« ថ្ងៃទី ៨ ខែ មករា ។ តើខ្ញុំអាចផ្តល់ពរជ័យដល់អ្នកដទៃជាមួយទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំដោយរបៀបណា ? ម៉ាថាយ ១; លូកា ១ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៨ ខែ មករា ។ តើខ្ញុំអាចផ្តល់ពរជ័យដល់អ្នកដទៃជាមួយទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ៨ ខែ មករា
តើខ្ញុំអាចផ្តល់ពរជ័យដល់អ្នកដទៃជាមួយទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១០.២, ១១.២ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើយើងបានពិភាក្សាគ្នាអ្វីខ្លះពីលើកមុន ហើយតើការអញ្ជើញ ឬការចាត់តាំងអ្វីដែលបានធ្វើឡើង ? តើយើងបានធ្វើអ្វីខ្លះដើម្បីអនុវត្តតាមការអញ្ជើញ ឬការចាត់តាំងទាំងនោះ ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើយើងអាចធ្វើ ឬនិយាយអ្វីខ្លះដើម្បីលួងលោមដល់ជនដែលអាចមានអារម្មណ៍ឯកោ ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានវិធីអ្វីខ្លះ ដែលយើងអាចជួយអ្នកដទៃទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចចែកចាយគំនិតអ្វីខ្លះជាមួយនឹងគ្នាដើម្បីជួយយើងពង្រឹងក្រុមគ្រួសាររបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ដូចជាពួកយូដាដ៏ស្មោះត្រង់ភាគច្រើននៅសម័យរបស់នាងដែរ ម៉ារា ប្រាកដជាអន្ទះសាចង់ឲ្យដល់ការយាងមករបស់ព្រះមែស៊ីណាស់ ។ បន្ទាប់ពីបានដឹងពីទេវតាមួយអង្គថា ការរង់ចាំជិតមកដល់ហើយនោះ—ហើយថានាងនឹងធ្វើជាមាតានៃព្រះប្រោសលោះដែលបានសន្យានោះ—ម៉ារាបានថ្លែងទីបន្ទាល់ដ៏អស្ចារ្យថា « ព្រះដ៏ជាព្រះអង្គសង្រ្គោះនៃខ្ញុំ » ។ ទីបន្ទាល់នេះបានកត់ត្រាទុកនៅក្នុង លូកា ១:៤៦–៥៥ ហើយទីបន្ទាល់នេះត្រូវបានពួកគ្រីស្ទាននៅជុំវិញពិភពលោកស្រឡាញ់ជាខ្លាំង ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ សូមគិតអំពីសិស្សនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូន ។ ពួកគេក៏ដូចជាម៉ារាដែរ គឺកំពុងរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ—លើកនេះ គឺសម្រាប់ការយាងមកដ៏រុងរឿងជាលើកទីពីររបស់ទ្រង់ ។ ហើយក៏ដូចជាម៉ារាដែរ ទីបន្ទាល់របស់ពួកគេអាចមានឥទ្ធិពលដ៏ខ្លាំងលើសេចក្តីជំនឿរបស់អ្នកដែលនៅជុំវិញពួកគេ ។
តើអ្នកដែលបងប្អូនបង្រៀនមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ ? តើទីបន្ទាល់របស់ពួកគេពីទ្រង់ផ្តល់ពរជ័យដល់អ្នកដទៃយ៉ាងដូចម្តេច ? ពេលបងប្អូនត្រៀមខ្លួនបង្រៀន បងប្អូនក៏អាចសិក្សា នីហ្វៃទី ២ ២៥:២៣–២៦ និងសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន ផងដែរ « We Talk of Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨–៩១ ) ។
រៀនជាមួយគ្នា
របៀបដ៏ល្អមួយដើម្បីជួយយុវវ័យឲ្យគិតអំពីទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ គឺត្រូវពិនិត្យមើលទីបន្ទាល់របស់ម៉ារានៅក្នុង លូកា ១:៤៦–៥៥ ជាមួយគ្នា ។ ប្រហែលជាពួកគេអាចចែកចាយឃ្លាដែលពិពណ៌នានូវអ្វីដែលម៉ារាបានជឿ និងទទួលអារម្មណ៍អំពីព្រះអង្គសង្រ្គោះជាមួយគ្នាទៅវិញទៅមក ។ តើឃ្លាណាមួយក្នុងឃ្លាទាំងនេះដែលពិពណ៌នាអំពីអារម្មណ៍របស់យើងចំពោះទ្រង់ ? ឧទាហរណ៍ តើអ្វីដែលបណ្តាលឲ្យវិញ្ញាណរបស់យើង « [ រីករាយ ] ក្នុងព្រះ ? » ( ខទី ៤៧ ) ។ តើ « សេចក្តីយ៉ាងល្អវិសេស » អ្វីដែលទ្រង់បានធ្វើសម្រាប់យើង ? ( ខទី ៤៩ ) ។ តើទ្រង់បានសម្តែងឫទ្ធិរបស់ទ្រង់នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ? ( សូមមើល ខទី ៥១ ) ។ គំនិតធ្វើសកម្មភាពខាងក្រោមអាចនាំឲ្យមានការសន្ទនាអំពីរបៀបដែលទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទអាចផ្តល់ពរដល់អ្នកដទៃ ។
