ឆ្នាំ ២០១០-២០១៩
ភាពក្លាហាន​នៅ​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ
ខែ តុលា ឆ្នាំ ២០១៦


15:34

« ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​ពីព្រះយេស៊ូវ »

យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ទីបន្ទាល់​យើង​អំពី​ព្រះអង្គសង្រ្គោះ ត្រូវ​ច្របូកច្របល់ ហើយ​ស្មុគស្មាញ​ដោយសារតែ​ឧបសគ្គ​នានា​បាន​ឡើយ

ជីវិត​អស់កល្ប​គឺ​ជា​អំណោយទាន​មហិមា​បំផុត ហើយ​ត្រូវបាន​ប្រទាន​ឲ្យ​បុគ្គល​ដែល « កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់ [ ព្រះ ] ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។ ម្យ៉ាង​ទៀត ជីវិត​អស់កល្ប​ជាមួយ​ព្រះវរបិតាសួគ៌​មិន​ប្រទាន​ដល់ « អ្នក​ដែល​ពុំ​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ឡើយ ។ មាន​ឧបសគ្គ​ក្នុង​ភាពក្លាហាន ដែល​រារាំង​យើង​ពី​ការសម្រេចបាន​គោលដៅ​នៃ​ជីវិត​អស់កល្ប ។ ឧបសគ្គ​នានា​អាច​ជា​រឿង​ស្មុគស្មាញ ដែល​ខ្ញុំ​នឹង​បង្ហាញ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ឪពុក​ខ្ញុំ​បាន​សង់​ខ្ទម​មួយនៅ​លើ​ដី​កសិដ្ឋាន​ដែល​គាត់​បានធំ​ឡើងនោះ ។ ទេសភាព​វាល​ស្មៅ​គួរ​ឲ្យ​គយគន់​ណាស់ ។ នៅ​ពេល​ជញ្ជាំង​ត្រូវបាន​វាយ​ភ្ជិត​ជុំវិញ​ខ្ទម​ហើយ ខ្ញុំ​បាន​ទៅ​លេង ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ទេសភាព​តាម​មាត់​បង្អួច​មើល​ទៅ​ចំ​បង្គោល​ភ្លើង​អគ្គិសនី​​មួយ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​យើង ។ ខ្ញុំ​គិត​ថា វា​គឺ​ជា​អ្វី​មួយ​ដែល​បិទបាំង​ទេសភាព​ដ៏​ស្រស់ត្រកាល ។

បង្គោល​ភ្លើង​អគ្គិសនី​នៅ​ក្រៅ​បង្អួច

ខ្ញុំ​បាន​សួរ​ថា « ប៉ា ហេតុអ្វី​បាន​ជា​ប៉ា​អនុញ្ញាត​ឲ្យ​គេ​ដាំ​បង្គោល​អគ្គិសនី បាំង​ទេសភាព​មើល​ពី​បង្អួច​ដូច្នេះ ? »

ឪពុក​ខ្ញុំ​ជា​មនុស្ស​ប្រសប់ ហើយ​ស្ងប់ស្ងាត់ គាត់​ឆ្លើយ​ដោយ​ប្រើ​មនោសញ្ចេត​នា​ថា « ឃ្វីនធិន បង្គោល​អគ្គិសនី​នោះ​ស្រស់​ស្អាត​ជា​អ្វី​ទាំងអស់​ក្នុង​កសិដ្ឋាន​នេះ ! » រួចគាត់បកស្រាយ ៖ « នៅ​ពេល​ប៉ា​មើល​ទៅ​បង្គោល​នោះ ប៉ា​ទទួលស្គាល់​ថា វា​មិន​ដូច​កាល​ប៉ានៅពី​មុន​ទេ គឺ​ប៉ា​មិន​ចាំបាច់​រែក​ទឹក​ពី​ស្ទឹង​មក​ប្រើ​សម្រាប់​ចម្អិន​អាហារ លាង​ដៃ ឬ ងូត​ទៀត​ឡើយ ។ ប៉ា​មិន​ចាំបាច់​អុជ​ទៀន ឬ ចង្កៀង​ដើម្បី​អាន​សៀវភៅ​នៅ​ពេល​យប់​នោះ​ទេ ។ ប៉ា​ចង់​ឃើញ​បង្គោល​អគ្គិសនី​នោះ​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្ទាំង​ទេសភាព​តាម​បង្អួច » ។

ឪពុក​ខ្ញុំ​មាន​ទស្សនៈ​​អំពី​បង្គោល​អគ្គិសនី​នោះខុស​ពី​ខ្ញុំ ។ ចំពោះ​គាត់ បង្គោល​នោះ​តំណាង​ឲ្យ​ជីវិត​ដែល​រីកចម្រើន ប៉ុន្តែ​ចំពោះ​ខ្ញុំ វា​គឺ​ជា​ឧបសគ្គ​ដែល​បាំង​បិទ​ទេសភាព​ដ៏​ស្រស់ត្រកាល​ទៅ​វិញ ។ ឪពុក​ខ្ញុំ​ឲ្យ​តម្លៃ​លើ​អគ្គិសនី ពន្លឺ និង​ភាពស្អាត​ខ្លាំង​ជាង​ទេសភាព​ដ៏​ស្រស់ស្អាត​ទៅ​ទៀត ។ ភ្លាម​នោះ​ខ្ញុំ​បាន​ដឹង​ថា ទោះជា​បង្គោល​នោះ​គឺ​ជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​ក្ដី ក៏​វា​មាន​អត្ថន័យ និង​ជា​និមិត្តរូប​ដ៏​សំខាន់​សម្រាប់​ឪពុក​ខ្ញុំ​ដែរ ។

