ឆ្នាំ ២០១០-២០១៩
ការរកឃើញ​អំណរ​នៅក្នុង​ការ​ចែកចាយ​ដំណឹងល្អ​
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ការរកឃើញ​អំណរ​នៅក្នុង​ការ​ចែកចាយ​ដំណឹងល្អ​

យើង​មាន​ព្រះវរបិតា​មួយ​អង្គ​ដែល​គង់​នៅ​ស្ថានសួគ៌ កំពុង​រង់​ចាំ​យើង​ងាក​ទៅ​រក​ទ្រង់ ដើម្បី​ទ្រង់​ប្រទាន​ដល់​ជីវិត​យើង និង​ជីវិត​មនុស្ស​នៅ​ជុំវិញខ្លួន​យើង ។

ចម្រៀង​កុមារ​មួយ​បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​ចាប់ផ្ដើម​ជាមួយពាក្យ​ពេចន៍​ទាំង​នេះ ៖

ខ្ញុំ នៅ សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួកបរិសុទ្ធ ថ្ងៃ ចុងក្រោយ ។

ខ្ញុំ ស្គាល់ ខ្លួន ឯង​ថា​ជា​នរណា។

ខ្ញុំ ដឹង ផែនការ​របស់​ព្រះ

ខ្ញុំ​នឹង​ដើរ តាម ទ្រង់ ដោយ ជំនឿ ។

ខ្ញុំ​ជឿ​លើ​ព្រះ​អង្គ​សង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​។

ប្រយោគ​នៃ​សេចក្ដី​ពិត​ដែល​យើងជឿ ​មាន​ភាព សាមញ្ញ ហើយ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​អ្វីម្ល៉េះ ។

នៅ​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ដឹង​ថា​យើង​គឺជា​នរណា ។ យើង​ដឹង​ថា « ព្រះ​គឺ​ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង ។ យើង​គឺ​ជា … ​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​ស្រលាញ់​យើង ។ យើង​បាន​រស់​នៅ [ ជាមួយ​ទ្រង់​នៅ​ស្ថានសួគ៌ ] ពី​មុន​យើង​មក​កាន់​ផែនដី​នេះ » ។

យើង​ដឹង​ពី​ផែនការ​របស់​ព្រះ ។ យើង​បាន​នៅ​ទី​នោះ​ជាមួយ​ទ្រង់ ពេល​ទ្រង់​បាន​ប្រាប់​ពី​ផែនការ​នោះ ។ «គោល​បំណង​ទាំងស្រុង​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌—កិច្ចការ និង សិរី​ល្អ​របស់​ទ្រង់—គឺ​អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​ទ្រង់ ។ ទ្រង់ … ​បាន​ប្រទាន​ផែនការ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​សម្រេច​បាន​គោល​បំណង​របស់​ទ្រង់ ។ យើង​យល់ ហើយ​ទទួល​យក​ផែនការ … នៃ​សុភមង្គល សេចក្ដី​ប្រោសលោះ និង … សេចក្ដី​សង្គ្រោះ​នេះ »​ពី​មុន​យើង​មក​កាន់​ផែនដី ។

« ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ ។ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ព្រះរាជបំណង​របស់​ព្រះវរបិតា​ទ្រង់ ហើយ​ធ្វើ​ឲ្យ​ពួក​យើង​ម្នាក់ៗ​អាច​រីករាយ​នឹង​អមតៈភាព និង​ភាព​តម្កើង​ឡើង ។ សាតាំង ឬ​អារក្ស គឺជា​មារសត្រូវ​ចំពោះ​ផែនការ​របស់​ព្រះ » តាំង​ពី​ដំបូង​មក​ម្ល៉េះ ។

« សិទ្ធិ​ជ្រើស​រើស ឬ​សមត្ថភាព​ដើម្បី​ជ្រើសរើស​គឺជា​អំណោយទាន​មួយ​ដ៏​មហិមា​របស់​ព្រះ​ដល់បុត្រា​បុត្រី​របស់​ទ្រង់ ។ … យើង​ត្រូវ​តែ​ជ្រើស​រើស​ថាតើ​ត្រូវ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ឬ​ធ្វើ​តាម​សាតាំង » ។

