ការចែកចាយដំណឹងល្អដែលបានស្តារឡើងវិញ
អ្វីដែលយើងហៅថា « កិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក » នោះគឺពុំមែនជាកម្មវិធីឡើយ ប៉ុន្តែវាជាឥរិយាបថនៃសេចក្តីស្រឡាញ់ និង ឈោងទៅជួយអ្នកនៅជុំវិញយើងវិញ ។
I.
នៅជិតចុងបញ្ចប់នៃការបម្រើនៅលើផែនដីរបស់ទ្រង់ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទបានបង្គាប់ដល់ពួកសិស្សទ្រង់ថា ៖ « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » (ម៉ាថាយ ២៨:១៩) និង « ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » (ម៉ាកុស ១៦:១៥) ។ គ្រិស្តសាសនិកគ្រប់រូបមានភារៈកិច្ចចែកចាយដំណឹងល្អជាមួយមនុស្សទាំងអស់ ។ មនុស្សជាច្រើនហៅការបង្គាប់នេះថា « ការបង្គាប់ដ៏មហិមា » ។
ដូចអែលឌើរ នែល អិល អាន់ឌើរសិន បានពិពណ៌នាកាលពីសម័យប្រជុំព្រឹកមិញ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយគឺពិតជាអ្នកដែលនៅក្នុងចំណោមនៃ អស់អ្នកដែលមានការតាំងចិត្តដ៏ខ្លាំងក្លាចំពោះការទទួលខុសត្រូវនោះ ។ យើងគួរតែធ្វើបែបនោះ ដោយសារយើងដឹងព្រះស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ ហើយថានៅថ្ងៃចុងក្រោយនេះ ទ្រង់បានស្តារចំណេះដឹង និង ព្រះចេស្តាសំខាន់ៗបន្ថែមទៀតដើម្បីប្រទានពរដល់ពួកគេគ្រប់គ្នា ។ ព្រះអង្គសង្គ្រោះបានបង្រៀនពួកយើងឲ្យស្រឡាញ់មនុស្សទាំងអស់គ្នាឲ្យដូចជាបងប្អូនប្រុសស្រីរបស់យើង ហើយយើងគោរពតាមការបង្រៀននោះ តាមរយៈការចែកចាយទីបន្ទាល់ និង សារលិខិតនៃដំណឹងល្អដែលបានស្តារឡើងវិញ « ក្នុងចំណោមគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន » (គ. និង ស. ១១២:១) ។ នេះគឺជាផ្នែកមួយសំខាន់ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងចាត់ទុកការណ៍នេះថាជាឯកសិទ្ធិដ៏មានអំណរមួយ ។ តើមានអំណរណាទៀតដែលមានច្រើនជាងការចែកចាយសេចក្តីពិតដ៏អស់កល្បជានិច្ចជាមួយកូនចៅរបស់ព្រះនោះ ?