ឧបសគ្គ​គឺ​ជា « ការរាំងស្ទះ​ដល់​ជំនឿ ឬ ការយល់ដឹង » ឬ « ការរាំង​ដំណើរ​ដល់​ភាពរីកចម្រើន » ។ ការជួប​នឹង​ឧបសគ្គ​ខាង​វិញ្ញាណ​គឺ​ជា « ការប្រព្រឹត្ត​បាប ឬ មិន​គោរពប្រតិបត្តិ » ។ ឧបសគ្គ​មួយ​អាច​ជា​បញ្ហា​គ្រប់​យ៉ាង​ដែល​រារាំង​យើង​ពី​ការសម្រេច​បាន​គោលដៅ​សុចរិត ។

យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ទីបន្ទាល់​យើង​អំពី​ព្រះវរបិតា និង ព្រះបុត្រា ត្រូវ​ច្របូកច្របល់ ហើយ​ស្មុគស្មាញ​ដោយសារតែ​ឧបសគ្គ​នានា​បាន​ឡើយ ។ យើង​មិន​អាច​ជាប់​ក្នុង​អន្ទាក់​នោះ​ទេ ។ ទីបន្ទាល់​យើង​អំពី​ទ្រង់​ទាំង​ទ្វេ ត្រូវតែ​បន្ត​បរិសុទ្ធ ហើយ​សាមញ្ញ​ដូច​រឿង​ឪពុក​ខ្ញុំ​ការពារ​បង្គោល​អគ្គិសនី​នៅ​លើ​ដី​កសិដ្ឋាន​ដែល​គាត់​បាន​ធំ​ឡើង​នោះដែរ ។

តើ​មាន​ឧបសគ្គ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ទីបន្ទាល់​ដ៏​បរិសុទ្ធ និង សាមញ្ញ​របស់​យើង​អំពី​ព្រះវរបិតា និង ព្រះបុត្រា​ត្រូវ​ច្របូកច្របល់ ហើយ​ស្មុគស្មាញ ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ក្លាហាន​ក្នុង​ទីបន្ទាល់​នោះ ?

ឧបសគ្គ​មួយ​គឺ ទស្សនវិជ្ជា​​របស់​មនុស្ស

យើង​មាន​ចំណេះដឹង​អំពី​អ្វី​គ្រប់​យ៉ាង ហើយ​ជឿ​ថា « សិរីល្អ​នៃ​ព្រះ គឺជា​បញ្ញា » ។ ប៉ុន្តែ​យើង​ក៏​ដឹង​យុទ្ធវិធី​ដែល​បច្ចាមិត្ត​ចូលចិត្ត​ប្រើ​ដើម្បី​ដឹកនាំ​មនុស្ស​ចេញ​ពី​ព្រះ ហើយ​ឲ្យ​គេ​ធ្លាក់​ក្នុង​ឧបសគ្គ​ដោយ​ការគូសបញ្ជាក់​ទស្សនវិជ្ជា​របស់​មនុស្សជា​ជាង​ព្រះអង្គ​សង្គ្រោះ និង ការបង្រៀន​របស់​ទ្រង់ ។

សាវក​ប៉ុល​គឺ​ជា​សាក្សី​ដ៏​ច្បាស់លាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ ព្រោះ​តែ​លោក​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត​លោក​ជាមួយ​ព្រះអង្គសង្គ្រោះ ។ ប្រវត្តិ​រូប​ដ៏​វិសេស​របស់​ប៉ុល​បាន​រៀបចំ​លោក​ឲ្យ​មាន​ទំនាក់ទំនង​នឹង​មនុស្ស​មក​ពី​វប្បធម៌​ជា​ច្រើន ។ លោកចូលចិត្ត « ភាពស្មោះត្រង់ពិត » របស់ពួកថែស្សាឡូនីច និង « ក្ដីសណ្ដោសដ៏ទន់ភ្លន់ » របស់ពួកភីលីព ។ ដំបូង លោក​ឃើញ​ថា​វា​កាន់តែ​លំបាក​ដើម្បី​មាន​ទំនាក់ទំនង​ជាមួយ​ពួកក្រិក​ដែល​ជា​បញ្ញាវន្ត និង ពួកមាន​ចំណេះដឹង​ខ្ពស់ ។ នៅ​លើ​ទី​អើរីយ៉ូស ក្រុង​អាថែន លោក​បាន​ព្យាយាម​បង្រៀន​ពួក​មាន​ចំណេះដឹង​ខ្ពស់ តែ​ត្រូវ​គេ​បដិសេធ ។ លោក​បាន​សម្រេចចិត្ត​បង្រៀន​យ៉ាង​សាមញ្ញ​ដល់​ពួក​កូរិនថូស​អំពី « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង » ។ ប៉ុល​មាន​ប្រសាសន៍​ដូចនេះ ៖