ទាំង​នេះ​គឺជា​សេចក្ដីពិត​ដ៏​សាមញ្ញ​ដែល​យើង​អាច​ចែកចាយ​ជាមួយ​មនុស្ស​ដទៃ ។

ខ្ញុំ​សូម​ប្រាប់​ពី​គ្រា​មួយ​នៅ​ពេល​ម្ដាយ​ខ្ញុំ​បាន​ចែកចាយ​សេចក្ដី​ពិត​ដ៏​សាមញ្ញ​នេះ ដោយ​គ្រាន់​តែ​មាន​ការ​បើក​ឲ្យ​មាន​ការ​សន្ទនា​មួយ និង​ការ​ស្គាល់​ពី​ឱកាស​មួយ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ម្ដាយ​របស់​ខ្ញុំ​បាន​ត្រឡប់​ទៅ​លេង​ប្អូន​ប្រុស​ខ្ញុំ​នៅ​ប្រទេស​អាហ្សង់ទីន ។ ម្ដាយ​ខ្ញុំ​មិន​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្តហោះ នោះ​ទេ​ទើប​គាត់​បាន​សុំកូន​ប្រុស​របស់​ខ្ញុំ​ម្នាក់​ឲ្យ​ផ្ដល់​ការ​ប្រសិទ្ធិពរ​នៃ​ការ​លួង​លោម​ចិត្ត និង​ការ​ការពារ​ដល់​គាត់ ។ កូន​ប្រុស​ខ្ញុំ​ក៏​បាន​បំផុស​គំនិត​ឲ្យ​ប្រសិទ្ធពរ​ជូន​លោក​យាយ​គាត់​ឲ្យ​មាន​ការ​ដឹកនាំ និង​ការណែនាំ​ជា​ពិសេស​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ពង្រឹង ហើយ​ប៉ះ​ដួង​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​បំណង​ចង់​រៀន​ពី​ដំណឹងល្អ​ផងដែរ ។

ក្រុម​គ្រួសារ​របស់​ប៉ុល

នៅ​ឯ​អាកាសយានដ្ឋាន​សលត៍ លេក ម្ដាយ​ និង​ប្អូន​ប្រុស​របស់​ខ្ញុំ​បាន​ជួប​នឹង​ក្មេង​ស្រី​ម្នាក់​អាយុ ប្រាំពីរ ឆ្នាំ ដែល​ទើប​តែ​ត្រឡប់​​មក​ពី​ដំណើរ​កម្សាន្ត​លេង​ស្គី​មួយ​ជាមួយ​នឹង​គ្រួសារ​នាង ។ ឪពុក​ម្ដាយ​នាង​បាន​សម្គាល់​ឃើញ​ថា​នាង​បាន​និយាយ​យ៉ាង​យូរ​ជាមួយ​នឹង​ម្ដាយ និង​ប្អូន​ប្រុស​ខ្ញុំ ហើយ​បាន​សម្រេច​ចិត្ត​ចូល​រួម​នឹងពួកគេ​ដែរ ។ ពួកគេ​បាន​ណែនាំ​ខ្លួន​ថា ពួកគេ​មាន​ឈ្មោះ អេឌូអាដូ និង​ម៉ារា ស៊ូសាណា ហើយ​កូន​ស្រី​ពួកគេ​ឈ្មោះ ហ្គីយ៉ាដា ប៉ុល ។​ មាន​ទំនាក់ទំនង​ដ៏​កក់​ក្ដៅ​មួយ​ទៅ​នឹង​គ្រួសារ​ដ៏​ល្អ​នេះ ។

គ្រួសារ​ទាំង​ពីរ​មាន​ចិត្ត​រំភើប​ដោយ​បាន​ធ្វើ​ដំណើរ​រួម​គ្នា​លើ​យន្ត​ហោះ​តែ​មួយ​ទៅ​កាន់​ទីក្រុង ប៊ុយណូហ្សែ ប្រទេស អាហ្សង់ទីន ។ កាល​ការ​សន្ទនា​របស់​ពួកគាត់​បាន​បន្ត ទើបម្ដាយ​ខ្ញុំ​បាន​​ដឹង​ថា ពួកគេ​ពុំធ្លាប់​ឮ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ឡើយ ។

សំណួរ​ដំបូង​មួយ​ដែល​ស៊ូសាណា​បាន​សួរ​គឺ​« តើ​លោក​ស្រី​អាច​ប្រាប់​ខ្ញុំ​ពី​សារមន្ទីរ​ដ៏​ស្រស់​ស្អាត​ហើយមាន​រូបសំណាក់​មាស​នៅ​លើ​កំពូលបាន​ទេ ? »

