ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
របៀប​ប្រើ « ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី »


« របៀប​ប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២២ )

« របៀប​ប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវនារី​នៅក្នុង​ថ្នាក់

របៀបប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី

តើ​ការប្រជុំ​ថ្នាក់រៀន និង​កូរ៉ុម​របស់​យើង​មាន​គោលបំណង​អ្វី​ខ្លះ ?

ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បងប្អូន​នូវ​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ៖ ទ្រង់​បាន​ហៅ​បងប្អូន​ឲ្យ​បម្រើ​ជា​គណៈប្រធាន​យុវនារី ឬ​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ផ្នែក​មួយ​នៃ​ការទទួល​ខុសត្រូវ​របស់​បងប្អូន​គឺ​ត្រូវ​ដឹកនាំ និង​បើក​ការប្រជុំ​ថ្នាក់រៀន ឬ​កូរ៉ុម​របស់​បងប្អូន​នៅ​ថ្ងៃ​អាទិត្យ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះបាន វា​មាន​អត្ថប្រយោជន៍​ដើម្បី​យល់​ពី​មូលហេតុ​ដែល​យើង​មាន​ការប្រជុំ​ទាំងនេះ ។

ការប្រជុំ​ថ្នាក់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​គឺ​ខុសពី​ថ្នាក់​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ ដូចជា​សាលា​ថ្ងៃអាទិត្យ ឬ​ថ្នាក់​សិក្ខាសាលា ។ នៅក្នុង​ការប្រជុំ​ថ្នាក់រៀន ឬ​កូរ៉ុម គឺ​យើង​ធ្វើ​ច្រើន​ជាង​ការ​គ្រាន់តែ​សិក្សា​ប្រធានបទ​ដំណឹងល្អ ។ យើង​រៀន​អំពី​កិច្ចការ ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ហើយ​យើង​រៀបចំ​សមាជិក​ក្នុង​ថ្នាក់រៀន ឬ​កូរ៉ុម​របស់​យើង​ឲ្យ​ធ្វើ​កិច្ចការ​នោះ​នៅក្នុង​គេហដ្ឋាន​របស់​យើង ក្នុង​ព្រះវិហារ និង​នៅក្នុង​សហគមន៍​របស់​យើង ។ នៅក្នុង​ការប្រជុំ​ទាំងនេះ យើង​មិនគ្រាន់តែ​និយាយ​អំពី​ការងារ​នោះទេ—យើង​ត្រូវតែ​ដាក់​ផែនការ​ដើម្បី​បំពេញ​តួនាទី​របស់​យើង​ជា​ផ្នែក​មួយ​នៃ​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ដោយ​រួមទាំង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ផងដែរ ។

ក្រុម​យុវជន​នៅក្នុង​ថ្នាក់​រៀន

នៅក្នុង​ការប្រជុំ​ថ្នាក់រៀន និង​កូរ៉ុម យើង​ធ្វើ​ផែនការ​ដើម្បី​បំពេញ​តួនាទី​របស់​យើង​ជា​ផ្នែក​មួយ​នៃ​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ។

ប៉ុន្ដែ​ការគូស​បញ្ជាក់​លើ​កិច្ចការ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​ទុកចោល​ការពិភាក្សា​ខាង​គោលលទ្ធិ​ឲ្យ​តែ​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​នោះ​ទេ ។ តាមពិត ការ​រៀន​សូត្រ​គោល​លទ្ធិ​នៅក្នុង​ថ្នាក់​យុវនារី និង​ការ​ប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​គឺ​ចាំបាច់—វា​ជួយ​យើង​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវគ្រីស្ទ ស្វែងយល់​ពី​ផែនការ​របស់​ព្រះ​វរបិតាសួគ៌ និង​ចូល​រួម​ក្នុង​កិច្ចការ​របស់​ទ្រង់​ទាំងទ្វេ ។ នៅពេល​យើង​សិក្សា​ដំណឹងល្អ​ជាមួយគ្នា នោះ​សេចក្ដីពិត​ដែល​យើង​រៀន​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើងបាន ហើយ​ជួយ​យើង​ដឹង​ពី​របៀប​ឲ្យ​ធ្វើ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ យើង​អាច​ទទួល​ការបំផុស​គំនិត​អំពី​របៀប​ដើម្បី​បង្កើន​ឲ្យ « កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ កាល​យើង​ប្រែចិត្ត​ជឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​កាន់តែ​ខ្លាំង យើង​នឹង​ទទួលបាន​ក្តី​អំណរ និង​មាន​បំណង​ចង់​ជួយ​អ្នកដទៃ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ ។

តើ​នរណា​ដឹកនាំ​ការប្រជុំ​ទាំងនេះ ?