« ឯ ​ពាក្យ​សម្ដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សម្ដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ៖

« ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ » ។

ដំណើររឿង​មួយ​ចំនួន​ក្នុង​បទគម្ពីរ​អំពី​ព្រះអង្គសង្គ្រោះ និង បេសកកម្ម​ទ្រង់ មាន​ចែង​ក្នុង​កូរិនថូស ទី១  ។ ជំពូក​ទី—១៥—បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ គឺ​​តាមរយៈ​ការប្រគុំតន្ត្រី​បទ Messiah ជា​ស្នាដៃ​និពន្ធ​របស់ George Frideric Handel ។ បទ​នេះ​មាន​នូវ​គោលលទ្ធិ​ជ្រាលជ្រៅ​អំពី​ព្រះអង្គសង្គ្រោះ ។ នៅ​វគ្គ​ទី​បី​នៃ​បទ Messiah មាន​នូវ​ការច្រៀង​បន្ទរ​រួម​គ្នា « Hallelujah Chorus » ជា​ការដកស្រង់​ភាគច្រើន​ចេញ​ពី​គម្ពីរ​កូរិនថូស ទី១ ១៥ ។ ប៉ុល​ពិពណ៌នា​យ៉ាង​ពិរោះ​នៅ​ក្នុង​វគ្គ​ខ្លះ អំពី​ស្នាព្រះហស្ត​មួយ​ចំនួន​របស់​ព្រះអង្គសង្គ្រោះ​ដូចនេះ ៖

« [តែ] ឥឡូវ​នេះ ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ… ។

« … ដ្បិត​ដែល​សេចក្តី​ស្លាប់​បាន​មក​ដោយសារ​មនុស្ស នោះ​សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយសារ​មនុស្ស​ដែរ ។

« ព្រោះ​ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ ។ …

« ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា ? សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯ​ណា ? …

« តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជម្នះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង » ។

យើង​ដឹង​ថា ការក្បត់សាសនា​បាន​កើតឡើង ​ដោយសារ​តែទស្សនវិជ្ជា​​របស់​មនុស្ស​ត្រូវបាន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​គោលលទ្ធិ​គ្រឹះ និង ចាំបាច់​របស់​ព្រះគ្រីស្ទ ។ ជំនួស​ឲ្យ​ភាពស្មោះត្រង់​នៃ​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ ត្រូវ​បាន​បង្រៀន នោះ​មាន​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ជា​ច្រើន​ត្រូវបាន​កែប្រែ ឬ បាត់បង់ ។ តាម​ពិត គ្រិស្តសាសនា​យក​ប្រពៃណីខាង​ទស្សនវិជ្ជា​​ពួក​ក្រិក​មួយ​ចំនួន មក​​ផ្សះផ្សា​​​​ជំនឿ​របស់​ប្រជាជនជាមួយនឹង​​វប្បធម៌​​ពួកគេ ។ ប្រវត្តិវិទូ វិល ឌើរិន បាន​សរសេរ​ដូចនេះ ៖ « គ្រិស្តសាសនា​មិន​បាន​លុប​បំបាត់​លទ្ធិ​គ្មាន​សាសនា​នោះ​ទេ តែ​វា​ដាក់​បញ្ចូល​ទៅ​វិញ ។ វប្បធម៌​របស់​ពួក​ក្រិក​បាន​សាបរលាប​ទៅ ក៏​បាន​​បង្កើត​វប្បធម៌​ថ្មី​មួយ​ទៀត » ។ ក្នុង​ប្រវត្តិសាស្ត្រ និង​ក្នុង​ជំនាន់​យើង​នេះ មនុស្ស​ខ្លះ​​បដិសេធ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្រោះ​ពួកគេ​យល់​ថា ដំណឹងល្អ​ពុំ​មាន​ហេតុផល​សមរម្យ​នោះ​ទេ ។

នៅ​ពេល​ការស្ដារឡើងវិញ​បាន​កើតឡើង យ៉ាងហោចណាស់ មនុស្ស​ជា​ច្រើន​នាក់​បាន​អះអាង​ថា​ធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ។ ប្រទេស​ជា​ច្រើន​បាន​ចាត់ទុក​ថា​ខ្លួន​ជា​ប្រទេស​កាន់​គ្រិស្តសាសនា ។ ប៉ុន្តែ​ក្រោយ​មក មាន​ការព្យាករ​អំពី​គ្រា​ដ៏​លំបាក​ក្នុង​ជំនាន់​យើង​នេះ ។