ម្ដាយ​ខ្ញុំ​បាន​ពន្យល់​ថា អគារ​ដ៏​ស្រស់​ស្អាត​នោះ​ពុំ​មែន​ជា​សារមន្ទីរ​ទេ វា​គឺជា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ដែល​យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ទ្រង់​វិញនៅ​ថ្ងៃ​ណា​មួយ ។ ស៊ូសាណា​បាន​សារភាព​ប្រាប់​ម្ដាយ​នាង​ថា ពីមុន​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ទៅ​កាន់​ទីក្រុង​សលត៍ លេក នាង​បាន​អធិស្ឋាន​ទូល​សូម​អ្វី​មួយ​ដើម្បី​ពង្រឹង​ដល់​វិញ្ញាណ​របស់​នាង ។

អំឡុង​ពេល​ការ​ធ្វើ​ដំណើរ​នោះ ម្ដាយ​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដ៏​រឹង​មាំ ហើយ​សាមញ្ញ​របស់​គាត់​ស្ដីពី​ដំណឹងល្អ ហើយ​បានអញ្ជើញ​ស៊ូសាណា​ឲ្យ​ស្វែង​រក​ពួក​អ្នក​ផ្សព្វផ្សា​យសាសនា​នៅ​ក្នុង​ទីក្រុង​របស់​នាង ។ ស៊ូសាណា​បាន​សួរ​ទៅ​ម្ដាយ​ខ្ញុំ​ថា « តើ​ខ្ញុំ​នឹង​រក​ពួកគេ​ឃើញ​តាម​របៀបណា ? »

ម្ដាយខ្ញុំ​បាន​តប​ថា « ក្មួយ​ប្រាកដ​ជា​រក​ពួកគេ​ឃើញ ពួកគេ​អាច​ជា​យុវជន​ពីរ​នាក់​ដែលពាក់​អាវ​ពណ៌ស និង​ពាក់​ក្រវ៉ាត់​ក ឬ​ជា​យុវនារី​ពីរ​នាក់​ដែល​ពាក់​រ៉ូប ហើយ​ពួកគេ​តែង​តែ​មាន​ពាក់​ស្លាក​មួយ​ដែល​មាន​ឈ្មោះ​របស់​ពួកគេ និង​ឈ្មោះ​‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ › » ។​

គ្រួសារ​ទាំង​ពីរ​បានផ្ដល់​លេខ​ទូរសព្ទ​ឲ្យ​គ្នា ហើយ​បាន​លា​គ្នា​នៅ​អាកាសយាន្ត​ដ្ឋាន​នៅ​ទីក្រុងប៊ុយណូហ្សែ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ស៊ូសាណា បាន​ក្លាយ​ជាមិត្ត​ដ៏​ល្អ​របស់​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​ថា នាង​សុំ​ទោស​ដោយត្រូវ​ទុក​ចោល​ម្ដាយ​ខ្ញុំ​នៅ​ឯ​អាកាសយាន្តដ្ឋាន ។ នាង​និយាយ​ថា « ម្ដាយ​លោក​ស្រីដូចជា​រីករាយ​ណាស់ ។ ខ្ញុំ​ពុំ​អាច​រៀបរាប់​បាន​ទេ ប៉ុន្តែ​គាត់​មាន​នូវ​ពន្លឺ​មួយ​ដែល​ខ្ញុំ​ពុំ​ចង់​ទៅចោល​ឡើយ » ។

កាល​ស៊ូសាណា​ត្រឡប់​ទៅ​ដល់​ទីក្រុង​របស់​នាង​ភ្លាម នាង និង​កូនស្រី​នាង ហ្គីយ៉ាដា បាន​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​នឹង​ម្ដាយ​របស់​ស៊ូសាណា ដែល​រស់​នៅ​តំបន់​ក្បែរ​ផ្ទះ​របស់​ពួកគេ ។ ពេល​ពួកគេ​កំពុង​បើក​ឡាន ស៊ូសាណា​បាន​ឃើញ​យុវជន​ពីរ​នាក់​កំពុង​ដើរ​នៅ​លើ​ផ្លូវ ហើយ​ស្លៀក​ពាក់​ដូច​អ្វី​ដែល​ម្ដាយ​ខ្ញុំ​បាន​ប្រាប់ ។​ នាង​បាន​ឈប់​ឡាន​នៅកណ្ដាល​ផ្លូវ ហើយ​បាន​ចេញ​ពី​ឡាន​ទៅ​សួរ​យុវជន​ទាំង​ពីរ​នាក់​នោះ​ថា « តើ​អ្នក​ទាំង​ពីរ​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មែន​ទេ ? »