-
សារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « យើងនិយាយអំពីព្រះគ្រីស្ទ » ជួយពន្យល់ពីមូលហេតុដែលយើងគួរនិយាយដោយបើកចំហពីព្រះអង្គសង្រ្គោះ—ហើយពីរបៀបដែលយើងគួរធ្វើវា ។ បងប្អូនអាចអានផ្នែកនានាពីសារលិខិតរបស់អែលឌើរ អាន់ឌើរសិន ជាមួយគ្នា ។ សមាជិកថ្នាក់ ឬកូរ៉ុមអាចពិភាក្សាពីមូលហេតុដែលលោកបានផ្តល់ឲ្យសម្រាប់ការចែកចាយទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងដំបូន្មានរបស់លោកពីរបៀបធ្វើដូច្នោះ ។ តើរឿងជាក់លាក់អ្វីខ្លះ ដែលយើងអាចធ្វើ ដើម្បីនិយាយពីព្រះគ្រីស្ទឲ្យកាន់តែបើកចំហ ?
-
នៅក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងដឹងពីសេចក្តីពិតដ៏សំខាន់អំពីព្រះយេស៊ូវគ្រីស្ទដែលយើងអាចចែកចាយ ។ តើបងប្អូនអាចជួយយុវវ័យឲ្យគិតអំពីសេចក្តីពិតទាំងនេះយ៉ាងដូចម្តេច ? បងប្អូនអាចស្នើសុំឲ្យពួកគាត់សិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » រៀងៗខ្លួន ឬជាក្រុម ដោយរកមើលចម្លើយចំពោះសំណួរ « តើសេចក្តីពិតអ្វីអំពីព្រះអង្គសង្រ្គោះដែលមានអត្ថន័យជាពិសេសចំពោះបងប្អូន ? » សូមអញ្ជើញពួកគេឲ្យចែកចាយសេចក្តីពិតដែលពួកគេបានរកឃើញ ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតទាំងនេះមានអត្ថន័យចំពោះពួកគេ ។ ពួកគេអាចចែកចាយបទគម្ពីរ និងបទពិសោធន៍របស់ពួកគេផ្ទាល់ កាលពួកគេធ្វើដូច្នោះ ។ បន្ទាប់មក ពួកគេអាចពិភាក្សាថាតើសេចក្តីពិតមួយណាអំពីព្រះអង្គសង្រ្គោះ ដែលពួកគេអាចចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយមិត្តភក្តិដែលកំពុងពុះពារនឹងទីបន្ទាល់ ឬជាមួយនរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្ររបស់យើង ។
-
ជាការបន្ថែមទៅលើ លូកា ១:៤៦–៥៥ ខគម្ពីរនេះមានវគ្គបទគម្ពីរផ្សេងទៀត ដែលអាចបំផុសគំនិតយើងឲ្យចែកចាយអ្វី ដែលយើងដឹងអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍មួយចំនួនមាននៅក្នុង « ធនធានគាំទ្រ » ។ សូមពិចារណាអានខគម្ពីរទាំងនេះជាមួយគ្នា ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបចែកចាយទីបន្ទាល់របស់យើងពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ? តើយើងអាចរៀនអ្វីខ្លះអំពីខគម្ពីរទាំងនេះ ? សមាជិកថ្នាក់ ឬកូរ៉ុមក៏អាចចែកចាយអ្វីៗដែលពួកគេបានរៀនមកពីមនុស្សដែលគេស្គាល់ ដែលចែកចាយសេចក្តីជំនឿរបស់ពួកគាត់ដោយសេរីពីព្រះយេស៊ូវគ្រីស្ទផងដែរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ាថាយ ៥:១៤–១៦; ពេត្រុស ទី១ ៣:១៥; នីហ្វៃទី ២ ២៥:២៦; អាលម៉ា ៥:៤៣–៥០; គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:៥–៨
-
រ័សុល អិម ណិលសុន « Let Your Faith Show » (Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ២៩–៣១ )
-
គ្រីស្ទីណា ប៊ី ហ្វ្រានកូ « Finding Joy in Sharing the Gospel » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨៣–៨៦ )