ហ៊ីប៊ើរ ស៊ី ឃិមបឹល ​ជា​សាវក​ដប់ពីរ​នាក់​ដើម​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​យើង​នេះ និង ជា​ទីប្រឹក្សា​ទី​មួយ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ លោក​ព្រមាន​ដូចនេះ ៖ « គ្រា​នោះ​កំពុង​មក​ដល់​…វា​ជា​ការលំបាក​ក្នុង​ការបែកចែក​រវាង​ពួកបរិសុទ្ធ និង បច្ចាមិត្ត​ដែល​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ ។ គ្រា​នោះ…​ត្រូវ​ស្វែងរក​កញ្ច្រែង​រែង ដ្បិត​គ្រា​នោះ​ជា​គ្រា​ដែល​ត្រូវ​រែង ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ជ្រុះ​ទៅ » ។ លោក​បាន​បញ្ចប់​ថា​នឹង​មាន « ការសាកល្បង​នឹង​មក​ដល់ » ។

ក្នុង​ជំនាន់​យើង​នេះ ឥទ្ធិពល​នៃ​គ្រិស្តសាសនា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​មាន​សហរដ្ឋ​អាមេរិក​ដែរ​នោះ បាន​ថយ​ចុះ ។ បើ​គ្មាន​ជំនឿ​សាសនា​ទេ នឹង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ព្រះ​ឡើយ ។ ដូច្នេះ​ហើយ ទើប​វា​ពិបាក​ណាស់​ក្នុង​ការបង្កើត​គុណ​តម្លៃជាសាកល​អំពី​​របៀប​រស់នៅ​ដែល​មនុស្ស​ទូទៅ​ពេញ​ចិត្ត​នោះ ។ ទស្សនវិជ្ជា​ដែល​កាន់​តាម​យ៉ាង​ខ្លាំង ​តែង​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក ។

ជា​អកុសល បញ្ហា​នេះ​កើតឡើង​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ដែល​ប្រាសចាក​ពី​អ្វី​ដែល​ពួកគេ​ដឹង​ថា​ត្រូវ ហើយ​រង​ឥទ្ធិពល​ដោយ​គំនិត​មនុស្ស​ភាគ​ច្រើន—ជា​គំនិត​ដែល​ទុច្ចរិតយ៉ាង​ច្បាស់ ។

ដូច​នឹង​អ្វី​ដែល ហ៊ីប៊ើរ ស៊ី ឃិមបឹល បាន​ព្យាករ​នេះ​ដែរ អែលឌើរ នែល អេ ម៉ាក់ស្វែល មាន​ប្រសាសន៍​ក្នុង​ឆ្នាំ ១៩៨២ ដូចនេះ ៖ « ការរែង​ច្រើង​ដង​នឹង​កើតឡើង​ដោយសារតែ​ការឃ្លាតឆ្ងាយ​ពី​ឥរិយាបថ​សុចរិត ហើយ​មិន​ប្រែចិត្ត ។ មនុស្ស​ខ្លះ​នឹង​បោះបង់​ចោល ដោយ​មិន​កាន់​ខ្ជាប់​ដល់​ចុងបំផុត​ឡើយ ។ មនុស្ស​ខ្លះ​នឹង​ត្រូវ​បញ្ឆោត​ដោយ​ជន​ក្បត់​សាសនា ។ ដូចគ្នា​នេះ​ដែរ មនុស្ស​ខ្លះ​ទៀត​នឹង​អាក់អន់​ចិត្ត ព្រោះ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នីមួយៗ​តែ​ងមាន​ឧបសគ្គ​យ៉ាង​ដូច្នេះ ! »

ឧបសគ្គ​មួយ​ទៀត​គឺ ការបដិសេធ​ថា​នោះ​មិន​មែន​ជា​អំពើបាប

ទិដ្ឋភាព​មួយ​ទៀត​ដែល​ចាំបាច់ ហើយ​កំពុង​មាន​បញ្ហា​ក្នុង​ជំនាន់​យើង​នេះ​គឺ មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​បាប ប៉ុន្តែ​បដិសេធ​ថា​នោះ​មិន​មែន​ជា​អំពើបាប​ទេ ។ ពួកគេ​មិន​សោកស្ដាយ ឬ មាន​ឆន្ទៈ​ទទួលស្គាល់​ទង្វើ​ខ្លួន​ថា​ខុសឆ្គង​ខាង​សីលធម៌​ឡើយ ។ សូម្បី​មនុស្ស​ខ្លះ​ដែល​អះអាង​ថា​ជឿ​លើ​ព្រះវរបិតា និង ព្រះបុត្រា ក៏​ជឿ​ថា​ព្រះវរបិតាសួគ៌​នឹង​មិន​ដាក់​ទោស​ដល់​ទង្វើ​ដែល​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​ទ្រង់​ឡើយ ។