ពួកគេ​តប​ថា « បាទ » ។

នាង​បាន​សួរ​ថា « ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មែន​ទេ ? »

ពួកគេ​ពីរ​នាក់​បាន​តប​ថា « បាទ ពួកយើង​ហ្នឹង​ហើយ ! »

រួច​នាង​បាន​តប​ថា « សូម​ចូល​ទៅ​ក្នុង​ឡាន​ខ្ញុំ​មក អ្នក​ត្រូវ​ទៅ​បង្រៀន​ខ្ញុំ​នៅ​ផ្ទះ » ។

ក្រុម​គ្រួសារ​របស់​ប៉ុល

ពីរខែ​ក្រោយ​មក ម៉ារា ស៊ូសាណា​បាន​ជ្រមុជទឹក ។ កូនស្រី​នាង ហ្គីយ៉ាដា ក៏​បាន​ជ្រមុជទឹក ពេល​នាង​មាន​អាយុ ប្រាំបួន ឆ្នាំ​ផង​ដែរ ។ យើង​នៅតែ​បន្ត​ធ្វើ​ការ អេឌូអាដូ ជា​កន្លែង​ដែលយើង​ស្រឡាញ់​ដោយ​ឥត​លក្ខខណ្ឌ ។

ចាប់​ពី​ពេល​នោះ​មក ស៊ូសាណា បាន​ក្លាយ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ពីមុន​ឡើយ ។ នាង​ប្រៀប​ដូច​ជា​ពួក​បុត្រា​របស់​ម៉ូសាយ​ដែរ ដោយ​បាន​នាំ​ព្រលឹង​ជាច្រើន​មក​កាន់​ព្រះគ្រីស្ទ ។

នៅ​ក្នុងការ​សន្ទនា​មួយ​របស់​យើង ខ្ញុំ​បាន​សួរ​នាង​ថា « តើ​អាថ៌កំបាំង​របស់​អ្នក​ជា​អ្វី​ទៅ ? តើ​អ្នក​ចែកចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដ៏ទៃ​តាម​របៀបណា ? »

នាង​បាន​ប្រាប់​ខ្ញុំ​ថា « វា​សាមញ្ញ​ណាស់ ។ រៀងរាល់​ថ្ងៃ ពីមុន​ខ្ញុំ​ចេញ​ពី​ផ្ទះ ខ្ញុំ​អធិស្ឋាន ទៅ​កាន់​ព្រះវរបិតា​សួគ៌​ ដោយ​សូម​ទ្រង់​ឲ្យ​ដឹកនាំ​ខ្ញុំ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ដំណឹងល្អក្នុង​ជិវិត​របស់​ពួកគេ ។ ពេលខ្លះ ខ្ញុំ​យក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដើម្បី​ចែកចាយ​នឹង​ពួកគេ ឬ​ខិតប័ណ្ណ​មក​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា—ហើយ​ពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ​នឹង​មនុស្ស​ម្នាក់ ខ្ញុំ​គ្រាន់​តែ​សួរ​ពួកគេ​ថាតើ​ពួកគេ​ធ្លាប់​ឮ​ពី​សាសនាចក្រ​ដែរ​ឬទេ » ។

ស៊ូសាណា​ក៏​បាន​និយាយ​ផង​ដែរ « ពេលខ្លះ ខ្ញុំ​គ្រាន់​តែញញឹម កាល​ខ្ញុំ​កំពុង​រង់ចាំ​រថភ្លើង ។ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​បានមើល​មក​ខ្ញុំ ហើយ​ពោល​ថា ‹ តើ​អ្នក​ញញឹម​ពី​រឿង​អ្វី​ដែរ ? › គាត់​​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។

