ចូររៀបចំផ្លូវ
នៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ បព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែកគឺជាដៃគូដែលពុំអាចបំបែកចេញពីគ្នាបានឡើយ ទោះបីពួកគេមានបេសកកម្ម និងសិទ្ធិអំណាចផ្សេងពីគ្នាក្តី ។
កាលខ្ញុំអាយុ ៣០ ឆ្នាំ ខ្ញុំបានចាប់ផ្តើមធ្វើការឲ្យក្រុមហ៊ុនលក់រាយមួយនៅក្នុងប្រទេសបារាំង ។ ថ្ងៃមួយប្រធានក្រុមហ៊ុននោះ ដែលជាបុរសល្អម្នាក់នៅព្រះវិហារផ្សេង បានហៅខ្ញុំចូលទៅក្នុងការិយាល័យរបស់គាត់ ។ សំណួររបស់គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ គាត់និយាយថា ៖ « ខ្ញុំទើបតែដឹងថាប្អូនគឺជាសង្ឃនៅក្នុងព្រះវិហាររបស់ប្អូន ។ តើរឿងនោះពិតទេ ?
ខ្ញុំឆ្លើយថា « បាទ នោះជាការពិត ។ ខ្ញុំកាន់បព្វជិតភាព » ។
ខ្ញុំអាចឃើញថាគាត់ចាប់អារម្មណ៍នឹងចម្លើយខ្ញុំ នោះគាត់បានបន្តសួរថា « ប៉ុន្តែប្អូនបានសិក្សានៅសិក្ខាសាលាខាងសាសនាវិទ្យាដែរឬទេ ? »
ខ្ញុំបានឆ្លើយថា « ប្រាកដណាស់ ខ្ញុំបានរៀនកាលខ្ញុំអាយុ ១៤ ដល់ ១៨ ឆ្នាំ ហើយខ្ញុំបានសិក្សាមេរៀនថ្នាក់សិក្ខាសាលាស្ទើរតែរាល់ថ្ងៃ ! » ស្រាប់តែគាត់រកកលស្ទើរតែធ្លាក់ពីលើកៅអីអង្គុយ ។
ជាច្រើនសប្តាហ៍ក្រោយមក ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់បានហៅខ្ញុំទៅក្នុងការិយាល័យរបស់គាត់ទៀត ដើម្បីផ្តល់មុខតំណែងជានាយកគ្រប់គ្រងនៅក្នុងក្រុមមួយនៃក្រុមហ៊ុននោះ ។ ខ្ញុំមានក្តីភ្ញាក់ផ្អើល ហើយបានបង្ហាញអំពីកង្វល់ខ្ញុំថា ខ្ញុំនៅក្មេង ហើយគ្មានបទពិសោធន៍នឹងកាន់នូវការទទួលខុសត្រូវដ៏សំខាន់នោះឡើយ ។ គាត់បាននិយាយដោយស្នាមញញឹមដ៏រាបសាថា « ប្រហែលនោះគឺជារឿងពិតហើយ ប៉ុន្តែវាមិនសំខាន់ឡើយ ។ ខ្ញុំស្គាល់គោលការណ៍របស់ប្អូន ហើយខ្ញុំដឹងអំពីអ្វីដែលប្អូនបានរៀននៅក្នុងព្រះវិហាររបស់ប្អូន ។ ខ្ញុំត្រូវការប្អូន » ។
គាត់ពិតជាគិតត្រូវអំពីអ្វីដែលខ្ញុំបានរៀននៅព្រះវិហារ ។ ប៉ុន្មានឆ្នាំក្រោយមកគឺជាគ្រាដ៏លំបាក ហើយខ្ញុំពុំដឹងថា តើខ្ញុំអាចមានជោគជ័យយ៉ាងណានោះទេ ប្រសិនបើខ្ញុំគ្មានបទពិសោធន៍ដែលខ្ញុំបានទទួល តាមរយៈការបម្រើនៅក្នុងសាសនាចក្រ តាំងពីខ្ញុំនៅជាយុវជននោះ ។