សព្វថ្ងៃនេះយើងមានធនធានជាច្រើនដើម្បីចែកចាយដំណឹងល្អ ដែលជំនាន់មុនៗគ្មាន ។ យើងមានទូរទស្សន៍ អ៊ិនធើរណែត និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ យើងមានសារលិខិតដ៏មានតម្លៃជាច្រើន ដើម្បីណែនាំអំពីដំណឹងល្អដែលស្តារឡើងវិញ ។ សាសនាចក្រយើងមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសជាច្រើន ។ យើងមានអ្នកផ្សព្វផ្សាយសាសនាកាន់តែច្រើនឡើង ។ ប៉ុន្តែតើយើងកំពុងប្រើប្រាស់ធនធានទាំងអស់នេះឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានលទ្ធផលល្អដែរឬទេ ? ខ្ញុំជឿថាថាបងប្អូនភាគច្រើននឹងនិយាយថាមិនទាន់អស់ទេ ។ យើងមានបំណងបំពេញការទទួលខុសត្រូវដែលព្រះបានចាត់តាំងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីប្រកាសដំណឹងល្អដែលស្តារឡើងវិញនៅក្នុងពិភពលោកទាំងមូល ។
មានយោបល់ល្អៗជាច្រើនក្នុងការចែកចាយដំណឹងល្អ ដែលអាចដំណើរការបានល្អនៅក្នុងស្កេក និង ប្រទេសនីមួយៗ ។ ប៉ុន្តែដោយសារយើងជាសាសនាចក្រដូចគ្នាទូទាំងពិភពលោក នោះខ្ញុំចង់និយាយអំពីយោបល់នានាដែលនឹងមានប្រសិទ្ធភាពនៅគ្រប់ទីកន្លែង តាំងពីអង្គភាពដែលទើបតែបង្កើតថ្មី រហូតដល់អង្គភាពដែលរឹងមាំហើយ រួមទាំងវប្បធម៌នានាដែលឥឡូវនេះបានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចូលក្នុងវប្បធម៌ និង ប្រទេសនានាដែលមិនស្វាគមន៍សាសនា ។ ខ្ញុំចង់និយាយអំពីយោបល់ដែលបងប្អូនអាចចែកចាយជាមួយមនុស្សដែលបានតាំងចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងជាមួយមនុស្សដែលពុំធ្លាប់ឮព្រះនាមទ្រង់សោះ និង ជាមួយមនុស្សដែលពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននៃជីវិតពួកគេ ព្រមទាំងជាមួយមនុស្សដែលខំប្រឹងកែលម្អខ្លួនពួកគេ ។
តើខ្ញុំអាចនិយាយដូចម្តេច ដែលនឹងជួយបងប្អូនក្នុងការចែកចាយដំណឹងល្អ មិនថាបងប្អូនមានកាលៈទេសៈបែបណានោះ ? យើងត្រូវការជំនួយពីសមាជិកគ្រប់រូប ហើយសមាជិកម្នាក់ៗអាចជួយបាន ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ ពេលយើងចែកចាយដំណឹងល្អដែលបានស្តារឡើងវិញជាមួយគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ។
យើងទាំងអស់គ្នាដឹងថាសមាជិកចូលរួមក្នុងកិច្ចការផ្សព្វផ្សាយសាសនាគឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវការប្រែចិត្តជឿ និង ការថែរក្សា ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា ៖ « ឥឡូវដល់ពេលសម្រាប់សមាជិក និងអ្នកផ្សាយសាសនាមករួមគ្នា …[ ហើយ ] ធ្វើការក្នុងចម្ការរបស់ព្រះអម្ចាស់ ដើម្បីនាំព្រលឹងមកកាន់ទ្រង់ ។ ទ្រង់បានរៀបចំមធ្យោបាយសម្រាប់យើងដើម្បីចែកចាយដំណឹងល្អតាមវិធីជាច្រើន ហើយទ្រង់នឹងជួយយើងក្នុងកិច្ចការយើង បើយើងនឹងធ្វើវាដោយសេចក្ដីជំនឿដើម្បីបំពេញកិច្ចការរបស់ទ្រង់ » ។
ការចែកចាយដំណឹងល្អដែលបានស្តារឡើងវិញគឺជាកាតព្វកិច្ច និង ឯកសិទ្ធិពេញមួយជីវិតរបស់យើងក្នុងនាមជាគ្រិស្តសាសនិក ។ អែលឌើរ ឃ្វីនថិន អិល ឃុក រំឭកយើងថា « កិច្ចការផ្សព្វផ្សាយសាសនាគឺពុំមែនគ្រាន់តែជាខ្ទង់តែមួយនៃខ្ទង់ទាំង ៨៨ របស់ព្យាណូដែលលេងយូរៗម្តងនោះទេ វាគឺជាខ្សែភ្លេងដ៏សំខាន់នៅក្នុងដូរតន្ត្រីដ៏ពីរោះ ដែលចាំបាច់ត្រូវតែលេងវាជារៀងរហូតពេញមួយជីវិតរបស់យើង ប្រសិនបើយើងបន្តនៅស្របទៅនឹងការតាំងចិត្តរបស់យើងចំពោះភាពជាគ្រិស្តសាសនិក និង ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។
II.
