« របៀបប្រើ ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ការប្រើ ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
របៀបប្រើ ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី
តើការប្រជុំថ្នាក់រៀន និងកូរ៉ុមរបស់យើងមានគោលបំណងអ្វីខ្លះ ?
ព្រះអម្ចាស់បានប្រទានដល់បងប្អូននូវការទុកចិត្តដ៏ពិសិដ្ឋមួយ ៖ ទ្រង់បានហៅបងប្អូនឲ្យបម្រើជាគណៈប្រធានថ្នាក់យុវនារី ឬគណៈប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ផ្នែកនៃការទទួលខុសត្រូវរបស់បងប្អូនគឺត្រូវដឹកនាំ និងបើកការប្រជុំថ្នាក់រៀន ឬកូរ៉ុមរបស់បងប្អូននៅថ្ងៃអាទិត្យ ។ ដើម្បីធ្វើកិច្ចការនេះបាន វាមានអត្ថប្រយោជន៍ដើម្បីយល់ពីមូលហេតុដែលយើងមានការប្រជុំទាំងនេះ ។
ការប្រជុំថ្នាក់យុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុនគឺខុសពីថ្នាក់ផ្សេងទៀតក្នុងសាសនាចក្រ ដូចជាសាលាថ្ងៃអាទិត្យ ឬថ្នាក់សិក្ខាសាលា ។ នៅក្នុងថ្នាក់ ឬការប្រជុំកូរ៉ុម យើងរៀនអំពីកិច្ចការ ដែលព្រះបានប្រទានដល់យើង ហើយយើងរៀបចំសមាជិកក្នុងថ្នាក់រៀន ឬកូរ៉ុមរបស់យើងឲ្យធ្វើកិច្ចការនោះនៅក្នុងគេហដ្ឋានរបស់យើង ក្នុងព្រះវិហារ និងនៅក្នុងសហគមន៍របស់យើង ។ នៅក្នុងការប្រជុំទាំងនេះ យើងមិនគ្រាន់តែនិយាយអំពីការងារនោះទេ—យើងត្រូវតែដាក់ផែនការដើម្បីបំពេញតួនាទីរបស់យើងជាផ្នែកមួយនៃកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ដោយរួមទាំងការប្រមូលសាសន៍អ៊ីស្រាអែលផងដែរ ។
ការគូសបញ្ជាក់អំពីកិច្ចការនេះមិនមែនមានន័យថា យើងទុកចោលការពិភាក្សាខាងគោលលទ្ធិឲ្យតែសាលាថ្ងៃអាទិត្យនោះទេ ។ តាមពិត ការរៀនសូត្រគោលលទ្ធិនៅក្នុងថ្នាក់យុវនារី និងការប្រជុំកូរ៉ុមបព្វជិតភាពអើរ៉ុនគឺចាំបាច់—វាជួយយើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ ស្វែងយល់ពីផែនការរបស់ព្រះវរបិតាសួគ៌ និងចូលរួមក្នុងកិច្ចការរបស់ទ្រង់ទាំងទ្វេ ។ នៅពេលយើងសិក្សាដំណឹងល្អជាមួយគ្នា នោះសេចក្ដីពិតដែលយើងរៀនអាចផ្លាស់ប្ដូរដួងចិត្តរបស់យើងបាន ហើយជួយយើងដឹងពីរបៀបឲ្យធ្វើកាន់តែដូចជាព្រះគ្រីស្ទ ។ យើងអាចទទួលការបំផុសគំនិតអំពីរបៀបដើម្បីបង្កើនឲ្យ « កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ( លូកា ២:៥២ ) ។ កាលយើងប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែខ្លាំង យើងនឹងទទួលបានក្តីអំណរ និងមានបំណងចង់ជួយអ្នកដទៃនៅលើផ្លូវនៃសេចក្តីសញ្ញានេះ ។
តើនរណាដឹកនាំការប្រជុំទាំងនេះ ?