នេះ​គឺ​ជា​ជំនឿ​របស់​កូរីអាន់តុន ជា​កូន​របស់​អាលម៉ា​ជាកូន​ក្នុង​ព្រះគម្ពីរ​មរមន ។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ខាង​សីលធម៌ ហើយ​អាលម៉ា​បាន​ទូន្មាន​គាត់ ។ យើង​មាន​ពរ​ដែល​ព្យាការី​អាលម៉ា​ដ៏​ឆ្នើម ជា​បុគ្គល​ដែល​ធ្លាប់​ជួប​ដោយ​ផ្ទាល់​នូវ « ជ្រោះ​ជ្រៅ​ងងឹត [ និង ] ពន្លឺ​ដ៏​អស្ចារ្យ » ដែល​មាន​កត់ត្រា​ក្នុង​ការបង្រៀន​របស់​លោក ។ ក្នុង អាលម៉ា​ជំពូក​ទី ៣៩ យើង​អាន​អំពី​របៀប​ដែល​លោក​ទូន្មាន​ដល់​កូនប្រុស​លោក​តាមរយៈ​ដំណើរការ​នៃ​ការប្រែចិត្ត រួច​ពន្យល់​អំពី​របៀប​ដែល​ព្រះគ្រីស្ទ​នឹង​យាង​មក​ដក​យក​អំពើបាប ។ លោក​បាន​ពន្យល់​អំពី​ការប្រែចិត្ត​យ៉ាង​ច្បាស់​ដល់​កូរិនអានតុន ព្រោះ « គ្មាន​អ្វី​ដែល​ឥត​ស្អាត អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ » ។

អាលម៉ា ៤២ មាន​គោលលទ្ធិ​សំខាន់​បំផុត​អំពី​ដង្វាយធួន​ក្នុង​គ្រប់​ខគម្ពីរ​ទាំងអស់ ។ អាលម៉ា​បាន​ជួយ​កូរីអានតុន​យល់​ថា នេះ​មិន​មែន​ជា « ការអយុត្តិធម៌​ដែល​ជន​មាន​បាប​ត្រូវ​ដាក់​ទៅ​ក្នុង​ស្ថានភាព​ទុក្ខវេទនា » ឡើយ ។ ប៉ុន្តែ​លោក​បាន​សម្គាល់​ថា ចាប់តាំង​ពី​លោក​អ័ដាម​មក ព្រះ​ដ៏​មាន​ក្ដីមេត្តា​បាន​ប្រទាន « ពេល​សម្រាប់ការ​ប្រែចិត្ត » ព្រោះ​បើ​គ្មាន​ការប្រែចិត្ត​ទេ « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​មហិមា​នឹង​ត្រូវ​ខកខាន » ។ អាលម៉ា​ក៏​បាន​បង្រៀន​ថា ផែនការ​របស់​ព្រះ​គឺ​ជា « ផែនការ​នៃ​សុភមង្គល » ដែរ 

ការបង្រៀន​របស់​អាលម៉ា​ជា​ការបង្រៀន​បែប​ណែនាំ ៖ « ដ្បិត​មើល​ចុះ សេចក្ដី​យុត្តិធម៌​អនុវត្ត​នូវ​សេចក្ដី​ទាមទារ​ទាំង​អស់​របស់​វា ឯ​សេចក្ដី​មេត្តាករុណា​ក៏​ទាមទារ​នូវ​អ្វីៗ​ដែល​នៅ​ក្នុង​អំណាច​របស់​វា​ដែរ ម្ល៉ោះ​ហើយ គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ជន​ដែល​ប្រែ​ចិត្ត ដែល​នឹង​បាន​សង្គ្រោះ » ។ ការមើល​ឃើញ​ពន្លឺ​ពិត ជា​ពរជ័យ​ដ៏​រុងរឿង​នៃ​ការប្រែចិត្ត និងការកាន់​តាម​​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ គឺ​មាន​សារៈសំខាន់​ក្រៃលែង ។ ដូច​អាល​ម៉ា​បង្រៀន​កូរីអានតុន​ថា វា​មិន​អយុត្តិធម៌​ទេ ចំពោះ​លទ្ធផល​នៃ​ជម្រើស​ធ្វើ​បាប និង ការមិនប្រែចិត្ត​នោះ ។ មាន​គេ​ថ្លែង​ជា​រឿយៗ​ថា « មិន​យូរ​មិន​ឆាប់​ទេ មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​លទ្ធផល​មក​ពី​ជម្រើស​របស់​ខ្លួន » ។

ពរជ័យ​ដ៏​អស្ចារ្យ និង​មក​ពី​ស្ថានសួគ៌​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​ថា តាមរយៈ​ការប្រែចិត្ត នោះ​ទង្វើ​ប្រកប​ដោយអំពើ​បាប​នឹង​ត្រូវ​លុប​ចោល ។ បន្ទាប់​ពី​កូរីអានតុន​បាន​ប្រែចិត្ត អាលម៉ា​បាន​បញ្ចប់​ថា « កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​មាន​បំណង​ចង់​ឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ ហើយ​ទុក​ឲ្យ​តែ​អំពើ​បាប​របស់​កូន​បារម្ភ​ដល់​កូន​តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​ការ​បារម្ភ​នេះ​ហើយ ដែល​អាច​ញ៉ាំង​ឲ្យ​កូន​ប្រែចិត្ត » ។