មានចំណុចបីយ៉ាងដែលសមាជិកទាំងអស់អាចធ្វើ ដើម្បីជួយចែកចាយដំណឹងល្អ ទោះបីពួកគេរស់នៅ និង ធ្វើការក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ពួកយើងទាំងអស់គ្នាគប្បីធ្វើចំណុចទាំងអស់នេះ ។
ទីមួយ យើងទាំងអស់គ្នា អាចអធិស្ឋានទូលសូមបំណងប្រាថ្នាដើម្បីជួយក្នុងផ្នែកដ៏សំខាន់នៃកិច្ចការនៃសេចក្តីសង្គ្រោះ ។ គ្រប់កិច្ចការទាំងអស់ចាប់ផ្តើមជាមួយនឹង បំណងប្រាថ្នា ។
ទីពីរ យើងអាចគោរពបទបញ្ញត្តិដោយខ្លួនយើង ។ សមាជិកស្មោះត្រង់ ដែលគោរពប្រតិបត្តិគឺជាសាក្សីដែលមានឥទ្ធិពលខ្លាំងបំផុតអំពីសេចក្តីពិត និង តម្លៃនៃដំណឹងល្អដែលបានស្តារឡើងវិញ ។ រឹតតែសំខាន់ទៅទៀតនោះគឺថា សមាជិកស្មោះត្រង់នឹងមានព្រះវិញ្ញាណរបស់ព្រះអង្គសង្គ្រោះគង់នៅជាមួយពួកគេជានិច្ច ដើម្បីដឹកនាំពួកគេពេលពួកគេព្យាយាមចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនៃការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញនេះ ។
ទីបី យើងអាចអធិស្ឋានទូលសូមការបំផុសគំនិតអំពីអ្វីដែល យើង អាចធ្វើតាមស្ថានភាពយើងម្នាក់ៗ ដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ ការណ៍នេះវាផ្សេងពីការអធិស្ឋានសូមឲ្យ អ្នកផ្សព្វផ្សាយសាសនា ឬ អធិស្ឋានសូមឲ្យ អ្នកដទៃ អាចធ្វើអ្វីមួយនោះ ។ យើងគប្បីអធិស្ឋានទូលសូមនូវអ្វីដែល យើង អាចធ្វើផ្ទាល់ខ្លួន ។ ពេលយើងអធិស្ឋាន យើងគប្បីចងចាំថា ការអធិស្ឋានទូលសូមការបំផុសគំនិតបែបនោះ នឹងទទួលបានចម្លើយ ប្រសិនបើវាបូករួមជាមួយនឹងការតាំងចិត្ត—ជាអ្វីមួយដែលព្រះគម្ពីរហៅថា « ស្មោះអស់ពីចិត្ត ឬ ពេញចិត្តប្រាថ្នា » ។ ចូរអធិស្ឋានទូលសូមការតាំងចិត្តមួយ ដើម្បីធ្វើតាមការបំផុសគំនិតដែលបងប្អូនបានទទួល ដោយសន្យាព្រះអម្ចាស់ថា ប្រសិនបើទ្រង់នឹងបំផុសគំនិតដល់បងប្អូនឲ្យនិយាយជាមួយនរណាម្នាក់អំពីដំណឹងល្អ នោះបងប្អូននឹងធ្វើតាម ។