« ខ្ញុំ​បាន​តប​ថា ‹ ខ្ញុំ​ញញឹម ដោយ​ខ្ញុំ​សប្បាយ​ចិត្ត ! ›

« រួច​គាត់​បាន​តប​ថា ‹ ចុះ​តើ​អ្នក​មាន​រឿង​អ្វី ទើប​សប្បាយ​ចិត្តម្ល៉េះ ? ›

« ខ្ញុំ​បានតប​ថា ‹ ខ្ញុំ​គឺ​ជា​សមាជិក​​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយរឿង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យខ្ញុំ​សប្បាយ​ចិត្ត ។ តើ​អ្នក​ធ្លាប់​ឮ​វា​ទេ ? › »

ពេលគាត់​ប្រាប់​ថា ទេ នោះ​នាង​បាន​ឲ្យ​ខិតប័ណ្ណ​មួយ​ដល់​គាត់ ហើយ​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​ការ​ប្រជុំ​នៅ​ថ្ងៃអាទិត្យ​ក្រោយ ។ នៅ​ថ្ងៃ​អាទិត្យ​ក្រោយ នាង​បាន​រាក់​ទាក់​គាត់​នៅឯ​មាត់​ទ្វារ ។

ប្រធាន ដាល្លិនអេក អូក បាន​បង្រៀនថា

« មាន​រឿង​បី​យ៉ាង​ដែល​សមាជិក​គ្រប់​រូប​អាច​ធ្វើ​ដើម្បី​ជួយ​ចែកចាយ​ដំណឹងល្អ ។ …

« ទីមួយយើងទាំងអស់គ្នា អាច​អធិស្ឋាន​ទូល​សូម​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ក្នុង​ផ្នែក​ដ៏​សំខាន់​នៃកិច្ចការនៃសេចក្តីសង្គ្រោះ ។

« ទីពីរយើងអាចគោរពបទបញ្ញត្តិដោយខ្លួនយើង ។… សមាជិក​ស្មោះ​ត្រង់​នឹង​មាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ … ​គង់​នៅ​ជាមួយ​ពួកគេ​ជានិច្ច ដើម្បី​ដឹកនាំ​ពួកគេ​ពេល​ពួកគេ​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការ​ចែក​ចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញនេះ ។

ទីបីយើង​អាច​អធិស្ឋាន​សូម​ការ​បំផុស​គំនិត​នូវ​អ្វី​ដែល​យើងអាច​ធ្វើ … ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ … [ ហើយ ] អធិស្ឋាន​ដោយ​ការ​តាំង​ចិត្ត​មួយ​ដើម្បី​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​បងប្អូន​បាន​ទទួល » ។

បងប្អូនប្រុស​ស្រី កុមារ និង​យុវវ័យ តើ​យើង​អាច​ធ្វើ​ដូចជា​មិត្ត​ខ្ញុំ ស៊ូសាណា ហើយ​ចែកចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ​បាន​ដែរ​ឬទេ ? តើ​យើង​អាច​អញ្ជើញ​មិត្ត​ម្នាក់​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង​ឲ្យ​មក​ព្រះវិហារ​ជាមួយ​នឹង​យើង​នៅ​ថ្ងៃ​អាទិត្យ​បាន​ដែរ​ឬទេ ? ឬ​តើ​យើង​អាច​ចែកចាយ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ជាមួយ​នឹង​សាច់ញាតិ ឬ​មិត្ត​ម្នាក់​បាន​ទេ ? តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្វែង​រក​បុព្វការីជន​របស់​ពួកគេ​នៅ​លើកម្មវិធី​ស្រាវ​ជ្រាវ​ពង្ស​ប្រវត្តិ ឬ​ចែកចាយ​នឹង​អ្នក​ដទៃ​នូវ​អ្វី​ដែល​យើង​បាន​រៀន​អំឡុង​សប្ដាហ៍​និមួយៗ​នោះ ពេល​យើង​បាន​សិក្សា​សៀវភៅចូរ​មក​តាម​ខ្ញុំបាន​ដែរ​ឬទេ ? តើ​យើង​អាច​កាន់​តែ​ប្រែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ហើយ​ចែកចាយ​នឹង​មនុស្ស​ដទៃ​នូវ​អ្វី​ដែល​នាំ​ឲ្យ​ជីវិត​យើង​មាន​អំណរ​បាន​ដែរ​ឬទេ ?​ ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​គឺ បាទ/ចាស ។ យើងអាចធ្វើវាបាន !