ព្រះ​បាន​ហៅ​បងប្អូន​ឲ្យមាន​ជា​គណៈប្រធាន​ថ្នាក់ និង​កូរ៉ុម ហើយ​បាន​ប្រទាន​ដល់​បងប្អូន​នូវ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ ។ នោះ​គឺជា​មូលហេតុ​ដែល​ការប្រជុំ​ថ្នាក់រៀន ឬ​កូរ៉ុម​របស់​បងប្អូន​គួរតែ​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន ។ ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​គួរតែ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ ប៉ុន្ដែ​ពួកគាត់​មិន​គួរ​ធ្វើការ​នេះ​ជំនួស​បងប្អូន​ឡើយ ។ សូមមើល​វគ្គ​ដែល​មាន​ចំណងជើង​ថា « ប្រឹក្សា​ជាមួយគ្នា » នៅ​ដើម​គម្រោង​មេរៀន​នីមួយៗ​ក្នុង​ធនធាន​នេះ សម្រាប់​ជា​យោបល់​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​របៀប​ដឹកនាំ​ការប្រជុំ និង​សម្រេច​បាន​គោលបំណង​ពិត​របស់​វា ។ សូម​ប្រើ​ការប្រជុំ​គណៈប្រធាន​ដើម្បី​ដាក់​ផែនការ​ពី​របៀប ដែល​បងប្អូន​នឹង​ដឹកនាំ​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ​ទាំងនេះ ។

តើ​នរណា​គួរ​បង្រៀន​មេរៀន ?

ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ថ្នាក់ ឬ​កូរ៉ុម ឬ​សមាជិក​ណា​ផ្សេងទៀត​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​អាច​បង្រៀន​មេរៀន​បាន ។ ក្នុង​នាម​ជា​គណៈប្រធាន​ថ្នាក់ ឬ​កូរ៉ុម សូម​ប្រឹក្សា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​អំពី​អ្នក​ដែល​គួរតែ​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន​មេរៀន ។ សូម​ចងចាំ​ថា ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​អាច​ផ្ដល់​ជា​ធនធាន​ជាច្រើន ។ សូម​ព្យាយាម​រៀន​ពី​បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។ វា​ក៏​មាន​អត្ថប្រយោជន៍​ដើម្បី​សូម​យុវវ័យ​ឲ្យ​បង្រៀន​ផងដែរ—ការបង្រៀន​អាច​ជួយ​ពង្រីក​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​បង្កើត​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​ជាមួយ​នឹង​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ផ្សេង​ទៀត ។ ដូច្នេះ សូម​ផ្ដល់​ឱកាស​សមរម្យ​ឲ្យ​ពួកគេ​បង្រៀន​មេរៀន​ជា​ផ្នែក ឬ​មេរៀន​ទាំងមូល ដោយ​ដឹង​ពី​តម្រូវការ និង​សមត្ថភាព​របស់​សមាជិក​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន ។ ឧទាហរណ៍ ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​អាច​បង្រៀន​ញឹកញាប់​ជាង​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​ដែល​មាន​យុវវ័យ​ក្មេងៗ ឬ​យុវវ័យ​ដែល​មាន​បទពិសោធន៍​តិចតួច​ក្នុង​ការបង្រៀន​ដំណឹងល្អ ។ នៅពេល​យុវវ័យ​ត្រូវបាន​អញ្ជើញ​ឲ្យ​បង្រៀន ឪពុក ឬ​ម្ដាយ ឬ​អ្នកប្រឹក្សា​ជា​មជ្ឈិមវ័យ​ម្នាក់​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​តាម​ការគួរ ។