ខ្ញុំមានពរជ័យដែលបានធំឡើងនៅក្នុងសាខាតូចមួយ ។ ដោយសារយើងមានគ្នាតិច នោះយុវវ័យត្រូវបានអំពាវនាវឲ្យចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសាខា ។ ខ្ញុំមានភាពមមាញឹក តែពេញចិត្តដែលថាខ្លួនមានប្រយោជន៍ ។ ថ្ងៃអាទិត្យខ្ញុំបានប្រសិទ្ធពរនៅតុសាក្រាម៉ង់ បានបម្រើនៅក្នុងកូរ៉ុមបព្វជិតភាពរបស់ខ្ញុំ ហើយធ្វើកិច្ចការផ្សេងៗនៅក្នុងការហៅបម្រើផ្សេងទៀត ។ ជារឿយៗ អំឡុងពេលក្នុងសប្តាហ៍ខ្ញុំទៅជាមួយឪពុកខ្ញុំ និងអ្នកកាន់បព្វជិតភាពពេញវ័យផ្សេងទៀត ពេលយើងទៅបង្រៀនតាមផ្ទះ លួងលោមដល់អ្នកឈឺ និងអ្នកដែលមានទុក្ខវេទនា ហើយជួយដល់ជនដែលខ្វះខាត ។ គ្មាននរណាម្នាក់គិតថា ខ្ញុំក្មេងពេកដើម្បីបម្រើ ឬសូម្បីតែដឹកនាំឡើយ ។ ចំពោះខ្ញុំរឿងទាំងនេះហាក់ដូចជារឿងសាមញ្ញ និងធម្មតា ។
ការបម្រើដែលខ្ញុំបានធ្វើអំឡុងពេលយុវវ័យនោះ បានជួយខ្ញុំឲ្យស្ថាបនាទីបន្ទាល់ខ្ញុំ ហើយធ្វើឲ្យជីវិតខ្ញុំនៅជាប់ក្នុងដំណឹងល្អ ។ មានបុរសដែលល្អ និងមានសេចក្តីអាណិតមេត្តា ជាអ្នកដែលបានតាំងចិត្តប្រើប្រាស់បព្វជិតភាពខ្លួនដើម្បីប្រទានពរជ័យដល់មនុស្សដទៃជាច្រើនទៀតនៅជុំវិញខ្ញុំ ។ ខ្ញុំចង់ក្លាយដូចជាពួកគាត់ ។ កាលខ្ញុំបម្រើជាមួយនឹងពួកគាត់ ខ្ញុំបានរៀនការណ៍ជាច្រើនរហូតធ្វើឲ្យខ្ញុំក្លាយជាអ្នកដឹកនាំក្នុងសាសនាចក្រ និងក្នុងពិភពលោកផងដែរ ។
យើងមានយុវជនជាច្រើនចូលរួម ឬស្តាប់ការប្រជុំនាល្ងាចនេះដែលកាន់បព្វជិតភាពអើរ៉ុន ។ ពេលខ្ញុំសម្លឹងទៅប្អូនទាំងអស់គ្នា ខ្ញុំឃើញថាប្អូនៗជាច្រើនអង្គុយក្បែរបុរសដែលមានភាពចាស់ទុំ ប្រហែលពួកគាត់ជាឪពុក ជីតា បងប្រុស ឬអ្នកដឹកនាំបព្វជិតភាពរបស់ប្អូនៗ—ដែលជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកទាំងអស់ ។ ពួកគាត់ស្រឡាញ់ប្អូនៗ ហើយពួកគាត់មកទីនេះជាច្រើននាក់នាល្ងាចនេះដើម្បីនៅជាមួយប្អូនៗ ។
ការប្រមូលផ្តុំនៃជំនាន់ទាំងនេះផ្តល់ទស្សនវិស័យដ៏អស្ចារ្យនៃសាមគ្គីភាព និងភាពជាបងប្អូនដែលមានរវាងបព្វជិតភាពទាំងពីររបស់ព្រះ ។ នៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ បព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែកគឺជាដៃគូដែលពុំអាចបំបែកចេញពីគ្នាបានឡើយ ទោះបីពួកគេមានបេសកកម្ម និងសិទ្ធិអំណាចផ្សេងពីគ្នាក្តី ។ ពួកគេពួតដៃគ្នា ហើយត្រូវការគ្នាយ៉ាងខ្លាំង ។
គំរូដ៏ល្អឥតខ្ចោះអំពីទំនាក់ទំនងស្និទ្ធស្នាល ដែលមានរវាងបព្វជិតភាពទាំងពីរមាននៅក្នុងទំនាក់ទំនងរវាងព្រះយេស៊ូវ និងយ៉ូហាន បាទីស្ទ ។ តើបុគ្គលម្នាក់អាចគិតអំពីយ៉ូហាន បាទីស្ទ ដោយពុំគិតអំពីព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើបេសកកម្មរបស់ព្រះអង្គសង្គ្រោះនឹងប្រែជាយ៉ាងណាទៅ ប្រសិនបើគ្មានការរៀបចំទុកដោយយ៉ូហាននោះ ?