ការមើល​ហួស​ទីដៅ គឺ​ជា​ឧបសគ្គ​មួយ

ព្យាការី យ៉ាកុប បាន​ចាត់ទុក​សាសន៍​យូដា​ពី​បូរាណ​ជា « មនុស្ស​រឹងក្បាល ដែល​មើលងាយ…​ភាពច្បាស់លាស់… « បាន​សម្លាប់​ពួក​ព្យាការី ហើយ​បាន​ស្វែងរក​រឿង​ទាំងឡាយ​ដែល​ពួកគេ​មិន​អាច​យល់ ។ ហេតុ​ដូច្នោះ​ហើយ ព្រោះ​មក​ពី​ការ​ខ្វាក់​របស់​ពួក​គេ គឺជា​ការ​ខ្វាក់​ដោយ​មើល​ហួស​ទីដៅ នោះ​ពួក​គេ​ត្រូវ​តែ​រលំ » ។

ខណៈ​ពេល​ដែល​មាន​ឧទាហរណ៍​ច្រើន​អំពី​ការមើល​ហួស​ទីដៅ ឧទាហរណ៍​មួយ​ដែល​ចាំបាច់​ក្នុង​ជំនាន់​យើង​គឺ ភាពជ្រុលនិយម ។ ភាពជ្រុលនិយម​ខាង​ដំណឹងល្អ​គឺ​ជា​ពេល​ដែល​បុគ្គល​ម្នាក់​លើកកម្ពស់​គោលការណ៍​ណា​មួយ​នៃ​ដំណឹងល្អ ឲ្យ​លើស​ជាង​គោលការណ៍​ឯ​ទៀតៗ​ដែល​សំខាន់​ដូច​គ្នា ហើយ​ជឿ​ហួស​ទីដៅ ឬ ផ្ទុយទៅនឹង​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ឧទាហរណ៍​មួយ​គឺ​នៅ​ពេល​បុគ្គល​ម្នាក់​ហួងហែង​ឲ្យ​មាន​ការបន្ថែម ការផ្លាស់ប្ដូរ ឬ សង្កត់​ធ្ងន់​ទៅ​លើ​ចំណុច​មួយ​នៃ​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ឧទាហរណ៍​មួយ​ទៀត​គឺ ការរៀបចំ​ខ្លួន​ដ៏​មាន​តម្លៃ​ថ្លៃ​សម្រាប់ គ្រា​ចុង​បង្អស់​នៃ​ផែនដី ។ ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ មនុស្ស​ទូទៅ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ទទួលយក​ការបកស្រាយ​ជា​បុគ្គល ។ « បើ​យើង​បង្វែរ​ច្បាប់​សុខភាព ឬ គោលការណ៍​ដ៏ទៃ​ទៀត​ទៅ​ជា​ទម្រង់​ជ្រុល​សាសនានិយម មាន​ន័យ​ថា យើង​កំពុង​មើល​ហួស​ទីដៅ​ហើយ » ។

ព្រះអម្ចាស់​មាន​បន្ទូល​អំពី​គោលលទ្ធិ​ដ៏​សំខាន់​ថា « អស់​អ្នក​ណា​ដែល​ប្រកាស​លើស ឬ​តិច​ជាង​នេះ នោះ​មាន​ឈ្មោះថា មិនមែន​ជា​របស់​ផង​យើង​ទេ » ។ ពេល​យើង​លើក​កម្ពស់​គោលការណ៍​ណា​មួយ​តាម​របៀប​ដែល​កាត់​បន្ថយ​ការតាំងចិត្ត​យើង​ចំពោះ​គោលការណ៍​ឯ​ទៀតៗ​ដែល​សំខាន់​ដូច​គ្នា ឬ​ជឿ​ផ្ទុយ ឬ បំផ្លើស​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ នោះ​យើង​កំពុង​មើល​ហួស​ទីដៅ​ហើយ ។

លើស​ពី​នោះ សមាជិក​ខ្លះ​លើកកម្ពស់​ហេតុផល ​ដែល​ភាគ​ច្រើន​ជា​ហេតុផល​ល្អ ឲ្យ​ប្រសើរ​ជាង​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ​ទៅ​ទៀត ។ ពួកគេ​ដាក់​ជំនួស​ការលះបង់​របស់​ពួកគេ​ចំពោះ​ហេតុផល​នោះ ថា​​ជា​ការតាំងចិត្ត​ទី​មួយ ហើយ​បន្ទាប​តម្លៃ​នៃ​ការតាំងចិត្ត​របស់​ខ្លួន​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់​ជា​ការតាំងចិត្ត​ទី​ពីរ​ទៅ​វិញ ។ បើ​យើង​លើក​កម្ពស់​អ្វី​មួយ​ឲ្យ​ខ្ពស់​ជាង​ការលះបង់​ចំពោះ​ព្រះអង្គសង្គ្រោះ បើ​ទង្វើ​យើង​ទទួលស្គាល់​ទ្រង់​គ្រាន់តែ​ជា​គ្រូ​ម្នាក់ មិន​មែន​ជា​បុត្រា​នៃ​ព្រះ​ទេ នោះ​យើង​កំពុង​មើល​ហួស​ទីដៅ​ហើយ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ទីដៅ !

គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ​ទី ៧៦ ប្រាប់​យ៉ាង​ច្បាស់​ថា « ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » គឺ​ជា​ការសាកល្បង​ដ៏​សាមញ្ញ និង ចាំបាច់​រវាង​អ្នក​ដែល​នឹង​គ្រង​ពរជ័យ​នគរ​សេឡេស្ទាល និង អ្នក​ដែល​ស្ថិត​នៅ​កម្រិត​ទាប​ជាង​គឺ នគរទេរេសស្ទ្រាល ។ ដើម្បី​ក្លាហាន​យើង​ត្រូវ​ផ្ដោត​ទៅ​លើ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវគ្រីស្ទ និង ពលិកម្មធួន​ទ្រង់​ដើម្បី​ឈ្នះ​ក្ដីស្លាប់ និង តាមរយៈ​ការប្រែចិត្ត​របស់​យើង ដើម្បី​សម្អាត​យើង​ចេញ​ពី​បាប ហើយ​ធ្វើតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ យើង​ក៏​ត្រូវការ​ពន្លឺ និង ចំណេះដឹង​អំពី​ព្រះជន្ម និង ការបង្រៀន​របស់​ព្រះសង្គ្រោះ ដើម្បី​ដឹកនាំ​យើង​នៅ​លើ​មាគ៌ា​នៃសេច​ក្ដីសញ្ញា​រួម​មាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ យើង​ត្រូវតែ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ទទួលទាន​ព្រះបន្ទូល​ទ្រង់ ហើយ​កាន់ខ្ជាប់​ដល់​ចុងបំផុត ។

សេចក្ដី​បញ្ចប់

បើ​យើង​ត្រូវ​ក្លាហាន​ក្នុង​ទីបន្ទាល់​យើង​​អំពី​ព្រះយេស៊ូវ យើង​ត្រូវតែ​ចៀសវាង​ពីឧបសគ្គ​ដែល​ដាក់​អន្ទាក់ ហើយ​បង្អាក់​ភាពរីកចម្រើន​មនុស្ស​ជា​ច្រើន ដែល​ជា​​មនុស្ស​សុចរិត ។ ចូរ​យើង​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ជានិច្ច ។ ខណៈ​ដែល​យើង​ស្វែងរក​ចំណេះដឹង យើង​ត្រូវ​ចៀសវាង​ពី​ទស្សនវិជ្ជា​របស់​មនុស្ស ដែល​បន្ទាប​ការតាំងចិត្ត​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ។ យើង​ត្រូវតែ​ឃើញ​ថា អំពើបាប​គឺ​ជា​អំពើបាប ហើយ​ទទួល​យក​ដង្វាយធួន​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការប្រែចិត្ត ។ យើង​ត្រូវ​ចៀសវាង​ពី​ការមើល​ហួស​ទីដៅ ហើយ​ត្រូវ​ផ្ដោត​លើ​ព្រះគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ​យើង ព្រមទាំង​ធ្វើតាម​គោលលទ្ធិ​ទ្រង់ ។

ឪពុក​ខ្ញុំ​បាន​ចាត់ទុក​បង្គោល​អគ្គិសនី​ថា​ជា​មធ្យោបាយ​ផ្ដល់​អគ្គិសនី ពន្លឺ និង ទឹក​បរិបូរ​ដើម្បី​ចម្អិន និង លាង​សម្អាត ។ វា​គឺ​ជា​អ្វី​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​ជីវិត​គាត់​រីកចម្រើន ។

អ្នក​និពន្ធ​ម្នាក់​ផ្ដល់​យោបល់​ថា ឧបសគ្គ​នានា​អាច​ត្រូវបាន​បង្កើត​ឡើង​ទៅ​ក្នុង « អ្វី​មួយ​ដែល​ជួយ​ឲ្យ​មាន​លក្ខណៈ​ដ៏​ឧត្តម និង ស្ថានសួគ៌ » ។

ចំពោះ​យើង ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​យើង​អំពី​ព្រះយេស៊ូវ​គឺ​ជា​អ្វី​មួយ​ដែល​ជួយ​យើង​ឲ្យ​សក្ដិសម​បាន​ព្រះគុណ​ព្រះអង្គសង្គ្រោះ និង​ចូល​ក្នុង​នគរសេឡេស្ទាល ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះនាម​តែ​មួយ​គត់​ក្រោម​មេឃ​នេះ ដែល​យើង​អាច​បាន​សង្គ្រោះ ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ចំពោះ​ទេវភាព​របស់​ទ្រង់ និង តួនាទី​ដ៏​ឧត្តុង្គឧត្តម​របស់​ទ្រង់​ក្នុង​ផែនការ​ព្រះវរបិតា ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៧ សូម​មើល យ៉ូហាន ១៧:៣ ផងដែរ ។

  2. គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧៩ ។

  3. សូមមើល ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ(ឆ្នាំ ២០០៤), ៥២–៥៣ ។

  4. Merriam-Webster’s Collegiate Dictionary បោះពុម្ព​លើក​ទី ១១ ( ឆ្នាំ ២០០៣) « stumbling block » ។

  5. Merriam-Webster’s Collegiate Dictionary « stumble » ។

  6. គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៦ ។

  7. សូមមើល អាលម៉ា ៩:១-៩; ២៦:១៣

  8. សូមមើល ហ្វ្រែតឌើរិក ដ័បុលយូ ហ្វារ៉ា The Life and Work of St. Paul (ឆ្នាំ ១៨៩៨) ទំព័រ ៣១៩ ។