អស់​អ្នក​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​បង្រៀន អាច​ប្រើ​វគ្គ​ដែល​មាន​ចំណងជើង​ថា « បង្រៀន​គោលលទ្ធិ » នៅក្នុង​គម្រោង​មេរៀន​នីមួយៗ​ក្នុង​ធនធាន​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​មេរៀន ។ វគ្គ​នេះ​មាន​នូវ​យោបល់​សម្រាប់​ការបង្រៀន និង​ការពិភាក្សា​អំពី​គោលលទ្ធិ​សម្រាប់​សប្ដាហ៍​នោះ ប៉ុន្ដែ​គ្រូបង្រៀន​មិន​គួរ​មាន​អារម្មណ៍​ថា​ត្រូវតែ​បង្រៀន​តាម​យោបល់​ទាំងនេះ​តែ​មួយ​មុខ​នោះ​ទេ ។ កាល​ព្រះវិញ្ញាណ​ដឹកនាំ គ្រូបង្រៀន​អាច​សម្រប​គំនិត​ទាំងនេះ ឬ​ប្រើ​គំនិត​របស់​ពួកគេ​ផ្ទាល់​ដើម្បី​បង្រៀន​តាម​របៀប​មួយ ដែល​នឹង​បំពេញ​តាម​តម្រូវការ​របស់​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​បាន​ល្អ​បំផុត ហើយ​ជួយ​ពួកគេ​ឲ្យ​យល់ និង​អនុវត្ត​តាម​គោលលទ្ធិ ។

តើ​ប្រធានបទ​ខាង​គោលលទ្ធិ​អ្វីខ្លះ ដែល​យើង​នឹង​ពិភាក្សា​នៅក្នុង​ការប្រជុំ​របស់​យើង ?

ប្រធានបទ​ក្នុង​គម្រោង​មេរៀន​សប្ដាហ៍​នីមួយៗ​គឺជា​គោលការណ៍​ខាង​គោលលទ្ធិ​មួយ ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​សម្រប​តាម​ការអាន​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ផ្តល់​អនុសាសន៍​នៅ​ក្នុង​សប្ដាហ៍​នោះ ដែល​មាន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ តាម​របៀប​នេះ ការពិភាក្សា​ពី​គោលលទ្ធិ​ក្នុង​ការប្រជុំ​ថ្នាក់ ឬ​កូរ៉ុម​នឹង​គាំទ្រ​ដល់​អ្វី​ដែល​យុវវ័យ​កំពុង​រៀន​សូត្រ​នៅ​ផ្ទះ ។

ទោះបីជា​គម្រោង​មេរៀន​នេះ​ត្រូវ​បង្រៀន​នៅ​ថ្ងៃអាទិត្យ​ជាក់លាក់​ក្ដី ក៏​បងប្អូន​នៅតែ​មាន​ជម្រើស​ដើម្បី​ពិភាក្សា​ប្រធានបទ​ខាង​គោលលទ្ធិ​ផ្សេង​ទៀត ដោយ​ផ្អែកលើ​តម្រូវការ​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ផងដែរ ។

ធនធាន​នេះ​រួម​មាន​គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នីមួយៗ នៅពេល​មាន​ការប្រជុំ​ថ្នាក់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ត្រូវបាន​ធ្វើឡើង ។ ជួនកាល បងប្អូន​អាច​រំលង​មេរៀន​មួយ​ដោយសារតែ​មាន​សន្និសីទ​ស្ដេក ឬ​មូលហេតុ​ផ្សេងទៀត ។

តើ​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​របស់​យើង​មាន​តួនាទី​អ្វី ?

ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​របស់​បងប្អូន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ថ្នាក់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ពួកគេ​នឹង​ដឹកនាំ ហើយ​ប្រឹក្សា​បងប្អូន​ក្នុង​ការហៅ​បម្រើ​ភាពជា​អ្នកដឹកនាំ​របស់​បងប្អូន ។ ពួកគេ​នឹង​គាំទ្រ ហើយ​លើក​ទឹកចិត្ត​បងប្អូន កាល​បងប្អូន​ធ្វើ​កិច្ចការ​របស់​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន ។ ពួកគេ​នឹង​បង្រៀន​ពី​គោលលទ្ធិ​ដល់​បងប្អូន ហើយ​ពួកគេ​នឹង​ផ្ដល់​ពរ​ដល់​បងប្អូន​តាមរយៈ​គំរូ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។