ព្រះបានហៅបងប្អូនឲ្យធ្វើជាគណៈប្រធានថ្នាក់ និងកូរ៉ុម ហើយបានប្រទានដល់បងប្អូននូវសិទ្ធិអំណាចដើម្បីដឹកនាំ ។ នោះគឺជាមូលហេតុដែលការប្រជុំថ្នាក់រៀន ឬកូរ៉ុមនីមួយៗរបស់បងប្អូនគួរតែត្រូវបានដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានថ្នាក់ ឬកូរ៉ុមរបស់បងប្អូន ។ ថ្នាក់ដឹកនាំមជ្ឈិមវ័យគួរតែផ្ដល់ការណែនាំ និងការគាំទ្រ ប៉ុន្ដែពួកគាត់មិនគួរធ្វើការនេះជំនួសបងប្អូនឡើយ ។ សូមមើលវគ្គដែលមានចំណងជើងថា « ប្រឹក្សាជាមួយគ្នា » នៅដើមគម្រោងមេរៀននីមួយៗក្នុងធនធាននេះ សម្រាប់ជាយោបល់ដើម្បីជួយបងប្អូនឲ្យដឹងពីរបៀបដឹកនាំការប្រជុំ និងសម្រេចបានគោលបំណងពិតរបស់វា ។ សូមប្រើការប្រជុំគណៈប្រធានដើម្បីដាក់ផែនការពីរបៀប ដែលបងប្អូននឹងដឹកនាំការប្រជុំនៅថ្ងៃអាទិត្យទាំងនេះ ។
តើនរណាគួរបង្រៀនមេរៀន ?
ថ្នាក់ដឹកនាំជាមជ្ឈិមវ័យ សមាជិកម្នាក់ក្នុងគណៈប្រធានថ្នាក់ ឬកូរ៉ុម ឬសមាជិកណាផ្សេងទៀតក្នុងថ្នាក់ ឬកូរ៉ុមអាចបង្រៀនមេរៀនបាន ។ ក្នុងនាមជាគណៈប្រធានថ្នាក់ ឬកូរ៉ុម សូមប្រឹក្សាជាមួយនឹងថ្នាក់ដឹកនាំមជ្ឈិមវ័យរបស់បងប្អូនអំពីអ្នកដែលគួរតែត្រូវបានចាត់តាំងឲ្យបង្រៀនមេរៀន ។ សូមចងចាំថា ថ្នាក់ដឹកនាំមជ្ឈិមវ័យរបស់បងប្អូនជាធនធានដ៏ល្អ ។ សូមព្យាយាមរៀនពីបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ វាក៏មានអត្ថប្រយោជន៍ដើម្បីសូមយុវវ័យឲ្យបង្រៀនផងដែរ—ការបង្រៀនអាចជួយពង្រីកការប្រែចិត្តជឿរបស់ពួកគេ ហើយជួយពួកគេបង្កើតចំណងមិត្តភាពកាន់តែរឹងមាំជាមួយនឹងសមាជិកថ្នាក់ ឬកូរ៉ុមផ្សេងទៀត ។ ដូច្នេះសូមផ្ដល់ឱកាសសមរម្យឲ្យពួកគេបង្រៀនផ្នែកណាមួយនៃមេរៀន ឬមេរៀនទាំងមូល ដោយដឹងពីតម្រូវការ និងសមត្ថភាពរបស់សមាជិកក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូន ។ ឧទាហរណ៍ ថ្នាក់ដឹកនាំមជ្ឈិមវ័យអាចបង្រៀនឲ្យកាន់តែញឹកញាប់នៅក្នុងថ្នាក់ ឬកូរ៉ុមដែលមានយុវវ័យក្មេងៗ ឬយុវវ័យដែលមានបទពិសោធន៍តិចតួចក្នុងការបង្រៀនដំណឹងល្អ ។ នៅពេលយុវវ័យត្រូវបានអញ្ជើញឲ្យបង្រៀន ឪពុក ឬម្ដាយ ឬអ្នកប្រឹក្សាជាមជ្ឈិមវ័យម្នាក់គួរជួយពួកគេឲ្យរៀបចំតាមការគួរ ។