យ៉ូហាន បាទីស្ទ ត្រូវបានប្រទានឲ្យនូវបេសកកម្មដ៏រុងរឿងមួយដែលមិនធ្លាប់មាន ៖ « ដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ » ដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់ ហើយរៀបចំមនុស្សរួចជាស្រេចដើម្បីទទួលទ្រង់ ។ « [ បុរស ] សុចរិត…និង…បរិសុទ្ធនេះ » ដែលត្រូវបានតែងតាំងឲ្យនូវបព្វជិតភាពទាបជាង បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ និងដែនកំណត់នៃបេសកកម្ម និងសិទ្ធិអំណាចរបស់លោក ។
ប្រជាជនបានប្រមូលគ្នាមកស្ដាប់យ៉ូហាន ហើយទទួលបុណ្យជ្រមុជទឹកពីលោក ។ មនុស្សផ្តល់តម្លៃ និងគោរពលោកដោយសារលោកគឺជាបុរសនៃព្រះ ។ ប៉ុន្តែពេលព្រះយេស៊ូវបង្ហាញព្រះកាយទ្រង់មក យ៉ូហានបានចុះចូលនឹងទ្រង់ដែលជាអង្គប្រសើរជាងលោក ហើយលោកបានប្រកាសថា « ខ្ញុំធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះមួយអង្គ…ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ » ។
ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ដែលកាន់បព្វជិតភាពខ្ពស់ជាង បានទទួលស្គាល់ដោយរាបសានូវសិទ្ធិអំណាចរបស់យ៉ូហាន ។ ព្រះអង្គសង្គ្រោះមានបន្ទូលអំពីលោកថា « ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ » ។
សូមគិតថា តើមានអ្វីកើតឡើងនៅក្នុងកូរ៉ុមបព្វជិតភាពរបស់យើង ប្រសិនបើទំនាក់ទំនងរវាងអ្នកកាន់បព្វជិតភាពទាំងពីរ ត្រូវបានបំផុសគំនិតតាមរយៈគំរូដែលស្ថាបនាដោយព្រះយេស៊ូវ និងយ៉ូហាន បាទីស្ទនោះ ។ ដូចជាយ៉ូហានដែរ តួនាទីរបស់ប្អូនៗយុវជនក្នុងបព្វជិតភាពអើរ៉ុនគឺដើម្បី « រៀបចំផ្លូវ » សម្រាប់កិច្ចការដ៏អស្ចារ្យនៃបព្វជិតភាពមិលគីស្សាដែក ។ ប្អូនៗធ្វើកិច្ចការនេះតាមរបៀបជាច្រើន ។ ប្អូនៗធ្វើពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និង ពិធីសាក្រាម៉ង់ ។ ប្អូនៗជួយរៀបចំមនុស្សសម្រាប់ព្រះអម្ចាស់ តាមរយៈការប្រកាសដំណឹងល្អ តាមរយៈការ « [ ទៅ ] ផ្ទះនៃសមាជិកម្នាក់ៗ » និងតាមរយៈការ « [ មើលការខុសត្រូវ ] លើសាសនាចក្រ » ។ ប្អូនៗផ្តល់ជំនួយដល់ជនទ័លក្រ និងជនខ្វះខាត តាមរយៈការប្រមូលដង្វាយតមអាហារ ហើយបងប្អូនចូលរួមក្នុងការថែទាំសាលាប្រជុំសាសនាចក្រ និងធនធានខាងសាច់ឈាមផ្សេងៗទៀត ។ តួនាទីរបស់ប្អូនៗសំខាន់មានប្រយោជន៍ ហើយពិសិដ្ឋ ។