« ព្យាការី និង​ពួកសាវក​ដែល​នៅរស់​ទាំងឡាយ​បង្រៀន​យើង​ថា ‹ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បញ្ជូន​ចេញទៅ « ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ របស់​ទ្រង់ សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​ព្រលឹង​នៃ​មនុស្ស​លោក » ។គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៥៦ ) ។ កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​នេះ​រួមមាន​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក ការថែរក្សា​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ ការធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​ឲ្យ​សកម្ម​ឡើង​វិញ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ និង​ការបង្រៀន​ដំណឹងល្អ » ។

បង​ប្អូន​ជា​ទី​ស្រឡាញ់​ព្រះអម្ចាស់​ត្រូវ​ការ​ពួក​យើង​ប្រមូល​វង្ស​អ៊ីស្រាអែល។ នៅ​ក្នុង​គោលលទ្ធិ​និង​សេចក្តី​សញ្ញា ទ្រង់​បាន​មាន​បន្ទូល​ថា « ហើយ​ចូរ​អ្នករាល់គ្នា​កុំ​ថប់​ព្រួយ​ទុក​ជា​មុន​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថា​នោះ​ឡើយ ប៉ុន្តែ​ចូរ​រក្សា​ទុក​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា ជា​បន្ត​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​ខាង​ជីវិត​វិញ ហើយ​សេចក្តី​ដែល​ត្រូវ​និយាយ​នឹង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នៅ​ចំ​ម៉ោង​នោះ​ឯង​នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់រូប »។

លើស​ពី​នេះទៀត ទ្រង់​បាន​សន្យា​យើង​ថា ៖

« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់​តែ​នាំ​ព្រលឹង​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង !

« ហើយឥឡូវនេះ បើសិន​ជា​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែ​មួយ ហើយ​យ៉ាង​ណា​ទៅ ដែល​អ្នក​បាននាំ​មករក​យើង​នៅ​ក្នុង​នគរ​នៃព្រះវរបិតា​របស់​យើង នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏​មហិមា បើសិន​ជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង ! »

ចម្រៀង​កុមារ​ដែល​ខ្ញុំបាន​លើក​ឡើង​ពី​ខាង​ដើម បាន​បញ្ចប់​ជាមួយ​នឹង​ឃ្លា​ដ៏​មាន​អត្ថន័យ​ថា

ខ្ញុំ​ជឿ​លើ​ព្រះ​អង្គ​សង្គ្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​នឹង​តម្កើង​ព្រះ​នាម​របស់​ទ្រង់ ។

ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ

ខ្ញុំ​នឹង​ដើរ​តាម​ពន្លឺ​របស់​ទ្រង់ ។

ខ្ញុំ​នឹង​ប្រកាស​សេចក្តី​ពិត​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ជាសាក្សី​ថា ពាក្យ​ពេចន៍​ទាំង​នេះ​គឺជា​ពាក្យ​ពិត ហើយ​ថាយើង​មាន​ព្រះវរបិតា​មួយ​អង្គ​ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​កំពុង​រង់​ចាំ​យើង​ងាក​ទៅ​រក​ទ្រង់ ដើម្បី​ទ្រង់​ប្រទាន​ពរ ដល់​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​នៅ​ជុំវិញខ្លួន​យើង ។ សូម​ឲ្យ​យើង​មាន​បំណង​ប្រាថ្នា​នាំ​យក​បងប្អូន​ប្រុស​ស្រី​របស់​យើង​មក​រក​ព្រះគ្រីស្ទ នេះ​គឺជា​ការ​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ »សៀវភៅ​ចម្រៀង​កុមារទំព័រ ៤៨ ។

  2. ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ ( ឆ្នាំ ២០១៩ ) ទំព័រ ៦ ។

  3. ដាល្លិនអេក អូក « Sharing the Restored Gospel »Liahonaខែ វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៥៧ ។

  4. ក្បួនខ្ឋាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ, ៥.០, ChurchofJesusChrist.org; សូមមើល​ផងដែរ L. Whitney Clayton, « The Work of Salvation: Then and NowLiahona, ខែ​កញ្ញា ឆ្នាំ ២០១៤, ២៣ ។

  5. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៥ ។

  6. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១៥-១៦ ។

  7. « សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ » ទំព័រ ៧៧ ។