យើងត្រូវការការណែនាំពីព្រះអម្ចាស់ ព្រោះមានពេលជាក់លាក់ដែលមនុស្សមួយចំនួនត្រៀមខ្លួនជាស្រេច—និងអ្នកខ្លះមិនទាន់ត្រៀមខ្លួន—សម្រាប់សេចក្តីពិតបន្ថែមទៀតនៃដំណឹងល្អដែលបានស្តារឡើងវិញ ។ យើងពុំគប្បីលើកខ្លួនយើងឡើងក្នុងការវិនិច្ឆ័យថា នរណាដែលត្រៀមខ្លួនរួចជាស្រេច និង មិនទាន់ត្រៀមខ្លួនរួចនោះទេ ។ ព្រះអម្ចាស់ជ្រាបដឹងពីដួងចិត្តនៃកូនចៅទាំងអស់របស់ទ្រង់ ហើយប្រសិនបើយើងអធិស្ឋានទូលសូមការបំផុសគំនិតនោះ ទ្រង់នឹងជួយពួកយើងរកឃើញបុគ្គលដែលទ្រង់ជ្រាបថាជាអ្នកដែល « ប្រុងប្រៀបនឹងស្ដាប់តាមព្រះបន្ទូល » (អាលម៉ា ៣២:៦) ។
ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ ខ្ញុំសូមជំរុញសមាជិកគ្រប់រូប និង ក្រុមគ្រួសារទាំងអស់ក្នុងសាសនាចក្រ ឲ្យអធិស្ឋានទូលសូមព្រះអម្ចាស់ ឲ្យជួយពួកគេស្វែងរកមនុស្សដែលបានត្រៀមខ្លួន ដើម្បីទទួលសារលិខិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ អែលឌើរ អិម. រ័សុល បាឡឺដបានផ្តល់ការទូន្មានដ៏សំខាន់នេះដែលខ្ញុំយល់ស្របតាម ៖ « ចូរទុកចិត្តព្រះអម្ចាស់ ។ ទ្រង់ជាអ្នកគង្វាលល្អ ។ ទ្រង់ស្គាល់ចៀមរបស់ទ្រង់ ។ …ប្រសិនបើយើងពុំចូលរួម នោះមានមនុស្សជាច្រើននឹងពុំបានឮសារលិខិតនៃការស្ដារឡើងវិញទេ ។ … គោលការណ៍គឺសាមញ្ញណាស់—អធិស្ឋានដោយផ្ទាល់ខ្លួន និង ជាគ្រួសាររបស់បងប្អូនទូលសូមឱកាសសម្រាប់ផ្សព្វផ្សាយសាសនា ។ នៅពេលយើងបង្ហាញសេចក្តីជំនឿយើង នោះឱកាសទាំងនេះនឹងកើតឡើងដោយគ្មាន « ការរៀបចំ ឬ … គ្រោងទុកឡើយ ។ វានឹងកើតឡើងមកពីសេចក្ដីស្រឡាញ់របស់យើងដែលមានចំពោះបងប្អូនប្រុសស្រីយើង » ។
ខ្ញុំដឹងថារឿងនេះពិត ។ ខ្ញុំសូមបន្ថែមការសន្យារបស់ខ្ញុំថា ដោយមានជំនឿលើជំនួយរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានដឹកនាំ បំផុសគំនិត ហើយរកឃើញអំណរដ៏ខ្លាំងនៅក្នុងកិច្ចការដ៏សំខាន់អស់កល្បនៃក្តីស្រឡាញ់នេះ ។ យើងនឹងយល់ថាជោគជ័យក្នុងការចែកចាយដំណឹងល្អ គឺជាការអញ្ជើញមនុស្សដោយសេចក្តីស្រឡាញ់ ហើយស្មោះសរ ដើម្បីជួយពួកគេ ទោះបីចម្លើយពួកគេបែបណាក៏ដោយ ។
III.
