេះជាអ្វីដែលពួកគេទទួលបាន ។ ដោយសារ ជែនី គឺជា ស្ត្រីដែលដឹងច្បាស់ ដោយខ្លួននាង នាងបានអញ្ជើញមនុស្សទាំងអស់ឲ្យជួយរែកបន្ទុកមនុស្សដទៃ រួមទាំងបន្ទុកផ្ទាល់ខ្លួននាងផង ។
ក្នុងនាមជា ស្ត្រីដែលដឹងច្បាស់ជែនី បានថ្លែងទីបន្ទាល់ដូចនេះ ៖ « យើងនៅលើផែនដីមិនគ្រាន់តែដើម្បីសង្គ្រោះមនុស្សដទៃទេ គឺដើម្បីសង្គ្រោះខ្លួនយើងដែរ ។ ការសង្គ្រោះនោះកើតមានដោយសារការធ្វើជាដៃគូជាមួយព្រះយេស៊ូវគ្រីស្ទ ការយល់អំពីព្រះគុណ និង ដង្វាយធួនទ្រង់ និង ព្រះទ័យនៃក្ដីស្រឡាញ់របស់ទ្រង់ចំពោះស្ត្រីនៃសាសនាចក្រ ។ ការណ៍នោះកើតឡើងតាមរយៈទង្វើផ្សេងៗយ៉ាងសាមញ្ញដូចជា សិតសក់ឲ្យនរណាម្នាក់ ផ្ញើដំណឹងដែលមានសារលិខិតនៃក្ដីសង្ឃឹម និង ព្រះគុណដ៏បំផុសគំនិត ប្រកបដោយវិវរណៈ និងច្បាស់លាស់ ឬការអនុញ្ញាតឲ្យពួកស្ត្រីមកបម្រើយើង » ។
បងប្អូនស្ត្រីអើយ នៅពេលយើងត្រូវបានរំខាន សង្ស័យ បាក់ទឹកចិត្ត ប្រព្រឹត្តបាប ទុក្ខព្រួយ ឬ ព្រលឹងមានបន្ទុកហួសប្រមាណ សូមឲ្យយើងទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យផឹកទឹករស់របស់ទ្រង់ដូចស្ត្រី ដែលដឹងច្បាស់ នៅឯអណ្ដូងទឹកបានធ្វើ ដោយអញ្ជើញមនុស្សដទៃឲ្យធ្វើដូចនាងដែរ កាលយើងថ្លែងសាក្សី ដែលដឹងច្បាស់ផ្ទាល់ខ្លួនថា ៖ « តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី ? »
កាលជីវិតហាក់អយុត្តិធម៌ វាច្បាស់ដូចជា ម៉ាថា ដែលប្អូនប្រុសបានស្លាប់—ពេលយើងខូចចិត្តដោយភាពឯកោ ការគ្មានកូន ការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានឱកាសរៀបការ គ្រួសារបែកបាក់ ភាពទន់ខ្សោយ ជំងឺរាងកាយ និង ផ្លូវចិត្ត ភាពតានតឹង ការថប់បារម្ភ ការញៀន ខ្វះខាតហិរញ្ញវត្ថុ ឬឧបសគ្គដែលអាចកើតឡើងជាច្រើន—សូមឲ្យយើងចងចាំអំពី ម៉ាថា ហើយថ្លែងសាក្សី ដែលដឹងច្បាស់ស្រដៀងនេះថា « ប៉ុន្តែខ្ញុំម្ចាស់ដឹង … [ ហើយ ] ខ្ញុំម្ចាស់ជឿហើយថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ » ។
សូមឲ្យយើងចងចាំពីស្ត្រីជាច្រើន ដែលបដិសេធមិនបោះបង់ព្រះអង្គសង្គ្រោះ អំឡុងពេលទ្រង់រងទុក្ខលើឈើឆ្កាង ហើយច្រើនម៉ោងក្រោយមក ស្ត្រីទាំងនោះមានឯកសិទ្ធិធ្វើជាសាក្សី ដែលដឹងច្បាស់ អំពីការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ចូរយើងស្ថិតនៅជិតទ្រង់ក្នុងការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរ ។ ចូរយើងទៅជិតទ្រង់ដោយការរៀបចំ និង ការទទួលទានតំណាងដ៏ពិសិដ្ឋនៃពលិកម្មធួនទ្រង់រាល់សប្ដាហ៍ អំឡុងពេលពិធីបរិសុទ្ធនៃសាក្រាម៉ង់ និងនៅពេលយើងរក្សាសេចក្ដីសញ្ញាដោយការបម្រើមនុស្សដទៃនៅគ្រាដែលពួកគេត្រូវការ ។ ប្រហែលជាពេលនោះ យើងនឹងធ្វើជាចំណែកនៃ ស្ត្រីដែលដឹងច្បាស់ដែលនឹងសាទរដល់ការយាងត្រឡប់មកវិញរបស់ទ្រង់ដ៏រុងរឿង ។
បងប្អូនស្រីអើយ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះមាតាបិតាសួគ៌ ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនដ៏និរន្តរ៍ទ្រង់ជំនួសយើងទាំងអស់គ្នា ។ ខ្ញុំដឹងថា ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានតែងតាំងពីមុនលោកិយឲ្យធ្វើជាព្យាការីនៃការស្ដារឡើងវិញ ។ ខ្ញុំដឹងថា ព្រះគម្ពីរមរមនពិត ហើយត្រូវបានបកប្រែដោយព្រះចេស្ដានៃព្រះ ។ យើងមានពរដែលមានព្យាការីកំពុងរស់នៅក្នុងជំនាន់យើងនេះ គឺប្រធាន ថូម៉ាស អេស ម៉នសុន ។ ខ្ញុំ ដឹងច្បាស់អំពីសេចក្ដីពិតទាំងនេះ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
កំណត់ចំណាំ ៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ ស៊ីស្ទើរ ប៊ើរតុន ត្រូវបានដោះលែងពីប្រធានសមាគមសង្គ្រោះ ។