បងប្អូនពេញវ័យរបស់ខ្ញុំអើយ ទោះបងប្អូនជាឪពុក ប៊ីស្សព អ្នកឲ្យដំបូន្មានក្រុមយុវជន ឬគ្រាន់តែជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកក្ដី ក៏បងប្អូនអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះបានដែរ តាមរយៈការគិតដល់បងប្អូនប្រុសរបស់បងប្អូន ដែលកាន់បព្វជិតភាពទាបជាង ហើយអញ្ជើញពួកគេឲ្យធ្វើការជាមួយបងប្អូន ។ តាមពិតទៅ ការអញ្ជើញនេះគឺមកពីព្រះអម្ចាស់ផ្ទាល់ ។ ទ្រង់មានបន្ទូលថា « ហេតុដូច្នេះហើយ ចូរយកអស់អ្នកណាដែលបានតែងតាំងឡើងចំពោះបព្វជិតភាពតូចជាងទៅជាមួយអ្នកចុះ ហើយចាត់ឲ្យពួកគេទៅមុនអ្នក ដើម្បីណាត់ពេលទុក ហើយដើម្បីរៀបចំផ្លូវ និងដើម្បីបំពេញកិច្ចការទាំងឡាយណា ដែលរូបអ្នកផ្ទាល់ពុំអាចបំពេញបាននោះ » ។
នៅពេលបងប្អូនអញ្ជើញពួកប្អូនប្រុសៗរបស់បងប្អូនឲ្យ « រៀបចំផ្លូវ » នោះបងប្អូនជួយពួកគេឲ្យទទួលស្គាល់ ហើយគោរពសិទ្ធិអំណាចដ៏ពិសិដ្ឋដែលពួកគេកាន់ ។ តាមរយៈការធ្វើដូច្នេះ បងប្អូនជួយពួកគេឲ្យរៀបចំផ្លូវរបស់ពួកគេផ្ទាល់ ខណៈពួកគេរៀបចំសម្រាប់ថ្ងៃដែលពួកគេនឹងទទួល ហើយអនុវត្តបព្វជិតភាពដែលខ្ពស់ជាង ។
ខ្ញុំសូមចែកចាយរឿងពិតមួយរបស់អាឡិច ជាសង្ឃក្មេងម្នាក់ដែលរម្យទម ចេះគិតគូរ និងឆ្លាតវៃ ។ ថ្ងៃអាទិត្យមួយនៅក្នុងថ្នាក់រៀន ប៊ីស្សពរបស់អាឡិចបានឃើញគាត់ស្ថិតក្នុងសភាពកើតទុក្ខជាខ្លាំង ។ យុវជននោះបានពន្យល់អំពីការលំបាកដ៏ឈឺចាប់សម្រាប់គាត់ ក្នុងការចូលរួមព្រះវិហារដោយគ្មានឪពុក ដែលមិនមែនជាសមាជិក ។ ក្រោយមកគាត់និយាយទាំងយំថា ប្រហែលវាជាការប្រសើរជាងប្រសិនបើគាត់ចាកចេញពីព្រះវិហារនេះ ។
ដោយមានការខ្វាយខ្វល់ដ៏ស្មោះត្រង់អំពីយុវជននេះ ប៊ីស្សពបានចាត់ឲ្យក្រុមប្រឹក្សាវួដធ្វើសកម្មភាពភ្លាមៗដើម្បីជួយអាឡិច ។ ផែនការរបស់គាត់គឺសាមញ្ញ ៖ ដើម្បីឲ្យអាឡិចបន្តសកម្ម ហើយជួយគាត់អភិវឌ្ឍទីបន្ទាល់ដ៏ជ្រាលជ្រៅអំពីដំណឹងល្អ ពួកគេត្រូវតែ « ដាក់គាត់ឲ្យនៅជាមួយមនុស្សល្អៗ ហើយផ្តល់កិច្ចការសំខាន់ៗឲ្យគាត់ធ្វើ » ។