នេះគឺជារបៀបមួយចំនួនផ្សេងទៀត ដែលយើងអាចធ្វើដើម្បីចែកចាយដំណឹងល្អឲ្យមានប្រសិទ្ធភាព ៖
-
យើងត្រូវចាំថា « មនុស្សរៀននៅពេលពួកគេត្រៀមខ្លួនដើម្បីរៀន ពុំមែននៅពេលយើងត្រៀមខ្លួនរួចដើម្បីបង្រៀននោះទេ » ។ អ្វីដែល យើង ចាប់អារម្មណ៍ ដូចជាការបង្រៀនគោលលទ្ធិសំខាន់ៗបន្ថែមទៀតនៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញ ជាទូទៅពុំមែនជាអ្វីដែល អ្នកដទៃ ចាប់អារម្មណ៍ឡើយ ។ ជាទូទៅមនុស្សផ្សេងទៀតចង់បាន លទ្ធផល នៃគោលលទ្ធិ មិនមែនចង់បានគោលលទ្ធិទេ ។ នៅពេលពួកគេសង្កេត ឬ មានបទពិសោធន៍អំពីឥទ្ធិពលនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញនៅក្នុងជីវិតពួកគេ នោះពួកគេមានអារម្មណ៍ពីព្រះវិញ្ញាណ ហើយចាប់ផ្តើមចាប់អារម្មណ៍លើគោលលទ្ធិ ។ ពួកគេក៏អាចចាប់អារម្មណ៍ នៅពេលពួកគេកំពុងស្វែងរកសុភមង្គលថែមទៀត ចង់ខិតកាន់តែជិតព្រះ ឬ យល់បានកាន់តែច្បាស់អំពីគោលបំណងនៃជីវិតនេះ ។ ម្ល៉ោះហើយ យើងត្រូវយកចិត្តទុកដាក់ ហើយស្វែងរកការញែកដឹងដោយយកចិត្តទុកដាក់ និងដោយការអធិស្ឋានអំពី របៀបស៊ើបសួរចំណាប់អារម្មណ៍របស់មនុស្សដទៃដើម្បីរៀនបន្ថែមទៀត ។ ការណ៍នេះអាស្រ័យលើរឿងផ្សេងៗ ដូចជាកាលៈទេសៈបច្ចុប្បន្នរបស់បុគ្គលម្នាក់ និង ទំនាក់ទំនងរវាងយើងជាមួយនឹងពួកគាត់ ។ វាគឺជាប្រធានបទដ៏ល្អ ដើម្បីពិភាក្សានៅក្នុងក្រុមប្រឹក្សា ក្នុងកូរ៉ុម និង សមាគមសង្គ្រោះ ។
-
នៅពេលយើងនិយាយជាមួយអ្នកដទៃ យើងត្រូវចាំថាការអញ្ជើញឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់គឺជាការអញ្ជើញឲ្យរៀនបន្ថែមទៀតអំពី សាសនាចក្ររបស់យើង ។ យើងចង់ឲ្យមនុស្សប្រែចិត្តជឿលើដំណឹងល្អ ។ នោះគឺជាតួនាទីដ៏អស្ចារ្យមួយនៃក្នុងព្រះគម្ពីរមរមន ។ មនុស្សដែលបានប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ នាំឲ្យគាត់មានអារម្មណ៍អំពីសាសនាចក្ររបស់យើង អារម្មណ៍នោះមិនកើតឡើងមុនការប្រែចិត្តជឿឡើយ ។ ម៉្លោះហើយ មនុស្សជាច្រើនដែលមានមន្ទិលសង្ស័យអំពីព្រះវិហារនានា មានសេចក្តីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ។ ចូរធ្វើកិច្ចការនេះតាមលំដាប់លំដោយ ។
-
នៅពេលយើងព្យាយាមណែនាំមនុស្ស ឲ្យស្គាល់ដំណឹងល្អដែលបានស្តារឡើងវិញ នោះយើងគប្បីធ្វើកិច្ចការនេះតាមរបៀបដែលស្មោះសរ និង ស្រឡាញ់ខ្វល់ខ្វាយចំពោះបុគ្គលម្នាក់ៗ ។ ការណ៍នេះកើតឡើងពេលយើងព្យាយាមជួយអ្នកដទៃ ដោះស្រាយបញ្ហាដែលពួកគេមាន ឬ ពេលយើងកំពុងធ្វើការជាមួយពួកគេក្នុងសកម្មភាពបម្រើសហគមន៍ ដូចជាសម្រាលការរងទុក្ខ ថែរក្សាដល់ជនទុរគត និង ខ្វះខាត ឬ បង្កើនគុណភាពជីវិតរបស់មនុស្សដទៃ ។