  9. សូមមើល Farrar, Life and Work of St. Paul, ៣១៩–២០ ។

  10. កូរិនថូស ទី១ ១៥:២០២, ៤-៥ ។

  11. សូម​មើល George Frideric Handel Messiah, ed. T. Tertius Noble ( ឆ្នាំ ១៩១២ ) ។

  12. កូរិនថូស ទី ១ ១៥:២០–២២, ៥៥, ៥៧ ។

  13. Will Durant, The Story of Civilization, vol. 3, Caesar and Christ (1944), 595.

  14. Heber C. Kimball, in Orson F. Whitney Life of Heber C. Kimball ( ឆ្នាំ ១៩៤៥ ) ទំព័រ ៤៤៦ ។

  15. នែល អេ ម៉ាក់ស្វែល « Be of Good Cheer » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៦៨ ។

  16. ម៉ូសាយ ២៧:២៩ ។

  17. អាលម៉ា ៤០:២៦ ។

  18. អាលម៉ា ៤២:១ ។ នៅ​ក្នុង​គោលលទ្ធិ អិល.ឌី.អេស ការផ្ដល់​ឲ្យ​ត្រូវបាន​ធ្វើ​ឡើង​ដល់​មនុស្ស​លោក​ទាំងអស់ ​រួម​មាន​អ្នក​ទាំងឡាយ​ដែល​មិន​បាន​ស្គាល់​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​នេះ កូន​ក្មេង​ដែល​អស់​ជីវិត​មុន​អាយុ​ចេះ​ទទួលខុសត្រូវ និង អ្នក​ទាំងឡាយ​ដែល​មាន​បញ្ញា​ខ្សោយ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤៦–៥០; ១៣៧:៧–១០ ) ។

  19. អាលម៉ា ៤២:៥ ។

  20. អាលម៉ា ៤២:៨ ។

  21. អាលម៉ា ៤២:២៤ ។ សូម​កត់ចំណាំ​ថា សព្វនាម​ផ្ទាល់​របស់​ពាក្យ យុត្តិធម៌ គឺ របស់​គាត់ ( ភេទ​ប្រុស ) និង សព្វនាម​ផ្ទាល់​របស់​ពាក្យ សេចក្តីមេត្តាករុណា គឺ របស់​នាង ( របស់​នាង ) ។

  22. រ៉ូបឺត ល្វីស ស្ទីវិនសិន នៅ​ក្នុង ខាឡា ខាលីស « A Banquet of Consequences » Country Life  ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ២០១៦ ទំព័រ ៤៨ ។ អ្នក​ស្រី ខាលីស ផ្ដល់​រង្វាន់​ដល់ រ៉ូបឺត ល្វីស ស្ទីវិនសិន សម្រាប់​ប្រសាសន៍​ដកស្រង់ ។ ខ្លះ​ទៀត​ផ្ដល់​រង្វាន់​ដល់​មនុស្ស​ដទៃ ។

  23. អាលម៉ា ៤២:២៩ ។

  24. យ៉ាកុប ៤:១៤ ។

  25. នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​សម្រាប់​ទស្សនាវដ្ដី​សាសនាចក្រ​ក្នុង​ឆ្នាំ ២០០៣ ខ្ញុំ​បាន​គូស​បញ្ជាក់​ចំនុច​បួន​យ៉ាង​ដែល​អាច​បង្កើត​ឲ្យ​មាន​ភាពងងឹតងងល់​ខាង​សាសនា និង ឧបសគ្គ​ដែល​យ៉ាកុប​បាន​រៀបរាប់ ៖ ដាក់​ទស្សនវិជ្ជា​​របស់​មនុស្ស​ជំនួស​ឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ ភាពជ្រុលនិយម​ខាង​ដំណឹងល្អ សកម្មភាព​អង់អាច​នានា​មក​ជំនួស​ឲ្យ​ការឧទ្ទិស​ប្រចាំ​ថ្ងៃ និង ការលើក​កម្ពស់​ច្បាប់​ឲ្យ​ខ្ពស់​ជាង​គោលលទ្ធិ ។ ( សូមមើល «Looking beyond the Mark Liahona, ខែ​មិនា ឆ្នាំ ២០០៣, ២១–២៤ ) ។

  26. ឃ្វីនថិន អិល ឃុក « Looking beyond the Mark » Liahona ខែ មិនា ឆ្នាំ ២០០៣ ទំព័រ ២២ ។

  27. គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៦៨ ។

  28. គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៧៩ ។

  29. សូម​មើល នីហ្វៃទី ២ ៣១:១៧–២១ ។

  30. សូម​មើល នីហ្វៃទី ២ ៣១:២០–២១ ។

  31. Henry Ward Beecher, in Tryon Edwards, A Dictionary of Thoughts ( ឆ្នាំ ១៨៩១), ៥៨៦ ។

  32. សូម​មើល នីហ្វៃទី ២ ៣១:២១ម៉ូសាយ ៣:១៧ ។