អស់អ្នកដែលត្រូវបានចាត់តាំងឲ្យបង្រៀន អាចប្រើវគ្គដែលមានចំណងជើងថា « បង្រៀនគោលលទ្ធិ » នៅក្នុងគម្រោងមេរៀននីមួយៗក្នុងធនធាននេះដើម្បីជួយពួកគេឲ្យរៀបចំមេរៀន ។ វគ្គនេះមាននូវយោបល់សម្រាប់ការបង្រៀន និងការពិភាក្សាអំពីគោលលទ្ធិសម្រាប់សប្ដាហ៍នោះ ប៉ុន្ដែគ្រូបង្រៀនមិនគួរមានអារម្មណ៍ថាត្រូវតែបង្រៀនតាមយោបល់ទាំងនេះតែមួយមុខនោះទេ ។ កាលព្រះវិញ្ញាណដឹកនាំ គ្រូបង្រៀនអាចសម្របគំនិតទាំងនេះ ឬប្រើគំនិតរបស់ពួកគេផ្ទាល់ដើម្បីបង្រៀនតាមរបៀបមួយ ដែលនឹងបំពេញតាមតម្រូវការរបស់សមាជិកថ្នាក់ ឬកូរ៉ុមបានល្អបំផុត ហើយជួយពួកគេឲ្យយល់ និងអនុវត្តតាមគោលលទ្ធិនោះ ។
តើប្រធានបទខាងគោលលទ្ធិអ្វីខ្លះ ដែលយើងនឹងពិភាក្សានៅក្នុងការប្រជុំរបស់យើង ?
ប្រធានបទក្នុងគម្រោងមេរៀនសប្ដាហ៍នីមួយៗគឺជាគោលការណ៍ខាងគោលលទ្ធិមួយ ដែលត្រូវបានជ្រើសរើសដើម្បីសម្របតាមការអានព្រះគម្ពីរសញ្ញាថ្មី ដែលផ្តល់អនុសាសន៍នៅក្នុងសប្ដាហ៍នោះ ដែលមាននៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ តាមរបៀបនេះ ការពិភាក្សាពីគោលលទ្ធិក្នុងការប្រជុំថ្នាក់ ឬកូរ៉ុមនឹងគាំទ្រដល់អ្វីដែលយុវវ័យកំពុងរៀនសូត្រនៅផ្ទះ ។
ទោះបីជាគម្រោងមេរៀននេះត្រូវបង្រៀននៅថ្ងៃអាទិត្យជាក់លាក់ក្ដី ក៏បងប្អូននៅតែមានជម្រើសដើម្បីពិភាក្សាប្រធានបទខាងគោលលទ្ធិផ្សេងទៀត ដោយផ្អែកលើតម្រូវការក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនផងដែរ ។
ធនធាននេះរួមមានគម្រោងមេរៀនសម្រាប់សប្ដាហ៍នីមួយៗ នៅពេលមានការប្រជុំថ្នាក់យុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន ត្រូវបានធ្វើឡើង ។ ជួនកាល បងប្អូនអាចរំលងមេរៀនមួយដោយសារតែមានសន្និសីទស្ដេក ឬមូលហេតុផ្សេងទៀត ។
តើថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់យើងមានតួនាទីអ្វី ?
ថ្នាក់ដឹកនាំមជ្ឈិមវ័យរបស់បងប្អូនដើរតួយ៉ាងសំខាន់ក្នុងថ្នាក់យុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ពួកគេនឹងដឹកនាំ ហើយប្រឹក្សាបងប្អូនក្នុងការហៅបម្រើភាពជាអ្នកដឹកនាំរបស់បងប្អូន ។ ពួកគេនឹងគាំទ្រ ហើយលើកទឹកចិត្តបងប្អូន កាលបងប្អូនធ្វើកិច្ចការរបស់ថ្នាក់ ឬកូរ៉ុមរបស់បងប្អូន ។ ពួកគេនឹងបង្រៀនពីគោលលទ្ធិដល់បងប្អូន ហើយពួកគេនឹងផ្ដល់ពរដល់បងប្អូនតាមរយៈគំរូ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។