-
កិច្ចខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អ ពុំគួរគ្រាន់តែជាមនុស្សនៅក្នុងរង្វង់មិត្តភក្តិ និង អ្នកធ្វើការជាមួយគ្នាឡើយ ។ អំឡុងពេលកីឡាអូឡាំពិក យើងបានដឹងរឿងអំពីតៃកុងឡានឈ្នួល អិល.ឌី.អេស.ម្នាក់នៅក្នុងទីក្រុង រីអូ ឌេ ចានីរ៉ូ ដែលបានដឹកគម្ពីរមរមនប្រាំពីរភាសាផ្សេងគ្នាជាច្រើនក្បាល ហើយបានឲ្យទៅអស់អ្នកដែលនឹងទទួលយកគម្ពីរនោះ ។ គាត់បានហៅខ្លួនគាត់ថា « អ្នកផ្សព្វផ្សាយសាសនាបើករថយន្តឈ្នួល » ។ គាត់បាននិយាយថា « ផ្លូវនៅទីក្រុង រីអូ ឌេ ចានីរ៉ូ … គឺជាតំបន់បេសកកម្ម [ របស់ខ្ញុំ ] » ។
ក្លេតុន អិម គ្រីស្ទីនសិន ដែលមានបទពិសោធន៍ដ៏អស្ចារ្យ ក្នុងនាមជាសមាជិកអ្នកផ្សព្វផ្សាយសាសនា បានថ្លែងថា « អស់ពេលជាងម្ភៃឆ្នាំមកហើយ យើងបានសង្កេតឃើញថា ទំនាក់ទំនងស្និទ្ធស្នាល និង ឱកាសនានាដែលមានរវាងមនុស្សពីរនាក់ គឺពុំទាក់ទងនឹងការធ្វើឲ្យបុគ្គលម្នាក់ចាប់អារម្មណ៍ក្នុងការរៀនអំពីដំណឹងល្អឡើយ » ។
-
គណៈប៊ីស្សពអាចរៀបចំផែនការការប្រជុំសាក្រាម៉ង់ពិសេសមួយ ដែលជំរុញសមាជិកឲ្យនាំមនុស្សដែលចាប់អារម្មណ៍ដំណឹងល្អមកចូលរួម ។ សមាជិកវួដនឹងពុំសូវស្ទាក់ស្ទើរ ក្នុងការនាំមនុស្សដែលពួកគេស្គាល់មកការប្រជុំបែបនោះឡើយ ដោយសារពួកគេនឹងបញ្ជាក់បន្ថែមទៀតថា មាតិកានៃការប្រជុំនឹងត្រូវបានរៀបចំបានល្អ ដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍ ហើយបង្ហាញអំពីសាសនាចក្របានយ៉ាងល្អ ។
-
មានឱកាសផ្សេងទៀតជាច្រើនដើម្បីចែកចាយដំណឹងល្អ ។ ឧទាហរណ៍ កាលពីរដូវក្តៅឆ្នាំនេះ ខ្ញុំបានទទួលសំបុត្រដ៏រីករាយមួយពីសមាជិកថ្មីម្នាក់ បានរៀនដំណឹងល្អដែលបានស្តារឡើងវិញ ពេលមិត្តរួមថ្នាក់ស្គាល់គ្នាយូរម្នាក់បានទូរសព្ទមកនាង សួរអំពីជំងឺដែលនាងកំពុងមាន ។ នាងបានសរសេរ ៖ « ខ្ញុំមានអារម្មណ៍រំភើបចំពោះរបៀបដែលគាត់បានណែនាំខ្លួនគាត់ដល់ខ្ញុំ ។ បន្ទាប់ពីរៀនជាមួយអ្នកផ្សព្វផ្សាយសាសនាបានពីរបីខែមក ខ្ញុំបានជ្រមុជទឹក ។ ជីវិតខ្ញុំបានកែលម្អចាប់តាំងពីពេលនោះ មក » ។ យើងទាំងអស់គ្នាដឹងថា មនុស្សជាច្រើនបានកែលម្អតាមរយៈដំណឹងល្អដែលបានស្តារឡើងវិញ ។ តើយើងពួកយើងកំពុងជួយដល់ពួកគេដែរឬទេ ?