មិនយូរប៉ុន្មានបងប្អូនប្រុសបព្វជិតភាព និងសមាជិកវួដទាំងអស់បានរួមសាមគ្គីគ្នាជួយអាឡិច ហើយបង្ហាញសេចក្តីស្រឡាញ់ និងការគាំទ្ររបស់ពួកគេ ។ អ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់ ជាបុរសម្នាក់ដែលមានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ត្រូវបានរើសឲ្យធ្វើជាដៃគូបង្រៀនតាមផ្ទះរបស់គាត់ ។ សមាជិកក្នុងគណៈប៊ីស្សពបានគាំទ្រគាត់ ហើយរាប់អានគាត់យ៉ាងជិតស្និទ្ធបំផុត ។
ប៊ីស្សពបាននិយាយថា « យើងបានឲ្យអាឡិចធ្វើការច្រើន ។ គាត់បានទទួលភ្ញៀវនៅក្នុងពិធីមង្គលការ ទទួលភ្ញៀវនៅក្នុងពិធីបុណ្យសព ជួយខ្ញុំនៅឯការឧទ្ទិសឆ្លងផ្នូរ ជ្រមុជទឹកសមាជិកថ្មីមួយចំនួន តែងតាំងយុវជននូវតំណែងនានាក្នុងបព្វជិតភាពអើរ៉ុន បង្រៀនមេរៀនក្នុងថ្នាក់យុវជន ទៅបង្រៀនជាមួយអ្នកផ្សព្វផ្សាយសាសនា បើកទ្វារអគារសម្រាប់ពេលមានសន្និសីទ ហើយចាក់សោអគារនៅពេលយប់បន្ទាប់ពីសន្និសីទចប់ ។ គាត់បានធ្វើការបម្រើ ទៅជាមួយខ្ញុំសួរសុខទុក្ខសមាជិកវ័យចំណាស់នៅក្នុងមន្ទីរពេទ្យ ឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ធ្វើពិធីសាក្រាម៉ង់សម្រាប់អ្នកឈឺនៅក្នុងមន្ទីរពេទ្យ ឬនៅក្នុងផ្ទះរបស់ពួកគេ ហើយក្លាយជាមនុស្សម្នាក់ក្នុងក្រុមមនុស្សតូចមួយដែលខ្ញុំអាចពឹងពាក់ទាំងស្រុងក្នុងនាមជាប៊ីស្សព » ។
បន្ដិចម្ដងៗ អាឡិចបានផ្លាស់ប្ដូរ ។ សេចក្ដីជំនឿរបស់គាត់លើព្រះអម្ចាស់បានកើនឡើង ។ គាត់បានទទួលទំនុកចិត្តលើខ្លួនឯង និងនៅក្នុងអំណាចនៃបព្វជិតភាពដែលគាត់កាន់ ។ ប៊ីស្សពបានមានប្រសាសន៍ថា « អាឡិចគឺជា និងតែងតែជាពរជ័យដ៏មហិមាមួយរបស់ខ្ញុំ នៅក្នុងគ្រាដែលខ្ញុំបម្រើជាប៊ីស្សព ។ ឱ នេះជាឯកសិទ្ធិដ៏អស្ចារ្យដែលខ្ញុំបានធ្វើការជាមួយគាត់ ។ ខ្ញុំជឿយ៉ាងពិតប្រាកដថា គ្មានយុវជនណាម្នាក់ធ្លាប់ទៅតំបន់បេសកកម្ម ដោយគ្មានការរៀបចំយ៉ាងច្រើន តាមរយៈការបម្រើក្នុងបព្វជិតភាពខ្លួនឡើយ » ។
ប៊ីស្សពជាទីស្រឡាញ់អើយ នៅក្នុងការតែងតាំង និងការញែកចេញរបស់បងប្អូនក្នុងនាមជាប៊ីស្សពក្នុងវួដរបស់បងប្អូន នោះបងប្អូនមានការហៅពិសិដ្ឋដើម្បីបម្រើជាប្រធានបព្វជិតភាពអើរ៉ុន និងកូរ៉ុមសង្ឃ ។ ខ្ញុំដឹងអំពីបន្ទុកធ្ងន់ដែលបងប្អូនរែក ប៉ុន្តែបងប្អូនគប្បីដាក់អាទិភាពនៃកាតព្វកិច្ចរបស់បងប្អូនចំពោះយុវជនទាំងនេះឲ្យបានខ្ពស់បំផុត ។ បងប្អូនពុំអាចព្រងើយកន្តើយនឹងវា ឬផ្ទេរតួនាទីរបស់បងប្អូននៅក្នុងការទទួលខុសត្រូវនេះឲ្យទៅអ្នកដទៃឡើយ ។