-
ចំណាប់អារម្មណ៍ និង ភាពប៉ិនប្រសប់របស់សមាជិកវ័យក្មេងរបស់យើង ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱកាសពិសេសដល់ពួកគេ ជួយដល់អ្នកដទៃឲ្យចាប់អារម្មណ៍លើដំណឹងល្អ ។ ដោយពិពណ៌អំពីរូបរាងរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ មរមនសរសេរថា « ទ្រង់បានបង្រៀន ហើយធ្វើការងារបម្រើដល់ពួកកូនក្មេង… ហើយទ្រង់បានស្រាយអណ្ដាតវា… ដើម្បីឲ្យវាអាចនិយាយបាន » ( នីហ្វៃទី ៣ ២៦:១៤) ។ បច្ចុប្បន្ននេះខ្ញុំគិតថាយើងនឹងនិយាយថា ទ្រង់បាន« ស្រាយ [ ម្រាមដៃ ] របស់ពួកគេ ដើម្បីឲ្យពួកគេអាចនិយាយបាន » ។ យុវវ័យអើយ ចូរចែកចាយដំណឹងល្អតាមរបៀបនោះចុះ !
ការចែកចាយដំណឹងល្អពុំមែនជាបន្ទុកឡើយ ប៉ុន្តែជាអំណរវិញ ។ អ្វីដែលយើងហៅថា « កិច្ចការផ្សព្វផ្សាយសាសនាសមាជិក » នោះគឺពុំមែនជាកម្មវិធីនោះទេ ប៉ុន្តែវាជាឥរិយាបថនៃសេចក្តីស្រឡាញ់ និង ឈោងទៅជួយអ្នកនៅជុំវិញយើង ។ វាក៏ជាឱកាសមួយដើម្បីធ្វើទីបន្ទាល់ អំពីរបៀបដែលយើងទទួលអារម្មណ៍អំពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្គ្រោះយើង ។ ដូចអែលឌើរ បាឡឺដ បានបង្រៀនថា « ភស្តុតាងសំខាន់បំផុតនៃការប្រែចិត្តជឿរបស់យើង និង របៀបដែលយើងទទួលអារម្មណ៍អំពីដំណឹងល្អនៅក្នុងជីវិតយើងផ្ទាល់ គឺជាឆន្ទៈរបស់យើងដើម្បីចែកចាយវាជាមួយអ្នកដទៃ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាពន្លឺ និង ជីវិតនៃពិភពលោក ( សូមមើល នីហ្វៃទី ៣ ១១:១១) ។ ដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់បំភ្លឺផ្លូវរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ។ ដង្វាយធួនរបស់ទ្រង់ផ្តល់ការបញ្ជាក់អំពីជីវិតបន្ទាប់ពីស្លាប់ដល់យើង និងផ្តល់កម្លាំងឲ្យយើងស៊ូទ្រាំឆ្ពោះទៅរកជីវិតអមតៈ ។ ហើយតាមរយៈផែនការនៃសេចក្តីសង្គ្រោះដ៏រុងរឿងរបស់ព្រះ នោះដង្វាយធួនរបស់ទ្រង់ផ្តល់ឱកាសដល់យើងទទួលបានការអភ័យទោសពីអំពើបាបយើង ព្រមទាំងផ្តល់ភាពសក្តិសមសម្រាប់ជីវិតអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ (គ. និង ស. ១៤:៧) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។