ខ្ញុំអញ្ជើញបងប្អូនឲ្យពិចារណាពីអ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេងម្នាក់ៗនៅក្នុងវួដរបស់បងប្អូន ។ ពុំគួរឲ្យពួកគេណាម្នាក់មានអារម្មណ៍ថា ពួកគេគ្មានអ្នករាប់រក ឬគ្មានប្រយោជន៍ឡើយ ។ តើមានយុវជនណាម្នាក់ដែលបងប្អូន និងបងប្អូនដែលកាន់បព្វជិតភាពផ្សេងទៀតអាចជួយគាត់ដែរឬទេ ? សូមអញ្ជើញគាត់ឲ្យបម្រើជាមួយបងប្អូន ។ ជារឿយៗ យើងព្យាយាមឲ្យយុវជនមានការកម្សាន្ត ហើយទុកឲ្យពួកគេមើលយើង ខណៈដែលសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះដំណឹងល្អ អាចត្រូវបានអភិវឌ្ឍឲ្យបានល្អបំផុត តាមរយៈការតម្កើងបព្វជិតភាពរបស់ពួកគេនោះ ។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ នោះពួកគេនឹងមានទំនាក់ទំនងជាមួយស្ថានសួគ៌ ហើយពួកគេនឹងទទួលបានការយល់ដឹងអំពីសក្តានុពលនៃភាពជាព្រះរបស់ខ្លួន ។
បព្វជិតភាពអើរ៉ុនគឺលើសពីក្រុមមួយកម្មវិធីការបង្រៀន ឬសកម្មភាព ឬជាពាក្យមួយដែលតាក់តែងឡើងសំដៅដល់យុវជននៃសាសនាចក្រទៅទៀត ។ វាគឺជាអំណាច និងសិទ្ធិអំណាចចូលរួមនៅក្នុងកិច្ចការដ៏អស្ចារ្យនៃការសង្គ្រោះព្រលឹង—ទាំងព្រលឹងនៃយុវជនទាំងនោះដែលកាន់អំណាចនេះ និងព្រលឹងនៃអស់អ្នកដែលពួកគេបម្រើផងដែរ ។ ចូរយើងដាក់បព្វជិតភាពអើរ៉ុននៅក្នុងតួនាទីត្រឹមត្រូវ ក្នុងកន្លែងជម្រើស—ជាកន្លែងនៃការបម្រើ ការរៀបចំ និងសមិទ្ធិផលសម្រាប់យុវជនទាំងអស់នៃសាសនាចក្រ ។
បងប្អូនប្រុសដែលកាន់បព្វជិតភាពមិលគីស្សាដែកអើយ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពង្រឹងតំណចាំបាច់ ដែលចងភ្ជាប់បព្វជិតភាពនៃព្រះទាំងពីរនេះ ។ សូមផ្តល់អំណាចដល់យុវជនដែលកាន់បព្វជិតភាពអើរ៉ុន ដើម្បីរៀបចំផ្លូវពីមុខអ្នក ។ សូមប្រាប់ពួកគេដោយទំនុកចិត្តថា « ខ្ញុំត្រូវការប្អូនៗ » ។ ចំពោះអ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេងអើយ ខ្ញុំសូមអធិស្ឋានថា ពេលប្អូនៗបម្រើជាមួយបងប្អូនប្រុសដែលចាស់ទុំរបស់ប្អូន នោះប្អូននឹងស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ប្រាប់ប្អូនដូច្នេះ ៖ « អ្នកមានពរហើយ ដ្បិតអ្នកនឹងត្រូវបានធ្វើការដ៏ធំធេង ។ មើលចុះ អ្នកត្រូវបានចាត់ឲ្យមកដូចជាយ៉ូហាន ដើម្បីរៀបចំផ្លូវពីមុខយើង » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។